បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • តើមានសាលាអ្វីខ្លះសម្រាប់អ្នកត្រួសត្រាយពេញពេល?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១៤

      តើ​មាន​សាលា​អ្វី​ខ្លះ​សម្រាប់​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល?

      អ្នកបម្រើពេញពេលចូលរួមក្នុងកិច្ចផ្សព្វផ្សាយ

      សហរដ្ឋអាម៉េរិក

      សិស្សដែលចូលរួមសាលាគម្ពីរគីលាតនៃសមាគមប៉មយាម
      សិស្សរៀបចំសម្រាប់កិច្ចបម្រើជាសាសនទូត

      សាលា​គី​លាត ក្រុង​ផាតឺសិន រដ្ឋ​ញូវ​យ៉ក

      ប្ដីប្រពន្ធដែលជាសាសនទូតផ្សព្វផ្សាយនៅប្រទេសប៉ាណាម៉ា

      ប៉ាណាម៉ា

      តាំង​ពី​យូរ​មក​ហើយ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​អប់រំ​ដល់​សាក្សី​របស់​លោក ហើយ​នេះ​ជា​លក្ខណៈ​ដ៏​លេច​ធ្លោ​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ មាន​វគ្គ​សិក្សា​ផ្សេងៗ​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ពេញ​ពេល​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​ព្រះ ដើម្បី​ពួក​គេ​អាច​‹បំពេញ​កិច្ច​បម្រើ​របស់​ពួក​គេ​គ្រប់​ជំពូក›។—ធីម៉ូថេ​ទី​២ ៤:៥

      សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ។ ក្រោយ​ពី​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​មួយ​ឆ្នាំ​ហើយ គាត់​អាច​ចូល​រួម​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ​ដែល​មាន​រយៈ​ពេល​សិក្សា​ប្រាំមួយ​ថ្ងៃ ហើយ​ប្រហែល​ជា​ត្រូវ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ជិតៗ​នោះ។ សាលា​នេះ​គឺ​មាន​គោល​បំណង​ដើម្បី​ជួយ​អ្នក​ត្រួស​ត្រាយ​ឲ្យ​មាន​ចំណង​មិត្តភាព​កាន់​តែ​រឹង​មាំ​ជា​មួយ​នឹង​ព្រះ ហើយ​ជួយ​ពួក​គេ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​គ្រប់​ផ្នែក​នៃ​កិច្ច​បម្រើ​ផ្សាយ ព្រម​ទាំង​នៅ​ស្មោះ​ត្រង់​ជា​និច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ។

      សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ សាលា​នេះ​មាន​រយៈ​ពេល​ពីរ​ខែ។ សាលា​នេះ​បាន​ត្រូវ​រៀបចំ​ឡើង​ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ត្រួស​ត្រាយ​ដែល​មាន​បទ​ពិសោធន៍ និង​ដែល​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​តំបន់​ដែល​ខ្លួន​រស់​នៅ ដើម្បី​ទៅ​បម្រើ​នៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។ ដូច្នេះ ពួក​គេ​ហាក់​ដូច​ជា​និយាយ​ថា៖ ‹ខ្ញុំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ខ្ញុំ​ចុះ!›​តាម​គំរូ​លោក​យេស៊ូ ដែល​ជា​អ្នក​ផ្សាយ​ដ៏​ប្រសើរ​បំផុត​ដែល​ធ្លាប់​បម្រើ​នៅ​ផែនដី។ (អេសាយ ៦:៨; យ៉ូហាន ៧:២៩) ការ​រើ​ទៅ​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​កន្លែង​ដែល​ខ្លួន​ធ្លាប់​រស់​នៅ ប្រហែល​ជា​តម្រូវ​ឲ្យ​មាន​ជីវភាព​សាមញ្ញ​ជាង​មុន។ ម្យ៉ាង​ទៀត គាត់​ប្រហែល​ជា​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​វប្បធម៌ អាកាសធាតុ និងចំណី​អាហារ​នៅ​កន្លែង​ថ្មី​នោះ។ គាត់​ក៏​ប្រហែល​ជា​ត្រូវ​រៀន​ភាសា​ថ្មី​ដែរ។ សាលា​នេះ​បង្ហាត់​បង្រៀន​បង​ប្អូន​ប្រុស​ស្រី​ដែល​នៅ​លីវ និង​គូ​ប្ដី​ប្រពន្ធ ដែល​មាន​អាយុ​រវាង​២៣​ឆ្នាំ​ដល់​៦៥​ឆ្នាំ។ សាលា​នេះ​ជួយ​ពួក​គេ​ឲ្យ​បណ្ដុះ​នូវ​គុណ​សម្បត្ដិ​ជា​គ្រិស្តសាសនិក ដែល​ពួក​គេ​នឹង​ត្រូវ​ការ​ក្នុង​កិច្ច​បម្រើ​ព្រះ។ សាលា​នេះ​ក៏​ជួយ​ពួក​គេ​ឲ្យមាន​ភាព​ប៉ិនប្រសប់​ក្នុង​កិច្ច​បម្រើ​ព្រះ​ដែល​នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​ពេញ​លេញ​ជាង​មុន។

      សាលា​គម្ពីរ​គីលាត​នៃ​សមាគម​ប៉មយាម។ ក្នុង​ភាសា​ហេប្រឺ ពាក្យ​«គីលាត»​ជាប់​ទាក់​ទង​នឹង​ពាក្យ​«សាក្សី»។ តាំង​ពី​ឆ្នាំ១៩៤៣ សាសនទូត​ជាង​៨.០០០​នាក់​ដែល​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​នៅ​សាលា​គីលាត បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​«រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី» ហើយ​កិច្ច​ការ​របស់​ពួក​គេ​បាន​ទទួល​ជោគជ័យ​យ៉ាង​អស្ចារ្យ។ (សកម្មភាព ១៣:៤៧) ជា​ឧទាហរណ៍ ពេល​សាសនទូត​បាន​មក​ដល់​ប្រទេស​ពេរូ​ជា​លើក​ដំបូង នោះ​គ្មាន​ក្រុម​ជំនុំ​នៅ​ទី​នោះ​ទេ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ មាន​ជាង​១.០០០​ក្រុម​ជំនុំ។ ពេល​សាសនទូត​ចាប់​ផ្ដើម​បម្រើ​នៅ​ប្រទេស​ជប៉ុន នោះ​សាក្សី​ព្រះ​យេហូវ៉ា​មាន​ចំនួន​តិច​ជាង​១០​នាក់​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ​វិញ មាន​សាក្សី​ច្រើន​ជាង​២០០.០០០​នាក់។ សាលា​គម្ពីរ​គីលាត​មាន​វគ្គ​សិក្សា​រយៈ​ពេល​ប្រាំ​ខែ​ដែល​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​ស៊ី​ជម្រៅ។ អស់​អ្នក​ដែល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស ឬ​បម្រើ​នៅ​ការិយាល័យ​សាខា ឬ​ជា​សាសនទូត ឬ​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​សាលា​នោះ។ វគ្គ​សិក្សា​នោះ​ជួយ​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​កាន់​តែ​ខ្លាំង និង​ពង្រឹង​កិច្ច​បម្រើ​ផ្សាយ​ទូ​ទាំង​ពិភព​លោក។

      • តើ​សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ​មាន​គោល​បំណង​អ្វី?

      • តើ​អ្នក​ណាខ្លះ​អាច​ចូល​រួម​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ?

  • តើពួកអ្នកចាស់ទុំជួយក្រុមជំនុំយ៉ាងដូចម្ដេច?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១៥

      តើ​ពួក​អ្នក​ចាស់​ទុំ​ជួយ​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

      អ្នកចាស់ទុំម្នាក់និយាយជាមួយបងប្អូនក្នុងក្រុមជំនុំ

      ហ្វាំងឡង់

      អ្នកចាស់ទុំម្នាក់បង្រៀនក្នុងក្រុមជំនុំ

      បង្រៀន

      អ្នកចាស់ទុំលើកទឹកចិត្ដបងប្អូនក្នុងក្រុមជំនុំ

      ពង្រឹង​ជំនឿ

      អ្នកចាស់ទុំចូលរួមក្នុងកិច្ចបម្រើផ្សាយជាសាធារណៈ

      ផ្សព្វ​ផ្សាយ

      ក្នុង​អង្គការ​របស់​យើង គ្មាន​បព្វជិត​ដែល​ទទួល​ប្រាក់​ខែ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រួត​ពិនិត្យ​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​បាន​ត្រូវ​តែង​តាំង​ឡើង​«​ដើម្បី​ឃ្វាល​ក្រុម​ជំនុំ​របស់​ព្រះ​»​ ដូច​ពេល​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ទើប​ចាប់​ផ្ដើម​មាន​ឡើង​ដែរ។ (​សកម្មភាព ២០:២៨​) ពួក​អ្នក​ចាស់​ទុំ​ជា​បុរស​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់ ហើយ​នាំ​មុខ និង​ឃ្វាល​ឬ​ពង្រឹង​ជំនឿ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​«​មិន​មែន​ឃ្វាល​ដោយ​បង្ខំ​ចិត្ត​ទេ តែ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​មិន​មែន​ដោយ​ចង់​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ តែ​ដោយ​ស្មោះ​អស់ពី​ចិត្ត​»។ (​ពេត្រុសទី១ ៥:១​-​៣​) តើ​ពួក​គាត់​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​សម្រាប់​យើង?

      ពួក​គាត់​មើល​ថែ​រក្សា​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ ពួក​អ្នក​ចាស់​ទុំ​ផ្ដល់​ការ​ណែនាំ​និង​ជួយ​ក្រុម​ជំនុំ​ឲ្យ​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ដោយ​ដឹង​ថា ព្រះ​បាន​ប្រគល់​ភារកិច្ច​ដ៏​សំខាន់​ដល់​ពួក​គាត់ នោះ​ពួក​អ្នក​ចាស់​ទុំ​មិន​ចង់​ធ្វើ​ជា​ម្ចាស់​លើ​រាស្ត្រ​លោក​ទេ ប៉ុន្តែ​ពួក​គាត់​ជួយ​យើង​ឲ្យ​មាន​អំណរ​និង​សេចក្ដី​សុខ​វិញ។ (​កូរិនថូសទី២ ១:២៤​) ដូច​គង្វាល​ដែល​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ចៀម​នីមួយ​ៗ​របស់​គាត់ នោះ​ពួក​អ្នក​ចាស់​ទុំ​ក៏​ព្យាយាម​ស្គាល់​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​ជំនុំ​ដែរ។—សុភាសិត ២៧:២៣

      ពួក​គាត់​បង្រៀន​យើង​នូវ​របៀប​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ រៀង​រាល់​សប្ដាហ៍ ពួក​អ្នក​ចាស់​ទុំ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្នុង​ក្រុម​ជំនុំ​ដើម្បី​ពង្រឹង​ជំនឿ​របស់​យើង​ទាំង​អស់​គ្នា។ (​សកម្មភាព ១៥:៣២​) បុរស​ស្មោះ​ត្រង់​ទាំង​នេះ​ក៏​នាំ​មុខ​ក្នុង​កិច្ចការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដែរ ដោយ​ផ្សព្វ​ផ្សាយ​ជា​មួយ​យើង និង​បង្រៀន​អំពី​របៀប​ផ្សេង​ៗ​ដែល​យើង​អាច​ផ្សព្វ​ផ្សាយ។

      ពួក​គាត់​លើក​ទឹក​ចិត្ត​យើង​ម្នាក់​ៗ។ ដើម្បី​ជួយ​យើង​ម្នាក់​ៗ​ឲ្យ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ពួក​អ្នក​ចាស់​ទុំ​ប្រហែលជា​មក​លេង​យើង​នៅ​ឯ​ផ្ទះ ឬ​ប្រហែល​ជា​និយាយ​ជា​មួយ​នឹង​យើង​នៅ​ឯ​សាល​ប្រជុំ​ដើម្បី​ជួយ​លើក​ទឹក​ចិត្ត​និង​សម្រាល​ទុក្ខ​យើង​ដោយ​ប្រើ​បទ​គម្ពីរ។—យ៉ាកុប ៥:១៤, ១៥

      បន្ថែម​ពី​លើ​ភារកិច្ច​ដែល​មាន​នៅ​ក្នុង​ក្រុម​ជំនុំ អ្នក​ចាស់​ទុំ​ភាគ​ច្រើន​ក៏​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ជីវិត និង​មាន​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ​ដែល​ពួក​គាត់​ត្រូវ​គិត​និង​ចំណាយ​ពេល​ដែរ។ ពួក​អ្នក​ចាស់​ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់​ទាំង​នេះ​សម​នឹង​ទទួល​ការ​គោរព​ពី​យើង​មែន។—ថែស្សាឡូនិច​ទី​១ ៥:១២, ១៣

      • តើ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​មាន​តួនាទី​អ្វី​ខ្លះ?

      • តើ​ពួក​អ្នក​ចាស់​ទុំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ម្នាក់​ៗ​តាម​របៀប​ណា?

      ដើម្បី​រៀន​ថែម​ទៀត

      តើ​អ្នក​ណា​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ជំនួយ​ការ​ខាង​កិច្ច​បម្រើ? លោក​អ្នក​អាច​អាន​ក្នុង​គម្ពីរ​ស្តី​អំពី​គុណ​សម្បត្ដិ​ផ្សេង​ៗ​របស់​ពួក​គាត់​នៅ​ធីម៉ូថេទី១ ៣:១​-​១០, ១២ និង​ទីតុស ១:៥​-​៩

  • តើជំនួយការខាងកិច្ចបម្រើមានតួនាទីអ្វីខ្លះ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
    • មេរៀន​ទី​១៦

      តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​មាន​តួនាទី​អ្វី​ខ្លះ?

      ជំនួយការខាងកិច្ចបម្រើម្នាក់ជួយចែកសៀវភៅ

      មីយ៉ាន់ម៉ា

      ជំនួយការខាងកិច្ចបម្រើថ្លែងសុន្ទរកថាដែលមានមូលដ្ឋានពីគម្ពីរ

      សុន្ទរកថា

      ជំនួយការខាងកិច្ចបម្រើដឹកនាំកិច្ចប្រជុំ

      ប្រជុំ​ផ្សព្វ​ផ្សាយ

      ជំនួយការខាងកិច្ចបម្រើជួយសម្អាតនិងថែទាំសាលប្រជុំ

      សម្អាត​សាល​ប្រជុំ

      គម្ពីរ​បាន​រៀប​រាប់​អំពី​បុរស​គ្រិស្ត​សាសនិក​ពីរ​ក្រុម​ដែល​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ គឺ​«​អ្នក​ត្រួត​ពិនិត្យ​និង​ពួក​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​»។ (​ភីលីព ១:១​) តាម​ធម្មតា ក្រុម​ជំនុំ​នីមួយ​ៗ​មាន​ពួក​អ្នក​ចាស់​ទុំ​និង​ពួក​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ច្រើន​នាក់។ តើ​ពួក​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​កិច្ចការ​អ្វី​ខ្លះ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​យើង?

      ពួក​គាត់​ជួយ​ក្រុម​អ្នក​ចាស់​ទុំ។ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ជា​បុរស​វ័យ​ក្មេង​ឬ​វ័យ​ចាស់​ដែល​មាន​ចំណង​មិត្តភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​គួរ​ជា​ទី​ទុក​ចិត្ត និង​បំពេញ​ភារកិច្ច​ដោយ​យក​ចិត្ត​ទុក​ដាក់។ ពួក​គាត់​មាន​កិច្ចការ​ដ៏​សំខាន់​ដែល​ត្រូវ​ធ្វើ​ជា​ទៀង​ទាត់​ក្នុង​ក្រុម​ជំនុំ។ ភារកិច្ច​នោះ​តម្រូវ​ឲ្យ​ពួក​គាត់​ធ្វើ​ការងារ​ធ្ងន់​ស្រាល​ផ្សេង​ៗ​សម្រាប់​ក្រុម​ជំនុំ។ ដោយ​មាន​ជំនួយ​ពី​ពួក​គាត់ ពួក​អ្នក​ចាស់​ទុំ​អាច​ផ្ចង់​អារម្មណ៍​ទៅ​លើ​ភារកិច្ច​ក្នុង​ការ​បង្រៀន​និង​ពង្រឹង​ជំនឿ​បង​ប្អូន។

      ពួក​គាត់​ជួយ​យើង។ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ខ្លះ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ទទួល​ស្វាគមន៍​អ្នក​ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ។ ខ្លះ​ទៀត​ប្រហែលជា​មាន​ភារកិច្ច​ផ្នែក​ប្រព័ន្ធ​សំឡេង ផ្នែក​ចែក​សៀវភៅ ផ្នែក​គណនី​របស់​ក្រុម​ជំនុំ និង​ផ្នែក​ចែក​តំបន់​ផ្សាយ​ដល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ ពួក​គាត់​ក៏​ជួយ​សម្អាត​និង​ថែ​ទាំ​សាល​ប្រជុំ​ដែរ។ ពួក​អ្នក​ចាស់​ទុំ​ប្រហែល​ជា​សុំ​ពួក​គាត់​ឲ្យ​ជួយ​បង​ប្អូន​វ័យ​ចាស់។ ដោយ​សារ​ពួក​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ចការ​ទាំង​អស់​ដែល​ពួក​គាត់​ទទួល នោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​គួរ​គោរព​និង​ឲ្យ​តម្លៃ​ចំពោះ​កិច្ចការ​ដ៏​នឿយ​ហត់​និង​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​របស់​ពួក​គាត់។—ធីម៉ូថេទី១ ៣:១៣

      ពួក​គាត់​ទុក​គំរូ​ល្អ​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ម្នាក់។ ពួក​គាត់​បាន​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ដោយ​សារ​ពួក​គាត់​មាន​គុណ​សម្បត្ដិ​ដ៏​ល្អ​ជា​គ្រិស្ត​សាសនិក។ ពេល​ពួក​គាត់​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ នោះ​ជួយ​ពង្រឹង​ជំនឿ​របស់​យើង។ គំរូ​ដ៏​ល្អ​របស់​ពួក​គាត់​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ខ្នះខ្នែង​ថែម​ទៀត។ ដោយ​សារ​ពួក​គាត់​សហការ​យ៉ាង​ល្អ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ នេះ​ធ្វើ​ឲ្យ​មាន​អំណរ​និង​សាមគ្គី​ភាព។ (​អេភេសូរ ៤:១៦​) ក្រោយ​មក ពួក​គាត់​ក៏​អាច​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​ចាស់​ទុំ​ដែរ។

      • តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ជា​មនុស្ស​ប្រភេទ​ណា?

      • តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ជួយ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​មាន​ដំណើរ​ការ​ល្អ​យ៉ាង​ដូច​ម្ដេច?

      ដើម្បី​រៀន​ថែម​ទៀត

      រាល់​ដង​ពេល​ដែល​លោក​អ្នក​ទៅ​កិច្ច​ប្រជុំ សូម​ចំណាយ​ពេល​ដើម្បី​ស្គាល់​អ្នក​ចាស់​ទុំ​ឬ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់ រហូត​ដល់​លោក​អ្នក​ស្គាល់​ពួក​គាត់​ទាំង​អស់ រួម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក