-
យើងទាំងអស់គ្នាត្រូវការនូវការណែនាំផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត
-
-
យើងទាំងអស់គ្នាត្រូវការនូវការណែនាំ
សុវណ្ណមានការព្រួយបារម្ភច្រើនណាស់។ តាំងពីយូរហើយ គាត់ខំរកការងារដែលជាប់លាប់ ដើម្បីចិញ្ចឹមក្រុមគ្រួសារ។ ម្យ៉ាងទៀត គាត់ចង់ឲ្យកូនទទួលការអប់រំល្អ ហើយមានអនាគតភ្លឺស្វាង។ ប៉ុន្តែតាមមើលទៅ គាត់គ្មានលទ្ធភាពទទួលបានអ្វីៗទាំងនេះទេ។ សុវណ្ណមានសង្ឃឹមតែម្យ៉ាង គឺអាចមានសុខភាពល្អដើម្បីបន្តធ្វើការ ទទួលប្រាក់ខែល្មមនឹងទិញអាហារសម្រាប់ក្រុមគ្រួសារហើយបង់ថ្លៃជួលផ្ទះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់បារម្ភបំផុតគឺថា បើមានអ្វីកើតឡើងចំពោះគាត់ តើមាននរណាជួយចិញ្ចឹមក្រុមគ្រួសារ?
ធារ៉ា ប្រពន្ធរបស់សុវណ្ណក៏បារម្ភដែរ។ ថ្មីៗនេះ ពួកគាត់មិនមានទំនាក់ទំនងល្អជាមួយគ្នាទេ។ ពេលសុវណ្ណមកពីធ្វើការវិញ គាត់តែងតែអស់កម្លាំង។ ធារ៉ាចង់ឲ្យសុវណ្ណជួយអប់រំកូនឲ្យមានសុជីវធម៌ ចេះគោរពចាស់ទុំ ប៉ុន្តែសុវណ្ណតែងតែរវល់ពេក គ្មានពេលជួបជុំជាមួយនឹងក្រុមគ្រួសារទេ។ ធារ៉ាពិបាកចិត្តដោយសារនាងនិងប្ដីឈ្លោះទាស់ទែងគ្នាជាញឹកញាប់ ហើយនោះមិនគួរឲ្យកូនឃើញទេ។ ម្យ៉ាងទៀត ចុះបើកូនម្នាក់ឈឺ? តើពួកគាត់នឹងបានលុយមកពីណាដើម្បីទិញថ្នាំនិងបង់ថ្លៃព្យាបាល? គ្រាន់តែគិតអំពីរឿងនេះ ធ្វើឲ្យធារ៉ាខ្លោចចិត្តតែម្ដង!
បញ្ហាមួយទៀត គឺសុវណ្ណនិងធារ៉ាបានសង្កេតឃើញថាមានការផ្លាស់ប្ដូរច្រើនក្នុងសង្គម។ មនុស្សមិនសូវមានពេលសំណេះសំណាលគ្នាដូចពីមុនទេ។ សុវណ្ណនិងធារ៉ាស្រណោះស្ថានភាពកាលពីមុន ពីព្រោះមនុស្សធ្លាប់ជួយយកអាសាគ្នា តែឥឡូវមិនសូវធ្វើដូច្នោះទេ។ ពួកគាត់បានឃើញថា បងប្អូនញាតិមិត្តរបស់ពួកគាត់ក៏មានបញ្ហាដូចនោះដែរ ព្រមទាំងព្រួយបារម្ភថាជីវិតរបស់ពួកគេនឹងទៅជាយ៉ាងណានៅថ្ងៃមុខ។ តាមមើលទៅ គ្មានអ្នកណាមានសេចក្ដីសុខដ៏ពិតប្រាកដទៀតទេ។ ធារ៉ាធ្លាប់គិតថាបើអាចរកឃើញដំណោះស្រាយចំពោះបញ្ហាទាំងនេះ ហើយមានសេចក្ដីសុខសាន្ត នោះពិតជាល្អណាស់។ ទោះជាសុវណ្ណនិងធារ៉ាខំប្រឹងខ្លាំងយ៉ាងណាក៏ដោយ ក៏នៅតែមើលទៅដូចជាពួកគាត់ពុំអាចទទួលបាននូវអ្វីៗដែលចិត្តចង់បាននោះដែរ។
នៅថ្ងៃមួយ សុវណ្ណនិងធារ៉ាបានពិភាក្សាគ្នាអំពីបញ្ហារបស់ពួកគាត់។
សុវណ្ណសួរថា៖ «បើយើងអាចរកឃើញផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត នោះពិតជាល្អណាស់ មែនទេ?»។
«ចាស៎ បង!» ធារ៉ាឆ្លើយ។ នាងបន្ថែមថា៖ «អូនក៏បានគិតអំពីរឿងនោះដែរ។ បើយើងអាចរកឃើញមែន យើងលែងមានបញ្ហាហើយ»។
សុវណ្ណនិយាយតទៅទៀត៖ «ប៉ុន្តែ មានសាសនានិងទ្រឹស្តីផ្សេងៗច្រើនណាស់ តើយើងអាចដឹងយ៉ាងដូចម្ដេចថាផ្លូវមួយណាជាផ្លូវឆ្ពោះទៅរកសុភមង្គល? យើងមិនអាចពិសោធមើលសាសនានិងទ្រឹស្តីទាំងអស់នោះបានទេ! ម្យ៉ាងទៀត សាសនានិងទ្រឹស្តីសឹងតែទាំងអស់និយាយថាពួកគេដឹងអំពីរបៀបដោះស្រាយបញ្ហាដែលយើងជួបប្រទះក្នុងជីវិត ប៉ុន្តែបើនិយាយឲ្យត្រង់ទៅ ពួកគេមិនសូវបានជួយធ្វើឲ្យជីវិតមនុស្សទៅជាប្រសើរឡើងទេ។ តាមមើលទៅ ទោះជាខំរកក៏ឥតប្រយោជន៍ដែរ»។
ទោះជាធារ៉ាមានគំនិតដូចសុវណ្ណក៏ដោយ ក៏ក្នុងចិត្តនាងនៅតែចង់រកជំនួយសម្រាប់ក្រុមគ្រួសារដែរ។ នាងគិតថាត្រូវតែមានវិធីមួយដើម្បីរកផ្លូវនោះឃើញ។
ប្រហែលជាលោកអ្នកក៏មានការព្រួយបារម្ភអំពីបញ្ហាខ្លះៗដែលសុវណ្ណនិងធារ៉ាបានប្រឈមមុខដែរ។ បញ្ហាទាំងនោះមាននៅទូទាំងពិភពលោក។ មនុស្សនៅគ្រប់ប្រទេសចង់មានសុខភាពល្អ សេចក្ដីសុខសាន្ត និងសុភមង្គលក្នុងជីវិតគ្រួសារ។ ប៉ុន្តែតាមមើលទៅអ្វីៗទាំងនោះពិបាករកបានណាស់។ តើមានហេតុឲ្យសង្ឃឹមថាលោកអ្នកអាចរកឃើញផ្លូវដែលឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្តទេ?
-
-
ការស្វែងរកការណែនាំដែលមានប្រយោជន៍ផ្លូវឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត
-
-
ការស្វែងរកការណែនាំដែលមានប្រយោជន៍
ធារ៉ាសង្កេតឃើញថាឫទ្ធីនិងនិមលដែលជាអ្នកជិតខាង មើលទៅដូចជាសប្បាយនិងមានសេចក្ដីសុខជានិច្ច។ នាងប្រាប់សុវណ្ណថា នាងនឹងទៅសួរនិមលអំពីអ្វីដែលធ្វើឲ្យពួកគេមានសេចក្ដីសុខដូច្នេះ។ ម្ល៉ោះហើយ នៅពេលនាងឃើញនិមល នាងក៏ទៅសួរអំពីរឿងនោះ។
និមលនិយាយថា៖ «តាមពិតយើងក៏មានបញ្ហាហើយកង្វល់ដូចធារ៉ានិងសុវណ្ណដែរ។ ប៉ុន្តែមិនយូរមុននេះ ខ្ញុំបានរកឃើញសៀវភៅមួយដែលមានការណែនាំដ៏មានប្រយោជន៍សម្រាប់ខ្ញុំនិងក្រុមគ្រួសារ។ សៀវភៅនោះបង្ហាញឲ្យយើងឃើញផ្លូវដែលឆ្ពោះទៅរកសុភមង្គលនិងសេចក្ដីសុខសាន្ត ព្រមទាំងជួយយើងឲ្យមានចិត្តសប្បាយ ទោះជាមានការពិបាកនិងកង្វល់ផ្សេងៗក្នុងជីវិតប្រចាំថ្ងៃក៏ដោយ»។
ពេលឮដូច្នេះ ធារ៉ាក៏ចាប់អារម្មណ៍ទៅលើសៀវភៅនោះ។ និមលពន្យល់តទៅទៀតថា៖ «សៀវភៅនោះបានត្រូវសរសេរនាសម័យបុរាណ នៅប្រទេសអ៊ីស្រាអែលនិងនៅប្រទេសជិតខាងនោះ។ ប៉ុន្តែសៀវភៅនោះគឺសម្រាប់មនុស្សទាំងអស់ ពីព្រោះមិនមែនខាងនិកាយសាសនាណាមួយឡើយ។ ម្យ៉ាងទៀត សៀវភៅនោះបានត្រូវបកប្រែជារាប់រយភាសា ដើម្បីឲ្យមនុស្សសឹងតែទាំងអស់អាចអានបាន»។ និមលក៏បានបន្ថែមថា អ្នកជំនាញខាងការអប់រំធ្លាប់ដកស្រង់ព័ត៌មានពីសៀវភៅនោះជាច្រើនដង ហើយការណែនាំក្នុងសៀវភៅនោះក៏បានត្រូវយកទៅប្រើជាមូលដ្ឋាននៃច្បាប់របស់ប្រទេសជាច្រើនដែរ។
ធារ៉ាចាប់អារម្មណ៍ចង់មើលសៀវភៅនោះខ្លាំងណាស់។ នៅពេលរសៀលនោះ ធារ៉ាបានទៅផ្ទះនិមល។ ពេលទៅដល់ហើយ និមលបានបង្ហាញឲ្យធារ៉ាមើលការណែនាំក្នុងសៀវភៅនោះ ដែលមានប្រយោជន៍ក្នុងរឿងផ្សេងៗដូចតទៅនេះ:
ការអប់រំកូន
«ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។
«ឪពុក កុំធ្វើឲ្យកូនខឹង»។
ការងារនិងរបៀបគ្រប់គ្រងលុយកាក់
«អ្នកដែលលួចត្រូវឈប់លួចតទៅទៀត តែត្រូវឲ្យអ្នកនោះធ្វើការទៀងត្រង់យ៉ាងនឿយហត់ដោយដៃខ្លួនឯង ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត»។
«ប្រសិនបើមានអ្នកណាដែលមិនចង់ធ្វើការ អ្នកនោះមិនត្រូវបរិភោគឡើយ»។
ស្រានិងគ្រឿងញៀន
«ចូរយើងសម្អាតចិត្តនិងកាយរបស់យើងឲ្យស្អាតពីអ្វីៗទាំងអស់ដែលនាំឲ្យស្មោកគ្រោក»។
«ស្រាទំពាំបាយជូរ ជារបស់បញ្ឆោតមើលងាយ ហើយគ្រឿងស្រវឹងបង្កើតការឡូឡា អ្នកណាដែលវង្វេងដោយគ្រឿងទាំង២នោះ ឈ្មោះថាគ្មានប្រាជ្ញា»។
គោលការណ៍សីលធម៌
«ចូរឲ្យមនុស្សទាំងអស់គ្នាចាត់ទុកអាពាហ៍ពិពាហ៍ជាអ្វីដែលមានតម្លៃ ហើយឲ្យការរួមរស់ជាប្ដីប្រពន្ធត្រូវឥតសៅហ្មង»។
«[ចូរ]ជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»។
«អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្តស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តរួចហើយ»។
ការគោរពគ្នាក្នុងក្រុមគ្រួសារ
«ចូរគោរពឪពុកនិងម្ដាយរបស់អ្នក»។
«ចូរស្ដាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្ដាយឯងក្នុងកាលដែលគាត់ចាស់ឡើយ»។
«ចូរអ្នករាល់គ្នាម្នាក់ៗស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនអ្នក ឯប្រពន្ធត្រូវគោរពប្ដីយ៉ាងជ្រាលជ្រៅ»។
-