ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៧-១៣ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី២ ៥-៦
«ខាងយើងមានគ្នាច្រើនជាងខាងគេទៅទៀត»
it-1-E ទំ.៧១៦ វ.៤
អេលីសេ
ស្រុកអ៊ីស្រាអែលត្រូវបានសង្គ្រោះពីពួកស៊ីរី។ ក្នុងអំឡុងការគ្រប់គ្រងរបស់ស្ដេចយេហូរ៉ាម ពួកស៊ីរីបានរៀបចំគម្រោងវាយលុកស្រុកអ៊ីស្រាអែលដោយសម្ងាត់។ អេលីសេបានធ្វើឲ្យល្បិចកលរបស់បេនហាដាតទី២ទទួលបរាជ័យជាច្រើនដង ដោយប្រាប់ល្បិចកលរបស់ពួកស៊ីរីដល់ស្ដេចយេហូរ៉ាម។ មុនដំបូង បេនហាដាតគិតថាមានជនក្បត់ក្នុងទ័ពរបស់គាត់។ ប៉ុន្តែ ពេលគាត់ដឹងនូវប្រភពពិតដែលធ្វើឲ្យគាត់ទទួលបរាជ័យ នោះគាត់បានបញ្ជាទ័ពមួយកងធំ រួមទាំងទ័ពសេះនិងទ័ពរទេះចម្បាំងឲ្យទៅឡោមព័ទ្ធក្រុងដូថាន់ដើម្បីទៅចាប់យកអេលីសេ។ អ្នកបម្រើរបស់អេលីសេបានភ័យខ្លាច ប៉ុន្តែអេលីសេអធិដ្ឋានសុំព្រះឲ្យលោកបើកភ្នែកអ្នកបម្រើនោះ រួច«គាត់ក៏ឃើញនៅតំបន់ភ្នំមានពេញទៅដោយទ័ពសេះភ្លើងនិងទ័ពរទេះចម្បាំងភ្លើងនៅជុំវិញអេលីសេ»។ ពេលនោះ ទ័ពស៊ីរីក៏ចុះសំដៅទៅរកអេលីសេ។ ឃើញដូច្នោះ អេលីសេអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «សូមលោកធ្វើឲ្យពួកគេងងឹតភ្នែកទៅ»។ បន្ទាប់មក អេលីសេក៏និយាយទៅកាន់ទ័ពស៊ីរីថា៖ «សូមមកតាមខ្ញុំ» តែគាត់មិនចាំបាច់ដឹកដៃពួកនោះទេ។ នេះបង្ហើបឲ្យដឹងថាពួកគេមិនមែនងងឹតភ្នែកក្នុងន័យត្រង់ទេ តែហាក់ដូចជាវង្វេងស្មារតីវិញ។ ពួកគេមិនស្គាល់ថាអេលីសេជាបុរសដែលពួកគេកំពុងតែរកនោះទេ ហើយក៏មិនដឹងថាគាត់កំពុងនាំពួកគេទៅឯណាដែរ។—២បស. ៦:៨-១៩
it-1-E ទំ.៣៤៣ វ.១
ងងឹតភ្នែក
ការធ្វើឲ្យកងទ័ពរបស់ពួកស៊ីរីងងឹតភ្នែកស្របតាមពាក្យរបស់អេលីសេ តាមមើលទៅនេះជាការបំភាន់ភ្នែក។ បើទ័ពទាំងនោះងងឹតភ្នែកក្នុងន័យត្រង់ នោះពួកគេច្បាស់ជាត្រូវការអ្នកដឹកដៃ។ ប៉ុន្តែកំណត់ហេតុគ្រាន់តែចែងថាអេលីសេប្រាប់ពួកគេថា៖ «មិនមែនផ្លូវនេះទេ ក៏មិនមែនក្រុងនេះដែរ។ សូមមកតាមខ្ញុំ»។ ហើយពេលពួកស៊ីរីដើរតាមអេលីសេទៅដល់ក្រុងសាម៉ារី ព្រះយេហូវ៉ាបានបើកភ្នែកពួកគេ ហើយពួកគេទៅជាធម្មតាវិញ។ (២បស. ៦:១៨-២០) ការបំភាន់ភ្នែកក៏ប្រហែលជាកើតឡើងចំពោះពួកបុរសនៃក្រុងសូដុម ដោយសារកំណត់ហេតុបង្ហាញថា ជាជាងកើតទុក្ខដោយសារពួកគេងងឹតភ្នែក ពួកគេព្យាយាមរកទ្វារដើម្បីចូលទៅក្នុងផ្ទះរបស់ឡុតវិញ។—ដក. ១៩:១១
ថ្ងៃទី១៤-២០ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី២ ៧-៨
«អ្វីដែលមនុស្សមិននឹកស្មានព្រះយេហូវ៉ាបានធ្វើឲ្យកើតឡើង»
it-1-E ទំ.៧១៦-៧១៧
អេលីសេ
បេនហាដាតទី២បានវាយលុកស្រុកអ៊ីស្រាអែល ហើយនេះមិនមែនជាការវាយលុកបន្តិចបន្តួចទេ តែគាត់បានដាក់កងទ័ពជាច្រើនដើម្បីឡោមព័ទ្ធក្រុងសាម៉ារី។ ការឡោមព័ទ្ធនោះគឺធ្ងន់ធ្ងរដល់ម្ល៉េះបានជាគេរាយការណ៍ប្រាប់ស្ដេចថាមានស្ត្រីម្នាក់ដែលបានបរិភោគកូនរបស់ខ្លួន។ នេះនាំឲ្យស្ដេចយេហូរ៉ាមជា«កូនឃាតករ» ពោលគឺកូនរបស់អាហាប់ ស្បថថាគាត់នឹងសម្លាប់អេលីសេ។ ប៉ុន្តែគាត់មិនបានសម្រេចតាមពាក្យសម្បថនោះឡើយ។ ពេលស្ដេចយេហូរ៉ាមនិងនាយទាហានជំនិតម្នាក់របស់គាត់មកដល់ផ្ទះរបស់អេលីសេ ស្ដេចបញ្ជាក់ថាគាត់គ្មានសង្ឃឹមទទួលជំនួយពីព្រះយេហូវ៉ាទៀតទេ។ អេលីសេធានានឹងស្ដេចថា ថ្ងៃស្អែកនឹងមានស្បៀងអាហារជាបរិបូរ។ នាយទាហានជំនិតនោះសើចចំអកចំពោះទំនាយនេះ ហេតុនេះអេលីសេប្រាប់គាត់ថា៖ «អ្នកនឹងឃើញរឿងនេះដោយផ្ទាល់ភ្នែក តែអ្នកនឹងមិនបានបរិភោគទេ»។ ព្រះយេហូវ៉ាបាននាំឲ្យពួកស៊ីរីឮសំឡេងដ៏ខ្លាំងមួយដែលនាំឲ្យពួកគេជឿថា ជាសំឡេងកងទ័ពសេះនិងទ័ពរទេះចម្បាំងដ៏ធំរបស់ប្រជាជាតិផ្សេងដែលបានប្រមូលគ្នាមកច្បាំងនឹងពួកគេ។ ដូច្នេះពួកគេរត់ចេញពីជំរំដោយទុកចោលស្បៀងអាហារទាំងអស់។ ពេលស្ដេចដឹងថាពួកស៊ីរីបានរត់ចោលជំរំរបស់ពួកគេ គាត់បានចាត់ឲ្យនាយទាហានជំនិតរបស់គាត់មើលការខុសត្រូវនៅខ្លោងទ្វារក្រុងសាម៉ារី។ នៅទីនោះបណ្ដាជនអ៊ីស្រាអែលដែលអត់ឃ្លានបានជាន់គាត់ស្លាប់ ពេលពួកគេរត់ចេញទៅយកអាហារនៅឯជំរំស៊ីរី។ ដូច្នេះ គាត់ឃើញអាហារ តែមិនបានបរិភោគឡើយ។—២បស. ៦:២៤–៧:២០
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.១៩៥ វ.៧
ចង្កៀង
បណ្ដាស្ដេចនៃពូជពង្សរបស់ដាវីឌ។ ព្រះយេហូវ៉ាបានតែងតាំងដាវីឌជាស្ដេចនៃអ៊ីស្រាអែល ហើយដាវីឌបានបង្ហាញថាគាត់ជាអ្នកណែនាំនិងជាអ្នកនាំមុខដែលមានប្រាជ្ញា ស្ថិតក្រោមការដឹកនាំរបស់ព្រះ។ ហេតុនេះ គាត់បានត្រូវហៅថា៖ «ចង្កៀងនៃជនជាតិអ៊ីស្រាអែល»។ (២សាំ. ២១:១៧) ពេលព្រះយេហូវ៉ាធ្វើកិច្ចព្រមព្រៀងជាមួយដាវីឌសម្រាប់រាជាណាចក្រ លោកបានសន្យាថា៖ «បល្ល័ង្ករបស់អ្នកនឹងរឹងមាំជារៀងរហូត»។ (២សាំ. ៧:១១-១៦) ហេតុនេះហើយ ពូជពង្សរបស់ដាវីឌ តាមរយៈសាឡូម៉ូន ដែលជាកូនរបស់គាត់ គឺប្រៀបដូចជា«ចង្កៀង»ដល់ស្រុកអ៊ីស្រាអែល។—១បស. ១១:៣៦; ១៥:៤; ២បស. ៨:១៩; ២ប្រ. ២១:៧
ថ្ងៃទី២១-២៧ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី២ ៩-១០
«គាត់បានប្រព្រឹត្តដោយចិត្តក្លាហាន ការតាំងចិត្ត និងចិត្តខ្នះខ្នែង»
w១១-E ១៥/១១ ទំ.៣ វ.២
យេហ៊ូគាំទ្រការគោរពប្រណិប័តន៍ពិត
យេហ៊ូបានទទួលភារកិច្ចពីព្រះពេលដែលប្រជាជាតិអ៊ីស្រាអែលស្ថិតក្នុងស្ថានភាពដ៏អាក្រក់។ បណ្ដាជនទទួលឥទ្ធិពលអាក្រក់ពីយេសិបិល ជាប្រពន្ធរបស់សពអាហាប់ដែលជាស្ត្រីមេម៉ាយ និងជាម្ដាយនៃស្ដេចដែលកំពុងគ្រប់គ្រង គឺយេហូរ៉ាម។ នាងបានលើកស្ទួយការគោរពប្រណិប័តន៍ព្រះបាល លះចោលការគោរពប្រណិប័តន៍របស់ព្រះយេហូវ៉ា សម្លាប់ពួកអ្នកប្រកាសទំនាយរបស់ព្រះ និងបង្ខូចចិត្តគំនិតនិងការប្រព្រឹត្តបណ្ដាជនដោយនាង«ប្រព្រឹត្តអំពើធ្មប់និងអំពើពេស្យាចារ»។ (២បស. ៩:២២; ១បស. ១៨:៤, ១៣) ព្រះយេហូវ៉ាបានបង្គាប់ឲ្យបំផ្លាញពូជពង្សរបស់អាហាប់ចោល រួមទាំងយេហូរ៉ាមនិងយេសិបិល។ យេហ៊ូគឺជាអ្នកនាំមុខធ្វើកិច្ចការនេះ។
w១១-E ១៥/១១ ទំ.៤ វ.២-៣
យេហ៊ូគាំទ្រការគោរពប្រណិប័តន៍ពិត
ក្រោយពីមិនបាននិយាយអ្វីទៅកាន់អ្នកនាំសារពីរនាក់ដែលបានត្រូវចាត់ឲ្យមកនោះ យេហ៊ូបានទៅជួបស្ដេចយេហូរ៉ាម។ នៅទីនោះក៏មានអាហាស៊ីយ៉ាដែលជាស្ដេចនៃស្រុកយូដា និងដែលជាសម្ព័ន្ធមិត្តរបស់យេហូរ៉ាមដែរ ហើយទាំងបីនាក់ជិះរទេះចម្បាំងរៀងៗខ្លួន។ យេហូរ៉ាមសួរថា៖ «យេហ៊ូ តើអ្នកមកក្នុងបំណងល្អឬ?» ហើយយេហ៊ូឆ្លើយតបថា៖ «តើបំណងល្អម្ដេចបាន បើយេសិបិលម្ដាយអ្នកនៅតែប្រព្រឹត្តអំពើធ្មប់និងអំពើពេស្យាចារដូច្នេះ?»។ ដោយភ័យខ្លាចនឹងការឆ្លើយតបនេះ យេហូរ៉ាមចាប់ផ្ដើមបកក្រោយយ៉ាងលឿន។ ប៉ុន្តែ ភ្លាមៗ យេហ៊ូបានយឹតធ្នូបាញ់ចំបេះដូងយេហូរ៉ាម ហើយផ្លែព្រួញបានធ្លាយចេញមកក្រៅ។ ស្ដេចយេហូរ៉ាមក៏ដួលស្លាប់ក្នុងរទេះចម្បាំងរបស់គាត់។ ទោះបីជាអាហាស៊ីយ៉ាបានរត់គេចក៏ដោយ តែក្រោយមកយេហ៊ូបានដេញតាមគាត់ ហើយសម្លាប់គាត់ដែរ។—២បស. ៩:២២-២៤, ២៧
សមាជិកនៃពូជពង្សអាហាប់ដែលនឹងត្រូវបំផ្លាញចោលបន្ទាប់គឺម្ចាស់ក្សត្រីដ៏ទុច្ចរិតយេសិបិល។ យេហ៊ូបានហៅនាងយ៉ាងត្រឹមត្រូវថា៖ «ស្ត្រីដែលត្រូវបណ្ដាសា»។ កាលដែលយេហ៊ូមកដល់ក្រុងយេសរៀល គាត់បានឃើញយេសិបិលអើតមើលតាមបង្អួច។ ភ្លាមៗ យេហ៊ូបានបង្គាប់មន្ត្រីឲ្យបោះយេសិបិលតាមបង្អួច។ រួចយេហ៊ូបានបំបោលសេះតន្ត្រំលើនាងដែលជាអ្នកបង្ខូចស្រុកអ៊ីស្រាអែលទាំងមូល។ ក្រោយមក យេហ៊ូក៏បានសម្លាប់សមាជិកជាច្រើននាក់ទៀតនៃពូជពង្សអាហាប់ចោល។—២បស. ៩:៣០-៣៤; ១០:១-១៤
w១១-E ១៥/១១ ទំ.៥ វ.៣-៤
យេហ៊ូគាំទ្រការគោរពប្រណិប័តន៍ពិត
យេហ៊ូបានបង្ហូរឈាមជាច្រើនមែន។ ប៉ុន្តែ គម្ពីររៀបរាប់អំពីគាត់ថា គាត់ជាបុរសដែលមានចិត្តខ្នះខ្នែងដែលបានរំដោះអ៊ីស្រាអែលពីការសង្កត់សង្កិនរបស់យេសិបិលនិងក្រុមគ្រួសាររបស់នាង។ អ្នកនាំមុខអ៊ីស្រាអែលត្រូវប្រព្រឹត្តដោយចិត្តក្លាហាន ការតាំងចិត្ត និងចិត្តខ្នះខ្នែង ទើបអាចមានជោគជ័យក្នុងការធ្វើកិច្ចការនេះ។ វចនានុក្រមគម្ពីរមួយបានចែងថា៖ «នេះជាកិច្ចការលំបាកណាស់ ហើយបានត្រូវប្រតិបត្តិដោយហ្មត់ចត់និងឥតឈប់ឈរ។ បើមិនចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទេ នោះប្រហែលជាមិនអាចបំបាត់ចោលការគោរពប្រណិប័តន៍ព្រះបាលចេញពីស្រុកអ៊ីស្រាអែលបានឡើយ»។
ស្ថានភាពដែលយើងជាគ្រិស្តសាសនិកប្រឈមនៅសព្វថ្ងៃនេះ ប្រាកដជាបង្ហាញថាយើងត្រូវមានលក្ខណៈដូចយេហ៊ូដែរ។ ជាឧទាហរណ៍ តើយើងគួរប្រព្រឹត្តយ៉ាងណាបើយើងត្រូវល្បួងឲ្យធ្វើអ្វីមួយដែលព្រះផ្ដន្ទាទោស? យើងគួរបដិសេធភ្លាមៗ ដោយចិត្តក្លាហាននិងចិត្តអង់អាច។ ស្ដីអំពីភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ា យើងពិតជាមិនចង់គាំទ្រអ្វីដែលប្រកួតប្រជែងនឹងលោកឡើយ។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w១១-E ១៥/១១ ទំ.៥ វ.៦-៧
យេហ៊ូគាំទ្រការគោរពប្រណិប័តន៍ពិត
យេហ៊ូប្រហែលជាជឿថា ដោយសារស្រុកអ៊ីស្រាអែលនិងស្រុកយូដាគឺខុសពីគ្នា នោះពួកគេគួរមានសាសនាខុសពីគ្នាដែរ។ ដូច្នេះ ដូចស្ដេចមុនៗនៃស្រុកអ៊ីស្រាអែល គាត់ព្យាយាមដាក់ពួកគេឲ្យនៅដាច់ដោយឡែកពីគ្នាដោយបន្តគោរពប្រណិប័តន៍កូនគោ។ ប៉ុន្តែ ការធ្វើដូច្នេះបង្ហាញថាគាត់ខ្វះជំនឿទៅលើព្រះយេហូវ៉ា ដែលបានតែងតាំងគាត់ជាស្ដេច។
ព្រះយេហូវ៉ាបានសរសើរយេហ៊ូដោយសារ‹គាត់បានធ្វើល្អ និងប្រព្រឹត្តអ្វីដែលត្រឹមត្រូវនៅចំពោះភ្នែករបស់លោក›។ ទោះជាយ៉ាងនេះក៏ដោយ យេហ៊ូ«មិនបានធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល យ៉ាងអស់ពីចិត្តទេ»។ (២បស. ១០:៣០, ៣១) ដោយគិតអំពីអ្វីដែលយេហ៊ូបានធ្វើពីមុន អ្នកប្រហែលជាភ្ញាក់ផ្អើល ហើយសោកស្ដាយដែរ។ ប៉ុន្តែ នេះផ្ដល់មេរៀនដល់យើង។ ពេលយើងមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា នេះមិនមានន័យថាយើងនឹងមានរហូតនោះទេ។ ជារៀងរាល់ថ្ងៃ យើងត្រូវពង្រឹងភក្ដីភាពរបស់យើងចំពោះព្រះតាមរយៈការសិក្សាគម្ពីរ ការរំពឹងគិតអំពីអ្វីដែលយើងអាន និងអធិដ្ឋានយ៉ាងអស់ពីចិត្តទៅបិតារបស់យើងនៅស្ថានសួគ៌។ ដូច្នេះ ចូរឲ្យយើងបន្តកាន់តាមច្បាប់របស់ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត។—១កូ. ១០:១២
ថ្ងៃទី២៨ ខែវិច្ឆិកា–ថ្ងៃទី៤ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី២ ១១-១២
«ស្ត្រីដែលមានមហិច្ឆតានិងទុច្ចរិតមិនរួចពីការដាក់ទោសឡើយ»
it-1-E ទំ.២០៩
អាថាលៀ
អាថាលៀបានប្រព្រឹត្តដូចយេសិបិលដែលជាម្ដាយរបស់នាង ដោយជំរុញយេហូរ៉ាមជាប្ដីរបស់នាង ឲ្យធ្វើអ្វីដែលអាក្រក់នៅភ្នែករបស់ព្រះយេហូវ៉ាក្នុងអំឡុងការគ្រប់គ្រង់៨ឆ្នាំរបស់គាត់។ (១បស. ២១:២៥; ២ប្រ. ២១:៤-៦) ហើយដូចម្ដាយរបស់នាង អាថាលៀបានបង្ហូរឈាមអ្នកដែលគ្មានទោសជាច្រើន។ ពេលកូនដ៏អាក្រក់របស់នាងឈ្មោះអាហាស៊ីយ៉ាបានស្លាប់បន្ទាប់ពីបានគ្រប់គ្រងមួយឆ្នាំ នោះនាងបានសម្លាប់កូនស្ដេចទាំងអស់ចោល លើកលែងតែទារកយេហូអាសប៉ុណ្ណោះ ដែលត្រូវបានលាក់ទុកដោយសម្ដេចសង្ឃនិងប្រពន្ធរបស់គាត់ ដែលត្រូវជាម្ដាយមីងរបស់យេហូអាស។ បន្ទាប់ពីនេះ អាថាលៀបានតម្កើងខ្លួនជាមហាក្សត្រីអស់រយៈពេល៦ឆ្នាំ ប្រហែលពីឆ្នាំ៩០៥-៨៩៩ មុនគ.ស.។ (២ប្រ. ២២:១១, ១២) កូនប្រុសៗរបស់នាងបានប្លន់វិហាររបស់ព្រះយេហូវ៉ា ហើយជូនអ្វីដ៏បរិសុទ្ធទាំងនោះទៅព្រះបាល។—២ប្រ. ២៤:៧
it-1-E ទំ.២០៩
អាថាលៀ
ពេលយេហូអាសមានអាយុ៧ឆ្នាំ សម្ដេចសង្ឃយេហូយ៉ាដាដែលកោតខ្លាចព្រះ បានបើកបង្ហាញក្មេងនោះ ហើយតែងតាំងគាត់ជាអ្នកស្នងរាជ្យតាមច្បាប់។ ពេលឮសំឡេងបណ្ដាជន អាថាលៀក៏ប្រញាប់ទៅវិហារ ហើយពេលឃើញអ្វីដែលកំពុងកើតឡើង នាងបានស្រែកយំថា៖ «នេះជាការក្បត់! នេះជាការក្បត់ហើយ!»។ ពេលនោះ សម្ដេចសង្ឃយេហូយ៉ាដាបានបញ្ជាឲ្យគេយកនាងទៅក្រៅបរិវេណវិហារ ដើម្បីសម្លាប់នាងនៅផ្លូវសេះចូលវិមាន ហើយនាងប្រហែលជាសមាជិកចុងក្រោយបំផុតក្នុងពូជពង្សដ៏អាក្រក់របស់អាហាប់។ (២បស. ១១:១-២០; ២ប្រ. ២២:១–២៣:២១) «គ្រប់ប្រសាសន៍របស់ព្រះយេហូវ៉ាដែលព្រះយេហូវ៉ាបានពោលទាស់នឹងពូជពង្សអាហាប់ សុទ្ធតែនឹងក្លាយទៅជាការពិត»។ ពាក្យទាំងនេះបានកើតឡើងមែន!—២បស. ១០:១០, ១១; ១បស. ២១:២០-២៤
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១២៦៥-១២៦៦
យេហូអាស
ដរាបណាសម្ដេចសង្ឃយេហូយ៉ាដានៅរស់ ធ្វើជាឪពុកនិងជាទីប្រឹក្សាដល់យេហូអាស ដរាបនោះស្ដេចដ៏ក្មេងម្នាក់នេះអាចចម្រើនឡើងបាន។ ពេលគាត់មានអាយុ២១ឆ្នាំ គាត់មានប្រពន្ធពីរនាក់ ហើយប្រពន្ធមួយឈ្មោះយេហូអាដាន បានបង្កើតកូនប្រុសស្រីជាច្រើនឲ្យយេហូអាស។ តាមរបៀបនេះ ពូជពង្សដាវីឌដែលនាំទៅដល់មេស្ស៊ី ហើយដែលហៀបនឹងដាច់ពូជ ត្រូវបានធ្វើឲ្យរឹងមាំម្ដងទៀត។—២បស. ១២:១-៣; ២ប្រ. ២៤:១-៣; ២៥:១
ថ្ងៃទី៥-១១ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី២ ១៣-១៥
«ការខំប្រឹងអស់ពីចិត្តនាំឲ្យទទួលពរជាបរិបូរ»
w១៣-E ១/១១ ទំ.១១ វ.៦
«លោកឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»
តើតាមរបៀបណាព្រះយេហូវ៉ាផ្ដល់រង្វាន់ដល់អ្នកបម្រើដ៏ស្មោះត្រង់របស់លោក? លោកបានសន្យាថាលោកនឹងផ្ដល់រង្វាន់ដែលកាត់ថ្លៃពុំបាននៅអនាគត ដែលបង្ហាញពីសេចក្ដីស្រឡាញ់និងចិត្តសប្បុរសរបស់លោក ពោលគឺជីវិតដែលគ្មានទីបញ្ចប់នៅផែនដីដែលជាសួនឧទ្យាន។ (ការបើកបង្ហាញ ២១:៣, ៤) សូម្បីតែឥឡូវនេះ អស់អ្នកដែលខំស្វែងរកព្រះយេហូវ៉ាអស់ពីចិត្ត បានពរជាបរិបូរ។ ដោយមានជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់លោក និងប្រាជ្ញាដែលមានក្នុងបណ្ដាំរបស់លោក នោះពួកគេមានរបៀបរស់នៅដ៏សប្បាយរីករាយនិងគាប់ចិត្ត។—ចម្រៀងសរសើរព្រះ ១៤៤:១៥; ម៉ាថាយ ៥:៣
ថ្ងៃទី១២-១៨ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី២ ១៦-១៧
«ចិត្តអត់ធ្មត់របស់ព្រះយេហូវ៉ាមានកម្រិត»
it-2-E ទំ.៩០៨ វ.៥
សាលម៉ាននីសឺ
ការគ្រប់គ្រងលើស្រុកអ៊ីស្រាអែល។ ក្នុងអំឡុងការគ្រប់គ្រងរបស់ស្ដេចហូស៊ានៃស្រុកអ៊ីស្រាអែល (ប. ឆ្នាំ៧៥៨-៧៤០មុនគ.ស.) សាលម៉ាននីសឺជាស្ដេចនៃស្រុកអាស៊ីរីបានឈ្លានពានដល់ស្រុកប៉ាឡេស្ទីន ហើយហូស៊ាបានសុខចិត្តបម្រើស្ដេចនោះ ថែមទាំងយល់ព្រមបង់សួយអាករដល់គាត់ផង។ (២បស. ១៧:១-៣) ក៏ប៉ុន្តែ ក្រោយមក ហូស៊ាមិនបានបង់សួយអាករទេ ហើយត្រូវបានគេរកឃើញថាបានឃុបឃិតជាមួយស្ដេចសូនៃស្រុកអេហ្ស៊ីប។ ជាលទ្ធផល សាលម៉ាននីសឺបានដាក់ហូស៊ាឲ្យស្ថិតនៅក្រោមការឃុំឃាំង ហើយក្រោយមកបានឡោមព័ទ្ធទីក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។ នៅទីបំផុត ទីក្រុងនេះដែលមានកំពែងរឹងមាំបានដួលរលំ ហើយជនជាតិអ៊ីស្រាអែលបាននាំទៅជាឈ្លើយ។—២បស. ១៧:៤-៦; ១៨:៩-១២; ហូ. ៧:១១; អេគ. ២៣:៤-១០
it-1-E ទំ.៤១៤-៤១៥
ការធ្វើជាឈ្លើយ
មូលហេតុដែលរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០ និងរាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធ២បានត្រូវនាំទៅជាឈ្លើយគឺដូចគ្នា ពោលគឺពួកគេបានលះចោលការគោរពប្រណិប័តន៍ពិតដើម្បីបម្រើព្រះមិនពិត។ (បច. ២៨:១៥, ៦២-៦៨; ២បស. ១៧:៧-១៨; ២១:១០-១៥) ព្រះយេហូវ៉ាបានចាត់អ្នកប្រកាសទំនាយរបស់លោកម្ដងហើយម្ដងទៀតដើម្បីព្រមានពួកគេ តែពួកគេមិនធ្វើតាមការព្រមាននោះទេ។ (២បស. ១៧:១៣) គ្មានស្ដេចណាមួយក្នុងរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០ បានលុបបំបាត់ចោលទាំងស្រុងនូវការគោរពប្រណិប័តន៍មិនពិត ដែលបានត្រូវបានបង្កើតឡើងដោយយេរ៉ូបោមជាស្ដេចទី១នៃស្រុកនោះទេ។ ស្រុកយូដាក៏មិនបានធ្វើតាមការព្រមានដ៏ចំៗរបស់ព្រះយេហូវ៉ា និងទាញមេរៀនពីគំរូនៃស្រុកអ៊ីស្រាអែលដែលធ្លាប់បានជាប់ជាឈ្លើយនោះដែរ។ (យេ. ៣:៦-១០) នៅទីបំផុត បណ្ដាជនពីរាជាណាចក្រទាំងពីរបានត្រូវនាំទៅជាឈ្លើយជាច្រើនដង។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៨៤៧
ជនជាតិសាម៉ារី
ពាក្យថា«ពួកសាម៉ារី»មាននៅក្នុងគម្ពីរលើកដំបូងក្រោយរាជាណាចក្រសាម៉ារីដែលមានកុលសម្ព័ន្ធ១០ បានត្រូវវាយលុកយកដោយជនជាតិអាសស៊ើរនៅឆ្នាំ៧៤០មុនគ.ស.។ ដំបូង ឈ្មោះនេះគឺសំដៅទៅលើអស់អ្នកដែលរស់នៅរាជាណាចក្រខាងជើងនោះ មិនមែនសាសន៍ដទៃដែលជនជាតិអាសស៊ើរនាំចូលក្រោយពីពួកគេដណ្ដើមយកទឹកដីនោះទេ។ (២បស. ១៧:២៩) តាមមើលទៅ ពួកអាសស៊ើរមិនបានយកជនជាតិអ៊ីស្រាអែលទាំងអស់ចេញពីកន្លែងនោះទេ ដោយសារនៅប្រវត្តិហេតុទី២ ៣៤:៦-៩ (សូមពិនិត្យបន្ថែម ២បស. ២៣:១៩, ២០) បង្ហាញថាក្នុងអំឡុងរាជ្យរបស់ស្ដេចយ៉ូសៀស នៅតែមានជនជាតិអ៊ីស្រាអែលនៅស្រុកសាម៉ារី។ យូរៗទៅ«ពួកសាម៉ារី»សំដៅទៅលើពួកអ៊ីស្រាអែលដែលនៅសល់ក្នុងស្រុកសាម៉ារី និងអស់អ្នកដែលសាសន៍អាសស៊ើរនាំចូល។ ដូច្នេះ មនុស្សខ្លះនៅតំបន់នោះច្បាស់ជាបានរៀបការជាមួយជនជាតិផ្សេងៗ ហើយមានកូន។ អស់រយៈពេលយូរក្រោយមកទៀត ឈ្មោះនោះទាក់ទងខាងសាសនា ជាជាងខាងពូជសាសន៍ ឬខាងនយោបាយ។ «ពួកសាម៉ារី»សំដៅទៅលើសាសនាមួយដែលពេញនិយមនៅតំបន់ស៊ីគឹម និងតំបន់សាម៉ារីពីបុរាណ ហើយទំនៀមទម្លាប់សាសនានោះគឺខុសគ្នាឆ្ងាយពីសាសនាយូដា។—យ៉ូន. ៤:៩
ថ្ងៃទី១៩-២៥ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី២ ១៨-១៩
«របៀបដែលពួកអ្នកប្រឆាំងព្យាយាមធ្វើឲ្យយើងខ្សោយ»
w១០-E ១៥/៧ ទំ.១៣ វ.៣
«កុំខ្លាចឡើយ ខ្ញុំនឹងជួយអ្នក»
រ៉ាបសាកេប្រើល្បិចកលដើម្បីធ្វើឲ្យមានការសង្ស័យ។ គាត់បាននិយាយថា៖ «ហេសេគាបានបំផ្លាញទីបូជានិងទីខ្ពស់ពិសិដ្ឋរបស់ព្រះ . . . ព្រះយេហូវ៉ាផ្ទាល់បាននិយាយមកកាន់ខ្ញុំថា៖ ‹ចូរឡើងទៅច្បាំងហើយបំផ្លាញក្រុងនោះចោលទៅ›»។ (២បស. ១៨:២២, ២៥) ដូច្នេះ រ៉ាបសាកេអះអាងថាព្រះយេហូវ៉ានឹងមិនច្បាំងសម្រាប់រាស្ត្ររបស់លោកទេ ដោយសារលោកមិនពេញចិត្តនឹងពួកគេ។ ប៉ុន្តែនេះគឺមិនពិតទាល់តែសោះ ដោយសារព្រះយេហូវ៉ាពេញចិត្តនឹងហេសេគា និងជនជាតិយូដាដោយសារពួកគេបានត្រឡប់មកការគោរពប្រណិប័តន៍ពិតវិញ។—២បស. ១៨:៣-៧
yb៧៤-E ទំ.១៧៧ វ.១
ផ្នែកទី២ ប្រទេសអាល្លឺម៉ង់
គួរឲ្យចាប់អារម្មណ៍ ក្រុមប៉ូលីសប្រើល្បិចកលអាក្រក់ៗដើម្បីល្បួងឲ្យបុគ្គលម្នាក់ចុះហត្ថលេខាលែងធ្វើជាសាក្សី ហើយក្រោយពួកគាត់ចុះហត្ថលេខាហើយ ពួកប៉ូលីសបានធ្វើបាបពួកគាត់ខ្លាំងជាងមុនទៅទៀត។ បងខាល ឃើសបានបញ្ជាក់ចំណុចនេះដោយនិយាយថា៖ «ក្នុងជំរំឃុំឃាំង គេបានប្រើល្បិចកលជាច្រើនដើម្បីបោកបញ្ឆោតសាក្សីព្រះយេហូវ៉ាជាងអ្នកទោសឯទៀត។ ពួកគេគិតថាដោយធ្វើដូច្នេះពួកគេអាចបញ្ចុះបញ្ចូលសាក្សីព្រះយេហូវ៉ាឲ្យចុះហត្ថលេខា ហើយយើងបានត្រូវគេបង្ខំជាច្រើនដង។ អ្នកខ្លះបានចុះហត្ថលេខាមែន ប៉ុន្តែមុនត្រូវដោះលែង ភាគច្រើនពួកគាត់ត្រូវរង់ចាំមួយឆ្នាំជាង។ ក្នុងអំឡុងពេលនោះ ពួកគាត់បានរងការជេរប្រមាថពីក្រុមប៉ូលីសនៅមុខអ្នកឯទៀត ថាពួកគាត់ជាមនុស្សកំសាក និងជាមនុស្សលាក់ពុត ហើយពួកប៉ូលីសបានបង្ខំពួកគាត់ឲ្យដើរកាត់មុខបងប្អូនឯទៀតពេលពួកគាត់ត្រូវដោះលែង»។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១៥៥ វ.៤
បុរាណវត្ថុវិទ្យា
ជាឧទាហរណ៍ គម្ពីរបានចែងថាស្ដេចសានហេរីបនៃស្រុកអាស៊ីរីបានត្រូវសម្លាប់ដោយកូនប្រុសពីរនាក់របស់គាត់គឺអាត្រាម៉ាលេក និងសារេសឺ ហើយក្រោយមកកូនប្រុសម្នាក់ទៀតឈ្មោះអេសាហាដិនបានស្នងរាជ្យជាស្ដេច។ (២បស. ១៩:៣៦, ៣៧) ប៉ុន្តែ ប្រវត្តិហេតុរបស់ជនជាតិបាប៊ីឡូនបានរៀបរាប់ថានៅថ្ងៃទី២០ ខែតេបេថ កូនប្រុសម្នាក់របស់សានហេរីបបានបះបោរប្រឆាំង ហើយសម្លាប់គាត់។ ទាំងបារ៉ូសុស ដែលជាសង្ឃនៃជនជាតិបាប៊ីឡូននៅសតវត្សរ៍ទី៣មុនគ.ស. និងណាបូនីដាស ដែលជាស្ដេចនៃជនជាតិបាប៊ីឡូននៅសតវត្សរ៍ទី៦មុនគ.ស. បញ្ជាក់ថាសានហេរីបបានត្រូវសម្លាប់ដោយកូនប្រុសតែម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែ ថ្មីៗនេះ គេបានរកឃើញថ្មចម្លាក់មួយរបស់អេសាហាដិន ដែលជាកូនប្រុសរបស់សានហេរីបដែលបានស្នងរាជ្យ ហើយអេសាហាដិនបានប្រាប់យ៉ាងច្បាស់ថាបងប្អូនប្រុសៗរបស់គាត់បានបះបោរ សម្លាប់ឪពុក និងរត់គេចខ្លួន។ ក្នុងសៀវភៅអំពីប្រវត្តិសាស្ត្រជនជាតិយូដា ភីលីព ប៊ីប៊ឺហ្វេលបាននិយាយថា៖ «ប្រវត្តិហេតុរបស់ជនជាតិបាប៊ីឡូនដែលបានត្រូវរៀបរាប់ដោយបារ៉ូសុស និងណាបូនីដាសគឺមិនត្រឹមត្រូវនោះទេ មានតែកំណត់ហេតុក្នុងគម្ពីរប៉ុណ្ណោះដែលត្រឹមត្រូវ។ នេះបានត្រូវបញ្ជាក់ដោយអក្សរឆ្លាក់របស់អេសាហាដិន ហើយបង្ហាញថាអ្វីដែលគម្ពីរចែងអំពីប្រវត្តិសាស្ត្ររបស់ជនជាតិបាប៊ីឡូន និងជនជាតិអាសស៊ើរគឺត្រឹមត្រូវជាងអ្វីដែលជនជាតិបាប៊ីឡូនបានកត់ត្រាទៅទៀត។ ហេតុនេះហើយគឺសំខាន់ណាស់ដែលយើងពិនិត្យមើលប្រភពព័ត៌មានផ្សេងៗដែលមិនសមស្របនឹងគម្ពីរឲ្យបានច្បាស់» (Universal Jewish History)។
ថ្ងៃទី២៦ ខែធ្នូ–ថ្ងៃទី១ ខែមករា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | បណ្ដាស្ដេចទី២ ២០-២១
«សេចក្ដីអធិដ្ឋានជំរុញចិត្តព្រះយេហូវ៉ាឲ្យចាត់វិធានការ»
ip-1-E ទំ.៣៩៤ វ.២៣
ព្រះបានផ្ដល់រង្វាន់ដល់ស្ដេចដោយសារជំនឿរបស់គាត់
២៣ ប្រហែលនៅពេលដែលសានហេរីបមកច្បាំងនឹងស្រុកយូដាដំបូង ហេសេគាបានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង។ អេសាយប្រាប់គាត់ថា គាត់នឹងត្រូវស្លាប់។ (អេសាយ ៣៨:១) ស្ដេចដែលមានអាយុ៣៩ឆ្នាំម្នាក់នេះពិបាកចិត្តក្រៃលែង។ គាត់មិនត្រឹមតែបារម្ភអំពីជីវិតរបស់ខ្លួនប៉ុណ្ណោះទេ តែក៏បារម្ភអំពីអនាគតរាស្ត្ររបស់គាត់ដែរ។ ក្រុងយេរូសាឡិម និងស្រុកយូដាកំពុងជួបគ្រោះថ្នាក់ដោយសារសាសន៍អាសស៊ើរកំពុងតែឈ្លានពាន។ បើហេសេគាស្លាប់ទៅ តើអ្នកណានឹងដឹកនាំទ័ពទៅច្បាំងនឹងពួកសត្រូវ? នៅពេលនោះហេសេគាមិនមានកូនប្រុសដើម្បីគ្រប់គ្រងជំនួសគាត់ទេ។ ហេសេគាបានអធិដ្ឋានអង្វរសុំព្រះយេហូវ៉ាឲ្យបង្ហាញសេចក្ដីមេត្តាករុណាដល់គាត់។—អេសាយ ៣៨:២, ៣
g០១-E ២២/៧ ទំ.១៣ វ.៤
តើតាមរបៀបណាការអធិដ្ឋានអាចជួយខ្ញុំ?
នៅសម័យគម្ពីរ មនុស្សខ្លះដែលមានជំនឿបានទទួលចម្លើយចំពោះសេចក្ដីអធិដ្ឋានរបស់ពួកគាត់ដោយចំៗ ហើយដោយអព្ភូតហេតុទៀតផង។ ជាឧទាហរណ៍ ពេលស្ដេចហេសេគាដឹងថាគាត់មានជំងឺធ្ងន់ធ្ងរ គាត់បានអង្វរសុំព្រះឲ្យជួយសង្គ្រោះគាត់។ ព្រះបានតបទៅគាត់ថា៖ «ខ្ញុំបានឮសេចក្ដីអធិដ្ឋានរបស់អ្នកហើយ ក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ ខ្ញុំនឹងធ្វើឲ្យអ្នកជាសះស្បើយ»។ (បណ្ដាស្ដេចទី២ ២០:១-៦) បុរសនិងស្ត្រីឯទៀតដែលកោតខ្លាចព្រះក៏បានឃើញសេចក្ដីសង្គ្រោះពីព្រះស្រដៀងនឹងនេះដែរ។—សាំយូអែលទី១ ១:១-២០; ដានីយ៉ែល ១០:២-១២; សកម្មភាព ៤:២៤-៣១; ១០:១-៧
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.២៤០ វ.១
ខ្សែប្រយោល
នៅសម័យមុន គេប្រើខ្សែវាស់ដើម្បីសង់អគារតាមខ្នាតត្រឹមត្រូវ ឬដើម្បីពិនិត្យមើលគុណភាពនៃសំណង់នោះថាវាអាចនៅគង់វង្សឬយ៉ាងណា។ ព្រះយេហូវ៉ាបានទាយថា លោកនឹង«វាស់ក្រុងយេរូសាឡិមដោយខ្សែវាស់ដែលលោកបានប្រើសម្រាប់វាស់ក្រុងសាម៉ារី ហើយដូចដែលលោកបានប្រើខ្សែប្រយោលដើម្បីវាស់ពូជពង្សអាហាប់»។ ព្រះបានវាស់ក្រុងសាម៉ារី និងពូជពង្សអាហាប់ ហើយដោយសារតែពួកគេគ្មានខ្នាតតម្រាសីលធម៌ល្អ និងជាមនុស្សវៀចវេរ ដូច្នេះពួកគេនឹងត្រូវបំផ្លាញ។ ស្រដៀងគ្នាដែរ ព្រះនឹងវិនិច្ឆ័យក្រុងយេរូសាឡិមនិងអស់អ្នកគ្រប់គ្រងក្រុងនោះ ហើយបកអាក្រាតភាពទុច្ចរិតរបស់ពួកគេ និងបំផ្លាញទីក្រុងនោះចោល។ ព្រឹត្តិការណ៍ទាំងនេះបានត្រូវកើតឡើងនៅឆ្នាំ៦០៧មុនគ.ស.។ (២បស. ២១:១០-១៣; ១០:១១) តាមរយៈអេសាយ ព្រះយេហូវ៉ាបានព្រមានមនុស្សអួតអាងដ៏អាក្រក់ទាំងនោះ និងពួកអ្នកគ្រប់គ្រងបណ្ដាជនក្រុងយេរូសាឡិមអំពីសេចក្ដីវេទនាដែលនឹងមក ហើយប្រកាសថា៖ «ខ្ញុំនឹងយកយុត្តិធម៌ធ្វើជាខ្សែវាស់ យកសេចក្ដីសុចរិតជាឧបករណ៍វាស់ស្ទង់»។ សេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតពិតប្រាកដនឹងបើកបង្ហាញថាពួកគេជាអ្នកបម្រើរបស់ព្រះឬយ៉ាងណា ហើយនឹងសម្រេចថាពួកគេនឹងត្រូវរួចរស់ជីវិត ឬបំផ្លាញចោល។—អេ. ២៨:១៤-១៩