ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៣-៩ ខែឧសភា
it-2-E ទំ. ៥២៨ វ. ៥
គ្រឿងបូជា
ស្រាជាគ្រឿងបូជា។ ស្រាជាគ្រឿងបូជាឬដង្វាយច្រួច បានត្រូវជូនជាមួយដង្វាយឬគ្រឿងបូជាឯទៀត ជាពិសេសក្រោយជនជាតិអ៊ីស្រាអែលបានចូលនៅក្នុងស្រុកសន្យា។ (ជន. ១៥:២, ៥, ៨-១០) គ្រឿងបូជានេះជាស្រាដែលធ្វើពីទំពាំងបាយជូរ ហើយបានត្រូវច្រួចលើទីបូជា។ (ជន. ២៨:៧, ១៤; សូមពិនិត្យបន្ថែម និក្ខ. ៣០:៩; ជន. ១៥:១០) សាវ័កប៉ូលបានសរសរទៅកាន់គ្រិស្តសាសនិកនៅក្រុងភីលីពថា៖ «ទោះជាខ្ញុំប្រគល់ខ្លួនខ្ញុំដូចគ្រឿងបូជាជាស្រាដែលត្រូវច្រួចទៅលើគ្រឿងបូជានិងកិច្ចបម្រើសាធារណៈដែលជំនឿបាននាំឲ្យអ្នករាល់គ្នាបំពេញក៏ដោយ ខ្ញុំនៅតែសប្បាយចិត្ត»។ នៅទីនេះ គាត់ប្រើការប្រគល់ខ្លួនដូចគ្រឿងបូជាជាស្រាដើម្បីបញ្ជាក់ថា គាត់សុខចិត្តលត់ដំខ្លួនដើម្បីប្រយោជន៍បងប្អូនរួមជំនឿ។ (ភី. ២:១៧) មិនយូរមុនប៉ូលស្លាប់ គាត់បានសរសេរទៅធីម៉ូថេថា៖ «ខ្ញុំកំពុងត្រូវច្រួចចេញដូចស្រាជាគ្រឿងបូជា ហើយពេលកំណត់ដែលខ្ញុំត្រូវរំដោះ គឺជិតដល់ហើយ»។—២ធី. ៤:៦
ថ្ងៃទី១០-១៦ ខែឧសភា
it-2-E ទំ. ១១៦២
ពាក្យសម្បថ
ធ្វើដោយស្ម័គ្រចិត្ត ប៉ុន្តែត្រូវតែធ្វើតាមក្រោយពីបានស្បថហើយ។ បុគ្គលម្នាក់អាចធ្វើពាក្យសម្បថដោយស្ម័គ្រចិត្ត។ ប៉ុន្តែ ពេលបុគ្គលនោះបានស្បថហើយ ច្បាប់ព្រះថាគាត់ត្រូវតែធ្វើតាមគ្រប់ជំពូក។ ហេតុនេះ ពាក្យសម្បថបានត្រូវរៀបរាប់ថាបាន«ភ្ជាប់ខ្លួន» ដែលបង្ហើបថាជីវិតរបស់អ្នកស្បថជាការធានាថាគាត់នឹងធ្វើអ្វីដែលគាត់ស្បថនោះ។ (ជន. ៣០:២; រ៉ូម ១:៣១, ៣២) ដោយសារនេះទាក់ទងនឹងជីវិត នោះគឺសមហេតុផលដែលគម្ពីរដាស់តឿនយើងឲ្យប្រុងប្រយ័ត្នមុនយើងធ្វើពាក្យសម្បថណាមួយ ហើយគិតយ៉ាងជ្រាលជ្រៅអំពីកាតព្វកិច្ចដែលជាប់ជាមួយនឹងពាក្យសម្បថនោះ។ ច្បាប់ព្រះថា៖ «កាលណាឯងបន់ដល់ព្រះយេហូវ៉ា . . . ទ្រង់នឹងទារពីឯងវិញជាមិនខាន យ៉ាងនោះនឹងបានរាប់ជាបាបដល់ឯង។ តែបើឯងមិនដែលបន់បំណន់ទេ នោះគ្មានបាបឡើយ»។—ចោ. ២៣:២១, ២២
it-2-E ទំ. ១១៦២
ពាក្យសម្បថ
ពាក្យសម្បថជាសេចក្ដីសន្យាទៅព្រះថាយើងនឹងធ្វើអ្វីមួយ ជូនគ្រឿងបូជាឬអំណោយ ធ្វើកិច្ចបម្រើពិសេសណាមួយ ឬជៀសវាងពីអ្វីណាខ្លះដែលមិនខុសពីច្បាប់ព្រះ។ បុគ្គលម្នាក់ៗអាចធ្វើពាក្យសម្បថដោយស្ម័គ្រចិត្ត។ ដោយសារពាក្យសម្បថគឺជាសេចក្ដីសន្យាមួយ ពាក្យនេះមានសារៈសំខាន់ដូចពាក្យសច្ចាឬបន់ ហើយជួនកាលពាក្យទាំងពីរនេះអាចប្រើជាមួយគ្នាក្នុងគម្ពីរ។ (ជន. ៣០:២; ម៉ាថ. ៥:៣៣)
it-2-E ទំ. ២៨ វ. ១
យែបថា
ឪពុកម្ដាយមានសិទ្ធប្រគល់កូនៗទៅព្រះយេហូវ៉ាសម្រាប់កិច្ចបម្រើពិសេសនៅឯត្រសាលរបស់ព្រះ។ សាំយូអែលជាបុគ្គលម្នាក់ដែលបានត្រូវប្រគល់ទៅបម្រើព្រះយេហូវ៉ានៅត្រសាលរបស់លោក។ ហាណាដែលជាម្ដាយរបស់សាំយូអែលបានស្បថទៅព្រះ មុនគាត់កើតមក។ អែលកាណាបានយល់ស្របនឹងពាក្យសម្បថនេះ។ កាលដែលសាំយូអែលលែងបៅដោះ ហាណាបានយកគាត់ទៅត្រសាលដើម្បីប្រគល់ទៅព្រះយេហូវ៉ា ហើយក៏បានយកសត្វជាគ្រឿងបូជាផងដែរ។ (១សាំ. ១:១១, ២២-២៨; ២:១១) សាំសុនជាកូនក្មេងម្នាក់ទៀតដែលបានត្រូវប្រគល់ទៅព្រះយេហូវ៉ាដើម្បីធ្វើជាន៉ាសារីត—ចៅ. ១៣:២-៥, ១១-១៤
ថ្ងៃទី១៧-២៣ ខែឧសភា
w១០-E ១/៨ ទំ. ២៣
តើអ្នកដឹងទេ?
តើអ្វីជា«ទីខ្ពស់»ដែលបានត្រូវរៀបរាប់ក្នុងបទគម្ពីរភាសាហេប្រឺជាច្រើនដង?
ពេលជនជាតិអ៊ីស្រាអែលហៀបនឹងចូលក្នុងស្រុកសន្យា ព្រះយេហូវ៉ាបានប្រាប់ពួកគេឲ្យបំផ្លាញចោលកន្លែងគោរពប្រណិប័តន៍ទាំងអស់របស់សាសន៍កាណានដែលរស់នៅទីនោះ។ ព្រះបង្គាប់ថា៖ «នោះត្រូវ . . . បំផ្លាញអស់ទាំងព្រះជារូបឆ្លាក់ ជារូបសិតរបស់គេបង់ ហើយរំលាងអស់ទាំងទីខ្ពស់គេផង»។ (ជនគណនា ៣៣:៥២) កន្លែងគោរពប្រណិប័តន៍ព្រះមិនពិតទាំងនោះប្រហែលជានៅលើកំពូលភ្នំ ឬនៅទីតាំងមួយដែលគេបានសង់ ដូចជាក្រោមដើមឈើឬក្នុងទីក្រុងជាដើម។ (ពង្សាវតារក្សត្រទី១ ១៤:២៣; ពង្សាវតារក្សត្រទី២ ១៧:២៩; អេសេគាល ៦:៣) នៅកន្លែងនោះ ប្រហែលជាមានអាសនៈ បង្គោលសម្រាប់ការគោរព គ្រឿងក្រអូប រូបព្រះ និងរបស់របរឯទៀតសម្រាប់គោរពប្រណិប័តន៍។
w០៨-E ១៥/២ ទំ. ២៧ វ. ៥-៦
ចូររៀនពីកំហុសរបស់បណ្ដាជនអ៊ីស្រាអែល
សព្វថ្ងៃនេះ យើងជួបការពិបាកស្រដៀងនឹងបណ្ដាជនអ៊ីស្រាអែល។ សម័យទំនើបនេះក៏មានរូបព្រះម្យ៉ាងដែរ ដូចជាលុយ តារា កីឡាករ ប្រព័ន្ធនយោបាយ អ្នកដឹកនាំសាសនា ហើយសមាជិកក្រុមគ្រួសារដែរ។ ក្នុងចំណោមអ្វីទាំងនេះ យើងអាចចាត់ទុកបុគ្គលម្នាក់ឬអ្វីមួយថាសំខាន់បំផុតក្នុងជីវិតយើង។ ការបណ្ដុះឲ្យមានភាពជិតស្និទ្ធជាមួយពួកអ្នកដែលមិនស្រឡាញ់ព្រះយេហូវ៉ាអាចបង្ខូចចំណងមិត្តភាពយើងជាមួយនឹងលោក។
អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាផ្នែកសំខាន់មួយក្នុងការគោរពប្រណិប័តន៍ព្រះបាល ហើយនេះបានទាក់ទាញចិត្តនិងប្រលោមបណ្ដាជនអ៊ីស្រាអែលជាច្រើននាក់។ រាស្ត្ររបស់ព្រះនៅតែធ្លាក់ចូលក្នុងអន្ទាក់ស្រដៀងនេះដែរ។ ជាឧទាហរណ៍ ការប្រើកុំព្យូទ័រមើលរូបអាសអាភាសនៅផ្ទះរបស់ខ្លួន ប្រហែលជាអាចនាំឲ្យអ្នកឆ្ងល់ឬអ្នកដែលមិនប្រុងប្រយ័ត្នបង្ខូចសមត្ថភាពវិនិច្ឆ័យរបស់ខ្លួន។ គួរឲ្យសោកស្ដាយណាស់ បើគ្រិស្តសាសនិកម្នាក់ជាប់អន្ទាក់ដោយមើលរូបអាសអាភាសតាមប្រព័ន្ធអ៊ីនធឺណិត!
it-1-E ទំ. ៤០៤ វ. ២
កាណាន
ដោយប្រាជ្ញា យ៉ូស្វេ«មិនបានវៀរបង់ចំពោះអ្វីៗក្នុងគ្រប់ទាំងសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេឡើយ» ស្ដីអំពីការបំផ្លាញចោលសាសន៍កាណាន។ (យ៉ូស. ១១:១៥) ប៉ុន្តែជនជាតិអ៊ីស្រាអែលមិនបានធ្វើតាមគំរូល្អរបស់យ៉ូស្វេទេ ហើយមិនបានបំផ្លាញចោលសាសន៍កាណានដែលជាប្រភពនៃអំពើស្មោកគ្រោកនៅស្រុកនោះទាំងស្រុងឡើយ។ ដោយសារសាសន៍កាណាននៅតែមានក្នុងចំណោមពួកគេ នេះបណ្ដាលឲ្យមានលទ្ធផលអាក្រក់ចំពោះជនជាតិអ៊ីស្រាអែល។ នៅទីបំផុត ចំនួនជនជាតិអ៊ីស្រាអែលដែលបានស្លាប់ (ដែលមិនរួមបញ្ចូលបទឧក្រិដ្ឋ អំពើប្រាសចាកសីលធម៌ និងការគោរពបូជារូបព្រះទេ) គឺលើសពីចំនួនសាសន៍កាណានដែលពួកគេត្រូវសម្លាប់ទៅទៀត។ (ជន. ៣៣:៥៥, ៥៦; ចៅ. ២:១-៣, ១១-២៣; ទំនុក. ១០៦:៣៤-៤៣) ព្រះយេហូវ៉ាបានព្រមានសាសន៍អ៊ីស្រាអែលថាយុត្តិធម៌និងការវិនិច្ឆ័យរបស់លោកនឹងមិនលំអៀងទេ។ លោកព្រមានថាបើសាសន៍អ៊ីស្រាអែលមានចំណងមិត្តភាពជាមួយសាសន៍កាណាន រៀបការជាមួយពួកគេ គោរពប្រណិប័តន៍ព្រះរបស់ពួកគេ និងធ្វើតាមទំនៀមទម្លាប់សាសនានិងការប្រព្រឹត្តដ៏ថោកទាបរបស់ពួកគេ នោះនៅទីបំផុតសាសន៍អ៊ីស្រាអែលនឹងទទួលសេចក្ដីហិនវិនាសដូចគ្នាដែរ ហើយពួកគេក៏នឹង«ខ្ចាត់ខ្ចាយចេញពីទឹកដី»ផងដែរ។—និក្ខ. ២៣:៣២, ៣៣; ៣៤:១២-១៧; លេវី. ១៨:២៦-៣០; ចោ. ៧:២-៥, ២៥, ២៦
it-1-E ទំ. ៣៥៩ វ. ២
ព្រំដែន
ក្រោយបានចាប់ឆ្នោតដើម្បីដឹងអំពីទីតាំងប្រហាក់ប្រហែលរបស់កុលសម្ព័ន្ធ នោះគឺចាំបាច់ឲ្យព្រះសម្រេចអំពីទំហំនៃទឹកដីរបស់កុលសម្ព័ន្ធនីមួយៗដោយផ្អែកលើកត្តាទីពីរ គឺទំហំនៃកុលសម្ព័ន្ធនោះ។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ឯងរាល់គ្នាត្រូវទទួលស្រុកនោះទុកជាមរដក ដោយចាប់ឆ្នោត តាមគ្រួឯងនីមួយៗ ពួកណាមានគ្នាច្រើន នោះត្រូវបានច្រើន ហើយពួកណាមានគ្នាតិច នោះត្រូវបានតិចវិញ បើអ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា នោះត្រូវតែបានកន្លែងនោះ»។ (ជន. ៣៣:៥៤) កុលសម្ព័ន្ធនីមួយៗទទួលទឹកដីតាមលទ្ធផលនៃការចាប់ឆ្នោត តែពួកគេត្រូវកាត់ទំហំនៃទឹកដីនោះឲ្យស្របតាមទំហំនៃកុលសម្ព័ន្ធ។ យ៉ាងនេះ ពេលឃើញថាទឹកដីនៃកុលសម្ព័ន្ធយ៉ូដាគឺធំពេក នោះគេបានកាត់យកផ្នែកខ្លះនៃទឹកដីនោះឲ្យកុលសម្ព័ន្ធស៊ីម្មាន។—យ៉ូស. ១៩:៩
ថ្ងៃទី២៤-៣០ ខែឧសភា
w៩១-E ១៥/២ ទំ. ១៣ វ. ១៣
ថ្លៃលោះសម្រាប់មនុស្សទាំងអស់
១៣ អាដាមនិងអេវ៉ាមិនទទួលប្រយោជន៍ពីថ្លៃលោះទេ។ ច្បាប់ម៉ូសេមានគោលការណ៍នេះថា៖ «មិនត្រូវឲ្យឯងរាល់គ្នាទទួលសំណូកអ្វី នឹងលោះជីវិតអ្នកណា ដែលមានទោសជាអ្នកសំឡាប់គេឡើយ»។ (ជនគណនា ៣៥:៣១) អាដាមមិនបានត្រូវបោកបញ្ឆោតទេ ដូច្នេះគាត់បានប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា។ (ធីម៉ូថេទី១ ២:១៤) ការប្រព្រឹត្តនេះបានសម្លាប់កូនចៅរបស់គាត់ ព្រោះពួកគេទទួលភាពមិនល្អឥតខ្ចោះជាមរតកពីគាត់ ហើយជាលទ្ធផលទទួលសេចក្ដីស្លាប់។ ច្បាស់ណាស់ អាដាមសមនឹងទទួលសេចក្ដីស្លាប់ដោយសារគាត់ជាមនុស្សល្អឥតខ្ចោះដែលបានសម្រេចចិត្តមិនធ្វើតាមច្បាប់របស់ព្រះដោយចេតនា។ បើព្រះយេហូវ៉ាឲ្យអាដាមទទួលប្រយោជន៍ពីថ្លៃលោះ នោះគឺផ្ទុយពីគោលការណ៍ដ៏សុចរិតរបស់លោក។ ក៏ប៉ុន្តែ ការបង់ប្រាក់ឈ្នួលសម្រាប់អំពើខុសឆ្គងរបស់អាដាម អាចជួយឲ្យកូនចៅរបស់អាដាមគេចផុតពីសេចក្ដីស្លាប់បាន! (រ៉ូម ៥:១៦) តាមរយៈថ្លៃលោះ ព្រះយេហូវ៉ាបានដោះស្រាយស្របតាមច្បាប់នូវដើមហេតុនៃបញ្ហានេះ ដោយបំបាត់ចោលឥទ្ធិពលនៃអំពើខុសឆ្គង។ អ្នកលោះបាន«ឆ្លងកាត់សេចក្ដីស្លាប់ជាប្រយោជន៍ដល់មនុស្សគ្រប់រូប» ពោលគឺទទួលឥទ្ធិពលនៃភាពខុសឆ្គងសម្រាប់កូនចៅទាំងអស់របស់អាដាម។—ហេប្រឺ ២:៩; កូរិនថូសទី២ ៥:២១; ពេត្រុសទី១ ២:២៤
ថ្ងៃទី៣១ ខែឧសភា–ថ្ងៃទី៦ ខែមិថុនា
w៩៦-E ១៥/៣ ទំ. ២៣ វ. ១
ព្រះយេហូវ៉ាស្រឡាញ់សេចក្ដីសុចរិតនិងយុត្តិធម៌
ពេលមានបងប្អូនក្នុងក្រុមជំនុំធ្វើខុសធ្ងន់ធ្ងរ ពួកអ្នកចាស់ទុំត្រូវកាត់ក្ដីឬវិនិច្ឆ័យ។ (កូរិនថូសទី១ ៥:១២, ១៣) ពេលធ្វើដូច្នេះ ពួកគេធ្វើតាមសេចក្ដីយុត្តិធម៌របស់ព្រះដោយព្យាយាមបង្ហាញសេចក្ដីមេត្តាករុណាបើអាចធ្វើបាន។ បើគ្មានមូលហេតុ ដូចជាអ្នកធ្វើខុសដែលមិនប្រែចិត្ត នោះមិនត្រូវបង្ហាញសេចក្ដីមេត្តាករុណាឡើយ។ ប៉ុន្តែ ពួកអ្នកចាស់ទុំមិនបណ្ដាច់មិត្តភាពអ្នកដែលធ្វើខុស ដោយសារពួកគេមានចិត្តចង់សងសឹកទេ។ ពួកគេសង្ឃឹមថា ការបណ្ដាច់មិត្តភាពនឹងជួយឲ្យអ្នកធ្វើខុសដឹងខ្លួន។ (សូមពិនិត្យបន្ថែម អេសេគាល ១៨:២៣) ក្រោមប្រមុខរបស់គ្រិស្ត ពួកអ្នកចាស់ទុំបម្រើដោយគាំទ្រសេចក្ដីយុត្តិធម៌ ហើយនេះក៏រួមបញ្ចូលការធ្វើដូចជា«ទីបាំងឲ្យរួចពីខ្យល់»ផងដែរ។ (អេសាយ ៣២:១, ២) ដូច្នេះ ពួកគេត្រូវប្រព្រឹត្តដោយសមហេតុផល ហើយដោយមិនលំអៀងឡើយ។—ចោទិយកថា ១:១៦, ១៧
g១៧.៥-E ទំ. ៤
ចូរត្រៀមខ្លួន មុនគ្រោះមហន្តរាយ
គ្មាននរណាម្នាក់អាចទប់ស្កាត់គ្រោះមហន្តរាយបានឡើយ។ ការរួចរស់ជីវិតគឺអាស្រ័យទៅលើការរៀបចំទុកជាមុន។ ប៉ុន្តែ តើការរៀបចំរួមបញ្ចូលអ្វីខ្លះ?
• ត្រៀមគំនិត។ សូមទទួលស្គាល់ថាគ្រោះមហន្តរាយអាចកើតឡើង ហើយអ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកអាចប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗ។ អ្នកមិនអាចរៀបចំខ្លួនក្រោយ គ្រោះមហន្តរាយកើតឡើងហើយនោះទេ។
• សិក្សាអំពីគ្រោះមហន្តរាយបែបណាដែលអាចកើតឡើងក្នុងតំបន់អ្នក។ ស្គាល់កន្លែងជ្រកកោណពេលមានមហន្តរាយ។ សូមពិចារណាថាផ្ទះរបស់អ្នកនិងទីកន្លែងដែលអ្នករស់នៅគឺមានសុវត្ថិភាពឬយ៉ាងណា។ សូមយកអ្វីដែលអាចបណ្ដាលឲ្យមានភ្លើងឆេះចេញពីផ្ទះរបស់អ្នក។ សូមមានឧបករណ៍ប្រកាសអាសន្នពេលមានផ្សែងក្នុងផ្ទះ ហើយព្យាយាមផ្លាស់ប្ដូរថ្មរបស់វាយ៉ាងហោចណាស់មួយឆ្នាំម្ដង។
• រៀបចំសម្ភារៈសង្គ្រោះបន្ទាន់។ អគ្គីសនី ទឹក ទូរស័ព្ទ និងយានយន្តដឹកជញ្ជូនសាធារណៈអាចឈប់ដំណើរការ។ បើអ្នកមានឡាន សូមមានសាំងយ៉ាងហោចណាស់ពាក់កណ្ដាលក្នុងឡាន ហើយតែងតែមានម្ហូប ទឹក និងប្រអប់ដាក់សម្ភារៈសង្គ្រោះបន្ទាន់ក្នុងផ្ទះរបស់អ្នក។—សូមមើលប្រអប់«តើអ្នកមានអ្វីដែលអ្នកត្រូវការទេ?»
• មានលេខទូរស័ព្ទរបស់មិត្តភក្តិទាំងនៅឆ្ងាយនិងនៅជិត។
• រៀបចំគម្រោងភាសខ្លួនពេលមានមហន្តរាយហើយសាកធ្វើតាមគម្រោងនោះ។ ស្គាល់ផ្លូវចេញដែលនៅជិតអ្នកបំផុតក្នុងអាគាររបស់អ្នក និងនៅសាលារបស់កូនៗ។ ជ្រើសរើសទីតាំងដែលក្រុមគ្រួសាររបស់អ្នកអាចមកជួបជុំគ្នាបានពេលមានមហន្តរាយ ដូចជានៅសាលាឬបណ្ណាល័យ ឬទីតាំងផ្សេងៗដែលនៅក្នុងនិងក្រៅតំបន់ដែលអ្នករស់នៅផងដែរ។ ពួកអាជ្ញាធរណែនាំឲ្យអ្នកនិងក្រុមគ្រួសារហាត់ដើរទៅទីតាំងទាំងនោះជាមួយគ្នា។
• រៀបចំជួយអ្នកឯទៀតដែលរួមបញ្ចូលមនុស្សវ័យចាស់និងអ្នកពិការ។
g១៧.៥-E ទំ. ៦
តើអ្នកមានអ្វីដែលអ្នកត្រូវការទេ?
អង្គការជួយសង្គ្រោះពេលមានគ្រោះមហន្តរាយប្រាប់ប្រជាជនឲ្យត្រៀមរបស់របរផ្សេងៗទុកជាមុន។ ពិតមែនថា សេចក្ដីត្រូវការគឺខុសៗគ្នាអាស្រ័យលើទីកន្លែង និងស្ថានភាព ដូច្នេះសូមពិនិត្យមើលជាមួយក្រុមសង្គ្រោះបន្ទាន់ក្នុងតំបន់របស់អ្នក។ ជាទូទៅគេបានឲ្យការណែនាំថា ត្រូវត្រៀមទឹកយ៉ាងហោចណាស់១១លីត្រក្នុងមួយនាក់ និងម្ហូបដែលមិនអាចខូចរលួយ គ្រប់គ្រាន់សម្រាប់អស់បីថ្ងៃ។ ម្យ៉ាងទៀត គ្រួសារខ្លះក៏បានរៀបចំ«កាតាប»ដែលមានរបស់របរផ្សេងៗដែលត្រូវការដូចជា៖
▪ ភួយ សម្លៀកបំពាក់ និងស្បែកជើង
▪ ពិល វិទ្យុ (ប្រើថ្មឬបង្វិលដៃ) និងដុំសាកថ្ម
▪ ប្រអប់ដាក់សម្ភារៈសង្គ្រោះបន្ទាន់ និងកញ្ចែសម្រាប់ផ្លុំដើម្បីហៅរកជំនួយ
▪ ស្លាបព្រា ប្រដាប់គាស់កំប៉ុង គ្រឿងឈុតឧបករណ៍តូចៗ និងឈើគូសដែលមិនជ្រាបទឹក
▪ ម៉ាស់ បង់ស្អិត និងប៉ាតង់ដើម្បីជ្រកក្រោម
▪ ច្រាសដុះធ្មេញ សាប៊ូ កន្សែង និងក្រដាសអនាម័យ
▪ សម្ភារៈថែទាំកូនក្មេង និងឧបករណ៍ពិសេសសម្រាប់មនុស្សវ័យចាស់ឬជនពិការ
▪ ប្រអប់ដែលមិនជ្រាបទឹកដើម្បីដាក់ថ្នាំ ឬឯកសាសំខាន់ៗឯទៀត
▪ តារាងដែលមានលេខទូរស័ព្ទរបស់បុគ្គលដែលគេអាចទាក់ទងបើត្រូវការ និងកន្លែងជួបពេលមានមហន្តរាយ និងផែនទីរបស់តំបន់នោះ
▪ ប័ណ្ណឥណទាន និងលុយ
▪ សោផ្ទះនិងសោឡាន
▪ ក្រដាសសរសេរ ខ្មៅដៃ ប៊ិច សៀវភៅ និងហ្គេមសម្រាប់កូនក្មេងលេង
▪ គម្ពីរ
មិនមែនអ្វីទាំងអស់ខាងលើនេះប្រហែលសមនឹងតំបន់អ្នកឬកាលៈទេសៈរបស់អ្នកទេ។ អ្នកក៏ប្រហែលត្រូវថែមឧបករណ៍ដែលមិនមាននៅខាងលើនេះ។
ថ្ងៃទី៧-១៣ ខែមិថុនា
it-2-E ទំ. ១១៤០ វ. ៥
ការយល់ដឹង
ការសិក្សានិងការធ្វើតាមបណ្ដាំនិងបញ្ញត្តិរបស់ព្រះអាចជួយឲ្យបុគ្គលម្នាក់មានការយល់ធ្លុះច្រើនជាងគ្រូ និងមានការយល់ដឹងច្រើនជាងបុរសចាស់ទុំ។ (ទំនុក. ១១៩:៩៩, ១០០, ១៣០; សូមពិនិត្យបន្ថែម លូក. ២:៤៦, ៤៧) នេះគឺដោយសារប្រាជ្ញានិងការយល់ដឹងមាននៅក្នុងច្បាប់និងបញ្ញត្តិដ៏បរិសុទ្ធរបស់ព្រះ។ ហេតុនេះ ពេលសាសន៍អ៊ីស្រាអែលធ្វើតាមច្បាប់និងបញ្ញត្តិទាំងនេះ សាសន៍ជុំវិញបានចាត់ទុកពួកគេថា‹ជាសាសន៍ដែលមានប្រាជ្ញានឹងយោបល់ពិត›។ (ចោ. ៤:៥-៨; ទំនុក. ១១១:៧, ៨, ១០; សូមពិនិត្យបន្ថែម ១ព. ២:៣) បុគ្គលដែលយល់ដឹងទទួលស្គាល់ថាបណ្ដាំរបស់ព្រះគឺមានតម្លៃណាស់ ហើយចង់ប្រព្រឹត្តស្របតាមបណ្ដាំនោះ និងអធិដ្ឋានសុំព្រះជួយគាត់ឲ្យធ្វើដូច្នេះ។ (ទំនុក. ១១៩:១៦៩) គាត់ឲ្យដំណឹងក្នុងបណ្ដាំរបស់ព្រះជ្រាបចូលក្នុងចិត្ត (ម៉ាថ. ១៣:១៩-២៣) កត់ទុកដំណឹងនោះនៅក្នុងដួងចិត្តគាត់ (សុភ. ៣:៣-៦; ៧:១-៤) ហើយស្អប់«អស់ទាំងផ្លូវកំភូត» (ទំនុក. ១១៩:១០៤)។ ពេលនៅផែនដី បុត្ររបស់ព្រះមានការយល់ដឹងដូចនេះ ហើយលោកមិនគេចពីសេចក្ដីស្លាប់នៅលើបង្គោលឈើឡើយ ដោយសារយល់ថាគម្ពីរបានទាយទុកថាលោកនឹងត្រូវស្លាប់តាមរបៀបនេះ។—ម៉ាថ. ២៦:៥១-៥៤
w៩៩-E ១/១១ ទំ. ២០ វ. ៦-៧
ពេលមានចិត្តសប្បុរសកាន់តែខ្លាំងឡើង
ម្ចាស់ក្សត្រីបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារអ្វីដែលគាត់បានឮនិងបានឃើញ រួចគាត់ក៏មានប្រសាសន៍ដោយចិត្តរាបទាបថា៖ «មានពរហើយ ពួកទ្រង់នឹងពួកអ្នកបំរើនេះ ដែលឈរចំពោះទ្រង់ជានិច្ច ទាំងស្ដាប់ប្រាជ្ញារបស់ទ្រង់!»។ (ពង្សាវតារក្សត្រទី១ ១០:៤-៨) នេះមិនមែនដោយសារអ្នកបម្រើរបស់សាឡូម៉ូនមានទ្រព្យសម្បត្តិច្រើននោះឡើយ។ ផ្ទុយទៅវិញ អ្នកបម្រើរបស់សាឡូម៉ូនមានពរដោយសារតែពួកគាត់អាចស្ដាប់ប្រាជ្ញាដែលមកពីព្រះរបស់សាឡូម៉ូនគ្រប់ពេល។ ម្ចាស់ក្សត្រីសេបាទុកគំរូល្អសម្រាប់រាស្ត្ររបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ ដោយឲ្យតម្លៃទៅលើប្រាជ្ញាដែលមកពីអ្នកបង្កើតគឺព្រះយេហូវ៉ា និងយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក!
អ្វីដែលម្ចាស់ក្សត្រីនោះបាននិយាយទៅកាន់សាឡូម៉ូនបន្ទាប់គឺគួរឲ្យកត់សម្គាល់៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់បានប្រកបដោយព្រះពរ»។ (ពង្សាវតារក្សត្រទី១ ១០:៩) ម្ចាស់ក្សត្រីសេបាច្បាស់ជាបានឃើញថាប្រាជ្ញានិងភាពចម្រុងចម្រើនដែលសាឡូម៉ូនមានគឺមកពីព្រះយេហូវ៉ា។ នេះសមស្របទៅនឹងអ្វីដែលព្រះយេហូវ៉ាបានសន្យាដល់ជនជាតិអ៊ីស្រាអែលពីមុនដែលថា៖ «ចូរឲ្យឯងរាល់គ្នាកាន់ ហើយប្រព្រឹត្តតាមចុះ ដ្បិតនេះនឹងបានជាប្រាជ្ញា ហើយជាយោបល់ដល់ឯងរាល់គ្នា នៅភ្នែកនៃអស់ទាំងសាសន៍ ដែលនឹងឮថ្លែងពីបញ្ញត្តិច្បាប់ទាំងប៉ុន្មាននេះ ហើយគេនឹងនិយាយថា ប្រាកដជាសាសន៍នេះមានប្រាជ្ញានឹងយោបល់ពិត»។—ចោទិយកថា ៤:៥-៧
ថ្ងៃទី១៤-២០ ខែមិថុនា
w០៧-E ១៥/៥ ទំ. ១៥-១៦
តើតាមរបៀបណាខ្ញុំអាចជួយកូនៗឲ្យទទួលការអប់រំពិតប្រាកដ?
បំណងប្រាថ្នា ការគិតគូរ អ្វីដែលអ្នកឲ្យតម្លៃ និងចំណាប់អារម្មណ៍របស់អ្នកនឹងត្រូវសរឲ្យឃើញតាមរយៈអ្វីដែលអ្នកនិយាយ និងអ្វីដែលអ្នកធ្វើផងដែរ។ (រ៉ូម ២:២១, ២២) ចាប់តាំងពីរទារកមក កូនក្មេងរៀនដោយមើលឪពុកម្ដាយរបស់ពួកគេយ៉ាងដិតដល់។ កូនក្មេងដឹងអ្វីដែលសំខាន់ចំពោះឪពុកម្ដាយរបស់ពួកគេ ហើយពួកគេក៏នឹងចាត់ទុកអ្វីៗទាំងនោះថាសំខាន់ដែរ។ កូនៗរបស់អ្នកនឹងដឹងថាអ្នកពិតជាស្រឡាញ់ព្រះយេហូវ៉ាមែនឬយ៉ាងណា។ ជាឧទាហរណ៍ ពួកគេនឹងឃើញថាការអាននិងសិក្សាគម្ពីរគឺសំខាន់ចំពោះអ្នក។ ពួកគេនឹងយល់ថាអ្នកចាត់ទុករាជាណាចក្ររបស់ព្រះថាសំខាន់បំផុតក្នុងជីវិតអ្នក។ (ម៉ាថាយ ៦:៣៣) ការចូលរួមកិច្ចប្រជុំគ្រិស្តសាសនិកនិងកិច្ចបម្រើផ្សាយជាទៀងទាត់នឹងបង្ហាញពួកគេថា ការធ្វើកិច្ចបម្រើពិសិដ្ឋជូនព្រះយេហូវ៉ាគឺជាអ្វីដ៏សំខាន់បំផុតចំពោះអ្នក។—ម៉ាថាយ ២៨:១៩, ២០; ហេប្រឺ ១០:២៤, ២៥
ថ្ងៃទី២១-២៧ ខែមិថុនា
w១២-E ១/៧ ទំ. ២៩ វ. ២
ហេតុអ្វីព្រះយេហូវ៉ាតម្រូវឲ្យអ្នកគោរពប្រណិប័តន៍លោករៀបការតែជាមួយនឹងអ្នករួមជំនឿប៉ុណ្ណោះ?
ព្រះយេហូវ៉ាដឹងថាសាថានចង់ធ្វើឲ្យរាស្ត្ររបស់លោកលែងស្មោះត្រង់ហើយបែទៅគោរពព្រះដ៏ទៃវិញ។ ដូច្នេះលោកបានព្រមានពួកគេថាអ្នកដែលមិនជឿនឹង«បង្វែរកូនឯងពីអញចេញ ឲ្យទៅគោរពប្រតិបត្ដិតាមព្រះដទៃ»។ នេះអាចនាំឲ្យមានផលវិបាកជាច្រើន។ បើជនជាតិអ៊ីស្រាអែលទៅគោរព្រះដ៏ទៃ ពួកគេនឹងបាត់បង់ការពេញចិត្តនិងការការពារពីព្រះយេហូវ៉ា ហើយអាចធ្លាក់ក្នុងកណ្ដាប់ដៃរបស់សត្រូវយ៉ាងងាយស្រួល។ បើដូច្នេះមែន តើតាមរបៀបណាមេស្ស៊ីអាចកើតក្នុងវង្សត្រកូលសាសន៍អ៊ីស្រាអែលបាន? ហេតុនេះហើយបានជាសាថានច្បាស់ជាចង់ទាក់ទាញពួកអ៊ីស្រាអែលឲ្យរៀបការជាមួយអ្នកដែលមិនគោរពប្រណិប័តន៍លោក។
ថ្ងៃទី២៨ ខែមិថុនា–ថ្ងៃទី៤ ខែកក្កដា
w០៩-E ១/១០ ទំ. ១០ វ. ៣-៤
តើព្រះយេហូវ៉ាសុំអ្វីពីយើង?
តើអ្វីអាចជំរុញចិត្តយើងឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ាអស់ពីចិត្ត? ម៉ូសេប្រាប់អំពីកត្តាមួយ៖ «[ចូរ]កោតខ្លាចដល់ព្រះយេហូវ៉ា»។ (ខ១២) នេះមិនសំដៅទៅលើការភ័យខ្លាចព្រះដាក់ទោសនោះទេ ប៉ុន្តែចង់សំដៅទៅលើការគោរពកោតស្ងើចចំពោះព្រះនិងច្បាប់របស់លោក។ ប្រសិនបើយើងមានការកោតស្ងើចចំពោះព្រះ នោះយើងនិងជៀសវាងពីការធ្វើអ្វីដែលនាំឲ្យលោកមិនពេញចិត្ត។
ប៉ុន្តែ តើអ្វីជាមូលហេតុចម្បងដែលគួរតែជំរុញចិត្តយើងឲ្យស្ដាប់បង្គាប់ព្រះ? ម៉ូសេបានសរសេរថា៖ «ស្រឡាញ់ទ្រង់[ព្រះយេហូវ៉ា]ព្រមទាំងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹងឯងផង»។ (ខ១២) សេចក្ដីស្រឡាញ់ចំពោះព្រះមិនគ្រាន់តែជាអារម្មណ៍មួយប៉ុណ្ណោះទេ។ ឯកសារយោងមួយបានបកស្រាយថា៖ «កិរិយាស័ព្ទភាសាហេប្រឺសម្រាប់ពាក្យអារម្មណ៍ ជួនកាលសំដៅទៅលើការប្រព្រឹត្តដែលផុសចេញពីអារម្មណ៍នោះ»។ ឯកសារយោងនេះក៏បានបន្ថែមទៀតថា ការស្រឡាញ់ព្រះមានន័យថា«ការប្រព្រឹត្តដោយសេចក្ដីស្រឡាញ់»ចំពោះលោក។ និយាយឲ្យស្រួលយល់ បើយើងពិតជាស្រឡាញ់ព្រះមែន នោះយើងនឹងប្រព្រឹត្តតាមរបៀបដែលយើងដឹងថានឹងធ្វើឲ្យលោកពេញចិត្ត។—សុភាសិត ២៧:១១
w០៩-E ១/១០ ទំ. ១០ វ. ៦
តើព្រះយេហូវ៉ាសុំអ្វីពីយើង?
ការស្ដាប់បង្គាប់ព្រះអស់ពីចិត្តនឹងនាំឲ្យយើងទទួលពរ។ ម៉ូសេសរសេរថា៖ «[ចូរ]កាន់តាមសេចក្ដីបញ្ញត្តិផងព្រះយេហូវ៉ា . . . ដែលអញបង្គាប់ឯងនៅថ្ងៃនេះ សំរាប់ជាសេចក្ដីល្អដល់ឯង»។ (ខ១៣) ពិតមែនហើយ បញ្ញត្តទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ហើយនឹងអ្វីៗទាំងអស់ដែលលោកសុំឲ្យយើងធ្វើគឺល្អសម្រាប់យើង។ ព្រះមិនបង្គាប់ឲ្យយើងធ្វើអ្វីដែលមិនល្អសម្រាប់យើងនោះទេ។ គម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) ដូច្នេះ លោកតែងតែឲ្យយើងនូវបង្គាប់ដែលលោកដឹងថានឹងនាំឲ្យយើងទទួលប្រយោជន៍ជារៀងរហូតប៉ុណ្ណោះ។ (អេសាយ ៤៨:១៧) ការធ្វើតាមអ្វីដែលព្រះយេហូវ៉ាសុំពីយើងនឹងជួយយើងឲ្យជៀសចេញពីការតានតឹងចិត្តនៅឥឡូវនេះ ហើយនឹងនាំឲ្យយើងទទួលពររាប់មិនអស់ជារៀងរហូតនៅពេលអនាគតក្រោមការគ្រប់គ្រងនៃរាជាណាចក្ររបស់លោក។
it-1-E ទំ. ១០៣
ពួកអ័ណាក់
មនុស្សមួយសាសន៍ដែលមានមាឌធំដែលរស់នៅក្នុងតំបន់ភ្នំកាណានហើយខ្លះរស់នៅឯឆ្នេរសមុទ្រខាងត្បូង។ ក្នុងគ្រាមួយ មានបុរសសាសន៍អ័ណាក់ដ៏ល្បីល្បាញបីនាក់គឺអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយដែលរស់នៅក្រុងហេប្រុន។ (ជន. ១៣:២២) នៅក្រុងនេះហើយដែលពួកឈ្លបទាំង១២នៃជនជាតិហេប្រឺបានឃើញសាសន៍អ័ណាក់លើកដំបូង។ ឈ្លប១០នាក់ក្នុងចំណោមពួកគេបានឲ្យសេចក្ដីរាយការណ៍ដ៏តក់ស្លុតថា សាសន៍នេះគឺជាកូនចៅរបស់ពួកមនុស្សធំសម្បើមដែលធ្លាប់រស់នៅមុនសម័យទឹកជំនន់ ហើយបើប្រៀបធៀបជាមួយនឹងពួកគេ ជនជាតិហេប្រឺគឺដូចជាសត្វ«កណ្ដូប»។ (ជន. ១៣:២៨-៣៣; ចោ. ១:២៨) មាឌធំសម្បើមរបស់ពួកគេបានត្រូវគេយកមកប្រៀបធៀបទៅនឹងបុរសដែលមានមាឌធំខ្ពស់ឯទៀតដូចជាអេមិមនិងរេផែមដែរ។ កម្លាំងដ៏ខ្លាំងរបស់ពួកគេនាំឲ្យមានសុភាសិតមួយថា៖ «តើអ្នកណាអាចនឹងឈរនៅមុខពួកកូនចៅអ័ណាក់បាន?»។—ចោ. ២:១០, ១១, ២០, ២១; ៩:១-៣