បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ឱវាទអំពីជំនឿ ការប្រព្រឹត្ត និងសេចក្ដីស្រឡាញ់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • អ្នកសរសេរគម្ពីរម្នាក់កំពុងសរសេរសំបុត្រមួយដែលមានក្នុងគម្ពីរ

      ភាគ​២៥

      ឱវាទ​អំពី​ជំនឿ ការ​ប្រព្រឹត្ត និង​សេចក្ដី​ស្រឡាញ់

      យ៉ាកុប ពេត្រុស យ៉ូហាន និង​យូដាស​បាន​សរសេរ​សំបុត្រ​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ

      យ៉ាកុប​និង​យូដាស​ជា​ប្អូន​របស់​លោក​យេស៊ូ​ដោយ​មាន​ម្ដាយ​ជា​មួយ​ឪពុក​ទីទៃ។ ពេត្រុស​និង​យ៉ូហាន​នៅ​ក្នុង​ចំណោម​ពួក​សាវ័ក​១២​នាក់។ បុរស​បួន​នាក់​នេះ​បាន​សរសេរ​សំបុត្រ​៧​ច្បាប់ ដែល​មាន​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ សំបុត្រ​នីមួយ​ៗ​មាន​ឈ្មោះ​របស់​អ្នក​សរសេរ​នោះ។ ការ​ដាស់​តឿន​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​តែង​ដែល​មាន​ក្នុង​សំបុត្រ​ទាំង​នេះ គឺ​ដើម្បី​ជួយ​ពួក​គ្រិស្ត​សាសនិក​ឲ្យ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​ព្រះ​យេហូវ៉ា និង​ចំពោះ​រាជាណាចក្រ​របស់​ព្រះ។

      ចូរ​បង្ហាញ​ជំនឿ។ គ្រាន់​តែ​និយាយ​ថា​មាន​ជំនឿ គឺ​មិន​គ្រប់​គ្រាន់​ទេ។ ជំនឿ​ពិត​នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត។ យ៉ាកុប​បាន​សរសេរ​ថា៖ «ពិត​មែន​ហើយ ជំនឿ​ដែល​គ្មាន​ការ​ប្រព្រឹត្ត​គឺ​ស្លាប់​ហើយ»។ (យ៉ាកុប ២:២៦) ពេល​ជួប​ប្រទះ​ទុក្ខ​លំបាក ការ​ប្រព្រឹត្ត​ដោយ​មាន​ជំនឿ​ជួយ​យើង​ឲ្យ​ចេះ​ស៊ូ​ទ្រាំ។ ដើម្បី​ឲ្យ​អាច​ស៊ូ​ទ្រាំ​បាន នោះ​គ្រិស្ត​សាសនិក​ត្រូវ​សុំ​ប្រាជ្ញា​ពី​ព្រះ ដោយ​ជឿ​ជាក់​ថា ព្រះ​នឹង​ផ្ដល់​ប្រាជ្ញា​ឲ្យ​គាត់។ ការ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ (យ៉ាកុប ១:២​-​៦, ១២) ប្រសិនបើ​អ្នក​ដែល​គោរព​ព្រះ​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​ចំពោះ​លោក​ដោយ​មាន​ជំនឿ នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រព្រឹត្ត​តប​មក​វិញ​ដែរ។ យ៉ាកុប​និយាយ​ថា៖ «ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។—យ៉ាកុប ៤:៨

      ជំនឿ​របស់​គ្រិស្ត​សាសនិក​ត្រូវ​តែ​ខ្លាំង​ល្មម​ឲ្យ​គាត់​អាច​ទប់​ចិត្ត​មិន​ចុះ​ចាញ់​នឹង​សេចក្ដី​ល្បួង​និង​ឥទ្ធិពល​ដែល​ទាក់​ទាញ​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌។ ដោយ​សារ​ពួក​គេ​ត្រូវ​រស់​នៅ​ក្នុង​សង្គម​ពេញ​ទៅ​ដោយ​អំពើ​ប្រាសចាក​សីលធម៌ នោះ​យូដាស​ដាស់​តឿន​ពួក​អ្នក​រួម​ជំនឿ​ឲ្យ«តស៊ូ​ដើម្បី​ការពារ​ជំនឿ»។—យូដាស ៣

      ចូរ​កាន់​តាម​ខ្នាត​តម្រា​របស់​ព្រះ។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​ជា​មនុស្ស​បរិសុទ្ធ ពោល​គឺ​ស្អាត​ស្អំ​ក្នុង​គ្រប់​ការ​ទាំង​អស់។ ពេត្រុស​សរសេរ​ថា៖ «ចូរ​ក្លាយ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់ . . . ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា៖ ‹អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិសុទ្ធ ពី​ព្រោះ​ខ្ញុំ​[ព្រះ​យេហូវ៉ា]​បរិសុទ្ធ›»។ (ពេត្រុស​ទី១ ១:១៥, ១៦) មាន​គំរូ​មួយ​ដែល​សម​ឲ្យ​គ្រិស្ត​សាសនិក​យក​តម្រាប់​តាម។ ពេត្រុស​និយាយ​ថា៖ «គ្រិស្ត​បាន​រង​ទុក្ខ​ដើម្បី​អ្នក​រាល់​គ្នា ហើយ​ទុក​គំរូ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់»។ (ពេត្រុស​ទី​១ ២:​២១) ថ្វី​បើ​ពួក​គ្រិស្ត​សាសនិក​អាច​រង​ទុក្ខ​ពី​ព្រោះ​ពួក​គេ​កាន់​តាម​ខ្នាត​តម្រា​របស់​ព្រះ​ក៏​ដោយ ពួក​គេ​មិន​«ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស»​ពួក​គេ​ទេ។ (ពេត្រុស​ទី១ ៣:១៦, ១៧) ពេត្រុស​ដាស់​តឿន​ពួក​គ្រិស្ត​សាសនិក​ឲ្យ​ធ្វើ​ជា​មនុស្ស​ដែល​មាន​ការ​ប្រព្រឹត្ត​បរិសុទ្ធ ហើយ​ធ្វើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ កាល​ដែល​រង់​ចាំ​ថ្ងៃ​ព្រះ​វិនិច្ឆ័យ​ទោស​និង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា ដែល​ទី​នោះ«សេចក្ដី​សុចរិត​នឹង​ស្ថិតស្ថេរ​ជា​ដរាប»។—ពេត្រុស​ទី២ ៣:១១​-​១៣

      «ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ»។—យ៉ាកុប ៤:៨

      ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់។ យ៉ូហាន​សរសេរ​ថា៖ «ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់»។ សាវ័ក​នេះ​បញ្ជាក់​ថា ព្រះ​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​លោក ដោយ​ចាត់​លោក​យេស៊ូ«ឲ្យ​ធ្វើ​ជា​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្តភាព​រវាង​យើង​និង​ព្រះ»។ តើ​ពួក​គ្រិស្ត​សាសនិក​ត្រូវ​ប្រព្រឹត្ត​តប​ទៅ​វិញ​យ៉ាង​ដូច​ម្ដេច? យ៉ូហាន​ពន្យល់​ថា៖ «បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ប្រសិនបើ​ព្រះ​បាន​ស្រឡាញ់​យើង​យ៉ាង​នេះ យើង​ទាំង​អស់​គ្នា​ក៏​មាន​កាតព្វកិច្ច​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ»។ (យ៉ូហាន​ទី១ ៤:៨​-​១១) វិធី​មួយ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ គឺ​ចេះ​ទទួល​ស្វាគមន៍​បង​ប្អូន​រួម​ជំនឿ​យ៉ាង​រាក់​ទាក់។—យ៉ូហាន​ទី៣ ៥​-​៨

      ប៉ុន្តែ តើ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ព្រះ​យ៉ាង​ដូច​ម្ដេច? យ៉ូហាន​ឆ្លើយ​ថា៖ «ការ​ស្រឡាញ់​ព្រះ មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ»។ (យ៉ូហាន​ទី១ ៥:៣; យ៉ូហាន​ទី២ ៦) ដូច្នេះ​ហើយ អ្នក​ដែល​ស្ដាប់​បង្គាប់​តាម​ព្រះ នោះ​ដឹង​ប្រាកដ​ថា ព្រះ​នឹង​បន្ត​ស្រឡាញ់​ពួក​គេ«ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់»។—យូដាស ២១

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​យ៉ាកុប ពេត្រុស​ទី១ ពេត្រុស​ទី​២ យ៉ូហាន​ទី១ យ៉ូហាន​ទី២ យ៉ូហាន​ទី៣ និង​យូដាស។

      • តើ​គ្រិស្ត​សាសនិក​អាច​បង្ហាញ​ជំនឿ​យ៉ាង​ដូច​ម្ដេច?

      • តើ​ព្រះ​តម្រូវ​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​លោក​ប្រព្រឹត្ត​យ៉ាង​ណា?

      • តើ​មនុស្ស​ម្នាក់​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​គាត់​ពិត​ជា​ស្រឡាញ់​ព្រះ?

  • ផែនដីក្លាយទៅជាសួនឧទ្យាន!
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • លោកយេស៊ូកំពុងអង្គុយលើបល្ល័ង្កជាស្ដេចរាជាណាចក្រ

      ភាគ​២៦

      ផែន​ដី​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន!

      តាម​រយៈ​រាជាណាចក្រ​របស់​ព្រះ​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​នាម​លោក​បាន​បរិសុទ្ធ ហើយ​ស​ឲ្យ​ឃើញ​ថា​សិទ្ធិ​គ្រប់​គ្រង​របស់​លោក​គឺ​ត្រឹម​ត្រូវ ព្រម​ទាំង​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់

      សៀវភៅ​ចុង​ក្រោយ​ក្នុង​គម្ពីរ​ដែល ហៅ​ថា​ការ​បើក​បង្ហាញ ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​មនុស្ស​ជាតិ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​សៀវភៅ​នេះ។ សៀវភៅ​នេះ​បញ្ជាក់​ពី​អ្វី​ដែល​ព្រះ​បើក​បង្ហាញ​ឲ្យ​យ៉ូហាន​ឃើញ​ក្នុង​គំនិត​ស្តី​អំពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​នៅ​អនាគត ដែល​នឹង​នាំ​ទៅ​ដល់​ការ​សម្រេច​នៃ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។

      អ្វី​ដែល​យ៉ូហាន​ឃើញ​ក្នុង​គំនិត​មុន​ដំបូង គឺ​លោក​យេស៊ូ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ លោក​សរសើរ ហើយ​កែ​តម្រង់​ក្រុម​ជំនុំ​មួយ​ចំនួន។ អ្វី​ដែល​គាត់​ឃើញ​ក្នុង​គំនិត​ជា​បន្ទាប់​គឺ​បល្ល័ង្ក​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ ហើយ​មាន​បុគ្គល​វិញ្ញាណ​ជា​ច្រើន​កំពុង​សរសើរ​លោក។

      កាល​ដែល​បំណង​ប្រាថ្នា​របស់​ព្រះ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច នោះ​កូន​ចៀម ពោល​គឺ​លោក​យេស៊ូ​គ្រិស្ត ទទួល​រមូរ​ដែល​បាន​ត្រូវ​បិទ​ដោយ​ត្រា​៧។ កាល​ដែល​បក​ត្រា​បួន​ដំបូង មាន​អ្នក​ជិះ​សេះ​ជា​និមិត្តរូប​ចេញ​មក​ក្នុង​ឆាក​ពិភព​លោក។ អ្នក​ជិះ​សេះ​ទី​១ គឺ​លោក​យេស៊ូ លោក​ជិះ​សេះ​សម្បុរ​ស ហើយ​ទទួល​មកុដ។ បន្ទាប់​មក មាន​អ្នក​ជិះ​សេះ​សម្បុរ​ផ្សេង​ៗ ដែល​តំណាង​សង្គ្រាម ការ​អត់​ឃ្លាន និង​រោគ​រាតត្បាត ហើយ​ការ​ទាំង​អស់​នេះ​កើត​ឡើង​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ។ ពេល​ដែល​បក​ត្រា​ទី​៧​មាន​គេ​ផ្លុំ​ត្រែ​៧​ជា​និមិត្តរូប ដែល​តំណាង​ការ​ប្រកាស​អំពី​សេចក្ដី​វិនិច្ឆ័យ​របស់​ព្រះ។ នេះ​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​៧​ជា​និមិត្តរូប ឬ​ការ​សម្ដែង​កំហឹង​របស់​ព្រះ។

      រាជាណាចក្រ​របស់​ព្រះ​ដែល​ត្រូវ​តំណាង​ដោយ​កូន​ប្រុស​ទើប​នឹង​កើត បាន​ត្រូវ​ស្ថាបនា​នៅ​ស្ថាន​សួគ៌។ សង្គ្រាម​ក៏​ផ្ទុះ​ឡើង ហើយ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បាន​ត្រូវ​ទម្លាក់​មក​ផែន​ដី។ មាន​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ថា៖ «វេទនា​ដល់​ផែន​ដី»។ មេ​កំណាច​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច។—ការ​បើក​បង្ហាញ ១២:១២

      យ៉ូហាន​ឃើញ​លោក​យេស៊ូ​តំណាង​ដោយ​កូន​ចៀម​នៅ​ស្ថាន​សួគ៌ ហើយ​មាន​១៤៤.០០០​នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​មនុស្ស​ជាតិ។ អ្នក​ទាំង​នេះ«នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង»​លោក​យេស៊ូ។ ដូច្នេះ សៀវភៅ​ការ​បើក​បង្ហាញ បញ្ជាក់​ថា​សមាជិក​បន្ទាប់​នៃ​ពូជ​ដែល​បាន​ត្រូវ​សន្យា​នឹង​មាន​១៤៤.០០០​នាក់។—ការ​បើក​បង្ហាញ ១៤:១; ២០:៦

      ពួក​អ្នក​គ្រប់​គ្រង​នៅ​ផែន​ដី​ប្រមូល​គ្នា​ទៅ​ហាម៉ាគេដូន ពោល​គឺ​«សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត»។ ពួក​គេ​ច្បាំង​នឹង​បុគ្គល​ដែល​ជិះ​សេះ​សម្បុរ​ស ពោល​គឺ​លោក​យេស៊ូ​ដែល​ដឹក​នាំ​កង​ទ័ព​នៅ​ស្ថាន​សួគ៌។ ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​នឹង​ត្រូវ​បំផ្លាញ​ចោល។ សាថាន​នឹង​ត្រូវ​ចាប់​ចង និង​លោក​យេស៊ូ​និង​ពួក​១៤៤.០០០​នាក់​នឹង​គ្រប់​គ្រង​មក​លើ​ផែន​ដី«អស់​មួយ​ពាន់​ឆ្នាំ»។ នៅ​ទី​បញ្ចប់​នៃ​មួយ​ពាន់​ឆ្នាំ​នោះ សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល។—ការ​បើក​បង្ហាញ ១៦:១៤; ២០:៤

      តើ​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ​របស់​គ្រិស្ត​និង​ពួក​អ្នក​រួម​គ្រប់​គ្រង​នឹង​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់? យ៉ូហាន​សរសេរ​ថា៖ «[ព្រះ​យេហូវ៉ា]​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ»។ (ការ​បើក​បង្ហាញ ២១:៤) ផែន​ដី​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន!

      ដូច្នេះ សៀវភៅ​ការ​បើក​បង្ហាញ​បង្ហើយ​ការ​ពន្យល់​នូវ​ប្រធាន​បទ​នៃ​គម្ពីរ​បរិសុទ្ធ។ តាម​រយៈ​រាជាណាចក្រ​នៃ​មេស្ស៊ី នោះ​នាម​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ការ​គ្រប់​គ្រង​របស់​លោក​នឹង​ត្រូវ​ស​ឲ្យ​ឃើញ​ថា​ត្រឹម​ត្រូវ​ជា​រៀង​រហូត!

      —មាន​មូលដ្ឋាន​លើ​សៀវភៅ​ការ​បើក​បង្ហាញ។

      • តើ​ពួក​អ្នក​ជិះ​សេះ​ជា​តំណាង​អ្វី?

      • តើ​មាន​ព្រឹត្ដិការណ៍​អ្វី​កើត​ឡើង​កាល​ដែល​បំណង​ប្រាថ្នា​របស់​ព្រះ​ឆ្ពោះ​ទៅ​រក​ការ​សម្រេច?

      • តើ​ហាម៉ាគេដូន​ជា​អ្វី? តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?

      «បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា»

      នៅ​ក្នុង​សៀវភៅ​ការ​បើក​បង្ហាញ សាសនា​មិន​ពិត​ទាំង​អស់ ពោល​គឺ​សាសនា​ណា​ដែល​ប្រឆាំង​ព្រះ​ដ៏​ពិត គឺ​ជា«មេ​ស្ត្រី​ពេស្យា»។ នាង​បាន​ត្រូវ​ហៅ​ថា«បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា» ហើយ​នាង​លក់​ខ្លួន​ដូច​ស្ត្រី​ពេស្យា​ដើម្បី​បាន​ប្រយោជន៍​ពី​រដ្ឋាភិបាល​នានា​នៅ​លើ​ផែន​ដី។ សៀវភៅ​ការ​បើក​បង្ហាញ​ចែង​ថា នៅ​គ្រា​កំណត់​របស់​ព្រះ​យេហូវ៉ា រដ្ឋាភិបាល​ទាំង​នេះ​នឹង​បែរ​មក​ប្រឆាំង​ស្ត្រី​ពេស្យា​នោះ​ហើយ​បំផ្លាញ​ចោល​តែ​ម្ដង។—ការ​បើក​បង្ហាញ ១៧:១​-​៥, ១៦, ១៧

  • ប្រធានបទនៃគម្ពីរបរិសុទ្ធ សេចក្ដីសង្ខេប
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
    • មនុស្សកំពុងរីករាយទទួលពរពីការគ្រប់គ្រងនៃរាជាណាចក្រព្រះនៅផែនដីសួនឧទ្យាន

      ប្រធានបទ​នៃ​គម្ពីរ​បរិសុទ្ធ

      1. ព្រះ​យេហូវ៉ា​បង្កើត​អាដាម​និង​អេវ៉ា​ឲ្យ​មាន​ជីវិត​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ សាថាន​និយាយ​បង្កាច់​បង្ខូច​នាម​របស់​ព្រះ ហើយ​ចោទ​ប្រកាន់​លើ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក។ អាដាម​និង​អេវ៉ា​ចូល​រួម​ជា​មួយ​នឹង​សាថាន ហើយ​បះបោរ​ប្រឆាំង​ព្រះ នាំ​ឲ្យ​ពួក​គេ​និង​កូន​ចៅ​មាន​អំពើ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់

      2. ព្រះ​យេហូវ៉ា​កាត់​ទោស​ពួក​អ្នក​បះបោរ ហើយ​សន្យា​ថា​នឹង​មាន​អ្នក​សង្គ្រោះ​ម្នាក់ ឬ​ពូជ ដែល​នឹង​មក​កិន​ក្បាល​សាថាន ហើយ​បំបាត់​ចោល​ផល​វិបាក​ទាំង​អស់​ដែល​កើត​ចេញ​ពី​ការ​បះបោរ​និង​ភាព​ខុស​ឆ្គង

      3. ព្រះ​យេហូវ៉ា​សន្យា​នឹង​អាប្រាហាំ​និង​ដាវីឌ ថា​ពួក​គេ​នឹង​ទៅ​ជា​បុព្វ​បុរស​នៃ​ពូជ ឬ​មេស្ស៊ី ដែល​នឹង​គ្រប់​គ្រង​ជា​ស្តេច​ជា​រៀង​រហូត

      4. ព្រះ​យេហូវ៉ា​ដឹក​នាំ​អ្នក​ប្រកាស​ទំនាយ​ឲ្យ​ទាយ​ថា​មេស្ស៊ី​នឹង​បំបាត់​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ដោយ​មាន​អ្នក​ឯ​ទៀត​គ្រប់​គ្រង​ជា​មួយ​នឹង​លោក នោះ​លោក​នឹង​គ្រប់​គ្រង​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ ដែល​នឹង​ធ្វើ​ឲ្យ​លែង​មាន​សង្គ្រាម ជំងឺ សូម្បី​តែ​សេចក្ដី​ស្លាប់​ក៏​នឹង​លែង​មាន​ដែរ

      5. ព្រះ​យេហូវ៉ា​ចាត់​បុត្រ​លោក​មក​ផែន​ដី ហើយ​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី។ លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ ហើយ​ឲ្យ​ជីវិត​លោក​ទុក​ជា​គ្រឿង​បូជា។ រួច​មក ព្រះ​យេហូវ៉ា​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ

      6. ព្រះ​យេហូវ៉ា​តាំង​បុត្រ​លោក​ជា​ស្តេច​នៅ​ស្ថាន​សួគ៌ ហើយ​នោះ​បញ្ជាក់​ថា​គ្រា​ចុង​ក្រោយ​បង្អស់​នៃ​របៀប​របប​ពិភព​លោក​នេះ​ បាន​ចាប់​ផ្ដើម​ហើយ។ លោក​យេស៊ូ​ដឹក​នាំ ​ពួក​អ្នក​កាន់​តាម​លោក កាល​ដែល​ពួក​គេ ​ផ្សព្វ​ផ្សាយ​រាជាណាចក្រ ​របស់​ព្រះ​នៅ​ទូ​ទាំង ផែន​ដី

      7. ព្រះ​យេហូវ៉ា​បង្គាប់​បុត្រ​លោក​ឲ្យ​ចាប់​ផ្ដើម​គ្រប់​គ្រង​ផែន​ដី​តាម​រយៈ​រាជាណាចក្រ។ រាជាណាចក្រ​នេះ​នឹង​កម្ទេច​ចោល​រដ្ឋាភិបាល​ទាំង​អស់ ហើយ​រៀប​ចំ​សួន​ឧទ្យាន ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ស្មោះ​ត្រង់​មាន​ភាព​ល្អ​ឥត​ខ្ចោះ។ សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ថា​ត្រឹម​ត្រូវ ហើយ​នាម​របស់​លោក​បាន​ត្រូវ​ធ្វើ​ឲ្យ​បរិសុទ្ធ​ជា​រៀង​រហូត

  • កាលបរិច្ឆេទ
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
      1. ឆ្នាំ​៦៦ គ.ស. ជន​ជាតិ​យូដា​បះបោរ​ប្រឆាំង​រ៉ូម

      2. ឆ្នាំ​៧០ គ.ស. រ៉ូម​បំផ្លាញ​ចោល​ក្រុង​យេរូសាឡិម​និង​វិហារ

      3. ប្រហែល​ឆ្នាំ​៩៦ គ.ស. យ៉ូហាន​សរសេរ​សៀវភៅ​ការបើកបង្ហាញ

      4. ប្រហែល​ឆ្នាំ​១០០ គ.ស. យ៉ូហាន​ជា​សាវ័ក​ដែល​រស់​យូរ​ជាង​គេ ស្លាប់

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក