ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី១-៧ ខែមករា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៣:១, ២
ផ្សព្វផ្សាយ: ពាក្យភាសាក្រិចនេះមានន័យថា«ការប្រកាសក្នុងនាមជាអ្នកនាំពាក្យដល់សាធារណៈជន»។ ពាក្យនេះលើកបញ្ជាក់អំពីបែបបទនៃការប្រកាសនេះថាជាការប្រកាសដោយចំហរនិងសាធារណៈ មិនមែនជាការថ្លែងសុន្ទរកថាចំពោះក្រុមមនុស្សទេ។
រាជាណាចក្រ: ពាក្យនេះជាភាសាក្រិច (ba·si·leiʹa) បានត្រូវចែងជាលើកដំបូងក្នុងខនេះ។ ពាក្យនេះសំដៅទៅលើរាជរដ្ឋាភិបាលមួយ ទឹកដី និងប្រជាជនដែលនៅក្រោមការគ្រប់គ្រងរបស់ស្តេចមួយរូប។ ពាក្យភាសាក្រិចនេះបានត្រូវចែង១៦២ដងក្នុងបទគម្ពីរភាសាក្រិច ៥៥ដងមាននៅក្នុងកំណត់ហេតុរបស់ម៉ាថាយ ហើយភាគច្រើនគឺសំដៅទៅលើការគ្រប់គ្រងរបស់ព្រះនៅស្ថានសួគ៌។ ម៉ាថាយប្រើពាក្យនេះច្រើនដងដល់ម្ល៉េះបានជាសៀវភៅដំណឹងល្អរបស់គាត់អាចត្រូវហៅថាសៀវភៅដំណឹងល្អអំពីរាជាណាចក្រ។
រាជាណាចក្រស្ថានសួគ៌: ពាក្យនេះមានចំនួនប្រហែល៣០ដង ហើយមានតែនៅក្នុងសៀវភៅដំណឹងល្អរបស់ម៉ាថាយប៉ុណ្ណោះ។ សៀវភៅដំណឹងល្អរបស់ម៉ាកុសនិងលូកា ប្រើឃ្លា«រាជាណាចក្ររបស់ព្រះ»ដើម្បីបញ្ជាក់ថា«រាជាណាចក្ររបស់ព្រះ»គឺមានទីតាំងនៅស្ថានសួគ៌ ហើយគ្រប់គ្រងពីស្ថានសួគ៌។—ម៉ាថ. ២១:៤៣; ម៉ាក. ១:១៥; លូក. ៤:៤៣; ដាន. ២:៤៤; ២ធី. ៤:១៨
ជិតដល់ហើយ: ក្នុងន័យថាអ្នកដែលនឹងគ្រប់គ្រងនៅរាជាណាចក្រស្ថានសួគ៌ហៀបនឹងលេចមក។
nwtsty-E រូបភាពនិងវីដេអូ
ការស្លៀកពាក់របស់យ៉ូហានដែលជាអ្នកជ្រមុជទឹក
យ៉ូហានពាក់សម្លៀកបំពាក់ដែលធ្វើពីរោមសត្វអូដ្ឋ ហើយពាក់ខ្សែក្រវ៉ាត់ស្បែកសត្វដែលអាចស៊កវត្ថុតូចៗបាន។ អេលីយ៉ាដែលជាអ្នកប្រកាសទំនាយក៏ពាក់សម្លៀកបំពាក់ស្រដៀងនេះដែរ។ (២ព. ១:៨) សម្លៀកបំពាក់ដែលធ្វើពីរោមអូដ្ឋគឺរឹង។ ធម្មតា មនុស្សក្រីក្រពាក់សម្លៀកបំពាក់បែបនោះ។ ផ្ទុយទៅវិញ អ្នកមានពាក់សម្លៀកបំពាក់ទន់ល្មឿយដែលធ្វើមកពីសូត្រឬក្រណាក់សាច់ល្អ។ (ម៉ាថ. ១១:៧-៩) ដោយសារយ៉ូហានជាន៉ាសារីតតាំងពីកើត ដូច្នេះសក់របស់គាត់ប្រហែលជាមិនដែលកាត់ទេ។ ការស្លៀកពាក់របស់យ៉ូហានទំនងជាបង្ហាញភ្លាមៗថាគាត់មានជីវិតសាមញ្ញដើម្បីផ្ដោតអារម្មណ៍ទៅលើការធ្វើតាមបំណងប្រាថ្នារបស់ព្រះ។
កណ្ដូប
ក្នុងគម្ពីរ ពាក្យ«កណ្ដូប»អាចសំដៅទៅលើកណ្ដូបប្រភេទផ្សេងៗដែលមានពុកឬអង់តែនខ្លីមួយគូ ជាពិសេសប្រភេទកណ្ដូបដែលបន្លាស់ទីជាហ្វូងធំ។ យោងទៅតាមការសិក្សាស្រាវជ្រាវនៅក្រុងយេរូសាឡិមបង្ហាញថា កណ្ដូបមានផ្ទុកប្រូតេអ៊ីន៧៥ភាគរយ។ សព្វថ្ងៃនេះ ពេលគេបរិភោគសត្វនោះ គេដកក្បាល ជើង ស្លាប និងពោះរបស់វាចេញ។ ផ្នែកដែលនៅសល់ គឺទ្រូង គេបរិភោគឆៅឬក៏ចម្អិន។ គេនិយាយថាសត្វល្អិតទាំងនេះមានរសជាតិដូចបង្គាឬក្ដាម ហើយសម្បូរទៅដោយប្រូតេអ៊ីន។
ទឹកឃ្មុំ
រូបភាពទាំងនេះគឺជាសំបុកឃ្មុំព្រៃ(១) និងក្បាលទឹកឃ្មុំ(២)។ ទឹកឃ្មុំដែលយ៉ូហានបរិភោគទំនងជាមកពីឃ្មុំមួយប្រភេទដែលរស់នៅក្នុងព្រៃ (Apis mellifera syriaca)។ ឃ្មុំប្រភេទនេះអាចរស់នៅក្នុងអាកាសធាតុក្ដៅនិងស្ងួតក្នុងតំបន់ស្ងាត់ជ្រងំក្នុងស្រុកយូឌា។ មនុស្សមិនអាចចិញ្ចឹមឃ្មុំប្រភេទនេះបានទេ ដោយសារវាវាយប្រហារមនុស្ស។ ទោះជាយ៉ាងនេះក្ដី នៅដើមសតវត្សរ៍ទី៩ មុនគ.ស. មនុស្សដែលរស់នៅអ៊ីស្រាអែលរក្សាទុកទឹកឃ្មុំក្នុងបំពង់ថ្ម។ សំណុសឃ្មុំជាច្រើនបានត្រូវរកឃើញនៅតំបន់ដែលធ្លាប់ជាទីប្រជុំជន (ឥឡូវនេះស្គាល់ជាក្រុងតេ រីហូវ) ដែលមានទីតាំងនៅជ្រលងភ្នំយ៉ូដាន់។ ទឹកឃ្មុំពីសំបុកទាំងនេះដែលមកពីប្រភេទឃ្មុំដែលទំនងជាបានត្រូវនាំចូលពីប្រទេសតួកគី។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១:៣
ថេម៉ា: ស្ត្រីទី១ក្នុងចំណោមស្ត្រីប្រាំនាក់ដែលម៉ាថាយបានរៀបរាប់ក្នុងវង្សត្រកូលរបស់មេស្ស៊ី។ ស្ត្រីបួននាក់ទៀតគឺរ៉ាហាប និងរូថ ពួកគាត់ទាំងពីរមិនមែនជាជនជាតិអ៊ីស្រាអែលទេ (ខ៥) បាតសេបាដែលជា«ភរិយារបស់អ៊ូរី» (ខ៦) និងម៉ារៀ (ខ១៦)។ ស្ត្រីទាំងនេះទំនងជាបានត្រូវរៀបរាប់ក្នុងវង្សត្រកូលរបស់លោកយេស៊ូ ដោយសារមានអ្វីពិសេសមួយដែលនាំឲ្យពួកគាត់ម្នាក់ៗទៅជាដូនតារបស់លោកយេស៊ូ។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៣:១១
ជ្រមុជអ្នករាល់គ្នា: ពាក្យភាសាក្រិចនេះ (ba·ptiʹzo) មានន័យថា«ពន្លិចឲ្យលិចទៅក្នុងទឹក»។ ឯកសារយោងក្នុងគម្ពីរឯទៀតបង្ហាញថាការជ្រមុជទឹករួមបញ្ចូលការពន្លិចទាំងស្រុង។ មានពេលមួយ យ៉ូហានបានជ្រមុជទឹកឲ្យគេនៅជ្រលងភ្នំយ៉ូដាន់ជិតសាលិម «ពីព្រោះនៅទីនោះមានទឹកច្រើន»។ (យ៉ូន. ៣:២៣) ពេលភីលីពបានជ្រមុជទឹកឲ្យមន្ត្រីជនជាតិអេចូពី ពួកគេបាន«ចុះទៅក្នុងទឹក»។ (សកម្ម. ៨:៣៨) ពាក្យភាសាក្រិចដដែលនេះបានត្រូវប្រើក្នុងសេចក្ដីបកប្រែសេបធួជីននៅ២ព. ៥:១៤ ពេលរៀបរាប់ថាណាម៉ានបាន«ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់អស់៧ដង»។
ថ្ងៃទី៨-១៤ ខែមករា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៥:៣
សុភមង្គល: មិនគ្រាន់តែជាអារម្មណ៍រីករាយ ពេលសប្បាយចិត្តប៉ុណ្ណោះទេ។ តែពេលប្រើចំពោះមនុស្ស នោះសំដៅទៅលើស្ថានភាពរបស់បុគ្គលម្នាក់ដែលទទួលពរនិងការពេញចិត្តពីព្រះ។ ពាក្យនេះបានត្រូវប្រើដើម្បីពណ៌នាអំពីព្រះ និងលោកយេស៊ូក្រោយត្រឡប់ទៅស្ថានសួគ៌ ហើយមានសិរីរុងរឿង។—១ធី. ១:១១; ៦:១៥
អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ: ពាក្យភាសាក្រិចដែលថា«អស់អ្នកដែលស្រេកឃ្លាន» មានន័យថា«អស់អ្នកដែលខ្វះខាត (ទុរគតឬជាអ្នកសុំទាន)» ក្នុងបរិបទនេះបានត្រូវប្រើសំដៅលើពួកអ្នកដែលមានក្ដីត្រូវការនិងទទួលស្គាល់ថាខ្លួនមានក្ដីត្រូវការ។ ពាក្យដដែលនេះបានត្រូវប្រើនៅលូកា ១៦:២០, ២២ ពេលនិយាយអំពីឡាសាដែលជា«អ្នកសុំទាន»។ អ្នកបកប្រែគម្ពីរខ្លះបានបកប្រែពាក្យភាសាក្រិចនេះថាអស់អ្នកដែលមាន«សេចក្ដីកំសត់ខាងឯវិញ្ញាណ» នេះបញ្ជាក់អំពីគំនិតរបស់មនុស្សដែលដឹងថាខ្លួនពិតជាត្រូវការយ៉ាងខ្លាំងនូវការណែនាំពីព្រះនិងត្រូវការចំណងមិត្តភាពជាមួយនឹងលោក។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៥:៧
ចិត្តមេត្ដាករុណា: នៅក្នុងគម្ពីរពាក្យ«ចិត្តមេត្ដាករុណា»និង«សេចក្ដីមេត្ដាករុណា» គឺមិនគ្រាន់តែជាការអភ័យទោសឬសន្ដោសប្រណីក្នុងការវិនិច្ឆ័យទេ។ នេះច្រើនតែរៀបរាប់អំពីមនោសញ្ចេតនានិងចិត្តអាណិតដែលជំរុញចិត្តមនុស្សឲ្យចង់ជួយពួកអ្នកដែលត្រូវការជំនួយ។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៥:៩
អស់អ្នកដែលធ្វើឲ្យមានសន្ដិភាព: គឺជាពួកអ្នកដែលមិនគ្រាន់តែរក្សាសន្ដិភាពប៉ុណ្ណោះទេ តែក៏ជាអ្នកដែលធ្វើឲ្យមានសន្ដិភាពនៅទីណាដែលគ្មាន។
w០៧-E ១/១២ ទំ. ១៧
ចូរបង្រៀនកូនរបស់អ្នកឲ្យមានសន្ដិភាព
ឪពុកម្ដាយដែលជាគ្រិស្តសាសនិកចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការបង្ហាត់បង្រៀនកូនរបស់ពួកគាត់ឲ្យ«ខំប្រឹងឲ្យមានសន្ដិភាពជានិច្ច»។ (១ពេ. ៣:១១) សុភមង្គលដែលទទួលមកពីការធ្វើឲ្យមានសន្ដិភាពគឺសមនឹងការខំប្រឹងដើម្បីយកឈ្នះអារម្មណ៍សង្ស័យ ការតានតឹងចិត្ត និងការស្អប់គ្នា។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៤:៩
ក្រាបប្រណិប័តន៍ខ្ញុំម្ដង: កិរិយាសព្ទភាសាក្រិចនៅខនេះអាចសំដៅលើ«ប្រណិប័តន៍»ដែលបញ្ជាក់អំពីសកម្មភាពរយៈពេលខ្លី។ ដូច្នេះ ពាក្យ‹ក្រាបប្រណិប័តន៍ម្ដង›បង្ហាញថាមេកំណាចមិនមែនឲ្យលោកយេស៊ូបន្តគោរពប្រណិប័តន៍ឬធ្វើជារឿយៗទេ តែគឺ‹ក្រាបប្រណិប័តន៍ម្ដង›ប៉ុណ្ណោះ។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៤:២៣
បង្រៀន . . . ផ្សព្វផ្សាយ: ការបង្រៀនខុសពីការផ្សព្វផ្សាយត្រង់ថាអ្នកបង្រៀនមិនគ្រាន់តែប្រកាសប៉ុណ្ណោះទេ តែគាត់ណែនាំ ពន្យល់ វែកញែកឲ្យជឿ និងផ្ដល់ទីសំអាង។
ថ្ងៃទី១៥-២១ ខែមករា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៦:២៤
ខ្ញុំបម្រើ: កិរិយាសព្ទភាសាក្រិចនេះសំដៅទៅលើការងារជាខ្ញុំបម្រើ ពោលគឺបុគ្គលដែលជាកម្មសិទ្ធិរបស់ម្ចាស់តែម្នាក់។ លោកយេស៊ូចង់បញ្ជាក់នៅខនេះថាគ្រិស្តសាសនិកម្នាក់មិនអាចបង្ហាញភក្ដីភាពចំពោះព្រះផង ហើយនៅពេលដំណាលគ្នាខំព្យាយាមប្រមូលទ្រព្យសម្បត្ដិផងឡើយ។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៦:៣៣
បន្តស្វែងរក: កិរិយាសព្ទភាសាក្រិចនេះបញ្ជាក់អំពីសកម្មភាពកំពុងបន្ត។ អ្នកកាន់តាមពិតរបស់លោកយេស៊ូមិនមែនស្វែងរករាជាណាចក្រព្រះតែម្ដងប៉ុណ្ណោះ រួចមកធ្វើអ្វីផ្សេងទៀតឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវតែបន្តស្វែងរករាជាណាចក្រព្រះក្នុងជីវិតរបស់ពួកគេជានិច្ច។
រាជាណាចក្រ: ឯកសារបុរាណខ្លះដែលជាភាសាក្រិច ចែងថា«រាជាណាចក្រព្រះ»។
របស់ព្រះ: សំដៅទៅលើព្រះ ពោលគឺ‹បិតាដែលស្ថិតនៅស្ថានសួគ៌› ដែលចែងនៅម៉ាថាយ ៦:៣២។
សេចក្ដីសុចរិត: ពួកអ្នកដែលស្វែងរកសេចក្ដីសុចរិតរបស់ព្រះចង់ធ្វើតាមបំណងប្រាថ្នារបស់លោក និងធ្វើតាមខ្នាតតម្រារបស់លោកស្តីអំពីអ្វីដែលត្រូវនិងខុស។ សេចក្ដីបង្រៀននេះខុសពីសេចក្ដីបង្រៀនរបស់ពួកផារិស៊ី ដែលខំបង្កើតខ្នាតតម្រាសម្រាប់ខ្លួនឯងស្តីអំពីអ្វីដែលសុចរិតនិងមិនសុចរិត។—ម៉ាថ. ៥:២០
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៧:២៨, ២៩
កោតស្ងើចក្រៃលែង: កិរិយាសព្ទភាសាក្រិចនៅទីនេះអាចបញ្ជាក់អំពី«ការកោតស្ញប់ស្ញែងពេកក្រៃ»។ កិរិយាសព្ទកំពុងបន្តនេះបង្ហាញថាពាក្យរបស់លោកមានឥទ្ធិពលទៅលើចិត្តបណ្ដាជនជានិច្ច។
សេចក្ដីបង្រៀនរបស់លោក: ពាក្យនេះសំដៅទៅលើរបៀបបង្រៀនរបស់លោកយេស៊ូ ព្រមទាំងវិធីសាស្ត្ររបស់លោក ដែលរួមមានអ្វីដែលលោកបង្រៀន ពោលគឺការណែនាំទាំងអស់ក្នុងសុន្ទរកថានៅលើភ្នំ។
មិនមែនដូចពួកអ្នកជំនាញខាងច្បាប់របស់ពួកគេនោះទេ: លោកយេស៊ូមិនបានអាងលើសេចក្ដីបង្រៀនរបស់ពួករ៉ាប៊ីដែលជនជាតិយូដាគោរព ដូចពួកអ្នកជំនាញខាងច្បាប់បានធ្វើនោះទេ ផ្ទុយទៅវិញ លោកយេស៊ូនិយាយក្នុងនាមជាអ្នកនាំពាក្យរបស់ព្រះយេហូវ៉ា ដែលមានអំណាចពីព្រះ ពោលគឺលោកបង្រៀនដោយមានមូលដ្ឋានលើបណ្ដាំរបស់ព្រះ។—យ៉ូន. ៧:១៦
ថ្ងៃទី២២-២៨ ខែមករា
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៨:៣
លោក . . . ពាល់គាត់: ច្បាប់របស់ម៉ូសេចាត់ទុកអ្នកកើតជំងឺឃ្លង់ថាមិនស្អាត ដូច្នេះពួកគេត្រូវនៅដាច់ឆ្ងាយពីមនុស្សឯទៀត។ (លេវី. ១៣:៤៥, ៤៦; ជន. ៥:១-៤) ទោះជាយ៉ាងនេះក្ដី អ្នកដឹកនាំសាសនាដែលជាជនជាតិយូដាបានបង្កើតច្បាប់ថែមទៀត។ ជាឧទាហរណ៍ អ្នកកើតជំងឺឃ្លង់ត្រូវនៅដាច់ពីគេចម្ងាយប្រហែល១,៨ម៉ែត្រ ហើយនៅថ្ងៃធ្លាក់ខ្យល់ គាត់ត្រូវនៅចម្ងាយ៤៥ម៉ែត្រ។ ច្បាប់ទាំងនេះនាំឲ្យមនុស្សប្រព្រឹត្តដោយគ្មានមេត្ដាចំពោះអ្នកកើតជំងឺឃ្លង់។ ពួកគេធ្លាប់សរសើរ រ៉ាប៊ីម្នាក់ដែលលាក់ខ្លួនពីអ្នកកើតជំងឺឃ្លង់ និងអ្នកដែលគប់ដុំថ្មដើម្បីឲ្យពួកគេនៅឆ្ងាយ។ ផ្ទុយទៅវិញ លោកយេស៊ូមានចិត្តក្ដួលអាណិតនឹងអ្នកកើតជំងឺឃ្លង់ដែលមានស្ថានភាពពិបាក ដល់ម្ល៉េះបានជានោះជំរុញចិត្តលោកឲ្យធ្វើអ្វីដែលជនជាតិយូដាឯទៀតចាត់ទុកថាមិនគួរសោះ ពោលគឺលោកបានពាល់បុរសនោះ។ លោកបានធ្វើដូច្នេះ ទោះជាលោកអាចធ្វើឲ្យអ្នកកើតជំងឺឃ្លង់នោះជាសះស្បើយដោយគ្រាន់តែមានប្រសាសន៍ក៏ដោយ។—ម៉ាថ. ៨:៥-១២
ខ្ញុំចង់: លោកយេស៊ូមិនគ្រាន់តែដឹងអំពីសំណូមពរ តែលោកក៏បង្ហាញបំណងប្រាថ្នាយ៉ាងខ្លាំងថាចង់ធ្វើតាម។ លោកបង្ហាញថាលោកធ្វើដូច្នេះមិនគ្រាន់តែដោយសារជាភារកិច្ចទេ។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៩:១០
អង្គុយរួមតុ: ការអង្គុយរួមតុជាមួយអ្នកណាម្នាក់ បញ្ជាក់អំពីមិត្តភាពជិតស្និទ្ធជាមួយនឹងបុគ្គលនោះ។ ដូច្នេះ ធម្មតាជនជាតិយូដានៅសម័យលោកយេស៊ូមិនដែលអង្គុយរួមតុ ឬបរិភោគអាហារជាមួយនឹងអ្នកដែលមិនមែនជាជនជាតិយូដាទេ។
អ្នកយកពន្ធ: ជនជាតិយូដាជាច្រើននាក់បានប្រមូលពន្ធឲ្យរដ្ឋាភិបាលរ៉ូម។ បណ្ដាជនស្អប់ជនជាតិយូដាបែបនោះ ដោយសារពួកគេមិនគ្រាន់តែសហការជាមួយមហាអំណាចដែលជាបរទេសប៉ុណ្ណោះទេ តែក៏ទាមទារប្រាក់ពន្ធលើសពីតម្លៃពន្ធធម្មតា។ ជាទូទៅ ជនជាតិយូដាឯទៀតគេចវេះពីអ្នកយកពន្ធដែលជាជនជាតិយូដា។ អ្នកយកពន្ធទាំងនោះបានត្រូវចាត់ទុកដូចជាអ្នកប្រព្រឹត្តអំពើខុសឆ្គងនិងស្រីពេស្យា។—ម៉ាថ. ១១:១៩; ២១:៣២
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ៩:៣៦
ចិត្តអាណិតអាសូរ: កិរិយាសព្ទភាសាក្រិចនេះ(splag·khniʹzo·mai) ដែលបានត្រូវប្រើជាប់ទាក់ទងនឹងពាក្យ«ពោះវៀន» (splagʹkhna) ដើម្បីបង្ហាញអំពីអ្វីមួយដែលនៅយ៉ាងជ្រៅក្នុងរូបកាយ ពោលគឺអារម្មណ៍ជ្រាលជ្រៅ។ នេះគឺជាពាក្យដ៏ខ្លាំងមួយជាភាសាក្រិចដើម្បីបញ្ជាក់អំពីមនោសញ្ចេតនា។
ថ្ងៃទី២៩ ខែមករា–ថ្ងៃទី៤ ខែកុម្ភៈ
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១០:២៩, ៣០
ចាបពូក: ពាក្យភាសាក្រិចនេះ(strou·thiʹon) គឺដើម្បីបង្ហាញអំពីភាពតូច សំដៅលើបក្សីតូចៗគ្រប់ប្រភេទ តែច្រើនតែសំដៅទៅលើចាបពូក ជាសត្វចាបដែលមានតម្លៃថោកជាងគេសម្រាប់លក់ជាអាហារ។
ថ្លៃមួយសេន: ន័យត្រង់«អាសេរីយ៉ូន» ដែលជាប្រាក់ឈ្នួលដែលមនុស្សរកបានក្នុងរយៈពេល៤៥នាទី។ (សូមមើលជំនួយសិក្សា ១៨ខ) ក្នុងអំឡុងទស្សនកិច្ចទី៣របស់លោកយេស៊ូក្នុងស្រុកកាលីឡេ មានពេលមួយលោកយេស៊ូមានប្រសាសន៍អំពីចាបពូកពីរដែលមានតម្លៃមួយអាសេរីយ៉ូន។ មានពេលមួយទៀត តាមមើលទៅប្រហែលជាមួយឆ្នាំក្រោយកិច្ចបម្រើផ្សាយរបស់លោកយេស៊ូនៅតំបន់យូឌា លោកមានប្រសាសន៍អំពីចាបពូកប្រាំដែលអាចមានតម្លៃទ្វេជាពីរ។ (លូក. ១២:៦) ការប្រៀបធៀបកំណត់ហេតុទាំងនេះ បង្រៀនយើងថាចាបពូកគឺមានតម្លៃតិចណាស់ចំពោះអ្នករកស៊ី បានជាចាបពូកទីប្រាំមិនគិតថ្លៃទេ។
សូម្បីតែចំនួនសរសៃសក់នៅលើក្បាលអ្នករាល់គ្នា ក៏លោកជ្រាបដែរ: គេនិយាយថាចំនួនសរសៃសក់របស់មនុស្សជាមធ្យមគឺ១០០.០០០។ ការដែលព្រះយេហូវ៉ាស្គាល់ព័ត៌មានល្អិតល្អន់បែបនេះ ពង្រឹងទំនុកចិត្តថាលោកយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងអ្នកកាន់តាមគ្រិស្តម្នាក់ៗ។
nwtsty-E រូបភាពនិងវីដេអូ
ចាបពូក
ចាបពូកមានតម្លៃថោកជាងគេក្នុងចំណោមចាបដែលលក់ជាអាហារ។ ចាបពូកពីរអាចមានតម្លៃស្មើនឹងប្រាក់ឈ្នួលក្នុងរយៈពេល៤៥នាទី។ ពាក្យភាសាក្រិចនេះអាចរួមមានសត្វចាបតូចប្រភេទផ្សេងៗ ដូចជាចាបស្រុក (Passer domesticus biblicus) និងចាបអេស្ប៉ាញ (Passer hispaniolensis) ដែលនៅតែមានច្រើនប្រទេសអ៊ីស្រាអែល។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១១:២៨
បន្ទុកធ្ងន់: ពួកអ្នកដែលលោកយេស៊ូអញ្ជើញឲ្យមក គឺជាអ្នកដែលមាន«បន្ទុកធ្ងន់»ពីទុក្ខកង្វល់និងការនឿយហត់។ ការគោរពប្រណិប័តន៍របស់ពួកគេចំពោះព្រះយេហូវ៉ាបានទៅជាបន្ទុកធ្ងន់ ដោយសារទំនៀមទំលាប់របស់មនុស្សដែលបានត្រូវបន្ថែមក្នុងច្បាប់របស់ម៉ូសេ។ (ម៉ាថ. ២៣:៤) សូម្បីតែថ្ងៃឈប់សម្រាកដែលត្រូវធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ ក៏បានទៅជាបន្ទុកដែរ។—និក្ខ. ២៣:១២; ម៉ាក. ២:២៣-២៨; លូក. ៦:១-១១
ខ្ញុំនឹងធ្វើឲ្យអ្នកមានកម្លាំងចិត្តឡើងវិញ: ពាក្យភាសាក្រិច‹ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ›អាចសំដៅទៅលើការសម្រាក (ម៉ាថ. ២៦:៤៥; ម៉ាក. ៦:៣១) និងការសម្រាលទុក្ខពីការនឿយហត់ដើម្បីទទួលកម្លាំងឡើងវិញ (២កូ. ៧:១៣; ភីលេ. ៧)។ បរិបទនេះបង្ហាញថាការយក«នឹម»របស់លោកយេស៊ូ (ម៉ាថ. ១១:២៩) រួមបញ្ចូលកិច្ចបម្រើ មិនមែនសម្រាកទេ។ កិរិយាសព្ទភាសាក្រិចដែលមានលោកយេស៊ូជាប្រធាន បញ្ជាក់គំនិតថាលោកផ្ដល់កម្លាំងដល់អ្នកដែលអស់កម្លាំងដើម្បីពួកគេនឹងមានចិត្តចង់យក«នឹម»ដែលស្រួលពាក់របស់លោក។
nwtsty-E ការពន្យល់បន្ថែមនៅម៉ាថ. ១១:២៩
យកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា: លោកយេស៊ូបានប្រើពាក្យ«នឹម»ជាន័យធៀបក្នុងន័យថាការចុះចូលអំណាចនិងការណែនាំ។ បើលោកសំដៅទៅលើនឹមដែលប្រើសម្រាប់ដាក់សត្វពីរ ដែលព្រះដាក់លើលោកយេស៊ូ នោះលោកទំនងជាអញ្ជើញអ្នកកាន់តាមលោកឲ្យនៅក្រោមនឹមជាមួយលោក ហើយលោកនឹងជួយពួកគេ។ ក្នុងករណីនេះ ឃ្លានេះអាចទៅជា «ចូរនៅក្រោមនឹមរបស់ខ្ញុំជាមួយខ្ញុំ»។ តែបើនោះសំដៅនឹមដែលលោកយេស៊ូផ្ទាល់ដាក់លើអ្នកឯទៀត នោះគឺសំដៅលើការនៅក្រោមអំណាចរបស់គ្រិស្តនិងការណែនាំរបស់លោកក្នុងនាមជាអ្នកកាន់តាមលោក។