បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើសេចក្ដីពិតក្នុងគម្ពីរបានត្រូវរកឃើញម្ដងទៀតយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​៣

      តើ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​បាន​ត្រូវ​រក​ឃើញ​ម្ដង​ទៀត​យ៉ាង​ដូច​ម្ដេច?

      បុរសមួយក្រុមកំពុងសិក្សាគម្ពីរនៅទសវត្សរ៍នៃឆ្នាំ១៨៧០

      និស្សិត​គម្ពីរ​នា​ទសវត្សរ៍​នៃ​ឆ្នាំ​១៨៧០

      បុរសម្នាក់កំពុងអានទស្សនាវដ្ដីប៉មយាមទី១

      ទស្សនាវដ្ដី​ប៉មយាម លេខ​ទី​១ ឆ្នាំ​១៨៧៩

      ស្ដ្រីម្នាក់កំពុងកាន់ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រលឹក!

      ទស្សនាវដ្ដី​ប៉មយាម​សព្វ​ថ្ងៃ​នេះ

      គម្ពីរ​បាន​ទាយ​ថា ក្រោយ​មរណភាព​របស់​គ្រិស្ត គ្រូ​ក្លែង​ក្លាយ​នឹង​លេច​មក​ក្នុង​ចំណោម​គ្រិស្ត​សាសនិក​សម័យ​ដើម ហើយ​បង្ខូច​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ (​សកម្មភាព ២០:២៩, ៣០​) ក្រោយ​មក​រឿង​នេះ​បាន​កើត​ឡើង​មែន។ ពួក​គេ​បាន​លាយឡំ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ជា​មួយ​នឹង​គំនិត​របស់​អ្នក​ដែល​មិន​កាន់​គ្រិស្ត​សាសនា ហើយ​គ្រិស្ត​សាសនា​ក្លែង​ក្លាយ​ក៏​បាន​ចម្រើន​ឡើង។ (​ធីម៉ូថេទី២ ៤:៣, ៤​) សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​ប្រាកដ​ថា យើង​មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ​អំពី​អ្វី​ដែល​គម្ពីរ​ពិត​ជា​បង្រៀន​ឬ​ទេ?

      ពេល​វេលា​ដែល​ព្រះ​យេហូវ៉ា​បាន​កំណត់​ដើម្បី​បើក​បង្ហាញ​សេចក្ដី​ពិត​បាន​មក​ដល់។ លោក​បាន​ទាយ​ថា ក្នុង​អំឡុង​‹គ្រា​ចុង​បំផុត ចំណេះ​ពិត​នឹង​បាន​ចម្រើន​ឡើង›។ (​ដានីយ៉ែល ១២:៤​) នៅ​ឆ្នាំ​១៨៧០ ក្រុម​តូច​មួយ​ដែល​ជា​អ្នក​ស្វែងរក​សេចក្ដី​ពិត បាន​ទទួល​ស្គាល់​ថា សេចក្ដី​បង្រៀន​ជា​ច្រើន​របស់​គ្រិស្ត​សាសនា​មិន​ស្រប​នឹង​គម្ពីរ​ទេ។ ហេតុ​នេះ ពួក​គាត់​ចាប់​ផ្ដើម​ស្រាវជ្រាវ​ដើម្បី​យល់​អត្ថន័យ​ដើម​ក្នុង​គម្ពីរ ហើយ​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គាត់​ឲ្យ​យល់​បទ​គម្ពីរ។

      បុរស​ដែល​មាន​ចិត្ត​ស្មោះ​បាន​សិក្សា​គម្ពីរ​យ៉ាង​ហ្មត់​ចត់។ នៅ​សម័យ​នោះ សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ហៅ​ថា​និស្សិត​គម្ពីរ។ ពួក​អ្នក​មាន​ចិត្ត​ស្មោះ​ទាំង​នោះ​បាន​ខំ​រក​វិធី​សិក្សា​ដើម្បី​យល់​បទ​គម្ពីរ ហើយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​យើង​នៅ​តែ​ប្រើ​វិធី​ដែល​ពួក​គាត់​បាន​រក​ឃើញ។ ពួក​គាត់​ពិភាក្សា​គម្ពីរ​ពី​ប្រធានបទ​មួយ​ទៅ​ប្រធានបទ​មួយ។ កាល​ណា​ពួក​គាត់​មាន​ខ​គម្ពីរ​ដែល​ពិបាក​យល់ ពួក​គាត់​រក​មើល​ខ​គម្ពីរ​ឯ​ទៀត​ដែល​ជួយ​ឲ្យ​យល់​ខ​នោះ។ ពេល​ដែល​ការ​សន្និដ្ឋាន​របស់​ពួក​គាត់​ស្រប​នឹង​បទ​គម្ពីរ​ឯ​ទៀត នោះ​ពួក​គាត់​កត់​ទុក។ ដោយ​ឲ្យ​គម្ពីរ​បក​ស្រាយ​ខ្លួន​ឯង នោះ​ពួក​គាត់​បាន​រក​ឃើញ​សេចក្ដី​ពិត​អំពី​នាម រាជាណាចក្រ និង​គោល​បំណង​របស់​លោក​ចំពោះ​មនុស្ស​ជាតិ​និង​ផែនដី ថែម​ទាំង​អំពី​ស្ថានភាព​របស់​មនុស្ស​ស្លាប់ និង​សេចក្ដី​សង្ឃឹម​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ការ​រក​ឃើញ​របស់​ពួក​គាត់​បាន​ជួយ​ពួក​គាត់​ឲ្យ​រួច​ផុត​ពី​ជំនឿ​និង​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​ជា​ច្រើន។—យ៉ូហាន ៨:៣១, ៣២

      នៅ​ឆ្នាំ​១៨៧៩ និស្សិត​គម្ពីរ​បាន​ដឹង​ថា ពេល​វេលា​ដែល​ត្រូវ​ប្រកាស​សេចក្ដី​ពិត​ឲ្យ​បាន​ឮ​សុសសាយ​បាន​មក​ដល់​ហើយ។ ដូច្នេះ នៅ​ឆ្នាំ​នោះ ពួក​គាត់​បាន​ចាប់​ផ្ដើម​បង្កើត​ទស្សនាវដ្ដី​ដែល​យើង​បោះពុម្ព​ផ្សាយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ទស្សនាវដ្ដី​ប៉មយាម ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ ឥឡូវ​នេះ យើង​កំពុង​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ពី​គម្ពីរ​ដល់​មនុស្ស​នៅ​២៤០​ប្រទេស និង​ជាង​៧៥០​ភាសា។ ជាង​ពេល​មុន​ៗ​ទៅ​ទៀត ចំណេះ​ពិត​មាន​ច្រើន​ជា​បរិបូរ​មែន!

      • ក្រោយ​មរណភាព​របស់​គ្រិស្ត តើ​មាន​អ្វី​កើត​ឡើង​ដល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ?

      • តើ​អ្វី​បាន​ជួយ​យើង​ឲ្យ​រក​ឃើញ​ម្ដង​ទៀត​នូវ​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ?

  • ហេតុអ្វីយើងមានសេចក្ដីបកប្រែពិភពលោកថ្មី?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​៤

      ហេតុ​អ្វី​យើង​មាន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី?

      ម៉ាស៊ីនបោះពុម្ពចាស់មួយ
      សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធចេញជាលើកដំបូង
      មនុស្សកំពុងមើលសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធនៅប្រទេសកុងហ្គោ (គិនសាសា)

      កុងហ្គោ (​គិនសាសា​)

      សេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធចេញជាភាសារ្វ៉ាន់ដា

      រ្វ៉ាន់ដា

      បំណែកស៊ីមម៉ាខឹស ដែលមាននាមរបស់ព្រះ

      បំណែក​ស៊ីមម៉ាខឹស ដែល​មាន​នាម​របស់​ព្រះ​នៅ​ទំនុកតម្កើង ៦៩:៣១ នៅ​សតវត្សរ៍​ទី​៣​ឬ​ទី​៤ គ.ស.

      អស់​រាប់​ឆ្នាំ​ហើយ ដែល​សាក្សី​ព្រះ​យេហូវ៉ា​បាន​ប្រើ បាន​បោះពុម្ព និង​បាន​ចែក​សេចក្ដី​បក​ប្រែ​ផ្សេង​ៗ​នៃ​គម្ពីរ។ ប៉ុន្តែ​ក្រោយ​មក យើង​ដឹង​ថា យើង​ត្រូវ​បង្កើត​សេចក្ដី​បក​ប្រែ​ថ្មី​ដែល​នឹង​ជួយ​មនុស្ស​ឲ្យ​មាន​«​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»​ដែល​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​ចំពោះ​មនុស្ស​គ្រប់​រូប។ (​ធីម៉ូថេទី១ ២:៣, ៤​) អាស្រ័យ​ហេតុ​នេះ នៅ​ឆ្នាំ​១៩៥០ យើង​បាន​ចាប់​ផ្ដើម​ចេញ​ផ្នែក​ផ្សេង​ៗ​នៃ​គម្ពីរ​របស់​យើង​ជា​ភាសា​អង់គ្លេស ពោល​គឺ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។ យើង​បាន​បក​ប្រែ​គម្ពីរ​នោះ​យ៉ាង​ស្មោះ​ត្រង់ និង​យ៉ាង​ត្រឹម​ត្រូវ​ជាង​១៣០​ភាសា។

      ត្រូវ​មាន​គម្ពីរ​មួយ​ដែល​ស្រួល​យល់។ យូរ​ៗ​ទៅ​ភាសា​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​សេចក្ដី​បក​ប្រែ​ជា​ច្រើន​មាន​ពាក្យ​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ស្គាល់ ឬ​ហួស​សម័យ​ដែល​ពិបាក​យល់។ ម្យ៉ាង​ទៀត គេ​បាន​រក​ឃើញ​ឯកសារ​ពី​សម័យ​បុរាណ​ដែល​ត្រឹម​ត្រូវ ជិត​ដូច​ច្បាប់​ដើម​ជាង ដែល​ធ្វើ​ឲ្យ​ងាយ​យល់​បទ​គម្ពីរ​ជា​ភាសា​ហេប្រឺ អារ៉ាម និង​ក្រិច។

      ត្រូវ​មាន​សេចក្ដី​បក​ប្រែ​មួយ​ដែល​ត្រឹម​ត្រូវ​ស្រប​តាម​បណ្ដាំ​របស់​ព្រះ។ ជា​ជាង​ផ្លាស់​ប្ដូរ​អ្វី​ៗ​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ អ្នក​បក​ប្រែ​គម្ពីរ​គួរតែ​បក​ប្រែ​យ៉ាង​ស្មោះ​ត្រង់​ទៅ​តាម​ច្បាប់​ដើម។ ក៏​ប៉ុន្តែ សេចក្ដី​បក​ប្រែ​ភាគ​ច្រើន​មិន​ប្រើ​នាម​របស់​ព្រះ គឺ​យេហូវ៉ា​នៅ​ក្នុង​បទ​គម្ពីរ​បរិសុទ្ធ​ទេ។

      ត្រូវ​មាន​គម្ពីរ​មួយ​ដែល​លើក​កិត្ដិយស​ព្រះ​ដែល​ជា​អ្នក​និពន្ធ​គម្ពីរ។ ​(​សាំយូអែល​ទី​២ ២៣:២​) ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី នាម​យេហូវ៉ា​បាន​ត្រូវ​ដាក់​នៅ​កន្លែង​ដើម​វិញ​ដែល​មាន​ជិត​៧.០០០​ដង​ក្នុង​ឯកសារ​គម្ពីរ​ដែល​ចាស់​ជាង​គេ ដូច​រូបភាព​ខាង​ក្រោម​នេះ​បញ្ជាក់។ (​ទំនុកតម្កើង ៨៣:១៨​) គម្ពីរ​នេះ គឺ​គួរ​ឲ្យ​ចង់​អាន ព្រោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ទស្សនៈ​របស់​ព្រះ ហើយ​នេះ​ជា​លទ្ធផល​ដែល​មក​ពី​ការ​ព្យាយាម​ស្រាវជ្រាវ​អស់​ជា​ច្រើន​ឆ្នាំ។ ទោះ​ជា​លោក​អ្នក​មាន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​របស់​លោក​អ្នក​ឬ​មិន​មាន​ក៏​ដោយ យើង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​អាន​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ។—យ៉ូស្វេ ១:៨; ទំនុកតម្កើង ១:២, ៣

      • ហេតុ​អ្វី​បាន​ជា​យើង​សន្និដ្ឋាន​ថា ការ​បក​ប្រែ​ថ្មី​នៃ​គម្ពីរ​គឺ​ចាំ​បាច់?

      • សម្រាប់​អ្នក​ដែល​ចង់​រៀន​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ តើ​គួរ​មាន​ទម្លាប់​ល្អ​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​ប្រចាំ​ថ្ងៃ?

      ដើម្បី​រៀន​ថែម​ទៀត

      សូម​អាន​បុព្វកថា​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ហើយ​សូម​ឆ្លើយ​សំណួរ ​«​តើ​គណៈកម្មាធិការ​ខាង​ការ​បក​ប្រែ​មាន​ភារកិច្ច​ដ៏​សំខាន់​អ្វី​ក្នុង​ការ​បក​ប្រែ​គម្ពីរ​នេះ?​»។ បន្ទាប់​មក សូម​ប្រៀប​ធៀប​ការ​បក​ប្រែ​ខ​គម្ពីរ​ដូច​ខាង​ក្រោម​នេះ​ជា​មួយ​នឹង​ការ​បក​ប្រែ​ផ្សេង​ទៀត​ដែល​លោក​អ្នក​ប្រហែលជា​មាន: ម៉ាថាយ ៥:៣; លូកា ២៣:៤៣; សកម្មភាព ២:៣៤; រ៉ូម ១០:១៣; ១៣:១; កូរិនថូសទី១ ១១:២៤

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក