បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ហេតុអ្វីចាំបាច់ពិនិត្យមើលគម្ពីរ?
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • បុរសម្នាក់កំពុងអានគម្ពីរ

      ហេតុ​អ្វី​ចាំ​បាច់​ពិនិត្យ​មើល​គម្ពីរ?

      តើ​អ្នក​ស្គាល់​គម្ពីរ​បរិសុទ្ធ​ឬ​ទេ? គ្មាន​សៀវភៅ​ណា​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​ត្រូវ​បាន​ចែក​ចាយ​ច្រើន​ជាង​គម្ពីរ​បរិសុទ្ធ​ឡើយ។ មនុស្ស​គ្រប់​ជាតិ​សាសន៍​បាន​ឃើញ​ថា ព័ត៌មាន​ក្នុង​គម្ពីរ​បរិសុទ្ធ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​និង​សេចក្ដី​សង្ឃឹម ហើយ​ដំបូន្មាន​ក្នុង​គម្ពីរ​មាន​ប្រយោជន៍​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​តិច​ណាស់​ដែល​ស្គាល់​គម្ពីរ​បរិសុទ្ធ។ ទោះ​បី​អ្នក​ជា​អ្នក​កាន់​សាសនា​ឬ​មិន​កាន់​សាសនា​ក៏​ដោយ ប្រហែល​ជា​អ្នក​ចង់​ដឹង​អំពី​គម្ពីរ​បរិសុទ្ធ។ សៀវភៅ​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ត្រួស​ៗ​អំពី​ព័ត៌មាន​ក្នុង​គម្ពីរ​បរិសុទ្ធ។

      មុន​នឹង​ចាប់​ផ្ដើម​អាន​គម្ពីរ​បរិសុទ្ធ ជា​ការ​ល្អ​បើ​អ្នក​ដឹង​នូវ​ចំណុច​ខ្លះ​ៗ​អំពី​គម្ពីរ ដែល​ក៏​មាន​ឈ្មោះ​ថា​បទ​គម្ពីរ​បរិសុទ្ធ​ដែរ។ តាម​ពិត គម្ពីរ​ជា​សៀវភៅ​តូច​ៗ​៦៦​ក្បាល​ដែល​បាន​ត្រូវ​ចង​ក្រង​ឡើង​ជា​សៀវភៅ​មួយ​ក្បាល ចាប់​ផ្ដើម​ពី​លោកុប្បត្តិ ហើយ​ចប់​នៅ​ការ​បើក​បង្ហាញ​ឬ​វិវរណៈ។

      តើ​ព័ត៌មាន​ក្នុង​គម្ពីរ​បាន​មក​ពី​អ្នក​ណា? នោះ​ជា​សំណួរ​គួរ​ឲ្យ​ចង់​ដឹង។ ការណ៍​ពិត​គឺ​ថា គម្ពីរ​បាន​ត្រូវ​សរសេរ​ដោយ​មនុស្ស​ប្រហែល​៤០​នាក់​អស់​រយៈ​ពេល​ជាង​១.៦០០​ឆ្នាំ។ ប៉ុន្តែ​ពួក​បុរស​ទាំង​នោះ​មិន​បាន​អះអាង​ថា ព័ត៌មាន​ក្នុង​គម្ពីរ​បាន​មក​ពី​ពួក​គេ​ទេ។ ពួក​គេ​ម្នាក់​បាន​សរសេរ​ថា៖ «គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ»។ (ធីម៉ូថេ​ទី២ ៣:​១៦) ពួក​គេ​ម្នាក់​ទៀត​បាន​ពោល​ថា៖ «ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ដោយ​សារ​ខ្ញុំ ព្រះ​បន្ទូល​នៃ​ទ្រង់​នៅ​លើ​អណ្ដាត​ខ្ញុំ»។ (សាំយូអែល​ទី២ ២៣:​២) ហេតុ​នេះ អ្នក​សរសេរ​ទាំង​នោះ​បាន​អះអាង​ថា​ព័ត៌មាន​ក្នុង​គម្ពីរ​បាន​មក​ពី​ព្រះ​យេហូវ៉ា ដែល​ជា​អ្នក​គ្រប់​គ្រង​ដ៏​ឧត្តម​បំផុត​នៃ​សកលលោក។ អ្នក​សរសេរ​ទាំង​នោះ​បើក​បង្ហាញ​ថា ព្រះ​ចង់​ឲ្យ​មនុស្ស​ស្គាល់​លោក​បាន​ច្បាស់។

      គឺ​មាន​ចំណុច​មួយ​ទៀត​ដែល​សំខាន់​ចាំ​បាច់​ដើម្បី​យល់​គម្ពីរ។ បទ​គម្ពីរ​មាន​ប្រធាន​តែ​មួយ ពោល​គឺ​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​លើ​មនុស្ស​ជាតិ តាម​រយៈ​រាជាណាចក្រ​របស់​លោក​នៅ​ស្ថាន​សួគ៌។ នៅ​តាម​ទំព័រ​ជា​បន្ត​បន្ទាប់ អ្នក​នឹង​ឃើញ​ថា ប្រធាន​នេះ​គឺ​មាន​នៅ​គ្រប់​ផ្នែក​នៃ​គម្ពីរ​ចាប់​ពី​សៀវភៅ​លោកុប្បត្តិ រហូត​ដល់​សៀវភៅ​ការ​បើក​បង្ហាញ។

      ឥឡូវ​ដោយ​គិត​ពី​អ្វី​ដែល​ទើប​បាន​រៀប​រាប់​ខាង​លើ​នេះ សូម​ពិចារណា​ព័ត៌មាន​ដែល​មាន​ក្នុង​គម្ពីរ ជា​សៀវភៅ​ដែល​មាន​ប្រជាប្រិយភាព​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក។

  • ព្រះបង្កើតសួនឧទ្យានសម្រាប់មនុស្សជាតិ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • អាដាមនិងអេវ៉ានៅក្នុងសួនអេដែន ហើយមានសត្វផ្សេងៗនៅជុំវិញពួកគាត់

      ភាគ​១

      ព្រះ​បង្កើត​សួន​ឧទ្យាន​សម្រាប់​មនុស្ស​ជាតិ

      ព្រះ​បង្កើត​សកលលោក​និង​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​ផែន​ដី។ លោក​បង្កើត​បុរស​ស្ត្រី​មួយ​គូ​ដែល​ល្អ​ឥត​ខ្ចោះ។ លោក​ដាក់​ពួក​គាត់​ឲ្យ​រស់​នៅ​ក្នុង​សួន​ឧទ្យាន​ដ៏​សែន​ស្អាត ហើយ​ឲ្យ​ពួក​គាត់​នូវ​បញ្ញត្ដិ​ផ្សេង​ៗ​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​តាម

      នៅក្នុងសួនអេដែនមានសត្វតោ សត្វឈ្លូស និងបក្សាបក្សី

      ពាក្យ​ដូច​ត​ទៅ​នេះ បាន​ត្រូវ​ហៅ​ថា​ជា​ពាក្យ​ផ្ដើម​ដ៏​ល្បី​ល្បាញ​បំផុត។ «កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែន​ដី»។ (លោកុប្បត្តិ ១:១) តាម​ឃ្លា​ដ៏​ឧត្តុង្គឧត្តម​ដែល​ស្រួល​យល់​នេះ គម្ពីរ​បង្ហាញ​យើង​ឲ្យ​ស្គាល់​បុគ្គល​ដែល​សំខាន់​ជាង​គេ​បំផុត​ក្នុង​គម្ពីរ​បរិសុទ្ធ ពោល​គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ ខ​ដំបូង​ក្នុង​គម្ពីរ​បើក​បង្ហាញ​ថា​ព្រះ​គឺ​ជា​អ្នក​បង្កើត​សកលលោក​ដ៏​ធំ​ធេង​ដែល​រួម​បញ្ចូល​ផែន​ដី​ដែល​យើង​រស់​នៅ​នេះ។ ខ​ជា​បន្ត​បន្ទាប់​ពន្យល់​ថា ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ជា​លំដាប់លំដោយ ដែល​ហៅ​ថា​ថ្ងៃ​ក្នុង​ន័យ​ធៀប ព្រះ​បាន​រៀប​ចំ​ផែន​ដី​សម្រាប់​ឲ្យ​យើង​រស់​នៅ ហើយ​បាន​បង្កើត​អ្វី​ៗ​អស្ចារ្យ​ទាំង​ឡាយ​ដែល​មាន​នៅ​លើ​ផែន​ដី​នេះ។

      អ្វី​ប្រសើរ​បំផុត​ដែល​ព្រះ​បង្កើត​នៅ​លើ​ផែន​ដី​នេះ គឺ​មនុស្ស​យើង។ មនុស្ស​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ភាព​ឬ​លក្ខណៈ​ដូច​ព្រះ ពោល​គឺ​មាន​សមត្ថភាព​បង្ហាញ​គុណ​សម្បត្ដិ​ដូច​ព្រះ​យេហូវ៉ា ដូច​ជា​សេចក្ដី​ស្រឡាញ់​និង​ប្រាជ្ញា។ ព្រះ​បាន​បង្កើត​មនុស្ស​ចេញ​ពី​ធូលី​ដី ហើយ​ដាក់​ឈ្មោះ​គាត់​ថា អាដាម។ រួច​មក​ព្រះ​ដាក់​គាត់​ឲ្យ​រស់​នៅ​ក្នុង​សួន​ឧទ្យាន​មួយ ពោល​គឺ​សួន​ច្បារ​អេដែន។ គឺ​ព្រះ​តែ​ម្ដង​ដែល​បាន​ដាំ​សួន​ច្បារ​នោះ​ដែល​ពាស​ពេញ​ទៅ​ដោយ​ដើម​ឈើ​មាន​ផ្លែ​ដ៏​ស្រស់​បំព្រង​នានា។

      ព្រះ​បាន​ដឹង​ថា​គឺ​មាន​ប្រយោជន៍​បើ​បុរស​នោះ​មាន​គូ។ ដូច្នេះ ព្រះ​បាន​បង្កើត​ស្ត្រី​ម្នាក់​ពី​ឆ្អឹង​ជំនីរ​របស់​អាដាម ហើយ​នាំ​នាង​ទៅ​បុរស​នោះ​ដើម្បី​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​របស់​គាត់។ ក្រោយ​មក គាត់​ដាក់​ឈ្មោះ​ថា អេវ៉ា។ អាដាម​សប្បាយ​ចិត្ត​ក្រៃ​លែង ក៏​ពោល​ជា​កំណាព្យ​ថា៖ «នេះ​ហើយ​ជា​ឆ្អឹង​ពី​ឆ្អឹង​អញ ជា​សាច់​ពី​សាច់​អញ»។ ព្រះ​បាន​ពន្យល់​ថា៖ «ដោយ​ហេតុ​នោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ»។—លោកុប្បត្តិ ២:២២​-​២៤; ៣:២០

      ព្រះ​បាន​ឲ្យ​អាដាម​និង​អេវ៉ា​នូវ​បញ្ញត្ដិ​ពីរ។ ទី​១ លោក​បាន​បង្គាប់​ឲ្យ​ធ្វើ​ការ​ដាំ​ដុះ​និង​ថែ​រក្សា​ផែន​ដី​ជា​លំនៅ​របស់​ពួក​គាត់ និង​ឲ្យ​ផែន​ដី​ពោរ​ពេញ​ទៅ​ដោយ​កូន​ចៅ​របស់​ពួក​គាត់។ ទី​២ មាន​ផ្លែ​របស់​ដើម​ឈើ​តែ​មួយ​គត់​ដែល​ព្រះ​ហាម​មិន​ឲ្យ​ពួក​គាត់​បរិភោគ​ក្នុង​សួន​ដ៏​ធំ​នោះ ពោល​គឺ«ដើម​ដឹង​ខុស​ត្រូវ»។ (លោកុប្បត្តិ ២:១៧) ប្រសិនបើ​ពួក​គាត់​មិន​ធ្វើ​តាម​ទេ នោះ​ពួក​គាត់​នឹង​ត្រូវ​ស្លាប់។ តាម​រយៈ​បញ្ញត្ដិ​ទាំង​នោះ ព្រះ​បាន​ឲ្យ​បុរស​និង​ស្ត្រី​នេះ​នូវ​ឱកាស​បង្ហាញ​ថា ពួក​គេ​ទទួល​យក​លោក​ជា​អ្នក​គ្រប់​គ្រង​របស់​ខ្លួន។ ការ​ស្ដាប់​បង្គាប់​របស់​ពួក​គាត់​ក៏​នឹង​បង្ហាញ​ថា​ពួក​គាត់​ស្រឡាញ់​និង​ដឹង​គុណ​ព្រះ​ដែរ។ ពួក​គាត់​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​ទទួល​យក​ការ​គ្រប់​គ្រង​ដ៏​ល្អ​របស់​ព្រះ។ បុរស​និង​ស្ត្រី​នោះ​ឥត​មាន​ខ្ចោះ​ទេ។ គម្ពីរ​ចែង​ថា៖ «ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ»។—លោកុប្បត្តិ ១:៣១

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​លោកុប្បត្តិ ជំពូក​ទី​១​និង​ទី​២។

      • តើ​គម្ពីរ​រៀប​រាប់​យ៉ាង​ដូច​ម្ដេច​អំពី​ការ​បង្កើត​មនុស្ស​និង​ផែន​ដី​ជា​លំនៅ​របស់​ពួក​គេ?

      • តើ​ព្រះ​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​បុរស​និង​ស្ត្រី​ដំបូង​មាន​ជីវិត​បែប​ណា?

      • តើ​បញ្ញត្ដិ​អ្វី​ខ្លះ​ដែល​ព្រះ​បាន​ឲ្យ​មនុស្ស​មួយ​គូ​ដំបូង?

      នាម​របស់​ព្រះ

      បទ​គម្ពីរ​បរិសុទ្ធ​ហៅ​ព្រះ ដោយ​ប្រើ​ឋានៈ​ផ្សេង​ៗ ដូច​ជា​ព្រះ​ដែល​ជា​អ្នក​បង្កើត និង​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត។ ឋានៈ​ខ្លះ​បញ្ជាក់​លក្ខណៈ​សម្បត្ដិ​របស់​ព្រះ ដូច​ជា​ភាព​បរិសុទ្ធ ឫទ្ធានុភាព យុត្ដិធម៌ ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់​របស់​លោក។ ប៉ុន្តែ ព្រះ​ក៏​មាន​នាម​ដ៏​ល្អ​ឯក​ដែរ ពោល​គឺ​យេហូវ៉ា។ នៅ​ក្នុង​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​ជា​ភាសា​ដើម នាម​ព្រះ​គឺ​មាន​ប្រហែល​៧.០០០​ដង មុន​ដំបូង​មាន​នៅ​លោកុប្បត្តិ ២:៤។ នាម​ថា​យេហូវ៉ា​មាន​ន័យ​ថា «លោក​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា»។ នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​មែន ព្រោះ​នេះ​មាន​ន័យ​ថា ព្រះ​អាច​សម្រេច​បំណង​ប្រាថ្នា​ណា​ក៏​ដោយ​ដែល​លោក​បាន​គិត ហើយ​អាច​ធ្វើ​អ្វី​ក៏​ដោយ​ដែល​លោក​បាន​សន្យា។

  • មនុស្សបាត់បង់សិទ្ធិរស់ក្នុងសួនឧទ្យាន
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • អេវ៉ាកាន់ផ្លែឈើដែលព្រះបានហាមឃាត់

      ភាគ​២

      មនុស្ស​បាត់​បង់​សិទ្ធិ​រស់​ក្នុង​សួន​ឧទ្យាន

      ទេវតា​បះបោរ​មួយ​រូប​បញ្ចុះ​បញ្ចូល​បុរស​ស្ត្រី​ទី​១ អាដាម​និង​អេវ៉ា​ឲ្យ​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ។ ជា​លទ្ធផល ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​ចូល​មក​ពិភព​លោក

      យូរ​យារ​មុន​ព្រះ​បង្កើត​មនុស្ស​ជាតិ នោះ​លោក​បាន​បង្កើត​បុគ្គល​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ ពោល​គឺ​ទេវតា។ នៅ​សួន​អេដែន ទេវតា​បះបោរ​មួយ​រូប ដែល​ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា​សាថាន ខំ​បោក​បញ្ឆោត​អេវ៉ា​ឲ្យ​បរិភោគ​ផ្លែ​ពី​ដើម​ដែល​ព្រះ​បាន​ហាម​ពួក​គាត់​មិន​ឲ្យ​បរិភោគ។

      ដោយ​ប្រើ​សត្វ​ពស់​ឲ្យ​ធ្វើ​ហាក់​ដូច​ជា​កំពុង​និយាយ សាថាន​និយាយ​បញ្ឆិត​បញ្ឆៀង​ថា ព្រះ​បាន​ទុក​អ្វី​មួយ​ដែល​មាន​ប្រយោជន៍ មិន​ព្រម​ឲ្យ​ដល់​ស្ត្រី​នោះ​និង​ប្ដី​នាង។ ទេវតា​នោះ​ប្រាប់​អេវ៉ា​ថា នាង​និង​ប្ដី​មិន​ស្លាប់​ទេ បើ​ពួក​គាត់​បរិភោគ​ពី​ផ្លែ​ដែល​ព្រះ​ហាម​នោះ។ ដូច្នេះ សាថាន​បាន​ចោទ​ព្រះ​ថា​កុហក​មនុស្ស​ដែល​ជា​កូន​របស់​លោក។ សាថាន​បាន​បោក​បញ្ឆោត​ឲ្យ​គិត​ថា​ការ​មិន​ស្ដាប់​បង្គាប់​ព្រះ ជា​អ្វី​ដែល​គួរ​ឲ្យ​ចង់​ធ្វើ​ដើម្បី​ឲ្យ​មាន​ចំណេះ​ពិសេស​និង​សេរី​ភាព។ ប៉ុន្តែ នេះ​ជា​ពាក្យ​កុហក​ទាំង​ស្រុង ជា​ការ​កុហក​លើក​ដំបូង​នៅ​ផែន​ដី។ តាម​ពិត ចំណុច​ដែល​ចង់​ជំទាស់​គឺ​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ ពោល​គឺ​តើ​ព្រះ​មាន​សិទ្ធិ​គ្រប់​គ្រង​ឬ​ទេ ហើយ​តើ​លោក​គ្រប់​គ្រង​តាម​របៀប​សុចរិត និង​ដើម្បី​មាន​ប្រយោជន៍​ច្រើន​បំផុត​ដល់​រាស្ត្រ​របស់​លោក​ឬ​ទេ។

      អេវ៉ា​បាន​ជឿ​ពាក្យ​កុហក​របស់​សាថាន។ នាង​ចាប់​មាន​ចិត្ត​ប្រាថ្នា​ចង់​បាន​ផ្លែ​នោះ រួច​មក​នាង​បរិភោគ​ផ្លែ​នោះ​ខ្លះ។ ក្រោយ​មក នាង​ក៏​ឲ្យ​ប្ដី​នាង​បរិភោគ​ខ្លះ​ដែរ។ ដូច្នេះ ពួក​គាត់​ក្លាយ​ទៅ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ការ​ប្រព្រឹត្ត​ដែល​ហាក់​ដូច​ជា​តូច​តាច​នេះ តាម​ពិត​គឺ​ជា​ការ​សម្ដែង​នូវ​ការ​បះបោរ​ប្រឆាំង។ ដោយ​សម្រេច​ចិត្ត​មិន​ធ្វើ​តាម​បញ្ញត្ដិ​ព្រះ អាដាម​និង​អេវ៉ា បាន​បដិសេធ​ការ​គ្រប់​គ្រង​របស់​ព្រះ​ដែល​ជា​អ្នក​បង្កើត ដែល​បាន​ឲ្យ​ពួក​គាត់​នូវ​អ្វី​ៗ​ទាំង​អស់ រួម​ទាំង​ជីវិត​ល្អ​ឥត​ខ្ចោះ​ដែរ។

      ពូជ​នោះ«នឹង​កិន​ក្បាល​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​គេ»។—លោកុប្បត្តិ ៣:១៥

      ព្រះ​បាន​វិនិច្ឆ័យ​ទោស​ពួក​បះបោរ​ទាំង​នេះ។ លោក​បាន​ទាយ​ទុក​ជា​មុន​អំពី​ពូជ​សន្យា ឬ​អ្នក​សង្គ្រោះ​ដែល​នឹង​បំផ្លាញ​ចោល​សាថាន ដែល​តំណាង​ដោយ​សត្វ​ពស់។ ព្រះ​បាន​ពន្យារ​ពេល​ប្រហារ​ជីវិត​អាដាម​និង​អេវ៉ា​មួយ​រយៈ។ ដោយ​ធ្វើ​ដូច្នេះ លោក​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដល់​កូន​ចៅ​ដែល​មិន​ទាន់​កើត​របស់​ពួក​គាត់។ កូន​ចៅ​ទាំង​នោះ​មាន​មូលដ្ឋាន​សម្រាប់​សេចក្ដី​សង្ឃឹម ពី​ព្រោះ​បុគ្គល​ដែល​ព្រះ​នឹង​ចាត់​មក​នោះ​នឹង​បំបាត់​លទ្ធផល​គួរ​ឲ្យ​ខ្លោច​ផ្សា​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​ការ​បះបោរ​នៅ​សួន​អេដែន។ តើ​គោល​បំណង​របស់​ព្រះ​ស្តី​អំពី​ការ​ចាត់​អ្នក​សង្គ្រោះ​នោះ​នឹង​ត្រូវ​សម្រេច​តាម​របៀប​ណា? ហើយ​តើ​បុគ្គល​ដែល​នឹង​ត្រូវ​ចាត់​នោះ​ជា​នរណា? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ​បាន​ត្រូវ​បើក​បង្ហាញ​ជា​បណ្ដើរ​ៗ​កាល​ដែល​សៀវភៅ​គម្ពីរ​បន្ត​បន្ទាប់​ពី​នោះ​បាន​ត្រូវ​សរសេរ។

      ព្រះ​បាន​បណ្ដេញ​អាដាម​និង​អេវ៉ា​ចេញ​ពី​សួន​ឧទ្យាន។ ពួក​គាត់​នឹង​ត្រូវ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ដើម្បី​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ​ស្រែ​ចម្ការ​នៅ​ក្រៅ​សួន​ឧទ្យាន​នោះ។ រួច​មក​អេវ៉ា​មាន​ផ្ទៃ​ពោះ​ក៏​សម្រាល​កូន​ឈ្មោះ​កាអ៊ីន ជា​កូន​ទី​១​របស់​អាដាម​និង​អេវ៉ា។ គូ​ស្វាមីភរិយា​នេះ​មាន​កូន​ប្រុស​ស្រី​ឯ​ទៀត រួម​ទាំង​អេបិល និង​សេត​ដែល​ជា​បុព្វ​បុរស​របស់​ណូអេ។

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​លោកុប្បត្តិ ជំពូក​៣​ដល់​ជំពូក​៥ ការ​បើក​បង្ហាញ ១២:៩។

      • តើ​ពាក្យ​កុហក​ទី​១​ជា​អ្វី? តើ​នរណា​បាន​និយាយ?

      • ហេតុ​អ្វី​អាដាម​និង​អេវ៉ា​លែង​មាន​សិទ្ធិ​រស់​នៅ​ក្នុង​សួន​ឧទ្យាន?

      • ពេល​វិនិច្ឆ័យ​ទោស​ពួក​បះបោរ តើ​ព្រះ​ផ្ដល់​មូលដ្ឋាន​អ្វី​សម្រាប់​សេចក្ដី​សង្ឃឹម?

      ភាព​មិន​ល្អ​ឥត​ខ្ចោះ​និង​សេចក្ដី​ស្លាប់

      ព្រះ​បាន​បង្កើត​អាដាម​និង​អេវ៉ា​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ដោយ​មាន​លទ្ធភាព​រស់​នៅ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ នៅ​ពេល​ដែល​ពួក​គាត់​បះបោរ​ប្រឆាំង​ព្រះ ពួក​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ដូច្នេះ អាដាម​និង​អេវ៉ា​លែង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ទៀត ហើយ​បាន​កាត់​ផ្ដាច់​ចំណង​មេត្រី​ភាព​របស់​ពួក​គាត់​ជា​មួយ​នឹង​ប្រភព​នៃ​ជីវិត ពោល​គឺ​ព្រះ​យេហូវ៉ា។ តាំង​ពី​ពេល​នោះ​មក ពួក​គាត់​និង​កូន​ចៅ​មិន​ល្អ​ឥត​ខ្ចោះ មិន​អាច​រួច​ផុត​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់​បាន​ឡើយ។—រ៉ូម ៥:១២

  • កាលបរិច្ឆេទ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • ​កាល​បរិច្ឆេទ

      1. «កាល​ដើម​ដំបូង​ឡើយ . . . »

      2. ឆ្នាំ​៤០២៦​មុន គ.ស. ព្រះ​បង្កើត​អាដាម

      3. ឆ្នាំ​៣០៩៦​មុន គ.ស. អាដាម​ស្លាប់

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក