សំបុត្រពីគណៈអភិបាល
ជូនចំពោះបងប្អូនខ្ញុំបម្រើឯទៀតជាទីស្រឡាញ់:
នៅដើមឆ្នាំដ៏សំខាន់នេះ យើងខ្ញុំមានចិត្តរីករាយណាស់សរសេរសំបុត្រជូនបងប្អូន! នៅជិតចុងឆ្នាំ២០១៤នេះ គឺគម្រប់១០០ឆ្នាំ តាំងពីពេលដែលលោកយេស៊ូគ្រិស្តជាទីស្រឡាញ់របស់យើងបានចាប់ផ្ដើមគ្រប់គ្រងជាស្តេចនៅកណ្ដាលពួកខ្មាំងសត្រូវរបស់លោក។—ទំនុក. ១១០:១, ២
នៅដើមឆ្នាំកិច្ចបម្រើនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមប៉មយាមខាងគម្ពីរនិងខិត្តប័ណ្ណ រដ្ឋប៉ិនស៊ីវ៉ានី គណៈកម្មាធិការបកប្រែគម្ពីរពិភពលោកថ្មី បានប្រកាសចេញគម្ពីរជាភាសាអង់គ្លេសកំណែថ្មី ហើយនោះជាសេចក្ដីបកប្រែល្អបំផុតសម្រាប់មនុស្សជាតិ។ ព្រះយេហូវ៉ាបានប្រើកូនរបស់លោកដែលបានរើសតាំងដោយសកម្មពលបរិសុទ្ធ ឲ្យផ្ដល់នូវសេចក្ដីបកប្រែពិភពលោកថ្មី ដែលចេញជាលើកដំបូងជាង៦០ឆ្នាំមុន។ (រ៉ូម ៨:១៥, ១៦) ដោយដឹងថាព្រះយេហូវ៉ាបានប្រើអ្នករើសតាំងឲ្យសរសេរសេចក្ដីបកប្រែពិភពលោកថ្មី សេចក្ដីបកប្រែនេះច្បាស់ជាពិសេសណាស់ មែនទេ?
អស់ជាច្រើនឆ្នាំ គណៈកម្មាធិការនិពន្ធនៃគណៈអភិបាលបានចាត់ទុកការបកប្រែគម្ពីរជាកិច្ចការចម្បង។ នៅសព្វថ្ងៃនេះ យើងអាចទទួលសេចក្ដីបកប្រែពិភពលោកថ្មីទាំងមូលឬផ្នែកខ្លះ ក្នុង១២១ភាសា។ យើងសូមលើកទឹកចិត្តបងប្អូនបង្ហាញឲ្យព្រះយេហូវ៉ាឃើញថា គម្ពីរពិតជាមានតម្លៃខ្លាំងណាស់ចំពោះបងប្អូន។ ជារៀងរាល់ថ្ងៃ សូមអានគម្ពីរ ហើយរំពឹងគិត។ បើបងប្អូនធ្វើដូច្នេះ បងប្អូននឹងចូលទៅកាន់តែជិតព្រះយេហូវ៉ាដែលជាអ្នកនិពន្ធគម្ពីរបរិសុទ្ធ។—យ៉ា. ៤:៨
យើងខ្ញុំមានអារម្មណ៍រំជួលចិត្ត ពេលដែលឮថាបងប្អូនជាទីស្រឡាញ់កំពុងប្រឈមមុខនឹងទុក្ខលំបាក។ យើងក៏យល់ដែរថា ជួនកាលពួកគាត់ប្រហែលជាពិបាកអរសប្បាយជាមួយនឹងបងប្អូនរួមជំនឿ។ ជាឧទាហរណ៍ នៅតំបន់អាស៊ីមានក្រុមគ្រួសារមួយ ដែលថ្មីៗនេះជីវិតរបស់ពួកគាត់បានផ្លាស់ប្ដូរទាំងស្រុង ដោយសារតែម្ដាយរបស់ពួកគាត់ស្រាប់តែកម្រើកដៃជើងលែងរួច។ គ្រូពេទ្យជំនាញក៏ឆ្ងល់ដែរ តែពួកគេមិនអាចជួយព្យាបាលគាត់បានឡើយ។ នេះពិតជាគួរឲ្យក្រៀមក្រំចិត្តណាស់! ឥឡូវប្ដីរបស់គាត់នៅជួយថែរក្សាគាត់ពេញ២៤ម៉ោង។ កូនប្រុសនិងកូនស្រីពីរនាក់របស់គាត់ដែលជាគ្រិស្តសាសនិកបានទុកគំរូល្អក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដោយជួយឪពុកម្ដាយរបស់ពួកគាត់។ ក្រុមគ្រួសារល្អនេះ រួមទាំងបងប្អូនដែរ បានយកឈ្នះទុក្ខលំបាកផ្សេងៗដែលបងប្អូនបានជួបប្រទះ។ ការស៊ូទ្រាំនឹងការសាកល្បងជំនឿពិតជានាំឲ្យបងប្អូនមានអំណរមែន។ (យ៉ា. ១:២-៤) ព្រះយេហូវ៉ាពង្រឹងទំនុកចិត្តបងប្អូនដែលបានត្រូវរើសតាំង និងចៀមឯទៀតថា យើងនឹងមានសុភមង្គល បើយើងបន្តស៊ូទ្រាំនឹងទុក្ខលំបាក។ ពីព្រោះព្រះនឹងផ្ដល់ពរដល់យើងជាអំណោយគឺជីវិតដែលគ្មានទីបញ្ចប់!—យ៉ា. ១:១២
ឆ្នាំមុនមានអ្នកចូលរួមពិធីរំលឹកចំនួន១៩.២៤១.២៥២នាក់។ ពេលឃើញមនុស្សជាច្រើនលើកកិត្ដិយសព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត ដោយចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់រាស្ត្រព្រះ។ នោះពិតជាលើកទឹកចិត្តយើងណាស់! ក្នុងរដូវពិធីរំលឹកនោះ មានបងប្អូនរាប់លាននាក់បានខំព្យាយាមសរសើរព្រះយេហូវ៉ា ដោយធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងខែមីនា និងមេសា។ នោះពិតជាគួរឲ្យរំភើបចិត្តមែន! ម្យ៉ាងទៀតបងប្អូនពិតជារីករាយដោយដឹងថា អ្នកដែលបានចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងអំឡុងពេលទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ពួកគាត់អាចចូលរួមក្នុងកិច្ចប្រជុំទាំងមូលសម្រាប់អ្នកត្រួសត្រាយពេញពេលបាន ដោយមានអ្នកត្រួតពិនិត្យជាអ្នកដឹកនាំ សូម្បីតែទស្សនកិច្ចរបស់គាត់មិនចំខែមីនាឬមេសាក្ដី។ បងប្អូនដែលមានគំនិតចាស់ទុំច្បាស់ជាយល់អំពីសារៈសំខាន់នៃការជាប់រវល់ក្នុងកិច្ចការផ្សព្វផ្សាយនិងសកម្មភាពក្នុងក្រុមជំនុំ។ ការជាប់រវល់ដូចនោះជួយយើងឲ្យពង្រឹងជំហរមាំមួននិងដោយមិនរង្គោះរង្គើ ហើយក៏ជួយយើងកុំឲ្យមេកំណាចធ្វើឲ្យជំនឿយើងចុះខ្សោយ និងកុំឲ្យវាបង្វែរយើងចេញពីការបម្រើព្រះបានឡើយ។—១កូ. ១៥:៥៨
យើងពិតជាទទួលការលើកទឹកចិត្តខ្លាំងណាស់ ដោយដឹងថាក្នុងអំឡុងឆ្នាំកិច្ចបម្រើមុនមានមនុស្សចំនួន២៧៧.៣៤៤នាក់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ាដោយទទួលការជ្រមុជទឹក។ ឥឡូវនេះពួកគាត់ក៏កំពុងដើរនៅលើផ្លូវជីវិតជាមួយបងប្អូនរួមជំនឿទូទាំងពិភពលោកដែរ! (ម៉ាថ. ៧:១៣, ១៤) បងប្អូនថ្មីទាំងអស់នេះត្រូវការការគាំទ្រពីយើងដើម្បីពួកគាត់អាច«តាំងខ្លួនឲ្យមាំមួនឡើងក្នុងជំនឿ»។ (កូឡ. ២:៧) សូមបន្តលើកទឹកចិត្តគ្នាទៅវិញទៅមកដើម្បីស៊ូទ្រាំដល់ទីបញ្ចប់។ (ម៉ាថ. ២៤:១៣) ម្យ៉ាងទៀត សូម«និយាយសម្រាលទុក្ខពួកអ្នកដែលធ្លាក់ទឹកចិត្ត ហើយគាំពារពួកអ្នកដែលខ្សោយ»។ (១ថែ. ៥:១៤) ជាទីបញ្ចប់នេះ សូមយើងម្នាក់ៗ«អធិដ្ឋានឥតឈប់»ថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»។—១ថែ. ៥:១៧; ម៉ាថ. ៦:១០
យើងខ្ញុំពិតជាស្រឡាញ់បងប្អូនម្នាក់ៗ និងបងប្អូនទាំងអស់ដែលស្រឡាញ់ព្រះយេហូវ៉ា!
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)