ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៦-១២ ខែកក្កដា
it-2-E ទំ. ៤៣៦ វ. ៣
ម៉ូសេ
បុរសនៃអ៊ីស្រាអែលក៏បានផ្លាស់ប្ដូរដែរ។ ពួកគេបានទទួលស្គាល់ថាព្រះចាត់ម៉ូសេឲ្យមកពួកគេ តែក្រោយផារ៉ូបានបង្គាប់ឲ្យពួកគេធ្វើការខ្លាំងជាង នោះពួកគេបានត្អូញត្អែរនឹងម៉ូសេ រហូតដល់ម៉ូសេធ្លាក់ទឹកចិត្ត ហើយបានអង្វរសុំជំនួយពីព្រះយេហូវ៉ា។ (និក្ខ. ៤:២៩-៣១; ៥:១៩-២៣) នៅពេលនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានពង្រឹងកម្លាំងចិត្តគាត់ដោយប្រាប់គាត់នូវអ្វីដែលអាប្រាហាំ អ៊ីសាក យ៉ាកុបបានទន្ទឹងរងចាំ ពោលគឺការបើកបង្ហាញអត្ថន័យនៃនាមរបស់ព្រះយេហូវ៉ា ដើម្បីសង្គ្រោះអ៊ីស្រាអែល និងធ្វើឲ្យអ៊ីស្រាអែលក្លាយទៅជាប្រជាជាតិដ៏ខ្លាំងក្លាក្នុងស្រុកសន្យា។—និក្ខ. ៦:១-៨
it-2-E ទំ. ៤៣៦ វ. ១-២
ម៉ូសេ
នៅមុខផារ៉ូនៃស្រុកអេស៊ីប។ ម៉ូសេនិងអេរ៉ុនគឺជាតួឯកសំខាន់ក្នុងការប្រយុទ្ធរវាងព្រះយេហូវ៉ានិងព្រះនានារបស់ស្រុកអេស៊ីប។ នៅមុខពួកគ្រូដែលចេះវេទមន្ត ដែលមេរបស់ពួកគេគឺយ៉ានីសនិងយ៉ាមប្រេស (២ធី. ៣:៨) នោះផារ៉ូបានហៅរកអំណាចរបស់ព្រះនៃស្រុកអេស៊ីបប្រឆាំងនឹងអំណាចរបស់ព្រះយេហូវ៉ា។ អព្ភូតហេតុទីមួយដែលម៉ូសេបានណែនាំឲ្យអេរ៉ុនធ្វើនៅមុខផារ៉ូ បង្ហាញថាព្រះយេហូវ៉ាមានអំណាចលើព្រះនានារបស់ស្រុកអេស៊ីប ទោះជានេះបានធ្វើឲ្យផារ៉ូកាន់តែមានចិត្តរឹងទទឹងក៏ដោយ។ (និក្ខ. ៧:៨-១៣) ក្រោយមក ពេលមានសេចក្ដីទុក្ខវេទនាទីបី សូម្បីតែពួកគ្រូក៏ត្រូវសារភាពថា៖ «នេះគឺជាអង្គុលីព្រះហស្តរបស់ព្រះ!»។ ម្យ៉ាងទៀត ពួកគេកើតបូសច្រើនដល់ម្ល៉េះបានជាពួកគេមិនអាចឈរមុខផារ៉ូ ដើម្បីប្រឆាំងម៉ូសេក្នុងអំឡុងសេចក្ដីវេទនានោះ។—និក្ខ. ៨:១៦-១៩; ៩:១០-១២
សេចក្ដីវេទនាបានធ្វើឲ្យមនុស្សខ្លះស្រឡាញ់ព្រះយេហូវ៉ា ហើយខ្លះប្រឆាំងលោកកាន់តែខ្លាំង។ ម៉ូសេនិងអេរ៉ុនបានប្រកាសប្រាប់អំពីសេចក្ដីវេទនាទាំងដប់ប្រការ។ សេចក្ដីវេទនានោះបានកើតឡើងដូចដែលបានប្រកាស ហើយនេះបង្ហាញភ័ស្តុតាងថាម៉ូសេជាតំណាងរបស់ព្រះយេហូវ៉ា។ នាមរបស់ព្រះយេហូវ៉ាបានត្រូវប្រកាសនិងបានត្រូវនិយាយជាច្រើននៅស្រុកអេស៊ីប ដែលនេះនាំឲ្យមនុស្សស្រឡាញ់នាមលោក និងខ្លះប្រឆាំងនឹងនាមរបស់លោកផងដែរ ពោលគឺធ្វើឲ្យបណ្ដាជនអ៊ីស្រាអែលនិងជនជាតិអេស៊ីបខ្លះស្រឡាញ់លោក តែធ្វើឲ្យផារ៉ូ អ្នកជូនយោបល់របស់គាត់ និងអ្នកគាំទ្រគាត់កាន់តែមានចិត្តរឹងទទឹង។ (និក្ខ. ៩:១៦; ១១:១០; ១២:២៩-៣៩) ជាជាងជឿថាពួកគេបានធ្វើឲ្យព្រះរបស់ពួកគេទើសចិត្ត ជនជាតិអេស៊ីបដឹងថាគឺព្រះយេហូវ៉ាទេដែលវិនិច្ឆ័យព្រះរបស់ពួកគេ។ ពេលមានសេចក្ដីវេទនាទីប្រាំបួន ម៉ូសេក៏បានក្លាយទៅជា‹អ្នកធំនៅភ្នែកនៃពួកមហាតលិកផារ៉ូ ហើយនឹងបណ្ដាជនទាំងឡាយនៅស្រុកអេស៊ីព្ទផង›។—និក្ខ. ១១:៣
it-1-E ទំ. ៧៨ វ. ៣-៤
ព្រះដ៏មានគ្រប់ព្រះចេស្ដាឬព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត
ព្រះយេហូវ៉ាបានប្រើងារ«ព្រះដ៏មានគ្រប់ព្រះចេស្ដា»ឬព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ពេលលោកសន្យាទៅអាប្រាហាំអំពីកំណើតរបស់អ៊ីសាក ដែលជាសេចក្ដីសន្យាមួយដែលតម្រូវឲ្យអាប្រាហាំមានជំនឿរឹងមាំទៅលើអំណាចរបស់ព្រះដើម្បីសម្រេចសេចក្ដីសន្យានោះ។ ក្រោយមកងារនេះបានត្រូវប្រើពេលរៀបរាប់អំពីព្រះជាអ្នកដែលនឹងផ្ដល់ពរឲ្យអ៊ីសាកនិងយ៉ាកុប ជាអ្នកដែលទទួលមរតកពីកិច្ចព្រមព្រៀងអាប្រាហាំ។—លោ. ១៧:១; ២៨:៣; ៣៥:១១; ៤៨:៣
ស្របតាមចំណុចនេះ ព្រះយេហូវ៉ាអាចមានប្រសាសន៍ទៅម៉ូសេថា៖ «អញបានលេចមកឯអ័ប្រាហាំ អ៊ីសាក ហើយនឹងយ៉ាកុបសំដែងចេញជាព្រះដ៏មានគ្រប់ព្រះចេស្ដា ប៉ុន្តែគេមិនបានស្គាល់អញដោយនាមជា‹យេហូវ៉ា›របស់អញនោះទេ»។ (និក្ខ. ៦:៣) នេះមិនមានន័យថាពួកគេមិនដែលឮនាមព្រះយេហូវ៉ាទេ ព្រោះពួកគេបានប្រើនាមនោះជាច្រើនដង ហើយអ្នកឯទៀតមុនពួកគេក៏បានប្រើនាមនោះដែរ។ (លោ. ៤:១, ២៦; ១៤:២២; ២៧:២៧; ២៨:១៦) តាមពិត ក្នុងសៀវភៅលោកុប្បត្តិដែលរៀបរាប់អំពីជីវិតរបស់បុព្វបុរសជនជាតិអ៊ីស្រាអែល ពាក្យ«ព្រះដ៏មានគ្រប់ព្រះចេស្ដា»មានតែ៦ដងប៉ុណ្ណោះ រីឯនាមផ្ទាល់របស់ព្រះយេហូវ៉ាបានត្រូវសរសេរ១៧២ដងជាភាសាហេប្រឺ។ ពិតមែនតែបុព្វបុរសទាំងនេះបានឃើញថាព្រះមានសិទ្ធិនិងមានលក្ខណៈត្រឹមត្រូវធ្វើជា«ព្រះដ៏មានគ្រប់ព្រះចេស្ដា» ប៉ុន្តែពួកគេមិនមានឱកាសយល់យ៉ាងពេញលេញនូវអត្ថន័យនិងសារៈសំខាន់នៃនាមផ្ទាល់របស់លោក គឺយេហូវ៉ានោះទេ។
it-2-E ទំ. ៤៣៥ វ. ៥
ម៉ូសេ
ព្រះមិនបានដកឯកសិទ្ធិពីម៉ូសេពេលគាត់ខ្វះទំនុកចិត្តលើខ្លួនឡើយ។ ម៉ូសេខ្វះទំនុកចិត្តលើខ្លួនដោយថាគាត់មិនអាចនិយាយស្ទាត់ទេ។ នៅពេលនោះម៉ូសេបានកែប្រែជាច្រើន ហើយខុសពី៤០ឆ្នាំមុន ពេលគាត់លើកខ្លួនជាអ្នកដែលនឹងរំដោះអ៊ីស្រាអែល។ គាត់បន្តបដិសេធព្រះយេហូវ៉ា ហើយទីបំផុត ម៉ូសេបានសុំឲ្យព្រះយេហូវ៉ាដកភារកិច្ចនោះពីគាត់។ ទោះជានេះធ្វើឲ្យព្រះខឹងក៏ដោយ លោកមិនដកឯកសិទ្ធិពីម៉ូសេទេ តែឲ្យអេរ៉ុននិយាយជំនួសគាត់។ យ៉ាងនេះ ដោយសារម៉ូសេជាតំណាងរបស់ព្រះ គាត់បានក្លាយទៅដូចជា«ព្រះ»ចំពោះអេរ៉ុនដែលជាអ្នកនាំពាក្យរបស់គាត់។ ពេលម៉ូសេជួបជាមួយបុរសចាស់ទុំនៃអ៊ីស្រាអែលនិងផារ៉ូ តាមមើលទៅព្រះបានផ្ដល់ការណែនាំនិងការបង្គាប់ដល់ម៉ូសេ ដែលក្រោយមកបានប្រាប់អេរ៉ុន ដើម្បីអេរ៉ុនអាចនិយាយទៅកាន់ផារ៉ូ (នេះមិនមែនផារ៉ូដែលម៉ូសេរត់ចេញ៤០ឆ្នាំមុននោះទេ តែជាស្ដេចថ្មី)។ (និក្ខ. ២:២៣; ៤:១០-១៧) ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍អំពីអេរ៉ុនថាជា«អ្នកប្រកាស»ទំនាយរបស់ម៉ូសេ ដែលនេះមានន័យថាក្នុងនាមជាអ្នកប្រកាសទំនាយរបស់ព្រះ ម៉ូសេទទួលការណែនាំពីលោក នោះអេរ៉ុនគួរទទួលការណែនាំពីម៉ូសេដែរ។ បន្ថែមទៀត ព្រះប្រាប់ម៉ូសេថាលោកនឹងធ្វើឲ្យគាត់‹ជាព្រះដល់ផារ៉ូ› ពោលគឺលោកផ្ដល់ឲ្យគាត់មានឫទ្ធានុភាពនិងអំណាចលើផារ៉ូ ដើម្បីគាត់លែងភ័យខ្លាចស្ដេចនៃអេស៊ីបតទៅទៀត។—និក្ខ. ៧:១, ២
ថ្ងៃទី១៣-១៩ ខែកក្កដា
it-2-E ទំ. ១០៤០-១០៤១
ភាពរឹងចចេស
ក្នុងទំនាក់ទំនងជាមួយមនុស្សជាតិ ព្រះយេហូវ៉ាបង្ហាញចិត្តអត់ធ្មត់ដើម្បីឲ្យមនុស្សនិងប្រជាជាតិផ្សេងៗ បន្តរស់នៅទោះជាពួកគេសមនឹងទទួលសេចក្ដីស្លាប់ក៏ដោយ។ (លោ. ១៥:១៦; ២ពេ. ៣:៩) មនុស្សខ្លះបានកែប្រែ ហើយបានទទួលសេចក្ដីមេត្តាករុណា (យ៉ូស. ២:៨-១៤; ៦:២២, ២៣; ៩:៣-១៥) រីឯអ្នកឯទៀតបានបង្ហាញចិត្តរឹងចចេសកាន់តែខ្លាំងចំពោះព្រះយេហូវ៉ានិងរាស្ត្ររបស់លោក។ (ចោ. ២:៣០-៣៣; យ៉ូស. ១១:១៩, ២០) ដោយសារព្រះយេហូវ៉ាមិនឃាត់មនុស្សពីការមានចិត្តរឹងចចេស នោះគម្ពីរបានរៀបរាប់ថាលោក‹ធ្វើឲ្យផារ៉ូមានចិត្តរឹងទទឹង›ឬ«ធ្វើឲ្យចិត្តរបស់ពួកគេរឹង»។ នៅទីបំផុតពេលលោកវិនិច្ឆ័យពួកអ្នកដែលមានចិត្តរឹងចចេស នោះលោកបង្ហាញឫទ្ធានុភាពដ៏ខ្លាំងក្លា និងនាំឲ្យនាមរបស់លោកត្រូវប្រកាសពាសពេញផែនដី។—សូមពិនិត្យបន្ថែម និក្ខ. ៤:២១; យ៉ូន. ១២:៤០; រ៉ូម ៩:១៤-១៨
it-2-E ទំ. ១១៨១ វ. ៣-៥
អំពើទុច្ចរិត
ព្រះយេហូវ៉ាប្រើកាលៈទេសៈផ្សេងៗតាមរបៀបដែលមនុស្សទុច្ចរិតជួយបំពេញគោលបំណងរបស់លោកដោយមិនដឹងខ្លួន។ ទោះជាពួកគេប្រឆាំងព្រះក៏ដោយ តែលោកអាចឃាត់ពួកគេបានរហូតដល់លោកសង្គ្រោះពួកអ្នកបម្រើដ៏ស្មោះត្រង់របស់លោក ហើយក៏អាចបង្កឲ្យការប្រព្រឹត្តរបស់អ្នកប្រឆាំងនោះ ជួយលើកបញ្ជាក់អំពីសេចក្ដីសុចរិតរបស់លោកដែរ។ (រ៉ូម ៣:៣-៥, ២៣-២៦; ៨:៣៥-៣៩; ទំនុក. ៧៦:១០) នេះបានឃើញនៅសុភាសិត ១៦:៤ថា៖ «ព្រះយេហូវ៉ាទ្រង់បានធ្វើគ្រប់របស់ទាំងអស់ ឲ្យសមនឹងប្រយោជន៍នៃរបស់នោះឯង អើ ទោះទាំងមនុស្សអាក្រក់ក៏បានកើតមកសំរាប់ថ្ងៃនៃសេចក្ដីអាក្រក់ដែរ»។
នេះបានឃើញជាក់ស្តែងពេលព្រះយេហូវ៉ាទាក់ទងនឹងផារ៉ូ តាមរយៈម៉ូសេនិងអេរ៉ុន ដោយប្រាប់ថាលោកនឹងរំដោះបណ្ដាជនអ៊ីស្រាអែលដែលជាប់ជាខ្ញុំបម្រើ។ ព្រះមិនធ្វើឲ្យអ្នកគ្រប់គ្រងស្រុកអេស៊ីបនេះទុច្ចរិតទេ តែលោកឲ្យគាត់បន្តរស់ ហើយក៏បាននាំឲ្យមានស្ថានភាពកើតឡើងដែលបណ្ដាលឲ្យផារ៉ូបង្ហាញថាខ្លួនជាទុច្ចរិតដែលសមនឹងទទួលសេចក្ដីស្លាប់។ គោលបំណងរបស់ព្រះយេហូវ៉ាបានឃើញនៅនិក្ខមនំ ៩:១៦ថា៖ «អញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទូទៅគ្រប់លើផែនដី»។
សេចក្ដីវេទនាទាំងដប់ប្រការនៅស្រុកអេស៊ីប បានឈានទៅដល់កំពូលពេលផារ៉ូនិងកងទ័ពរបស់គាត់បានត្រូវបំផ្លាញចោលនៅសមុទ្រក្រហម ដែលពេលនោះព្រះយេហូវ៉ាបង្ហាញឫទ្ធានុភាពដ៏អស្ចារ្យរបស់លោក។ (និក្ខ. ៧:១៤–១២:៣០; ទំនុក. ៧៨:៤៣-៥១; ១៣៦:១៥) ច្រើនឆ្នាំក្រោយមក ប្រជាជាតិនានានៅតែនិយាយអំពីរឿងនោះ ហើយយ៉ាងនេះ នាមរបស់ព្រះបានត្រូវប្រកាសនៅពាសពេញផែនដី។ (យ៉ូស. ២:១០, ១១; ១សាំ. ៤:៨) បើព្រះយេហូវ៉ាបានសម្លាប់ផារ៉ូភ្លាមៗ នោះលោកនឹងមិនអាចបង្ហាញឫទ្ធានុភាពដ៏អស្ចារ្យដើម្បីលើកសិរីរុងរឿងរបស់លោក និងដើម្បីសង្គ្រោះរាស្ត្ររបស់លោកទេ។
ថ្ងៃទី២០-២៦ ខែកក្កដា
it-2-E ទំ. ៤៣៦ វ. ៤
ម៉ូសេ
ត្រូវមានចិត្តក្លាហាននិងជំនឿដើម្បីទៅជួបផារ៉ូ។ ម៉ូសេនិងអេរ៉ុនអាចបំពេញភារកិច្ចរបស់ពួកគេ ដោយសារតែកម្លាំងពីព្រះយេហូវ៉ានិងសកម្មពលបរិសុទ្ធរបស់លោកប៉ុណ្ណោះ។ សូមស្រមៃគិតអំពីដំណាក់របស់ផារ៉ូ ដែលជាស្ដេចនៃមហាអំណាចនៅពេលនោះ។ នៅទីនោះ ផារ៉ូមានភាពរុងរឿង និងក្រអឺតក្រទមដោយគិតថាខ្លួនគាត់គឺជាព្រះមួយ ហើយនៅជុំវិញគាត់មានក្រុមប្រឹក្សា មេបញ្ជាការ ពួកអង្គរក្ស និងខ្ញុំបម្រើរបស់គាត់។ ណាមួយទៀត ក៏មានពួកអ្នកនាំមុខសាសនា គឺពួកគ្រូដែលចេះវេទមន្ត ដែលជាអ្នកប្រឆាំងម៉ូសេ។ ក្រៅពីផារ៉ូ ពួកគេជាមនុស្សដែលមានអំណាចខ្លាំងជាងគេនៅទីនោះ។ ភាពអស្ចារ្យទាំងនេះបានត្រូវរៀបចំដើម្បីគាំទ្រផារ៉ូនិងព្រះនានារបស់ស្រុកអេស៊ីប។ ម៉ូសេនិងអេរ៉ុនមកនៅមុខផារ៉ូមិនមែនតែម្ដងទេ តែជាច្រើនដង ហើយរាល់ដងចិត្តរបស់ផារ៉ូកាន់តែរឹងចចេសព្រោះគាត់តាំងចិត្តមិនចង់ឲ្យជនជាតិហេប្រឺដែលជាខ្ញុំបម្រើដ៏មានតម្លៃ រួចពីកណ្ដាប់ដៃរបស់គាត់ឡើយ។ តាមពិត បន្ទាប់ពីបានប្រកាសសេចក្ដីវេទនាទីប្រាំបី ម៉ូសេនិងអេរ៉ុនបានត្រូវបណ្ដេញចេញពីផារ៉ូ ហើយក្រោយសេចក្ដីវេទនាទីប្រាំបួន គេបានបង្គាប់ពួកគេមិនឲ្យព្យាយាមមកជួបផារ៉ូម្ដងទៀតក្រែងលោកស្លាប់។—និក្ខ. ១០:១១, ២៨
it-1-E ទំ. ៧៨៣ វ. ៥
និក្ខមនំឬដំណើរចាកចេញ
ដោយបង្ហាញឫទ្ធានុភាពដ៏អស្ចារ្យ ព្រះយេហូវ៉ាបានលើកតម្កើងនាមលោក ហើយសង្គ្រោះបណ្ដាជនអ៊ីស្រាអែល។ ពេលមានសុវត្ថិភាព ម៉ូសេនាំពួកបុរសច្រៀងចម្រៀង កាលដែលម៉ារាមជាបងស្រីគាត់យកក្រាប់មកនៅដៃ ហើយស្ត្រីទាំងអស់ក៏ទៅតាមទាំងបន្ទរក្រាប់ ហើយរាំផង។ (និក្ខ. ១៥:១, ២០, ២១) បណ្ដាជនអ៊ីស្រាអែលបានត្រូវផ្ដាច់ពីសត្រូវរបស់ពួកគេ។ ពេលពួកគេចេញពីស្រុកអេស៊ីប មិនត្រូវមានអ្វីអាក្រក់កើតឡើងដល់ពួកគេដោយសារមនុស្សឬសត្វឡើយ សូម្បីតែឆ្កែក៏មិនកំរើកអណ្ដាតឬព្រុសកំញើញពួកគេដែរ។ (និក្ខ. ១១:៧) កាលដែលកំណត់ហេតុក្នុងសៀវភៅនិក្ខមនំមិនបានប្រាប់ថាផារ៉ូផ្ទាល់បានចូលក្នុងសមុទ្រជាមួយកងទ័ពគាត់និងស្លាប់ក៏ដោយ តែទំនុកតម្កើង ១៣៦:១៥បានចែងថាព្រះយេហូវ៉ា‹បានរលាស់ទំលាក់ផារ៉ូ ព្រមទាំងពលទ័ពទៅក្នុងសមុទ្រក្រហម›។
ថ្ងៃទី២៧ ខែកក្កដា–ថ្ងៃទី២ ខែសីហា
it-2-E ទំ. ៥៨៣ វ. ៦
បុណ្យរំលង
ផ្នែកខ្លះនៃពិធីបុណ្យរំលងបានត្រូវសម្រេចដោយលោកយេស៊ូ។ ការសម្រេចមួយទាក់ទងនឹងឈាមដែលត្រូវប្រោះលើក្របទ្វារផ្ទះក្នុងស្រុកអេស៊ីប ដែលនេះបានសង្គ្រោះកូនច្បងពីសេចក្ដីស្លាប់ដោយសារទេវតា។ ប៉ូលរៀបរាប់ថាគ្រិស្តសាសនិកដែលបានត្រូវរើសតាំងជាក្រុមជំនុំរបស់បុត្រច្បង (ហេ. ១២:២៣) ហើយគ្រិស្តជាអ្នកសង្គ្រោះតាមរយៈឈាមរបស់លោក។ (១ថែ. ១:១០; អេភ. ១:៧) កូនចៀមក្នុងបុណ្យរំលងមិនត្រូវបំបាក់ឆ្អឹងឡើយ។ ទំនាយក្នុងគម្ពីរបានទាយថាគ្មានឆ្អឹងណាមួយរបស់លោកយេស៊ូនឹងត្រូវបំបាក់ទេ ហើយនេះបានសម្រេចពេលលោកស្លាប់។ (ទំនុក. ៣៤:២០; យ៉ូន. ១៩:៣៦) យ៉ាងនេះ បុណ្យរំលងដែលជនជាតិយូដាបានធ្វើជាច្រើនសតវត្សរ៍នោះគឺជាអ្វីមួយក្នុងចំណោមអ្វីជាច្រើនដែលច្បាប់ជាស្រមោលនៃអ្វីដែលនឹងមកដល់ ដែលចង្អុលបង្ហាញលោកយេស៊ូគ្រិស្តជា«កូនចៀមរបស់ព្រះ»។—ហេ. ១០:១; យ៉ូន. ១:២៩
it-2-E ទំ. ៥៨២ វ. ២
បុណ្យរំលង
សេចក្ដីវេទនាទាំងដប់ប្រការនៅស្រុកអេស៊ីបគឺជាសេចក្ដីវិនិច្ឆ័យចំពោះព្រះនានារបស់ស្រុកអេស៊ីប ជាពិសេសសេចក្ដីវេទនាទីដប់ដែលបានសម្លាប់កូនច្បង។ (និក្ខ. ១២:១២) ស្ដីអំពីចៀមឈ្មោល នេះគឺជាសត្វពិសិដ្ឋចំពោះព្រះរ៉ា ហេតុនេះជនជាតិអេស៊ីបចាត់ទុកថា ការប្រោះឈាមនៃកូនចៀមនៅលើក្របទ្វារ គឺជាការប្រមាថមើលងាយព្រះនោះ។ ម្យ៉ាងទៀត គោឈ្មោលក៏ជាពិសិដ្ឋដែរ ហើយការសម្លាប់កូនច្បងនៃគោឈ្មោលពិតជាវេទនាមែនសម្រាប់ព្រះអូសៃរីស។ គេក៏បានគោរពផារ៉ូថាជាបុត្រនៃព្រះរ៉ា។ ដូច្នេះ ការសម្លាប់កូនច្បងរបស់ផារ៉ូ នឹងបង្ហាញថាទាំងព្រះរ៉ាទាំងផារ៉ូគ្មានអំណាចទាល់តែសោះ។
it-1-E ទំ. ៥០៤ វ. ១
ប្រជុំជំនុំឬការជួបជុំ
ផ្នែកពិសេសដែលមានក្នុង«ប្រជុំជំនុំបរិសុទ្ធ»ទាំងអស់ គឺមនុស្សមិនត្រូវធ្វើការក្នុងអំឡុងពេលនោះឡើយ។ ជាឧទាហរណ៍ ថ្ងៃទីមួយនិងថ្ងៃទីប្រាំពីរនៃបុណ្យនំឥតដំបែគឺជា«ប្រជុំជំនុំបរិសុទ្ធ» ដែលព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «នៅថ្ងៃទាំងនោះ មិនត្រូវឲ្យធ្វើការអ្វីសោះឡើយធ្វើបានតែម្ហូបដែលត្រូវបរិភោគប៉ុណ្ណោះ»។ (និក្ខ. ១២:១៥, ១៦) ប៉ុន្តែ ក្នុងអំឡុង«ប្រជុំជំនុំបរិសុទ្ធ» ពួកសង្ឃរវល់ផ្ដល់ដង្វាយជូនចំពោះព្រះយេហូវ៉ា (លេវី. ២៣:៣៧, ៣៨) ហើយកិច្ចការនេះជាកិច្ចការធម្មតារបស់ពួកគេដែលធ្វើជាប្រចាំថ្ងៃ ដូច្នេះនេះពិតជាមិនបានបំពានបង្គាប់ដែលថាមិនឲ្យធ្វើការអ្វីឡើយ។ ប៉ុន្តែ ពេលនោះគឺមិនមែនជាពេលដែលមនុស្សអង្គុយឥតធ្វើអ្វីសោះឡើយ តែជាពេលដែលពួកគេទទួលប្រយោជន៍ខាងការគោរពប្រណិប័តន៍។ នៅថ្ងៃឈប់សម្រាកប្រចាំសប្ដាហ៍ មនុស្សជួបគ្នាដើម្បីគោរពប្រណិប័តន៍និងទទួលការបង្ហាត់បង្រៀនអំពីព្រះ។ ពួកគេបានត្រូវពង្រឹងកម្លាំងចិត្តដោយមានការអាននិងការពន្យល់អំពីបណ្ដាំរបស់ព្រះ ដូចដែលមានក្រោយមកនៅសាលាប្រជុំ។ (សកម្ម. ១៥:២១) ដូច្នេះ ពិតមែនតែមនុស្សមិនបានធ្វើការក្នុងអំឡុងថ្ងៃឈប់សម្រាកឬ«ប្រជុំជំនុំបរិសុទ្ធ»ឯទៀតឡើយ ប៉ុន្តែពួកគេបានប្រមូលអារម្មណ៍ទៅលើការអធិដ្ឋាននិងការរំពឹងគិតអំពីអ្នកបង្កើតនិងគោលបំណងរបស់លោក។