បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ហេតុអ្វីយើងចូលរួមកិច្ចប្រជុំធំៗ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១១

      ហេតុ​អ្វី​យើង​ចូល​រួម​កិច្ច​ប្រជុំ​ធំ​ៗ​?

      មហាសន្និបាតតាមភូមិភាគរបស់សាក្សីព្រះយេហូវ៉ានៅប្រទេសម៉ិចស៊ិច

      ម៉ិចស៊ិច

      សៀវភៅថ្មីមួយបានចេញក្នុងមហាសន្និបាតតាមភូមិភាគនៅប្រទេសអាឡឺម៉ង់

      អាឡឺម៉ង់

      សាក្សីព្រះយេហូវ៉ានៅឯមហាសន្និបាតតាមភូមិភាគក្នុងប្រទេសបុតស្វាណា

      បុតស្វាណា

      ប្អូនប្រុសម្នាក់បានទទួលការជ្រមុជទឹកនៅប្រទេសនីការ៉ាហ្គា

      នីការ៉ាហ្គា

      ឈុតសម្ដែងមួយនៅឯមហាសន្និបាតតាមភូមិភាគក្នុងប្រទេសអ៊ីតាលី

      អ៊ីតាលី

      ហេតុ​អ្វី​មនុស្ស​ទាំង​នេះ​មាន​ទឹក​មុខ​រីករាយ​ម្ល៉េះ? ពួក​គេ​កំពុង​ចូល​រួម​កិច្ច​ប្រជុំ​ធំ​មួយ​របស់​យើង។ ដូច​អ្នក​បម្រើ​ព្រះ​នៅ​សម័យ​បុរាណ​ដែល​បាន​ទទួល​បង្គាប់​ឲ្យ​មក​ជួប​ជុំ​គ្នា​បី​ដង​ក្នុង​មួយ​ឆ្នាំ នោះ​យើង​ក៏​ទន្ទឹង​ចាំ​ដើម្បី​ជួប​ជុំ​គ្នា​ជា​ក្រុម​ធំ​ជាង​ដែរ។ (​ចោទិយកថា ១៦:១៦​) ជា​រៀង​រាល់​ឆ្នាំ យើង​មាន​កិច្ច​ប្រជុំ​ធំ​ៗ​ឬ​សន្និបាត​ចំនួន​បី​គឺ សន្និបាត​ប្រចាំ​មណ្ឌល​មាន​រយៈ​ពេល​មួយ​ថ្ងៃ តែ​នឹង​ត្រូវ​ធ្វើ​ឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ និង​មហាសន្និបាត​តាម​ភូមិភាគ​មាន​រយៈ​ពេល​បី​ថ្ងៃ។ ដូច្នេះ តើ​យើង​អាច​ទទួល​ប្រយោជន៍​ពី​សន្និបាត​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច?

      សន្និបាត​ទាំង​នេះ​ជួយ​ពង្រឹង​ចំណង​មិត្តភាព​ជា​បង​ប្អូន​គ្រិស្ត​សាសនិក។ ពេល​បណ្ដា​ជន​អ៊ីស្រាអែល​សរសើរ​ព្រះ​យេហូវ៉ា​«​នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​»​ នោះ​ពួក​គេ​មាន​ចិត្ត​រីករាយ​ណាស់។ ស្រដៀង​គ្នា​ដែរ យើង​ក៏​មាន​ចិត្ត​រីករាយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​គ្នា​នៅ​ឯ​សន្និបាត​ទាំង​នោះ​ដែរ។ (​ទំនុកតម្កើង ២៦:១២; ១១១:១​) សន្និបាត​ទាំង​នេះ ជួយ​យើង​ឲ្យ​មាន​ឱកាស​ជួប​ជុំ​គ្នា និង​សំណេះសំណាល​គ្នា​ជា​មួយ​សាក្សី​ឯ​ទៀត​ដែល​មក​ពី​ក្រុម​ជំនុំ​ផ្សេង​ៗ ឬ​ពី​ប្រទេស​ផ្សេង​ទៀត។ ពេល​យើង​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​គ្នា​នៅ​កន្លែង​សន្និបាត​ដែល​យើង​ជួប​ជុំ​គ្នា​រៀន​អំពី​ព្រះ នោះ​ជួយ​ឲ្យ​មាន​បរិយាកាស​កាន់​តែ​កក់​ក្ដៅ​ថែម​ទៀត។ (​សកម្មភាព ២:៤២​) នៅ​ឯ​សន្និបាត​ទាំង​នេះ យើង​អាច​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​សេចក្ដី​ស្រឡាញ់​ដែល​បង្ហាញ​ពី​សាមគ្គី​ភាព​របស់​«​បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​»​ក្នុង​ពិភព​លោក។—ពេត្រុសទី១ ២:១៧

      សន្និបាត​ទាំង​នេះ​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ បណ្ដា​ជន​អ៊ីស្រាអែល​ក៏​បាន​ទទួល​ប្រយោជន៍​ដែរ ដោយ​សារ​ពួក​គេ​បាន​«​យល់​ន័យ​សេចក្ដី​ទាំង​ប៉ុន្មាន​»​ក្នុង​បទ​គម្ពីរ។ (​នេហេមា ៨:៨, ១២​) ដូច​គ្នា​ដែរ យើង​ក៏​ឲ្យ​តម្លៃ​ចំពោះ​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​យើង​ទទួល​នៅ​ឯ​សន្និបាត​នានា​ដែរ។ កម្មវិធី​នីមួយ​ៗ​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​ដែល​ជា​ប្រធាន​នៃ​សន្និបាត។ តាម​រយៈ​សុន្ទរកថា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ សុន្ទរកថា​ដែល​ចែក​ជា​ផ្នែក​ៗ និង​ការ​សម្ដែង​ដែល​បង្ហាញ​ពី​បទ​ពិសោធន៍​ពិត​ៗ នោះ​យើង​អាច​រៀន​អំពី​របៀប​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​ក្នុង​ជីវិត​យើង។ យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​ដែល​យើង​ស្ដាប់​បទ​ពិសោធន៍​របស់​អ្នក​ដែល​បាន​យក​ឈ្នះ​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត​ជា​គ្រិស្ត​សាសនិក​នៅ​គ្រា​ដ៏​ពិបាក​នេះ។ នៅ​ឯ​មហាសន្និបាត​តាម​ភូមិភាគ មាន​ឈុត​សម្ដែង​ដែល​តុបតែង​ខ្លួន​ដូច​នៅ​សម័យ​បុរាណ​ដែល​ធ្វើ​ឲ្យ​យើង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​គម្ពីរ ហើយ​ក៏​បង្រៀន​យើង​នូវ​មេរៀន​ដ៏​មាន​ប្រយោជន៍​ដែរ។ នៅ​សន្និបាត​នីមួយ​ៗ មាន​ពិធី​ជ្រមុជ​ទឹក​សម្រាប់​អស់​អ្នក​ដែល​ចង់​បង្ហាញ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ។

      • ហេតុ​អ្វី​សន្និបាត​ជា​ឱកាស​ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​រីករាយ?

      • តើ​យើង​ប្រហែលជា​អាច​ទទួល​ប្រយោជន៍​ពី​ការ​ចូល​រួម​សន្និបាត​យ៉ាង​ដូច​ម្ដេច?

      ដើម្បី​រៀន​ថែម​ទៀត

      បើ​ចង់​ស្គាល់​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ឲ្យ​កាន់​តែ​ច្បាស់ សូម​អញ្ជើញ​ចូល​រួម​សន្និបាត​លើក​ក្រោយ។ អ្នក​បង្រៀន​គម្ពីរ​លោក​អ្នក​អាច​បង្ហាញ​ក្រដាស​កម្មវិធី​សន្និបាត ដើម្បី​ឲ្យ​ឃើញ​ថា មាន​រឿង​បែប​ណាខ្លះ​ដែល​បាន​ត្រូវ​បក​ស្រាយ។ សូម​សរសេរ​លើ​ប្រតិទិន ស្តី​អំពី​ពេល​វេលា​និង​ទី​កន្លែង​នៃ​សន្និបាត​លើក​ក្រោយ។ បើ​អាច​ធ្វើ​បាន សូម​អញ្ជើញ​ចូល​រួម។

  • តើកិច្ចការផ្សព្វផ្សាយដំណឹងល្អបានត្រូវចាត់ចែងយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១២

      តើ​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​បាន​ត្រូវ​ចាត់​ចែង​យ៉ាង​ដូច​ម្ដេច?

      សាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ

      អេស្ប៉ាញ

      សាក្សីព្រះយេហូវ៉ាម្នាក់ផ្សព្វផ្សាយនៅសួនច្បារ

      បេឡារុស្ស

      សាក្សីព្រះយេហូវ៉ាម្នាក់ផ្សព្វផ្សាយដោយប្រើទូរស័ព្ទ

      ហុងកុង

      សាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយជាសាធារណៈ

      ពេរូ

      មិន​យូរ​ប៉ុន្មាន​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​ប្រកាស​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។ (​ម៉ាថាយ ២៤:១៤​) ប៉ុន្តែ តើ​យើង​អាច​ផ្សព្វ​ផ្សាយ​នៅ​ទូ​ទាំង​ពិភព​លោក​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​យក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ ពេល​លោក​រស់​នៅ​លើ​ផែនដី។—លូកា ៨:១

      យើង​ព្យាយាម​ជួប​មនុស្ស​នៅ​តាម​ផ្ទះ។ លោក​យេស៊ូ​បាន​បង្ហាត់​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ចេះ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ (​ម៉ាថាយ ១០:១១​-​១៣; សកម្មភាព ៥:៤២; ២០:២០​) ពួក​អ្នក​ផ្សព្វ​ផ្សាយ​នៅ​សតវត្សរ៍​ទី​១​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ដោយ​មាន​តំបន់​ផ្សាយ​ជាក់​លាក់។ (​ម៉ាថាយ ១០:៥, ៦; កូរិនថូសទី២ ១០:១៣​) ដូច​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ កិច្ចការ​ផ្សព្វ​ផ្សាយ​របស់​យើង​បាន​ត្រូវ​រៀបចំ​ឡើង​ដោយ​មាន​របៀប​រៀប​រយ ហើយ​ក្រុម​ជំនុំ​នីមួយ​ៗ​មាន​តំបន់​ផ្សាយ​ជាក់​លាក់​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ។ នេះ​ជួយ​យើង​ឲ្យ​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ដែល​ឲ្យ​យើង​«​ផ្សព្វ​ផ្សាយ​ប្រាប់​បណ្ដា​ជន ថែម​ទាំង​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​»។—សកម្មភាព ១០:៤២

      យើង​ព្យាយាម​ជួប​មនុស្ស​នៅ​គ្រប់​ទី​កន្លែង។ លោក​យេស៊ូ​ក៏​ទុក​គំរូ​ស្តី​អំពី​ការ​ផ្សព្វ​ផ្សាយ​នៅ​តាម​ទី​សាធារណៈ​ដែរ ដូច​ជា​នៅ​តាម​ឆ្នេរ​សមុទ្រ និង​នៅ​ឯ​អណ្ដូង​ទឹក​សាធារណៈ​មួយ។ (​ម៉ាកុស ៤:១; យ៉ូហាន ៤:៥​-​១៥​) ដូច​គ្នា​ដែរ យើង​និយាយ​ជា​មួយ​មនុស្ស​អំពី​គម្ពីរ​នៅ​គ្រប់​ទី​កន្លែង ដូច​ជា​នៅ​តាម​ផ្លូវ នៅ​តំបន់​ធ្វើ​ពាណិជ្ជកម្ម នៅ​សួន​សាធារណៈ និង​ទូរស័ព្ទ​ជា​ដើម។ ពេល​ណា​យើង​មាន​ឱកាស​សមរម្យ យើង​ក៏​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ជិត​ខាង​របស់​យើង អ្នក​រួម​ការងារ មិត្ត​រួម​ថ្នាក់ និង​សាច់​ញាតិ​របស់​យើង​ដែរ។ តាម​រយៈ​ការ​ខំ​ព្យាយាម​ធ្វើ​តាម​វិធី​ទាំង​អស់​នេះ នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​រួច​ហើយ​នៅ​ទូ​ទាំង​ផែនដី​ឲ្យ​ឮ​ដំណឹង​ល្អ​អំពី​«​សេចក្ដី​សង្គ្រោះ​»។—ទំនុកតម្កើង ៩៦:២

      តើ​លោក​អ្នក​អាច​គិត​ថា លោក​អ្នក​ចង់​ប្រាប់​នរណា​ម្នាក់​នូវ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​អំពី​អនាគត​ឬ​ទេ? កុំ​ដឹង​ដំណឹង​នេះ​តែ​ម្នាក់​ឯង​ឡើយ។ សូម​ប្រាប់​ដំណឹង​នេះ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន!

      • តើ​«​ដំណឹង​ល្អ​»​អ្វី​ដែល​យើង​ត្រូវ​ប្រកាស?

      • ស្តី​អំពី​កិច្ចការ​ផ្សព្វ​ផ្សាយ តើ​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

      ដើម្បី​រៀន​ថែម​ទៀត

      សូម​សួរ​អ្នក​បង្រៀន​គម្ពីរ​របស់​អ្នក​ឲ្យ​បង្ហាញ​នូវ​របៀប​និយាយ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ក្នុង​គម្ពីរ​ដល់​អ្នក​ស្គាល់​គ្នា​ដោយ​មិន​ធ្វើ​ឲ្យ​គេ​ទើស​ចិត្ត។

  • តើពួកអ្នកត្រួសត្រាយធ្វើអ្វី?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១៣

      តើ​ពួក​អ្នក​ត្រួស​ត្រាយ​ធ្វើ​អ្វី?

      អ្នកផ្សព្វផ្សាយពេញពេលម្នាក់ផ្សព្វផ្សាយនៅកន្លែងសាធារណៈ

      កាណាដា

      អ្នកផ្សព្វផ្សាយពេញពេលចូលរួមក្នុងកិច្ចផ្សព្វផ្សាយ

      ផ្សាយ​តាម​ផ្ទះ

      អ្នកត្រួសត្រាយពេញពេលដឹកនាំការសិក្សាគម្ពីរ

      ការ​បង្រៀន​គម្ពីរ

      អ្នកត្រួសត្រាយពេញពេលម្នាក់សិក្សាគម្ពីរផ្ទាល់ខ្លួន

      ការ​សិក្សា​ផ្ទាល់​ខ្លួន

      ពាក្យ​«​អ្នក​ត្រួស​ត្រាយ​»​ច្រើន​តែ​សំដៅ​ទៅ​លើ​អ្នក​ដែល​ដើរ​ខាង​មុខ​គេ ហើយ​ត្រាយ​ផ្លូវ​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ដើរ​តាម​ក្រោយ។ លោក​យេស៊ូ​ជា​អ្នក​ត្រួស​ត្រាយ​ក្នុង​ន័យ​ម្យ៉ាង ដោយ​សារ​ព្រះ​បាន​ចាត់​លោក​ឲ្យ​មក​ផែនដី​ដើម្បី​ប្រើ​ជីវិត​របស់​លោក​ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​ដើម្បី​បើក​ផ្លូវ​ឲ្យ​មនុស្ស​ទទួល​សេចក្ដី​សង្គ្រោះ។ (​ម៉ាថាយ ២០:២៨​) សព្វ​ថ្ងៃ​នេះ ពួក​អ្នក​កាន់​តាម​កំពុង​យក​តម្រាប់​តាម​លោក ដោយ​ចំណាយ​ពេល​ច្រើន​បំផុត​តាម​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​‹បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម›​លោក​យេស៊ូ។ (​ម៉ាថាយ ២៨:១៩, ២០​) អ្នក​ខ្លះ​បាន​ចូល​រួម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។

      អ្នក​ត្រួស​ត្រាយ​គឺជា​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ សាក្សី​ព្រះ​យេហូវ៉ា​ទាំង​អស់​គឺជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ក៏​ប៉ុន្តែ អ្នក​ខ្លះ​បាន​រៀបចំ​ជីវិត​របស់​ពួក​គេ​ដើម្បី​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ហើយ​ពួក​គេ​ចំណាយ​ពេល​៧០​ម៉ោង ជា​រៀង​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ដើម្បី​ធ្វើ​ដូច្នេះ សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​សម្រេច​ចិត្ត​មិន​ធ្វើ​ការ​ពេញ​ពេល​ឡើយ។ អ្នក​ខ្លះ​ទៀត​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង ហើយ​ពួក​គេ​ចំណាយ​ពេល​១៣០​ម៉ោង​ឬ​លើស ជា​រៀង​រាល់​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ពួក​អ្នក​ត្រួស​ត្រាយ​ត្រូវ​ស្កប់​ចិត្ត​នឹង​របៀប​រស់​នៅ​សាមញ្ញ ដោយ​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​នូវ​អ្វី​ដែល​ចាំ​បាច់​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ។ (​ម៉ាថាយ ៦:៣១​-​៣៣; ធីម៉ូថេទី១ ៦:៦​-​៨​) ចំពោះ​ពួក​អ្នក​ដែល​មិន​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ពួក​គេ​អាច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​នៅ​ពេល​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដោយ​បង្កើន​ចំនួន​ម៉ោង​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​៣០​ឬ​៥០​ម៉ោង​ក្នុង​មួយ​ខែ។

      អ្នក​ត្រួស​ត្រាយ​ផ្សព្វ​ផ្សាយ​ដោយ​សារ​ស្រឡាញ់​ព្រះ​និង​មនុស្ស។ ដូច​លោក​យេស៊ូ យើង​កត់​សម្គាល់​ឃើញ​ថា មនុស្ស​សព្វ​ថ្ងៃ​នេះ​ត្រូវ​ការ​យ៉ាង​ខ្លាំង​នូវ​ចំណេះ​អំពី​ព្រះ​និង​អំពី​គោល​បំណង​របស់​លោក។ (​ម៉ាកុស ៦:៣៤​) ប៉ុន្តែ យើង​ក៏​មាន​ចំណេះ​ដែល​អាច​ជួយ​ពួក​គេ​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ គឺ​ជួយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​ថា នឹង​មាន​អនាគត​ល្អ។ ដោយ​សារ​អ្នក​ត្រួស​ត្រាយ​ស្រឡាញ់​អ្នក​ជិត​ខាង នោះ​ពួក​គេ​ចំណាយ​ពេល​វេលា​និង​កម្លាំង​ដោយ​មិន​សំចៃ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ដឹង​អំពី​ដំណឹង​ល្អ​នេះ។ (​ម៉ាថាយ ២២:៣៩; ថែស្សាឡូនិច​ទី​១ ២:៨​) ពេល​ពួក​អ្នក​ត្រួស​ត្រាយ​ធ្វើ​ដូច្នេះ នេះ​ជួយ​ពង្រឹង​ជំនឿ​របស់​ពួក​គេ ធ្វើ​ឲ្យ​ពួក​គេ​ចូល​ទៅ​ជិត​ព្រះ​ជាង និង​ជួយ​ពួក​គេ​ឲ្យ​មាន​សុភមង្គល​ច្រើន​ថែម​ទៀត។—សកម្មភាព ២០:៣៥

      • តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ណា​អំពី​ពួក​អ្នក​ត្រួស​ត្រាយ?

      • ហេតុ​អ្វី​អ្នក​ខ្លះ​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក