ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៣-៩ ខែធ្នូ
bt-E ទំ. ៦០ វ. ១-២
ក្រុមជំនុំ«មានសេចក្ដីសុខសាន្តមួយគ្រា»
អ្នកធ្វើដំណើរកំពុងទៅជិតដល់ក្រុងដាម៉ាស់ ជាកន្លែងដែលពួកគេនឹងធ្វើតាមគម្រោងការដ៏អាក្រក់របស់ពួកគេ។ អ្នកធ្វើដំណើរទាំងនោះនឹងចាប់ពួកអ្នកកាន់តាមលោកយេស៊ូនៅតាមផ្ទះ ចងពួកគេ ធ្វើឲ្យពួកគេអាម៉ាស់មុខ ហើយចាប់អូសពួកគេទៅក្រុងយេរូសាឡិមដើម្បីឲ្យក្រុមប្រឹក្សាជាន់ខ្ពស់ដាក់ទោសពួកគេ។
២ មុននោះ អ្នកដឹកនាំមនុស្សមួយក្រុម មានឈ្មោះថាសុល បានគាំទ្រការសម្លាប់អ្នកកាន់តាមលោកយេស៊ូ។ ថ្មីៗនេះ គាត់ពេញចិត្តកាលដែលមើលពួកជ្រុលនិយមខាងសាសនាគប់ដុំថ្មសម្លាប់ស្ទេផានដែលជាអ្នកកាន់តាមលោកយេស៊ូ។ (សកម្ម. ៧:៥៧–៨:១) ប៉ុន្តែ សុលមិនស្កប់ចិត្តនឹងការបៀតបៀនអ្នកកាន់តាមលោកយេស៊ូនៅក្រុងយេរូសាឡិមប៉ុណ្ណោះទេ គឺគាត់ចង់បៀតបៀនអ្នកកាន់តាមលោកយេស៊ូកាន់តែខ្លាំងនៅកន្លែងផ្សេងទៀតដែរ។ គាត់ចង់បំផ្លាញអស់អ្នកដែលកាន់តាម«ផ្លូវលោកម្ចាស់»។—សកម្ម. ៩:១, ២
bt-E ទំ. ៦៤ វ. ១៥
ក្រុមជំនុំ«មានសេចក្ដីសុខសាន្តមួយគ្រា»
១៥ តើអ្នកអាចស្រមៃឃើញការភ្ញាក់ផ្អើល និងកំហឹងរបស់ក្រុមមនុស្ស ពេលដែលសុលចាប់ផ្ដើមផ្សព្វផ្សាយអំពីលោកយេស៊ូក្នុងសាលាប្រជុំឬទេ? ពួកគេបានសួរថា៖ «តើមិនមែនបុរសនេះទេឬ? ដែលបានបៀតបៀនយ៉ាងឃោរឃៅដល់អស់អ្នកនៅក្រុងយេរូសាឡិមដែលហៅរកឈ្មោះនេះ»។ (សកម្ម. ៩:២១) ពេលពន្យល់អំពីមូលហេតុដែលគាត់ផ្លាស់ប្ដូរចិត្តគំនិតចំពោះលោកយេស៊ូ សុលបាន«បញ្ជាក់ភ័ស្តុតាងយ៉ាងសមហេតុសមផលថាលោកយេស៊ូគឺជាគ្រិស្ត»។ (សកម្ម. ៩:២២) ប៉ុន្តែមិនមែនមនុស្សទាំងអស់មានគំនិតសមហេតុផលទេ។ ការវែកញែកហេតុផលមិនអាចផ្លាស់ប្ដូរចិត្តគំនិតរបស់អស់អ្នកដែលទទួលឥទ្ធិពលពីទំនៀមទម្លាប់ ឬអស់អ្នកដែលមានចិត្តអំណួតឡើយ។ ប៉ុន្តែ សុលមិនបានឈប់ព្យាយាមទេ។
bt-E ទំ. ៦០-៦១ វ. ៥-៦
ក្រុមជំនុំ«មានសេចក្ដីសុខសាន្តមួយគ្រា»
៥ ពេលដែលលោកយេស៊ូបានបញ្ឈប់សុលនៅតាមផ្លូវទៅក្រុងដាម៉ាស់ លោកមិនបានសួរថា៖ «ហេតុអ្វីអ្នកបៀតបៀនអ្នកកាន់តាមរបស់ខ្ញុំ?»នោះទេ។ ដូចបានរៀបរាប់ខាងលើ លោកមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នកបៀតបៀនខ្ញុំ?» (សកម្ម. ៩:៤) ដូច្នេះ លោកយេស៊ូផ្ទាល់យល់អំពីទុក្ខលំបាកដែលអ្នកកាន់តាមលោកជួបប្រទះ។—ម៉ាថ. ២៥:៣៤-៤០, ៤៥
៦ បើអ្នកត្រូវគេគាបសង្កត់ដោយសារជំនឿរបស់អ្នកលើគ្រិស្ត សូមមានទំនុកចិត្តថាទាំងព្រះយេហូវ៉ាទាំងលោកយេស៊ូស្គាល់ស្ថានភាពរបស់អ្នក។ (ម៉ាថ. ១០:២២, ២៨-៣១) នៅបច្ចុប្បន្ន ទុក្ខលំបាករបស់អ្នកប្រហែលជាមិនបានត្រូវបំបាត់ចោលទេ។ សូមចាំថា លោកយេស៊ូឃើញសុលរួមចំណែកក្នុងការធ្វើឲ្យស្ទេផានស្លាប់ ហើយលោកក៏ឃើញសុលចាប់អូសអ្នកកាន់តាមស្មោះត្រង់ពីផ្ទះរបស់ពួកគេនៅក្រុងយេរូសាឡិម។ (សកម្ម. ៨:៣) ក៏ប៉ុន្តែ លោកយេស៊ូមិនបានធ្វើអន្តរាគមន៍នៅពេលនោះទេ។ ទោះជាដូច្នេះក៏ដោយ តាមរយៈគ្រិស្ត ព្រះយេហូវ៉ាបានផ្ដល់ឲ្យស្ទេផាននិងអ្នកកាន់តាមឯទៀតនូវកម្លាំងដែលពួកគេត្រូវការដើម្បីរក្សាភាពស្មោះត្រង់។
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ១០:៦
ស៊ីម៉ូន ជាអ្នកសម្លាប់ស្បែក: អ្នកសម្លាប់ស្បែកយកស្បែកសត្វ ហើយប្រើទឹកកំបោរដើម្បីជម្រុះរោម សាច់ ឬខ្លាញ់ចេញ។ បន្ទាប់មក គាត់ប្រើទឹកគីមីខ្លាំងដើម្បីត្រដុសស្បែកឲ្យវាអាចទៅជាស្បែកសត្វដែលប្រើការបាន។ ការធ្វើស្បែកសត្វគឺមានក្លិនស្អុយហើយត្រូវការទឹកច្រើន នេះប្រហែលជាមូលហេតុដែលស៊ីម៉ូនបានរស់នៅជិតសមុទ្រ ដែលទំនងជានៅជាយក្រុងយ៉ុបប៉ា។ យោងទៅតាមច្បាប់ម៉ូសេ បុគ្គលដែលប៉ះពាល់ខ្មោចសត្វបានត្រូវរាប់ជាមិនស្អាតបរិសុទ្ធ។ (លេវី. ៥:២; ១១:៣៩) ដូច្នេះហើយ ជនជាតិយូដាជាច្រើនមើលងាយអ្នកសម្លាប់ស្បែក ហើយមិនសូវចង់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកទេ។ តាមពិត សៀវភៅស្តីអំពីទំនៀមទម្លាប់និងច្បាប់របស់ជនជាតិយូដាបានរៀបរាប់ក្រោយមកថាការងាររបស់អ្នកសម្លាប់ស្បែកគឺអន់ជាងការងាររបស់អ្នកប្រមូលលាមកសត្វទៅទៀត។ ប៉ុន្តែ ពេត្រុសមិនបានឲ្យការរើសអើងបញ្ឈប់គាត់ពីការស្នាក់នៅជាមួយនឹងស៊ីម៉ូនទេ។ ទស្សនៈទូលំទូលាយរបស់ពេត្រុសបានជួយគាត់ឲ្យត្រៀមខ្លួនសម្រាប់ភារកិច្ចបន្ទាប់ ពោលគឺទៅជួបជនជាតិដទៃម្នាក់នៅផ្ទះរបស់គេ។ បណ្ឌិតខាងគម្ពីរខ្លះគិតថាពាក្យភាសាក្រិច«អ្នកសម្លាប់ស្បែក» (byr·seusʹ) គឺជាត្រកូលរបស់ស៊ីម៉ូន។
ថ្ងៃទី១០-១៦ ខែធ្នូ
bt-E ទំ. ៨៦ វ. ៤
«ពោរពេញទៅដោយអំណរនិងសកម្មពលបរិសុទ្ធ»
៤ ប៉ុន្តែ ហេតុអ្វីបានជាសកម្មពលបរិសុទ្ធណែនាំឲ្យទុកបាណាបាសនិងសុលដោយឡែក«ដើម្បីបំពេញកិច្ចការ»? (សកម្ម. ១៣:២) គម្ពីរមិនបានចែងទេ។ ប៉ុន្តែ យើងដឹងថាសកម្មពលបរិសុទ្ធបានដឹកនាំការជ្រើសរើសបុរសទាំងនេះ។ គ្មានការបញ្ជាក់ថាអ្នកប្រកាសទំនាយនិងគ្រូនៅក្រុងអាន់ទីយ៉ូកមិនយល់ស្របនឹងការសម្រេចចិត្តនោះឡើយ។ ផ្ទុយទៅវិញ ពួកគេបានគាំទ្រការតែងតាំងនោះយ៉ាងពេញទំហឹង។ សូមស្រមៃគិតថាបាណាបាសនិងសុលច្បាស់ជាមានអារម្មណ៍យ៉ាងណា ពេលឃើញបងប្អូនរួមជំនឿគ្មានចិត្តច្រណែន ហើយពួកគេបាន«តមអាហារ អធិដ្ឋាន ហើយដាក់ដៃលើបាណាបាសនិងសុល រួចឲ្យចេញដំណើរទៅ»។ (សកម្ម. ១៣:៣) ដូច្នេះ យើងក៏គួរគាំទ្រអ្នកដែលទទួលភារកិច្ចក្នុងកិច្ចបម្រើព្រះ រួមបញ្ចូលបុរសដែលបានត្រូវតែងតាំងជាអ្នកត្រួតពិនិត្យក្រុមជំនុំ។ ជាជាងច្រណែនអ្នកដែលទទួលឯកសិទ្ធិបែបនេះ យើងគួរ«ឲ្យតម្លៃខ្ពស់ដល់ពួកគាត់ដោយសេចក្ដីស្រឡាញ់ ដោយសារកិច្ចការរបស់ពួកគាត់»។—១ថែ. ៥:១៣
bt-E ទំ. ៩៥ វ. ៥
«[ការ]និយាយយ៉ាងក្លាហានដោយមានអំណាចពីព្រះយេហូវ៉ា»
៥ នៅដើមដំបូង ប៉ូលនិងបាណាបាសបានឈប់នៅក្រុងអ៊ីកូនាមដែលជាមជ្ឈមណ្ឌលវប្បធម៌របស់ជនជាតិក្រិច ហើយជាទីក្រុងសំខាន់មួយនៃខេត្តកាឡាទីរបស់ជនជាតិរ៉ូម។ នៅក្រុងនេះមានជនជាតិយូដាជាច្រើននាក់ដែលមានអំណាច និងអ្នកដូរសាសនាដែលមិនមែនជាជនជាតិយូដាក៏មានច្រើនដែរ។ តាមទម្លាប់របស់ពួកគេ ប៉ូលនិងបាណាបាសបានចូលក្នុងសាលាប្រជុំនិងចាប់ផ្ដើមផ្សព្វផ្សាយ។ (សកម្ម. ១៣:៥, ១៤) ពួកគេ«អធិប្បាយល្អដល់ម្ល៉េះ បានជាជនជាតិយូដានិងជនជាតិក្រិចច្រើនសន្ធឹកទៅជាអ្នកជឿ»។—សកម្ម. ១៤:១
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ១៣:៩
សុល ដែលហៅថាប៉ូល: ចាប់ពីខនេះ សុលបានត្រូវហៅថាប៉ូល។ សាវ័កប៉ូលមានដើមកំណើតជាជនជាតិហេប្រឺដែលមានសញ្ជាតិរ៉ូម។ (សកម្ម. ២២:២៧, ២៨; ភី. ៣:៥) ហេតុនេះ គឺទំនងជាតាំងពីក្មេងមក គាត់មានឈ្មោះពីរ គឺឈ្មោះហេប្រឺថាសុលនិងឈ្មោះរ៉ូមថាប៉ូល។ គឺជារឿងធម្មតាទេដែលជនជាតិយូដានៅសម័យនោះមានឈ្មោះពីរ ជាពិសេសជនជាតិយូដាដែលមិនមែនរស់នៅស្រុកអ៊ីស្រាអែល។ (សកម្ម. ១២:១២; ១៣:១) ជាឧទាហរណ៍ សាច់ញាតិខ្លះរបស់ប៉ូលក៏មានឈ្មោះរ៉ូមឬក្រិច ក្រៅពីឈ្មោះហេប្រឺរបស់ពួកគេ។ (រ៉ូម ១៦:៧, ២១) ប៉ូលជា«សាវ័កសម្រាប់ជនជាតិដទៃ» ដែលបានត្រូវតែងតាំងឲ្យប្រកាសដំណឹងល្អដល់អ្នកដែលមិនមែនជាជនជាតិយូដា។ (រ៉ូម ១១:១៣) តាមមើលទៅ គាត់បានសម្រេចចិត្តប្រើឈ្មោះរ៉ូម ប្រហែលជាដោយសារគាត់គិតថាអ្នកដែលមិនមែនជាជនជាតិយូដាស្រួលទទួលយកជាង។ (សកម្ម. ៩:១៥; កាឡ. ២:៧, ៨) អ្នកខ្លះនិយាយថាគាត់ប្រើឈ្មោះរ៉ូមដើម្បីលើកកិត្ដិយសអភិបាលស៊ើគាសប៉ូឡូសដែលបានរស់នៅកោះគីប្រុស។ ប៉ុន្តែតាមមើលទៅនេះមិនមែនជាមូលហេតុទេ ដោយសារប៉ូលបានរក្សាឈ្មោះរបស់គាត់ សូម្បីតែក្រោយពីគាត់បានចាកចេញពីកោះគីប្រុសក្ដី។ អ្នកខ្លះទៀតនិយាយថាប៉ូលមិនប្រើឈ្មោះហេប្រឺរបស់គាត់ ព្រោះរបៀបដែលជនជាតិក្រិចហៅឈ្មោះហេប្រឺនោះមានសំឡេងស្រដៀងនឹងពាក្យក្រិចដែលសំដៅលើមនុស្ស (ឬសត្វ) ដែលដើរដោយពើងទ្រូង។—សកម្ម. ៧:៥៨
ប៉ូល: ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ឈ្មោះនេះ(Pauʹlos) ពីភាសាឡាតាំង (Paulus) មានន័យថា«តិច តូច» នេះបានត្រូវប្រើ១៥៧ដងពេលសំដៅលើសាវ័កប៉ូល ហើយម្ដងពេលសំដៅលើអភិបាលខេត្តនៃកោះគីប្រុស ឈ្មោះស៊ើគាសប៉ូឡូស។—សកម្ម. ១៣:៧
ថ្ងៃទី១៧-២៣ ខែធ្នូ
bt-E ទំ. ១០២-១០៣ វ. ៨
«មានការខ្វែងគំនិត»
៨ លូកាបានបន្តថា៖ «បន្ទាប់ពីប៉ូលនិងបាណាបាសមានការខ្វែងគំនិតជាមួយនឹងពួកគាត់[«បុរសខ្លះ»] ក៏បានជជែកតវ៉ាជាច្រើនហើយ នោះគេ[ពួកអ្នកចាស់ទុំ]ចាត់ចែងឲ្យប៉ូល បាណាបាស និងអ្នកខ្លះទៀតពីចំណោមពួកគាត់ឲ្យឡើងទៅជួបពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម ដើម្បីនិយាយអំពីទំនាស់នោះ»។ (សកម្ម. ១៥:២) «ការខ្វែងគំនិត»និង«[ការ]ជជែកតវ៉ា»នោះបង្ហាញថាម្ខាងៗមានទស្សនៈខ្លាំងនិងការជឿជាក់មុតមាំរៀងៗខ្លួន។ ក្រុមជំនុំក្នុងក្រុងអាន់ទីយ៉ូកមិនអាចដោះស្រាយបញ្ហានេះបានឡើយ។ ដើម្បីមានសន្ដិភាពនិងសាមគ្គីភាព ដោយឈ្លាសវៃក្រុមជំនុំបានរៀបចំឲ្យប៉ូល បាណាបាស និងអ្នកខ្លះទៀតទៅសួរ«ពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម» ដែលជាគណៈអភិបាល។ តើយើងអាចរៀនអ្វីពីពួកបុរសចាស់ទុំនៅក្រុងអាន់ទីយ៉ូក?
bt-E ទំ. ១២៣ វ. ១៨
ការ«ពង្រឹងក្រុមជំនុំនានា»
១៨ ប៉ូលនិងធីម៉ូថេរួមការងារជាមួយគ្នាអស់ជាច្រើនឆ្នាំ។ ពួកគាត់ជាអ្នកធ្វើដំណើរត្រួតពិនិត្យ ដែលបំពេញភារកិច្ចផ្សេងៗសម្រាប់គណៈអភិបាល។ កំណត់ហេតុគម្ពីរចែងថា៖ «កាលដែលធ្វើដំណើរកាត់ក្រុងនានា ពួកគាត់ក៏ប្រាប់ពួកអ្នកដែលនៅទីនោះអំពីបង្គាប់ដែលពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិមបានសម្រេច ដើម្បីឲ្យពួកគេកាន់តាម»។ (សកម្ម. ១៦:៤) តាមមើលទៅ ក្រុមជំនុំនានាបានធ្វើតាមការណែនាំពីពួកសាវ័កនិងពួកបុរសចាស់ទុំនៅក្រុងយេរូសាឡិម។ ដោយសារការស្ដាប់បង្គាប់បែបនេះ «ជំនឿរបស់ក្រុមជំនុំនានាបានត្រូវពង្រឹង ហើយក្រុមជំនុំទាំងនោះក៏បានចម្រើនឡើងជារៀងរាល់ថ្ងៃ»។—សកម្ម. ១៦:៥
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ១៦:៣៧
យើងជាពលរដ្ឋរ៉ូម: ប៉ូលគឺជាពលរដ្ឋរ៉ូម រីឯស៊ីឡាសក៏ទំនងជាពលរដ្ឋរ៉ូមដែរ។ ច្បាប់រ៉ូមចែងថាពលរដ្ឋរ៉ូមមានសិទ្ធិទទួលការកាត់ក្ដីត្រឹមត្រូវ ហើយមិនត្រូវដាក់ទោសពួកគេនៅទីសាធារណៈទេ ប្រសិនបើពួកគេមិនបានទទួលការកាត់ទោសនៅតុលាការជាមុនសិននោះ។ ពលរដ្ឋរ៉ូមមានសិទ្ធិនិងឯកសិទ្ធិខ្លះទោះជាគាត់នៅកន្លែងណាក៏ដោយក្នុងចក្រភពរ៉ូម។ ពលរដ្ឋរ៉ូមនៅក្រោមច្បាប់រ៉ូម មិនមែននៅក្រោមច្បាប់ក្នុងតំបន់ដែលគាត់ទៅទេ។ ពេលពលរដ្ឋរ៉ូមបានត្រូវគេចោទប្រកាន់ គាត់អាចយល់ព្រមឲ្យគេកាត់ក្ដីស្របទៅតាមច្បាប់ក្នុងតំបន់នោះ ប៉ុន្តែគាត់នៅតែមានសិទ្ធិដើម្បីទទួលការកាត់ក្ដីពីតុលាការរ៉ូម។ ក្នុងករណីដែលពលរដ្ឋរ៉ូមណាប្រព្រឹត្តបទឧក្រិដ្ឋដែលអាចទទួលទោសដល់ស្លាប់ គាត់មានសិទ្ធិលើករឿងក្ដីទៅដល់អធិរាជ។ សាវ័កប៉ូលបានផ្សព្វផ្សាយនៅកន្លែងជាច្រើនទូទាំងចក្រភពរ៉ូម។ គាត់បានប្រើសិទ្ធិរបស់គាត់ជាពលរដ្ឋរ៉ូមអស់បីលើកដែលបានត្រូវរៀបរាប់ក្នុងគម្ពីរ។ មួយលើកគឺនៅក្រុងភីលីពពេលគាត់បានប្រាប់ពួកអាជ្ញាធរនៅក្រុងភីលីពថាពួកគេបានបំពានសិទ្ធិរបស់គាត់ដោយវាយគាត់។ ពីរលើកទៀតគឺនៅសកម្ម. ២២:២៥; ២៥:១១។
ថ្ងៃទី២៤-៣០ ខែធ្នូ
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ១៧:២, ៣
ជជែកវែកញែក: ប៉ូលមិនគ្រាន់តែប្រាប់ពួកគេអំពីដំណឹងល្អប៉ុណ្ណោះទេ។ គាត់បានពន្យល់និងបញ្ជាក់ភ័ស្តុតាងពីបទគម្ពីរ ពោលគឺពីបទគម្ពីរភាសាហេប្រឺដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ។ គាត់មិនគ្រាន់តែអានបទគម្ពីរ តែគាត់បានវែកញែកដោយប្រើបទគម្ពីរ ហើយសមស្របទៅតាមស្ថានភាពរបស់អ្នកស្ដាប់។ កិរិយាសព្ទភាសាក្រិចនេះ(di·a·leʹgo·mai)មានន័យថា«និយាយទៅនិយាយមក សន្ទនា ពិភាក្សា»។ ពាក្យនេះបញ្ជាក់អំពីការសន្ទនាជាមួយអ្នកឯទៀត។ ពាក្យភាសាក្រិចនេះក៏បានត្រូវប្រើនៅសកម្ម. ១៧:១៧; ១៨:៤, ១៩; ១៩:៨, ៩; ២០:៧, ៩។
បញ្ជាក់ភ័ស្តុតាងដោយផ្អែកលើអ្វីដែលបានត្រូវសរសេរ: ពាក្យភាសាក្រិចនេះមានន័យត្រង់ថា«ផ្ទឹម (ដាក់នៅក្បែរ)»។ នេះប្រហែលជាបញ្ជាក់ថាដោយយកចិត្តទុកដាក់ប៉ូលបានប្រៀបធៀបទំនាយអំពីមេស្ស៊ីក្នុងបទគម្ពីរភាសាហេប្រឺ ជាមួយនឹងព្រឹត្ដិការណ៍ក្នុងជីវិតលោកយេស៊ូ ដើម្បីបង្ហាញអំពីរបៀបដែលលោកយេស៊ូបានសម្រេចទំនាយទាំងនោះ។
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ១៧:១៧
ផ្សារ: ផ្សារនៅក្រុងអាថែនមានប្រវែងប្រហែល២០០គុណនឹង២៥០ម៉ែត្រ។ ផ្សារនោះមិនគ្រាន់តែជាកន្លែងលក់ដូរទំនិញប៉ុណ្ណោះទេ តែក៏ជាមជ្ឈមណ្ឌលនៃបណ្ដុំសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ក្នុងក្រុងដែរ។ អ្នកក្រុងអាថែនចូលចិត្តជួបជុំគ្នានៅទីនេះដើម្បីពិភាក្សាអំពីព័ត៌មានជ្រាលជ្រៅ។
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ១៧:២២, ២៣
ជូនព្រះដែលគេពុំស្គាល់: ពាក្យភាសាក្រិចនេះ (A·gnoʹstoi the·oiʹ) គឺជាអក្សរចារឹកនៅលើទីបូជាមួយក្នុងក្រុងអាថែន។ អ្នកក្រុងអាថែនបានបង្ហាញថាពួកគេកោតខ្លាចចំពោះព្រះផ្សេងៗ ដោយសង់វិហារនិងទីបូជាជាច្រើន ព្រមទាំងធ្វើទីបូជាសម្រាប់កេរ្ដិ៍ឈ្មោះ ចិត្តសុភាព ថាមពល ការធ្វើឲ្យជឿ និងភាពអាណិត ហាក់ដូចជាអ្វីទាំងនោះជាព្រះ។ ប្រហែលជាពួកគេខ្លាចថាពួកគេអាចភ្លេចព្រះមួយ ហើយថាព្រះនោះនឹងខឹង ដូច្នេះពួកគេបានជូនទីបូជាមួយដល់«ព្រះដែលគេពុំស្គាល់»។ តាមរយៈទីបូជាបែបនេះ មនុស្សទទួលស្គាល់ថាមានព្រះមួយដែលពួកគេពុំស្គាល់។ ដោយប៉ិនប្រសប់ ប៉ូលបានប្រើទីបូជានេះជាមូលដ្ឋានសម្រាប់ការផ្សព្វផ្សាយរបស់គាត់ដើម្បីណែនាំអ្នកស្ដាប់ឲ្យស្គាល់ព្រះពិតដែលពួកគេមិនទាន់ស្គាល់។
nwtsty-E ការពន្យល់បន្ថែមនៅសកម្ម. ១៨:២១
ប្រសិនបើព្រះយេហូវ៉ាពេញចិត្ត: ឃ្លានេះបញ្ជាក់ថាយើងត្រូវគិតអំពីបំណងប្រាថ្នារបស់ព្រះ ពេលធ្វើអ្វីមួយឬរៀបគម្រោងណាមួយ។ សាវ័កប៉ូលចាំគោលការណ៍នេះទុកក្នុងចិត្ត។ (១កូ. ៤:១៩; ១៦:៧; ហេ. ៦:៣) យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូក៏បានលើកទឹកចិត្តអ្នកអានឲ្យនិយាយថា៖ «ប្រសិនបើជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ា យើងនឹងរស់ ហើយធ្វើការនេះឬការនោះ»។ (យ៉ា. ៤:១៥) ឃ្លាបែបនេះមិនគួរជាឃ្លាដែលយើងចេះតែនិយាយទេ។ អ្នកណាដែលនិយាយដោយស្មោះថា«ប្រសិនបើជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ា» ត្រូវតែព្យាយាមប្រព្រឹត្តឲ្យសមស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ ឃ្លានេះមិនតែងតែត្រូវនិយាយនោះទេ ប៉ុន្តែគឺច្រើនតែនៅក្នុងចិត្តវិញ។—សកម្ម. ២១:១៤; ១កូ. ៤:១៩; យ៉ា. ៤:១៥ និងសៀវភៅជំនួយសិក្សាផ្នែកទី២
ថ្ងៃទី៣១ ខែធ្នូ–ថ្ងៃទី៦ ខែមករា
bt-E ទំ. ១៧២ វ. ២០
«ខ្ញុំគ្មានទោសចំពោះឈាមរបស់មនុស្សណាម្នាក់ទេ»
២០ របៀបរស់នៅរបស់ប៉ូលខុសគ្នាឆ្ងាយពីរបៀបរស់នៅរបស់ពួកអ្នកដែលព្យាយាមទាញប្រយោជន៍ពីហ្វូងចៀមរបស់ព្រះនៅពេលក្រោយមក។ គាត់ធ្វើការចិញ្ចឹមជីវិតខ្លួនដើម្បីគាត់មិនធ្វើជាបន្ទុកដល់ក្រុមជំនុំឡើយ។ គាត់ខំព្យាយាមដើម្បីប្រយោជន៍របស់បងប្អូនរួមជំនឿមិនមែនដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ។ ប៉ូលបានដាស់តឿនអ្នកចាស់ទុំនៅក្រុងអេភេសូរឲ្យបង្ហាញចិត្តគំនិតលះបង់ប្រយោជន៍ខ្លួន។ គាត់បានប្រាប់ពួកគេថា៖ «អ្នករាល់គ្នាត្រូវជួយអ្នកដែលខ្សោយ . . . ហើយអ្នករាល់គ្នាត្រូវចាំប្រសាសន៍របស់លោកម្ចាស់យេស៊ូដែលថា៖ ‹ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល›»។—សកម្ម. ២០:៣៥
bt-E ទំ. ១៦១ វ. ១១
«បន្តដុះដាលចម្រើនឡើង ហើយមានអំណាចខ្លាំងក្លា»ទោះជាមានការប្រឆាំង
១១ ប៉ូលប្រហែលជាថ្លែងសុន្ទរកថាជារៀងរាល់ថ្ងៃក្នុងសាលនៅសាលានោះ ប្រហែលជាចាប់ពីម៉ោង១១ព្រឹករហូតដល់ប្រហែលជាម៉ោង៤រសៀល។ (សកម្ម. ១៩:៩) នោះជាពេលដែលស្ងាត់បំផុត តែក៏ជាពេលដ៏ក្ដៅបំផុតផងដែរ ហើយជាពេលដែលមនុស្សជាច្រើនឈប់ពីការងាររបស់ពួកគេដើម្បីបរិភោគនិងសម្រាក។ សូមស្រមៃគិត! បើប៉ូលធ្វើតាមកាលវិភាគដ៏រវល់របស់គាត់ពីរឆ្នាំពេញ នោះគាត់នឹងចំណាយពេល៣.០០០ម៉ោងជាងក្នុងការបង្រៀន។ នេះជាមូលហេតុមួយទៀតដែលបណ្ដាំរបស់ព្រះបន្តដុះដាលចម្រើនឡើង ហើយមានអំណាចខ្លាំងក្លា។ ប៉ូលជាមនុស្សខ្នះខ្នែងនិងចេះប្រែប្រួលតាមកាលៈទេសៈ។ គាត់ចេះកែប្រែកាលវិភាគរបស់គាត់ដើម្បីអាចផ្សព្វផ្សាយដល់មនុស្សក្នុងសហគមន៍នោះ។ តើទទួលលទ្ធផលយ៉ាងណា? «អស់អ្នកដែលរស់នៅតំបន់អាស៊ីឮបណ្ដាំរបស់លោកម្ចាស់ ទាំងពួកយូដាទាំងពួកក្រិច»។ (សកម្ម. ១៩:១០) គាត់ពិតជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់មែន!
bt-E ទំ. ១៦២-១៦៣ វ. ១៥
«បន្តដុះដាលចម្រើនឡើង ហើយមានអំណាចខ្លាំងក្លា»ទោះជាមានការប្រឆាំង
១៥ កូនប្រុសៗរបស់ស៊ីវ៉ាបានត្រូវអាម៉ាស់មុខ នោះបានធ្វើឲ្យមនុស្សជាច្រើនកោតខ្លាចព្រះ ដែលនេះមានឥទ្ធិពលទៅលើពួកគេជាច្រើនឲ្យក្លាយទៅជាអ្នកជឿនិងឈប់ធ្វើអ្វីដែលទាក់ទងនឹងពួកវិញ្ញាណអាក្រក់។ វប្បធម៌របស់អ្នកក្រុងអេភេសូរពោរពេញទៅដោយវេទមន្ត។ គាថា យ័ន្តនិងរបស់ផ្សេងៗដែលពាក់ដើម្បីការពារខ្លួនពីពួកវិញ្ញាណអាក្រក់ គឺមានច្រើននៅក្រុងនោះ។ មនុស្សជាច្រើនក្នុងក្រុងអេភេសូរបានយកសៀវភៅវេទមន្តរបស់ពួកគេមកដុតចោលនៅមុខមនុស្សទាំងអស់ ទោះជាសៀវភៅទាំងនោះមានតម្លៃស្មើនឹងរាប់ម៉ឺនដុល្លារនៅសព្វថ្ងៃនេះក្ដី។ លូកាប្រាប់ថា៖ «ដូច្នេះ បណ្ដាំរបស់ព្រះយេហូវ៉ាបន្តដុះដាលចម្រើនឡើង ហើយមានអំណាចខ្លាំងក្លា»។ (សកម្ម. ១៩:១៧-២០) នេះបង្ហាញថាសេចក្ដីពិតបានយកឈ្នះយ៉ាងអស្ចារ្យលើសេចក្ដីបង្រៀនមិនពិតនិងពួកវិញ្ញាណអាក្រក់មែន! មនុស្សស្មោះត្រង់ទាំងនេះទុកគំរូល្អសម្រាប់យើងសព្វថ្ងៃនេះ។ យើងក៏រស់នៅក្នុងពិភពលោកដែលពេញទៅដោយអ្វីដែលទាក់ទងនឹងពួកវិញ្ញាណអាក្រក់ដែរ។ បើយើងឃើញថាយើងមានអ្វីមួយទាក់ទងនឹងពួកវិញ្ញាណអាក្រក់ នោះយើងគួរតែធ្វើតាមអ្នកក្រុងអេភេសូរ គឺបំបាត់ចោលភ្លាមៗ! សូមយើងជៀសវាងជាដាច់ខាតពីការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមបែបនេះ ទោះជាត្រូវលះបង់អ្វីដែលមានតម្លៃក្ដី។