សំបុត្រពីគណៈអភិបាល
ជូនចំពោះបងប្អូនជាទីស្រឡាញ់:
នៅសតវត្សរ៍ទី៧មុន គ.ស. អ្នកប្រកាសទំនាយអេសេគាលបានទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិតដ៏អស្ចារ្យមួយ។ គាត់បានឃើញរទេះដ៏ធំសម្បើមមួយដែលស្ថិតក្រោមអំណាចរបស់អ្នកគ្រប់គ្រងសកលលោក។ របៀបដែលរទេះនោះធ្វើដំណើរគឺគួរឲ្យស្ងើចណាស់ ដោយសាររទេះនោះអាចធ្វើដំណើរយ៉ាងរហ័ស ហើយអាចប្ដូរទិសបានមួយរំពេច ដោយមិនចាំបាច់បន្ថយល្បឿនឬបង្វិលឡើយ!—អេស. ១:៤, ៩, ១២, ១៤, ១៦-២៧
ការឃើញក្នុងគំនិតនោះរំលឹកយើងថាផ្នែកនៅស្ថានសួគ៌នៃអង្គការសកលលោករបស់ព្រះយេហូវ៉ាគឺមានដំណើររហូត។ ចុះយ៉ាងណាផ្នែកនៅផែនដីវិញ? ឆ្នាំកិច្ចបម្រើកន្លងនេះ បានបង្ហាញយ៉ាងច្បាស់ថាព្រះយេហូវ៉ាកំពុងនាំរាស្ត្ររបស់លោកដែលមានរបៀបរៀបរយនៅផែនដី តាមល្បឿនដ៏អស្ចារ្យដែរ!
នៅសហរដ្ឋអាម៉េរិក សមាជិកនៃក្រុមគ្រួសារបេតអែលបានជាប់រវល់រើចេញពីក្រុងប៊្រុគ្លីន ទៅមន្ទីរចាត់ការពិភពលោកថ្មីនៅក្រុងវ័រវិក រដ្ឋញូវយ៉ក ព្រមទាំងរើទៅអគារឯទៀត និងទៅតំបន់ផ្សាយវិញ។ សមាជិកបេតអែលនៅការិយាល័យមួយចំនួននៅទូទាំងពិភពលោកក៏មមាញឹកនឹងការសាងសង់ ការជួសជុល បង្រួបបង្រួម ឬរើទៅទីកន្លែងថ្មី។ ចុះបងប្អូនវិញ? សូម្បីតែបងប្អូនប្រហែលមិនរវល់ក្នុងការរើទៅទីកន្លែងណាមួយក៏ពិតមែន តែបងប្អូនប្រាកដជាមមាញឹកតាមវិធីផ្សេងទៀត។
គណៈអភិបាលរំភើបចិត្តយ៉ាងខ្លាំងនិងទទួលការលើកទឹកចិត្តដោយឃើញរាស្ត្ររបស់ព្រះនៅទូទាំងពិភពលោកបានជាប់រវល់ខ្លាំងជាងពេលមុនៗ កាលដែលពួកគាត់ធ្វើដំណើរឲ្យទាន់តាមអង្គការរបស់ព្រះយេហូវ៉ា។ បងប្អូនជាច្រើនបានរើទៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ ខ្លះទៀតបានចាប់ផ្ដើមវិធីកិច្ចបម្រើថ្មី ដូចជាបម្រើក្នុងក្រុមជំនុំដែលនិយាយភាសាផ្សេង។ បងប្អូនជាច្រើននាក់បានចូលរួមផ្នែកផ្សព្វផ្សាយដែលថ្មីនិងដែលពួកគាត់មិនសូវស្គាល់។ ច្រើនអ្នកទៀតបានពង្រីកកិច្ចបម្រើរបស់ពួកគាត់តាមវិធីឯទៀត។ គ្រិស្តសាសនិកដ៏ស្មោះត្រង់ទាំងអស់ រួមទាំងបងប្អូនវ័យចាស់និងពិការ កំពុងរត់ដោយភក្ដីក្នុងការរត់ប្រណាំងដើម្បីបានជីវិត ដោយពួកគាត់ខំធ្វើដំណើរក្នុងកិច្ចបម្រើរបស់ព្រះយេហូវ៉ា ហើយយ៉ាងនេះជួយបើកបង្ហាញឲ្យឃើញថាសាថានពិតជាអ្នកភូតភរ!—១កូ. ៩:២៤
សូមប្រាកដថាព្រះយេហូវ៉ាឃើញចិត្តគំនិតដែលបងប្អូនបង្ហាញ។ (ហេ. ៦:១០) ការបម្រើដោយស្ម័គ្រចិត្តនេះធ្វើឲ្យយើងគិតអំពីអាប្រាហាំនិងសារ៉ា។ ពេលមានអាយុ៧០ប្លាយ អាប្រាហាំបានរើចេញពីក្រុងអ៊ើរនៃស្រុកខាល់ដេ ហើយបាននាំក្រុមគ្រួសារគាត់ទៅកន្លែងឆ្ងាយមួយគឺស្រុកកាណាន ដែលគាត់នឹងរស់នៅក្នុងត្រសាលអស់រយៈពេលមួយរយឆ្នាំមុនស្លាប់។ គាត់និងប្រពន្ធជាទីស្រឡាញ់គាត់បានបម្រើដោយស្ម័គ្រចិត្តមែន!—លោ. ១១:៣១; សកម្ម. ៧:២, ៣
តើបងប្អូនកំពុងបង្ហាញចិត្តគំនិតនោះឬទេ? បងប្អូនទាំងឡាយដែលកំពុងស៊ូទ្រាំយ៉ាងស្មោះក្នុងគ្រាដ៏ពិបាកនេះ កំពុងធ្វើអ្វីដែលលោកយេស៊ូប្រាប់ឲ្យយើងធ្វើ។ លោកបានមានប្រសាសន៍ថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក»។—ម៉ាថ. ២៨:១៩
សូម្បីតែពាក្យដែលលោកយេស៊ូប្រើថា«ទៅ» ក៏បង្ហើបថាយើងត្រូវមានសកម្មភាព និងមិននៅស្ងៀមឡើយ។ គួរឲ្យរីករាយណាស់ដោយឃើញនូវអ្វីដែលពួកអ្នកកាន់តាមដ៏ខ្នះខ្នែងរបស់គ្រិស្តបានបំពេញក្នុងអំឡុងឆ្នាំកន្លងទៅនេះ! យើងមិនពិបាកឃើញទេថា ដៃដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ាបានផ្ដល់ពរទៅលើការប្រកាសដំណឹងល្អអំពីរាជាណាចក្រនៅគ្រប់ប្រជាជាតិ។—ម៉ាក. ១៣:១០
មនុស្សជាច្រើនកំពុងធ្វើតាមដំណឹងនោះ។ ចំនួនកំពូលនៃអ្នកផ្សព្វផ្សាយនៅឆ្នាំកន្លងនេះគឺ៨.៣៤០.៨៤៧ ហើយចំនួននៃសិស្សគម្ពីរជាមធ្យមគឺ១០.១១៥.២៦៤ជាប្រចាំខែ។ ច្បាស់ណាស់ រទេះនៅស្ថានសួគ៌កំពុងមានដំណើរ ហើយបងប្អូនក៏ដូចគ្នាដែរ! សូមបន្តធ្វើកិច្ចការដ៏ល្អប្រសើរក្នុងអំឡុងពេលខ្លីដែលសល់មុនព្រះយេហូវ៉ាសម្រេចចិត្តបំផ្លាញពិភពលោកនេះ។
គឺសមត្រឹមត្រូវណាស់ដែលបទគម្ពីរប្រចាំឆ្នាំរបស់យើងសម្រាប់ឆ្នាំ២០១៧គឺ «ចូរទុកចិត្តនឹងព្រះយេហូវ៉ា ហើយប្រព្រឹត្តការល្អចុះ»។ (ទំនុក. ៣៧:៣) កាលណាអ្នកធ្វើតាមពាក្យទាំងនោះ គឺប្រព្រឹត្តការល្អដោយបំពេញកិច្ចបម្រើពិសិដ្ឋចំពោះព្រះយេហូវ៉ា នោះអ្នកកំពុងទុកចិត្តលោកមែន។ សូមចាំមិនភ្លេចថា អ្នកមិនដែលនៅម្នាក់ឯទេ។ សម្ដីរបស់លោកយេស៊ូនឹងជាការពិតជារៀងរហូតដែលថា៖ «មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។—ម៉ាថ. ២៨:២០
សូមជឿជាក់ថាព្រះយេហូវ៉ានឹងបន្តផ្ដល់ពរទៅលើកិច្ចបម្រើដ៏ស្មោះត្រង់របស់បងប្អូន។ មិនថាបានផ្សព្វផ្សាយតិចឬច្រើនក្ដី អ្វីដែលសំខាន់ចំពោះព្រះយេហូវ៉ាគឺថានេះជាអ្វីដែលបងប្អូនធ្វើអស់ពីសមត្ថភាពនិងធ្វើដោយមានបំណងចិត្តត្រឹមត្រូវ។ អំណោយបែបនេះទាំងអស់ធ្វើឲ្យលោកពេញចិត្ត។ (២កូ. ៩:៦, ៧) ដូច្នេះ ចូរបន្តចូលទៅជិតបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់តារយៈការអធិដ្ឋានជាទៀងទាត់ ការសិក្សាបណ្ដាំរបស់ព្រះ ការចូលរួមកិច្ចប្រជុំគ្រិស្តសាសនិក និងចូលរួមផ្សព្វផ្សាយយ៉ាងសកម្ម។
ទម្រាំដល់«ពេលតែបន្ដិចបន្តួច»របស់មេកំណាចផុតទៅ អ្នកបះបោរប្រឆាំងដ៏អាក្រក់នោះតាំងចិត្តប្រើអ្វីៗទាំងអស់ដើម្បីបំបែរយើងពីការរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះយេហូវ៉ា។ (បប. ១២:១២) សូមនៅជិតព្រះយេហូវ៉ា នោះមេកំណាចនឹងបរាជ័យរៀងរាល់ដងដែលវាប៉ុនប៉ងបំបែរអ្នក។ (ទំនុក. ១៦:៨) សូមដឹងថាយើងស្រឡាញ់បងប្អូនខ្លាំងណាស់ ហើយដឹងគុណចំពោះជំនួយរបស់បងប្អូនក្នុងការថែរក្សាកិច្ចការរាជាណាចក្ររបស់លោកម្ចាស់នៅគ្រាចុងក្រោយបង្អស់នេះ។
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)