បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើលោកអ្នកនឹងឃើញអ្វីខ្លះនៅកិច្ចប្រជុំគ្រិស្តសាសនិករបស់យើង?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​៥

      តើ​លោក​អ្នក​នឹង​ឃើញ​អ្វី​ខ្លះ​នៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​របស់​យើង?

      សាក្សីព្រះយេហូវ៉ានៅឯសាលប្រជុំក្នុងប្រទេសអាហ្សង់ទីន

      អាហ្សង់ទីន

      កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាក្នុងប្រទេសសេរ៉ាឡេអូន

      សេរ៉ាឡេអូន

      កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាក្នុងប្រទេសបែលស៊ិច

      បែលស៊ិច

      កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាក្នុងប្រទេសម៉ាឡេស៊ី

      ម៉ាឡេស៊ី

      មនុស្ស​ជា​ច្រើន​ឈប់​ចូល​រួម​ក្នុង​សកម្មភាព​ខាង​សាសនា​ទៀត ដោយ​សារ​ពួក​គេ​មិន​បាន​ទទួល​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​បំផុត​ក្នុង​ជីវិត​ឬ​មិន​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ឡើយ។ បើ​ដូច្នេះ ហេតុ​អ្វី​លោក​អ្នក​គួរ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​ដែល​បាន​រៀបចំ​ឡើង​ដោយ​សាក្សី​ព្រះ​យេហូវ៉ា? តើ​លោក​អ្នក​នឹង​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ?

      លោក​អ្នក​នឹង​រីករាយ​ក្នុង​ចំណោម​មនុស្ស​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​លោក​អ្នក។ នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​បាន​ត្រូវ​រៀបចំ​ជា​ក្រុម​ជំនុំ​ផ្សេង​ៗ ហើយ​ពួក​គាត់​មាន​កិច្ច​ប្រជុំ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ ដើម្បី​រៀន​គម្ពីរ និង​ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​ហេប្រឺ ១០:២៤, ២៥​) ពួក​គាត់​បាន​ប្រជុំ​គ្នា​នៅ​ក្នុង​បរិយាកាស​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​ពួក​គាត់​មាន​អារម្មណ៍​ថា ខ្លួន​នៅ​ក្នុង​ចំណោម​មិត្ត​ជិត​ស្និទ្ធ ពោល​គឺ​បង​ប្អូន​រួម​ជំនឿ។ (​ថែស្សាឡូនិច​ទី​២ ១:៣; យ៉ូហានទី៣ ១៤​) សព្វ​ថ្ងៃ​នេះ យើង​ធ្វើ​តាម​គំរូ​បង​ប្អូន​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ហើយ​យើង​ក៏​មាន​ចិត្ត​រីករាយ​ដូច​ពួក​គាត់​ដែរ។

      លោក​អ្នក​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ធ្វើ​តាម​គោលការណ៍​ក្នុង​គម្ពីរ។ ដូច​នៅ​សម័យ​គម្ពីរ បុរស ស្ត្រី និង​កូន​ក្មេង​ត្រូវ​ចូល​រួម​ប្រជុំ​ជា​មួយ​គ្នា។ ពួក​អ្នក​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ក្នុង​ការ​បង្រៀន ពួក​គាត់​ប្រើ​គម្ពីរ​ដើម្បី​ជួយ​យើង​ឲ្យ​ចេះ​វែក​ញែក​របៀប​ធ្វើ​តាម​គោលការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ (​ចោទិយកថា ៣១:១២; នេហេមា ៨:៨​) កាល​ដែល​បង​ប្អូន​ទាំង​អស់​ចូល​រួម​ឆ្លើយ និង​ច្រៀង​ចម្រៀង នោះ​ជា​ឱកាស​ដែល​យើង​អាច​បញ្ជាក់​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​គ្រិស្ត​សាសនិក។—ហេប្រឺ ១០:២៣

      លោក​អ្នក​នឹង​ទទួល​ពរ​គឺ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​ព្រះ។ នៅ​សម័យ​សាវ័ក​ប៉ូល គាត់​បាន​ប្រាប់​ក្រុម​ជំនុំ​មួយ​ថា​៖ ​«​ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ . . . ដើម្បី​យើង​ម្នាក់​ៗ​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​របស់​យើង គឺ​ជំនឿ​របស់​អ្នក​រាល់​គ្នា និង​ជំនឿ​របស់​ខ្ញុំ​»។ (​រ៉ូម ១:១១, ១២​) នៅ​កិច្ច​ប្រជុំ កាល​ដែល​យើង​ជួប​ជុំ​គ្នា​ជា​មួយ​បង​ប្អូន​រួម​ជំនឿ នោះ​អាច​ពង្រឹង​ជំនឿ​និង​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង ដើម្បី​រស់​នៅ​ស្រប​តាម​គោលការណ៍​ក្នុង​គម្ពីរ។

      ដូច្នេះ យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​លើក​ក្រោយ ហើយ​ពិសោធ​នូវ​អ្វី​ៗ​ទាំង​នេះ​ដោយ​ខ្លួន​លោក​អ្នក​ផ្ទាល់។ លោក​អ្នក​នឹង​ត្រូវ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ។ កិច្ច​ប្រជុំ​ទាំង​អស់​គឺ​ឥត​គិត​ថ្លៃ ដោយ​គ្មាន​ការ​រៃ​អង្គាស​លុយ​ឡើយ។

      • តើ​កិច្ច​ប្រជុំ​របស់​យើង​ធ្វើ​តាម​គំរូ​អ្វី?

      • បើ​យើង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ?

      ដើម្បី​រៀន​ថែម​ទៀត

      បើ​លោក​អ្នក​ចង់​មើល​ខាង​ក្នុង​សាល​ប្រជុំ​ដែល​នៅ​ក្នុង​តំបន់​របស់​លោក​អ្នក សុំ​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ឲ្យ​ជួយ​នាំ​លោក​អ្នក​ទៅ​ទី​នោះ ដើម្បី​បង្ហាញ​សាល​ប្រជុំ មុន​ពេល​ដែល​លោក​អ្នក​មក​ចូល​រួម​កិច្ច​ប្រជុំ។

  • តើការសេពគប់គ្រិស្តសាសនិករួមជំនឿជួយយើងយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​៦

      តើ​ការ​សេពគប់​គ្រិស្ត​សាសនិក​រួម​ជំនឿ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

      សាក្សីព្រះយេហូវ៉ាសេពគប់ជាមួយបងប្អូនរួមជំនឿ

      ម៉ាដាហ្គាស្កា

      សាក្សីព្រះយេហូវ៉ាម្នាក់កំពុងជួយបងប្អូនគ្រិស្ដសាសនិក

      ន័រវ៉េ

      អ្នកចាស់ទុំដែលជាគ្រិស្ដសាសនិកទៅលេងដើម្បីលើកទឹកចិត្ដបងប្អូនរួមជំនឿ

      លីបង់

      សាក្សីព្រះយេហូវ៉ាជួបជុំសេពគប់គ្នា

      អ៊ីតាលី

      សូម្បី​តែ​មាន​អាកាសធាតុ​មិន​ល្អ ឬ​ត្រូវ​ធ្វើ​ដំណើរ​កាត់​ព្រៃ​ស្តុក​ក៏​ដោយ ក៏​យើង​មក​ប្រជុំ​ជា​ទៀត​ទាត់​ដែរ។ ទោះ​ជា​មាន​បញ្ហា​ក្នុង​ជីវិត និង​អស់​កម្លាំង​ក្រោយ​ពី​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​ក្ដី ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​ចូល​រួម​ប្រជុំ​ដើម្បី​សេពគប់​បង​ប្អូន​រួម​ជំនឿ?

      ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​ទាំង​ផ្លូវ​កាយ​ទាំង​ផ្លូវ​ចិត្ត។ ពេល​ប៉ូល​និយាយ​អំពី​ពួក​អ្នក​ដែល​យើង​សេពគប់​ក្នុង​ក្រុម​ជំនុំ នោះ​គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​ហេប្រឺ ១០:២៤​) ពាក្យ​នេះ​បង្កប់​អត្ថន័យ​ថា​យើង​ត្រូវ​ព្យាយាម​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ច្បាស់​ជាង។ ដូច្នេះ ពាក្យ​របស់​សាវ័ក​ប៉ូល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ ក្រុម​គ្រួសារ​គ្រិស្ត​សាសនិក​ខ្លះ​ក៏​មាន​បញ្ហា​ស្រដៀង​នឹង​យើង​ដែរ ហើយ​ពួក​គាត់​បាន​យក​ឈ្នះ​បញ្ហា​នោះ។ ដូច្នេះ កាល​ដែល​យើង​សេពគប់​ពួក​គាត់ នោះ​ពួក​គាត់​ក៏​អាច​ជួយ​យើង​បាន​ដែរ។

      ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​រឹង​មាំ។ នៅ​កិច្ច​ប្រជុំ ពួក​អ្នក​ដែល​យើង​ជួប​មិន​គ្រាន់តែ​ជា​អ្នក​ដែល​យើង​ស្គាល់​ប៉ុណ្ណោះ​ទេ តែ​ជា​មិត្ត​សំឡាញ់​របស់​យើង។ ម្យ៉ាង​ទៀត យើង​ក៏​ចំណាយ​ពេល​ជា​មួយ​គ្នា​ក្នុង​ការ​សម្រាក​លំហែ​កាយ​ដែរ។ តើ​ការ​សេពគប់​ដូច​នេះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? ជួយ​យើង​ឲ្យ​ចេះ​ឲ្យ​តម្លៃ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ច្រើន​ជាង​មុន ហើយ​នោះ​ក៏​ពង្រឹង​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង​ដែរ។ ដោយ​សារ​យើង​មាន​ចំណង​មិត្តភាព​រឹង​មាំ​រួច​ហើយ នោះ​យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​បង​ប្អូន​យើង ពេល​ដែល​ពួក​គាត់​មាន​បញ្ហា។ (​សុភាសិត ១៧:១៧​) កាល​ដែល​យើង​សេពគប់​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ នោះ​បង្ហាញ​ថា​យើង​«​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​»។—កូរិនថូសទី១ ១២:២៥, ២៦

      យើង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ជ្រើស​រើស​មិត្ត​សម្លាញ់​ដែល​ជា​អ្នក​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ លោក​អ្នក​អាច​រក​ឃើញ​មិត្ត​ភក្ដិ​បែប​នេះ​ក្នុង​ចំណោម​សាក្សី​ព្រះ​យេហូវ៉ា។ សូម​កុំ​ឲ្យ​មាន​អ្វី​មករា​រាំង​លោក​អ្នក​ពី​ការ​សេពគប់​យើង​ឡើយ។

      • ហេតុ​អ្វី​ការ​សេពគប់​គ្នា​នៅ​ឯ​កិច្ច​ប្រជុំ​នាំ​ឲ្យ​មាន​ប្រយោជន៍?

      • តើ​ពេល​ណា​លោក​អ្នក​ចង់​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​យើង?

  • តើកិច្ចប្រជុំរបស់យើងមានលក្ខណៈយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​៧

      តើ​កិច្ច​ប្រជុំ​របស់​យើង​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច?

      កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាក្នុងប្រទេសញូវហ្សេឡែន

      ញូវ​ហ្សេឡែន

      កិច្ចប្រជុំមួយរបស់សាក្សីព្រះយេហូវ៉ាក្នុងប្រទេសជប៉ុន

      ជប៉ុន

      សាក្សីវ័យក្មេងម្នាក់កំពុងអានគម្ពីរក្នុងប្រទេសអ៊ូហ្គង់ដា

      អ៊ូហ្គង់ដា

      សាក្សីពីរនាក់កំពុងសម្ដែងពីការសន្ទនាអំពីគម្ពីរក្នុងប្រទេសលីទុយអានី

      លីទុយអានី

      អ្វី​ដ៏​សំខាន់​ដែល​មាន​ក្នុង​កិច្ច​ប្រជុំ​របស់​គ្រិស្ត​សាសនិក​ជំនាន់​ដើម គឺ​ការ​ច្រៀង​ចម្រៀង ការ​អធិដ្ឋាន ការ​អាន​និង​ការ​ពិគ្រោះ​បទ​គម្ពីរ។ (​កូរិនថូសទី១ ១៤:២៦​) អ្នក​អាច​ឃើញ​ថា អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​គឺ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​មាន​នៅ​កិច្ច​ប្រជុំ​របស់​យើង។

      យើង​ទទួល​ការ​ណែនាំ​ដែល​មាន​ប្រយោជន៍ និង​មាន​មូលដ្ឋាន​លើ​គម្ពីរ។ នៅ​ចុង​សប្ដាហ៍ ក្រុម​ជំនុំ​នីមួយ​ៗ​មាន​សុន្ទរកថា​ពី​គម្ពីរ​ចំនួន​៣០​នាទី ដែល​ជួយ​ពន្យល់​អំពី​របៀប​ដែល​បទ​គម្ពីរ​ទាក់​ទង​នឹង​ជីវិត​របស់​យើង និង​គ្រា​ដែល​យើង​កំពុង​រស់​នៅ។ យើង​ទាំង​អស់​គ្នា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ផ្ទៀង​តាម​ក្នុង​គម្ពីរ​របស់​យើង​ផ្ទាល់។ ក្រោយ​សុន្ទរកថា​នេះ មាន​ការ​សិក្សា​«​ទស្សនាវដ្ដី​ប៉មយាម​»​អស់​រយៈ​ពេល​មួយ​ម៉ោង ហើយ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​អាច​ចូល​រួម​ឆ្លើយ​ពី​អត្ថបទ​សិក្សា​ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ប៉មយាម​នោះ។ ការ​ពិគ្រោះ​គ្នា​នេះ​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ។ នៅ​ទូ​ទាំង​ពិភព​លោក ក្រុម​ជំនុំ​ជាង​១១០.០០០​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​នេះ​ដូច​គ្នា។

      ជួយ​យើង​ឲ្យ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បង្រៀន។ ក្រៅ​ពី​ថ្ងៃ​សៅរ៍​ថ្ងៃ​អាទិត្យ យើង​មាន​កិច្ច​ប្រជុំ​មួយ​ទៀត​នៅ​ពេល​ល្ងាច​ដែល​មាន​កម្ម​វិធី​ចែក​ជា​បី​ផ្នែក ដែល​ហៅ​ថា កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក។ កិច្ច​ប្រជុំ​នេះ​មាន​មូលដ្ឋាន​លើ​ឯកសារ​កំណត់​សម្រាប់​កិច្ច​ប្រជុំ កិច្ច​បម្រើ​និង​ជីវិត ដែល​ចេញ​ប្រចាំ​ខែ។ ផ្នែក​ដំបូង​គឺ​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ​ដែល​ជួយ​យើង​ឲ្យ​ស្គាល់​ថែម​ទៀត​នូវ​ចំណុច​មួយ​ក្នុង​គម្ពីរ​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​អាន​ទុក​ជា​មុន។ ផ្នែក​បន្ទាប់ គឺ​ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ដែល​រួម​បញ្ចូល​ការ​សម្ដែង​អំពី​របៀប​ពិភាក្សា​គម្ពីរ​ជា​មួយ​អ្នក​ឯ​ទៀត។ អ្នក​ជូន​ឱវាទ​នឹង​ឲ្យ​យោបល់​ដើម្បី​ជួយ​យើង​ឲ្យ​កាន់​តែ​ប៉ិន​ប្រសប់​ក្នុង​ការ​អាន​និង​និយាយ។ (ធីម៉ូថេ​ទី១ ៤:១៣) ផ្នែក​ចុង​ក្រោយ គឺ​របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក​ដែល​ជួយ​យើង​ឲ្យ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ផ្នែក​នេះ​រួម​បញ្ចូល​ការ​ពិគ្រោះ​ដែល​ជួយ​យើង​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​គម្ពីរ។

      ពេល​លោក​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង លោក​អ្នក​ច្បាស់​ជា​នឹង​កោត​ស្ងើច​ក្នុង​ចិត្ត​ចំពោះ​អ្វី​ដែល​លោក​អ្នក​នឹង​ទទួល​ពី​ការ​អប់រំ​ដ៏​ល្អ​ក្នុង​គម្ពីរ។—អេសាយ ៥៤:១៣

      • តើ​លោក​អ្នក​អាច​រៀន​អ្វី​ខ្លះ​នៅ​ឯ​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា?

      • តើ​កិច្ច​ប្រជុំ​មួយ​ណា​ដែល​លោក​អ្នក​ចង់​ចូល​រួម​នៅ​លើក​ក្រោយ?

      ដើម្បី​រៀន​ថែម​ទៀត

      សូម​ពិចារណា​អំពី​ព័ត៌មាន​ខ្លះ​ៗ​ដែល​នឹង​ត្រូវ​ពិគ្រោះ​គ្នា​ក្នុង​កិច្ច​ប្រជុំ​ពីរ​បី​ក្រោយ​មក។ សូម​កត់​សម្គាល់​អ្វី​ដែល​លោក​អ្នក​នឹង​រៀន​ពី​គម្ពីរ​ដែល​អាច​ប្រើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក