-
លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ!គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ភាគ២១
លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ!
លោកយេស៊ូលេចមកឲ្យពួកអ្នកកាន់តាមលោកឃើញ ដើម្បីបង្ហាត់បង្រៀននិងលើកទឹកចិត្តពួកគាត់
នៅបីថ្ងៃក្រោយមរណភាពរបស់លោកយេស៊ូ ពួកស្ត្រីខ្លះដែលជាអ្នកកាន់តាមលោកបានឃើញថា ថ្មដែលបិទមាត់រូងទីបញ្ចុះសពនោះបានត្រូវប្រមៀលចេញ។ ម្យ៉ាងវិញទៀត ទីបញ្ចុះសពនោះនៅទទេ!
ទេវតាពីររូបបានលេចមក។ ទេវតាម្នាក់បាននិយាយថា៖ «អ្នកកំពុងរកលោកយេស៊ូពីក្រុងណាសារ៉ែត . . . លោកបានត្រូវប្រោសឲ្យរស់ឡើងវិញ»។ (ម៉ាកុស ១៦:៦) ភ្លាមនោះ ស្ត្រីទាំងនោះបានរត់ទៅប្រាប់ពួកសាវ័ក។ នៅតាមផ្លូវ ពួកគាត់បានជួបលោកយេស៊ូ។ លោកបានមានប្រសាសន៍ថា៖ «កុំខ្លាចឡើយ! ចូរទៅ ហើយនាំដំណឹងប្រាប់បងប្អូនរបស់ខ្ញុំផង ដើម្បីឲ្យពួកគាត់ទៅស្រុកកាលីឡេ ហើយពួកគាត់នឹងឃើញខ្ញុំនៅទីនោះ»។—ម៉ាថាយ ២៨:១០
ក្រោយមកនៅថ្ងៃនោះ អ្នកកាន់តាមពីរនាក់កំពុងដើរពីក្រុងយេរូសាឡិមទៅភូមិអេម៉ាស។ មនុស្សចម្លែកម្នាក់បានដើរជាមួយនឹងពួកគាត់ ហើយបានសួរថាពួកគាត់កំពុងនិយាយអំពីអ្វី។ តាមពិត បុគ្គលនេះជាលោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយបានលេចមក ក្នុងរូបកាយដែលមុនដំបូងអ្នកកាន់តាមនោះពុំបានស្គាល់ទេ។ ដោយមានទឹកមុខក្រៀមក្រំ ពួកគាត់បានតបឆ្លើយថា ពួកគាត់កំពុងនិយាយអំពីលោកយេស៊ូ។ មនុស្សចម្លែកនេះបានចាប់ផ្ដើមពន្យល់អំពីអ្វីៗដែលទាក់ទងនឹងមេស្ស៊ីក្នុងខគម្ពីរទាំងឡាយ។ ពិតមែនហើយ លោកយេស៊ូបានសម្រេចទំនាយទាំងអស់អំពីមេស្ស៊ីយ៉ាងល្អិតល្អន់បំផុត។a នៅពេលដែលពួកអ្នកកាន់តាមបានដឹងថា មនុស្សចម្លែកនោះគឺលោកយេស៊ូ ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ នោះលោកក៏បាត់ខ្លួនទៅ។
អ្នកកាន់តាមពីរនាក់នោះក៏ត្រឡប់ទៅក្រុងយេរូសាឡិមភ្លាម។ នៅទីនោះ ពួកគាត់ឃើញពួកសាវ័កបានជួបជុំគ្នាក្នុងបន្ទប់ចាក់សោ។ កាលដែលអ្នកកាន់តាមពីរនាក់នោះរៀបរាប់ពីអ្វីដែលពួកគាត់បានជួបប្រទះ នោះលោកយេស៊ូបានលេចមក។ ពួកអ្នកកាន់តាមលោកភ្ញាក់ផ្អើល ហើយស្ទើរតែមិនជឿថាជាលោក! លោកយេស៊ូបានសួរថា៖ «ហេតុអ្វីក៏បែរជាសង្ស័យក្នុងចិត្ត? . . . បទគម្ពីរបានចែងដូច្នេះថា គ្រិស្តនឹងរងទុក្ខ រួចនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញពីចំណោមមនុស្សស្លាប់»។—លូកា ២៤:៣៨, ៤៦
ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ នោះលោកបានលេចមកឲ្យពួកអ្នកកាន់តាមឃើញនៅពេលផ្សេងៗអស់៤០ថ្ងៃ។ ក្នុងពេលមួយ លោកបានលេចមកឲ្យពួកអ្នកកាន់តាម៥០០នាក់ឃើញ! ទំនងជាពេលនេះហើយ ដែលលោកឲ្យពួកគាត់នូវភារកិច្ចដ៏សំខាន់នេះថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ . . . ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។—ម៉ាថាយ ២៨:១៩, ២០
នៅជំនួបចុងក្រោយជាមួយនឹងពួកសាវ័កស្មោះត្រង់១១នាក់ នោះលោកយេស៊ូបានសន្យាថា៖ «អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព កាលដែលសកម្មពលបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ . . . រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្មភាព ១:៨) រួចមក លោកយេស៊ូបានត្រូវលើកឡើង ហើយពពកមួយបានមកបាំងលោកបាត់ពីភ្នែកពួកគាត់ទៅ កាលដែលលោកបានឡើងទៅស្ថានសួគ៌។
—មានមូលដ្ឋានលើសៀវភៅម៉ាថាយ ជំពូកទី២៨ ម៉ាកុស ជំពូកទី១៦ លូកា ជំពូកទី២៤ យ៉ូហាន ជំពូកទី២០និង២១ កូរិនថូសទី១ ១៥:៥, ៦។
-
-
ពួកសាវ័កផ្សព្វផ្សាយដោយចិត្តអង់អាចគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ភាគ២២
ពួកសាវ័កផ្សព្វផ្សាយដោយចិត្តអង់អាច
ក្រុមជំនុំនៃពួកគ្រិស្តសាសនិកចម្រើនឡើងយ៉ាងឆាប់រហ័សទោះជាមានការបៀតបៀនក៏ដោយ
ដប់ថ្ងៃក្រោយពីលោកយេស៊ូឡើងទៅស្ថានសួគ៌ នោះមានអ្នកកាន់តាម១២០នាក់បានជួបជុំគ្នានៅក្នុងផ្ទះមួយនាក្រុងយេរូសាឡិមនៅពេលបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ ស្រាប់តែមានសូរសំឡេងដូចសន្ធឹកខ្យល់បក់យ៉ាងខ្លាំង ឮពេញផ្ទះនោះ។ ដោយអព្ភូតហេតុពួកអ្នកកាន់តាមចាប់ផ្ដើមនិយាយភាសាផ្សេងៗដែលគេមិនធ្លាប់ចេះ។ ហេតុអ្វីមានព្រឹត្ដិការណ៍ដ៏ចម្លែកទាំងនេះ? ព្រះបានឲ្យសកម្មពលបរិសុទ្ធដល់ពួកអ្នកកាន់តាម។
នៅខាងក្រៅមានមនុស្សមួយក្រុមធំ ពីព្រោះភ្ញៀវទាំងនេះមកពីស្រុកផ្សេងៗដើម្បីធ្វើបុណ្យថ្ងៃទី៥០។ ពួកគេកោតស្ងើចក្រៃលែង ដោយឮពួកអ្នកកាន់តាមលោកយេស៊ូនិយាយភាសារបស់ពួកគេបានយ៉ាងល្អ។ ពេត្រុសពន្យល់អ្វីដែលបានកើតឡើងដោយសំដៅទៅទំនាយរបស់យ៉ូអែលដែលថាព្រះ«នឹងចាត់»វិញ្ញាណឬសកម្មពលរបស់លោក ដែលនឹងផ្ដល់អំណោយឬសមត្ថភាពដ៏អស្ចារ្យដល់ពួកអ្នកដែលទទួលសកម្មពលនោះ។ (យ៉ូអែល ២:២៨, ២៩) ទីសំអាងជាក់ស្តែងនេះពីសកម្មពលបរិសុទ្ធ ធ្វើឲ្យឃើញច្បាស់ថាមានការផ្លាស់ប្ដូរដ៏ធំមួយបានកើតឡើង ពោលគឺព្រះពេញចិត្តនឹងក្រុមជំនុំនៃពួកគ្រិស្តសាសនិកដែលទើបនឹងបង្កើតនេះ មិនមែនជនជាតិអ៊ីស្រាអែលទេ។ អ្នកដែលចង់បម្រើព្រះតាមរបៀបដែលលោកពេញចិត្ត ឥឡូវត្រូវតែក្លាយទៅជាអ្នកកាន់តាមគ្រិស្ត។
ដំណាលគ្នានោះ មានការប្រឆាំងកាន់តែខ្លាំងឡើង ហើយពួកសត្រូវចាប់ពួកអ្នកកាន់តាមដាក់គុក។ ប៉ុន្តែនៅពេលយប់ ទេវតារបស់ព្រះយេហូវ៉ាបានបើកទ្វារគុក ហើយប្រាប់ពួកអ្នកកាន់តាមឲ្យបន្តផ្សព្វផ្សាយ។ ព្រឹកឡើង ពួកគាត់បន្តផ្សព្វផ្សាយមែន។ ពួកគាត់បានចូលវិហារ ហើយចាប់ផ្ដើមបង្រៀនអំពីដំណឹងល្អស្តីអំពីលោកយេស៊ូ។ ពួកអ្នកប្រឆាំងខឹងខ្លាំងណាស់ ហើយបានបង្គាប់ពួកគាត់ឲ្យឈប់ផ្សព្វផ្សាយ។ ពួកសាវ័កតបឆ្លើយដោយចិត្តអង់អាចថា៖ «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។—សកម្មភាព ៥:២៨, ២៩
ការបៀតបៀនមានកាន់តែខ្លាំងឡើង។ ជនជាតិយូដាខ្លះបានចោទប្រកាន់ស្ទេផានជាអ្នកកាន់តាមថាបានប្រមាថព្រះ ហើយបានគប់ដុំថ្មសម្លាប់គាត់។ យុវជនម្នាក់ឈ្មោះសុលពីក្រុងតើសុសបានធ្វើជាសាក្សី ហើយពេញចិត្តនឹងឃាតកម្មនោះ។ រួចមក គាត់ទៅក្រុងដាម៉ាស់ដើម្បីចាប់អ្នកណាដែលកាន់តាមគ្រិស្ត។ កាលដែលសុលធ្វើដំណើរតាមផ្លូវ នោះស្រាប់តែមានពន្លឺពីលើមេឃចាំងជុំវិញគាត់ ហើយឮសំឡេងមួយបន្លឺមកថា៖ «សុល សុល ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?»។ សុលបានខ្វាក់ភ្នែកដោយសារពន្លឺនេះ ហើយបានសួរថា៖ «តើលោកម្ចាស់ជាអ្នកណា?»។ សំឡេងនោះបន្លឺថា៖ «ខ្ញុំគឺយេស៊ូ»។—សកម្មភាព ៩:៣-៥
បីថ្ងៃក្រោយមក លោកយេស៊ូបានចាត់អ្នកកាន់តាមម្នាក់ឈ្មោះអាណានាសឲ្យទៅធ្វើឲ្យភ្នែកសុលមើលឃើញវិញ។ សុលបានទទួលការជ្រមុជទឹក ហើយចាប់ផ្ដើមផ្សព្វផ្សាយអំពីលោកយេស៊ូដោយចិត្តក្លាហាន។ ក្រោយមក សុលបានត្រូវគេស្គាល់ថាជាសាវ័កប៉ូល ហើយបានក្លាយទៅជាសមាជិកម្នាក់ដែលមានចិត្តខ្នះខ្នែងក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក។
ពួកអ្នកកាន់តាមលោកយេស៊ូបានប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះដល់ជនជាតិយូដានិងជនជាតិសាម៉ារីប៉ុណ្ណោះ។ ឥឡូវទេវតាមួយរូបលេចមកឲ្យមេទាហានជាតិរ៉ូមឈ្មោះកូនេលាសឃើញ។ កូនេលាសជាអ្នកគោរពកោតខ្លាចព្រះ។ ទេវតានោះប្រាប់គាត់ឲ្យចាត់គេទៅហៅសាវ័កពេត្រុស។ ដោយមានអ្នកឯទៀតទៅជាមួយ នោះពេត្រុសបានផ្សព្វផ្សាយដល់កូនេលាសនិងក្រុមគ្រួសាររបស់គាត់។ កាលដែលពេត្រុសកំពុងនិយាយ នោះសកម្មពលបរិសុទ្ធបានសណ្ឋិតលើពួកអ្នកជឿដែលជាជនជាតិដទៃ ហើយសាវ័កនេះបានបង្គាប់ពួកគេឲ្យទទួលការជ្រមុជទឹកក្នុងនាមលោកយេស៊ូ។ ឥឡូវ ផ្លូវដែលនាំទៅជីវិតដែលគ្មានទីបញ្ចប់បានត្រូវបើកឲ្យមនុស្សគ្រប់ជាតិសាសន៍។ ក្រុមជំនុំបានត្រៀមខ្លួនផ្សព្វផ្សាយដំណឹងល្អដល់ទីកន្លែងជិតឆ្ងាយ។
—មានមូលដ្ឋានលើសៀវភៅសកម្មភាព ១:១–១១:២១។
-
-
កាលបរិច្ឆេទគម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
-
-
ថ្ងៃទី៦ ខែស៊ីវ៉ាន ឆ្នាំ៣៣ គ.ស. បុណ្យថ្ងៃទី៥០។ សកម្មពលបរិសុទ្ធបានត្រូវផ្ដល់ (ស៊ីវ៉ានគឺប្រហែលនឹងពាក់កណ្ដាលខែឧសភាដល់ពាក់កណ្ដាលខែមិថុនា)
ឆ្នាំ៣៦ គ.ស. កូនេលាសទៅជាគ្រិស្តសាសនិក
ប្រហែលឆ្នាំ៤៧-៤៨ គ.ស. ប៉ូលធ្វើដំណើរផ្សព្វផ្សាយជាលើកទី១
ប្រហែលឆ្នាំ៤៩-៥២ គ.ស. ប៉ូលធ្វើដំណើរផ្សព្វផ្សាយជាលើកទី២
ប្រហែលឆ្នាំ៥២-៥៦ គ.ស. ប៉ូលធ្វើដំណើរផ្សព្វផ្សាយជាលើកទី៣
-