តើអ្នកបានកំណត់គោលដៅនៃជីវិតរបស់ខ្លួនឬទេ?
• មនុស្សជាច្រើនរមែងជាប់រវល់នឹងកិច្ចការប្រចាំថ្ងៃដល់ម្ល៉េះបានជាគេមិនសូវគិតអំពីការកំណត់គោលដៅនៃជីវិតរបស់ខ្លួនទេ។
• ព្រះគម្ពីរប្រាប់ឲ្យយើងដឹងអំពីព្រឹត្ដិការណ៍ដ៏អស្ចារ្យនៅពេលអនាគត។ ព្រះគម្ពីរក៏ព្រមានថា នៅខាងមុខនេះនឹងមានការជ្រួលច្របល់ក្នុងស្ថាប័នផ្សេងៗទូទាំងពិភពលោក។ ប្រសិនបើយើងចង់ទទួលប្រយោជន៍និងជៀសវាងពីមហន្តរាយ នោះយើងត្រូវចាត់វិធានការពេលឥឡូវនេះ។
• មនុស្សខ្លះដឹងអំពីសារក្នុងព្រះគម្ពីរហើយខំអនុវត្តតាម តែការខ្វល់ខ្វាយហួសហេតុអំពីជីវិតបានទាញបង្វែរចិត្តពួកគេចេញ។
• តើអ្នកពេញចិត្តនឹងគោលដៅនៃជីវិតរបស់អ្នកឬ? កាលដែលអ្នករៀបចំធ្វើអ្វីផ្សេងៗ តើអ្នកគិតអំពីលទ្ធផលដែលការប្រព្រឹត្តនោះអាចមានមកលើគោលដៅទៅអនាគតដ៏វែងឆ្ងាយរបស់អ្នកឬទេ?
[ប្រអប់/រូបភាពនៅទំព័រ៩]
តាមទស្សនៈរបស់អ្នក តើមួយណាសំខាន់ជាងគេ?
រីឯចំណុចទាំងប៉ុន្មានខាងក្រោមនេះ តើអ្នកចាត់ទុកមួយណាមានតម្លៃច្រើនជាងគេ? សូមបញ្ជាក់ពីអ្វីដែលជាអាទិភាពក្នុងជីវិតអ្នក ដោយកត់ពីលេខមួយដល់ដប់។
ជីវិតរបស់យើងត្រូវរួមបញ្ចូលចំណុចទាំងអស់នេះមែន តែបើអ្នកត្រូវជ្រើសរើស តើមួយណាសំខាន់ទីមួយ? ហើយមួយណាសំខាន់ទីពីរ? ទីបី។ល។
......ការកំសាន្តលំហែកាយ
......មុខរបរឬអាជីព
......សុខភាព
......សុភមង្គលរបស់ខ្ញុំផ្ទាល់
......គូអាពាហ៍ពិពាហ៍
......មាតាបិតារបស់ខ្ញុំ
......បុត្រធីតារបស់ខ្ញុំ
......ផ្ទះស្អាតនិងសំលៀកបំពាក់ល្អៗ
......ការព្យាយាមធ្វើអ្វីៗឲ្យបានល្អជាងអ្នកដទៃ
......ការថ្វាយបង្គំព្រះ
[ប្រអប់នៅទំព័រ១០, ១១]
តើអ្នកពេញចិត្តនឹងលទ្ធផលនៃការសម្រេចរបស់អ្នកឬទេ?
សូមគិតពិចារណានូវសំនួរដូចតទៅ
ការកំសាន្តលំហែកាយ: តើជំរើសការកំសាន្តជួយឲ្យខ្ញុំសំរាកគ្រប់គ្រាន់ដើម្បីមានកម្លាំងឡើងវិញទេ? តើខ្ញុំជ្រើសរើសការកំសាន្តបែបដែលធ្វើទុក្ខដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អវយវៈឬទេ? តើការកំសាន្តនោះធ្វើឲ្យរំភើបចិត្តតែមួយរយៈ រួចមកមានលទ្ធផលមិនល្អជាយូរអង្វែងវិញឬទេ? ទោះបើខ្ញុំជ្រើសរើសការកំសាន្តល្អក៏ដោយ តើខ្ញុំចំណាយពេលដើរកំសាន្តច្រើនរហូតដល់គ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលសំខាន់ជាងឬទេ?
មុខរបរឬអាជីព: តើខ្ញុំប្រកបមុខរបរដើម្បី ចិញ្ចឹមជីវិតតែប៉ុណ្ណោះ? ឬតើមុខរបរនោះធ្វើឲ្យស៊ីពេលនិងកម្លាំងរបស់ខ្ញុំអស់? តើការប្រកបរបរនេះកំពុងតែធ្វើឲ្យខ្ញុំខូចសុខភាពឬ? តើខ្ញុំចូលចិត្តធ្វើការច្រើនម៉ោង? ឬតើខ្ញុំចូលចិត្តនៅជាមួយនឹងគូអាពាហ៍ពិពាហ៍និងកូនច្រើនជាង? ប្រសិនបើនិយោជកតម្រូវឲ្យខ្ញុំធ្វើអ្វីដែលមិនសមស្របនឹងមនសិការរបស់ខ្ញុំ ឬរំខានដល់ការអនុវត្តជំនឿសាសនារបស់ខ្ញុំ តើខ្ញុំនៅតែសុខចិត្តធ្វើការនោះដោយព្រោះខ្លាចបាត់បង់ការងារឬ?
សុខភាព: តើខ្ញុំធ្វេសប្រហែសនឹងសុខភាពរបស់ខ្លួន ឬខំថែរក្សាឲ្យមានសុខភាពល្អជានិច្ចវិញ? តើខ្ញុំចេះតែនិយាយឥតឈប់ឈរអំពីសុខភាពរបស់ខ្លួនឬ? តើទស្សនៈរបស់ខ្ញុំអំពីសុខភាពផ្ទាល់ខ្លួន សឲ្យឃើញនូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ខ្ញុំឬទេ?
សុភមង្គលរបស់ខ្ញុំផ្ទាល់: តើខ្ញុំចេះតែគិតអំពីសុភមង្គលរបស់ខ្លួនជាអ្វីដែលសំខាន់ជាងគេឬទេ? តើខ្ញុំរកតែសុភមង្គលផ្ទាល់ខ្លួនជាជាងរកសំរាប់គូអាពាហ៍ពិពាហ៍និងក្រុមគ្រួសារឬ? តើខ្ញុំរកសុភមង្គលដោយវិធីត្រឹមត្រូវសមជាអ្នកថ្វាយបង្គំព្រះឬទេ?
គូអាពាហ៍ពិពាហ៍: តើខ្ញុំរាប់អានគូអាពាហ៍ពិពាហ៍របស់ខ្ញុំជាមិត្តជិតស្និទ្ធ ឬក៏គ្រាន់តែរាប់អានគាត់នៅពេលដែលផ្ដល់ប្រយោជន៍ដល់ខ្ញុំប៉ុណ្ណោះ? តើខ្ញុំលើកកិត្ដិយសឲ្យគូអាពាហ៍ពិពាហ៍របស់ខ្ញុំ ដោយចាត់ទុកគាត់ជាមនុស្សមានតម្លៃឬទេ? តើជំនឿសាសនារបស់ខ្ញុំមានឥទ្ធិពលលើទស្សនៈដែលខ្ញុំមានចំពោះគូអាពាហ៍ពិពាហ៍របស់ខ្ញុំឬទេ?
មាតាបិតារបស់ខ្ញុំ: តើខ្ញុំជាក្មេងស្ដាប់បង្គាប់មាតាបិតា ទាំងបង្ហាញការគោរពពេលដែលនិយាយជាមួយនឹងគាត់ឬទេ? តើខ្ញុំយល់ព្រមធ្វើការអ្វីក៏ដោយដែលគាត់ឲ្យខ្ញុំធ្វើ និងត្រឡប់មកឯផ្ទះវិញនៅម៉ោងណាដែលគាត់កំណត់ឲ្យឬទេ? តើខ្ញុំជៀសវាងការសេពគប់និងការប្រព្រឹត្តណាដែលគាត់ប្រាប់ថា មិនល្អឬទេ? ជាមនុស្សពេញវ័យ តើខ្ញុំយកចិត្តទុកដាក់ស្ដាប់មាតាបិតា ទាំងជួយពេលដែលគាត់ត្រូវការជំនួយទេ? តើខ្ញុំគោរពមាតាបិតាឲ្យសមស្របនឹងព្រះបន្ទូលរបស់ព្រះ ឬស្របទៅតាមចិត្តគំនិតរបស់ខ្ញុំវិញ?
បុត្រធីតារបស់ខ្ញុំ: តើខ្ញុំមានទស្សនៈថា ការបង្ហាត់បង្រៀនបុត្រធីតានូវសីលធម៌ត្រឹមត្រូវជាភារកិច្ចមាតាបិតា ឬក៏ត្រូវពឹងផ្អែកគ្រូបង្រៀននៅសាលា? តើខ្ញុំចំណាយពេលជាមួយនឹងបុត្រធីតារបស់ខ្ញុំទេ? ឬបើមិនចង់ឲ្យកូនរំខាន តើខ្ញុំឲ្យប្រដាប់លេង ឬទូរទស្សន៍និងកុំព្យូទ័រដល់កូនវិញ? កាលណាបុត្រធីតាមិនធ្វើតាមបង្គាប់របស់ព្រះ តើខ្ញុំប្រៀនប្រដៅគេទៀងទាត់ ឬគ្រាន់តែស្តីបន្ទោសពេលដែលខ្ញុំមានអារម្មណ៍មួម៉ៅប៉ុណ្ណោះ?
ផ្ទះស្អាតនិងសំលៀកបំពាក់ល្អៗ: តើខ្ញុំយកចិត្តទុកដាក់ចំពោះអាការក្រៅនិងវត្ថុទ្រព្យរបស់ខ្ញុំ ដើម្បីឲ្យអ្នកដទៃកោតស្ងើច ឬដើម្បីប្រយោជន៍ក្រុមគ្រួសារ? ឬក៏តើខ្ញុំធ្វើដូច្នេះដោយសារខ្ញុំជាអ្នកថ្វាយបង្គំព្រះ?
ការព្យាយាមធ្វើអ្វីៗឲ្យបានល្អជាងអ្នកដទៃ: តើខ្ញុំយកចិត្តទុកដាក់ធ្វើការឲ្យបានល្អឬទេ? តើខ្ញុំប្រឹងប្រែងធ្វើជាអ្នកពូកែជាងគេឬ? បើអ្នកផ្សេងធ្វើអ្វីល្អជាងខ្ញុំ តើខ្ញុំមានចិត្តច្រណែនឬទេ?
ការថ្វាយបង្គំព្រះ: តើការផ្គាប់ព្រះហឫទ័យព្រះជាអ្វីដែលសំខាន់ជាងការបំពេញចិត្តគូអាពាហ៍ពិពាហ៍ បុត្រធីតា មាតាបិតា និងនិយោជករបស់ខ្ញុំឬទេ? តើខ្ញុំចាត់ទុកជីវិតសម្បូរសប្បាយជាអ្វីដែលសំខាន់ជាងការបំរើព្រះឬទេ?
សូមពិនិត្យមើលឱវាទពីព្រះគម្ពីរ
តើការថ្វាយបង្គំព្រះគឺសំខាន់ប៉ុនណាក្នុងជីវិតរបស់អ្នក?
សាស្ដា ១២:១៣៖ «ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ! ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ»។
សួរខ្លួនអ្នក: តើជីវភាពរស់នៅរបស់ខ្ញុំបង្ហាញថា ខ្ញុំធ្វើតាមសេចក្ដីបង្គាប់នោះឬទេ? តើការស្ដាប់បង្គាប់ព្រះមានអានុភាពលើរបៀបដែលខ្ញុំបំពេញភារកិច្ចក្នុងផ្ទះ នៅកន្លែងធ្វើការ ឬនៅឯសាលាឬទេ? តើខ្ញុំកំណត់ពេលសំរាប់ការថ្វាយបង្គំព្រះ ឬតើខ្ញុំអនុញ្ញាតឲ្យរឿងផ្សេងៗបង្ខិតបង្ខំឲ្យមានអាទិភាពវិញ?
តើអ្នកមានចំណងមិត្តភាពបែបណាជាមួយនឹងព្រះ?
សុភាសិត ៣:៥, ៦៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ! នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង»។
ម៉ាថាយ ៤:១០៖ «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»។
សួរខ្លួនអ្នក: តើខ្ញុំមានទស្សនៈដូចនោះឬទេ? តើការប្រព្រឹត្តប្រចាំថ្ងៃ និងរបៀបដោះស្រាយរឿងផ្សេងៗ សឲ្យឃើញថាខ្ញុំមានទំនុកចិត្តនិងភក្ដីភាពដូចបានចែងនោះឬទេ?
តើអ្នកចាត់ទុកការអាននិងសិក្សាព្រះគម្ពីរមានសារៈសំខាន់ប៉ុនណា?
យ៉ូហាន ១៧:៣, ខ.ស.៖ «រីឯជីវិតអស់កល្បជានិច្ចនោះ គឺអោយគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ដ៏ពិតតែមួយគត់ និង អោយគេស្គាល់ព្រះយេស៊ូគ្រីស្ត ដែលព្រះអង្គចាត់អោយមក»។
សួរខ្លួនអ្នក: តើខ្ញុំមានកម្មវិធីអាននិងរំពឹងគិតអំពីព្រះគម្ពីរដែលបញ្ជាក់ថាខ្ញុំមានជំនឿពិតទៅលើខគម្ពីរនេះឬទេ?
តើការចូលរួមកិច្ចប្រជុំជាមួយនឹងក្រុមជំនុំគ្រីស្ទានមានសារៈសំខាន់ប៉ុនណាដល់អ្នក?
ហេព្រើរ ១០:២៤, ២៥៖ «ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បី នឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា . . . ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»។
ទំនុកដំកើង ១២២:១៖ «កាលគេនិយាយមកខ្ញុំថា៖ ‹ចូរយើងចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា› នោះខ្ញុំមានសេចក្ដីអំណរអរណាស់»។
សួរខ្លួនអ្នក: តើគន្លងជីវិតរបស់ខ្ញុំសឲ្យឃើញនូវចិត្តអបអរចំពោះការណែនាំនេះក្នុងព្រះបន្ទូលរបស់ព្រះឬទេ? កំឡុងមួយខែមុននេះ តើខ្ញុំខានចូលរួមកម្មវិធីប្រជុំគ្រីស្ទានដោយព្រោះខ្ញុំអនុញ្ញាតឲ្យរឿងផ្សេងទៀតមានអាទិភាពឬទេ?
តើអ្នករួមចំណែកយ៉ាងខ្នះខ្នែងក្នុងការប្រាប់អ្នកដទៃអំពីព្រះនិងបំណងព្រះហឫទ័យរបស់ទ្រង់ឬទេ?
ម៉ាថាយ ២៤:១៤, ខ.ស.៖ «គេនឹងប្រកាសដំណឹងល្អអំពីព្រះរាជ្យនេះពាសពេញសកលលោកទាំងមូល ទុកជាសក្ខីភាព . . . ទើបដល់អវសានកាលនៃពិភពលោក»។
ម៉ាថាយ ២៨:១៩, ២០៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។
ទំនុកដំកើង ៩៦:២៖ «ចូរច្រៀងថ្វាយព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំដល់ព្រះនាមទ្រង់។ ចូរសំដែងចេញនូវសេចក្ដីសង្គ្រោះរបស់ទ្រង់រាល់តែថ្ងៃតទៅ»។
សួរខ្លួនអ្នក: តើខ្ញុំពិតជាចាត់ទុកកិច្ចផ្សព្វផ្សាយជាអ្វីដែលសំខាន់ឬទេ? នៅពេលដែលខ្ញុំ រួមចំណែកក្នុងកិច្ចផ្សព្វផ្សាយ តើខ្ញុំបង្ហាញចិត្តស្មោះដោយជឿថា ពេលគឺបន្ទាន់ណាស់នោះទេ?