បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ទំ. ២៤៧-ទំ. ២៤៩ វ. ២
  • ឆ្នាំ១៩១៤ជាឆ្នាំសំខាន់ក្នុងបទទំនាយព្រះគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឆ្នាំ១៩១៤ជាឆ្នាំសំខាន់ក្នុងបទទំនាយព្រះគម្ពីរ
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • អត្ថបទស្រដៀងគ្នា
  • ព្រះរាជាណាចក្ររបស់ព្រះ គឺប្រសើរលើសការគ្រប់គ្រងឯទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • រដ្ឋាភិបាលរបស់ព្រះចាប់ផ្ដើមការគ្រប់គ្រង
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • រាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងហើយ!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ទំ. ២៤៧-ទំ. ២៤៩ វ. ២

ការ​ពន្យល់​បន្ថែម

ឆ្នាំ​១៩១៤​ជា​ឆ្នាំ​សំខាន់​មួយ​ក្នុង​បទ​ទំនាយ​ព្រះ​គម្ពីរ

ជិត​៤០​ឆ្នាំ​មុន​ឆ្នាំ​១៩១៤​នោះ សិស្ស​ព្រះ​គម្ពីរ​បាន​ប្រកាស​ថា​នឹង​មាន​ព្រឹត្ដិការណ៍​សំខាន់​ៗ​កើត​ឡើង​នៅ​ឆ្នាំ​១៩១៤។ តើ​ព្រឹត្ដិការណ៍​ទាំង​នេះ​ជា​អ្វី? តើ​មាន​ភស្តុ​តាង​អ្វី​ដែល​បញ្ជាក់​ថា​ឆ្នាំ​១៩១៤​ជា​ឆ្នាំ​ដ៏​សំខាន់​មួយ?

នៅ​លូកា ២១:២៤ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី ដរាប​ដល់​គ្រា​របស់​សាសន៍​ដទៃ​បាន​សំ​រេច​»។ ទី​ក្រុង​យេរូសាឡិម​ធ្លាប់​ជា​រាជធានី​របស់​សាសន៍​យូដា ពី​ព្រោះ​បណ្ដា​ស្តេច​ដែល​គ្រប់​គ្រង​ពី​វង្ស​ត្រកូល​ដាវីឌ​មាន​ទី​តាំង​នៅ​ទី​ក្រុង​នោះ។ (​ទំនុក​ដំកើង ៤៨:១, ២​) ក៏​ប៉ុន្តែ ស្តេច​ទាំង​នោះ​គឺ​ខុស​ប្លែក​ពី​អ្នក​គ្រប់​គ្រង​របស់​សាសន៍​ឯ​ទៀត ពី​ព្រោះ​ស្តេច​ក្នុង​វង្ស​ត្រកូល​ដាវីឌ​ធ្លាប់​គង់​លើ​«​បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា​»​ជា​អ្នក​តំណាង​ទ្រង់​តែ​ម្ដង។ (​របា​ក្សត្រ​ទី១ ២៩:២៣​) ហេតុ​នេះ​ទី​ក្រុង​យេរូសាឡិម​តំណាង​ឲ្យ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។

ក៏​ប៉ុន្តែ​តើ​ការ​គ្រប់​គ្រង​របស់​ព្រះ​ចាប់​ផ្ដើម​«​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី​»​នៅ​ពេល​ណា ហើយ​យ៉ាង​ដូច​ម្ដេច? នេះ​បាន​កើត​ឡើង​នៅ​ឆ្នាំ​៦០៧​មុន​គ.ស. ពេល​ដែល​សាសន៍​បាប៊ីឡូន​បាន​ដណ្ដើម​យក​ទី​ក្រុង​យេរូសាឡិម។ នៅ​ពេល​នោះ​លែង​មាន​ស្តេច​គង់​លើ​«​បល្ល័ង្ក​នៃ​ព្រះ​យេហូវ៉ា​»​ ហើយ​ការ​គ្រប់​គ្រង​នៃ​បណ្ដា​ស្តេច​ពី​វង្ស​ត្រកូល​ដាវីឌ​ត្រូវ​បាន​ផ្អាក។ (​ពង្សាវតារ​ក្សត្រ​ទី២ ២៥:១​-​២៦​) តើ​ការ​«​ជាន់​ឈ្លី​»​នេះ​ត្រូវ​បន្ត​ជា​និច្ច​ឬ​ទេ? មិន​មែន​ទេ ដ្បិត​អេសេគាល​បាន​ទាយ​អំពី​ស្តេច​ព្រះ​នាម​សេដេគា ដែល​ជា​ស្តេច​ចុង​ក្រោយ​នៅ​ក្រុង​យេរូសាឡិម​ថា​៖ ​«​ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ . . . នេះ​ក៏​មិន​នៅ​ទៀត​ដែរ ដរាប​ដល់​អ្នក​នោះ​កើត​ឡើង ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ​»។ (​អេសេគាល ២១:២៦, ២៧​) អ្នក​ដែល​«​មាន​ច្បាប់​ទទួល​»​មកុដ​ឬ​សិទ្ធិ​គ្រប់​គ្រង​ក្នុង​វង្ស​ត្រកូល​ដាវីឌ​គឺ​ជា​ព្រះ​គ្រីស្ទ​យេស៊ូ។ (​លូកា ១:៣២, ៣៣​) ដូច្នេះ​ការ​«​ជាន់​ឈ្លី​»​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្តេច។

តើ​ព្រឹត្ដិការណ៍​ដ៏​សំខាន់​នោះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? ព្រះ​យេស៊ូ​បង្ហាញ​ឲ្យ​ដឹង​ថា​សាសន៍​ដទៃ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​គ្រប់​គ្រង​អស់​មួយ​រយៈ​ដែល​បាន​ត្រូវ​កំណត់​ជា​មុន។ កំណត់​ហេតុ​នៅ​ដានីយ៉ែល​ជំពូក​ទី​៤​ជួយ​បំភ្លឺ​ឲ្យ​យល់​ថា​រយៈ​ពេល​នោះ​គឺ​ប៉ុន្មាន​ឆ្នាំ។ ជំពូក​នោះ​រៀប​រាប់​អំពី​សុបិន​របស់​ស្តេច​នេប៊ូក្នេសា​ដែល​ជា​ស្តេច​បាប៊ីឡូន។ អ្វី​ដែល​ស្តេច​នេប៊ូក្នេសា​បាន​ឃើញ​ក្នុង​សុបិន​នោះ​គឺ​ជា​ទំនាយ។ ក្នុង​សុបិន​ទ្រង់​ឃើញ​ដើម​ឈើ​ធំ​សម្បើម​មួយ​ដែល​ក្រោយ​មក​ត្រូវ​កាប់​ចោល។ គល់​ឈើ​នោះ​មិន​អាច​ដុះ​ទៀត​ដោយ​សារ​មាន​វ័ណ្ឌ​ដែក​និង​លង្ហិន​ព័ទ្ធ​ជុំ​វិញ។ ទេវតា​មួយ​រូប​បាន​ប្រកាស​ថា​៖ ​«​ឲ្យ​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​៧​ខួប​»។—ដានីយ៉ែល ៤:១០​-​១៦, កំណែ​ជា​អក្សរ​ទ្រេត

ក្នុង​ព្រះ​គម្ពីរ​ដើម​ឈើ​ជួន​កាល​តំណាង​ការ​គ្រប់​គ្រង។ (​អេសេគាល ១៧:២២​-​២៤; ៣១:២​-​៥​) ដូច្នេះ​ការ​កាប់​ដើម​ឈើ​និមិត្តរូប​នេះ តំណាង​ការ​ផ្អាក​នូវ​ការ​គ្រប់​គ្រង​របស់​ព្រះ ដែល​ត្រូវ​តំណាង​ស្តេច​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​យេរូសាឡិម។ ក៏​ប៉ុន្តែ​ទំនាយ​នោះ​ឲ្យ​ដឹង​ថា​ការ​«​ជាន់​ឈ្លី​»​ទី​ក្រុង​យេរូសាឡិម គឺ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ​ពី​ព្រោះ​អស់​រយៈ​ពេល​តែ​«​៧​ខួប​»​ទេ។ តើ​«​៧​ខួប​»​នោះ​មាន​រយៈ​ពេល​ប៉ុន្មាន?

វិវរណៈ ១២:៦, ១៤ បាន​ឲ្យ​ដឹង​ថា​៣​ខួប​កន្លះ​គឺ​ស្មើ​«​១.២៦០​ថ្ងៃ​»។ ដូច្នេះ​បើ​«​៧​ខួប​»​ គឺ​ត្រូវ​យក​៣​ខួប​កន្លះ បូក​នឹង​៣​ខួប​កន្លះ ឬ​ក៏​យក​១.២៦០​ថ្ងៃ បូក​នឹង​១.២៦០​ថ្ងៃ នោះ​នឹង​ឃើញ​២.៥២០​ថ្ងៃ។ ប៉ុន្តែ​សាសន៍​ដទៃ​មិន​ទាន់​បាន​ឈប់​«​ជាន់​ឈ្លី​»​ការ​គ្រប់​គ្រង​របស់​ព្រះ​២.៥២០​ថ្ងៃ​ក្រោយ​ទី​ក្រុង​យេរូសាឡិម​បាន​រលំ​នោះ​ទេ។ ដូច្នេះ​បទ​ទំនាយ​នេះ​ទំនង​ជា​សំដៅ​លើ​រយៈ​ពេល​យូរ​ជាង។ ដោយ​ផ្អែក​លើ​ក្បួន​នៅ​ជន​គណនា ១៤:៣៤ និង​អេសេគាល ៤:៦ ដែល​រៀប​រាប់​អំពី​«​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ​»​ នោះ​«​៧​ខួប​»​គឺ​ស្មើ​នឹង​២.៥២០​ឆ្នាំ​វិញ។

គ្រា​២.៥២០​ឆ្នាំ​នោះ​គឺ​ចាប់​ពី​ខែ​តុលា ឆ្នាំ​៦០៧​មុន​គ.ស. ពេល​ដែល​ពួក​បាប៊ីឡូន​ដណ្ដើម​យក​ទី​ក្រុង​យេរូសាឡិម ហើយ​ស្តេច​ពី​វង្ស​ត្រកូល​ដាវីឌ​បាន​ត្រូវ​ដក​ហូត​ពី​តំណែង។ គ្រា​២.៥២០​ឆ្នាំ​នោះ​បាន​ចប់​នៅ​ខែ​តុលា ឆ្នាំ​១៩១៤​គ.ស.។ ពេល​នោះ​«​គ្រា​របស់​សាសន៍​ដទៃ​»​បាន​ចប់ ហើយ​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។a—ទំនុក​ដំកើង ២:១​-​៦; ដានីយ៉ែល ៧:១៣, ១៤

ដូច​ព្រះ​យេស៊ូ​បាន​ទាយ​នោះ ការ​«​យាង​មក​»​ឬ​វត្តមាន​របស់​ទ្រង់​ជា​ស្តេច​នៅ​ស្ថាន​សួគ៌​បាន​ត្រូវ​សម្គាល់​ដោយ​ព្រឹត្ដិការណ៍​ពិភព​លោក​ដ៏​ធំ​គួរ​ឲ្យ​កត់​សម្គាល់ ដូច​ជា​សង្គ្រាម ទុរភិក្ស រញ្ជួយ​ដី និង​ជំងឺ​អាសន្ន​រោគ​ជា​ដើម។ (​ម៉ាថាយ ២៤:៣​-​៨; លូកា ២១:១១​) ព្រឹត្ដិការណ៍​ទាំង​នេះ​ជា​ភស្តុ​តាង​ជាក់​ច្បាស់​ថា ឆ្នាំ​១៩១៤​ពិត​ជា​កំណើត​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​ជា​ទី​ចាប់​ផ្ដើម​នៃ​គ្រា​«​ជាន់​ក្រោយ​បង្អស់​»​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ។—ធីម៉ូថេ​ទី២ ៣:១​-​៥

[កំណត់​សម្គាល់]

a ពី​ខែ​តុលា ឆ្នាំ​៦០៧​មុន​គ.ស. ដល់​ខែ​តុលា ឆ្នាំ​១​មុន​គ.ស. គឺ​មាន​រយៈ​ពេល​៦០៦​ឆ្នាំ។ ដោយ​សារ​គ្មាន​ឆ្នាំ​សូន្យ​នោះ ខែ​តុលា​ឆ្នាំ​១​មុន​គ.ស. ដល់​ខែ​តុលា ឆ្នាំ​១៩១៤​គ.ស. គឺ​មាន​រយៈ​ពេល​១.៩១៤​ឆ្នាំ។ បើ​បូក​៦០៦​ឆ្នាំ​និង​១.៩១៤​ឆ្នាំ លទ្ធផល​គឺ​ស្មើ​២.៥២០​ឆ្នាំ។ ដើម្បី​អាន​ព័ត៌មាន​ថែម​ទៀត​អំពី​ការ​រលំ​នៃ​ទី​ក្រុង​យេរូសាឡិម​នៅ​ឆ្នាំ​៦០៧​មុន​គ.ស. សូម​មើល​អត្ថបទ​«​លំដាប់​ពេល(​Chro​no​logy​)​»​ ក្នុង​សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ (​In​sight on the Scriptures​) បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[រូប​ភាព​ដេល​បង្ហាញ​រូប​នៅ​ទំព័រ​២៤៨]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

​«​៧​ខួប​»​

២.៥២០​ឆ្នាំ

៦០៦​ឆ្នាំ ៣​ខែ

ខែ​តុលា ឆ្នាំ​៦០៧​មុន​គ.ស.

ដល់​មុន​គ.ស.​ថ្ងៃ​ទី៣​១ ខែ​ធ្នូ ឆ្នាំ​១

១.៩១៣​ឆ្នាំ ៩​ខែ

ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១​គ.ស.

ដល់​ខែ​តុលា ឆ្នាំ​១៩១៤

៦០៧

មុន​គ.ស.

គ.ស.

១៩១៤

​«​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី​»​

«​អ្នក​នោះ​កើត​ឡើង​ដែល​មាន​ច្បាប់​ទទួល​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក