បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • លោកយេស៊ូទាយអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងពេញពិភពលោក
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • នៅលើភ្នំដើមអូលីវ លោកយេស៊ូកំពុងមានប្រសាសន៍ទៅកាន់សាវ័ក

      ភាគ​១៩

      លោក​យេស៊ូ​ទាយ​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​ពេញ​ពិភព​លោក

      លោក​យេស៊ូ​ទាយ​អំពី​វត្តមាន​របស់​លោក ជា​ស្តេច និង​អំពី​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ

      នៅ​លើ​ភ្នំដើមអូលីវ ជា​កន្លែង​ដែល​គេ​អាច​មើល​ឃើញ​ទេសភាព​ដ៏​ត្រចះ​ត្រចង់​នៃ​ក្រុង​យេរូសាឡិម​និង​វិហារ​ដែល​នៅ​ខាង​ក្រោម នោះ​ពួក​សាវ័ក​បួន​នាក់​របស់​លោក​យេស៊ូ​បាន​សួរ​លោក​ដោយ​ឡែក​ពី​គេ​អំពី​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ពី​មុន។ លោក​យេស៊ូ​ទើប​តែ​បាន​មាន​ប្រសាសន៍​ថា វិហារ​នៅ​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល។ ហើយ​នៅ​ពេល​មួយ​មុន​នេះ លោក​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​អំពី«ទី​បញ្ចប់​របៀប​របប​ពិភព​លោក​នេះ»។ (ម៉ាថាយ ១៣:៤០, ៤៩) ឥឡូវ ពួក​សាវ័ក​សួរ​ថា៖ «តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?»។—ម៉ាថាយ ២៤:៣

      លោក​យេស៊ូ​បាន​ប្រាប់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​មុន​ការ​បំផ្លាញ​ចោល​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ប្រសាសន៍​របស់​លោក​រួម​បញ្ចូល​អ្វី​ច្រើន​ទៀត។ ទំនាយ​របស់​លោក​នឹង​បាន​សម្រេច​ក្នុង​កម្រិត​ធំ​ជាង​នៅ​ពិភព​លោក​ទាំង​មូល។ លោក​យេស៊ូ​បាន​ទាយ​អំពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​និង​ស្ថានភាព​ក្នុង​ពិភព​លោក​ដែល​រួម​គ្នា​ជា​សញ្ញា​សម្គាល់​មួយ។ សញ្ញា​សម្គាល់​នោះ​នឹង​បង្ហាញ​ដល់​អស់​អ្នក​ដែល​នៅ​ផែន​ដី​ថា វត្តមាន​របស់​លោក​យេស៊ូ​ពេល​គ្រប់​គ្រង​ជា​ស្តេច​បាន​ចាប់​ផ្ដើម​ហើយ។ និយាយ​ឲ្យ​ចំ​ទៅ សញ្ញា​សម្គាល់​នឹង​បង្ហាញ​ថា ព្រះ​យេហូវ៉ា​បាន​តែង​តាំង​លោក​យេស៊ូ​ជា​ស្តេច​ក្នុង​រាជាណាចក្រ​នៃ​មេស្ស៊ី ដែល​បាន​ត្រូវ​សន្យា​ជា​យូរ​មក​ហើយ។ សញ្ញា​សម្គាល់​នោះ​បង្ហាញ​ថា រាជាណាចក្រ​របស់​ព្រះ​ហៀបនឹង​ដក​ចេញ​នូវ​អំពើ​អាក្រក់​ជួជាតិ និង​នាំ​មក​នូវ​សន្ដិភាព​ពិត​ដល់​មនុស្ស​ជាតិ។ ដូច្នេះ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​លោក​យេស៊ូ​បាន​ទាយ សម្គាល់​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ចាស់​នៃ​ពិភព​លោក​នេះ ពោល​គឺ​របៀប​របប​សាសនា នយោបាយ និង​សង្គម​ដែល​មាន​នៅ​សម័យ​នេះ ហើយ​សម្គាល់​ការ​ចាប់​ផ្ដើម​របៀប​របប​ថ្មី​មួយ​ទៀត។

      ពេល​លោក​យេស៊ូ​ពន្យល់​អំពី​អ្វី​ដែល​ត្រូវ​កើត​ឡើង​នៅ​ផែន​ដី​ក្នុង​អំឡុង​វត្តមាន​របស់​លោក​ពេល​គ្រប់​គ្រង​ជា​ស្តេច​នៅ​ស្ថាន​សួគ៌ លោក​បាន​មាន​ប្រសាសន៍​ថា​នឹង​មាន​សង្គ្រាម​រវាង​ប្រជា​ជាតិ​នានា ការ​អត់​ឃ្លាន ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង និង​រោគ​រាតត្បាត។ ការ​ប្រឆាំង​ច្បាប់​នឹង​មាន​កាន់​តែ​ច្រើន​ឡើង។ អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ​នឹង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ពាស​ពេញ​ផែន​ដី។ នៅ​ទី​បញ្ចប់​នៃ​ព្រឹត្ដិការណ៍​ទាំង​នោះ នឹង​មាន«ទុក្ខ​វេទនា​ជា​ខ្លាំង»ដែល​មិន​ធ្លាប់​មាន​ពី​មុន​ទេ។—ម៉ាថាយ ២៤:២១

      តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​អាច​ដឹង​ដោយ​ដូច​ម្ដេច​ថា សេចក្ដី​វេទនា​នោះ​គឺ​ជិត​កើត​ឡើង​ហើយ? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា៖ «ចូរ​ទាញ​យក​មេរៀន​ពី​ឧទាហរណ៍​អំពី​ដើម​ល្វា​តូច»។ (ម៉ាថាយ ២៤:៣២) កាល​ដែល​ឃើញ​មែក​ល្វា​ដុះ​ស្លឹក នោះ​ជា​សញ្ញា​សម្គាល់​យ៉ាង​ច្បាស់​ថា រដូវ​ក្ដៅ​ជិត​ដល់​ហើយ។ ដូច​គ្នា​ដែរ កាល​ដែល​ឃើញ​អ្វី​ៗ​ដែល​លោក​យេស៊ូ​បាន​ទាយ​កើត​ឡើង​នៅ​គ្រា​តែ​មួយ នោះ​ជា​សញ្ញា​សម្គាល់​យ៉ាង​ច្បាស់​ថា​ទី​បញ្ចប់​ជិត​ដល់​ហើយ។ ក្រៅ​ពី​បិតា​នៅ​ស្ថាន​សួគ៌ នោះ​គ្មាន​អ្នក​ណា​ដឹង​អំពី​ថ្ងៃ​និង​ម៉ោង​ពិត​ប្រាកដ ដែល​សេចក្ដី​វេទនា​ជា​ខ្លាំង​នឹង​ចាប់​ផ្ដើម​ទេ។ ដូច្នេះ លោក​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​លោក​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន ព្រោះ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​ពេល​ណា​ជា​ពេល​កំណត់​ឡើយ»។—ម៉ាកុស ១៣:៣៣

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​ម៉ាថាយ ជំពូក​ទី​២៤​និង​២៥ ម៉ាកុស ជំពូក​ទី​១៣ លូកា ជំពូក​ទី​២១។

      • តើ​ពួក​សាវ័ក​របស់​លោក​យេស៊ូ​ចង់​ដឹង​ថែម​ទៀត​អំពី​អ្វី?

      • តើ​អ្វី​ជា​អត្ថន័យ​នៃ​សញ្ញា​សម្គាល់​ដែល​លោក​យេស៊ូ​បាន​ប្រាប់? តើ​អ្វី​ខ្លះ​ជា​លក្ខណៈ​នៃ​សញ្ញា​សម្គាល់​នេះ?

      • តើ​លោក​យេស៊ូ​ឲ្យ​ឱវាទ​អ្វី​ដល់​ពួក​អ្នក​កាន់​តាម​លោក?

  • លោកយេស៊ូគ្រិស្តត្រូវគេសម្លាប់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • លោកយេស៊ូ

      ភាគ​២០

      លោក​យេស៊ូ​គ្រិស្ត​ត្រូវ​គេ​សម្លាប់

      លោក​យេស៊ូ​ផ្ដួច​ផ្ដើម​ពិធី​ថ្មី​មួយ។ លោក​ត្រូវ​គេ​ក្បត់ ហើយ​ព្យួរ​លើ​បង្គោល

      ក្រោយ​ពី​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អស់​បី​ឆ្នាំ​កន្លះ លោក​យេស៊ូ​បាន​ដឹង​ថា ជីវិត​របស់​លោក​នៅ​ផែន​ដី​គឺ​ជិត​ដល់​ទី​បញ្ចប់​ហើយ។ ពួក​មេ​ដឹក​នាំ​សាសនាយូដា​បាន​ប្រឹក្សា​គ្នា​ដើម្បី​សម្លាប់​លោក ប៉ុន្តែ​ពួក​គេ​ខ្លាច​ក្រែង​បណ្ដា​ជន​កើត​ចលាចល ពី​ព្រោះ​បណ្ដា​ជន​ចាត់​ទុក​លោក​ជា​អ្នក​ប្រកាស​ទំនាយ។ ចន្លោះ​ពេល​នោះ សាថាន​បាន​ធ្វើ​ឲ្យ​សាវ័ក​ម្នាក់​ក្នុង​ចំណោម​សាវ័ក​១២​នាក់​របស់​លោក​យេស៊ូ​ក្បត់​លោក។ អ្នក​នោះ​គឺ​យូដាស​អ៊ីស្ការីយ៉ុត។ ពួក​មេ​ដឹក​នាំ​សាសនាយូដា​បាន​ឲ្យ​យូដាស​៣០​កាក់​ធ្វើ​ពី​ប្រាក់​ដើម្បី​ក្បត់​លោក​យេស៊ូ។

      នៅ​យប់​ចុង​ក្រោយ លោក​យេស៊ូ​បាន​ប្រមូល​ពួក​សាវ័ក​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលង។ ក្រោយ​ពី​ឲ្យ​យូដាស​ចេញ​ទៅ លោក​បាន​ប្រារព្ធ​ពិធី​ថ្មី​មួយ ពោល​គឺ​អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ លោក​បាន​យក​នំ​ប៉័ង​មួយ​ដុំ អធិដ្ឋាន​អរគុណ​ព្រះ រួច​កាច់​ឲ្យ​ពួក​សាវ័ក​១១​នាក់។ លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ ដើម្បី​អ្នក​រាល់​គ្នា។ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ»។ លោក​យក​ពែង​នោះ​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ប្រសាសន៍​ថា៖ «ពែង​នេះ​ជា​តំណាង​កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ»។—លូកា ២២:១៩, ២០

      លោក​យេស៊ូ​មាន​រឿង​ច្រើន​ដើម្បី​ប្រាប់​ពួក​សាវ័ក​លោក​នៅ​យប់​នោះ។ លោក​បាន​ឲ្យ​បញ្ញត្ដិ​ថ្មី​ដល់​ពួក​គាត់ ពោល​គឺ​ឲ្យ​ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន។ លោក​មាន​ប្រសាសន៍​ថា៖ «យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា»។ (យ៉ូហាន ១៣:៣៤, ៣៥) លោក​បាន​ដាស់​តឿន​ពួក​គាត់​កុំ​ឲ្យ​ខ្វល់​ចិត្ត​ដោយ​សារ​ព្រឹត្ដិការណ៍​ខ្លោច​ផ្សា​ដែល​ហៀបនឹង​កើត​ឡើង​នោះ។ លោក​យេស៊ូ​បាន​អធិដ្ឋាន​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ឲ្យ​ពួក​គាត់។ ពួក​គាត់​បាន​ច្រៀង​សរសើរ​ព្រះ ហើយ​ក៏​ចេញ​ទៅ​សួន​ហ្គេតសេម៉ានី​ក្នុង​យប់​នោះ។

      នៅ​ក្នុង​សួន​ហ្គេតសេម៉ានី លោក​យេស៊ូ​បាន​លុត​ជង្គង់​អធិដ្ឋាន​អង្វរ​ព្រះ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ បន្ដិច​ក្រោយ​មក មនុស្ស​មួយ​ក្រុម​ដែល​មាន​ពួក​ទាហាន ពួក​សង្ឃ​និង​ពួក​អ្នក​ឯ​ទៀត​បាន​មក​ដល់​ទាំង​កាន់​អាវុធ​ដើម្បី​ចាប់​លោក។ យូដាស​ចូល​មក ហើយ​បង្ហាញ​ពួក​គេ​ថា​នរណា​ជា​លោក​យេស៊ូ ដោយ​ថើប​លោក។ កាល​ដែល​ពួក​ទាហាន​ចង​លោក​យេស៊ូ នោះ​ពួក​សាវ័ក​រត់​ចេញ​អស់។

      នៅ​មុខ​តុលាការ​ជាន់​ខ្ពស់​សាសន៍​យូដា លោក​យេស៊ូ​បាន​បញ្ជាក់​ឲ្យ​គេ​ស្គាល់​ថា​លោក​ជា​បុត្រ​របស់​ព្រះ។ តុលាការ​នេះ​បាន​ចាត់​ទុក​លោក​ថា​មាន​ទោស​ជា​អ្នក​ប្រមាថ​ព្រះ ហើយ​គួរ​តែ​ស្លាប់។ រួច​មក គេ​យក​លោក​យេស៊ូ​ទៅ​ជួប​អភិបាល​ជា​ជន​ជាតិ​រ៉ូម​ឈ្មោះ​ប៉ុនទាស ពីឡាត។ ទោះ​ជា​គាត់​បាន​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​គ្មាន​ទោស​ក៏​ដោយ តែ​គាត់​បាន​ប្រគល់​លោក​យេស៊ូ​ទៅ​ហ្វូង​មនុស្ស​ដែល​ទាម​ទារ​ឲ្យ​ប្រហារ​ជីវិត​លោក។

      គេ​បាន​យក​លោក​យេស៊ូ​ទៅ​កុលកូថា នៅ​ទី​នោះ​ពួក​ទាហាន​ជាតិ​រ៉ូម​បាន​បោះដែកគោល​ភ្ជាប់​លោក​នឹង​បង្គោល។ ដោយ​អព្ភូតហេតុ ថ្ងៃ​ភ្លឺ​ចែស​បាន​ទៅ​ជា​ងងឹត។ ក្រោយ​មក​ក្នុង​រសៀល​ថ្ងៃ​នោះ លោក​យេស៊ូ​បាន​ទទួល​មរណភាព ហើយ​ក៏​មាន​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង។ គេ​បាន​ដាក់​សព​លោក​ក្នុង​រូង​ថ្ម។ ស្អែក​ឡើង ពួក​សង្ឃ​បាន​បិទ​ត្រា​ទី​បញ្ចុះ​សព​នោះ ហើយ​បាន​ដាក់​ឲ្យ​គេ​យាម​មាត់​រូង។ តើ​លោក​យេស៊ូ​នឹង​នៅ​ក្នុង​ទី​បញ្ចុះ​សព​នោះ​ឬ? ទេ។ អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​មួយ​បាន​ហៀបនឹង​កើត​ឡើង។

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​ម៉ាថាយ ជំពូក​ទី​២៦​និង​២៧ ម៉ាកុស ជំពូក​ទី​១៤​និង​១៥ លូកា ជំពូក​ទី​២២​និង​២៣ យ៉ូហាន ជំពូក​ទី​១២​ដល់​១៩។

      • តើ​លោក​យេស៊ូ​ផ្ដួច​ផ្ដើម​ពិធី​ថ្មី​អ្វី?

      • តើ​ព្រឹត្ដិការណ៍​អ្វី​ខ្លះ​បាន​កើត​ឡើង​មុន​នឹង​លោក​យេស៊ូ​ទទួល​មរណភាព?

      តួនាទី​ដ៏​សំខាន់​របស់​លោក​យេស៊ូ

      មរណភាព​របស់​លោក​យេស៊ូ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ ពី​ព្រោះ​លោក​យេស៊ូ​បាន​កើត​មក​តាម​រយៈ​សកម្ម​ពល​បរិសុទ្ធ​របស់​ព្រះ នោះ​លោក​កើត​មក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​លោក​មិន​ត្រូវ​ស្លាប់​ទេ។ ប៉ុន្តែ លោក​បាន​បូជា​ជីវិត​ដើម្បី​ឲ្យ​មនុស្ស​ជាតិ​មាន​ឱកាស​រស់​ជា​រៀង​រហូត និង​មាន​ជីវិត​ដែល​អាដាម​បាន​បាត់​បង់ ដោយ​សារ​តែ​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ។a—ម៉ាថាយ ២០:២៨; លូកា ១:៣៤, ៣៥; យ៉ូហាន ៣:១៦, ៣៦; ពេត្រុស​ទី២ ៣:១៣

      a ដើម្បី​ដឹង​អំពី​តម្លៃ​នៃ​មរណភាព​របស់​លោក​យេស៊ូ សូម​មើល​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? ជំពូក​ទី​៥។

  • កាលបរិច្ឆេទ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
      1. ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​ត្រូវ​គេ​ព្យួរ (ណែសាន​គឺ​ប្រហែល​នឹង​ពាក់​កណ្ដាល​ខែមីនា​ដល់​ពាក់​កណ្ដាល​ខែ​មេសា)

      2. ថ្ងៃ​ទី​១៦ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក