បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរធ្វើតាមតម្រាប់ដែលព្រះយេស៊ូបានទុកឲ្យជានិរន្ដរ៍
    ទស្សនាវដ្ដីប៉មយាម ២០០៥ | ១ មេសា
    • ចូរ​ធ្វើ​តាម​តម្រាប់​ដែល​ព្រះ​យេស៊ូ​បាន​ទុក​ឲ្យ​ជា​និរន្តរ៍

      «ខ្ញុំ​បាន​ធ្វើ​ដំ​រាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ»។—យ៉ូហាន ១៣:១៥

      ១​. ហេតុ​អ្វី​ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​ល្អ​ដើម្បី​ឲ្យ​ជន​គ្រីស្ទាន​យក​តម្រាប់​តាម?

      នៅ​ក្នុង​គ្រប់​ប្រវត្ដិសាស្ត្រ​នៃ​មនុស្ស​ជាតិ មាន​តែ​បុគ្គល​ម្នាក់​ទេ​ដែល​រស់​នៅ​អស់​មួយ​ជីវិត​ដោយ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប។ បុគ្គល​នោះ​គឺ​ព្រះ​យេស៊ូ។ ក្រៅ​ពី​ព្រះ​យេស៊ូ គឺ«គ្មាន​មនុស្ស​ណា​មួយ​ដែល​មិន​ធ្វើ​បាប​ឡើយ»។ (ពង្សាវតារក្សត្រទី១ ៨:៤៦; រ៉ូម ៣:២៣) ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ជន​គ្រីស្ទាន​ពិត ចាត់​ទុក​ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​គ្រប់​ល័ក្ខណ៍​ដែល​ត្រូវ​យក​តម្រាប់​តាម។ មែន​ហើយ មិន​យូរ​មុន​ដែល​ព្រះ​យេស៊ូ​សោយទិវង្គត​នៅ​ថ្ងៃ​ទី១៤ ខែ​ណែសាន ឆ្នាំ​៣៣​ស.យ. នោះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​យក​តម្រាប់​តាម​ទ្រង់។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ខ្ញុំ​បាន​ធ្វើ​ដំ​រាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ»។ (យ៉ូហាន ១៣:១៥) នៅ​រាត្រី​ចុង​ក្រោយ​នោះ ព្រះ​យេស៊ូ​បាន​រៀប​រាប់​វិធី​មួយ​ចំនួន​ដែល​ជន​គ្រីស្ទាន​គួរ​ព្យាយាម​យក​តម្រាប់​តាម​ទ្រង់។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិគ្រោះ​នូវ​វិធី​ខ្លះៗ។

      ត្រូវ​មាន​ចិត្ត​រាប​ទាប​ជា​ចាំបាច់

      ២, ៣​. តើ​ព្រះ​យេស៊ូ​ជា​គំរូ​ដ៏​គ្រប់​ល័ក្ខណ៍​ចំពោះ​ការ​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច​ខ្លះ?

      ២ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ដាស់​តឿន​សិស្ស​ទ្រង់​ឲ្យ​ធ្វើ​តាម​តម្រាប់​ដែល​ទ្រង់​ទុក​ឲ្យ នោះ​ទ្រង់​ចង់​សំដៅ​យ៉ាង​ចំៗចំពោះ​ចិត្ត​រាប​ទាប។ ច្រើន​ដង ព្រះ​យេស៊ូ​បាន​ប្រទាន​ឱវាទ​ដល់​សិស្ស​ទ្រង់​ឲ្យ​មាន​ចិត្ត​រាប​ទាប។ ហើយ​នៅ​រាត្រី​នៃ​ថ្ងៃ​ទី១៤ ខែ​ណែសាន ទ្រង់​បាន​សម្ដែង​នូវ​ព្រះទ័យ​រាប​ទាប ដោយ​លាង​ជើង​របស់​ពួក​សាវ័ក។ រួច​មក ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «បើ​ខ្ញុំ ដែល​ជា​ព្រះ​អម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង ដល់​គ្នា​នឹង​គ្នា​ដែរ»។ (យ៉ូហាន ១៣:១៤) ក្រោយ​មក ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួក​សាវ័ក​ឲ្យ​ត្រាប់​តាម​តម្រាប់​ឬ​គំរូ​ដែល​ទ្រង់​បាន​ទុក​ឲ្យ។ នោះ​ពិត​ជា​គំរូ​ដ៏​ល្អ​មែន​ចំពោះ​ការ​សម្ដែង​ចិត្ត​រាប​ទាប!

      ៣ សាវ័ក​ប៉ុល​ប្រាប់​យើង​ថា ព្រះ​យេស៊ូ«មាន​រូប​អង្គ​ជា​ព្រះ»មុន​នឹង​ទ្រង់​យាង​មក​ផែនដី។ យ៉ាង​ណា​ក៏​ដោយ ទ្រង់​បាន​លះបង់​អង្គ​ទ្រង់ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​វិញ។ មិន​តែ​ប៉ុណ្ណោះ ទ្រង់​ក៏​បាន«បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ[«បង្គោល​ឈើ​ទារុណកម្ម», ព.ថ.]ផង»។ (ភីលីព ២:៦​-​៨) ចូរ​គិត​ទៅ​មើល! បន្ទាប់​ពី​ព្រះ​យេហូវ៉ា គឺ​ព្រះ​យេស៊ូ​ដែល​ទ្រង់​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ជាង​គេ​បំផុត តែ​ទ្រង់​បាន​សុខ​ព្រះទ័យ​ទៅ​ជា​ទាប​ជាង​បណ្ដា​ទេវតា ដោយ​ប្រសូត​ជា​ទារក​ដែល​ពុំ​អាច​ការពារ​ខ្លួន​បាន ហើយ​ធំ​ឡើង​និង​ស្ដាប់​បង្គាប់​តាម​ឪពុក​ម្ដាយ​ដែល​ឥត​គ្រប់​ល័ក្ខណ៍ ហើយ​នៅ​ទីបំផុត នឹង​ត្រូវ​សោយទិវង្គត​ដូច​ជា​ឧក្រិដ្ឋ​ជន​ម្នាក់​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម។ (កូល៉ុស ១:១៥, ១៦; ហេព្រើរ ២:៦, ៧) នេះ​ជា​ការ​បង្ហាញ​នូវ​ចិត្ត​រាប​ទាប​យ៉ាង​អស្ចារ្យ​មែន! តើ​យើង​អាច​យកតម្រាប់​តាម«គំនិត»របស់​ទ្រង់​ហើយ​បណ្ដុះ​ឲ្យ​មាន«ចិត្ត​សុភាព»បាន​ឬ​ទេ? (ភីលីព ២:៣​-​៥) យើង​អាច​យក​តម្រាប់​តាម​មែន តែ​ការ​នោះ​គឺ​មិន​ស្រួល​ទេ។

      ៤​. តើ​មនុស្ស​មាន​អំនួត​ដោយសារ​អ្វី​ខ្លះ? ប៉ុន្តែ ហេតុ​អ្វី​ក៏​ការ​មាន​អំនួត​គឺ​មិន​ល្អ?

      ៤ អំនួត​គឺ​ផ្ទុយ​នឹង​ចិត្ត​រាប​ទាប។ (សុភាសិត ៦:១៦​-​១៩) អំនួត​ឬ​ការ​មាន​ចិត្ត​ធំ​បាន​ធ្វើ​ឲ្យ​សាតាំង​ប្រព្រឹត្ត​អាក្រក់។ (ធីម៉ូថេទី១ ៣:៦) អំនួត​អាច​កកើត​យ៉ាង​ស្រួល​ក្នុង​ចិត្ត​មនុស្ស ហើយ​ក្រោយ​នៅ​ក្នុង​ចិត្ត​រួច គឺ​ពិបាក​ដក​ចេញ​ណាស់។ មនុស្ស​មាន​អំនួត​ដោយសារ​ប្រទេស​ខ្លួន ពូជ​សាសន៍ ទ្រព្យ​ធន ការ​អប់រំ បាន​សម្រេច​ការ​អ្វី​មួយ​ក្នុង​លោកីយ៍ ឋានៈ​ក្នុង​សង្គម អាការ​ក្រៅ ពូកែ​ខាង​កីឡា និង​អ្វី​ផ្សេងៗទៀត​ជា​ដើម។ ក៏​ប៉ុន្តែ របស់​ទាំង​នោះ​គឺ​មិន​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ។ (កូរិនថូសទី១ ៤:៧) ហើយ​បើ​រឿង​ទាំង​នេះ​ធ្វើ​ឲ្យ​យើង​មាន​អំនួត នេះ​នឹង​បំផ្លាញ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​នឹង​ទ្រង់។ «ដ្បិត​ទោះ​បើ​ព្រះ​យេហូវ៉ា​ទ្រង់​ខ្ពស់ គង់​តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរ តែ​ឯ​មនុស្ស​ឆ្មើងឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំងាយ»។—ទំនុកដំកើង ១៣៨:៦; សុភាសិត ៨:១៣

      ការ​មាន​ចិត្ត​រាប​ទាប​ក្នុង​ចំណោម​បងប្អូន​ខាង​វិញ្ញាណ

      ៥​. ហេតុ​អ្វី​ក៏​សំខាន់​ចាំបាច់​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​មាន​ចិត្ត​រាប​ទាប?

      ៥ ក្នុង​កិច្ចបំរើ​ព្រះ​យេហូវ៉ា ទោះ​ជា​យើង​មាន​មុខ​នាទី​អ្វី​ក៏​ដោយ ឬ​ក៏​បាន​សម្រេច​កិច្ចការ​អ្វី​ក៏​ដោយ ក៏​នោះ​មិន​គួរ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​អំនួត​ឡើយ។ ម្យ៉ាង​ទៀត ការ​ទទួល​ខុសត្រូវ​ភារកិច្ច​ផ្សេងៗក្នុង​ក្រុមជំនុំ​ក៏​មិន​ត្រូវ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​អំនួត​ដែរ។ (របាក្សត្រទី១ ២៩:១៤; ធីម៉ូថេទី១ ៦:១៧, ១៨) ការ​ពិត កាល​ណា​យើង​មាន​ភារកិច្ច​កាន់​តែ​ច្រើន នោះ​យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​ជាង​មុន​ទៅ​ទៀត។ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​ពួក​អ្នក​ចាស់​ទុំ កុំ​ឲ្យ​«ប្រើ​អំណាច​ជិះជាន់​អស់​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​ប្រទាន​មក​អោយ​បងប្អូន​ថែរក្សា​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ»។ (១​ពេត្រុស/សិលា ៥:៣, ខ.ស.) ពួក​អ្នក​ចាស់​ទុំ​ត្រូវ​បាន​តែងតាំង​ដើម្បី​បំរើ​និង​ធ្វើ​ជា​គំរូ​ដល់​បងប្អូន មិន​មែន​ដើម្បី​កាន់​អំណាច​និង​ធ្វើ​ជា​ចៅហ្វាយ​នោះ​ឡើយ។—លូកា ២២:២៤​-​២៦; កូរិនថូសទី២ ១:២៤

      ៦​. តើ​យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​ក្នុង​ទិដ្ឋភាព​ណា​ខ្លះ?

      ៦ មិន​មែន​មាន​តែ​ពួក​អ្នក​ចាស់​ទុំ​ទេ​ដែល​ត្រូវ​បង្ហាញ​ចិត្ត​រាប​ទាប​នោះ។ ចំពោះ​បុរស​វ័យ​ក្មេង ដែល​ប្រហែល​ជា​មាន​មោទនភាព​ដោយសារ​មាន​គំនិត​ឈ្លាស​វៃ​និង​រូប​កាយ​មាំមួន​ជាង​បងប្អូន​វ័យ​ចាស់​នោះ ពេត្រុស​បាន​សរសេរ​ថា៖ «ត្រូវ​ឲ្យ​គ្រប់​គ្នា​មាន​ចិត្ត​សុភាព ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពីព្រោះ​ព្រះ​ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួតអាង តែ​ផ្ដល់​ព្រះ​គុណ​ដល់​ពួក​រាបសា​វិញ»។ (ពេត្រុសទី១ ៥:៥) ប្រាកដ​ហើយ យើង​គ្រប់​គ្នា​ត្រូវ​មាន​ចិត្ត​រាប​ទាប​ដូច​ព្រះ​គ្រីស្ទ។ យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​ដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ ជា​ពិសេស​ពេល​ដែល​ប្រឈម​មុខ​នឹង​ភាព​កន្តើយ​ឬ​ការ​ប្រឆាំង។ ចិត្ត​រាប​ទាប​ធ្វើ​ឲ្យ​យើង​ព្រម​ទទួល​យក​ឱវាទ ឬ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​ភាព​សាមញ្ញ ដើម្បី​ឲ្យ​យើង​ចូល​រួម​បាន​ច្រើន​ជាង​ក្នុង​កិច្ចបំរើ​ផ្សាយ។ ម្យ៉ាង​វិញ​ទៀត យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​ព្រម​ទាំង​ជំនឿ និង​សេចក្ដី​ក្លាហាន ពេល​ដែល​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​ដោយ​អាង​ច្បាប់ ការ​បៀតបៀន​ដ៏​ឃោរឃៅ ឬ​ពេល​មាន​គេ​ផ្សាយ​ពត៌មាន​ដែល​បង្អាប់​បង្អោន​យើង។—ពេត្រុសទី១ ៥:៦

      ៧, ៨​. តើ​មាន​វិធី​ណា​ខ្លះ​ដែល​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប?

      ៧ តើ​បុគ្គល​ម្នាក់​អាច​យក​ឈ្នះ​ចិត្ត​អំនួត និង«ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗថា ប្រសើរ​ជាង​ខ្លួន»យ៉ាង​ដូច​ម្ដេច? (ភីលីព ២:៣, ខ.ស.) គាត់​ត្រូវ​មាន​ទស្សនៈ​ចំពោះ​ខ្លួន​ដូច​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​ចំពោះ​គាត់​ដែរ។ ព្រះ​យេស៊ូ​បាន​ពន្យល់​នូវ​ចិត្ត​គំនិត​ត្រឹម​ត្រូវ ពេល​ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «ឯ​អ្នក​រាល់​គ្នា ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​គ្រប់​ជំពូក​ហើយ នោះ​ត្រូវ​រាប់​ថា ‹យើង​ជា​បាវ​បំរើ​ឥត​កំរៃ​ដល់​ម្ចាស់​ទេ ដ្បិត​យើង​បាន​ធ្វើ​ត្រឹម​តែ​ការ​ដែល​យើង​ត្រូវ​ធ្វើ​ប៉ុណ្ណោះ›»។ (លូកា ១៧:១០) ចូរ​ចាំ​ថា អ្វីៗដែល​យើង​អាច​សម្រេច​ពុំ​អាច​ប្រៀប​ស្មើ​នឹង​អ្វីៗដែល​ព្រះ​យេស៊ូ​បាន​សម្រេច​នោះ​ឡើយ។ ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​មាន​ព្រះទ័យ​រាប​ទាប។

      ៨ ម្យ៉ាង​ទៀត យើង​អាច​ទូល​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដើម្បី​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​យើង។ យើង​អាច​អធិស្ឋាន​ដូច​អ្នក​តែង​បទ​ទំនុកដំកើង​ថា៖ «សូម​បង្រៀន​ឲ្យ​ទូល​បង្គំ​មាន​ប្រាជ្ញា​ធ្លុះ​យល់ ហើយ​ចេះ​ដឹង​យ៉ាង​ល្អ ដ្បិត​ទូល​បង្គំ​បាន​ជឿ​ចំពោះ​សេចក្ដី​បង្គាប់​នៃ​ទ្រង់​ហើយ»។ (ទំនុកដំកើង ១១៩:៦៦) ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​យើង ហើយ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង ដោយសារ​យើង​មាន​ចិត្ត​រាប​ទាប។ (សុភាសិត ១៨:១២) ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ «អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង»។—ម៉ាថាយ ២៣:១២

      ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស

      ៩​. តើ​ព្រះ​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស​នោះ?

      ៩ ថ្វី​បើ​ព្រះ​យេស៊ូ​បាន​រស់​នៅ​អស់​៣៣​ឆ្នាំ​ក្នុង​ចំណោម​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ដោយ តែ​ទ្រង់«ឥត​ធ្វើ​បាប​ឡើយ»។ (ហេព្រើរ ៤:១៥) តាម​ការ​ពិត អ្នក​តែង​បទ​ទំនុកដំកើង​ទាយ​អំពី​ព្រះមេស្ស៊ី ដោយ​ពោល​ថា៖ «ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទុច្ចរិត»។ (ទំនុកដំកើង ៤៥:៧; ហេព្រើរ ១:៩) ជន​គ្រីស្ទាន​ក៏​ត្រូវ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ក្នុង​ទិដ្ឋភាព​នេះ​ដែរ។ ជន​គ្រីស្ទាន​មិន​គ្រាន់​តែ​ដឹង​អ្វី​ដែល​ខុស​អ្វី​ដែល​ត្រូវ តែ​ពួក​គេ​ក៏​ស្អប់​អ្វី​ដែល​ខុស​និង​ស្រឡាញ់​អ្វី​ដែល​ត្រូវ​ដែរ។ (អេម៉ុស ៥:១៥) នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​ទប់ទល់​នឹង​លក្ខណៈ​មួយ​ដែល​មាន​ពី​កំណើត គឺ​ភាព​ទោរ​ទន់​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​បាប។—លោកុប្បត្តិ ៨:២១; រ៉ូម ៧:២១​-​២៥

      ១០​. ប្រសិន​បើ​យើង«ប្រព្រឹត្ត​អាក្រក់»ដោយ​ឥត​ប្រែ​ចិត្ត​នោះ តើ​យើង​បង្ហាញ​នូវ​ចិត្ត​គំនិត​អ្វី?

      ១០ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ទៅ​កាន់​នីកូដេម​ដែល​ជា​សមាជិក​ម្នាក់​នៃ​គណៈ​ផារីស៊ី ថា៖ «អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ នោះ​តែង​ស្អប់​ដល់​ពន្លឺ ហើយ​មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន បាន​បើក​ឲ្យ​ឃើញ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ»។ (យ៉ូហាន ៣:២០, ២១) ចូរ​ពិចារណា: យ៉ូហាន​ប្រាប់​ថា​ព្រះ​យេស៊ូ​ជា«ពន្លឺ​ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់»។ (យ៉ូហាន ១:៩, ១០) ក៏​ប៉ុន្តែ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​ប្រសិន​បើ​យើង«ប្រព្រឹត្ត​អាក្រក់» ពោល​គឺ​អ្វីៗដែល​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​នោះ យើង​ស្អប់​ពន្លឺ។ ពិបាក​ជឿ​ណាស់​ថា​មនុស្ស​ស្អប់​ព្រះ​យេស៊ូ​និង​គោលការណ៍​របស់​ទ្រង់ មែន​ទេ? ប៉ុន្តែ នៅ​ពេល​ដែល​មនុស្ស​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ឥត​ប្រែ​ចិត្ត​នោះ ពួក​គេ​បង្ហាញ​ថា​ស្អប់​ព្រះ​យេស៊ូ​មែន។ ប្រហែល​ជា​ពួក​គេ​គិត​ថា​មិន​ស្អប់​ព្រះ​យេស៊ូ​និង​គោលការណ៍​របស់​ទ្រង់​ទេ ប៉ុន្តែ ចំពោះ​ព្រះ​យេស៊ូ​វិញ​ពួក​គេ​ស្អប់​ទ្រង់​ហើយ។

      វិធី​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេស៊ូ​ចំពោះ​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស

      ១១​. តើ​យើង​ត្រូវ​ការ​អ្វី​ជា​ចាំបាច់ ប្រសិន​បើ​យើង​ចង់​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេស៊ូ​ចំពោះ​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស​នោះ?

      ១១ យើង​ត្រូវ​យល់​ឲ្យ​ច្បាស់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស។ វិធី​តែ​មួយ​គត់​ដែល​យើង​អាច​យល់​ដឹង​អំពី​ទស្សនៈ​របស់​ទ្រង់​គឺ​ដោយ​សិក្សា​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ។ កាល​ដែល​យើង​បន្ត​សិក្សា​បែប​នេះ យើង​ត្រូវ​អធិស្ឋាន​ដូច​អ្នក​តែង​បទ​ទំនុកដំកើង ដែល​ថា៖ «ឱ​ព្រះ​យេហូវ៉ា​អើយ! សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ សូម​បង្រៀន​ទូល​បង្គំ​ក្នុង​ផ្លូវ​ច្រក​របស់​ទ្រង់»។ (ទំនុកដំកើង ២៥:៤) ប៉ុន្តែ ចូរ​ចាំ​ថា អារក្ស​សាតាំង​ប៉ិន​បោកបញ្ឆោត​ណាស់។ (កូរិនថូសទី២ ១១:១៤) ចំពោះ​ជន​គ្រីស្ទាន​ដែល​មិន​ប្រុង​ប្រយ័ត្ន វា​អាច​ធ្វើ​ឲ្យ​អ្វី​ដែល​ខុស​មើល​ទៅ​ដូច​ជា​ត្រឹម​ត្រូវ​វិញ។ ហេតុ​ដូច្នេះ​ហើយ យើង​ត្រូវ​តែ​រំពឹង​គិត​យ៉ាង​ជ្រាល​ជ្រៅ​លើ​អ្វីៗដែល​យើង​រៀន និង​ធ្វើ​តាម​ឱវាទ​របស់‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›។ (ម៉ាថាយ ២៤:៤៥​-​៤៧) ការ​សិក្សា ការ​អធិស្ឋាន និង​ការ​រំពឹង​គិត​លើ​អ្វី​ដែល​យើង​បាន​រៀន នឹង​ជួយ​យើង​ឲ្យ​មាន​គំនិត​ចាស់​ទុំ និង​ស្ថិត​នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​«បាន​បង្ហាត់​ឥន្ទ្រីយ ដោយ​ធ្លាប់​ខ្លួន​ហើយ ដើម្បី​ឲ្យ​បាន​ដឹង​ខុសត្រូវ»។ (ហេព្រើរ ៥:១៤) ធ្វើ​ដូច្នេះ​ទើប​យើង​មាន​ភាព​ទោរ​ទន់​ទៅ​រក​ការ​ស្អប់​អ្វី​ដែល​ខុស​និង​ស្រឡាញ់​អ្វី​ដែល​ត្រូវ។

      ១២​. តើ​ឱវាទ​អ្វី​ក្នុង​ព្រះ​គម្ពីរ​ដែល​ជួយ​យើង​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់?

      ១២ ប្រសិន​បើ​យើង​ស្អប់​អ្វី​ដែល​ខុស នោះ​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​សេចក្ដី​ប្រាថ្នា​ចំពោះ​អ្វី​ដែល​ខុស​កកើត​ក្នុង​ចិត្ត​យើង​ឡើយ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ច្រើន​ឆ្នាំ​ក្រោយ​ពី​ព្រះ​យេស៊ូ​សោយទិវង្គត​ថា៖ «កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ។ បើអ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ។ ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះ​វរបិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ»។—យ៉ូហានទី១ ២:១៥, ១៦

      ១៣, ១៤​. (ក) ហេតុ​អ្វី​ក៏​ការ​ស្រឡាញ់​អ្វីៗដែល​នៅ​ក្នុង​លោកីយ៍​អាច​នាំ​ឲ្យ​ជន​គ្រីស្ទាន​មាន​គ្រោះថ្នាក់? (ខ) តើ​យើង​អាច​ជៀសវាង​ពី​ការ​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​អ្វី​ដែល​នៅ​ក្នុង​លោកីយ៍​យ៉ាង​ដូច​ម្ដេច?

      ១៣ អ្នក​ខ្លះ​ប្រហែល​ជា​គិត​ថា មិន​មែន​អ្វីៗទាំង​អស់​ក្នុង​លោកីយ៍​គឺ​អាក្រក់​នោះ​ទេ។ ទោះ​ជា​នេះ​ពិត​មែន​ក៏​ដោយ តែ​លោកីយ៍​និង​របស់​អ្វី​ដែល​នៅ​ក្នុង​នោះ​អាច​ទាញ​យើង​យ៉ាង​ស្រួល​ចេញ​ពី​ការ​បំរើ​ព្រះ​យេហូវ៉ា។ ហើយ​គ្មាន​អ្វី​ក្នុង​លោកីយ៍​នេះ​ដែល​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ឡើយ។ ហេតុ​នេះ​ហើយ បើ​យើង​ចាប់​ផ្ដើម​ស្រឡាញ់​អ្វីៗដែល​នៅ​ក្នុង​លោកីយ៍ ទោះ​ជា​របស់​នោះ​មិន​មែន​ខុស​ក៏​ដោយ យើង​កំពុង​តែ​ដើរ​ក្នុង​ផ្លូវ​ដែល​នាំ​ទៅ​ឯ​គ្រោះថ្នាក់។ (ធីម៉ូថេទី១ ៦:៩, ១០) ម្យ៉ាង​វិញ​ទៀត អ្វីៗជា​ច្រើន​ក្នុង​លោកីយ៍​ពិត​ជា​អាក្រក់​ហើយ​អាច​ធ្វើ​ឲ្យ​យើង​ចង់​ប្រព្រឹត្ត​អាក្រក់​ដែរ។ ប្រសិន​បើ​យើង​ទស្សនា​កម្មវិធី​ទូរទស្សន៍​ដែល​បញ្ចាំង​អំពើ​ឃោរឃៅ វត្ថុ​និយម ឬ​អំពើ​អសីលធម៌​ខាង​កាម​នោះ យើង​អាច​ចាប់​ផ្ដើម​គិត​ថា​រឿង​ទាំង​នោះ​គឺ​មិន​ខុស​វិញ ហើយ​ក្រោយ​មក​អាច​ជា​ការ​ល្បួង​ដល់​យើង​ទៀត​ផង។ ប្រសិន​បើ​យើង​សេពគប់​ជា​មួយ​នឹង​មនុស្ស​ដែល​គិត​តែ​ពី​ការ​លើក​ស្ទួយ​ជីវភាព ឬ​គិត​តែ​ពី​ការ​រក​លុយ នោះ​របស់​ទាំង​ប៉ុន្មាន​នេះ​អាច​ទៅ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​យើង​ដែរ។—ម៉ាថាយ ៦:២៤; កូរិនថូសទី១ ១៥:៣៣

      ១៤ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​ស្រឡាញ់​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ«សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត»នឹង​លែង​ជា​អ្វី​ដែល​ទាក់ទាញ​ទឹក​ចិត្ត​យើង។ បន្ថែម​ទៅ​ទៀត ប្រសិន​បើ​យើង​ចូល​រួម​ជា​មួយ​នឹង​អស់​អ្នក​ដែល​ចាត់​ទុក​កិច្ចការ​ខាង​ព្រះ​រាជាណាចក្រ​ជា​អាទិ​ភាព​នោះ យើង​នឹង​មាន​ចិត្ត​គំនិត​ដូច​ពួក​គេ​ដែរ គឺ​យើង​នឹង​ស្រឡាញ់​អ្វី​ដែល​ពួក​គេ​ស្រឡាញ់​និង​ជៀសវាង​អ្វីៗដែល​ពួក​គេ​ជៀសវាង​ដែរ។—ទំនុកដំកើង ១៥:៤; សុភាសិត ១៣:២០

      ១៥​. ដូច​ព្រះ​យេស៊ូ តើ​ការ​ស្រឡាញ់​សេចក្ដី​សុចរិត​និង​ស្អប់​សេចក្ដី​ទុច្ចរិត​ពង្រឹង​កម្លាំង​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច?

      ១៥ អ្វី​ដែល​បាន​ជួយ​ព្រះ​យេស៊ូ​ឲ្យ​ប្រមូល​អារម្មណ៍​លើ«សេចក្ដី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់» គឺ​ដោយសារ​ទ្រង់​ស្អប់​សេចក្ដី​ទុច្ចរិត​និង​ស្រឡាញ់​សេចក្ដី​សុចរិត។ (ហេព្រើរ ១២:២) នេះ​ក៏​អាច​ជា​ការ​ពិត​ចំពោះ​យើង​ដែរ។ យើង​ដឹង​ថា«លោកីយ​នេះ នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ»។ ការ​សប្បាយ​ណា​ដែល​មាន​ក្នុង​លោកីយ៍​នេះ​គឺ​មាន​តែ​បណ្ដោះ​អាសន្ន​ទេ។ ក៏​ប៉ុន្តែ «អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ»។ (យ៉ូហានទី១ ២:១៧) ពីព្រោះ​ព្រះ​យេស៊ូ​បាន​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ទ្រង់​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​មាន​លទ្ធភាព​ទទួល​ជីវិត​អស់កល្ប​ជានិច្ច។ (យ៉ូហានទី១ ៥:១៣) សូម​ឲ្យ​យើង​គ្រប់​គ្នា​យក​តម្រាប់​តាម​ទ្រង់​និង​ទទួល​ប្រយោជន៍​ពី​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដោយ​មាន​ព្រះទ័យ​គ្រប់​លក្ខណ៍។

      ការ​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន

      ១៦​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​បាន​ដាស់​តឿន​អ្នក​កាន់​តាម​ទ្រង់​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក?

      ១៦ ព្រះ​យេស៊ូ​បាន​ប្រាប់​នូវ​វិធី​មួយ​ទៀត​ដែល​សិស្ស​របស់​ទ្រង់​អាច​យក​តម្រាប់​តាម​ទ្រង់។ ទ្រង់​មាន​បន្ទូល​ថា៖ «នេះ​ជា​សេចក្ដី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ»។ (យ៉ូហាន ១៥:១២, ១៣, ១៧) គឺ​មាន​មូលហេតុ​ជា​ច្រើន​ដែល​ជន​គ្រីស្ទាន​ស្រឡាញ់​បងប្អូន​ខាង​វិញ្ញាណ​របស់​ខ្លួន។ នៅ​ពេល​នេះ ព្រះ​យេស៊ូ​ចង់​មាន​បន្ទូល​ថា​សិស្ស​ទ្រង់​នឹង​ប្រឈម​មុខ​នឹង​សេចក្ដី​ស្អប់​ពី​លោកីយ៍។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «បើសិន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន។ . . . បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ។ បើ​គេ​បាន​បៀតបៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀតបៀន​ដល់​អ្នក​រាល់​គ្នា»។ (យ៉ូហាន ១៥:១៨, ២០) មែន​ហើយ សូម្បី​តែ​ត្រូវ​គេ​បៀតបៀន​ក៏​ដោយ ក៏​ជន​គ្រីស្ទាន​ត្រូវ​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូ​ដែរ។ ពួក​គេ​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​ចំណង​នៃ​សេចក្ដី​ស្រឡាញ់​រវាង​គ្នា​ឲ្យ​បាន​រឹង​មាំ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ទប់ទល់​នឹង​ការ​ស្អប់​ពី​លោកីយ៍។

      ១៧​. ហេតុ​អ្វី​បាន​ជា​លោកីយ៍​ស្អប់​ជន​គ្រីស្ទាន​ពិត?

      ១៧ ហេតុ​អ្វី​បាន​ជា​លោកីយ៍​ស្អប់​ជន​គ្រីស្ទាន​ពិត? ពីព្រោះ​ពួក​គេ«មិន​មែន​ជា​របស់​លោកីយ» ដូច​ព្រះ​យេស៊ូ​ដែរ។ (យ៉ូហាន ១៧:១៤, ១៦) ជន​គ្រីស្ទាន​ពិត​មាន​គោល​ជំហរ​អព្យាក្រឹត​ក្នុង​រឿង​នយោបាយ​និង​យោធា។ ពួក​គេ​ធ្វើ​តាម​គោលការណ៍​ព្រះ​គម្ពីរ គោរព​នូវ​ភាព​ពិសិដ្ឋ​នៃ​ជីវិត និង​កាន់​តាម​គោលការណ៍​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់។ (កិច្ចការ ១៥:២៨, ២៩; កូរិនថូសទី១ ៦:៩​-​១១) គោល​ដៅ​ដ៏​សំខាន់​របស់​គ្រីស្ទាន​ពិត​គឺ​ទាក់ទង​នឹង​រឿង​ខាង​វិញ្ញាណ មិន​មែន​ខាង​សាច់​ឈាម​ទេ។ ពួក​គេ​រស់​នៅ​ក្នុង​លោកីយ៍ ប៉ុន្តែ​ដូច​ជា​ប៉ុល​បាន​សរសេរ​ប្រាប់ នោះ​ពួក​គេ​មិន«ប្រើ​ប្រាស់​លោកីយ​នេះ . . . ហួស​ខ្នាត​ទេ»។ (កូរិនថូសទី១ ៧:៣១) ពិត​មែន​ដែល​មនុស្ស​ខ្លះ​បាន​និយាយ​សរសើរ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ចំពោះ​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ពួក​គេ។ ក៏​ប៉ុន្តែ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​បន្ធូរ​ខ្នាត​តម្រា​ដ៏​ខ្ពង់​ខ្ពស់​របស់​ពួក​គេ ដើម្បី​ឲ្យ​មនុស្ស​សរសើរ​ឬ​រាប់​ជា​មិត្ត​នោះ​ឡើយ។ ជា​លទ្ធផល មនុស្ស​ភាគ​ច្រើន​ក្នុង​លោកីយ៍​មិន​យល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​មនុស្ស​ច្រើន​នាក់​ស្អប់​ពួក​គេ​ទៅ​វិញ។

      ១៨, ១៩​. ដោយ​យក​តម្រាប់​តាម​ព្រះ​យេស៊ូ តើ​ជន​គ្រីស្ទាន​ប្រព្រឹត្ត​យ៉ាង​ណា​នៅ​ចំពោះ​មុខ​ការ​ប្រឆាំង​និង​ការ​បៀតបៀន?

      ១៨ សាវ័ក​របស់​ព្រះ​យេស៊ូ​បាន​ឃើញ​នូវ​សេចក្ដី​ស្អប់​ដ៏​ខ្លាំង​ពី​មនុស្ស​ក្នុង​លោកីយ៍ នៅ​ពេល​ដែល​គេ​ចាប់​និង​ប្រហារ​ជីវិត​របស់​ព្រះ​យេស៊ូ។ សាវ័ក​របស់​ទ្រង់​ក៏​បាន​ឃើញ​នូវ​របៀប​ដែល​ព្រះ​យេស៊ូ​ប្រព្រឹត្ត​នៅ​ចំពោះ​មុខ​នឹង​សេចក្ដី​ស្អប់​នោះ​ដែរ។ ពួក​អ្នក​កាន់​សាសនា​ដែល​ប្រឆាំង​ព្រះ​យេស៊ូ​បាន​មក​ចាប់​ទ្រង់​នៅ​ឯ​សួន​គែតសេម៉ានី។ សាវ័ក​ពេត្រុស​បាន​ប្រើ​ដាវ​ដើម្បី​ការពារ​ទ្រង់ ប៉ុន្តែ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពេត្រុស​ថា៖ «ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​យក​ដាវ នោះ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដែរ»។ (ម៉ាថាយ ២៦:៥២; លូកា ២២:៥០, ៥១) មុន​ពេល​នោះ ពួក​អ៊ីស្រាអែល​ធ្លាប់​ប្រើ​ដាវ​ដើម្បី​ប្រយុទ្ធ​នឹង​ពួក​សត្រូវ។ ប៉ុន្តែ នៅ​សម័យ​ព្រះ​យេស៊ូ គឺ​មិន​ដូច្នោះ​ឡើយ។ ព្រះ​រាជាណាចក្រ​របស់​ព្រះ«មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ» ហើយ​ក៏​មិន​មែន​ជា​ប្រទេស​ដែល​មាន​ព្រំដែន​ដែល​ពួក​គេ​ត្រូវ​ការពារ​នោះ​ដែរ។ (យ៉ូហាន ១៨:៣៦) មិន​យូរ​ប៉ុន្មាន​ទៀត ពេត្រុស​នឹង​រួម​ចំណែក​ក្នុង​សាសន៍​ខាង​វិញ្ញាណ ដែល​សមាជិក​ម្នាក់ៗនឹង​រស់​នៅ​ស្ថានសួគ៌។ (កាឡាទី ៦:១៦; ភីលីព ៣:២០, ២១) ដូច្នេះ ចាប់​ពី​ពេល​នោះ​ទៅ ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​នឹង​ប្រព្រឹត្ត​ដូច​ទ្រង់​នៅ​ចំពោះ​មុខ​សេចក្ដី​ស្អប់​និង​ការ​បៀតបៀន ពោល​គឺ​ដោយ​ក្លាហាន​ប៉ុន្តែ​ដោយ​សន្ដិ​វិធី។ ដោយ​មាន​ទំនុក​ចិត្ត ពួក​គេ​នឹង​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ដោះស្រាយ​រឿង​ទាំង​ប៉ុន្មាន ទាំង​ទុក​ចិត្ត​លើ​ទ្រង់​ថា​ទ្រង់​នឹង​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំង​ស៊ូទ្រាំ​នឹង​សេចក្ដី​ស្អប់​និង​ការ​បៀតបៀន។—លូកា ២២:៤២

      ១៩ យូរ​ឆ្នាំ​ក្រោយ​មក ពេត្រុស​បាន​សរសេរ​ថា៖ «ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ​ទាំង​ទុក​ដំ​រាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់ . . . កាល​គេ​បាន​ជេរ​ប្រមាថ​ដល់​ទ្រង់ នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ ខណ​ដែល​ទ្រង់​រង​ទុក្ខ នោះ​ក៏​មិន​បាន​គំហក​កំហែង​ដល់​គេ​ដែរ​គឺ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំជំរះ​ដោយ​សុចរិត​វិញ»។ (ពេត្រុសទី១ ២:២១​-​២៣) ជា​ច្រើន​ឆ្នាំ​កន្លង​មក ជន​គ្រីស្ទាន​ពិត​បាន​ពិសោធន៍​នូវ​ការ​បៀតបៀន​យ៉ាង​ខ្លាំង ដូច​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​មក​មែន។ ពួក​គេ​បាន​យក​តម្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ដូច​នៅ​សតវត្សរ៍​ទី​មួយ​និង​សម័យ​យើង​នេះ​ដែរ។ ពួក​គេ​បាន​ស៊ូទ្រាំ​ដោយ​បំរើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​ជា​យូរ​មក​ហើយៗនេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួក​គេ​ជា​ពួក​អ្នក​ដែល​រក្សា​ចិត្ត​គ្រប់​ល័ក្ខណ៍​ដោយ​សន្ដិ​វិធី។ (វិវរណៈ ២:៩,១០) សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ធ្វើ​ដូច្នេះ​ដែរ នៅ​ពេល​ដែល​ប្រឈម​មុខ​នឹង​កាលៈទេសៈ​បែប​នោះ។—ធីម៉ូថេទី២ ៣:១២

      «ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ»

      ២០​-​២២​. តើ​ជន​គ្រីស្ទាន«ប្រដាប់​ខ្លួន ដោយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ»តាម​របៀប​ណា?

      ២០ សាវ័ក​ប៉ុល​បាន​សរសេរ​ទៅ​កាន់​ក្រុមជំនុំ​នៅ​ក្រុង​រ៉ូម​ថា៖ «គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា ខាង​ឯ​សាច់​ឈាម​ឡើយ»។ (រ៉ូម ១៣:១៤) បើ​និយាយ​ជា​អត្ថបដិរូប ជន​គ្រីស្ទាន​ប្រដាប់​ខ្លួន​ដោយ​ព្រះ​យេស៊ូ​ប្រៀប​ដូច​ជា​ស្លៀក​សំលៀកបំពាក់។ ទោះ​ជា​ពួក​គេ​ពុំ​អាច​យក​តម្រាប់​តាម​ទ្រង់​យ៉ាង​គ្រប់​ល័ក្ខណ៍​ក៏​ដោយ ក៏​ពួក​គេ​ខំ​ធ្វើ​តម្រាប់​តាម​គុណសម្បត្ដិ​របស់​ទ្រង់​និង​ការ​ប្រព្រឹត្ត​របស់​ទ្រង់​រហូត​ដល់​អ្នក​ឯ​ទៀត​អាច​មើល​ពួក​គេ​ឃើញ​គំរូ​របស់​ព្រះ​យេស៊ូ។—ថែស្សាឡូនីចទី១ ១:៦

      ២១ យើង​អាច«ប្រដាប់​ខ្លួន ដោយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ»ដោយ​ជោគជ័យ​បាន ប្រសិន​បើ​យើង​ស្គាល់​ច្បាស់​អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ និង​ខំ​ព្យាយាម​រស់​នៅ​ដូច​ទ្រង់​ធ្លាប់​ធ្វើ​នោះ​ដែរ។ យើង​យក​តម្រាប់​តាម​ព្រះទ័យ​រាប​ទាប សេចក្ដី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​សេចក្ដី​សុចរិត ការ​ស្អប់​ដែល​ទ្រង់​មាន​ចំពោះ​អំពើ​ទុច្ចរិត ការ​ស្រឡាញ់​បងប្អូន ការ​រក្សា​ខ្លួន​មិន​ឲ្យ​ជា​របស់​ផង​លោកីយ៍ ហើយ​ការ​ស៊ូទ្រាំ​ដោយ​អត់ធ្មត់។ យើង​មិន«ផ្គត់ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា ខាង​ឯ​សាច់​ឈាម» ដែល​មាន​ន័យ​ថា​គោល​បំណង​ដ៏​សំខាន់​របស់​យើង​ក្នុង​ជីវិត​គឺ​មិន​មែន​ជា​ការ​បំពេញ​គោល​ដៅ​ខាង​លោកីយ៍​ឬ​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​យើង​ត្រូវ​សម្រេច​ចិត្ត​ឬ​ដោះស្រាយ​បញ្ហា​ណា​មួយ យើង​សួរ​ខ្លួន​ឯង​ថា៖ ‹តើ​ព្រះ​យេស៊ូ​នឹង​ធ្វើ​យ៉ាង​ណា​ក្នុង​ស្ថានការណ៍​នេះ? តើ​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា?›។

      ២២ នៅ​ទីបំផុត យើង​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ដោយ​ជាប់​រវល់​នឹង​ការ«ប្រកាស​ដំណឹង​ល្អ​ពី​នគរ»។ (ម៉ាថាយ ៤:២៣; កូរិនថូសទី១ ១៥:៥៨) ក្នុង​រឿង​នេះ​ដែរ ជន​គ្រីស្ទាន​ក៏​ធ្វើ​តាម​តម្រាប់​ដែល​ព្រះ​យេស៊ូ​បាន​ទុក​ឲ្យ។ អត្ថបទ​ជា​បន្ទាប់​នឹង​ពិគ្រោះ​អំពី​រឿង​នេះ។

      តើ​អ្នក​អាច​ពន្យល់​ទេ?

      • ហេតុ​អ្វី​ក៏​សំខាន់​ដែល​ជន​គ្រីស្ទាន​ត្រូវ​មាន​ចិត្ត​រាប​ទាប?

      • តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​អ្វី​ដែល​ត្រូវ​និង​អ្វី​ដែល​ខុស​យ៉ាង​ដូច​ម្ដេច?

      • តើ​តាម​របៀប​ណា​ដែល​ជន​គ្រីស្ទាន​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​ពេល​ដែល​ប្រឈម​មុខ​នឹង​ការ​ប្រឆាំង​និង​ការ​បៀតបៀន​នោះ?

      • តើ​យើង​អាច«ប្រដាប់​ខ្លួន ដោយ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ»យ៉ាង​ដូច​ម្ដេច?

      [រូបភាព​នៅ​ទំព័រ​៧]

      ព្រះ​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​ចំពោះ​ចិត្ត​រាប​ទាប

      [រូបភាព​នៅ​ទំព័រ​៨]

      គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​រស់​នៅ​ជា​គ្រីស្ទាន រួម​បញ្ចូល​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ តម្រូវ​ឲ្យ​មាន​ចិត្ត​រាប​ទាប

      [រូបភាព​នៅ​ទំព័រ​៩]

      សាតាំង​អាច​ធ្វើ​ឲ្យ​ការ​កំសាន្ត​ដ៏​មិន​ល្អ មើល​ទៅ​ហាក់​ដូច​ជា​ល្អ​វិញ​ចំពោះ​ជន​គ្រីស្ទាន

      [រូបភាព​នៅ​ទំព័រ​១០]

      សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​ខាង​វិញ្ញាណ​របស់​យើង នឹង​ជួយ​ពង្រឹង​កម្លាំង​យើង​ឲ្យ​ទប់ទល់​នឹង​ការ​ប្រឆាំង

  • ត្រូវបានអប់រំឲ្យធ្វើបន្ទាល់យ៉ាងសព្វគ្រប់
    ទស្សនាវដ្ដីប៉មយាម ២០០៥ | ១ មេសា
    • ត្រូវ​បាន​អប់រំ​ឲ្យ​ធ្វើ​បន្ទាល់​យ៉ាង​សព្វ​គ្រប់

      «អ្នក​រាល់​គ្នា . . . នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។—កិច្ចការ ១:៨

      ១, ២​. តើ​ពេត្រុស​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​អ្វី? តើ​អ្នក​ណា​ដែល​បាន​ឲ្យ​កិច្ចការ​នេះ​ដល់​គាត់?

      «ព្រះ​យេស៊ូវ​ពី​ស្រុក​ណាសារ៉ែត . . . ទ្រង់​ក៏​ផ្ដាំ​មក​យើង​រាល់​គ្នា​ឲ្យ​ប្រកាស​ប្រាប់​ដល់​បណ្ដាជន​ទាំង​ឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ថា គឺ​ព្រះ​អង្គ​នេះ​ហើយ​ដែល​ព្រះ​បាន​តាំង​ឡើង​ឲ្យ​ជំនុំជំរះ​ដល់​ទាំង​មនុស្ស​រស់​នឹង​មនុស្ស​ស្លាប់​ផង»។ (កិច្ចការ ១០:៣៨, ៤២) សាវ័ក​ពេត្រុស​បាន​ពោល​ពាក្យ​ខាង​លើ​នេះ​ដើម្បី​ពន្យល់​កូនេលាស​និង​ក្រុម​គ្រួសារ​គាត់​អំពី​បង្គាប់​ដែល​ពេត្រុស​បាន​ទទួល​ឲ្យ​បំរើ​ជា​អ្នក​ផ្សព្វផ្សាយ​ដំណឹង​ល្អ។

      ២ តើ​ព្រះ​យេស៊ូ​បាន​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​នោះ​នៅ​ពេល​ណា? ប្រហែល​ជា​ពេត្រុស​ចង់​សំដៅ​ចំពោះ​បន្ទូល​របស់​ព្រះ​យេស៊ូ​ក្រោយ​ពី​ទ្រង់​បាន​រស់​ឡើង​វិញ​មុន​នឹង​ទ្រង់​យាង​ទៅ​ស្ថានសួគ៌។ នៅ​ពេល​នោះ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស​ស្មោះ​ត្រង់​របស់​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា​នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ (កិច្ចការ ១:៨) ក៏​ប៉ុន្តែ សូម្បី​តែ​ច្រើន​ឆ្នាំ​មុន​នោះ ពេត្រុស​បាន​ដឹង​ថា ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ តម្រូវ​ឲ្យ​គាត់​ប្រាប់​អ្នក​ដទៃ​អំពី​ជំនឿ​ដែល​គាត់​មាន​លើ​ព្រះ​យេស៊ូ។

      ត្រូវ​បាន​អប់រំ​ជិត​អស់​បី​ឆ្នាំ

      ៣​. តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​អ្វី? ហើយ​តើ​ព្រះ​យេស៊ូ​បាន​អញ្ជើញ​ពេត្រុស​និង​អនទ្រេ​ឲ្យ​ធ្វើ?

      ៣ បី​បួន​ខែ​បន្ទាប់​ពី​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នា​ឆ្នាំ​២៩ ស.យ. នោះ​ទ្រង់

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក