-
ចូរខំស្វែងរកពរពីព្រះយេហូវ៉ាអស់ពីចិត្តទស្សនាវដ្ដីប៉មយាម ២០១០ | ១ កញ្ញា
-
-
ថ្ងៃនោះគឺជិតដល់ហើយ។ យើងជឿបណ្ដាំរបស់ព្រះដែលចែងថា បើយើងធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់ក្នុងពេលដ៏ខ្លីដែលនៅសល់ យើងនឹងសង្គ្រោះទាំងខ្លួនយើង ទាំងពួកអ្នកដែលស្ដាប់យើង។—១ធី. ៤:១៦
១២. តើយើងអាចប្រាកដអំពីអ្វី?
១២ យើងទទួលស្គាល់ថាទីបញ្ចប់អាចមកដល់គ្រប់ពេលទាំងអស់។ ព្រះយេហូវ៉ាមិនចាំរហូតដល់មនុស្សគ្រប់រូបលើផែនដីបានឮដំណឹងល្អនោះទេ។ (ម៉ាថ. ១០:២៣) ម្យ៉ាងទៀត យើងទទួលការណែនាំដ៏ល្អអំពីរបៀបដែលយើងអាចបំពេញកិច្ចការផ្សព្វផ្សាយដោយមានប្រសិទ្ធភាព។ យើងចូលរួមក្នុងកិច្ចការនេះអស់ពីសមត្ថភាពរបស់យើងដោយប្រើធនធានដែលយើងមាន។ តើតំបន់ដែលយើងផ្សព្វផ្សាយតែងតែមានមនុស្សជាច្រើនចាប់អារម្មណ៍ឬ? តាមពិត យើងមិនអាចដឹងជាមុនទេ។ (សូមអាន សាស្ដា ១១:៥, ៦) ភារកិច្ចរបស់យើងគឺផ្សព្វផ្សាយ ហើយទុកចិត្តថាព្រះយេហូវ៉ានឹងឲ្យពរយើង។ (១កូ. ៣:៦, ៧) យើងអាចប្រាកដថា លោកឃើញការព្យាយាមរបស់យើង ហើយតាមរយៈសកម្មពលបរិសុទ្ធរបស់លោក លោកនឹងផ្ដល់ការណែនាំជាក់លាក់ដែលយើងត្រូវការ។—ទំនុក. ៣២:៨
ស្វែងរកសកម្មពលបរិសុទ្ធ
១៣, ១៤. តើសកម្មពលបរិសុទ្ធរបស់ព្រះជួយអ្នកបម្រើរបស់លោកឲ្យមានលក្ខណៈគ្រប់គ្រាន់យ៉ាងដូចម្ដេច?
១៣ ចុះយ៉ាងណាបើយើងគិតថា យើងគ្មានសមត្ថភាពផ្សព្វផ្សាយឬគ្មានសមត្ថភាពបំពេញភារកិច្ចណាមួយ? យើងគួរសុំព្រះយេហូវ៉ាឲ្យសកម្មពលបរិសុទ្ធរបស់លោកជួយបង្កើនសមត្ថភាពណាមួយរបស់យើងក្នុងកិច្ចបម្រើព្រះ។ (សូមអាន លូកា ១១:១៣) សកម្មពលរបស់ព្រះអាចជួយមនុស្សឲ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញកិច្ចការឬដើម្បីមានឯកសិទ្ធិក្នុងកិច្ចបម្រើ ទោះជាពួកគេធ្លាប់មានបទពិសោធន៍ឬស្ថានភាពបែបណាក៏ដោយ។ ជាឧទាហរណ៍ បន្ទាប់ពីបណ្ដាជនអ៊ីស្រាអែលចេញពីស្រុកអេស៊ីប សកម្មពលព្រះបានជួយពួកគង្វាលនិងខ្ញុំបម្រើឲ្យយកឈ្នះលើសត្រូវរបស់ពួកគេ ថ្វីបើពួកគេមិនសូវមានបទពិសោធន៍ធ្វើសឹកសង្គ្រាមក្ដី។ (និក្ខ. ១៧:៨-១៣) មិនយូរក្រោយមក ពេលព្រះរៀបចំប្លង់ដ៏អស្ចារ្យសម្រាប់ត្រសាល សកម្មពលដដែលនេះបានជួយបេសាលាលនិងអូហូលីអាប់ឲ្យធ្វើដូចប្លង់នោះ។—និក្ខ. ៣១:២-៦; ៣៥:៣០-៣៥
១៤ នៅសព្វថ្ងៃនេះ សកម្មពលនោះដែលមានឫទ្ធានុភាពបានជួយអ្នកបម្រើព្រះឲ្យបំពេញសេចក្ដីត្រូវការរបស់អង្គការយើង ពេលអង្គការត្រូវចាប់ផ្ដើមបោះពុម្ពសៀវភៅដោយខ្លួនឯង។ នៅពេលនោះ បងប្រុសរ៉ូបើត ម៉ាទីន ដែលជាអ្នកត្រួតពិនិត្យកន្លែងបោះពុម្ពបានសរសេរសំបុត្រពន្យល់អំពីអ្វីៗដែលបានសម្រេចនៅឆ្នាំ១៩២៧ ដោយថា៖ «លោកម្ចាស់បានបើកឱកាសឲ្យយើងមានម៉ាស៊ីនបោះពុម្ពធំមួយចំពេលដែលយើងត្រូវការ ទោះជាយើងមិនចេះប្រើវាសោះក៏ដោយ។ ប៉ុន្តែលោកម្ចាស់ជ្រាបពីវិធីដែលលោកអាចជួយពួកអ្នកដែលបានបម្រើលោកអស់ពីសមត្ថភាព. . .ក្នុងពីរបីសប្ដាហ៍ប៉ុណ្ណោះ យើងបានធ្វើឲ្យម៉ាស៊ីនបោះពុម្ពនោះដំណើរការយ៉ាងល្អ ហើយវានៅតែដំណើរការយ៉ាងរលូន ព្រមទាំងធ្វើអ្វីៗដែលអ្នកបង្កើតម៉ាស៊ីននោះមិនបានដឹងថាអាចធ្វើបានទេ»។ រហូតដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាបានបន្តឲ្យពរទៅលើការខំប្រឹងអស់ពីចិត្តបែបនេះ។
១៥. ចំពោះពួកអ្នកដែលប្រឈមមុខនឹងសេចក្ដីល្បួង តើរ៉ូម ៨:១១អាចជួយលើកទឹកចិត្តពួកគេយ៉ាងណា?
១៥ សកម្មពលរបស់ព្រះយេហូវ៉ាជួយយើងតាមវិធីផ្សេងៗ។ អ្នកបម្រើទាំងអស់របស់ព្រះអាចទទួលសកម្មពលនោះបាន ហើយសកម្មពលនោះជួយពួកគេយកឈ្នះលើឧបសគ្គដែលមើលទៅមិនអាចឈ្នះបាន។ ចុះបើយើងប្រឈមមុខនឹងសេចក្ដីល្បួងយ៉ាងខ្លាំង? យើងអាចទទួលកម្លាំងចិត្តពីពាក្យរបស់ប៉ូលនៅសៀវភៅរ៉ូម ៧:២១, ២៥ និង៨:១១។ ត្រូវហើយ «សកម្មពលរបស់លោក ដែលបានប្រោសលោកយេស៊ូឲ្យរស់ពីស្លាប់ឡើងវិញ» អាចជួយយើង ហើយផ្ដល់ឫទ្ធានុភាពដល់យើងដើម្បីឈ្នះក្នុងការប្រយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នារបស់រូបកាយ។ ប្រយោគនោះបានត្រូវសរសេរជូនពួកគ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពលព្រះ តែគោលការណ៍នេះក៏សម្រាប់អ្នកបម្រើទាំងឡាយរបស់ព្រះដែរ។ យើងទាំងអស់គ្នាទទួលជីវិតដែលគ្មានទីបញ្ចប់ដោយបង្ហាញជំនឿលើគ្រិស្ត ដោយខំប្រឹងរម្ងាប់សេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ និងដោយរស់នៅសមស្របនឹងការដឹកនាំរបស់សកម្មពលព្រះ។
១៦. តើយើងត្រូវធ្វើអ្វីទើបអាចទទួលសកម្មពលបរិសុទ្ធរបស់ព្រះ?
១៦ តើយើងអាចសង្ឃឹមថា ព្រះនឹងឲ្យសកម្មពលរបស់លោកដល់យើង បើយើងមិនព្យាយាមសោះឬ? មិនមែនទេ។ ក្រៅពីអធិដ្ឋានសុំសកម្មពលព្រះ យើងត្រូវសង្វាតសិក្សាបណ្ដាំរបស់លោកដែលលោកបានដឹកនាំឲ្យសរសេរ។ (សុភ. ២:១-៦) បន្ថែមទៅទៀត សកម្មពលរបស់ព្រះសណ្ឋិតលើក្រុមជំនុំគ្រិស្តសាសនិក។ ដូច្នេះពេលយើងទៅកិច្ចប្រជុំយ៉ាងទៀងទាត់ នេះបង្ហាញថាយើងចង់«ស្ដាប់អ្វីដែលសកម្មពលប្រាប់ដល់ក្រុមជំនុំទាំងឡាយ»។ (បប. ៣:៦) ម្យ៉ាងទៀត ដោយចិត្តរាបទាប យើងត្រូវធ្វើតាមអ្វីដែលយើងរៀន។ សុភាសិត ១:២៣ឲ្យដំបូន្មានដល់យើងថា៖ «កាលណាអញបន្ទោស នោះចូរឲ្យឯងរាល់គ្នាបែរខ្លួនស្ដាប់តាមចុះ នែ អញនឹងចាក់វិញ្ញាណអញទៅលើឯងរាល់គ្នា»។ ប្រាកដហើយ ព្រះឲ្យសកម្មពលបរិសុទ្ធរបស់លោកទៅ«អ្នកណាដែលស្ដាប់បង្គាប់លោកជាអ្នកគ្រប់គ្រង»។—សកម្ម. ៥:៣២
១៧. តើឥទ្ធិពលដែលមកពីពររបស់ព្រះលើការខំប្រឹងរបស់យើងអាចប្រៀបបាននឹងអ្វី?
១៧ ទោះជាយើងត្រូវខំប្រឹងអស់ពីចិត្តដើម្បីទទួលពរពីព្រះក្ដី តែសូមចាំថាការខំប្រឹងប្រែងតែប៉ុណ្ណោះមិនមែនជាមូលហេតុតែមួយគត់ដែលព្រះផ្ដល់អ្វីៗដែលល្អយ៉ាងបរិបូរដល់រាស្ត្ររបស់លោកទេ។ ឥទ្ធិពលដែលមកពីពររបស់ព្រះលើការខំប្រឹងរបស់យើងអាចប្រៀបបាននឹងរបៀបដែលរូបកាយទទួលប្រយោជន៍ពីអាហារដែលមានជីវជាតិ។ ព្រះបានបង្កើតរូបកាយយើងឲ្យបរិភោគអាហារ ហើយទទួលជីវជាតិដែលចាំបាច់ពីអាហារនោះ។ លោកក៏បានផ្ដល់អាហារដែរ។ យើងមិនយល់ច្បាស់ថាអាហារបានជីវជាតិតាមរបៀបណាឡើយ។ ម្យ៉ាងទៀត យើងភាគច្រើនក៏មិនអាចពន្យល់នូវរបៀបដែលរូបកាយយើងបង្កើតថាមពលពីអាហារដែលយើងបរិភោគដែរ។ យើងគ្រាន់តែដឹងថាដំណើរការនោះគឺល្អ ហើយយើងសហការជាមួយនឹងដំណើរការនោះដោយបរិភោគអាហារ។ បើយើងបរិភោគអាហារដែលមានជីវជាតិ នោះលទ្ធផលគឺរឹតតែប្រសើរជាង។ ដូចគ្នាដែរ ព្រះយេហូវ៉ាមានតម្រូវការដែលយើងត្រូវធ្វើដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ ហើយលោកផ្ដល់ជំនួយដែលយើងត្រូវការដើម្បីធ្វើតាមតម្រូវការនោះ។ ច្បាស់ណាស់ លោកធ្វើកិច្ចការច្រើនណាស់ដើម្បីយើងអាចទទួលពរ ដូច្នេះលោកសមនឹងទទួលការសរសើរ។ ទោះជាយ៉ាងនេះក្ដី ដើម្បីទទួលពរ យើងត្រូវសហការជាមួយនឹងលោក ហើយធ្វើតាមបំណងប្រាថ្នារបស់លោក។—ហាក. ២:១៨, ១៩
១៨. តើអ្នកតាំងចិត្តធ្វើអ្វី? ហេតុអ្វី?
១៨ ដូច្នេះ សូមខំប្រឹងអស់ពីសមត្ថភាពដើម្បីបំពេញភារកិច្ចទាំងអស់របស់អ្នក។ សូមពឹងផ្អែកលើព្រះយេហូវ៉ាជានិច្ចដើម្បីសម្រេចភារកិច្ចទាំងនោះ។ (ម៉ាក. ១១:២៣, ២៤) កាលដែលអ្នកធ្វើដូច្នេះ សូមមានទំនុកចិត្តថា«អស់អ្នកដែលរក នឹងរកឃើញ»។ (ម៉ាថ. ៧:៨) ពួកអ្នកដែលសកម្មពលព្រះបានរើសតាំង នឹងទទួលពរជា«មកុដជីវិត»នៅស្ថានសួគ៌។ (យ៉ា. ១:១២) ពួក«ចៀមឯទៀត»របស់គ្រិស្តដែលព្យាយាមទទួលពរតាមរយៈពូជនៃអាប្រាហាំ នឹងរំភើបចិត្តពេលឮលោកយេស៊ូមានប្រសាសន៍ថា៖ «អ្នកដែលទទួលពរពីបិតាខ្ញុំអើយ! ចូរមកទទួលរាជាណាចក្រដែលបានត្រូវរៀបចំឲ្យអ្នករាល់គ្នាតាំងពីកំណើតពិភពលោកជាមត៌កចុះ»។ (យ៉ូន. ១០:១៦; ម៉ាថ. ២៥:៣៤) ពិតមែន «អស់អ្នកដែលទទួលព្រះពរពី[ព្រះ] នោះនឹងបានផែនដីជាមរដក . . . ហើយ[ពួកគេ]នឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុក. ៣៧:២២, ២៩
-
-
ឯកភាពជាអ្វីដែលគេសម្គាល់ការគោរពប្រណិប័តន៍ពិតទស្សនាវដ្ដីប៉មយាម ២០១០ | ១ កញ្ញា
-
-
ឯកភាពជាអ្វីដែលគេសម្គាល់ការគោរពប្រណិប័តន៍ពិត
‹អញនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមក្នុងក្រោល›។—មីកា ២:១២
១. តើអ្វីៗដែលព្រះបង្កើតបង្ហាញឲ្យឃើញនូវប្រាជ្ញារបស់លោកយ៉ាងដូចម្ដេច?
អ្នកតែងទំនុកតម្កើងម្នាក់បានឧទានថា៖ «ឱព្រះយេហូវ៉ាអើយ! អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎! ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត»។ (ទំនុក. ១០៤:២៤) ប្រាជ្ញារបស់ព្រះបានត្រូវឃើញជាក់ស្តែងតាមរយៈភាវៈរស់ដ៏អស្ចារ្យដែលពឹងពាក់គ្នាទៅវិញទៅមក ដូចជារុក្ខជាតិ សត្វល្អិត សត្វផ្សេងៗ និងបាក់តេរីរាប់លានប្រភេទនៅផែនដី។ ម្យ៉ាងទៀត ក្នុងរូបកាយរបស់អ្នកមានប្រព័ន្ធផ្សេងៗរាប់ពាន់ មានចាប់ពីសរីរាង្គធំៗទៅអ្វីតូចៗ ហើយអ្វីៗទាំងអស់នោះសហការគ្នាដើម្បីធ្វើឲ្យអ្នកមានសុខភាពល្អ។
-