បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១ ទំ. ៨-ទំ. ១០ វ. ១៨
  • គោលសំខាន់ៗពីសៀវភៅអេសាយ ផ្នែកទីពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅអេសាយ ផ្នែកទីពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ​«មើល! នឹង​មាន​គ្រា​មក​ដល់»
  • (អេសាយ ៣៦:១​–​៣៩:៨)
  • ការ​«បង្គាប់​ឲ្យ​ក្រុង​យេរូសាឡិម​បាន​សង់​ឡើង​វិញ»
  • (អេសាយ ៤០:១​–​៥៩:២១)
  • ទី​ក្រុង​ស៊ី​យ៉ូន​នឹង​ក្លាយ​ជា​«មកុដ​ដ៏​រុងរឿង»
  • (អេសាយ ៦០:១​–​៦៦:២៤)
  • ចូរ​«ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ»!
  • គោលសំខាន់ៗពីសៀវភៅអេសាយ ផ្នែកទីមួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • អស់អ្នកដែលជ្រើសរើសយកពន្លឺនឹងទទួលសេចក្ដីសង្គ្រោះ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១ ទំ. ៨-ទំ. ១០ វ. ១៨

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​អេសាយ ផ្នែក​ទីពីរ

អេសាយ​បាន​បំពេញ​ភារកិច្ច​របស់​គាត់​ជា​ព្យាការី​យ៉ាង​ស្មោះ​ត្រង់។ សារ​ដែល​គាត់​ប្រាប់​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ចំពោះ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​មាន​កុលសម្ព័ន្ធ​ដប់​នោះ បាន​សម្រេច​រួច​ហើយ។ បន្ទាប់​មក អេសាយ​ប្រកាស​ដំណឹង​ថែម​ទៀត​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ទី​ក្រុង​យេរូសាឡិម។

ក្រុង​យេរូសាឡិម​នឹង​វិនាស​ទៅ ហើយ​ប្រជាជន​ក្នុង​ក្រុង​នោះ​ត្រូវ​គេ​ចាប់​ជា​ឈ្លើយ​សឹក។ ប៉ុន្តែ ក្រុង​យេរូសាឡិម​មិន​មែន​ហិន​ហោច​រហូត​ទេ។ ក្រោយៗ​មក គេ​នឹង​ស្ថាបនា​ការ​ថ្វាយ​បង្គំ​ពិត​ឡើង​វិញ។ នេះ​ហើយ​ជា​សារ​ដែល​ប្រកាស​ក្នុង​សៀវភៅ​អេសាយ ៣៦:១​–​៦៦:២៤។a យើង​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​អ្វី​ដែល​បាន​សរសេរ​ក្នុង​ជំពូក​ទាំង​នេះ​ដែរ ពីព្រោះ​បទ​ទំនាយ​ជា​ច្រើន​ក្នុង​ជំពូក​ទាំង​ប៉ុន្មាន​នោះ​មាន​ការ​សម្រេច​សំខាន់​ជាង​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​នៅ​នា​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ។ ជំពូក​ទាំង​ប៉ុន្មាន​នេះ​ក្នុង​សៀវភៅ​អេសាយ​ក៏​មាន​បទ​ទំនាយ​ដ៏​អស្ចារ្យ​អំពី​ព្រះ​មេស្ស៊ី​ដែរ។

​«មើល! នឹង​មាន​គ្រា​មក​ដល់»

(អេសាយ ៣៦:១​–​៣៩:៨)

នៅ​ឆ្នាំ​ទី១៤​នៃ​រាជ្យ​របស់​ស្តេច​ហេសេគា (គឺ​នៅ​ឆ្នាំ​៧៣២ មុន​គ.ស.) ពួក​ទ័ព​អាសស៊ើរ​បាន​ចូល​លុក​លុយ​ស្រុក​យូដា។ ព្រះ​យេហូវ៉ា​សន្យា​ថា​ទ្រង់​នឹង​ការពារ​ទី​ក្រុង​យេរូសាឡិម។ ពួក​អាសស៊ើរ​ឈប់​ពាធា​ពួក​យូដា​ក្រោយ​ទេវតា​ពិឃាត​របស់​ព្រះ​យេហូវ៉ា​បាន​ប្រហារ​ជីវិត​ទ័ព​អាសស៊ើរ​១៨៥.០០០​នាក់។

ក្រោយៗ​មក ស្តេច​ហេសេគា​បាន​ឈឺ​ធ្ងន់។ ព្រះ​យេហូវ៉ា​ធ្វើ​តាម​សំណូម​ពរ​របស់​ហេសេគា​ដោយ​ប្រោស​ទ្រង់​ឲ្យ​ជា ថែម​ទាំង​ឲ្យ​ទ្រង់​រស់​បាន​១៥​ឆ្នាំ​ទៀត។ ពេល​ស្តេច​សាសន៍​បាប៊ីឡូន​ចាត់​រាជ​ទូត​ទៅ​ជូន​ពរ​ហេសេគា ទ្រង់​ខ្វះ​ប្រាជ្ញា​ដោយ​បង្ហាញ​រាជ​ទ្រព្យ​ទាំង​អស់​ឲ្យ​រាជ​ទូត​ឃើញ។ ជា​លទ្ធផល អេសាយ​ប្រាប់​ហេសេគា​នូវ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​ថា​៖ «មើល! នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ​នៅ​ក្នុង​ព្រះ​រាជ​វាំង​នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​ពួក​ឰយុកោ​ទ្រង់​បាន​សន្សំ​ទុក​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ឥត​ទុក​ឲ្យ​មាន​សល់​អ្វី​ឡើយ»។ (អេសាយ ៣៩:៥, ៦) ១០០​ឆ្នាំ​ជាង​ក្រោយ​មក បទ​ទំនាយ​នោះ​បាន​សម្រេច​មែន។

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៣៨:៨—តើ​ស្រមោល​បាន​ជ្រេ​ទៅ​តាម​អ្វី? សាសន៍​អេស៊ីប​និង​សាសន៍​បាប៊ីឡូន​បាន​ប្រើ​នាឡិកា​ថ្ងៃ​តាំង​ពី​សតវត្សរ៍​ទី៨ មុន​គ.ស. ដូច្នេះ​នាឡិកា​នេះ​ប្រហែល​ជា​សំដៅ​ទៅ​លើ​នាឡិកា​ថ្ងៃ​មួយ​គ្រឿង​របស់​ស្តេច​អ័ហាស (ឬ​អេហាស) ដែល​ជា​បិតា​របស់​ហេសេគា។ ម្យ៉ាង​ទៀត ពាក្យ​ភាសា​ហេព្រើរ​នេះ​ដែល​គេ​បកប្រែ​ថា «នាឡិកា​ថ្ងៃ»​នោះ មាន​ន័យ​ចំៗ​ថា «ជណ្ដើរ» ដូច្នេះ​ឃ្លា​នេះ​អាច​សំដៅ​ទៅ​លើ​ជណ្ដើរ​ណា​មួយ​ក្នុង​រាជ​វាំង។ ប្រហែល​ជា​មាន​ស្រមោល​ពី​សសរ​មួយ​ជិត​ជណ្ដើរ​នោះ​ដែល​គេ​អាច​ប្រើ​ដើម្បី​រាប់​ម៉ោង​បាន។

មេ​រៀន​សម្រាប់​យើង:

៣៦:២, ៣, ២២: ទោះ​ជា​សេបណា​បាន​បាត់បង់​ការងារ​របស់​គាត់​ជា​ឧកញ៉ា​ម្នាក់​ដែល​ត្រួតត្រា​លើ​រាជ​ដំណាក់​ក៏​ដោយ គាត់​បាន​បន្ត​ធ្វើ​កិច្ចការ​ជា​ស្មៀន​ហ្លួង​ទាល់តែ​មាន​អ្នក​ជំនួស។ (អេសាយ ២២:១៥, ១៩) បើ​យើង​ឈប់​ទទួល​ភារកិច្ច​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ដោយ​ព្រោះ​ហេតុ​ណា​មួយ យើង​គួរ​បម្រើ​ទ្រង់​ត​ទៅ​ទៀត​តាម​លទ្ធភាព មែន​ទេ?

៣៧:១, ១៤, ១៥; ៣៨:១, ២: ក្នុង​គ្រា​ដែល​យើង​កើត​ទុក្ខ នោះ​គួរ​គប្បី​ឲ្យ​យើង​អធិស្ឋាន​ទូល​អង្វរ​ព្រះ​យេហូវ៉ា​និង​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ទ្រង់។

៣៧:១៥​-​២០; ៣៨:២, ៣: ពេល​ពួក​អាសស៊ើរ​បាន​ពាធា​ទី​ក្រុង​យេរូសាឡិម ស្តេច​ហេសេគា​ខ្វល់ខ្វាយ​ថា ការ​ឈ្នះ​លើ​ក្រុង​យេរូសាឡិម​នឹង​ធ្វើ​ឲ្យ​អ្នក​ដទៃ​មើល​ងាយ​ព្រះ​នាម​ព្រះ​យេហូវ៉ា។ ពេល​ហេសេគា​ដឹង​ថា​ទ្រង់​នឹង​សោយ​ទិវង្គត​ដោយសារ​ជំងឺ​នោះ ទ្រង់​មិន​គិត​អំពី​អង្គ​ទ្រង់​ប៉ុណ្ណោះ​ទេ។ តែ​ហេសេគា​ខ្វល់ខ្វាយ​ថា​បើ​ទ្រង់​សោយ​ទិវង្គត​ទាំង​គ្មាន​កូន​ស្នង​រាជ្យ តើ​វង្ស​ត្រកូល​របស់​ដាវីឌ​នឹង​ទៅ​ជា​យ៉ាង​ណា? ហេសេគា​ក៏​ព្រួយ​ថា​តើ​អ្នក​ណា​អាច​នាំ​មុខ​ពល​ទ័ព​ឲ្យ​ច្បាំង​នឹង​ពួក​អាសស៊ើរ? ដូច​ហេសេគា ការ​ធ្វើ​ឲ្យ​ព្រះ​នាម​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​និង​ការ​សម្រេច​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ជា​អ្វី​ដែល​យើង​ចាត់​ទុក​ជា​រឿង​សំខាន់​ជាង​សេចក្ដី​សង្គ្រោះ​របស់​យើង​ផ្ទាល់។

៣៨:៩​-​២០: ចម្រៀង​នេះ​របស់​ស្តេច​ហេសេគា​បង្រៀន​ថា ក្នុង​ជីវិត​យើង នោះ​គ្មាន​អ្វី​សំខាន់​ជាង​ការ​សរសើរ​ព្រះ​យេហូវ៉ា​ទេ។

ការ​«បង្គាប់​ឲ្យ​ក្រុង​យេរូសាឡិម​បាន​សង់​ឡើង​វិញ»

(អេសាយ ៤០:១​–​៥៩:២១)

ក្រោយ​អេសាយ​ទាយ​ថា​ទី​ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល​ហើយ​ប្រជាជន​ត្រូវ​ទៅ​ទី​ក្រុង​បាប៊ីឡូន​នោះ គាត់​ក៏​ទាយ​ទៀត​ថា ពួក​គេ​នឹង​ស្ដារ​ក្រុង​យេរូ​សាឡិម​ឡើង​វិញ។ (អេសាយ ៤០:១, ២) អេសាយ ៤៤:២៨ ចែង​ថា គេ​នឹង​«បង្គាប់​ឲ្យ​ក្រុង​យេរូសាឡិម​បាន​សង់​ឡើង​វិញ»។ រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ពួក​បាប៊ីឡូន​ត្រូវ​ដក​ចោល ប្រៀប​ដូច​ជា‹របស់​ដែល​គេ​ដឹក​ទៅ›។ (អេសាយ ៤៦:១) ទី​ក្រុង​បាប៊ីឡូន​ត្រូវ​បំផ្លាញ​ចោល។ ប្រមាណ​២០០​ឆ្នាំ​ក្រោយ​មក ទំនាយ​ទាំង​ប៉ុន្មាន​នេះ​បាន​សម្រេច​ទាំង​អស់។

ព្រះ​យេហូវ៉ា​នឹង​ចាត់​អ្នក​បម្រើ​ទ្រង់​ឲ្យ​ធ្វើ​ជា​«ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន»។ (អេសាយ ៤៩:៦) ពួក​អ្នក​កាន់​អំណាច​នៅ​ស្រុក​បាប៊ីឡូន​ប្រៀប​ដូច​ជា​«ផ្ទៃ​មេឃ»​ដែល​នឹង​«សូន្យ​បាត់​ទៅ​ដូច​ជា​ផ្សែង» ហើយ​រាស្ត្រ​របស់​ពួក​គេ​នឹង​«ស្លាប់​ទៅ​បែប​ដូច្នោះ​ដែរ»។ ប៉ុន្តែ ‹កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ដែល​ជា​ឈ្លើយ​នឹង​ដោះ​ចំណង​ពី​ក​នាង​ចេញ›។ (អេសាយ ៥១;៦; ៥២:២) ចំពោះ​អស់​អ្នក​ដែល​មក​ឯ​ព្រះ​យេហូវ៉ា​ដើម្បី​ស្ដាប់​បន្ទូល​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ថា​៖ «អញ​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ជា​សេចក្ដី​មេត្ដាករុណា​ស្មោះ​ត្រង់​ដែល​បាន​ផ្ដល់​ដល់​ដាវីឌ»។ (អេសាយ ៥៥:៣) ការ​រស់​ស្រប​ទៅ​តាម​តម្រូវ​ការ​សុចរិត​របស់​ព្រះ​យេហូវ៉ា​នឹង​នាំ​ឲ្យ​មាន​«ចិត្ត​រីករាយ»​ក្នុង​កិច្ច​បម្រើ​ទ្រង់។ (អេសាយ ៥៨:១៤) ផ្ទុយ​ទៅ​វិញ អំពើ​ទុច្ចរិត​ឬ​កំហុស​របស់​ប្រជាជន​អ៊ីស្រាអែល‹បាន​ខណ្ឌ​នៅ​កណ្ដាល​គេ​និង​ព្រះ​របស់​ពួក​គេ›។—អេសាយ ៥៩:២

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៤០:២៧, ២៨—ហេតុ​អ្វី​បាន​ជា​ពួក​អ៊ីស្រាអែល​បាន​និយាយ​ថា «ផ្លូវ​ដែល​[ពួក​គេ]​ប្រព្រឹត្ត នោះ​លាក់​កំបាំង​នឹង​ព្រះ​យេហូវ៉ា ហើយ​រឿងរ៉ាវ​របស់​[ពួក​គេ]​បាន​រំលង​ផុត​ពី​ព្រះ»? ប្រជាជន​យូដា​ខ្លះ​នៅ​ទី​ក្រុង​បាប៊ីឡូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​ឃើញ​ទុក្ខ​លំបាក​របស់​ពួក​គេ ឬ​ក៏​«មិន​អើពើ​នឹង​រក​យុត្ដិធម៌»​ឲ្យ​ពួក​គេ។ (អេសាយ ៤០:២៧, ខ.ស.) ក្រោយ​មក អេសាយ​បាន​រំលឹក​ពួក​គេ​ថា ព្រះ​ដែល​ជា​អ្នក​បង្កើត​ផែនដី​អាច​ទត​ឃើញ​ទី​ក្រុង​បាប៊ីឡូន​ហើយ​ទ្រង់​មិន​ដែល​ល្វើយ​ឬ​អស់​កម្លាំង​ឡើយ។

៤៣:១៨​-​២១—ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ប្រាប់​ពួក​អ៊ីស្រាអែល​ដែល​វិល​ទៅ​ស្រុក​វិញ ថា‹កុំ​ឲ្យ​ពួក​គេ​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ›? ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​គេ​បំភ្លេច​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដើម្បី​សង្គ្រោះ​ពួក​គេ​ពី​មុន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​សរសើរ​ទ្រង់​ចំពោះ‹ការ​ថ្មី›ដែល​ពួក​គេ​នឹង​ពិសោធ​ផ្ទាល់​ខ្លួន។ នេះ​ប្រហែល​ជា​សំដៅ​ទៅ​លើ​ការ​វិល​ត្រឡប់​របស់​ពួក​គេ​ទៅ​ទី​ក្រុង​យេរូសាឡិម​ដែល​ឆាប់​ដល់​ជាង​ដោយ​ឆ្លង​កាត់​វាល​ខ្សាច់​ព្រម​ទាំង​មាន​សុវត្ថិភាព​ផង​ដែរ។ ដូច​គ្នា​ដែរ «មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ដែល​ចេញ​ពី​«គ្រា​វេទនា​យ៉ាង​ធំ»​ក៏​នឹង​មាន​អ្វី​ថ្មីៗ​ដែល​ផ្ដល់​ហេតុ​ឲ្យ​ពួក​គេ​សរសើរ​ព្រះ​យេហូវ៉ា។—វិវរណៈ ៧:៩, ១៤

៤៩:៦—ដោយសារ​ព្រះ​មេស្ស៊ី​បាន​ផ្សព្វផ្សាយ​ដល់​កូន​ចៅ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ពេល​ទ្រង់​គង់​នៅ​លើ​ផែនដី តើ​ទ្រង់​ធ្វើ​ជា​«ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន»​បាន​យ៉ាង​ណា? ព្រះ​មេស្ស៊ី​អាច​ធ្វើ​ជា​«ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន»​ដោយសារ​អ្វី​ដែល​កើត​ឡើង​ក្រោយ​ទ្រង់​សោយ​ទិវង្គត។ ព្រះ​គម្ពីរ​បង្ហាញ​ថា អេសាយ ៤៩:៦ សំដៅ​ទៅ​លើ​អ្វី​ដែល​សិស្ស​ទ្រង់​ធ្វើ។ (កិច្ចការ ១៣:៤៦, ៤៧) នៅ​សព្វ​ថ្ងៃ​នេះ ពួក​គ្រិស្ត​សា​សនិក​ដែល​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​មាន​ជំនួយ​ពី​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​ដែល​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ ហើយ​ពួក​គេ​ធ្វើ​ជា​«ពន្លឺ​ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន»​ដោយ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទាំង​ឡាយ គឺ​«រហូត​ដល់​ចុង​ផែនដី​បំផុត»។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០

៥៣:១០—តើ​ព្រះ​យេហូវ៉ា​បាន​សព្វ​ព្រះ​ហឫទ័យ​នឹង​វាយ​បុត្រា​ទ្រង់​ឲ្យ​ជាំ​ក្នុង​ន័យ​អ្វី? ដោយសារ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ទ័យ​អាណិតអាសូរ​ទាំង​យោគ​យល់​ផង ទ្រង់​ច្បាស់​ជា​មាន​ព្រះ​ទ័យ​ឈឺ​ចាប់​ខ្លាំង​ណាស់​ពេល​ឃើញ​បុត្រា​ទ្រង់​រង​ទុក្ខ​នោះ។ យ៉ាង​ណា​ក៏​ដោយ ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ណាស់ ពេល​ព្រះ​យេស៊ូ​ស្ដាប់​បង្គាប់​បិតា​អស់​ពី​ចិត្ត។ ព្រះ​យេហូវ៉ា​ក៏​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​លទ្ធផល​ដែល​មក​ពី​ការ​រង​ទុក្ខ​និង​ការ​សោយ​ទិវង្គត​នោះ។—សុភាសិត ២៧:១១; អេសាយ ៦៣:៩

៥៣:១១—តើ​«មនុស្ស​ជា​ច្រើន»​ត្រូវ​ស្គាល់​ដល់​ព្រះ​មេស្ស៊ី​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​«បាន​សុចរិត»? ពាក្យ «ស្គាល់​ដល់​ទ្រង់» ភាសា​ដើម​ថា ‹ចំណេះ​ដឹង​របស់​ទ្រង់›។ (ប្រៀប​មើល​អេសាយ ៥៣:១១, ខ.ស.) នេះ​សំដៅ​ទៅ​លើ​កំណើត​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី ពេល​ទ្រង់​បាន​រៀន​ឲ្យ​ចេះ​រស់​នៅ​ដូច​មនុស្ស។ ព្រះ​យេស៊ូ​ក៏​ដឹង​អំពី​អារម្មណ៍​មនុស្ស​ពេល​ទ្រង់​រង​ទុក្ខ​ដោយ​អយុត្ដិធម៌​ហើយ​សោយ​ទិវង្គត។ (ហេព្រើរ ៤:១៥) យ៉ាង​នេះ ព្រះ​យេស៊ូ​ថ្វាយ​យញ្ញ​បូជា​លោះ​ដែល​សំខាន់​ចាំបាច់​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ចាត់​ទុក​មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​និង​ពួក​គ្រិស្ត​សា​សនិក​ដែល​សង្ឃឹម​ឡើង​ស្ថានសួគ៌​ជា​មនុស្ស​សុចរិត។—រ៉ូម ៥:១៩; យ៉ាកុប ២:​២៣, ២៥

៥៦:៦—តើ​«ពួក​សាសន៍​ដទៃ»​ជា​អ្នក​ណា? ហើយ​តើ​ពួក​គេ​«កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​[ព្រះ​យេហូវ៉ា]»​យ៉ាង​ដូច​ម្ដេច? «ពួក​សាសន៍​ដទៃ»​ជា​ពួក​«ចៀម​ឯ​ទៀត»​របស់​ព្រះ​យេស៊ូ។ (យ៉ូហាន ១០:១៦) ពួក​គេ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​ឬ​កិច្ច​ព្រម​ព្រៀង​ថ្មី​ដោយ​ធ្វើ​តាម​ច្បាប់​នានា​និង​ចុះ​ចូល​ទាំង​ស្រុង​នឹង​ការ​រៀបចំ​ទាំង​ឡាយ​ដែល​ទាក់ទង​នឹង​កិច្ច​ព្រម​ព្រៀង​នោះ។ ពួក​ចៀម​ឯ​ទៀត​ទទួល​អាហារ​ខាង​វិញ្ញាណ​ដូច​គ្នា​នឹង​ពួក​គ្រិស្ត​សា​សនិក​ដែល​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​គាំទ្រ​ពួក​គេ​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។

មេ​រៀន​សម្រាប់​យើង:

៤០:១០​-​១៤, ២៦, ២៨: ព្រះ​យេហូវ៉ា​មាន​អំណាច​ខ្លាំង​ក្លា​មែន តែ​ទ្រង់​ស្លូត។ ព្រះ​យេហូវ៉ា​មាន​គ្រប់​ព្រះ​ចេស្ដា​និង​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​បង្អស់ ហើយ​ទ្រង់​ក៏​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​អ្វី​ដែល​យើង​គ្មាន​លទ្ធភាព​យល់​ក្ដី។

៤០:១៧, ២៣; ៤១:២៩; ៤៤:៩; ៥៩:៤: ការ​ចង​សម្ព័ន្ធ​មិត្ត​ខាង​នយោបាយ​និង​ការ​គោរព​រូប​ព្រះ​សុទ្ធតែ​ជា​ការ​«ឥត​ប្រយោជន៍» ពីព្រោះ​ការ​ទុក​ចិត្ត​លើ​ពួក​នយោបាយ​និង​រូប​ព្រះ​គ្មាន​តម្លៃ​អ្វី​សោះ។

៤២:១៨, ១៩; ៤៣:៨: បើ​យើង​មិន​អើពើ​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ (ហាក់​ដូច​ជា​បិទ​ភ្នែក) និង​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ណែនាំ​ពី‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› (ហាក់​ដូច​ជា​បិទ​ត្រចៀក) នោះ​ប្រៀប​ដូច​ជា​យើង​ក្លាយ​ជា​មនុស្ស​ខ្វាក់​និង​ថ្លង់​ក្នុង​កិច្ច​បម្រើ​ព្រះ។—ម៉ាថាយ ២៤:៤៥

៤៣:២៥: ព្រះ​យេហូវ៉ា​លុប​បំបាត់​អំពើ​រំលង​របស់​មនុស្ស​លោក ដោយ​យល់​ដល់​នាម​ទ្រង់។ ការ​លើក​ព្រះ​នាម​ទ្រង់​ឲ្យ​បាន​បរិសុទ្ធ​គឺ​សំខាន់​ជាង​ការ​ប្រទាន​ជីវិត​ជា​រៀង​រហូត​ដល់​មនុស្ស​ដោយ​ប្រោស​លោះ​យើង​ពី​ចំណង​នៃ​បាប​និង​សេចក្ដី​ស្លាប់។

៤៤:៨: ព្រះ​យេហូវ៉ា​មាន​ភាព​នឹងនរ​ហើយ​រឹង​មាំ​ដូច​ថ្មដា។ ដោយសារ​ទ្រង់​គាំទ្រ​យើង នោះ​គ្មាន​ហេតុ​សោះ​ឲ្យ​យើង​ខ្លាច​ធ្វើ​បន្ទាល់​ថា​ទ្រង់​ជា​ព្រះ!—សាំយូអែលទី២ ២២:៣១, ៣២

៤៤:១៨​-​២០: យើង​ត្រូវ​រក្សា​ឲ្យ​មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះ​យេហូវ៉ា​ពីព្រោះ​មនុស្ស​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ​មិន​មាន​ចិត្ត​បរិសុទ្ធ​នោះ​ទេ។

៤៦:១០, ១១: ដោយសារ​ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ធ្វើ​ឲ្យ‹គំនិត​សំ​រេ​ច​របស់​ទ្រង់​ស្ថិតស្ថេរ​នៅ› នេះ​មាន​ន័យ​ថា​ទ្រង់​អាច​បំពេញ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​បាន នោះ​ជា​ភ័ស្តុតាង​ជាក់​ច្បាស់​ថា ទ្រង់​ជា​ព្រះ​ពិត។

៤៨:១៧, ១៨; ៥៧:១៩​-​២១: បើ​យើង​ពឹង​ព្រះ​យេហូវ៉ា​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ចូល​ទៅ​ជិត​ទ្រង់​និង​ស្ដាប់​តាម​បញ្ញត្ដិ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ យើង​អាច​មាន​សេចក្ដី​សុខ​ជា​បរិបូរ​ដូច​ទឹក​ដែល​ហូរ​ខ្លាំង​តាម​ទន្លេ ហើយ​សេចក្ដី​សុចរិត​របស់​យើង​នឹង​មាន​ច្រើន ប្រៀប​ដូច​ជា​រលក​នៃ​សមុទ្រ​ដែល​តែង​តែ​មាន​រហូត។ មនុស្ស​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ​ប្រៀប​ដូច​ជា​«សមុទ្រ​ដែល​ចេះ​តែ​កំរើក»។ ពួក​គេ​គ្មាន​សេចក្ដី​សុខ​សោះ។

៥២:៥, ៦: ពួក​បាប៊ីឡូន​យល់​ច្រឡំ​ថា ព្រះ​ពិត​ជា​ព្រះ​មួយ​អង្គ​ដែល​ទន់ខ្សោយ។ ពួក​គេ​មិន​យល់​ថា អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​ទ្រង់​បាន​ទៅ​ជា​ឈ្លើយ​ដោយ​ព្រោះ​ទ្រង់​លែង​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ពួក​គេ។ ពេល​អ្នក​ដទៃ​កើត​ទុក្ខ យក​ល្អ​កុំ​ឲ្យ​យើង​ឆាប់​សន្និដ្ឋាន​ពី​ហេតុ​ដែល​គេ​រង​ទុក្ខ។

៥២:៧​-​៩; ៥៥:១២, ១៣: យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​បី​យ៉ាង​ឲ្យ​យើង​មាន​ចិត្ត​រីករាយ​ពេល​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស។ ទី​មួយ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​និង​ចង់​ស្គាល់​ព្រះ ពួក​គេ​ចាត់​ទុក​ជើង​យើង​ដែល​ជា​អ្នក​នាំ​សារ​ជា​អ្វី​ដែល​ល្អ​ណាស់! ទីពីរ យើង​ឃើញ​ព្រះ​យេហូវ៉ា​«ដោយ​ភ្នែក​របស់​ខ្លួន»​ក្នុង​ន័យ​ថា មាន​ចំណង​មេត្រីភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទ្រង់។ ទី​បី ក្នុង​កិច្ច​បម្រើ​ទ្រង់​យើង​មាន​ភាព​ចម្រុង​ចម្រើន។

៥២:១១, ១២: យើង​ត្រូវ​មាន​ភាព​ស្អាត​ស្អំ​ក្នុង​ការ​ថ្វាយ​បង្គំ​និង​ខាង​សីលធម៌ ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​លើក​យក​«គ្រឿង​នៃ​ព្រះ​យេហូវ៉ា» ដែល​សំដៅ​ទៅ​លើ​អ្វីៗ​ដែល​ទ្រង់​រៀបចំ​ដើម្បី​ជួយ​យើង​បម្រើ​ទ្រង់។

៥៨:១​-​១៤: ការ​ធ្វើ​ពុត​ត្បុត​ជា​មនុស្ស​សុចរិត​ដែល​គោរព​ព្រះ នោះ​ជា​ការ​អសារ​ឥត​ការ។ ការ​ប្រព្រឹត្ត​របស់​ពួក​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​យ៉ាង​ស្មោះ​ត្រង់ ត្រូវ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ និង​បង្ហាញ​ថា​ខ្លួន​ពិត​ជា​គោរព​ព្រះ។—យ៉ូហាន ១៣:៣៥; ពេត្រុសទី២ ៣:១១

៥៩:១៥​ខ​-​១៩: ព្រះ​យេហូវ៉ា​រមែង​ទត​ឃើញ​ការ​ប្រព្រឹត្ត​របស់​មនុស្ស​ជាតិ ហើយ​ទ្រង់​ក៏​ធ្វើ​អន្តរាគមន៍​តាម​កំណត់​ពេល​របស់​ទ្រង់។

ទី​ក្រុង​ស៊ី​យ៉ូន​នឹង​ក្លាយ​ជា​«មកុដ​ដ៏​រុងរឿង»

(អេសាយ ៦០:១​–​៦៦:២៤)

អេសាយ ៦០:១ សំដៅ​ទៅ​លើ​ការ​ស្ដារ​ឡើង​វិញ​នៃ​ការ​ថ្វាយ​បង្គំ​ពិត​នៅ​សម័យ​បុរាណ​ហើយ​នៅ​សម័យ​នេះ​ដែរ ដោយ​ចែង​ថា​៖ «ចូរ​ក្រោក​ឡើង​ហើយ​ភ្លឺ​មក​ចុះ! ដ្បិត​ពន្លឺ​របស់​ឯង​បាន​មក​ដល់​ហើយ សិរី​ល្អ​នៃ​ព្រះ​យេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​ឯង​ដែរ»។ ទី​ក្រុង​ស៊ី​យ៉ូន​នឹង​ក្លាយ​ជា​«មកុដ​ដ៏​រុងរឿង​នៅ​ព្រះ​ហស្ត​នៃ​ព្រះ​យេហូវ៉ា»។—អេសាយ ៦២:៣

អេសាយ​បាន​អធិស្ឋាន​ទូល​ព្រះ​យេហូវ៉ា​ជំនួស​ពួក​យូដា​ដែល​ប្រែ​ចិត្ត​ក្នុង​អំឡុង​ពេល​នៅ​ស្រុក​បាប៊ីឡូន។ (អេសាយ ៦៣:១៥​–​៦៤:១២) មុន​ដំបូង អេសាយ​រៀប​រាប់​ពី​លក្ខណៈ​ខុស​គ្នា​រវាង​អ្នក​បម្រើ​ពិត​និង​អ្នក​បម្រើ​មិន​ពិត ហើយ​ក្រោយ​មក​គាត់​ប្រកាស​អំពី​ពរ​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ដល់​អស់​អ្នក​ដែល​បម្រើ​ទ្រង់។—អេសាយ ៦៥:១​–​៦៦:២៤

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៦១:៨, ៩—តើ​«សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​ជានិច្ច»​សំដៅ​ទៅ​លើ​អ្វី? ហើយ​តើ​«ពូជ​ពង្ស»​នោះ​ជា​អ្នក​ណា? «សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​ជានិច្ច»​សំដៅ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ថ្មី​ដែល​ព្រះ​យេហូវ៉ា​ចុះ​ជា​មួយ​ពួក​គ្រិស្ត​សា​សនិក​ដែល​នឹង​គ្រប់គ្រង​នៅ​ស្ថានសួគ៌។ «ពូជ​ពង្ស»​នោះ​ជា​ពួក​«ចៀម​ឯ​ទៀត» គឺ​មនុស្ស​រាប់​លាន​នាក់​ដែល​ធ្វើ​តាម​សារ​ដែល​ពួក​គ្រិស្ត​សា​សនិក​នោះ​បាន​ផ្សាយ​ប្រកាស។—យ៉ូហាន ១០:១៦

៦៣:៥—តើ​សេចក្ដី​ឃោរឃៅ​របស់​ព្រះ​យេហូវ៉ា​ទប់ទល់​ទ្រង់​ក្នុង​ន័យ​អ្វី? ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​បកប្រែ​ឃ្លា​នេះ​ថា​«កំហឹង»​របស់​ព្រះ​យេហូវ៉ា​នឹង​«គាំទ្រ»​ទ្រង់។ កំហឹង​របស់​ព្រះ​យេហូវ៉ា​ជា​លក្ខណៈ​សុចរិត​មួយ ពីព្រោះ​ជា​អារម្មណ៍​ដែល​ទ្រង់​អាច​ទប់​បាន។ កំហឹង​របស់​ព្រះ​យេហូវ៉ា​គាំទ្រ​ទ្រង់​ក្នុង​ន័យ​ថា ជំរុញ​ទ្រង់​ឲ្យ​កាត់​ទោស​ដោយ​សុចរិត។

មេ​រៀន​សម្រាប់​យើង:

៦៤:៦: មនុស្ស​មិន​គ្រប់​លក្ខណ៍​គ្មាន​លទ្ធភាព​សង្គ្រោះ​ខ្លួន​ឯង​បាន​ឡើយ។ អំពើ​ណា​ដែល​គេ​ធ្វើ​ដើម្បី​ឲ្យ​រួច​ពី​ទោស​នៃ​បាប​របស់​ខ្លួន នោះ​មាន​តម្លៃ​ស្មើ​នឹង​អាវ​កខ្វក់​ប៉ុណ្ណោះ។—រ៉ូម ៣:២៣, ២៤

៦៥:១៣, ១៤: ព្រះ​យេហូវ៉ា​ប្រទាន​ពរ​លើ​អស់​អ្នក​ដែល​បម្រើ​ទ្រង់​ដោយ​ស្មោះ​ត្រង់ ហើយ​ទ្រង់​ប្រទាន​យ៉ាង​បរិបូរ​នូវ​អ្វីៗ​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​បម្រើ​ទ្រង់។

៦៦:៣​-​៥: ព្រះ​យេហូវ៉ា​ស្អប់​អំពើ​ពុត​ត្បុត។

ចូរ​«ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ»!

ទំនាយ​ដែល​ប្រាប់​ថា ពួក​យូដា​នៅ​ទី​ក្រុង​បាប៊ីឡូន​នឹង​វិល​ទៅ​ស្រុក​ខ្លួន​វិញ ច្បាស់​ជា​បាន​ជួយ​សម្រាល​ទុក្ខ​អ្នក​ស្មោះ​ត្រង់​ទាំង​នោះ! ព្រះ​យេហូវ៉ា​មាន​បន្ទូល​ថា​៖ «[ចូរ]​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​អំណរ​ហើយ​រីករាយ​ឡើង​ជា​ដរាប​ចំពោះ​ការ​ដែល​អញ​បង្កើត​នោះ។ ដ្បិត​មើល! អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​បាន​ជា​ទី​រីករាយ ហើយ​ប្រជាជន​ទាំង​ឡាយ​ជា​សេចក្ដី​អំណរ»។—អេសាយ ៦៥:១៨

យើង​កំពុង​តែ​រស់​នៅ​គ្រា​ដែល​មាន​ភាព​ងងឹត​គ្រប​លើ​ផែនដី ជា​គ្រា​ដែល​អស់​ទាំង​ជនជាតិ​ស្ថិត​ក្នុង​ភាព​សូន្យសុង​ឬ​ភាព​អន្ធ​ការ។ (អេសាយ ៦០:២) នេះ​គឺ​ជា​«គ្រា​លំបាក​ណាស់»! (ធីម៉ូថេទី២ ៣:១) ដូច្នេះ សារ​របស់​ព្រះ​យេហូវ៉ា​ក្នុង​សៀវភៅ​អេសាយ​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ ពិត​ជា​លើក​ទឹក​ចិត្ត​យើង​ណាស់!—ហេព្រើរ ៤:១២

[កំណត់​សម្គាល់]

a បើ​ចង់​មើល​ការ​ពន្យល់​អំពី​សៀវភៅ​អេសាយ ១:១​–​៣៥:១០ សូម​មើល​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០០៦ មាន​ចំណង​ជើង​ថា «ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ គោល​សំខាន់ៗ​ពី​សៀវភៅ​អេសាយ ផ្នែក​ទី​មួយ»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក