បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ព្រះមានបន្ទូលប្រាប់យើងអំពីបំណងព្រះហឫទ័យរបស់ទ្រង់
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
    • ១, ២ តើ​យ៉ាង​ណា​ដែល​មនុស្ស​យើង​អាច​ដឹង​ថា ព្រះ​ពិត​ជា​ផ្ដល់​ចម្លើយ​ដល់​មនុស្ស​ដែល​សួរ​ដោយ​ចិត្ត​ស្មោះ​នោះ?

      ព្រះ​មួយ​អង្គ​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ប្រាកដ​ជា​សម្ដែង​ប្រាប់​នូវ​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដល់​មនុស្ស​ស្មោះ​ត្រង់​ណា​ដែល​ស្វែងរក​ទ្រង់។ ព្រះ​អម្ចាស់​ពិត​ជា​ប្រគល់​ដល់​មនុស្ស​ដែល​ចង់​ដឹង នូវ​ចម្លើយ​ចំពោះ​សំនួរ​ដូច​ជា⁠៖ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​ទុក្ខវេទនា។

      ២ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​ថា⁠៖ «បើ​ឯង​រក[ព្រះ] នោះ​នឹង​បាន​ឃើញ​មែន»។ «មាន​ព្រះ​១​អង្គ ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌កំបាំង​បាន»។ «ពិត​ប្រាកដ​ជា​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​មិន​ធ្វើ​អ្វី​ដូច្នោះ​ឡើយ លើក​តែ​ទ្រង់​សំដែង ឲ្យ​ពួក​ហោរា ជា​អ្នក​បំរើ​ទ្រង់ ឃើញ​គំនិត​លាក់​កំបាំង​របស់​ទ្រង់​ផង»។​—⁠របាក្សត្រ​ទី​១ ២៨:៩; ដានីយ៉ែល ២:⁠២៨; អេម៉ុស ៣:៧

      តើ​មាន​ចម្លើយ​ពី​ណា​មក?

      ៣ តើ​យើង​អាច​រក​ចម្លើយ​បាន​ពី​ណា​មក ចំពោះ​ហេតុ​ដែល​នាំ​ឲ្យ​ព្រះ​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​ទុក្ខវេទនា​នោះ?

      ៣ ចម្លើយ​ចំពោះ​សំនួរ​ដូច​ជា ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​ទុក្ខវេទនា ហើយ​ថា​ទ្រង់​នឹង​ប្រព្រឹត្ត​ដោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​រឿង​នោះ អាច​រកឃើញ​បាន​នៅ​ក្នុង​ឯកសារ​ដែល​ព្រះ​បាន​បញ្ចេញ​វិញ្ញាណ​ទ្រង់​ឲ្យ​តែង​ឡើង សម្រាប់​ផល​ប្រយោជន៍​ដល់​មនុស្ស​យើង។ ឯកសារ​នោះ​គឺ​ជា​បន្ទូល​របស់​ទ្រង់ ជា​ព្រះ​គម្ពីរ​បរិសុទ្ធ។ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ។ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត។ ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ​សំរាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ»។​—⁠ធីម៉ូថេ​ទី​២ ៣:​១៦, ១៧

      ៤, ៥ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​ជា​សៀវភៅ​មួយ​ដ៏​ល្អ​ប្រសើរ​ឯក​នោះ?

      ៤ ព្រះ​គម្ពីរ​ពិត​ជា​សៀវភៅ​ដ៏​ល្អ​ប្រសើរ​ឯក​មួយ​មែន។ សៀវភៅ​នេះ​មាន​ប្រវត្ដិសាស្ត្រ​មនុស្ស​លោក​ដ៏​ត្រឹម​ត្រូវ​បំផុត ហើយ​ព្រម​ទាំង​កត់​ទុក​នូវ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​មុន​ការ​បង្កើត​មនុស្ស​លោក​ទៅ​ទៀត។ ព្រះ​គម្ពីរ​ក៏​ទាន់​សម័យ​ដែរ ពីព្រោះ​បទ​ទំនាយ​ដែល​ចែង​មក​ក្នុង​នោះ សំដៅ​ចំពោះ​ព្រឹត្ដិការណ៍​នៅ​ក្នុង​សម័យ​យើង ព្រម​ទាំង​នៅ​ក្នុង​អនាគត​ដែល​ជិត​មក​ដល់​ហើយ​ផង។

      ៥ គ្មាន​សៀវភៅ​ឯណា​ទៀត​មាន​ភាព​ត្រឹម​ត្រូវ​ដ៏​គ្រប់​លក្ខណ៍​បែប​នេះ​ខាង​ប្រវត្ដិសាស្ត្រ​ឡើយ។ ជា​ឧទាហរណ៍ មាន​តែ​ឯកសារ​ហត្ថ​ខាង​លោកីយ​ពីរបី​របស់​អ្នក​និពន្ធ​ជាតិ​ក្រិក​ពី​សម័យ​បុរាណ​ទេ ដែល​នៅ​មាន។ ប៉ុន្តែ​មាន​ឯកសារ​ហត្ថ​នៃ​ព្រះ​គម្ពីរ​ជា​ច្រើន ខ្លះ​មាន​ជា​ភាគ ខ្លះ​ទៀត​មាន​គ្រប់​ភាគ​ទាំងអស់⁠៖ ប្រមាណ​៦.០០០​ច្បាប់​ពី​បទ​គម្ពីរ​ភាសា​ហេព្រើរ (៣៩​សៀវភៅ​នៃ «សញ្ញា​ចាស់») ហើយ​ប្រមាណ​១៣.០០០​ច្បាប់​ពី​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក (២៧​សៀវភៅ​នៃ «សញ្ញា​ថ្មី»)។

      ៦ តើ​ហេតុ​អ្វី​បាន​ជា​យើង​អាច​ដឹង​ជា​ប្រាកដ​ថា ព្រះ​គម្ពីរ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​កាល​ដែល​ព្រះ​ទ្រង់​បាន​បណ្ដាល​វិញ្ញាណ​ទ្រង់​ឲ្យ​សរសេរ​ឡើង​នោះ?

      ៦ ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ដែល​ទ្រង់​បាន​បណ្ដាល​វិញ្ញាណ​ទ្រង់​ឲ្យ​ចែង​ទុក​ព្រះ​គម្ពីរ បាន​រ៉ាប់​រង​ថា​បូរណភាព​ខាង​ឯកសារ​បាន​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​ឯកសារ​ចម្លង​ទាំង​នោះ។ ដោយ​ហេតុ​នេះ​បាន​ជា​ព្រះ​គម្ពីរ​របស់​យើង​សព្វ​ថ្ងៃ​នេះ មាន​សារៈ​ដូច​គ្នា​នឹង​ឯកសារ​ហត្ថ​ដើម​ដែល​ត្រូវ​បាន​ចែង​ទុក​នៅ​ក្រោម​អានុភាព​នៃ​វិញ្ញាណ​របស់​ព្រះ។ កត្ដា​មួយ​ទៀត​ដែល​ជួយ​ឲ្យ​យើង​យល់​រឿង​នេះ​គឺ​ថា ឯកសារ​ចម្លង​ខ្លះ⁠ៗ​នៃ​បទ​គម្ពីរ​ក្រិក​គ្រីស្ទាន មាន​អាយុ​តិច​ជាង​មួយ​រយ​ឆ្នាំ​ពី​ពេល​ដែល​ឯកសារ​ដើម​នោះ​បាន​និពន្ធ​មក។ រីឯ​ឯកសារ​ចម្លង​បន្ដិច​បន្តួច​របស់​អ្នក​និពន្ធ​ខាង​លោកីយ​ពី​សម័យ​បុរាណ គឺ​នៅ​មាន​នៅ​ឡើយ ប៉ុន្តែ​ឯកសារ​នោះ​មាន​អាយុ​រហូត​ដល់​បីបួន​សតវត្ស​ពី​កំណើត​នៃ​ឯកសារ​ដើម។

      អំណោយ​ទាន​របស់​ព្រះ

      ៧ តើ​ព្រះ​គម្ពីរ​បាន​ចែក​ចេញ​រហូត​ដល់​ចំនួន​ប៉ុន្មាន​ក្បាល?

      ៧ ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល​បាន​ចែក​ចេញ​លើស​ជាង​គេ​ទាំងអស់​ក្នុង​ប្រវត្ដិសាស្ត្រ។ ព្រះ​គម្ពីរ​ត្រូវ​បាន​បោះពុម្ព​ចំនួន​ប្រមាណ​៣០០​កោដិ​ក្បាល។ គ្មាន​សៀវភៅ​ឯណា​ទៀត​ដែល​បាន​បោះពុម្ព​មក​មាន​ចំនួន​ប្រហែល​នឹង​ព្រះ​គម្ពីរ​ឡើយ។ ហើយ​ព្រះ​គម្ពីរ​ឬ​ក៏​ផ្នែក​នៃ​ព្រះ​គម្ពីរ​បាន​ត្រូវ​បកប្រែ​ជា​ប្រមាណ​២.០០០​ភាសា។ ដោយ​ហេតុ​នេះ ប្រហែល​៩៨​ភាគ​រយ​នៃ​ប្រជាជន​នៅ​ផែនដី​យើង​នេះ អាច​មាន​ព្រះ​គម្ពីរ​ដើម្បី​នឹង​អាន​បាន។

      ៨​-​១០ តើ​មាន​ហេតុ​ណា​ខ្លះ​ដែល​សម្ដែង​ថា ព្រះ​គម្ពីរ​ពិត​ជា​សម​គួរ​នឹង​ការ​ពិនិត្យ​ពិច័យ​របស់​យើង​នោះ?

      ៨ ពិត​ហើយ សៀវភៅ​ដែល​អះអាង​ថា​មក​ពី​ព្រះ ព្រម​ទាំង​មាន​ភស្តុតាង​ពី​ខាង​ក្រៅ​និង​ខាង​ក្នុង​ចំពោះ​យថាភាព​នោះ គឺ​សម​គួរ​នឹង​ការ​ពិនិត្យ​ពិច័យ​របស់​យើង​ជា​មិន​ខាន។a ព្រះ​គម្ពីរ​ពន្យល់​អំពី​គោល​បំណង​នៃ​ជីវិត អត្ថន័យ​នៃ​ស្ថានការណ៍​ក្នុង​លោកីយ ហើយ​អ្វី​ដែល​នឹង​កើត​មាន​ក្នុង​អនាគត​ផង។ គ្មាន​សៀវភៅ​ឯណា​ទៀត​អាច​សម្ដែង​រឿង​នេះ​បាន​ឡើយ។

      ៩ ពិត​មែន​ហើយ ព្រះ​គម្ពីរ​ជា​វិធី​ជូន​ដំណឹង​របស់​ព្រះ​ដល់​ក្រុម​គ្រួសារ​មនុស្ស​លោក​ទាំង​ឡាយ។ ព្រះ​អង្គ​បាន​ដឹក​នាំ​ការ​សរសេរ​នៃ​គម្ពីរ​នោះ​តាម​រយៈ​សកម្ម​ពល​របស់​ព្រះ ជា​វិញ្ញាណ​បរិសុទ្ធ ដោយ​ប្រើ​ប្រមាណ​៤០​មនុស្ស​ឲ្យ​ធ្វើ​ការ​សរសេរ​នោះ។ ដូច្នោះ​ហើយ ព្រះ​អង្គ​ទាក់ទង​នឹង​មនុស្ស​យើង​តាម​រយៈ​បន្ទូល​របស់​ទ្រង់ ជា​ព្រះ​គម្ពីរ​បរិសុទ្ធ​នោះ។ សាវក​ប៉ុល​បាន​សរសេរ​ថា⁠៖ «កាល​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ​បន្ទូល ជា​ដំណឹង​ពី​ព្រះ ដោយសារ​យើង​ខ្ញុំ នោះ​មិន​បាន​ទទួល​ទុក​ដូច​ជា​ពាក្យ​របស់​មនុស្ស​ទេ បាន​ទទួល តាម​ភាព​ដ៏​ពិត​នៃ​ដំណឹង​នោះ​វិញ គឺ​ជា​ព្រះ​បន្ទូល​នៃ​ព្រះ»។​—⁠ថែស្សាឡូនីចទី១ ២:⁠១៣

      ១០ លោក​អ័ប្រាហាំ-លីងគិន ជា​ប្រធានាធិបតី​ទី១៦​នៃ​សហរដ្ឋ​អាមេរិក បាន​ហៅ​ព្រះ​គម្ពីរ​ថា​ជា «អំណោយ​ទាន​ដ៏​ល្អ​បំផុត​ដែល​ព្រះ​បាន​ប្រគល់​ដល់​មនុស្ស​លោក . . . បើ​មិន​ដោយសារ​តែ​ព្រះ​គម្ពីរ​នោះ​ទេ ពួក​យើង​នឹង​មិន​ដឹង​ខុសត្រូវ​ឡើយ»។ អញ្ចឹង តើ​អំណោយ​ទាន​ដ៏​វិសេស​វិសាល​នេះ ចែង​ប្រាប់​យើង​យ៉ាង​ណា​អំពី​របៀប​ដែល​សេចក្ដី​ទុក្ខវេទនា​បាន​ចាប់​ផ្ដើម​មក នឹង​ហេតុ​ដែល​នាំ​ឲ្យ​ព្រះ​អនុញ្ញាត​ឲ្យ​មាន​នោះ ហើយ​តើ​ព្រះ​អង្គ​នឹង​ប្រព្រឹត្ត​ដោះ​ស្រាយ​យ៉ាង​ណា​អំពី​រឿង​នេះ?

      [កំណត់​សម្គាល់]

      a ចំពោះ​ពត៌មាន​ល្អិតល្អន់​ថែម​ទៀត​អំពី​យថាភាព​នៃ​ព្រះ​គម្ពីរ សូម​អញ្ជើញ​មើល​សៀវភៅ⁠៖ ព្រះ​គម្ពីរ​—⁠ជា​បន្ទូល​របស់​ព្រះ ឬ​ក៏​ពាក្យ​សំដី​របស់​មនុស្ស? ដែល​បាន​បោះពុម្ព​ផ្សាយ​ជា​ភាសា​អង់គ្លេស​នៅ​ឆ្នាំ​១៩៨៩​ដោយ​សមាគម​ប៉មយាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​នូយ៉ក ជា​សាជីវកម្ម។

      [រូបភាព​នៅ​ទំព័រ​១០]

      ព្រះ​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ព្រះ​គម្ពីរ​ដែល​ជា​ការ​ធ្វើ​គមនាគមន៍​របស់​ទ្រង់​ចំពោះ​ក្រុម​គ្រួសារ​មនុស្ស​លោក

  • អំណោយទានដ៏ល្អអស្ចារ្យនៃចិត្ដសេរី
    តើព្រះពិតជាស្រឡាញ់មនុស្សយើងមែនឬ?
    • ភាគ​ទី៥

      អំណោយ​ទាន​ដ៏​ល្អ​អស្ចារ្យ​នៃ​ចិត្ត​សេរី

      ១, ២ តើ​មាន​អំណោយ​ទាន​ដ៏​អស្ចារ្យ​ណា​មួយ ដែល​ជា​ផ្នែក​នៃ​លក្ខណៈ​ចិត្ត​គំនិត​របស់​មនុស្ស​យើង?

      ដើម្បី​​ឲ្យ​យល់​ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​ទុក្ខវេទនា ហើយ​តើ​ទ្រង់​នឹង​ប្រព្រឹត្ត​ដោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​រឿង​នេះ យើង​ត្រូវ​តែ​ដឹង​នូវ​របៀប​ដែល​ទ្រង់​បាន​បង្កើត​មនុស្ស​យើង​មក។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បង្កើត​យើង​មក​ឲ្យ​មាន​រូបកាយ​និង​ខួរក្បាល​ប៉ុណ្ណោះ​ទេ។ តែ​ទ្រង់​បាន​បង្កើត​យើង​ឲ្យ​មាន​គុណសម្បត្ដិ​ពិសេស​ខាង​សតិ​និង​ខាង​អារម្មណ៍​ដែរ។

      ២ ផ្នែក​មួយ​ដ៏​សំខាន់​នៃ​លក្ខណៈ​ចិត្ត​គំនិត​របស់​យើង​គឺ​ចិត្ត​សេរី។ ពិត​ហើយ ព្រះ​ទ្រង់​បាន​ដាក់​នៅ​ក្នុង​មនុស្ស​យើង​នូវ​ញាណសតិ​នៃ​សេរីភាព​ខាង​ការ​ជ្រើសរើស។ នោះ​ពិត​ជា​អំណោយ​ទាន​ដ៏​ល្អ​អស្ចារ្យ​ពី​ទ្រង់​មែន។

      របៀប​ដែល​មនុស្ស​យើង​បាន​ត្រូវ​បង្កើត​មក

      ៣​-​៥ តើ​ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​មាន​អំណរគុណ​ចំពោះ​ចិត្ត​សេរី​នោះ?

      ៣ សូម​ឲ្យ​យើង​ពិចារណា​យ៉ាង​ណា​ដែល​ចិត្ត​សេរី​ទាក់ទង​នឹង​ការ​អនុញ្ញាត​របស់​ព្រះ​នូវ​សេចក្ដី​ទុក្ខវេទនា។ ជា​បឋម សូម​អញ្ជើញ​លោក​អ្នក​គិត​អំពី​រឿង​នេះ​សិន⁠៖ តើ​លោក​អ្នក​មាន​អំណរគុណ​ឬ​ទេ ចំពោះ​សេរីភាព​ដែល​លោក​អ្នក​មាន​ក្នុង​ការ​ជ្រើសរើស​នូវ សេចក្ដី​ដែល​លោក​អ្នក​ចង់​ប្រព្រឹត្ត​និង​និយាយ ហើយ​អ្វី​ដែល​លោក​អ្នក​នឹង​បរិភោគ​និង​ស្លៀក​ពាក់ ប្រភេទ​នៃ​ការងារ​ដែល​លោក​អ្នក​នឹង​ធ្វើ ហើយ​នៅ​ទីណា​និង​តាម​របៀប​ណា​ដែល​លោក​អ្នក​នឹង​រស់​នៅ​ជីវភាព​ខ្លួន​នោះ? ឬ​ក៏​តើ​លោក​អ្នក​ចង់​ឲ្យ​អ្នក​ណា​មួយ​បញ្ជា​ដោយ​អំណាច​ផ្ដាច់ការ ឲ្យ​អ្នក​ធ្វើ​គ្រប់​សព្វ​នៅ​គ្រប់​ពេល​វេលា​ទាំងអស់​នៃ​ជីវិត​របស់​លោក​អ្នក​ឬ?

      ៤ គ្មាន​មនុស្ស​ធម្មតា​ណា​ចង់​បាត់បង់​នូវ​ការ​កាន់​កាប់​គ្រប់​មុខ​លើ​ជីវភាព​ខ្លួន​ឡើយ។ ហេតុ​អ្វី​បាន​ជា​មិន​ចង់​អញ្ចឹង? គឺ​មក​ពី​គុណសម្បត្ដិ​ដែល​ព្រះ​បាន​បង្កើត​ក្នុង​មនុស្ស​យើង​នោះ។ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា ព្រះ​បាន​បង្កើត​មនុស្ស ‹ដូច​ជា​រូប​អង្គ​ព្រះ›គឺ​ឲ្យ​មាន​គុណសម្បត្ដិ​ដូច​ទ្រង់ ហើយ​គុណសម្បត្ដិ​មួយ​របស់​ព្រះ​អង្គ​នោះ គឺ​ជា​ញាណសតិ​នៃ​សេរីភាព​ខាង​ការ​ជ្រើសរើស។ (លោកុប្បត្តិ ១:⁠២៦; ចោទិយកថា ៧:⁠៦) កាល​ដែល​ព្រះ​បាន​បង្កើត​មនុស្ស​លោក ទ្រង់​បាន​ប្រទាន​ដល់​គេ​នូវ​ញាណសតិ​ដ៏​អស្ចារ្យ​ដូច​ទ្រង់​នោះ​ដែរ​—⁠អំណោយ​ទាន​នៃ​ចិត្ត​សេរី។ នោះ​ជា​ហេតុ​មួយ​ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​អន្ទះអន្ទែង បើ​កាលណា​អ្នក​គ្រប់​គ្រង​សង្កត់​សង្កិន​យក​យើង​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​នោះ។

      ៥ ដោយ​ហេតុ​នេះ​ហើយ សេចក្ដី​ប្រាថ្នា​ចំពោះ​សេរីភាព​មិន​មែន​កើត​មក​ដោយ​ចៃដន្យ​ទេ ពីព្រោះ​ព្រះ​ទ្រង់​ជា​ព្រះ​ដែល​ប្រកប​ទៅ​ដោយ​សេរីភាព។ ព្រះ​គម្ពីរ​បាន​ចែង​ថា⁠៖ «កន្លែង​ណា​ដែល​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់[យេហូវ៉ា] នោះ​ក៏​មាន​សេរីភាព​ដែរ»។ (កូរិនថូសទី២ ៣:⁠១៧) ដូច្នេះ ព្រះ​បាន​ប្រគល់​ដល់​យើង​នូវ​ចិត្ត​សេរី​ជា​ផ្នែក​មួយ​នៃ​លក្ខណៈ​ចិត្ត​គំនិត​របស់​យើង។ ដោយ​ព្រោះ​តែ​ទ្រង់​ជ្រាប​នូវ​ដំណើរ​ប្រតិបត្ដិ​ការ​នៃ​សតិ​និង​អារម្មណ៍​របស់​យើង ទ្រង់​ក៏​ជ្រាប​ថា មនុស្ស​យើង​នឹង​មាន​សុភមង្គល​ដ៏​ប្រសើរ​បើ​កាលណា​យើង​មាន​ចិត្ត​សេរី​នោះ។

      ៦ តើ​ព្រះ​បាន​បង្កើត​ខួរក្បាល​របស់​មនុស្ស​យើង ឲ្យ​ប្រើ​ស្រប​នឹង​ចិត្ត​សេរី​នោះ​យ៉ាង​ណា​ខ្លះ?

      ៦ ដើម្បី​រួម​ជា​មួយ​នឹង​អំណោយ​ទាន​នៃ​ចិត្ត​សេរី ព្រះ​បាន​ប្រទាន​ដល់​មនុស្ស​យើង​នូវ​សមត្ថភាព​ចេះ​គិត ថ្លឹង​ថ្លែង​រឿង​ផ្សេង⁠ៗ សម្រេច​ចិត្ត ហើយ​ដឹង​ការ​ខុសត្រូវ។ (ហេព្រើរ ៥:⁠១៤) ដូច្នេះ ចិត្ត​សេរី​ត្រូវ​ស្រេច​ទៅ​លើ​ការ​ជ្រើសរើស​ដោយ​បញ្ញា។ មនុស្ស​យើង​មិន​បាន​បង្កើត​មក​ឲ្យ​ដូច​ជា​ស្វ័យគម​ដែល​គ្មាន​សតិ និង​គ្មាន​បំណង​ចិត្ត​នោះ​ឡើយ។ យើង​ក៏​មិន​បាន​បង្កើត​មក​ដើម្បី​នឹង​ប្រព្រឹត្ត​តាម​សភាវគតិ​ដូច​ជា​សត្វ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ ខួរក្បាល​ដ៏​អស្ចារ្យ​របស់​មនុស្ស​យើង​បាន​ត្រូវ​រៀបចំ​មក ដើម្បី​ឲ្យ​ប្រើ​ស្រប​នឹង​សេរីភាព​របស់​យើង​ខាង​ការ​ជ្រើសរើស​នោះ​វិញ។

      ការ​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត

      ៧, ៨ តើ​ព្រះ​បាន​ប្រទាន​ដល់​ឪពុក​ម្ដាយ​ដើម​របស់​យើង​នូវ​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​ប្រសើរ​ណា?

      ៧ ដើម្បី​នឹង​បង្ហាញ​តើ​ព្រះ​មាន​សេចក្ដី​ស្រឡាញ់​ប៉ុន្មាន​នោះ ឪពុក​ម្ដាយ​ដំបូង​របស់​យើង​អ័ដាម​និង​អេវ៉ា​បាន​ត្រូវ​ប្រទាន​ឲ្យ​នូវ​គ្រប់​អ្វី⁠ៗ​ទាំងអស់ ដែល​មនុស្ស​អាច​ចង់​បាន​ដោយ​សម​ហេតុ​សម​ផល ជា​មួយ​នឹង​អំណោយ​ទាន​នៃ​ចិត្ត​សេរី។ ពួកគេ​បាន​ត្រូវ​ដាក់​នៅ​ក្នុង​សួន​មនោរម​ដ៏​ធំ​មួយ។ ពួកគេ​មាន​ទ្រព្យ​វត្ថុ​ជា​បរិបូរ។ គេ​មាន​សតិ​និង​រូបកាយ​ដ៏​ល្អ​ឥតខ្ចោះ ហើយ​ដោយ​ហេតុ​នេះ​បាន​ជា​គេ​មិន​ត្រូវ​ចាស់​ជរា មាន​ជម្ងឺ ឬ​ក៏​ស្លាប់​ឡើយ​—⁠ពួកគេ​អាច​រស់​នៅ​ដ៏​អស់កល្ប​ជានិច្ច​បាន។ ពួកគេ​នឹង​អាច​បង្កើត​បាន​កូន​ដ៏​ល្អ​ឥតខ្ចោះ​ជា​ច្រើន ដែល​អាច​ប្រកប​ទៅ​ដោយ​សុភមង្គល​នៅ​អនាគត​ដ៏​អស់កល្ប​ជានិច្ច​នោះ​ដែរ។ ហើយ​ជា​យថាហេតុ ប្រជាជន​ដែល​កំពុង​តែ​កើន​ជា​ច្រើន​ឡើង​នឹង​អាច​មាន​កិច្ចការ​ដ៏​គួរ​ឲ្យ​ពេញ​ចិត្ត នៃ​ការ​ធ្វើ​ឲ្យ​ផែនដី​ទាំងមូល​ទៅ​ជា​សួន​មនោរម។​—⁠លោកុប្បត្តិ ១:​២៦​-​៣០; លោកុប្បត្តិ ២:⁠១៥

      ៨ ចំពោះ​របស់​ដែល​បាន​ប្រទាន​នោះ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​ថា⁠៖ «រួច​ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំងអស់​ជា​ការ​ល្អ​ប្រពៃ»។ (លោកុប្បត្តិ ១:⁠៣១) ព្រះ​គម្ពីរ​ក៏​បាន​ចែង​ទៀត​អំពី​ព្រះ​ថា⁠៖ «ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​លក្ខណ៍»។ (ចោទិយកថា ៣២:⁠៤) ពិត​មែន​ហើយ អ្នក​បង្កើត​យើង​បាន​ប្រទាន​ដល់​គ្រួសារ​មនុស្ស​លោក​នូវ​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​គ្រប់​លក្ខណ៍។ គឺ​មិន​អាច​មាន​ភាព​ល្អ​ប្រសើរ​ជាង​នោះ​ទៀត​ឡើយ។ ការ​នេះ​បាន​សម្ដែង​ថា ព្រះ​អង្គ​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ណាស់​ហ្ន៎!

      សេរីភាព​ដែល​មាន​ព្រំដែន

      ៩, ១០ តើ​ហេតុ​អ្វី​បាន​ជា​ចិត្ត​សេរី​ត្រូវ​មាន​លក្ខខណ្ឌ​ដ៏​ត្រឹម​ត្រូវ​នោះ?

      ៩ យ៉ាង​ណា​ក៏​ដោយ តើ​ព្រះ​មាន​បំណង​ឲ្យ​ចិត្ត​សេរី​របស់​មនុស្ស​គ្មាន​ព្រំដែន​អ្វី​ទាំងអស់​ឬ? សូម​អញ្ជើញ​នឹក​ក្នុង​មនោគតិ​នូវ​ទីក្រុង​ដែល​មាន​ចរាចរ​អ៊ូអរ​ដោយ​គ្មាន​ច្បាប់​ចរាចរ​សោះ ហើយ​មនុស្ស​គ្រប់⁠ៗ​គ្នា​អាច​បើកបរ​គ្រប់​ទិស​និង​តាម​ល្បឿន​ស្រេច​តែ​ចិត្ត​ចង់។ បើសិនជា​មាន​ស្ថានភាព​បែប​នោះ តើ​លោក​អ្នក​នឹង​ចង់​បើកបរ​ឬ​ទេ? គឺ​ពិត​ជា​មិន​ចង់​ទេ ពីព្រោះ​ការ​នោះ​ជា​ការ​ច្របូកច្របល់​ខាង​ចរាចរ ហើយ​ពិត​ជា​នឹង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ជា​ច្រើន​ផង។

      ១០ ចំពោះ​អំណោយ​ទាន​ពី​ព្រះ​នៃ​ចិត្ត​សេរី គឺ​យ៉ាង​នោះ​ដែរ។ សេរីភាព​ដែល​គ្មាន​ព្រំដែន​នឹង​នាំ​ឲ្យ​មាន​អនាធិបតេយ្យ​ក្នុង​សង្គម​មនុស្ស។ គឺ​ត្រូវ​តែ​មាន​ច្បាប់​ដើម្បី​នឹង​ដឹក​នាំ​សកម្មភាព​របស់​មនុស្ស។ បន្ទូល​របស់​ព្រះ​បាន​ចែង​ថា⁠៖ «គឺ​ត្រូវ​ចុះ​ចូល​ទុក​ដូច​ជា​មនុស្ស​មាន​សេរីភាព តែ​មិន​មែន​ដោយ​ប្រើ​សេរី​នោះ ដើម្បី​នឹង​បំបិតបំបាំង​សេចក្ដី​អាក្រក់​ឡើយ»។ (ពេត្រុសទី១ ២:⁠១៦) ព្រះ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ចិត្ត​សេរី​មាន​ព្រំដែន​ដើម្បី​ប្រយោជន៍​ដល់​មនុស្ស​គ្រប់⁠ៗ​គ្នា។ បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​មនុស្ស​យើង មិន​មែន​ឲ្យ​មាន​សព្វ​សេរីភាព​ទេ តែ​ឲ្យ​មាន​សេរីភាព​ដែល​មាន​លក្ខខណ្ឌ ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​ច្បាប់​នោះ​វិញ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក