បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៧ ជំ. ៩ ទំ. ៣-៥
  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • តំបន់​ផ្សព្វផ្សាយ
  • ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់​ទាំង​ភាសា
  • ការ​ផ្សព្វផ្សាយ​នៅ​តំបន់​ដែល​មាន​ភាសា​ចម្រុះ​គ្នា
  • ការ​ផ្សព្វផ្សាយ​តាម​ក្រុម
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៥/០៧ ជំ. ៩ ទំ. ៣-៥

ជំពូក​ទី​៩ វិធី​ផ្សព្វផ្សាយ​ដំណឹង​ល្អ (​ផ្នែក​បន្ត​)

អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា

តំបន់​ផ្សព្វផ្សាយ

គោល​បំណង​របស់​ព្រះ​យេហូវ៉ា​គឺ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​នៅ​គ្រប់​ទាំង​ជនបទ​និង​ទី​ក្រុង​ទូ​ទាំង​ពិភព​លោក​ដោយ​មាន​របៀប​រៀប​រយ។ ដើម្បី​សម្រេច​គោល​បំណង​នេះ ទាំង​ក្រុមជំនុំ និង​បង​ប្អូន​ម្នាក់​ៗ​ដែល​ទៅ​ផ្សព្វផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល ទទួល​តំបន់​ផ្សាយ​ពី​ការិយាល័យ​សាខា​ដែល​ចាត់​ចែង​កិច្ច​ផ្សព្វផ្សាយ​នៅ​ប្រទេស​នោះ។ (​១កូ. ១៤:៤០​) ការ​រៀបចំ​នេះ​គឺ​ស្រប​ទៅ​នឹង​អ្វី​ដែល​ព្រះ​បាន​ចាត់​ចែង​នៅ​សតវត្សរ៍​ទី​មួយ​ដែរ។ (​២កូ. ១០:១៣; កា. ២:៩​) ដោយសារ​ការ​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​រីក​ចម្រើន​យ៉ាង​លឿន​នៅ​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ ហេតុ​ដូច្នេះ​ហើយ​តំបន់​ផ្សព្វផ្សាយ​បាន​រៀបចំ​ដោយ​មាន​របៀប​រៀប​រយ ដើម្បី​ជៀស​វាង​ផ្សព្វផ្សាយ​នៅ​តំបន់​ដែល​បង​ប្អូន​ផ្សេង​ទៀត​បាន​ចាត់​ចែង​ឲ្យ​ផ្សព្វផ្សាយ​រួច​ហើយ។ ដោយ​ធ្វើ​ដូច្នេះ បើក​ឱកាស​ឲ្យ​មនុស្ស​ច្រើន​ថែម​ទៀត​ស្ដាប់​ដំណឹង​ល្អ។

អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​ទទួល​ខុស​ត្រូវ​លើ​របៀប​ចាត់​ចែង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ។ ចំពោះ​ភារកិច្ច​កត់​លើ​បញ្ជី​ផែនទី​ផ្សព្វផ្សាយ​ចេញ​និង​ចូល នោះ​អ្នក​ងារ​ជំនួយ​អាច​ធ្វើ​បាន។ ក្រុម​ជំនុំ​ដែល​មាន​តំបន់​ផ្សាយ​តិច អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​នឹង​មាន​ផែនទី​ផ្សព្វផ្សាយ​សម្រាប់​បង​ប្អូន​នៅ​ក្នុង​ក្រុម​សិក្សា​របស់​គាត់​ដើម្បី​ឲ្យ​ពួក​គេ​អាច​ចូល​រួម​ផ្សព្វផ្សាយ។

ក្រុម​ជំនុំ​ដែល​មាន​តំបន់​ផ្សាយ​ធំ អ្នក​អាច​មាន​ផែនទី​ផ្សាយ​ផ្ទាល់​ខ្លួន​ដែល​ប្រហែល​នៅ​ជិត​កន្លែង​ដែល​អ្នក​រស់​នៅ។ ដោយ​មាន​ផែនទី​ផ្សាយ​ផ្ទាល់​ខ្លួន​ដែល​ជិត​កន្លែង​អ្នក​រស់​នៅ នោះ​អ្នក​អាច​ប្រើ​ពេល​វេលា​របស់​អ្នក​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ បន្ថែម​ទៅ​ទៀត​អ្នក​ក៏​អាច​សុំ​បង​ប្អូន​ជា​អ្នក​ផ្សាយ​ផ្សេង​ទៀត​ចូល​រួម​ផ្សព្វផ្សាយ​តាម​ផែនទី​ផ្ទាល់​របស់​អ្នក​បាន​ដែរ។

បើ​អ្នក​អាច​ទទួល​ផែនទី​តំបន់​ផ្សាយ​ផ្ទាល់​ខ្លួន​ដែល​មិន​ទាន់​ឲ្យ​ដល់​បង​ប្អូន​ណា​ម្នាក់​នៅ​ឡើយ នោះ​សូម​ទៅ​ជួប​បង​ប្រុស​ដែល​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​តំបន់​ផ្សាយ។ នៅ​ពេល​ដែល​យើង​ផ្សព្វផ្សាយ​តាម​ផែនទី​ចប់​ហើយ នោះ​យើង​គួរ​ប្រាប់​បង​ប្រុស​ដែល​ទទួល​ខុស​ត្រូវ​ខាង​ផ្នែក​តំបន់​ផ្សាយ។ កាល​ណា​យើង​ផ្សព្វផ្សាយ​តំបន់​ផ្សាយ​ផ្ទាល់​ខ្លួន នោះ​យើង​នឹង​ចាប់​ផ្ដើម​ស្គាល់​មនុស្ស​ជា​ច្រើន ហើយ​ដោយ​មាន​ចិត្ត​អត់ធ្មត់ អ្នក​នឹង​មាន​អំណរ​ក្នុង​ការ​ជួយ​មនុស្ស​ខ្លះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ការ​រៀបចំ​របស់​ព្រះ​ដែល​នាំ​ឲ្យ​គេ​ទទួល​សេចក្ដី​សង្គ្រោះ។

ពិត​មែន​ហើយ បើ​អ្នក​មាន​ផែនទី​ផ្សាយ​ផ្ទាល់​ខ្លួន​អ្នក​មាន​ភារកិច្ច​ទៅ​ជួប​មនុស្ស​ច្រើន​បំផុត​នៅ​ក្នុង​តំបន់​នោះ​តាម​ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន។ នេះ​បាន​ន័យ​ថា អ្នក​មាន​ឱកាស​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​ឥត​នៅ​ផ្ទះ​ពេល​ផ្សេង និង​ជួយ​អស់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​លើ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​ឲ្យ​ស្គាល់​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ។ ម្ដង​ម្កាល កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង មាន​យោបល់​ចំ​ៗ​ស្តី​អំពី​របៀប​ដែល​យើង​ប្រើ​ព្រះ​គម្ពីរ សៀវភៅ ទស្សនាវដ្ដី សៀវភៅ​ស្តើង ខិត្តប័ណ្ណ និង​សំ​វិធានការ​ឯ​ទៀត​ក្នុង​តំបន់​ផ្សព្វផ្សាយ តាម​រយៈ‹អ្នក​បំ​រើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ ប្រហែល​ជា​មនុស្ស​ខ្លះ​នៅ​តំបន់​ផ្សាយ​របស់​អ្នក រស់​នៅ​ក្នុង​អគារ​ដែល​មាន​ការ​យាម​កាម​យ៉ាង​តឹងរ៉ឹង ដូច្នេះ​យើង​ត្រូវ​ខំ​ទាក់ទង​គេ​តាម​រយៈ​សំបុត្រ ទូរស័ព្ទ ឬ​ដោយ​មធ្យោបាយ​ផ្សេង​ទៀត​ដូច​ជា​ផ្សព្វផ្សាយ​តាម​ផ្លូវ​ជា​ដើម។ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ និង​អ្នក​ត្រួត​ពិនិត្យ​ក្រុម​សិក្សា​របស់​អ្នក​អាច​ជូន​យោបល់​ដែល​សម​ស្រប​នឹង​កាលៈទេសៈ​ក្នុង​តំបន់ និង​កាលៈទេសៈ​របស់​អ្នក។

ពេល​ដែល​បង​ប្អូន​សហ​ការ​ជា​មួយ​ក្រុម​ជំនុំ នោះ​អាច​ផ្សព្វផ្សាយ​ក្នុង​តំបន់​ឲ្យ​បាន​សព្វ​គ្រប់ និង​ដោយ​ប្រសិទ្ធភាព​ដែរ។ យើង​ក៏​អាច​ជៀស​វាង​ពី​ការ​ផ្សព្វផ្សាយ​តំបន់​តែ​មួយ​ដំណាល​គ្នា​ដោយ​ស្មរបន្ទាល់​ពីរ​ឬ​ច្រើន​នាក់ ដែល​អាច​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ឆ្ងល់​ឬ​ខឹង។ ដោយ​ធ្វើ​ដូច្នេះ នោះ​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​យើង ហើយ​មនុស្ស​ដែល​នៅ​ក្នុង​តំបន់​ផ្សាយ។

ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់​ទាំង​ភាសា

មនុស្ស​ជាតិ​ទាំង​ឡាយ​ត្រូវ​ការ​រៀន​អំពី​ព្រះ​យេហូវ៉ា រាជ​បុត្រ និង​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ (​វិវរ. ១៤:៦, ៧​) យើង​ពិត​ជា​មាន​ចំណាប់អារម្មណ៍​ដើម្បី​ជួយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ឲ្យ​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​និង​ប្រដាប់​ខ្លួន​នូវ​បុគ្គលិកលក្ខណៈ​ជា​គ្រិស្ត​សា​សនិក។ (​រ៉ូម ១០:១២, ១៣; កូល. ៣:១០, ១១​) ដូច​នេះ តើ​តាម​របៀប​ណា​យើង​នៅ​តែ​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ហើយ​មាន​ប្រសិទ្ធភាព​ពេល​ផ្សព្វផ្សាយ​ដំណឹង​ល្អ ទោះ​ជា​មាន​ស្ថានភាព និង​បញ្ហា​ខ្លះ​ៗ​ណា​ក៏​ដោយ?

ពួក​គ្រិស្ត​សា​សនិក​គួរ​ប្រព្រឹត្ត​ដល់​អ្នក​ឯ​ទៀត​ដូច​អ្វី​ដែល​ពួក​គេ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​នឹង​ខ្លួន​គេ​វិញ​ដែរ។ (​ម៉ាថ. ៧:១២​) ដោយ​ស្វាគមន៍​មនុស្ស​ពី​ប្រទេស​ផ្សេង ភាសា​ផ្សេង​ៗ​យ៉ាង​កក់ក្ដៅ នោះ​បញ្ជាក់​ថា​ពួក​គ្រិស្ត​សា​សនិក ពិត​ជា​មាន​ចំណាប់អារម្មណ៍​យ៉ាង​ស្មោះ​ដល់​អ្នក​ទាំង​នោះ។ (​រ៉ូម ១៥:៧​) ទស្សនៈ​បែប​នេះ​គឺ​ចាំបាច់​ពេល​ដែល​យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នៅ​តំបន់​ដែល​មាន​ជន​ជាតិ​ផ្សេង​ៗ​រស់​នៅ ដោយ​ជួយ​ឲ្យ​យើង​មាន​ទស្សនៈ​ចំពោះ​គេ​ដូច​ដែល​ព្រះ​មាន​ទស្សនៈ​ចំពោះ​គេ​ដែរ។—កិច្ច. ១០:៣៤, ៣៥; ១៧:២៦

ពេល​ដែល​អ្នក​ជួប​បុគ្គល​ម្នាក់​ក្នុង​តំបន់​ផ្សាយ​ដែល​និយាយ​ភាសា​ផ្សេង​ដែល​អ្នក​មិន​ចេះ សូម​ខំ​សាកសួរ​គាត់​ភាសា​មួយ​ណា​គាត់​ចេះ​អាន។ អ្នក​អាច​បង្ហាញ​គាត់​នូវ​សារ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ដំណឹង​ល្អ​សម្រាប់​មនុស្ស​គ្រប់​សាសន៍ (​Good News for People of All Nations​)។ បើ​មាន​ក្រុម​ជំនុំ​ឬ​ក្រុម​ដែល​និយាយ​ភាសា​នេះ​នៅ​ជិត​តំបន់​អ្នក ប្រហែល​អ្នក​អាច​ជួយ​ឲ្យ​បុគ្គល​នោះ​ទាក់ទង​ជា​មួយ​បង​ប្អូន។ ប្រហែល​ជា​មាន​បងប្អូន​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ដែល​ចេះ​ភាសា​នោះ ហើយ​គាត់​អាច​ត្រឡប់​ទៅ​ជួប​បុគ្គល​នោះ​បាន។ បើ​មិន​អាច​ធ្វើ​បាន នោះ​ប្រាប់​ម្ចាស់​ផ្ទះ​ថា អ្នក​ព្យាយាម​យក​សៀវភៅ​ជា​ភាសា​ដែល​គាត់​ចេះ។ រួច​មក​សូម​សួរ​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សៀវភៅ បើ​មាន​សៀវភៅ​ណា​ក្នុង​ភាសា​នោះ។

អ្នក​ផ្សាយ​ខ្លះ​ចេះ​ពាក្យ​ផ្សាយ​ដ៏​ខ្លី​ក្នុង​ភាសា​ណា​មួយ។ បង​ប្អូន​ខ្លះ​បាន​ខំ​ប្រឹង​បង្រៀន​អ្នក​ឯ​ទៀត​ដោយ​ប្រើ​សៀវភៅ​របស់​អង្គការ​យើង​ក្នុង​ភាសា​របស់​គេ។ បើ​យើង​ប្រើ​រូបភាព និង​អាន​បទ​គម្ពីរ​ដែល​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ នោះ​គាត់​អាច​យល់​ល្មម​ពី​ការ​បង្រៀន​សំខាន់​ៗ​ខាង​ព្រះ​គម្ពីរ។ ប្រហែល​ជា​មាន​សមាជិក​ក្នុង​ក្រុម​គ្រួសារ​ដែល​ចេះ​ភាសា​របស់​គាត់​និង​ភាសា​នៃ​ប្រទេស​ដែល​គាត់​កំពុង​រស់​នៅ​ដើម្បី​ជួយ​បកប្រែ។

សូម​ចាំ​ថា​គោល​បំណង​របស់​យើង​គឺ​ដើម្បី​បង្កើត​ឲ្យ​មាន​សិស្ស ដូច្នេះ​សូម​លើក​ទឹក​ចិត្ត​អ្នក​ចាប់​អារម្មណ៍​ចូល​រួម​កិច្ច​ប្រជុំ​នៅ​តំបន់​របស់​អ្នក បើ​អត់​មាន​ក្រុម​ជំនុំ​ឬ​ក្រុម​ក្នុង​ភាសា​ដែល​គាត់​ចេះ។ ការ​សេពគប់​ជា​មួយ​គ្រិស្ត​សា​សនិក​គ្នីគ្នា​អាច​បង្កើន​កម្លាំង​ចិត្ត​និង​ជួយ​គាត់​ឲ្យ​រីក​ចម្រើន​ខាង​ចំណេះ​ពី​ព្រះ​គម្ពីរ​ថែម​ទៀត។

ពេល​ដែល​តំបន់​ផ្សាយ​មាន​មនុស្ស​សាសន៍​ផ្សេង​ៗ​រឹតតែ​ច្រើន​ឡើង នោះ​ពួក​អ្នក​ចាស់​ទុំ​គួរ​រៀបចំ​កិច្ចការ​ផ្សព្វផ្សាយ​ដើម្បី​ជួយ​ឲ្យ​គេ​យល់​បន្ទូល​របស់​ព្រះ។ ប្រហែល​ជា​មាន​មនុស្ស​សាសន៍​ផ្សេង​ៗ​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​ពីរ​ឬ​ច្រើន​ជាង​នៅ​ជិត​ៗ​គ្នា។ ក្នុង​ករណី​បែប​នេះ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​នឹង​ជួយ​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​ការ​ណែនាំ​ពី​ការិយាល័យ​សាខា ដើម្បី​ឲ្យ​ក្រុម​ជំនុំ​សហ​ការ​គ្នា​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ។ យូរ​ៗ​ម្ដង គួរ​រៀបចំ​សុន្ទរកថា​សាធារណៈ ឬ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម ដើម្បី​ឲ្យ​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ចូល​រួម​ប្រជុំ​ក្នុង​ភាសា​នោះ។

ក្រុម​ភាសា​ផ្សេង​អាច​បង្កើត​ឡើង​បាន​ពេល​ដែល​ធ្វើ​តាម​តម្រូវ​ការ​ដូច​ត​ទៅ​នេះ : (​១​) ពេល​ដែល​មាន​អ្នក​ផ្សាយ ឬ​អ្នក​ចាប់​អារម្មណ៍​យល់​បាន​ល្មម​គ្រប់គ្រាន់​អំពី​ដំណឹង​ល្អ​ក្នុង​ភាសា​នោះ។ (​២​) អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់គ្រាន់​ដែល​អាច​ដឹក​នាំ​ប្រជុំ​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​(​៣​) ត្រូវ​មាន​ក្រុម​អ្នក​ចាស់​ទុំ​ដែល​យល់​ព្រម​គាំទ្រ​ក្រុម​នោះ។ កាល​ណា​តម្រូវ​ការ​នេះ​បាន​បំពេញ​ពេញលេញ​ហើយ នោះ​ពួក​អ្នក​ចាស់​ទុំ​គួរ​ប្រាប់​ការិយាល័យ​សាខា ដើម្បី​ទទួល​ស្គាល់​ក្រុម​នេះ​តាម​ផ្លូវការ ហើយ​ទទួល​ការ​ណែនាំ​បន្ថែម​ទៅ​ទៀត។

ជា​ទូទៅ​ប្រជុំ​ទី​មួយ​ដែល​គេ​រៀបចំ​ឡើង​រៀង​រាល់​សប្ដាហ៍​គឺ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ។ ក្រោយ​មក​ពួក​អ្នក​ចាស់​ទុំ​ប្រហែល​អនុញ្ញាត​ឲ្យ​មាន​ប្រជុំ​ផ្សេង​ទៀត​ដូច​ជា ប្រជុំ​សាធារណៈ​និង​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម។ សុន្ទរកថា​នៅ​សាលា​កិច្ច​បម្រើ​ផ្សាយ​អាច​រៀបចំ​ឡើង​នៅ​សាល​ផ្សេង​មួយ​ទៀត បើ​មាន​អ្នក​ចាស់​ទុំ ឬ​អ្នក​ងារ​ជំនួយ​ដែល​ចេះ​ភាសា​នេះ​យ៉ាង​ស្ទាត់​ដើម្បី​ធ្វើ​ជា​អ្នក​ជូន​ឱវាទ។ ប្រជុំ​ផ្សព្វផ្សាយ​ក៏​អាច​រៀបចំ​សម្រាប់​ក្រុម​នេះ​ដែរ។ ការ​ណែនាំ​នេះ​គឺ​សម្រាប់​គ្រប់​ភាសា​ទាំង​អស់។

សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ស្ថិត​ក្រោម​ការ​មើល​ខុស​ត្រូវ​ពី​ពួក​អ្នក​ចាស់​ទុំ​ដែល​គាំទ្រ​ក្រុម​នោះ។ ពួក​អ្នក​ចាស់​ទុំ​នឹង​ផ្ដល់​ការ​ណែនាំ​ដែល​សម​ហេតុ​ផល និង​ចាត់​វិធានការ​ដើម្បី​យក​ចិត្ត​ទុក​ដាក់​នូវ​តម្រូវ​ការ​របស់​ក្រុម​នោះ។ ក្នុង​អំឡុង​ពេល​ដែល​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​ធ្វើ​ទស្សនៈ​កិច្ច​នៅ​ក្រុម​ជំនុំ​ដែល​គាំទ្រ​ក្រុម​ភាសា​ផ្សេង នោះ​គាត់​ក៏​ចំណាយ​ពេល​ជា​មួយ​ក្រុម​នេះ​ផង​ដែរ ហើយ​គាត់​នឹង​ផ្ញើ​សេចក្ដី​រាយ​ការណ៍​យ៉ាង​ខ្លី​ទៅ​ការិយាល័យ​សាខា​អំពី​ការ​រីក​ចម្រើន និង​សេចក្ដី​ត្រូវ​ការ​ផ្សេង​ទៀត​របស់​ក្រុម​នេះ។ បើ​បង​ប្អូន​ទាំង​អស់​ដែល​ផ្សព្វផ្សាយ​ក្នុង​តំបន់​ភាសា​ផ្សេង​ៗ​យក​គោលការណ៍​ព្រះ​គម្ពីរ និង​ការ​ណែនាំ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា​ទៅ​អនុវត្ត​តាម នោះ​ធ្វើ​ឲ្យ​ព្រះ​នាម​យេហូវ៉ា​នឹង​ត្រូវ​លើក​សរសើរ។—១កូ. ១:១០; ៣:៥, ៦

ការ​ផ្សព្វផ្សាយ​នៅ​តំបន់​ដែល​មាន​ភាសា​ចម្រុះ​គ្នា

នៅ​តំបន់​ក្នុង​ទី​ក្រុង អ្នក​ផ្សាយ​ពី​ក្រុម​ជំនុំ​ភាសា​ផ្សេង​ៗ​ត្រូវ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ដែល​ចេះ​ភាសា​នៃ​ក្រុម​ជំនុំ​នោះ ពីព្រោះ​តំបន់​ផ្សាយ​បាន​បែងចែក​តាម​ភាសា​នីមួយ​ៗ។ នៅ​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​ដែល​មាន​ភាសា​ចម្រុះ​គ្នា ពួក​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​របស់​ក្រុម​ជំនុំ​ត្រូវ​រៀបចំ​រក​វិធី​ផ្សព្វផ្សាយ​ដែល​បំពេញ​តម្រូវ​ការ​របស់​ក្រុម​ជំនុំ​នីមួយ​ៗ ដើម្បី​ជួយ​អ្នក​ចាប់​អារម្មណ៍​ទៅ​ក្រុម​ជំនុំ​ភាសា​គេ។ ការ​ធ្វើ​តាម​វិធី​នេះ​គឺ​សំខាន់​ចាំបាច់ ពីព្រោះ​ក្រុម​ជំនុំ​ពី​ភាសា​ផ្សេង​ប្រហែល​ផ្សព្វផ្សាយ​នៅ​តំបន់​តែ​មួយ​ដំណាល​គ្នា និង​ចំ​ពេល​ដូច​គ្នា ហើយ​យើង​មិន​ចង់​«​ឲ្យ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ​ត្រូវ​បង្អាក់​ឡើយ​»។—១កូ. ៩:១២

នៅ​ពេល​ផ្សព្វផ្សាយ​តាម​ផ្លូវ និង​ផ្សព្វផ្សាយ​ក្រៅ​ផ្លូវការ នោះ​អ្នក​ផ្សាយ​ប្រហែល​យក​សៀវភៅ​ភាសា​ផ្សេង​ៗ​តាម​ខ្លួន។ ក៏​ប៉ុន្តែ​ពេល​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នោះ​ជា​ធម្មតា​គួរ​ផ្ដល់​សៀវភៅ​ក្នុង​ភាសា​របស់​ក្រុម​ជំនុំ។ សូម​ចាំ​ថា​តំបន់​ផ្សាយ​បាន​ត្រូវ​បែងចែក​តាម​ភាសា​ដើម្បី​ឲ្យ​អ្នក​ផ្សាយ​ដែល​ចែក​សៀវភៅ អាច​ជួយ​អ្នក​ចាប់​អារម្មណ៍​ចូល​រួម​កិច្ច​ប្រជុំ​ជា​ភាសា​ដែល​គាត់​យល់​ច្បាស់​ជាង​គេ។ (​១កូ. ១៤:៩​) ដោយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង​ដែល​ចេះ​ភាសា​នៃ​ក្រុម​ជំនុំ​យើង​ច្បាស់​ជាង នោះ​យើង​អាច​ជួយ​មនុស្ស​ច្រើន​ថែម​ទៀត​ឲ្យ​ទទួល​សេចក្ដី​សង្គ្រោះ។

ការ​ផ្សព្វផ្សាយ​តាម​ក្រុម

គ្រិស្ត​សា​សនិក​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​មាន​ភារកិច្ច​ប្រាប់​ដំណឹង​ល្អ​ដល់​មនុស្ស​ឯ​ទៀត។ យើង​ភាគ​ច្រើន​មាន​ចិត្ត​រីករាយ​ផ្សព្វផ្សាយ​ជា​មួយ​បង​ប្អូន​ឯ​ទៀត ទោះ​ជា​កិច្ចការ​នេះ​អាច​ធ្វើ​បាន​តាម​វិធី​ផ្សេង​ៗ​ក៏​ដោយ។ (​លូ. ១០:១​) ដោយ​ហេតុ​នេះ​ហើយ ក្រុម​ជំនុំ​ជួបជុំ​គ្នា​រាល់​ថ្ងៃ​ដើម្បី​ផ្សព្វផ្សាយ។ នៅ​ថ្ងៃ​បុណ្យ​ជាតិ​គឺ​ជា​ឱកាស​ល្អ​ដែល​បង​ប្អូន​អាច​ផ្សព្វផ្សាយ​ជា​ក្រុម ដោយសារ​បង​ប្អូន​ច្រើន​សម្រាក​ពី​ការងារ។ ប្រជុំ​ផ្សព្វផ្សាយ​ត្រូវ​រៀបចំ​ដើម្បី​ឲ្យ​អ្នក​ផ្សាយ​ងាយ​ស្រួល​ចូល​រួម។ ប្រជុំ​នេះ​អាច​ធ្វើ​នៅ​សាល​ព្រះ​រាជាណាចក្រ នៅ​តាម​ផ្ទះ​ដែល​មាន​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ ឬ​កន្លែង​ដែល​ស្រួល​និង​សមរម្យ។

នៅ​ប្រជុំ​ផ្សព្វផ្សាយ​នោះ អាច​រៀបចំ​ដើម្បី​ជួយ​ដល់​បង​ប្អូន​ថ្មី​ៗ ឬ​បង​ប្អូន​ដែល​មាន​បទ​ពិសោធន៍​តិច​តួច។ បន្ថែម​ទៅ​ទៀត​នៅ​តំបន់​ខ្លះ​ប្រហែល​ជា​ល្អ​ជាង​បើ​អ្នក​ផ្សាយ​ពីរ​ឬ​ច្រើន​នាក់​ផ្សព្វផ្សាយ​ជា​មួយ​គ្នា​ដោយ​មូលហេតុ​ផ្សេង​ៗ។ ពេល​ដែល​បង​ប្អូន​ផ្សព្វផ្សាយ​ជា​មួយ​គ្នា នោះ​អាច​ជួយ​គ្នា​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​អ្នក​រៀបចំ​ផ្សព្វផ្សាយ​ម្នាក់​ឯង​នៅ​តំបន់​ផ្សាយ​ក៏​ដោយ តែ​បើ​ជួបជុំ​គ្នា​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​នោះ​សិន​ក៏​អាច​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​ទាំង​អស់​គ្នា​ដែរ។ ដោយ​ដឹង​ថា​មាន​បង​ប្អូន​ផ្សព្វផ្សាយ​នៅ​ជិត​តំបន់​អ្នក នោះ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក។

ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក! យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះ​យេហូវ៉ា​ប្រទាន​ពរ​មក​លើ​ការ​ខ្នះខ្នែង​របស់​យើង​ដើម្បី​ចូល​រួម​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ ពោល​គឺ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ។—លូ. ៩:៥៧​-​៦២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក