បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • មនុស្សជាតិរួចជីវិតពីទឹកជំនន់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • កាលដែលភ្លៀងធ្លាក់និងទឹកជន់ឡើង ទូកធំអណ្ដែតលើទឹក

      ភាគ​៣

      មនុស្ស​ជាតិ​រួច​ជីវិត​ពី​ទឹក​ជំនន់

      ព្រះ​បំផ្លាញ​ចោល​មនុស្ស​អាក្រក់ ប៉ុន្តែ​សង្គ្រោះ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់

      កាល​ដែល​មនុស្ស​ជាតិ​មាន​កាន់​តែ​ច្រើន​ឡើង នោះ​ភាព​ខុស​ឆ្គង​និង​អំពើ​ទុច្ចរិត​ក៏​រាលដាល​យ៉ាង​ឆាប់​រហ័ស​ពេញ​ផែន​ដី​ដែរ។ អ្នក​ប្រកាស​ទំនាយ​តែ​ម្នាក់​ឯង​ឈ្មោះ អេណុក​ឬ​ហេណុក​បាន​ព្រមាន​ថា​នៅ​ថ្ងៃ​ណា​មួយ​ព្រះ​នឹង​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត។ ប៉ុន្តែ នៅ​តែ​មាន​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើង​ៗ។ ទេវតា​ខ្លះ​បាន​បះបោរ​ប្រឆាំង​ព្រះ​យេហូវ៉ា ដោយ​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​នៅ​ស្ថាន​សួគ៌ ហើយ​យក​រូប​កាយ​ជា​មនុស្ស​នៅ​ផែន​ដី រួច​យក​ស្ត្រី​ធ្វើ​ជា​ប្រពន្ធ​យ៉ាង​លោភ​លន់។ ការ​រួម​រក្ស​ខុស​ធម្មជាតិ​នោះ​បង្កើត​បាន​កូន​កាត់​ទេវតា​និង​មនុស្ស ជា​មនុស្ស​មាន​រូប​ធំ​សម្បើម ហើយ​ធ្វើ​បាប​អ្នក​ដទៃ។ មនុស្ស​រូប​ធំ​សម្បើម​ទាំង​នោះ​បាន​បង្ក​ឲ្យ​មាន​អំពើ​ឃោរ​ឃៅ​និង​ការ​បង្ហូរ​ឈាម​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ពិភព​លោក។ ព្រះ​ឈឺ​ចិត្ត​ខ្លាំង​ណាស់​ដោយ​ឃើញ​អ្វី​ដែល​លោក​បង្កើត​នៅ​ផែន​ដី​កំពុង​ខូច​បង់​បែប​នេះ។

      ក្រោយ​ពី​អេណុក​ស្លាប់​ទៅ មាន​បុរស​ម្នាក់​ដែល​ខុស​ប្លែក​ពី​ពួក​មនុស្ស​ទុច្ចរិត​ទាំង​នោះ។ គាត់​ឈ្មោះ​ណូអេ។ គាត់​និង​ក្រុម​គ្រួសារ​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​តាម​ទស្សនៈ​របស់​ព្រះ។ នៅ​ពេល​ដែល​ព្រះ​សម្រេច​ចិត្ត​បំផ្លាញ​ចោល​មនុស្ស​ទុច្ចរិត​នៅ​សម័យ​នោះ លោក​ចង់​ការពារ​ណូអេ​និង​សត្វ​ផ្សេង​ៗ។ ដូច្នេះ ព្រះ​បាន​ប្រាប់​គាត់​ឲ្យ​សង់​ទូក​ធំ​មួយ ដែល​ជា​នាវា​មួយ​មាន​រាង​បួន​ជ្រុង​ទ្រវែង។ នៅ​ក្នុង​ទូក​នោះ ណូអេ​និង​ក្រុម​គ្រួសារ​នឹង​ត្រូវ​សង្គ្រោះ រួម​ទាំង​សត្វ​ផ្សេង​ៗ​ឲ្យ​រួច​ពី​ទឹក​ជំនន់​ដែល​នឹង​មាន​ពេញ​ផែន​ដី។ ណូអេ​បាន​ស្ដាប់​បង្គាប់​ព្រះ។ ក្នុង​រយៈ​ពេល​៤០​ឬ​៥០​ឆ្នាំ​ដែល​ណូអេ​សង់​ទូក​ធំ​នោះ គាត់​ក៏«ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត»​ដែរ។ (ពេត្រុស​ទី២ ២:៥) គាត់​បាន​ព្រមាន​បណ្ដា​ជន​អំពី​ទឹក​ជំនន់​នោះ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​គាត់​ទេ។ វេលា​ដែល​ណូអេ​និង​គ្រួសារ​ត្រូវ​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​នឹង​សត្វ​ផ្សេង​ៗ​បាន​មក​ដល់។ ក្រោយ​មក ព្រះ​បិទ​ទ្វារ​ទូក​នោះ រួច​ភ្លៀង​បាន​ធ្លាក់​មក។

      ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​អស់​៤០​ថ្ងៃ​៤០​យប់ រហូត​ដល់​លិច​ផែន​ដី​ទាំង​មូល។ ពួក​មនុស្ស​ទុច្ចរិត​បាន​ស្លាប់​អស់​រលីង​ទៅ។ ច្រើន​ខែ​ក្រោយ​មក ពេល​ដែល​ទឹក​ស្រក​ទៅ ទូក​ធំ​នោះ​បាន​កឿង​នៅ​លើ​ភ្នំ​មួយ។ ដល់​ពេល​ណូអេ ក្រុម​គ្រួសារ និង​សត្វ​ផ្សេង​ៗ​អាច​ចេញ​ពី​ទូក​ធំ​នោះ គឺ​ពួក​គាត់​បាន​នៅ​ក្នុង​ទូក​នោះ​អស់​មួយ​ឆ្នាំ​ពេញ។ ណូអេ​បាន​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា ដើម្បី​អរគុណ​ព្រះ។ ព្រះ​បាន​តប​ឆ្លើយ​ដោយ​សន្យា​នឹង​ណូអេ​និង​គ្រួសារ​ថា​លោក​នឹង​មិន​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​ដើម្បី​សម្លាប់​ជីវិត​ទាំង​អស់​នៅ​ផែន​ដី​ទៀត​ឡើយ។ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ឥន្ទធនូ​ជា​ការ​ធានា​មួយ​ដែល​មនុស្ស​អាច​មើល​ឃើញ ដែល​រំលឹក​អំពី​សេចក្ដី​សន្យា​របស់​លោក។

      ក្រោយ​ទឹក​ជំនន់ ព្រះ​ក៏​បាន​ឲ្យ​មនុស្ស​ជាតិ​នូវ​បញ្ញត្ដិ​ថ្មី​ខ្លះ​ៗ​ដែរ។ លោក​អនុញ្ញាត​ឲ្យ​ពួក​គេ​បរិភោគ​សាច់​សត្វ។ ក៏​ប៉ុន្តែ លោក​ហាម​មិន​ឲ្យ​បរិភោគ​ឈាម។ លោក​ក៏​បាន​បង្គាប់​កូន​ចៅ​របស់​ណូអេ​ឲ្យ​ចេញ​ទៅ​រស់​នៅ​ពាស​ពេញ​ផែន​ដី ប៉ុន្តែ ពួក​គេ​ខ្លះ​មិន​ស្ដាប់​តាម​លោក​ទេ។ បណ្ដា​ជន​បាន​ឯកភាព​គ្នា​ក្រោម​អ្នក​ដឹក​នាំ​ម្នាក់​ឈ្មោះ​នីមរ៉ុឌ ហើយ​ចាប់​ផ្ដើម​សង់​ប៉ម​ដ៏​ធំ​មួយ​ក្នុង​ក្រុង​បាបិល ដែល​ក្រោយ​មក​មាន​ឈ្មោះ​ថា​បាប៊ីឡូន។ ពួក​គេ​មាន​បំណង​ប្រឆាំង​បញ្ញត្ដិ​ព្រះ ដែល​ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ពាស​ពេញ​ផែន​ដី។ ប៉ុន្តែ ព្រះ​បាន​រារាំង​ពួក​បះបោរ​នោះ ដោយ​បំភាន់​ភាសា​តែ​មួយ​ដែល​ពួក​គេ​និយាយ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​និយាយ​ភាសា​ផ្សេង​ៗ​ពី​គ្នា​វិញ។ ដោយ​សារ​ពួក​គេ​ស្ដាប់​គ្នា​មិន​បាន ពួក​គេ​ឈប់​សង់​ប៉ម​នោះ ក៏​បាន​បែក​ខ្ញែក​គ្នា​ទៅ។

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​លោកុប្បត្តិ ជំពូក​៦​ដល់​ជំពូក​១១ យូដាស ១៤, ១៥។

      • តើ​អំពើ​ទុច្ចរិត​បាន​រាលដាល​ពាស​ពេញ​ផែន​ដី​យ៉ាង​ដូច​ម្ដេច?

      • តើ​ណូអេ​បាន​បង្ហាញ​ថា គាត់​ជា​មនុស្ស​ស្មោះ​ត្រង់​យ៉ាង​ដូច​ម្ដេច?

      • ក្រោយ​ទឹក​ជំនន់ តើ​ព្រះ​បាន​ហាម​មនុស្ស​មិន​ឲ្យ​បរិភោគ​អ្វី?

  • កាលបរិច្ឆេទ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
      1. ឆ្នាំ​២៣៧០​មុន គ.ស. ទឹក​ជំនន់​ចាប់​ផ្ដើម

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក