-
ហេតុអ្វីយើងត្រូវស្លៀកពាក់ស្អាតបាតពេលចូលរួមកិច្ចប្រជុំ?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី៨
ហេតុអ្វីយើងត្រូវស្លៀកពាក់ស្អាតបាតពេលចូលរួមកិច្ចប្រជុំ?
អ៊ីស្លង់
ម៉ិចស៊ិច
ហ្គីណេប៊ីសៅ
ហ្វីលីពីន
តើលោកអ្នកបានកត់សម្គាល់រូបភាពក្នុងសៀវភៅស្តើងនេះឬទេ? សាក្សីព្រះយេហូវ៉ាស្លៀកពាក់ស្អាតបាតពេលដែលពួកគេចូលរួមកិច្ចប្រជុំ។ ហេតុអ្វីយើងត្រូវយកចិត្តទុកដាក់ចំពោះសម្លៀកបំពាក់និងការសម្អិតសម្អាងខ្លួនរបស់យើង?
ដើម្បីបង្ហាញការគោរពចំពោះព្រះ។ ជាការពិតណាស់ ព្រះមិនប្រមូលអារម្មណ៍ទៅលើសម្បកក្រៅរបស់យើងទេ។ (សាំយូអែលទី១ ១៦:៧) ក៏ប៉ុន្តែ ពេលដែលយើងប្រជុំគ្នាដើម្បីគោរពប្រណិប័តន៍លោក យើងចង់បង្ហាញការគោរពចំពោះលោកនិងចំពោះបងប្អូនរួមជំនឿ។ ជាឧទាហរណ៍ បើយើងត្រូវឈរនៅមុខចៅក្រមវិនិច្ឆ័យ យើងនឹងទំនងជាយកចិត្តទុកដាក់ចំពោះអាការៈក្រៅរបស់យើងដើម្បីបង្ហាញការគោរពចំពោះឋានៈរបស់គាត់។ ស្រដៀងគ្នាដែរ របៀបដែលយើងស្លៀកពាក់ពេលចូលរួមកិច្ចប្រជុំក៏បង្ហាញអំពីការគោរពរបស់យើងចំពោះព្រះយេហូវ៉ាដែលជា«ចៅក្រមនៃផែនដីទាំងមូល» និងចំពោះទីកន្លែងគោរពប្រណិប័តន៍លោកដែរ។—លោកុប្បត្តិ ១៨:២៥
ដើម្បីឲ្យស្របតាមគោលការណ៍គម្ពីរ។ គម្ពីរលើកទឹកចិត្តគ្រិស្តសាសនិកទាំងឡាយឲ្យស្លៀកពាក់«បែបរមទម និងដោយមានគំនិតសមហេតុសមផល»។ (ធីម៉ូថេទី១ ២:៩, ១០) ការស្លៀកពាក់«បែបរមទម»មានន័យថា យើងមិនត្រូវស្លៀកសម្លៀកបំពាក់ណាដែលប្រហែលជាធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍មកលើយើង ដោយសារឆើតឆាយពេក ធ្វើឲ្យគេមានអារម្មណ៍ស្រើបស្រាល ឬលេចលើលេចក្រោមនោះទេ។ បន្ថែមទៅទៀត ការមាន«គំនិតសមហេតុផល»ជួយយើងឲ្យចេះជ្រើសរើសសម្លៀកបំពាក់ដែលមិនរយីករយាកពេក ឬឆើតឆាយពេក។ គោលការណ៍ទាំងនេះនៅតែគោរពការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ ស្តីអំពីការស្លៀកពាក់និងការសម្អិតសម្អាងខ្លួន។ ពេលយើងស្លៀកពាក់ស្អាតបាត ហើយមិនធ្វើឲ្យអ្នកឯទៀតទាស់ភ្នែក នោះអាច‹ធ្វើឲ្យសេចក្ដីបង្រៀនរបស់ព្រះដែលជាអ្នកសង្គ្រោះយើងមានលម្អ› ហើយនាំឲ្យគេ«សរសើរព្រះ»ផងដែរ។ (ទីតុស ២:១០; ពេត្រុសទី១ ២:១២) បើយើងស្លៀកពាក់ស្អាតបាតពេលចូលរួមកិច្ចប្រជុំ នោះយើងអាចជះឥទ្ធិពលទៅលើរបៀបដែលអ្នកឯទៀតគិតអំពីការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
ទោះជាលោកអ្នកគ្មានសម្លៀកបំពាក់ស្អាតបាតក៏ដោយ ក៏លោកអ្នកនៅតែបានត្រូវស្វាគមន៍មកចូលរួមក្នុងកិច្ចប្រជុំដែរ។ សម្លៀកបំពាក់ដែលស្អាតសមរម្យមិនចាំបាច់មានតម្លៃថ្លៃឬមានម៉ូដក្បូរក្បាច់ច្រើននោះទេ។
តើរបៀបដែលយើងស្លៀកពាក់ពេលចូលរួមគោរពប្រណិប័តន៍ព្រះ គឺសំខាន់ប៉ុណ្ណា?
តើមានគោលការណ៍អ្វីខ្លះដែលជួយយើងឲ្យចេះជ្រើសរើសការសម្អិតសម្អាងខ្លួននិងការស្លៀកពាក់?
-
-
តើអ្វីជាវិធីដ៏ល្អបំផុតដើម្បីរៀបចំសម្រាប់កិច្ចប្រជុំ?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី៩
តើអ្វីជាវិធីដ៏ល្អបំផុតដើម្បីរៀបចំសម្រាប់កិច្ចប្រជុំ?
កម្ពុជា
អ៊ុយក្រែន
បើលោកអ្នកកំពុងរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា លោកអ្នកទំនងជាបានរៀបចំមេរៀនទុកជាមុនសម្រាប់ការសិក្សានីមួយៗ។ ស្រដៀងគ្នាដែរ បើយើងរៀបចំទុកជាមុនសម្រាប់កិច្ចប្រជុំនៅក្រុមជំនុំ នោះយើងអាចទទួលប្រយោជន៍ច្រើនបំផុត។ កាលណាយើងមានទម្លាប់ល្អ នោះយើងក៏ទទួលបានលទ្ធផលល្អដែរ។
ជ្រើសរើសពេលវេលានិងទីកន្លែងដើម្បីសិក្សា។ តើលោកអ្នកអាចផ្ចង់អារម្មណ៍បានល្អបំផុតនៅពេលណា? ពេលព្រលឹមមុនទៅធ្វើការ ឬពេលយប់ក្រោយកូនចូលគេងហើយ? ទោះជាលោកអ្នកមិនអាចចំណាយពេលយូរដើម្បីសិក្សាក៏ដោយ សូមសម្រេចចិត្តថាលោកអ្នកអាចលៃទុកពេលប៉ុណ្ណា ហើយព្យាយាមកុំឲ្យមានអ្វីមករំខានលោកអ្នកឡើយ។ ចូររកកន្លែងស្ងាត់ ហើយបិទសំឡេងវិទ្យុ ទូរទស្សន៍ និងទូរស័ព្ទដៃ ដើម្បីកុំឲ្យមានអ្វីមកបង្វែរអារម្មណ៍។ ការអធិដ្ឋានមុនសិក្សានឹងជួយលោកអ្នកកុំឲ្យខ្វល់ខ្វាយអំពីរឿងផ្សេងៗនៅថ្ងៃនោះដើម្បីលោកអ្នកអាចផ្ចង់អារម្មណ៍ទៅលើការសិក្សាបណ្ដាំរបស់ព្រះ។—ភីលីព ៤:៦, ៧
គូសចម្លើយ និងរៀបចំដើម្បីឆ្លើយ។ មុនដំបូង សូមយល់អំពីសាច់រឿងទាំងអស់ដែលមាននៅក្នុងមេរៀន។ សូមគិតអំពីចំណងជើងនៃអត្ថបទ ឬជំពូក ហើយពិចារណាអំពីរបៀបដែលចំណងជើងតូចនីមួយៗទាក់ទងនឹងប្រធាន។ ពិនិត្យមើលរូបភាព និងសំណួរសាឡើងវិញដែលលើកបញ្ជាក់ចំណុចសំខាន់ៗក្នុងមេរៀន។ បន្ទាប់មក សូមអានវគ្គនីមួយៗ ហើយរកចម្លើយចំពោះសំណួរដែលមានក្នុងមេរៀននោះ។ សូមមើល និងអានបទគម្ពីរនានាដែលមានក្នុងអត្ថបទ ហើយគិតអំពីរបៀបដែលបទគម្ពីរទាក់ទងនឹងអត្ថបទ។ (សកម្មភាព ១៧:១១) ពេលរកឃើញចម្លើយហើយ សូមគូសពាក្យឬឃ្លាសំខាន់ខ្លះៗក្នុងវគ្គដែលនឹងជួយលោកអ្នកឲ្យនឹកឃើញចម្លើយក្នុងអំឡុងពេលប្រជុំ។ នៅកិច្ចប្រជុំ បើលោកអ្នកចង់ នោះអាចលើកដៃឆ្លើយ ហើយអាចឆ្លើយយ៉ាងខ្លីដែលចេញពីចិត្តរបស់លោកអ្នក។
ដោយពិចារណាអំពីប្រធានផ្សេងៗដែលបានសិក្សានៅឯកិច្ចប្រជុំជារៀងរាល់សប្ដាហ៍ នោះលោកអ្នកនឹងមានចំណេះថែមទៀតពីគម្ពីរ។ ចំណេះបែបនោះគឺប្រៀបដូចជា«ឃ្លាំងទ្រព្យ»របស់លោកអ្នក។—ម៉ាថាយ ១៣:៥១, ៥២
តើលោកអ្នកអាចមានទម្លាប់អ្វីខ្លះក្នុងការរៀបចំសម្រាប់កិច្ចប្រជុំ?
តើលោកអ្នកអាចរៀបចំចម្លើយដើម្បីឆ្លើយនៅកិច្ចប្រជុំយ៉ាងដូចម្ដេច?
-
-
តើអ្វីទៅដែលហៅថាការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
-
-
មេរៀនទី១០
តើអ្វីទៅដែលហៅថាការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ?
កូរ៉េខាងត្បូង
ប្រេស៊ីល
អូស្ដ្រាលី
ហ្គីណេ
តាំងពីសម័យបុរាណ ព្រះយេហូវ៉ាចង់ឲ្យក្រុមគ្រួសារនីមួយៗចំណាយពេលជាមួយគ្នាដើម្បីពង្រឹងចំណងមិត្តភាពជាមួយលោក និងជាមួយសមាជិកក្រុមគ្រួសារ។ (ចោទិយកថា ៦:៦, ៧) នេះជាមូលហេតុដែលសាក្សីព្រះយេហូវ៉ាលៃទុកពេលមួយជារៀងរាល់សប្ដាហ៍ដើម្បីគោរពប្រណិប័តន៍ព្រះជាមួយគ្នា ពោលគឺក្នុងបរិយាកាសដែលធ្វើឲ្យមានអារម្មណ៍ស្រួល ពួកគេពិភាក្សាគ្នាតាមតម្រូវការរបស់ពួកគេស្តីអំពីរឿងដែលទាក់ទងនឹងព្រះ។ ទោះជាលោកអ្នករស់នៅតែម្នាក់ឯងក៏ដោយ លោកអ្នកអាចប្រើពេលវេលានេះដើម្បីចូលទៅជិតព្រះ ដោយជ្រើសរើសប្រធានបទមួយដើម្បីសិក្សាផ្ទាល់ខ្លួន។
ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជួយយើងឲ្យកាន់តែចូលទៅជិតព្រះយេហូវ៉ា។ គម្ពីរចែងថា៖ «ចូរចូលទៅជិតព្រះ ហើយលោកនឹងចូលមកជិតអ្នករាល់គ្នាដែរ»។ (យ៉ាកុប ៤:៨) យើងនឹងស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ជាង ពេលដែលយើងរៀនយ៉ាងល្អិតល្អន់អំពីគុណសម្បត្ដិនិងការប្រព្រឹត្តរបស់លោកតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក។ វិធីដ៏ស្រួលមួយដើម្បីចាប់ផ្ដើមមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ គឺចំណាយពេលអានគម្ពីរជាមួយគ្នាដោយបញ្ចេញសំឡេងឲ្យឮៗ។ លោកអ្នកប្រហែលជាអាចអានតាមអំណានគម្ពីរប្រចាំសប្ដាហ៍ដែលមានក្នុងកិច្ចប្រជុំ កិច្ចបម្រើនិងជីវិត។ សូមឲ្យសមាជិកម្នាក់ៗអានមួយផ្នែកនៃអំណាននោះ បន្ទាប់មក សមាជិកទាំងអស់អាចពិភាក្សាគ្នាអំពីចំណុចដែលពួកគេបានរៀនពីបទគម្ពីរ។
ការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជួយយើងឲ្យកាន់តែជិតស្និទ្ធគ្នា។ កាលដែលប្ដីនិងប្រពន្ធ ឪពុកម្ដាយនិងកូនសិក្សាគម្ពីរជាក្រុមគ្រួសារ នោះជួយពង្រឹងចំណងមិត្តភាពរបស់ពួកគេ។ ពេលវេលានៃការគោរពប្រណិប័តន៍ព្រះគួរជាពេលដែលសប្បាយ ជាពេលមានសេចក្ដីសុខ និងជាពេលដែលសមាជិកម្នាក់ៗនៅក្នុងគ្រួសារទន្ទឹងចាំជារៀងរាល់សប្ដាហ៍។ ស្របតាមអាយុរបស់កូន ឪពុកម្ដាយអាចពិភាក្សាជាមួយកូនដោយជ្រើសរើសប្រធានបទដែលកូនអាចយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ប្រហែលប្រើអត្ថបទក្នុងទស្សនាវដ្ដីប៉មយាម និងសៀវភៅផ្សេងទៀត ឬគេហទំព័រjw.org។ លោកអ្នកអាចពិភាក្សាអំពីបញ្ហាដែលកូនជួបប្រទះនៅឯសាលារៀន និងអំពីរបៀបដែលកូនអាចដោះស្រាយបញ្ហានោះ។ សូមមើលកម្មវិធីទូរទស្សន៍ក្នុងប្រព័ន្ធអ៊ីនធឺណិត JW Broadcasting (tv.jw.org) រួចមកពិគ្រោះគ្នាអំពីព័ត៌មាននោះ។ លោកអ្នកប្រហែលជាសប្បាយ បើលោកអ្នកអាចហាត់ច្រៀងចម្រៀងដែលមានក្នុងកិច្ចប្រជុំ ហើយអាចរៀបចំឲ្យមាននំចំណីបន្ដិចបន្តួចដើម្បីញ៉ាំជាមួយគ្នាក្រោយពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។
ការលៃទុកពេលយ៉ាងពិសេសជារៀងរាល់សប្ដាហ៍ដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាមួយគ្នា នឹងជួយសមាជិកទាំងអស់ក្នុងក្រុមគ្រួសារឲ្យរីករាយក្នុងការសិក្សាបណ្ដាំរបស់ព្រះ ហើយលោកនឹងឲ្យពរជាបរិបូរដល់ការខំព្យាយាមរបស់លោកអ្នក។—ទំនុកតម្កើង ១:១-៣
ហេតុអ្វីយើងត្រូវលៃទុកពេលដើម្បីគោរពប្រណិប័តន៍ព្រះជាក្រុមគ្រួសារ?
តើឪពុកម្ដាយអាចធ្វើយ៉ាងណាដើម្បីជួយសមាជិកទាំងអស់ឲ្យរីករាយក្នុងឱកាសនេះ?
-