បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w11 ១/១២ ទំ. ៤-៧
  • ចម្លើយចំសំណួរ១០ស្ដីអំពីការរួមភេទ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចម្លើយចំសំណួរ១០ស្ដីអំពីការរួមភេទ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • អត្ថបទស្រដៀងគ្នា
  • ដើមកំណើតនិងគោលបំណងនៃអាពាហ៍ពិពាហ៍
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
w11 ១/១២ ទំ. ៤-៧

​ចម្លើយ​ចំពោះ​សំណួរ​១០​ស្តី​អំពី​ការ​រួម​ភេទ

១ តើ​ការ​រួម​ភេទ​ជា​អំពើ​ខុស​ឆ្គង​ដំបូង​ដែល​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​នៅ​សួន​ច្បារ​អេដែន​ឬ?

▪ ចម្លើយ: មនុស្ស​ជា​ច្រើន​មាន​គំនិត​ថា​ផ្លែ​ឈើ​ដែល​ព្រះ​បាន​ហាម​មិន​ឲ្យ​បរិភោគ​ក្នុង​សួន​ច្បារ​អេដែន​នោះ តំណាង​ឲ្យ​ការ​រួម​ភេទ។ ក៏​ប៉ុន្តែ នេះ​មិន​មែន​ជា​អ្វី​ដែល​គម្ពីរ​បង្រៀន​ទេ។

សូម​ពិចារណា​មូលហេតុ​ខ្លះ​ៗ​ដូច​ត​ទៅ: ទី​១ មុន​ព្រះ​បាន​បង្កើត​នាង​អេវ៉ា លោក​បាន​បង្គាប់​អាដាម​រួច​ទៅ​ហើយ​មិន​ឲ្យ​បរិភោគ​ផ្លែ​ដែល​មក​ពី​«​ដើម​ដឹង​ខុស​ត្រូវ​»។ (​លោកុប្បត្តិ ២:​១៥​-​១៨​) ដោយ​សារ​អាដាម​នៅ​ម្នាក់​ឯង ផ្លែ​ដែល​ព្រះ​បាន​ហាម​នោះ​មិន​អាច​តំណាង​ឲ្យ​ការ​រួម​ភេទ​នោះ​ទេ។ បន្ថែម​ទៅ​ទៀត ព្រះ​បាន​ឲ្យ​បង្គាប់​យ៉ាង​ច្បាស់​មួយ​ដល់​អាដាម​និង​នាង​អេវ៉ា គឺ​ឲ្យ​ពួក​គេ​«​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​»។ (​លោកុប្បត្តិ ១:២៨​) នេះ​ប្រាកដជា​តម្រូវ​ឲ្យ​មាន​ការ​រួម​ភេទ។ ដូច្នេះ តើ​ព្រះ​ដែល​មាន​សេចក្ដី​ស្រឡាញ់​នឹង​បង្គាប់​គូ​ប្ដី​ប្រពន្ធ​ដើម​ដំបូង​ឲ្យ​‹បង្កើត​កូន​ពេញ​ពាស​លើ​ផែនដី› ហើយ​ក្រោយ​មក​កាត់​ក្ដី​ឲ្យ​ពួក​គេ​ស្លាប់​ដោយ​សារ​ស្ដាប់​តាម​បង្គាប់​លោក​ឬ​ទេ?—យ៉ូហានទី១ ៤:៨

ទី​២ តាម​ឯកសារ​ដើម​នៃ​គម្ពីរ​បង្ហាញ​ថា ប្ដី​របស់​នាង​អេវ៉ា​មិន​នៅ​ជា​មួយ​នាង​នោះ​ទេ​ពេល​ដែល​នាង​«​យក​ផ្លែ[​ដែល​ព្រះ​ហាម​]​មក​បរិភោគ​»។ នៅ​ពេល​ក្រោយ​មក ទើប​នាង​«​ចែក​ឲ្យ​ដល់​ប្ដី​ដែរ គាត់​ក៏​បរិភោគ​តាម​»។—លោកុប្បត្តិ ៣:៦

ទី​៣ ព្រះ​មិន​បាន​ស្តីបន្ទោស​អាដាម​និង​អេវ៉ា​ពេល​ដែល​ពួក​គេ​រួម​ភេទ​ហើយ​បង្កើត​បាន​កូន​ចៅ​ជា​ច្រើន​នោះ​ឡើយ។ (​លោកុប្បត្តិ ៤:១, ២​) ច្បាស់​ណាស់ ផ្លែ​ដែល​អាដាម​និង​នាង​អេវ៉ា​បរិភោគ​មិន​មែន​តំណាង​ឲ្យ​ការ​រួម​ភេទ​នោះ​ទេ ប៉ុន្តែ​ជា​ផ្លែ​មែនទែន​ដែល​មាន​នៅ​លើ​ដើម​ឈើ​វិញ។

២ តើ​គម្ពីរ​មិន​ឲ្យ​យើង​រីករាយ​នឹង​ការ​រួម​ភេទ​ឬ​ទេ?

▪ ចម្លើយ: សៀវភៅ​ដំបូង​ក្នុង​គម្ពីរ​បាន​បង្ហាញ​ថា​ព្រះ​បាន​បង្កើត​មនុស្ស​ជាតិ​«​ជា​ប្រុស​ជា​ស្រី​»។ ព្រះ​បាន​ប្រកាស​ថា​អ្វី​ៗ​ដែល​លោក​បង្កើត​ជា​«​ការ​ល្អ​ប្រពៃ​»។ (​លោកុប្បត្តិ ១:២៧, ៣១​) ក្រោយ​មក ព្រះ​បាន​ដឹក​នាំ​ឲ្យ​មនុស្ស​សរសេរ​គម្ពីរ​ដើម្បី​ឲ្យ​ការ​ណែនាំ​ដល់​ប្ដី​ថា​៖ ​«​ចូរ​ឲ្យ​ឯង​បាន​រីករាយ​ចំពោះ​ប្រពន្ធ​ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំឡោះ​ចុះ . . . ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប​»។ (​សុភាសិត ៥:១៨, ១៩​) តើ​ឃ្លា​ទាំង​នេះ​ស្ដាប់​ទៅ​ដូច​ជា​ព្រះ​ហាម​មិន​ឲ្យ​យើង​រីករាយ​នឹង​ការ​រួម​ភេទ​ឬ?

ហេតុ​ការណ៍​ពិត​បាន​បង្ហាញ​ថា​ព្រះ​មិន​គ្រាន់តែ​បង្កើត​យើង​ដើម្បី​បន្ត​ពូជ​តែ​ប៉ុណ្ណោះ​ទេ លោក​ក៏​បាន​បង្កើត​អវយវៈ​ភេទ​តាម​របៀប​ដែល​ឲ្យ​គូ​ប្ដី​ប្រពន្ធ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សប្បាយ​រីករាយ។ ទំនាក់​ទំនង​បែប​នេះ​អាច​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​រាង​កាយ និង​ខាង​ផ្លូវ​ចិត្ត​របស់​ប្ដី​ប្រពន្ធ​ដែល​មាន​ភាព​កក់​ក្ដៅ​និង​ស្និទ្ធ​ស្នា​ល​ជា​មួយ​គ្នា។

៣ តើ​គម្ពីរ​អនុញ្ញាត​ឲ្យ​បុរស​និង​ស្ត្រី​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀប​ការ​តាម​ច្បាប់​ឬ​ទេ?

▪ ចម្លើយ: គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា​៖ ​«​ព្រះ​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​»។ (​ហេប្រឺ ១៣:៤​) ពាក្យ​ភាសា​ក្រិច​ដែល​ប្រើ​សម្រាប់​ពាក្យ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ គឺ​ផូនៀ។ ពាក្យ​នេះ​មាន​ន័យ​ទូលាយ​ដែល​សំដៅ​ទៅ​សកម្មភាព​ផ្លូវ​ភេទ​គ្រប់​បែប​យ៉ាង​រវាង​មនុស្ស​ដែល​មិន​មែន​ជា​ប្ដី​ប្រពន្ធ។a ហេតុ​នេះ​ហើយ គឺជា​ការ​ខុស​ចំពោះ​ព្រះ​ដែល​មនុស្ស​ប្រុស​ស្រី​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​បាន​រៀប​ការ ទោះ​ជា​ពួក​គេ​មាន​បំណង​រៀប​ការ​នៅ​ពេល​ក្រោយ​ក៏​ដោយ។

សូម្បី​តែ​មនុស្ស​ប្រុស​ស្រី​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង​ក៏​ដោយ ព្រះ​នៅ​តែ​តម្រូវ​ឲ្យ​ពួក​គេ​រៀប​ការ​មុន​នឹង​ពួក​គេ​អាច​រួម​ភេទ​បាន។ តាម​ពិត គឺជា​ព្រះ​ទេ​ដែល​បង្កើត​យើង​មក​ឲ្យ​មាន​សមត្ថភាព​បង្ហាញ​សេចក្ដី​ស្រឡាញ់។ គុណ​សម្បត្ដិ​ដែល​សំខាន់​ជាង​គេ​របស់​ព្រះ​គឺជា​សេចក្ដី​ស្រឡាញ់។ ហេតុ​នេះ ព្រះ​មាន​មូលហេតុ​ល្អ​ដែល​លោក​តម្រូវ​ឲ្យ​មនុស្ស​រៀប​ការ​មុន​ពួក​គេ​អាច​រួម​ភេទ​បាន ដូច​អត្ថបទ​បន្ទាប់​នឹង​ពន្យល់​អំពី​រឿង​នេះ។

៤ តើ​ការ​មាន​ប្ដី​ឬ​ប្រពន្ធ​លើស​ពី​មួយ​ខុស​ឬ​ទេ?

▪ ចម្លើយ: អស់​មួយ​រយៈ​ពេល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​បុរស​មាន​ប្រពន្ធ​លើស​ពី​មួយ។ (​លោកុប្បត្តិ ៤:១៩; ១៦:១​-​៤; ២៩:១៨–៣០:២៤​) ប៉ុន្តែ ព្រះ​មិន​មែន​ជា​អ្នក​ផ្ដើម​គំនិត​ឲ្យ​មនុស្ស​មាន​គូ​លើស​ពី​មួយ​ទេ ព្រោះ​លោក​បាន​បង្កើត​ប្រពន្ធ​តែ​មួយ​ឲ្យ​អាដាម។

ព្រះ​បាន​ឲ្យ​អំណាច​ដល់​លោក​យេស៊ូ​គ្រិស្ត​ដើម្បី​បង្កើត​ខ្នាត​តម្រា​ដើម​ដំបូង​របស់​លោក​ឡើង​វិញ​ស្តី​អំពី​ការ​មាន​ប្ដី​មួយ​ប្រពន្ធ​មួយ។ (​យ៉ូហាន ៨:២៨​) ពេល​ដែល​មាន​គេ​សួរ​អំពី​រឿង​រៀប​ការ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​លោក​ដែល​បាន​បង្កើត​មនុស្ស​ជាតិ​ដំបូង បាន​បង្កើត​ពួក​គេ​ជា​ប្រុស​និង​ស្រី ហើយ​មាន​ប្រសាសន៍​ថា​៖ ‹ហេតុ​នេះ​ហើយ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក​និង​ម្ដាយ​ខ្លួន ហើយ​នឹង​នៅ​ជាប់​ជា​មួយ​នឹង​ប្រពន្ធ​របស់​គាត់ រួច​ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ទៅ​ជា​សាច់​ឈាម​តែ​មួយ›​»។—ម៉ាថាយ ១៩:៤, ៥

នៅ​ពេល​ក្រោយ​មក ព្រះ​បាន​ដឹក​នាំ​អ្នក​កាន់​តាម​ម្នាក់​របស់​លោក​យេស៊ូ​ឲ្យ​សរសេរ​ថា​៖ ​«​ចូរ​ឲ្យ​បុរស​ម្នាក់​ៗ​មាន​ប្រពន្ធ​រៀង​ៗ​ខ្លួន ហើយ​ស្ត្រី​ម្នាក់​ៗ​មាន​ប្ដី​រៀង​ៗ​ខ្លួន​ចុះ​»។ (​កូរិនថូសទី១ ៧:២​) គម្ពីរ​ក៏​បាន​បញ្ជាក់​ថា​បុរស​ទាំង​ឡាយ​ដែល​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ត្រូវ​ជា​បុរស​ដែល​មាន​«​ប្រពន្ធ​តែ​មួយ​»។—ធីម៉ូថេទី១ ៣:២, ១២

៥ តើ​ត្រឹម​ត្រូវ​ឬ​ទេ​ដែល​ប្ដី​ប្រពន្ធ​ប្រើប្រាស់​វិធី​ពន្យារ​កំណើត?

▪ ចម្លើយ: ក្នុង​គម្ពីរ​គ្មាន​កន្លែង​ណា​ដែល​បញ្ជាក់​យ៉ាង​ចំ​ៗ​អំពី​ការ​ផ្ដន្ទា​ទោស​អ្នក​ដែល​ប្រើប្រាស់​វិធី​ពន្យារ​កំណើត​នោះ​ទេ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​ក៏​មិន​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​កូន ហើយ​ពួក​អ្នក​កាន់​តាម​លោក​ក៏​មិន​បាន​ណែនាំ​អ្នក​ឯ​ទៀត​ឲ្យ​មាន​កូន​ដែរ។

ដូច្នេះ គូ​ប្ដី​ប្រពន្ធ​មាន​សេរីភាព​ដើម្បី​សម្រេច​ចិត្ត​ដោយ​ខ្លួន​គេ​ថា​ពួក​គេ​នឹង​មាន​កូន​ឬ​ក៏​អត់។ ពួក​គេ​អាច​សម្រេច​ចិត្ត​អំពី​ចំនួន​កូន និង​ពេល​ណា​ដែល​ពួក​គេ​ចង់​បាន។ បើ​ប្ដី​និង​ប្រពន្ធ​សម្រេច​ចិត្ត​ប្រើប្រាស់​វិធី​ពន្យារ​កំណើត​ដែល​មិន​មែន​ជា​ការ​ពន្លូត​កូន នោះ​ជា​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ។ គ្មាន​អ្នក​ណា​គួរ​វិនិច្ឆ័យ​ពួក​គេ​ឡើយ។—រ៉ូម ១៤:៤, ១០​-​១៣

៦ តើ​ការ​ពន្លូត​កូន​ខុស​ឬ?

▪ ចម្លើយ: ជីវិត​ជា​អ្វី​ដ៏​ពិសិដ្ឋ​ចំពោះ​ព្រះ ហើយ​លោក​មាន​ទស្សនៈ​ថា សូម្បី​តែ​អំប៊្រីយ៉ុង​ដែល​នៅ​ក្នុង​ផ្ទៃ​ក៏​មាន​ជីវិត​រស់​ដែរ។ (​ទំនុកតម្កើង ១៣៩:១៦​) ព្រះ​បាន​បញ្ជាក់​ថា​មនុស្ស​ម្នាក់​នឹង​ត្រូវ​មាន​ទោស បើ​គាត់​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​គ្រោះ​ថ្នាក់។ ដូច្នេះ ចំពោះ​ព្រះ ការ​សម្លាប់​ទារក​ដែល​មិន​ទាន់​កើត​គឺជា​ឃាតកម្ម។—និក្ខមនំ ២០:១៣; ២១:២២, ២៣

ប៉ុន្តែ បើ​ស្ថិត​ក្នុង​សភាព​សង្គ្រោះ​បន្ទាន់​នៅ​ពេល​សម្រាល​កូន ដែល​តម្រូវ​ឲ្យ​ប្ដី​ប្រពន្ធ​ជ្រើស​រើស​មួយ​ថា​ត្រូវ​សង្គ្រោះ​ជីវិត​ម្ដាយ​ឬ​ក៏​ជីវិត​កូន តើ​ពួក​គាត់​ត្រូវ​ធ្វើ​យ៉ាង​ណា? ក្នុង​កាលៈទេសៈ​នេះ គូ​ប្ដី​ប្រពន្ធ​នឹង​ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ពួក​គេ​ថា​ត្រូវ​សង្គ្រោះ​ជីវិត​មួយ​ណា។

៧ តើ​គម្ពីរ​អនុញ្ញាត​ឲ្យ​លែង​លះ​គ្នា​ឬ​ទេ?

▪ ចម្លើយ: គម្ពីរ​អនុញ្ញាត​ឲ្យ​លែង​លះ​គ្នា។ ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​មូលហេតុ​តែ​មួយ​គត់​ដែល​ឲ្យ​ប្ដី​ប្រពន្ធ​លែង​លះ​គ្នា ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​លែង​លះ​ប្រពន្ធ​ដែល​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ[​ការ​រួម​ភេទ​ជា​មួយ​អ្នក​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​] រួច​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​ម្នាក់​ទៀត អ្នក​នោះ​ជា​អ្នក​ផិត​ក្បត់​»។—ម៉ាថាយ ១៩:៩

ព្រះ​ស្អប់​ការ​លែង​លះ​គ្នា។ លោក​នឹង​កាត់​ក្ដី​ពួក​អ្នក​ដែល​ចាក​ចោល​គូ​របស់​ខ្លួន​ដោយ​មិន​មាន​មូលហេតុ​ត្រឹម​ត្រូវ ជា​ពិសេស​ពេល​ដែល​ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​មាន​បំណង​ចង់​យក​អ្នក​ផ្សេង​ទៀត។—ម៉ាឡាគី ២:១៣​-​១៦; ម៉ាកុស ១០:៩

៨ តើ​ព្រះ​ពេញ​ចិត្ត​នឹង​មនុស្ស​ដែល​រួម​ដំណេក​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា​ឬ​ទេ?

▪ ចម្លើយ: គម្ពីរ​ព្រះ​ផ្ដន្ទា​ទោស​យ៉ាង​ចំ​ៗ​ចំពោះ​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដែល​រួម​មាន​ការ​រួម​ដំណេក​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា។ (​រ៉ូម ១:២៦, ២៧; កាឡាទី ៥:១៩​-​២១​) ទោះ​ជា​គម្ពីរ​ព្រះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​មិន​ពេញ​ចិត្ត​នឹង​ការ​រួម​ដំណេក​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា​ក៏​ដោយ តែ​យើង​ដឹង​ថា​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ដល់​ម្ល៉េះ​បាន​ជា​លោក​បាន​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។—យ៉ូហាន ៣:១៦

ទោះ​ជា​គ្រិស្ត​សាសនិក​ពិត​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រួម​ភេទ​រវាង​មនុស្ស​ភេទ​ដូច​គ្នា​ក៏​ដោយ តែ​ពួក​គេ​បង្ហាញ​ចិត្ត​សប្បុរស​ដល់​មនុស្ស​ទាំង​អស់។ (​ម៉ាថាយ ៧:១២​) ព្រះ​ចង់​ឲ្យ​យើង​«​គោរព​មនុស្ស​គ្រប់​ប្រភេទ​»។ ដូច្នេះ​ហើយ គ្រិស្ត​សាសនិក​ពិត​មិន​ស្អប់ខ្ពើម​ពួក​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ។—ពេត្រុសទី១ ២:១៧

៩ តើ​ការ​បំពេញ​ចំណង់​ផ្លូវ​ភេទ​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​ឬ​អ៊ីនធឺណិត​ដើម្បី​ផ្ញើ​សារ​ផ្ញើ​រូបភាព​ឬ​និយាយ​គ្នា​ខុស​ឬ​ទេ?

▪ ចម្លើយ: មនុស្ស​ខ្លះ​ប្រើ​ទូរស័ព្ទ​ដើម្បី​និយាយ​ដោយ​មិន​សមរម្យ​អំពី​ការ​រួម​ភេទ​ឬ​ស្ដាប់​សារ​ដែល​ធ្វើ​ឲ្យ​ស្រើប​ស្រាល ឬ​ដើម្បី​ផ្ញើ​រូបភាព​ក្ដៅ​សាច់ និង​សារ​ជា​អក្សរ​ដែល​រៀប​រាប់​អំពី​សកម្មភាព​ផ្លូវ​ភេទ។ ម្យ៉ាង​ទៀត ពួក​គេ​ប្រើ​អ៊ីនធឺណិត​ដើម្បី​ទាក់​ទង​អ្នក​ឯ​ទៀត​អំពី​ការ​រួម​ភេទ។

គម្ពីរ​មិន​បាន​ចែង​យ៉ាង​ចំ​ៗ​អំពី​ការ​ប្រព្រឹត្ត​ទាំង​នោះ​ដែល​ពេញ​និយម​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ ប៉ុន្តែ គម្ពីរ​បាន​ចែង​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ទាំង​និយាយ​អំពី​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោកគ្រោក ឬ​ការ​លោភ​លន់​ឡើយ ធ្វើ​ដូច្នេះ​ទើប​សម​គួរ​ចំពោះ​ពួក​អ្នក​បរិសុទ្ធ ក៏​មិន​ត្រូវ​មាន​ការ​ប្រព្រឹត្ត​ដែល​គួរ​ឲ្យ​ខ្មាស ការ​និយាយ​ពាក្យ​ផ្ដេសផ្ដាស ការ​និយាយ​កំប្លែង​អាសអាភាស ព្រោះ​ការ​ទាំង​នេះ​មិន​សមរម្យ​ទេ​»។ (​អេភេសូរ ៥:៣, ៤​) អ្វី​ៗ​ដូច​ជា​ការ​ប្រើ​ទូរស័ព្ទ​និង​អ៊ីនធឺណិត​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ​បាន​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ការ​រួម​ភេទ និង​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​រួម​ភេទ​ជា​មួយ​មនុស្ស​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ ជា​ជាង​ជួយ​មនុស្ស​ឲ្យ​ចេះ​គ្រប់​គ្រង​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន ការ​ប្រព្រឹត្ត​បែប​នេះ​ជំរុញ​ពួក​គេ​ឲ្យ​បំពេញ​តាម​តណ្ហា​ដែល​ខ្លួន​ត្រូវ​ការ​តែ​ប៉ុណ្ណោះ។

១០ តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា​ស្តី​អំពី​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ?

▪ ចម្លើយ: គម្ពីរ​មិន​បាន​ចែង​យ៉ាង​ចំ​ៗ​អំពី​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ​ទេ ដែល​នេះ​ជា​ការ​ប្រព្រឹត្ត​មួយ​ដែល​ធ្វើ​ឲ្យ​ខ្លួន​មាន​អារម្មណ៍​ស្រើប​ស្រាល​រហូត​ឡើង​ដល់​កំពូល។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ បណ្ដាំ​របស់​ព្រះ​បង្គាប់​គ្រិស្ត​សាសនិក​ថា​៖ ​«​ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាសចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អំពើ​ស្មោកគ្រោក តម្រេក​[​មិន​ត្រឹម​ត្រូវ​]​»។—កូឡុស ៣:៥

ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​ខ្លួន​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ​បាន​ធ្វើ​ឲ្យ​មនុស្ស​យល់​ខុស​អំពី​ការ​រួម​ភេទ និង​ចង់​តែ​ចម្អែត​តណ្ហា​របស់​ខ្លួន។ គម្ពីរ​បាន​ធានា​យើង​ថា ព្រះ​អាច​ផ្ដល់​ឲ្យ​«​ឫទ្ធានុភាព​ដែល​លើស​ពី​ធម្មតា​»​ដល់​អស់​អ្នក​ដែល​ព្យាយាម​យក​ឈ្នះ​ទម្លាប់​អាក្រក់​នេះ។—កូរិនថូស​ទី​២ ៤:៧; ភីលីព ៤:១៣

[​កំណត់​សម្គាល់​]

a ពាក្យ​ផូនៀ ក៏​សំដៅ​ទៅ​ការ​រួម​ភេទ​ដែល​ខុស​ពី​គោល​បំណង​ដើម​របស់​ព្រះ​ក្នុង​ការ​បង្កើត​អវយវៈ​ភេទ​របស់​មនុស្ស​ដែរ ដូច​ជា​ការ​ផិត​ក្បត់ ការ​រួម​ភេទ​ជា​មួយ​មនុស្ស​ភេទ​ដូច​គ្នា និង​ការ​រួម​ភេទ​ជា​មួយ​សត្វ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក