បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • fy ជំ. ៨ ទំ. ៩០-១០២
  • ការពារគ្រួសាររបស់អ្នកពីអានុភាពដែលបំផ្លិចបំផ្លាញ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការពារគ្រួសាររបស់អ្នកពីអានុភាពដែលបំផ្លិចបំផ្លាញ
  • គន្លឹះនៃសុភមង្គលគ្រួសារ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្នក​ណា​នឹង​បង្រៀន​កូន​ៗ​របស់​អ្នក?
  • ទស្សនៈ​របស់​ព្រះ​អំពី​ការ​រួម​ភេទ
  • ករណីយកិច្ច​របស់​មាតា​បិតា
  • មិត្ត​ទាំង​ឡាយ​នៃ​កូន​អ្នក
  • តើ​ការ​កំសាន្ត​បែប​ណា?
  • ក្រុម​គ្រួសារ​របស់​អ្នក​អាច​ឈ្នះ​លោ​កី​យ៍​នេះ
  • តើឱវាទព្រះគម្ពីរអាចជួយអ្នកអប់រំកូនបានទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • តើក្រុមគ្រួសាររបស់អ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច? (ភាគទី២)
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ឪពុកម្ដាយ ចូរជួយកូនរបស់អ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • របៀបកសាងក្រុមគ្រួសារមួយដ៏រឹងមាំខាងវិញ្ញាណ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
គន្លឹះនៃសុភមង្គលគ្រួសារ
fy ជំ. ៨ ទំ. ៩០-១០២

ជំពូក​ទី​ប្រាំ​បី

ការ​ពារ​គ្រួសារ​របស់​អ្នក​ពី​អានុភាព​ដែល​បំផ្លិច​បំផ្លាញ

រូបភាពនៅទំព័រ៩១

១​-​៣. (ក) តើ​អានុភាព​ដ៏​បំផ្លិច​បំផ្លាញ ដែល​គំរាម​កំហែង​ក្រុម​គ្រួសារ​មក​ពី​ប្រភព​ណា? (ខ) តើ​មាតា​បិតា​ត្រូវ​ឲ្យ​មាន​តុល្យភាព​អ្វី ដើម្បី​ការ​ពារ​ក្រុម​គ្រួសារ​របស់​ខ្លួន?

អ្នក​ហៀប​នឹង​បញ្ជូន​កូន​ប្រុស​តូច​របស់​អ្នក​ទៅ​ឯ​សាលា​រៀន ហើយ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង។ តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ម៉េច? តើ​អ្នក​នឹង​ឲ្យ​កូន​របស់​អ្នក​ចេញ​ទៅ​ក្រៅ​ដោយ​គ្មាន​អាវ​ភ្លៀង​ឬ? ឬ​ក៏​អ្នក​ឲ្យ​កូន​ពាក់​អាវ​ការ​ពារ​យ៉ាង​ច្រើន ដែល​កូន​ដើរ​មិន​រួច​នោះ? ប្រាកដ​ហើយ អ្នក​មិន​ធ្វើ​ដូច្នេះ​ឡើយ។ អ្នក​នឹង​ឲ្យ​កូន​របស់​អ្នក​នូវ​អ្វី​ដែល​កូន​ត្រូវ​ការ ដើម្បី​កុំ​ឲ្យ​កូន​ទទឹក។

២ តាម​របៀប​ស្រដៀង​គ្នា មាតា​បិតា​ត្រូវ​តែ​រក​វិធី​ឲ្យ​មាន​តុល្យភាព ដើម្បី​ការ​ពារ​ក្រុម​គ្រួសារ​របស់​ខ្លួន​ពី​អានុភាព​ដែល​បំផ្លិច​បំផ្លាញ ដែល​មាន​មក​លើ​កូន​ៗ​ពី​ប្រភព​ផ្សេង​ៗ ដូច​ជា​ឧស្សាហកម្ម​ខាង​កំសាន្ត គ្រឿង​ផ្សាយ​ព​ត៌​មាន មនុស្ស​មាន​វ័យ​ស្មើ​គ្នា ហើយ​ជួន​កាល​សូម្បី​តែ​សាលា​រៀន​ផង​ដែរ។ មាតា​បិតា​ខ្លះ​ឥត​ធ្វើ​អ្វី​សោះ​ដើម្បី​ការ​ពារ​ក្រុម​គ្រួសារ​របស់​ខ្លួន។ មាតា​បិតា​ឯ​ទៀត ចាត់​ទុក​អានុភាព​ខាង​ក្រៅ​ទាំង​អស់​សឹង​តែ​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​មាន​ចិត្ត​យ៉ាង​តឹង​រ៉ឹង ដែល​កូន​ៗ​មាន​អារម្មណ៍​ថា​គ្មាន​ឲ្យ​សិទ្ធិ​សេរី​សោះ។ តើ​អាច​មាន​តុល្យភាព​ឬ​ទេ?

៣ មែន​ហើយ គឺ​អាច​មាន​មែន។ ការ​តឹង​រ៉ឹង​ហួស​ហេតុ​ពេក​គឺ​ឥត​មាន​ប្រសិទ្ធិ​ភាព ហើយ​ក៏​អាច​បង្កើន​ឲ្យ​មាន​មហន្តរាយ​ទៀត​ផង។ (សាស្ដា ៧:១៦, ១៧) ក៏​ប៉ុន្តែ តើ​មាតា​បិតា​ជា​គ្រីស្ទាន​អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​ត្រឹម​ត្រូវ ដើម្បី​ការ​ពារ​ក្រុម​គ្រួសារ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? សូម​ពិនិត្យ​មើល​នូវ​ចំណុច​បី​យ៉ាង៖ ការ​រៀន​សូត្រ ការ​សេព​គប់ និង​ការ​កំសាន្ត។

តើ​អ្នក​ណា​នឹង​បង្រៀន​កូន​ៗ​របស់​អ្នក?

៤. តើ​មាតា​បិតា​ជា​គ្រីស្ទាន​គួរ​ចាត់​ទុក​ការ​រៀន​សូត្រ​យ៉ាង​ដូច​ម្ដេច?

៤ មាតា​បិតា​ជា​គ្រីស្ទាន​ចាត់​ទុក​ការ​រៀន​សូត្រ​ជា​អ្វី​ដ៏​មាន​តម្លៃ​ណាស់។ មាតា​បិតា​ដឹងថា ការ​រៀន​សូត្រ​ជួយ​កូន​ៗ​ឲ្យ​ចេះ​អាន សរសេរ និង​ប្រស្រ័យ​ទាក់​ទង ព្រម​ទាំង​ចេះ​ដោះ​ស្រាយ​បញ្ហា​ទៀត​ផង។ ហើយ​ការ​រៀន​សូត្រ​ក៏​គួរ​បង្រៀន​កូន​ៗ​ឲ្យ​ចេះ​សិក្សា​ដែរ។ ជំនាញ​ទាំង​ប៉ុន្មាន​ដែល​កូន​ៗ​ទទួល​ពី​សាលា​រៀន​អាច​ជួយ​ពួក​គេ​ឲ្យ​បាន​ជោគ​ជ័យ​ទោះ​ជា​មាន​ការ​ពិបាក​ជា​ច្រើន​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ក៏​ដោយ។ បន្ថែម​ទៀត​នោះ ការ​រៀន​សូត្រ​បាន​ល្អ​អាច​ជួយ​ពួក​គេ​ឲ្យ​ប្រកប​ការ​ងារ​ប្រសើរ​ជាង។—សុភាសិត ២២:២៩

៥, ៦. តើ​កូន​ៗ​នៅ​ឯ​សាលា​រៀន​អាច​ជួប​ប្រទះ​នឹង​ព​ត៌​មាន​ដ៏​ខុស​យ៉ាង​ណា ស្តី​អំពី​រឿង​ខាង​ការ​រួម​ភេទ​នោះ?

៥ ក៏​ប៉ុន្តែ សាលា​រៀន​ក៏​នាំ​ឲ្យ​កូន​ៗ​រាប់​អាន​ជា​មួយ​ក្មេង​ៗ​ឯ​ទៀត ហើយ​ពួក​គេ​ជា​ច្រើន​មាន​ទស្សនៈ​ដ៏​មិន​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ សូម​ពិនិត្យ​មើល​ទស្សនៈ​របស់​ពួក​គេ​អំពី​ការ​រួម​ភេទ​និង​សីលធម៌។ នៅ​ឯ​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ក្មេង​ស្រី​ម្នាក់​ដែល​រួម​ភេទ​ដោយ​ឥត​រើស​មុខ ធ្លាប់​ឲ្យ​ការ​ណែនាំ​ចំពោះ​សិស្ស​គ្នា​ឯង​អំពី​ការ​រួម​ភេទ។ ពួក​គេ​បាន​ស្ដាប់​នាង​ដោយ​យក​ចិត្ត​ទុក​ដាក់ ទោះ​ជា​គំនិត​របស់​នាង​មិន​សម​ហេតុ​ផល​ទាំង​ស្រុង ដែល​នាង​បាន​ប្រមូល​មក​ពី​ទស្សនាវដ្ដី​ខាង​រូប​អាសអាភាស។ ក្មេង​ស្រី​ៗ​ខ្លះ​បាន​ពិសោធ​សាក​មើល​តាម​ការ​ណែនាំ​របស់​នាង។ ជា​លទ្ធផល ក្មេង​ស្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​ដោយ​ឥត​រៀប​ការ ហើយ​បាន​ស្លាប់​ដោយ​សារ​ការ​ពន្លូត​កូន​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង។

៦ គួរ​ឲ្យ​ស្ដាយ​មែន នៅ​ឯ​សាលា​រៀនមាន​ព​ត៌​មាន​ដ៏​ខុស​ខាង​ការ​រួម​ភេទ ដែល​មិន​មែន​បាន​មក​ពី​ក្មេង​ៗ​ទេ ក៏​ប៉ុន្តែ​បាន​មក​ពី​គ្រូ​ៗ​ទៅ​វិញ។ មាតា​បិតា​ជា​ច្រើន​នាក់​បាន​ស្រងាក​ចិត្ត​ណាស់ ពេល​ដែល​មាន​គេ​នៅ​ឯ​សាលា​រៀន​បង្រៀន​ក្មេង​ៗ​អំពី​ការ​រួម​ភេទ ដោយ​ឥត​បង្ហាញ​ព​ត៌​មាន​អំពី​ខ្នាត​តម្រា​ខាង​សីលធម៌​និង​ភារកិច្ច​នោះ។ ម្ដាយ​ម្នាក់​ដែល​មាន​កូន​ស្រី​អាយុ​១២​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា៖ «យើង​រស់​នៅ​ក្នុង​កន្លែង​ដែល​កាន់​សាសនា​តាម​ទំនៀម​ទម្លាប់ ក៏​ប៉ុន្តែ​នៅ​ឯ​វិទ្យាល័យ​ក្នុង​តំបន់​នេះ​តែ​ម្ដង ពួក​គេ​បាន​ហុច​ឲ្យ​ស្រោម​អនាម័យ​ដល់​ក្មេង​ៗ!»។ គាត់​និង​ប្ដី​របស់​គាត់​បាន​មាន​ចិត្ត​ខ្វល់​ខ្វាយ​ណាស់ ពេល​ដែល​ពួក​គាត់​ដឹង​ថា កូន​ស្រី​របស់​ខ្លួន​បាន​ត្រូវ​ក្មេង​ប្រុស​ៗ ដែល​មាន​អាយុ​ដំណាល​នាង​សុំ​រួម​ដំណេក​ជា​មួយ​នោះ។ តើ​មាតា​បិតា​អាច​ការ​ពារ​ក្រុម​គ្រួសារ​របស់​ខ្លួន ពី​អានុភាព​ដ៏​អាក្រក់​នេះ​យ៉ាង​ដូច​ម្ដេច?

៧. តើ​ព​ត៌​មាន​ដ៏​ខុស​អំពី​ការ​រួម​ភេទ​អាច​រា​រាំង​តាម​របៀប​ដ៏​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

៧ តើ​ជា​ការ​ប្រសើរ​ជាង​ឬ​ទេ ក្នុង​ការ​មិន​ឲ្យ​កូន​ៗ​ដឹង​ព​ត៌​មាន​អ្វី​សោះ​ស្តី​អំពី​ការ​រួម​ភេទ​នោះ? គឺ​មិន​ប្រសើរ​ទេ គឺ​ប្រសើរ​ជាង​បើ​អ្នក​បង្រៀន​កូន​ៗ​របស់​អ្នក​អំពី​ការ​រួម​ភេទ​ដោយ​ខ្លួន​អ្នក​តែ​ម្ដង។ (សុភាសិត ៥:១) ពិត​មែន នៅ​ភូមិ​ភាគ​ប៉ែក​អឺរ៉ុប និង​អា​មេ​រិ​ក​ខាង​ជើង នោះ​មាតា​បិតា​ជា​ច្រើន​ជៀស​វាង​ពី​រឿង​នេះ។ ស្រដៀង​គ្នា​ដែរ នៅ​ក្នុង​ប្រទេស​ខ្លះ​ៗ​នៅ​ទ្វីប​អាហ្វ្រិក នោះ​មាតា​បិតា​កម្រ​ពិគ្រោះ​រឿង​ខាង​ការ​រួម​ភេទ​ជា​មួយ​នឹង​កូន​ៗ​របស់​ខ្លួន​ណាស់។ បិតា​ម្នាក់​ពី​ប្រទេស​ស៊ី​អែ​រ៉ា​ឡេ​អូន​និយាយ​ថា៖ «ដោយ​ធ្វើ​ដូច្នេះ គឺ​មិន​មែន​ជា​ផ្នែក​នៃ​វប្បធម៌​អាហ្វ្រិក​នោះ​ទេ»។ មាតា​បិតា​ខ្លះ​មាន​អារម្មណ៍​ថា ការ​បង្រៀន​កូន​ៗ​របស់​ខ្លួន​អំពី​ការ​រួម​ភេទ គឺ​ឲ្យ​កូន​ៗ​មាន​គំនិត ដែល​នឹង​នាំ​ទៅ​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌​តែ​ម្ដង។ ក៏​ប៉ុន្តែ​តើ​អ្វី​ទៅ​ជា​ទស្សនៈ​របស់​ព្រះ?

ទស្សនៈ​របស់​ព្រះ​អំពី​ការ​រួម​ភេទ

៨, ៩. តើ​ព​ត៌​មាន​ដ៏​ល្អ​យ៉ាង​ណា​ស្តី​អំពី​រឿង​រួម​ភេទ ដែល​មាន​ក្នុង​ព្រះ​គម្ពីរ?

៨ ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា គឺ​គ្មាន​អ្វី​គួរ​ឲ្យ​ខ្មាស​ក្នុង​ការ​ពិគ្រោះ​អំពី​រឿង​រួម​ភេទ តាម​បរិបទ​ដ៏​ត្រឹម​ត្រូវ​នោះ​ឡើយ។ នៅ​ប្រទេស​អ៊ីស្រាអែល រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​បង្គាប់​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា ដែល​រួម​បញ្ចូល«កូន​ក្មេង»របស់​ពួក​គេ ឲ្យ​មក​ស្ដាប់​ក្រិត្យ​វិន័យ​លោក​ម៉ូសេ។ (ចោទិយកថា ៣១:១០​-​១២; យ៉ូស្វេ ៨:៣៥) ក្រិត្យ​វិន័យ​នេះ​បាន​រៀប​រាប់​យ៉ាង​ជាក់​ច្បាស់​អំពី​រឿង​ខាង​ការ​រួម​ភេទ​មួយ​ចំនួន ដែល​រួម​បញ្ចូល​ដំណើរមាន​រដូវ ការ​ចេញ​ទឹក​កាម អំពើ​សហាយស្មន់ ការ​ផិត​គ្នា អំពើ​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ការ​រួម​ភេទ​ជា​មួយ​សាច់​ញាតិ និង​ការ​រួម​សង្វាស​នឹង​សត្វ។ (លេវីវិន័យ ១៥:១៦, ១៩; ១៨:៦, ២២, ២៣; ចោទិយកថា ២២:២២) ក្រោយ​ពី​ការ​អាន​ហើយ នោះ​មាតា​បិតា​ប្រាកដ​ជា​មាន​រឿង​ច្រើន​ដើម្បី​ពន្យល់​ឲ្យ​កូន​ៗ​ដែល​ចង់​ដឹង​ចង់​ឮ។

៩ នៅ​ក្នុង​សៀវភៅសុភាសិត​ជំពូក​ទី​ប្រាំ ជំពូក​ទី​ប្រាំ​មួយ និង​ជំពូក​ទី​ប្រាំ​ពីរ គឺ​មាន​វគ្គ​ជា​ច្រើន​ដែល​បង្ហាញ​នូវ​ឱវាទ​ដ៏​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​មាតា​បិតា ស្តី​អំពី​គ្រោះ​ថ្នាក់​ពី​អំពើ​ឥត​សីលធម៌​ខាង​កាម។ ខ​ទាំង​នេះ​បង្ហាញ​ថា ជួន​កាល​អំពើ​ឥត​សីលធម៌​អាច​ជា​ការ​ល្បួង​មួយ។ (សុភាសិត ៥:៣; ៦:២៤, ២៥; ៧:១៤​-​២១) ក៏​ប៉ុន្តែ​ឱវាទ​ទាំង​នេះ​បង្រៀន​ថា​ជា​ការ​ខុស​និង​មាន​លទ្ធផល​ដ៏​អន្តរាយ ហើយ​ក៏​ផ្ដល់​ឲ្យ​នូវ​ការ​ណែនាំ​ដើម្បី​ជួយ​យុវជន​ឲ្យ​ជៀស​វាង​ផ្លូវ​ខាង​ឥត​សីលធម៌។ (សុភាសិត ៥:១​-​១៤, ២១​-​២៣; ៦:២៧​-​៣៥; ៧:២២​-​២៧) បន្ថែម​ទៀត​នោះ អំពើ​ឥត​សីលធម៌​គឺ​មាន​ផ្ទុយ​គ្នា​នឹង​ការ​ស្កប់​ស្កល់​ចិត្ត​ពី​ការ​រួម​ភេទ​តាម​របៀប​ត្រឹម​ត្រូវ ដែល​មាន​ក្នុង​អាពាហ៍ពិពាហ៍​នោះ។ (សុភាសិត ៥:១៥​-​២០) នេះ​ជា​គំរូ​ដ៏​ល្អ​យ៉ាង​ណា​ទៅ​ហ្ន៎! នៃ​ការ​បង្រៀន​ឲ្យ​មាតា​បិតា​ធ្វើ​តាម​នោះ។

១០. ហេតុ​អ្វី​ក៏​ការ​ប្រាប់​ពី​ព្រះ​ដំ​រិះ​របស់​ព្រះ​អំពី​ការ​រួម​ភេទ​ដល់​កូន​ៗ​មិន​គួរ​នាំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌?

១០ តើ​ការ​បង្រៀន​បែប​នេះ​នាំ​ឲ្យ​កូន​ៗ​ប្រព្រឹត្ត​អំពើ​ឥត​សីលធម៌​ឬ​ទេ? ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បង្រៀន​ថា៖ «ដំ​រិះ​របស់​មនុស្ស​សុចរិត នឹង​ដោះ​ឲ្យ​ខ្លួន​រួច​វិញ»។ (សុភាសិត ១១:៩) អ្នក​ពិត​ជា​ចង់​សង្គ្រោះ​កូន​ៗ​របស់​អ្នក​ពី​អានុភាព​របស់​លោ​កី​យ៍​នេះ​មែន​ទេ? បិតា​ម្នាក់​បាន​និយាយ​ថា៖ «តាំង​តែ​ពី​កូន​ៗ​នៅ​តូច​ៗ យើង​បាន​ខំ​និយាយ​យ៉ាង​ត្រង់​ៗ​ជា​មួយ​នឹង​កូន​ៗ ស្តី​អំពី​រឿង​រួម​ភេទ។ តាម​របៀប​នេះ នៅ​ពេល​ដែល​ពួក​គេ​បាន​ឮ​ក្មេង​ៗ​ឯ​ទៀត​និយាយ​អំពី​ការ​រួម​ភេទ នោះ​ពួក​គេ​នឹង​មិន​ចង់​ដឹង​មិន​ចង់​ឮ​ឡើយ។ នេះ​គឺ​មិន​មែន​ជា​រឿង​អាថ៌​កំបាំង​ដ៏​ធំ​ណា​ឡើយ»។

១១. តើ​អាច​បង្រៀន​កូន​ៗ​ជា​បណ្ដើរ អំពី​រឿង​កេរ្ដិ៍​ខ្មាស​យ៉ាង​ដូច​ម្ដេច?

១១ ដូច​បាន​កត់​សម្គាល់​ក្នុង​ជំពូក​មុន​ៗ ការ​អប់រំ​ខាង​ការ​រួម​ភេទ​គួរ​ចាប់​ផ្ដើម​កាល​នៅ​ក្មេង។ ពេល​បង្រៀន​កូន​តូច​ៗ​ឲ្យ​រាប់​ឈ្មោះ​អវយវៈ ចូរ​កុំ​ធ្វើ​កន្តើយ​នឹង​កេរ្ដិ៍​ខ្មាសរបស់​ពួក​គេ ដែល​ហាក់​ដូច​ជា​អ្វី​ដែល​គួរ​ឲ្យ​អាម៉ាស់​មុខ​នោះ​ឡើយ។ ចូរ​បង្រៀន​កូន​ៗ​ឲ្យ​ចេះ​ហៅ​អវយវៈ​ទាំង​នេះ​តាម​ឈ្មោះ​ត្រឹម​ត្រូវ។ ពេល​កន្លង​ទៅ នោះ​មេ​រៀន​អំពី​របៀប​គិត​ចំពោះ​កេរ្ដិ៍​ខ្មាស​ផ្ទាល់​ខ្លួន និង​ព្រំ​ដែន​គឺ​សំខាន់​ជា​ចាំ​បាច់។ ជា​ការ​ល្អ​បើ​ទាំង​មាតា​និង​បិតា​គួរ​បង្រៀន​កូន​ៗ​របស់​ខ្លួន ថា​អវយវៈ​ទាំង​នេះ​នៃ​រូប​កាយ​គឺ​ពិសេស ដែល​ធម្មតា​មិន​ត្រូវ​បង្ហាញ​ឬ​ឲ្យ​អ្នក​ដទៃ​ប៉ះ​ឡើយ ហើយ​មិន​ត្រូវ​ឲ្យ​ពិគ្រោះ​តាម​របៀប​ដ៏​អាក្រក់​នោះ​ឡើយ។ កាល​ដែល​កូន​ៗ​បាន​ធំ​ឡើង ពួក​គេ​គួរ​ប្រាប់​ឲ្យ​ដឹង​នូវ​របៀប​ដែល​បុរស​និង​ស្ត្រី​នៅ​ជា​មួយ​គ្នា ដើម្បី​បង្កើត​កូន។ ពេល​ដែល​រូប​កាយ​របស់​កូន​ៗ​លូត​លាស់​ដល់​ភាព​ពេញ​រូប​រាង នោះ​ពួក​គេ​គួរ​ដឹង​រួច​ហើយ​នូវ​ការ​ផ្លាស់​ប្ដូរ​ដែល​នឹង​កើត​មាន​ឡើង។ ដូច​បាន​ពិគ្រោះ​នៅ​ក្នុង​ជំពូក​ទី​ប្រាំ ការ​អប់រំ​បែប​នេះ​ក៏​អាច​ជួយ​ការ​ពារ​កូន​ៗ​ពី​ការ​បៀតបៀន​ដល់​កេរ្ដិ៍​ខ្មាស។—សុភាសិត ២:១០​-​១៤

ករណីយកិច្ច​របស់​មាតា​បិតា

១២. តើ​ទស្សនៈ​ដ៏​ខុស​ណា​ដែល​តែង​តែ​បាន​បង្រៀន​នៅ​ឯ​សាលា​រៀន?

១២ មាតា​បិតា​ត្រូវ​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​នឹង​គំនិត​ខុស​ឯ​ទៀត ដែល​អាច​បង្រៀន​នៅ​ឯ​សាលា​រៀន—ទស្សនវិជ្ជា​ខាង​លោ​កី​យ៍​ដូច​ជា​ទ្រឹ​ស្តី​វិវត្តន៍ ជាតិ​និយម ឬ​គំនិត​ដែល​ថា​គ្មាន​សេចក្ដី​ពិត​ណា​ឡើយ។ (កូរិនថូស​ទី​១ ៣:១៩; ប្រៀប​មើល លោកុប្បត្តិ ១:២៧; លេវីវិន័យ ២៦:១; យ៉ូហាន ៤:២៤; ១៧:១៧) អ្នក​ធ្វើ​ការ​នៅ​សាលា​ដ៏​ស្មោះ​ជា​ច្រើន ឲ្យ​តម្លៃ​ហួស​ហេតុ​ទៅ​លើ​ការ​រៀន​សូត្រ​បន្ថែម។ ទោះ​ជា​ការ​រៀន​សូត្រ​បន្ថែម​គឺ​ជា​ការ​សម្រេច​ផ្ទាល់​ខ្លួន​ក៏​ដោយ នោះ​គ្រូ​ខ្លះ​ជឿ​ថា នេះ​ជា​មាគ៌ា​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​បាន​ជោគ​ជ័យ​ផ្ទាល់​ខ្លួន។a—ទំនុក​ដំ​កើង ១៤៦:៣​-​៦

១៣. តើ​កូន​ៗ​ដែល​ទៅ​សាលា​រៀន​អាច​ការ​ពារ​ពី​គំនិត​ខុស​យ៉ាង​ដូច​ម្ដេច?

១៣ ប្រសិន​បើ​មាតា​បិតា​ចង់​ឆ្លើយ​តប​នឹង​ការ​បង្រៀន​ដ៏​ខុស​ឆ្គង មាតា​បិតា​ត្រូវ​តែ​ដឹង​ថា​អ្វី​ទៅ​ជា​សេចក្ដី​ណែនាំ ដែល​កូន​ៗ​របស់​ខ្លួន​កំពុង​តែ​ទទួល​នោះ។ ដូច្នេះ មាតា​បិតា​អើយ ចូរ​ចង​ចាំ​ថា​អ្នក​ក៏​មាន​ករណីយកិច្ច​ដែរ! សូម​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​ដ៏​ស្មោះ​នឹង​ការ​រៀន​សូត្រ​របស់​កូន​ៗ​របស់​អ្នក។ សូម​និយាយ​ជា​មួយ​កូន​ក្រោយ​ដែល​កូន​មក​ពី​សាលា​រៀន។ សូម​សួរ​នូវ​អ្វី​ដែល​កូន​ៗ​កំពុង​តែ​រៀន អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត​ជាង​គេ និង​អ្វី​ដែល​ពួក​គេ​ចាត់​ទុក​ជា​ពិបាក​ជាង​គេ។ សូម​ពិនិត្យ​មើល​នូវ​កិច្ច​ការ​នៅ​ឯ​ផ្ទះ កំណត់ និង​លទ្ធផល​ពី​ការ​ប្រឡង។ សូម​ខំ​ឲ្យ​ស្គាល់​គ្រូ​ៗ​របស់​ពួក​គេ។ សូម​ឲ្យ​គ្រូ​ៗ​ដឹង​ថា​អ្នក​អប​អរ​នូវ​កិច្ច​ការ​របស់​ពួក​គាត់ ហើយ​ថា​អ្នក​ចង់​ជួយ​តាម​បែប​បទ​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន។

មិត្ត​ទាំង​ឡាយ​នៃ​កូន​អ្នក

១៤. ហេតុ​អ្វី​ក៏​សំខាន់​ចាំ​បាច់​ចំពោះ​កូន​ៗ​ដែល​គោរព​ព្រះ រើស​យក​មិត្ត​ល្អ​ៗ?

១៤ «តើ​កូន​រៀន​ចេះ​បែប​នេះ​ពី​ណា​មក?»។ តើ​មាន​មាតា​បិតា​ប៉ុន្មាន​នាក់​ដែល​បាន​សួរ​សំនួរ​នេះ ដែល​បាន​រន្ធត់​ចិត្ត​នឹង​អ្វី​ដែល​កូន​របស់​ខ្លួន​បាន​និយាយ​ឬ​បាន​ធ្វើ ដែល​ហាក់​ដូច​ជា​មិន​ធម្មតា​នោះ? ហើយ​នេះ​ច្រើន​តែ​ទាក់​ទង​នឹង​មិត្ត​ថ្មី​ម្នាក់​នៅ​ឯ​សាលា​រៀន​ឬ​នៅ​ក្នុង​សង្កាត់​នោះ​មែន​ទេ? ត្រូវ​ហើយ ពួក​ម៉ាក​មាន​អានុភាព​យ៉ាង​ជ្រាល​ជ្រៅ​លើ​យើង មិន​ថា​យើង​ជា​ក្មេង​ឬ​ចាស់។ សាវ័ក​ប៉ុល​បាន​ព្រមាន​ថា៖ «កុំ​ឲ្យ​ច្រឡំ​ឡើយ ពីព្រោះ​ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ»។ (កូរិនថូស​ទី​១ ១៥:៣៣; សុភាសិត ១៣:២០) ជា​ពិសេស យុវជន​គឺ​ងាយ​នឹង​ធ្វើ​តាម​ការ​បង្ខំ​ពី​ពួក​ម៉ាក។ ពួក​គេ​ដូច​ជា​មិន​ប្រាកដ​អំពី​ខ្លួន​ពួក​គេ ហើយ​ជួន​កាល​អាច​មាន​អារម្មណ៍​ទប់​មិន​បាន ដោយ​សេចក្ដី​ប្រាថ្នា​ចង់​ផ្គាប់​ចិត្ត​និង​ធ្វើ​ឲ្យ​ពួក​ម៉ាក​របស់​គេ​ស្ងើច។ ដូច្នេះ​ហើយ គឺ​សំខាន់​ចាំ​បាច់​ដែល​ពួក​គេ​រើស​យក​មិត្ត​ល្អ​ៗ!

១៥. តើ​មាតា​បិតា​អាច​ណែនាំ​កូន​ៗ​របស់​ខ្លួន​ឲ្យ​ជ្រើស​រើស​មិត្ត​យ៉ាង​ដូច​ម្ដេច?

១៥ ដូច​ជា​មាតា​បិតា​រាល់​គ្នា​ដឹង​ស្រាប់​ហើយ កូន​ៗ​នឹង​មិន​តែង​តែ​ជ្រើស​រើស​យក​មិត្ត​ល្អ​បាន​ទេ។ ពួក​គេ​ត្រូវ​ការ​ការ​ណែនាំ​ខ្លះ​ៗ។ នេះ​មិន​មែន​ជា​ការ​ជ្រើស​រើស​មិត្ត​ឲ្យ​កូន​ៗ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ កាល​ដែល​កូន​ធំ​ឡើង ចូរ​បង្រៀន​កូន​ឲ្យ​ចេះ​យោគ​យល់​និង​ជួយ​កូន​ឲ្យ​ឃើញ​នូវ​គុណ​ស​ម្ប​ត្ដិ​ណា ដែល​កូន​គួរ​រាប់​ទុក​ជា​មាន​តម្លៃ​ចំពោះ​មិត្ត​ទាំង​ឡាយ។ គុណ​ស​ម្ប​ត្ដិ​ដ៏​សំខាន់​បំផុត គឺ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា និង​អំពី​ការ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ក្នុង​ព្រះ​នេត្រ​ទ្រង់។ (ម៉ាកុស ១២:២៨​-​៣០) ចូរ​បង្រៀន​កូន​ឲ្យ​ចេះ​ស្រឡាញ់​និង​គោរព​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ ចិត្ត​សប្បុរស ចិត្ត​សទ្ធា និង​ចេះ​យក​ចិត្ត​ទុក​ដាក់។ ក្នុង​កំ​ឡុ​ង​ការ​សិក្សា​ក្នុង​គ្រួសារ សូម​ជួយ​កូន​ៗ​ឲ្យ​ដឹង​គុណ​ស​ម្ប​ត្ដិ​ទាំង​នេះ​របស់​បុគ្គល​ផ្សេង​ៗ​ក្នុង​ព្រះ​គម្ពីរ ហើយ​រួច​មក ឲ្យ​រក​នូវ​លក្ខណៈ​ដូច​នេះ​ចំពោះ​មនុស្ស​ផ្សេង​ៗ​នៅ​ក្នុង​ក្រុម​ជំនុំ។ ចូរ​ទុក​គំរូ​ដោយ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​ដូច​នេះ ក្នុង​ការ​ជ្រើស​រើស​មិត្ត​របស់​ខ្លួន​អ្នក​ផ្ទាល់។

១៦. តើ​មាតា​បិតា​អាច​ឆែក​មើល​នូវ​ជម្រើស​របស់​កូន​ៗ ចំពោះ​មិត្ត​ទាំង​ឡាយ​យ៉ាង​ដូច​ម្ដេច?

១៦ តើ​អ្នក​ដឹង​ថា​អ្នក​ណា​ជា​មិត្ត​នៃ​កូន​របស់​អ្នក​ឬ​ទេ? អញ្ជើញ​ឲ្យ​កូន​របស់​អ្នក​នាំ​មិត្ត​ទាំង​ឡាយ​មក​លេង​ផ្ទះ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ជួប​ពួក​គេ​បាន។ អ្នក​ក៏​អាច​សួរ​កូន​ៗ​របស់​អ្នក​ថា​តើ​ក្មេង​ឯ​ទៀត​គិត​យ៉ាង​ណា​អំពី​មិត្ត​ទាំង​នេះ។ តើ​ពួក​គេ​ល្បី​ឈ្មោះ​ចំពោះ​ការ​បង្ហាញ​ចិត្ត​ស្មោះ​ត្រង់ ឬ​ចំពោះ​ការ​ប្រកប​ជីវិត​មុខ​ពីរ? ប្រសិន​បើ​ជា​បុគ្គល​ដែល​ប្រកប​ជីវិត​មុខ​ពីរ​មែន សូម​ជួយ​កូន​ៗ​អ្នក​ឲ្យ​វែក​ញែក​ថា ការ​សេព​គប់​បែប​នេះ អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ពួក​គេ។ (ទំនុក​ដំ​កើង ២៦:៤, ៥, ៩​-​១២) ប្រសិន​បើ​អ្នក​កត់​សម្គាល់​ឃើញ​ការ​ផ្លាស់​ប្ដូរ​មិន​ល្អ​ខាង​មារយាទ សំលៀក​បំពាក់ អាកប្បកិរិយា ឬ​ពាក្យ​សំ​ដី នោះ​អ្នក​ប្រហែល​ត្រូវ​ការ​និយាយ​ជា​មួយ​កូន​ៗ​អំពី​មិត្ត​ទាំង​ឡាយ​របស់​ពួក​គេ។ កូន​របស់​អ្នក​ប្រហែល​ជា​ចំណាយ​ពេល​ជា​មួយ​មិត្ត​ម្នាក់ ដែល​កំពុង​តែ​មាន​អានុភាព​អវិជ្ជមាន។—ប្រៀប​មើល លោកុប្បត្តិ ៣៤:១, ២

១៧, ១៨. ក្រៅ​ពី​ព្រមាន​អំពី​ពួក​ម៉ាក​មិន​ល្អ តើ​ជំនួយ​ដ៏​មាន​ប្រយោជន៍​អ្វី​ដែល​មាតា​បិតា​អាច​ជួយ​នោះ?

១៧ ក៏​ប៉ុន្តែ គឺ​មិន​គ្រប់​គ្រាន់​ទេ​ដោយ​គ្រាន់​តែ​បង្រៀន​កូន​ៗ​របស់​អ្នក ឲ្យ​ជៀស​វាង​ពី​ពួក​ម៉ាក​អាក្រក់​នោះ។ សូម​ជួយ​កូន​ៗ​ឲ្យ​រក​បាន​មិត្ត​ល្អ​ៗ​ចុះ។ បិតា​ម្នាក់​និយាយ​ថា៖ «យើង​តែង​តែ​ខំ​ប្រឹង​រក​ការ​ជំនួស។ ដូច្នេះ​នៅ​ពេល​ដែល​សាលា​រៀន​ចង់​ឲ្យ​កូន​របស់​យើង​ចូល​ក្នុង​ក្រុម​បាល់​ទាត់ នោះ​ភរិយា​របស់​ខ្ញុំ​និង​ខ្ញុំ​បាន​អង្គុយ​ជា​មួយ​កូន​របស់​យើង និង​ពិគ្រោះ​នូវ​មូលហេតុ​ដែល​ថា​នេះ​មិន​មែន​ជា​គំនិត​ល្អ ដោយ​ព្រោះ​ទាក់​ទង​នឹង​ពួក​ម៉ាក​ថ្មី​ៗ។ ក៏​ប៉ុន្តែ​យើង​បាន​ឲ្យ​យោបល់​នូវ​ការ​បបួល​ក្មេង​ៗ​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ ហើយ​នាំ​ពួក​គេ​ទាំង​អស់​ទៅ​លេង​បាល់​នៅ​ឯ​ឧទ្យាន។ ហើយ​ក៏​បាន​ដោះ​ស្រាយ​បញ្ហា​នោះ»។

១៨ មាតា​បិតា​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ជួយ​កូន​ៗ​របស់​ខ្លួន​ឲ្យ​រក​បាន​មិត្ត​ល្អ​ៗ ហើយសប្បាយ​នឹង​ការ​កំសាន្ត​ដ៏​ល្អ​ជា​មួយ​ពួក​គេ។ ប៉ុន្តែ ចំពោះ​មាតា​បិតា​ជា​ច្រើន រឿង​នៃ​ការ​កំសាន្ត​នេះ ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ថែម​ទៀត។

តើ​ការ​កំសាន្ត​បែប​ណា?

១៩. តើ​គំរូ​ណា​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា គឺ​មិន​មែន​ជា​បាប​ទេ​ដែល​មាន​ការ​សើច​សប្បាយ​ក្នុង​ក្រុម​គ្រួសារ​នោះ?

១៩ តើ​ព្រះ​គម្ពីរ​ផ្ដន្ទា​ទោស​សេចក្ដី​សប្បាយ​រីករាយ​ឬ​ទេ? ប្រាកដ​ជា​មិន​ដូច្នេះ​ទេ! ព្រះ​គម្ពីរ​ចែង​ថា មាន«ពេល​សើច . . . នឹង​ពេល​សំ​រាប់​លោត​កញ្ឆេង»។b (សាស្ដា ៣:៤) រាស្ត្រ​របស់​ព្រះ​នៅ​អ៊ីស្រាអែល​ពី​សម័យ​បុរាណ បាន​ពេញ​ចិត្ត​នឹង​ភ្លេង​និង​ការ​រាំ កីឡា និង​ប្រស្នា។ ព្រះ​យេស៊ូ​គ្រីស្ទ​បាន​យាង​ទៅ​ឯ​ពិធី​មង្គល​ការ​ដ៏​ធំ​មួយ និង«ជប់​លៀង​ជា​ធំ» ដែល​ម៉ាថាយ​លេវី​បាន​រៀប​ចំ​ថ្វាយ​ទ្រង់​នោះ។ (លូកា ៥:២៩; យ៉ូហាន ២:១, ២) យ៉ាង​ច្បាស់​ណាស់ ព្រះ​យេស៊ូ​មិន​មែន​ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​ខូច​ដល់​ការ​កំសាន្ត​របស់​អ្នក​ដទៃ​ឡើយ។ កុំ​ចាត់​ទុក​ការ​សើច​សប្បាយ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​ជា​អំពើ​បាប​ឲ្យ​សោះ!

រូបភាពនៅទំព័រ៩៩

ការ​កំសាន្ត​ដែល​ជ្រើស​រើស​បាន​ល្អ ដូច​ជា​ដំណើរ​លំហែ​កាយ​ជា​ក្រុម​គ្រួសារ​នេះ អាច​ជួយ​កូន​ៗ​ឲ្យ​ចេះ​រៀន​និង​លូត​លាស់​ខាង​វិញ្ញាណ

២០. តើ​មាតា​បិតា​គួរ​ចង​ចាំ​អ្វី​ពេល​ដែល​ផ្ដល់​ការ​កំសាន្ត​ចំពោះ​ក្រុម​គ្រួសារ?

២០ ព្រះ​យេហូវ៉ា​ជា«ព្រះ​ដ៏​សប្បាយ»។ (ធីម៉ូថេ​ទី​១ ១:១១, ព.ថ.) ដូច្នេះ ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​គួរ​តែ​ជា​ប្រភព​នៃ​ការ​រីករាយ មិន​មែន​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​គ្មាន​អំណរ​ក្នុង​ជីវិត​នោះ​ទេ។ (ប្រៀប​មើល ចោទិយកថា ១៦:១៥) ជា​ធម្មតា ក្មេង​ៗ​គឺ​មាន​ចិត្ត​សប្បាយ​រីករាយ ហើយ​មាន​ថាមពល​ជា​ច្រើន​ដែល​អាច​បញ្ចេញ​មក​ក្នុង​ការ​លេង​និង​ការ​កំសាន្ត។ ការ​កំសាន្ត​ដែល​បាន​ជ្រើស​រើស​ដ៏​ល្អ មិន​គ្រាន់​តែ​ការ​សប្បាយ​ប៉ុណ្ណោះ​ទេ។ នេះ​ជា​របៀប​ដែល​កូន​ម្នាក់​អាច​រៀន​និង​មាន​គំនិត​ចាស់​ទុំ។ មេ​គ្រួសារ​គឺ​ទទួល​ខុស​ត្រូវ​ដើម្បី​ផ្ដល់​ឲ្យ​នូវ​តម្រូវ​ការ​គ្រប់​យ៉ាង​ចំពោះ​ក្រុម​គ្រួសារ ដែល​រួម​បញ្ចូល​ការ​កំសាន្ត។ ក៏​ប៉ុន្តែ គាត់​គឺ​ត្រូវ​តែ​មាន​តុល្យភាព។

២១. តើ​ការ​កំសាន្ត​សព្វ​ថ្ងៃ​នេះ​អាច​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ?

២១ នៅ​ក្នុង​សម័យ«ជាន់​ក្រោយ​បង្អស់»ដែល​មាន​បញ្ហា នោះ​សង្គម​មនុស្ស​គឺ​មាន​ពេញ​ទៅ​ដោយ​មនុស្ស​ដែល«ចូល​ចិត្ត​នឹង​ល្បែង​លេង​ជា​ជាង​ព្រះ»ដូច​បាន​ទាយ​មក​ក្នុង​ព្រះ​គម្ពីរ។ (ធីម៉ូថេ​ទី​២ ៣:១​-​៥) ចំពោះ​មនុស្ស​ជា​ច្រើន ការ​កំសាន្ត​ជា​អ្វី​ដ៏​សំខាន់​ជាង​គេ​ក្នុង​ជីវិត។ គឺ​មាន​គ្រឿង​កំសាន្ត​ច្រើន​ណាស់ ដែល​របស់​ទាំង​នេះ​អាច​ច្រាល​ចោល​អ្វី​ៗ​ដែល​សំខាន់​ជាង​ទៅ​ទៀត។ បន្ថែម​ទៅ​ទៀត គ្រឿង​កំសាន្ត​ជា​ច្រើន​នៅ​សម័យ​ទំនើប​នេះ បញ្ចាំង​បង្ហាញ​អំពើ​ឥត​សីលធម៌​ខាង​កាម អំពើ​ឃោរឃៅ ការ​ប្រើ​ថ្នាំ​ញៀន និង​ការ​ប្រព្រឹត្ត​ដ៏​ធ្ងន់​ធ្ងរ​ឯ​ទៀត​ដែល​មាន​គ្រោះ​ថ្នាក់។ (សុភាសិត ៣:៣១) តើ​អាច​ធ្វើ​អ្វី​ដើម្បី​ការ​ពារ​ក្មេង​ៗ​ពី​គ្រឿង​កំសាន្ត​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ?

២២. តើ​មាតា​បិតា​អាច​អប់រំ​កូន​ៗ​របស់​ខ្លួន​ឲ្យ​ធ្វើ​ការ​សម្រេច​ដ៏​មាន​ប្រាជ្ញា​យ៉ាង​ណា ស្តី​អំពី​ការ​កំសាន្ត?

២២ មាតា​បិតា​ត្រូវ​ការ​ដាក់​ព្រំ​ដែន​និង​ល័ក្ខខ័ណ្ឌ។ ក៏​ប៉ុន្តែ​ច្រើន​ជាង​នោះ​ទៅ​ទៀត មាតា​បិតា​ត្រូវ​បង្រៀន​កូន​ៗ​របស់​ខ្លួន​ឲ្យ​ចេះ​វិនិច្ឆ័យ​ថា​ការ​កំសាន្ត​បែប​ណា​ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​ឲ្យ​ចេះ​ប្រមាណ​ថា​ការ​កំសាន្ត​ប៉ុន​ណា គឺ​ច្រើន​ហួស​ពេក​នោះ។ មាតា​បិតា​ត្រូវ​ចំណាយ​ពេល​វេលា​និង​ការ​ខំ​ប្រឹង​ដើម្បី​ធ្វើ​ការ​អប់រំ​បែប​នេះ។ សូម​ពិនិត្យ​មើល​នូវ​ឧទាហរណ៍​មួយ។ បិតា​ម្នាក់​ដែល​មាន​កូន​ប្រុស​ពីរ​នាក់ បាន​ឃើញ​ថា​កូន​បង​របស់​គាត់​បាន​ស្ដាប់​ពី​ស្ថានីយ​វិទ្យុ​មួយ​ជា​ញឹក​ញាប់។ ដូច្នេះ កាល​ដែល​គាត់​បើក​ឡាន​ដឹក​ទំនិញ​របស់​គាត់​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃ​មួយ បិតា​នេះ​ក៏​បើក​វិទ្យុ​ពី​ស្ថានីយ​នោះ។ យូរ​ៗ​ម្ដង​គាត់​បាន​ឈប់​និង​កត់​ទុក​នូវ​ទំនុក​នៃ​បទ​ចំ​រៀង​ខ្លះ​ៗ។ ក្រោយ​មក គាត់​បាន​អង្គុយ​ពិគ្រោះ​ជា​មួយ​កូន​ប្រុស​ៗ នូវ​អ្វី​ដែល​គាត់​បាន​ឮ។ គាត់​បាន​សួរ​សំនួរ​អំពី​ទស្សនៈ​របស់​ពួក​គេ ដោយ​ចាប់​ផ្ដើម​សួរ​ថា «តើ​កូន​គិត​យ៉ាង​ណា?» ហើយ​គាត់បាន​ស្ដាប់​យ៉ាង​អត់​ធ្មត់​ចំពោះ​ចម្លើយ​របស់​ពួក​គេ។ ក្រោយ​ពី​បាន​វែក​ញែក​លើ​រឿង​នេះ​ដោយ​ប្រើ​ព្រះ​គម្ពីរ នោះ​កូន​ប្រុស​ទាំង​ពីរ​នេះ​បាន​យល់​ស្រប​នឹង​មិន​ស្ដាប់​ពី​ស្ថានីយ​វិទ្យុ​នោះ​ទៀត​ទេ។

២៣. តើ​មាតា​បិតា​អាច​ការ​ពារ​កូន​ៗ​របស់​ខ្លួន​ពី​គ្រឿង​កំសាន្ត​ដ៏​មិន​ល្អ​យ៉ាង​ដូច​ម្ដេច?

២៣ មាតា​បិតា​ជា​គ្រីស្ទាន​ដែល​មាន​ប្រាជ្ញា​ពិនិត្យ​មើល​បទ​ភ្លេង កម្ម​វិធី​ទូរទស្សន៍ ខ្សែ​អាត់​វីដេអូ រឿង​កំប្លែង និង​កុន​ដែល​ធ្វើ​ឲ្យ​កូន​ៗ​ចាប់​អារម្មណ៍​នោះ។ ពួក​គាត់​មើល​គំនូរ​នៅ​លើ​ក្រប ទំនុក​ទាំង​ឡាយ និង​កញ្ចប់ ហើយ​ពួក​គាត់​អាន​ការ​វិនិច្ឆ័យ​ឲ្យ​តម្លៃ​ក្នុង​កាសែត និង​ពិនិត្យ​មើល​នូវ​សេចក្ដី​ដក​ស្រង់​ផ្សេង​ៗ។ មាតា​បិតា​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល​នឹង«គ្រឿង​កំសាន្ត»ខ្លះ ដែល​បាន​ផ្ដល់​ឲ្យ​ក្មេង​ៗ​សព្វ​ថ្ងៃ​នេះ។ អស់​អ្នក​ដែល​ចង់​ការ​ពារ​កូន​ៗ​របស់​ខ្លួន ពី​អានុភាព​ដ៏​ស្មោក​គ្រោក​នេះ នឹង​អង្គុយ​ជា​មួយ​ក្រុម​គ្រួសារ​ហើយ​ពិគ្រោះ​នូវ​គ្រោះ​ថ្នាក់ ដោយ​ប្រើ​ព្រះ​គម្ពីរ​និង​ប្រកាស​នវ​ត្ថុ​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ ដូច​ជា​សៀវភៅ​សំនួរ​ទាំង​ឡាយ​ដែល​យុវជន​សួរ—ចម្លើយ​ដែល​មាន​ប្រសិទ្ធិ​ភាព និង អត្ថបទ​ពី​ទស្សនាវដ្ដី​ប៉ម​យាម និង​ទស្សនាវដ្ដី​ភ្ញាក់​រឭក!c នៅ​ពេល​ដែល​មាតា​បិតា​បាន​ដាក់​ល័ក្ខខ័ណ្ឌ​ដ៏​ម៉ឺង​ម៉ាត់ ដោយ​មិន​ចេះ​ផ្លាស់​ប្ដូរ​និង​សម​ហេតុ​ផល នោះ​ធម្មតា​មាតា​បិតា​នឹង​ឃើញ​នូវ​លទ្ធផល​ដ៏​ល្អ។—ម៉ាថាយ ៥:៣៧; ភីលីព ៤:៥

២៤, ២៥. តើ​ការ​កំសាន្ត​បែប​ណា​ដ៏​ល្អ ដែល​ក្រុម​គ្រួសារ​អាច​ចូល​រួម​សប្បាយ​ជា​មួយ​គ្នា​នោះ?

២៤ ប្រាកដ​ហើយ ការ​ដាក់​កំរិត​ចំពោះ​គ្រឿង​កំសាន្ត​ដែល​មាន​គ្រោះ​ថ្នាក់ គឺ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រយុទ្ធ​នេះ​ទេ។ អានុភាព​អាក្រក់​ៗ​នេះ​ត្រូវ​តែ​ឆ្លើយ​តប​ដោយ​ប្រើ​អានុភាព​ល្អ បើ​មិន​ដូច្នោះ​ទេ កូន​ៗ​អាច​រសាត់​តាម​ដំណើរ​ដ៏​ខុស។ ក្រុម​គ្រួសារ​គ្រីស្ទាន​ជា​ច្រើន​មាន​អនុ​ស្សា​វ​រី​យ​ដ៏​សប្បាយ​ដែល​មិន​អាច​បំភ្លេច​បាន​ហើយ​រាប់​មិន​អស់ ក្នុង​ការ​កំសាន្ត​ជា​មួយ​គ្នា​ដូច​ជា ដំណើរ​កំសាន្ត ការ​ដើរ​លេង​កាត់​ព្រៃ​ភ្នំ ការ​ទៅ​លំហែ​កាយ លេង​ល្បែង​កំសាន្ត​និង​កីឡា ការ​ធ្វើ​ដំណើរ​ទៅ​លេង​ញាតិ​មិត្ត​និង​មិត្ត​សំឡាញ់។ អ្នក​ខ្លះ​បាន​ឃើញ​ថា គ្រាន់​តែ​អាន​ឲ្យ​ឮ​ៗ​ជា​មួយ​គ្នា ក៏​ជា​ប្រភព​ដ៏​ធំ​នៃ​ការ​សប្បាយ​និង​ការ​ជួយ​សម្រាល​ទុក្ខ​ដែរ។ ពួក​អ្នក​ឯ​ទៀត​សប្បាយ​ប្រាប់​នូវ​រឿង​កំសាន្ត​ឬរឿង​ដែល​ចាប់​អារម្មណ៍។ តែ​អ្នក​ដទៃ​ទៀត​បាន​បណ្ដុះ​នូវ​ការ​កំសាន្ត​ជា​មួយ​គ្នា ដូច​ជា​ធ្វើ​របស់​ពី​ឈើ​និង​សិប្បកម្ម​ឯ​ទៀត ព្រម​ទាំង​លេង​គ្រឿង​ភ្លេង គូរ​គំនូរ ឬ​ការ​ពិនិត្យ​មើល​នូវ​ការ​បង្កើត​របស់​ព្រះ។ កូន​ៗ​ដែល​រៀន​ឲ្យ​ចេះ​សប្បាយ​នឹង​ការ​កំសាន្ត​បែប​នេះ នឹង​បាន​ត្រូវ​ការ​ពារ​ពី​គ្រឿង​កំសាន្ត​ជា​ច្រើន​ដែល​ស្មោក​គ្រោក ហើយ​ពួក​គេ​ដឹង​ថា ការ​កំសាន្ត​មិន​មែន​គ្រាន់​តែ​ទាក់​ទង​នឹង​ការ​អង្គុយ​ស្ងៀម ចាំ​ឲ្យ​គេ​នាំ​កំសាន្ត​នោះ​ឡើយ។ ជា​ច្រើន​ដង ការ​ចូល​រួម​គឺ​សប្បាយ​ជាង​មើល។

២៥ ការ​ប្រជុំ​គ្នា​កំសាន្ត ក៏​អាច​ជា​ការ​កំសាន្ត​ដែល​នាំ​ឲ្យ​មាន​ប្រយោជន៍​ដែរ។ នៅ​ពេល​ដែល​ការ​កំសាន្ត​បែប​នេះ​បាន​ត្រូវ​ត្រួត​ពិនិត្យ​យ៉ាង​ល្អ​ឬ​មិន​ធំ​ហួស​ហេតុ ឬ​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ច្រើន នោះ​កំសាន្ត​បែប​នេះ​អាច​ឲ្យ​កូន​របស់​អ្នក​មាន​ការ​សប្បាយ​ច្រើន​ជាង។ ការ​កំសាន្ត​បែប​នេះ​អាច​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​នៅ​ក្នុង​ក្រុម​ជំនុំ​ពង្រឹង​និង​ពង្រីក​ឡើង។—ប្រៀប​មើល លូកា ១៤:១៣, ១៤; យូដាស ១២

ក្រុម​គ្រួសារ​របស់​អ្នក​អាច​ឈ្នះ​លោ​កី​យ៍​នេះ

២៦. ស្តី​អំពី​ការ​ការ​ពារ​ក្រុម​គ្រួសារ​ពី​អានុភាព​ដ៏​មិន​ល្អ តើ​អ្វី​ជា​គុណ​ស​ម្ប​ត្ដិ​ដ៏​សំខាន់​បំផុត​នោះ?

២៦ ប្រាកដ​ហើយ ការ​ការ​ពារ​ក្រុម​គ្រួសារ​របស់​អ្នក​ពី​អានុភាព​ដ៏​បំផ្លិច​បំផ្លាញ​របស់​លោ​កី​យ៍​នេះ តម្រូវ​ឲ្យ​មាន​ការ​ខំ​ប្រឹង​ច្រើន​ណាស់។ ក៏​ប៉ុន្តែ​មាន​របស់​មួយ​ដ៏​សំខាន់​ជាង​របស់​ឯ​ទៀត ដែល​អាច​នាំ​ឲ្យ​មាន​ជោគ​ជ័យ​បាន។ នេះ​គឺ​សេចក្ដី​ស្រឡាញ់! ចំណង​ក្រុម​គ្រួសារ​ដ៏​ជិត​ស្និទ្ធ​និង​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នឹង​ធ្វើ​ឲ្យ​ផ្ទះ​របស់​អ្នក​ទៅ​ជា​ទី​ជម្រក​ដែល​មាន​សុវត្ថិភាព និង​នាំ​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់​ទង ដែល​ជា​ការ​ការ​ពារ​ដ៏​ធំ​មួយ​ពី​អានុភាព​ដ៏​អាក្រក់​ៗ​ទាំង​ឡាយ។ បន្ថែម​ទៀត ការ​បណ្ដុះ​នូវ​សេចក្ដី​ស្រឡាញ់​បែប​មួយ​ទៀត គឺ​កាន់​តែ​សំខាន់​ជាង គឺ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ នៅ​ពេល​ដែល​សេចក្ដី​ស្រឡាញ់​បែប​នេះ​បាន​ជ្រួត​ជ្រាប​ក្នុង​ក្រុម​គ្រួសារ នោះ​កូន​ៗ​នឹង​បាន​ធំ​ឡើង​ហើយ​ចាត់​ទុក​ការ​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​ដោយ​ចុះ​ចូល​តាម​អានុភាព​ខាង​លោ​កី​យ៍​នេះ​ជា​អ្វី​ដ៏​ស្អប់​ខ្ពើម។ ហើយ​មាតា​បិតា​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​នឹង​ខំ​ស្វះ​ស្វែង​ធ្វើ​តាម​បុគ្គលិក​លក្ខណៈ​ដែល​មាន​តុល្យភាព​របស់​ទ្រង់ ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ភាព​សម​ហេតុ​ផល។ (អេភេសូរ ៥:១; យ៉ាកុប ៣:១៧) ប្រសិន​បើ​មាតា​បិតា​ធ្វើ​ដូច្នេះ នោះ​កូន​ៗ​នឹង​គ្មាន​ហេតុ​ចាត់​ទុក​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា គ្រាន់​តែ​ជា​កំរិត​មួយ​ចំនួន​ដែល​ជា​បម្រាម ឬ​ជា​ជីវភាព​ដែល​គ្មាន​ការ​សប្បាយ​ឬ​ការ​សើច​សោះ​ឡើយ ជា​អ្វី​ដែល​ពួក​គេ​ចង់​រត់​គេច​ពី​នោះ​ឲ្យ​បាន​ជា​ប្រញាប់។ ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​ឃើញ​ថា​ការ​ថ្វាយ​បង្គំ​ព្រះ​ជា​ជីវភាព​ដ៏​សប្បាយ​ហើយ​ជា​ទី​ពេញ​ចិត្ត​បំផុត។

២៧. តើ​ក្រុម​គ្រួសារ​មួយ​អាច​ឈ្នះ​លោ​កី​យ៍​នេះ​យ៉ាង​ដូច​ម្ដេច?

២៧ ក្រុម​គ្រួសារ​ដែល​នៅ​មាន​សាមគ្គីភាព​និង​សុភមង្គល​ក្នុង​ការ​បំរើ​ដែល​មាន​តុល្យភាព​ចំពោះ​ព្រះ ដោយ​ខំ​ប្រឹង​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​រក្សា​ខ្លួន«ឥត​សៅហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន»ពី​អានុភាព​ដ៏​ខូច​នៃ​លោ​កី​យ៍​នេះ ជា​ប្រភព​នៃ​អំណរ​ដល់​ព្រះ​យេហូវ៉ា។ (ពេត្រុស​ទី​២ ៣:១៤; សុភាសិត ២៧:១១) ក្រុម​គ្រួសារ​បែប​នេះ​ធ្វើ​តាម​ជំហាន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​បាន​ត​ទល់​នឹង​ការ​ខំ​ប្រឹង​ទាំង​ប៉ុន្មាន​នៃ​លោ​កី​យ៍​របស់​សាតាំង ដើម្បី​ធ្វើ​ឲ្យ​ទ្រង់​សៅហ្មង​នោះ។ ជិត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​ជា​មនុស្ស​របស់​ទ្រង់ នោះ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «ខ្ញុំ​បាន​ឈ្នះ​លោ​កី​យ​ហើយ»។ (យ៉ូហាន ១៦:៣៣) សូម​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​បាន​ឈ្នះ​លោ​កី​យ៍​នេះ​ដែរ ហើយ​សប្បាយ​នឹង​ជីវិត​ជា​រៀង​រហូត​ត​ទៅ!

a ចំពោះ​ការ​ពិគ្រោះ​អំពី​ការ​រៀន​សូត្រ​បន្ថែម សូម​មើល​សៀវភៅ​ស្តើង ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​និង​ការ​អប់រំ ដែល​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក ទំព័រ ៤​-​៧ (ជា​ភាសា​អង់គ្លេស)

b ពាក្យ​ហេព្រើរ​ដែល​បាន​បក​ស្រាយ​នៅ​ទី​នេះ«សើច»អាច​បក​ស្រាយ​ក្នុង​បែប​បទ​មួយ​ទៀត«លេង»«ស្នើ​ផ្ដល់​ការ​លេង​កំសាន្ត»«ធ្វើ​បុណ្យ»ឬ«ឲ្យ​បាន​សប្បាយ»ទៀត​ផង។

c បាន​បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

តើ​តាម​របៀប​ណា​ដែល​គោល​ការណ៍​ទាំង​នេះ​ក្នុង​ព្រះ​គម្ពីរ​អាច​ជួយ . . . ការ​ពារ​ក្រុម​គ្រួសារ​របស់​អ្នក?

ចំណេះ​នាំ​ឲ្យ​មាន​ប្រាជ្ញា ដែល​អាច​រក្សា​ជីវិត​របស់​មនុស្ស​ម្នាក់​ឲ្យ​រស់​នៅ។—សាស្ដា ៧:១២

«ប្រាជ្ញា​របស់​លោ​កី​យ​នេះ ជា​សេចក្ដី​ល្ងង់​ល្ងើ​នៅ​ចំពោះ​ព្រះ»។—កូរិនថូស​ទី​១ ៣:១៩

ត្រូវ​តែ​ជៀស​វាង​ពួក​ម៉ាក​អាក្រក់។—កូរិនថូស​ទី​១ ១៥:៣៣

ទោះ​ជា​ការ​កំសាន្ត​មិន​សូវ​ខុស​ប៉ុន្មាន​ទេ នោះ​ត្រូវ​មាន​កំរិត។—សាស្ដា ៣:៤

គាត់​គ្មាន​អារម្មណ៍​ថា​ខ្លួន​គាត់​ខាន​សប្បាយ​នោះ​ទេ

ជា​មាតា​បិតា​គ្រីស្ទាន នោះ​ប៉ុល​និង​ភរិយា​របស់​គាត់​ឈ្មោះ​លូ​អេ​ន​ បាន​រៀប​ចំ​ការ​ជប់​លៀង​យូរ​ៗ​ម្ដង។ ពួក​គេ​ខំ​ធ្វើ​អ្វី​ៗ​ដើម្បី​ឲ្យ​បាន​ប្រាកដ​ថា ការ​ជប់​លៀង​នេះ​គឺ​បាន​ត្រួត​ពិនិត្យ​យ៉ាង​ល្អ និង​ដែល​មាន​ចំនួន​កំណត់​មួយ​ស្រួល​រក្សា​របៀប​រៀប​រយ។ ពួក​គេ​ជឿ​ជាក់​ថា កូន​ៗ​របស់​គេ​ពិត​ជា​ទទួល​ប្រយោជន៍​ពី​ជប់​លៀង​នេះ។

លូ​អេ​ន​ដំណាល​ប្រាប់​ថា៖ «ម្ដាយ​របស់​មិត្ត​រួម​ថ្នាក់​កូន​របស់​ខ្ញុំ​អ៊ែរិក ដែល​ទើប​តែ​មាន​អាយុ​ប្រាំ​មួយ​ឆ្នាំ បាន​មក​ឯ​ខ្ញុំ​ហើយ​គាត់​មាន​ប្រសាសន៍​ថា គាត់​មាន​ចិត្ត​អាណិត​អ៊ែរិក​ណាស់ ពីព្រោះ​វា​បាន​អង្គុយតែ​ម្នាក់​ឯង ហើយ​អត់​ចូល​រួម​នឹង​បុណ្យ​ថ្ងៃ​ខួប​កំណើត​ក្នុង​ថ្នាក់​រៀន​ឡើយ។ ខ្ញុំ​បាន​និយាយ​ប្រាប់​គាត់​ថា៖ ‹ខ្ញុំ​មាន​អំណរ​គុណ​ណាស់ ដែល​អ្នក​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​កូន​ប្រុស​របស់​ខ្ញុំ​បែប​នេះ។ អារម្មណ៍​ដូច​នេះ​គឺ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​បែប​ណា។ ប៉ុន្តែ​អ្នក​ច្បាស់​ជា​នឹង​មិន​ជឿ​ខ្ញុំ​ទេ បើ​ខ្ញុំ​ប្រាប់​អ្នក​ថា អ៊ែរិក​គ្មាន​អារម្មណ៍​ថា​ខ្លួន​វា​ខាន​សប្បាយ​នោះ​ទេ›។ ម្ដាយ​នៃ​មិត្ត​រួម​ថ្នាក់​អ៊ែរិក​ក៏​បាន​យល់​ស្រប។ ដូច្នេះ​ខ្ញុំ​បាន​និយាយ​ថា៖ ‹បើ​ដូច​នេះ ដើម្បី​ឲ្យ​អ្នក​អស់​ចិត្ត សូម​អ្នក​សួរ​អ៊ែរិក​ដោយ​ផ្ទាល់​ចុះ​ដើម្បី​ឲ្យ​អ្នក​ដឹង​ថា តើ​វា​មាន​អារម្មណ៍​យ៉ាង​ណា?›។ នៅ​ពេល​ដែល​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ គាត់​បាន​សួរ​អ៊ែរិក​ថា ‹តើ​ឯង​មិន​ស្ដាយ​ដោយ​មិន​បាន​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​បុណ្យ​ថ្ងៃ​ខួប​កំណើត​ទាំង​នេះ​ទេ​ឬ?›។ អ៊ែរិក​ក៏​មើល​គាត់ ដោយ​ចិត្ត​ភ្ញាក់​ផ្អើល ហើយ​បាន​និយាយ​ថា៖ ‹តើ​មីង​គិត​ថា ការ​ចំណាយ​ពេល​តែ​ដប់​នាទី មាន​នំ​ប​ន្ដិ​ច​បន្តួច ហើយ​មាន​ចំ​រៀង​មួយ​បទ​ស្ដាប់ ធ្វើ​ឲ្យ​មាន​ពិធី​ជប់​លៀង​ដ៏​សប្បាយ​បាន​ទេ? សូម​មីង​អញ្ជើញ​មក​ផ្ទះ​ខ្ញុំ ហើយ​មើល​ថា​ការ​ជប់​លៀង​មែន​ទែន​ជា​អ្វី​ទៅ!›»។ ពាក្យ​សំ​ដី​ដែល​គ្មាន​បំណង​អាក្រក់​នេះ បាន​ធ្វើ​ឲ្យ​បង​ស្រី​នោះ​យល់​ច្បាស់​ថា កូន​នេះ​គ្មាន​អារម្មណ៍​ថា​ខ្លួន​គាត់​ខាន​សប្បាយ​នោះ​ទេ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក