ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2023 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី៨-១៤ ខែឧសភា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១២៧១ វ.១-២
យេហូរ៉ាម
យ៉ាងហោចណាស់ ដោយសារតែឥទ្ធិពលអាក្រក់របស់ប្រពន្ធគាត់ឈ្មោះអាថាលៀ យេហូរ៉ាមមិនបានប្រព្រឹត្តដោយសុចរិតតាមគំរូរបស់យេហូសាផាតដែលជាឪពុកគាត់នោះទេ។ (២បស. ៨:១៨) គាត់មិនគ្រាន់តែសម្លាប់ប្អូនប្រុសរបស់គាត់ទាំង៦នាក់និងអភិបាលខ្លះនៃស្រុកយូដាប៉ុណ្ណោះទេ តែគាត់ក៏បាននាំបណ្ដាជនរបស់គាត់ឲ្យបែរចេញពីព្រះយេហូវ៉ាហើយទៅគោរពប្រណិប័តន៍ព្រះមិនពិតទៀតផង។ (២ប្រ. ២១:១-៦, ១១-១៤) រាជ្យរបស់គាត់ពោរពេញទៅដោយការប្រឆាំង ទាំងការប្រឆាំងនៅក្នុងស្រុកនិងការប្រឆាំងពីក្រៅស្រុក។ ដំបូងពួកអេដំបានបះបោរប្រឆាំង បន្ទាប់មកក្រុងលិបណាក៏ប្រឆាំងនឹងស្រុកយូដាដែរ។ (២បស. ៨:២០-២២) អេលីយ៉ាបានសរសេរសំបុត្រទៅយេហូរ៉ាមដោយព្រមានថា៖ «ព្រះយេហូវ៉ានឹងវាយប្រហាររាស្ត្ររបស់អ្នក ប្រពន្ធកូនអ្នក ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកទាំងអស់ផងដែរ»។ មិនត្រឹមតែប៉ុណ្ណោះ ស្ដេចយេហូរ៉ាម«នឹងរងទុក្ខដោយជំងឺជាច្រើន រួមទាំងជំងឺពោះវៀនផង។ អ្នកនឹងឈឺចាប់កាន់តែខ្លាំងដោយសារជំងឺនោះពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ពោះវៀនចេញមកក្រៅ»។—២ប្រ. ២១:១២-១៥
អ្វីទាំងអស់នេះបានកើតឡើងមែន។ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យពួកអារ៉ាប់និងពួកភីលីស្ទីនដណ្ដើមយកទឹកដី និងយកប្រពន្ធនិងកូនប្រុសៗរបស់យេហូរ៉ាម។ តែព្រះបានអនុញ្ញាតឲ្យកូនប្រុសពៅរបស់យេហូរ៉ាមឈ្មោះយេហូអាហាស (ឬហៅថាអាហាស៊ីយ៉ា)ឲ្យរួចខ្លួន ដោយសារលោកយល់ដល់កិច្ចព្រមព្រៀងដែលលោកបានធ្វើជាមួយនឹងដាវីឌ។ «ក្រោយពីរឿងទាំងនោះ ព្រះយេហូវ៉ាបានធ្វើឲ្យ[យេហូរ៉ាម]រងទុក្ខវេទនាដោយជំងឺពោះវៀនដែលមិនអាចព្យាបាលបាន»។ ពីរឆ្នាំក្រោយមក «ពោះវៀនគាត់ធ្លាយចេញមកក្រៅ» ហើយគាត់ក៏បានស្លាប់ទៅ។ ដូច្នេះនេះគឺជាទីបញ្ចប់នៃបុរសដ៏ទុច្ចរិតនេះ ហើយ«ពេលគាត់ស្លាប់គ្មានអ្នកណាម្នាក់ស្ដាយស្រណោះគាត់ឡើយ»។ គាត់បានត្រូវបញ្ចុះសពនៅក្នុងក្រុងរបស់ដាវីឌ «តែមិនមែននៅទីបញ្ចុះសពរបស់បណ្ដាស្ដេចទេ»។ អាហាស៊ីយ៉ាដែលជាកូនប្រុសរបស់គាត់ បានក្លាយជាស្ដេចបន្ទាប់ពីគាត់។—២ប្រ. ២១:៧, ១៦-២០; ២២:១; ១ប្រ. ៣:១០, ១១
ថ្ងៃទី១៥-២១ ខែឧសភា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី២ ២២-២៤
«ព្រះយេហូវ៉ាឲ្យរង្វាន់ដល់ការប្រព្រឹត្តដ៏ក្លាហាន»
w០៩-E ១/៤ ទំ.២៤ វ.១-២
យេហូអាសបានចាកចេញពីព្រះយេហូវ៉ាដោយសារការសេពគប់អាក្រក់
នោះជាពេលវេលាដ៏អាក្រក់ក្នុងក្រុងយេរូសាឡិម ជាទីកន្លែងនៃវិហាររបស់ព្រះ។ ស្ដេចអាហាស៊ីយ៉ាបានត្រូវគេសម្លាប់។ គឺពិបាកឲ្យយើងជឿនូវអ្វីដែលម្ដាយរបស់អាហាស៊ីយ៉ាគឺអាថាលៀបានធ្វើក្រោយមក។ នាងបានសម្លាប់កូនប្រុសរបស់អាហាស៊ីយ៉ា ដែលត្រូវជាចៅរបស់នាង! តើអ្នកដឹងទេហេតុអ្វីបានជានាងធ្វើដូច្នេះ? គឺដោយសារនាងចង់ធ្វើជាស្ដេច។
ទោះជាយ៉ាងនោះក្ដី ចៅប្រុសរបស់នាងដែលជាយេហូអាសបានរួចរស់ជីវិត ហើយនាងមិនបានដឹងអំពីរឿងនេះទេ។ តើនេះបានកើតឡើងតាមរបៀបណា? គឺយេហូអាសមានមីងម្នាក់ឈ្មោះយេហូសេបៀរ ដែលបានលាក់គាត់ក្នុងវិហាររបស់ព្រះ។ គាត់អាចធ្វើដូច្នេះបានដោយសារយេហូយ៉ាដាដែលជាប្ដីរបស់គាត់ជាសម្ដេចសង្ឃ។ ដូច្នេះពួកគាត់ទាំងពីរនាក់បានធ្វើឲ្យប្រាកដថាយេហូអាសមានសុវត្ថិភាព។
w០៩-E ១/៤ ទំ.២៤ វ.៣-៥
យេហូអាសបានចាកចេញពីព្រះយេហូវ៉ាដោយសារការសេពគប់អាក្រក់
យេហូអាសបានត្រូវលាក់ទុកក្នុងវិហារអស់រយៈពេល៦ឆ្នាំ។ គាត់បានរៀនអំពីព្រះយេហូវ៉ានិងច្បាប់ទាំងអស់របស់លោក។ នៅទីបំផុតពេលយេហូអាសមានអាយុ៧ឆ្នាំ យេហូយ៉ាដាបានចាត់វិធានការដើម្បីតែងតាំងយេហូអាសឲ្យធ្វើជាស្ដេច។ តើយេហូយ៉ាដាបានធ្វើដូច្នេះតាមរបៀបណា ហើយតើមានអ្វីកើតឡើងចំពោះមហាក្សត្រីដ៏ទុច្ចរិតអាថាលៀដែលត្រូវជាយាយរបស់យេហូអាស?
យេហូយ៉ាដាបានអញ្ជើញអង្គរក្សស្ដេចពិសេសដោយសម្ងាត់។ គាត់បានប្រាប់ពួកគេថាគាត់និងប្រពន្ធរបស់គាត់បានសង្គ្រោះកូនតូចរបស់ស្ដេចអាហាស៊ីយ៉ា។ បន្ទាប់មកយេហូយ៉ាដាបាននាំយេហូអាសមកបង្ហាញដល់អង្គរក្សទាំងនោះ ដែលទទួលស្គាល់ថាគាត់មានសិទ្ធិត្រឹមត្រូវក្នុងការធ្វើជាស្ដេច។ រួចពួកគេបានរៀបចំគម្រោង។
យេហូយ៉ាដាបាននាំយេហូអាសចេញមកហើយបំពាក់មកុដឲ្យគាត់។ បណ្ដាជន«ទះដៃអបអរ ហើយនិយាយថា៖ ‹សូមឲ្យស្ដេចមានអាយុវែង!›»។ ពួកអង្គរក្សបានឈរនៅជុំវិញយេហូអាសដើម្បីការពារគាត់។ ក្រោយមកពេលអាថាលៀបានឮបណ្ដាជនទាំងអស់អរសប្បាយហើយផ្លុំត្រែ នាងក៏រត់ទៅមើលដើម្បីប្រឆាំង។ ប៉ុន្តែយេហូយ៉ាដាបានបញ្ជាឲ្យពួកអង្គរក្សសម្លាប់នាងចោល។—២បស. ១១:១-១៦
it-1-E ទំ.៣៧៩ វ.៥
ទីបញ្ចុះសព
សម្ដេចសង្ឃដ៏សុចរិតយេហូយ៉ាដាបានទទួលកិត្តិយសដោយសារសពរបស់គាត់បានត្រូវគេបញ្ចុះ«នៅក្រុងដាវីឌជាមួយនឹងបណ្ដាស្ដេច»។ គាត់ជាបុគ្គលតែម្នាក់គត់ដែលមិនមែនជាវង្សត្រកូលស្ដេច ដែលបានទទួលកិត្តិយសបែបនេះ។—២ប្រ. ២៤:១៥, ១៦
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.១២២៣ វ.១៣
សាការី
១២. កូនប្រុសរបស់សម្ដេចសង្ឃយេហូយ៉ាដា។ ក្រោយពីយេហូយ៉ាដាបានស្លាប់ ស្ដេចយេហូអាសបានបែរចេញពីការគោរពប្រណិប័តន៍ពិត ហើយស្ដាប់តាមឱវាទមិនត្រឹមត្រូវជាជាងស្ដាប់តាមអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា។ សាការីដែលត្រូវជាបងប្អូនជីដូនមួយនឹងយេហូអាស (២ប្រ. ២២:១១) បានព្រមានបណ្ដាជនអំពីរឿងនេះ ប៉ុន្តែជាជាងប្រែចិត្ត ពួកគេបានគប់សម្លាប់គាត់នឹងថ្មនៅទីធ្លាវិហារ។ មុនស្លាប់ សាការីបាននិយាយថា៖ «សូមឲ្យព្រះយេហូវ៉ាដាក់ទោសអ្នកចំពោះការប្រព្រឹត្តរបស់អ្នកចុះ»។ ការស្នើសុំរបស់អ្នកប្រកាសទំនាយម្នាក់នេះបានក្លាយជាការពិត ដោយសារពួកស៊ីរីបានបំផ្លាញស្រុកយូដាយ៉ាងខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះយេហូអាសបានត្រូវសម្លាប់ដោយអ្នកបម្រើពីរនាក់របស់គាត់«ដោយសារគាត់បានសម្លាប់កូនរបស់យេហូយ៉ាដាជាសង្ឃ»។ សេចក្ដីបកប្រែសេបធួជីនជាភាសាក្រិច និងសេចក្ដីបកប្រែវ៉ុលកេតជាភាសាឡាតាំងបានបកប្រែឃ្លានេះថាយេហូអាសបានត្រូវសម្លាប់ដើម្បីសងសឹកសម្រាប់«កូនប្រុស»របស់យេហូយ៉ាដា។ ប៉ុន្តែ ក្នុងឯកសារចម្លងរបស់ពួកម៉ាសូរ៉េត និងសេចក្ដីបកប្រែភេស៊ីតាជាភាសាស៊ីរីអាកបានបកពាក្យនោះថា«កូនប្រុសៗ» ដែលប្រហែលជាចង់មានន័យថា សាការីជាកូនប្រុសរបស់យេហូយ៉ាដាគឺមានតម្លៃស្មើនឹងកូនប្រុសៗជាច្រើននាក់។—២ប្រ. ២៤:១៧-២២, ២៥
ថ្ងៃទី២២-២៨ ខែឧសភា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី២ ២៥-២៧
«ព្រះយេហូវ៉ាអាចផ្ដល់ឲ្យអ្នកច្រើនជាងនោះទៅទៀត»
it-1-E ទំ.១២៦៦ វ.៦
យេហូអាស
យេហូអាសក៏បានជួលទាហានរាប់ពាន់នាក់ពីស្រុកយូដាដើម្បីច្បាំងជាមួយនឹងពួកអេដំ។ ទោះជាយ៉ាងនោះក្ដីតាមរយៈការណែនាំពី«តំណាងម្នាក់របស់ព្រះពិត» ពួកគេក៏បានរំសាយទ័ព ហើយទោះបីជាពួកគេបានចំណាយប្រាក់អស់១០០ថាលិនរួចហើយក្ដី (៦៦០.៦០០ដុល្លា) ពួកគេបានត្រឡប់ទៅវិញ ទាំងមានចិត្តក្ដៅក្រហាយ។ នេះប្រហែលជាដោយសារតែពួកគេបានបាត់បង់ឱកាសក្នុងការរឹបអូសយកទ្រព្យសម្បត្តិ។ ដូច្នេះក្រោយពីពួកគេបានត្រឡប់មកវិញ ពួកគេបានប្លន់ក្រុងផ្សេងៗនៅរាជាណាចក្រខាងត្បូង ចាប់តាំងពីក្រុងសាម៉ារីរហូតដល់ក្រុងបេតហូរ៉ុន។—២ប្រ. ២៥:៦-១០, ១៣
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
W០៧-E ១៥/១២ ទំ.១០ វ.១-២
តើអ្នកមានបងប្អូនដែលមានភាពចាស់ទុំដែលអាចជួយអ្នកឬទេ?
នៅអាយុ១៦ឆ្នាំ អូសៀសបានក្លាយជាស្ដេចនៃរាជាណាចក្រខាងត្បូងនៃស្រុកយូដា។ ការគ្រប់គ្រងរបស់គាត់មានរយៈពេលច្រើនជាង៥០ឆ្នាំ ចាប់ពីចុងសតវត្សរ៍ទី៩ដល់ដើមសតវត្សរ៍ទី៨មុនគ.ស.។ តាំងពីនៅក្មេង អូសៀស«តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត»។ តើអ្វីបាននាំឲ្យគាត់មានការប្រព្រឹត្តល្អបែបនេះ? កំណត់ហេតុក្នុងគម្ពីរបានបញ្ជាក់ថា៖ «[អូសៀស]បានបម្រើព្រះកាលដែលសាការីនៅរស់ ព្រោះសាការីបានបង្រៀនគាត់ឲ្យកោតខ្លាចព្រះពិត។ នៅគ្រាដែលអូសៀសបម្រើព្រះយេហូវ៉ា លោកបានឲ្យគាត់ចម្រុងចម្រើន»។—ប្រវត្តិហេតុទី២ ២៦:១, ៤, ៥
ក្រៅពីកំណត់ហេតុក្នុងគម្ពីរនេះ យើងមិនមានព័ត៌មានច្រើនអំពីសាការីដែលជាអ្នកឲ្យយោបល់ដល់ស្ដេចនោះទេ។ ប៉ុន្តែក្នុងនាមជាអ្នក‹បង្រៀនអ្នកឯទៀតឲ្យកោតខ្លាចព្រះពិត› សាការីច្បាស់ជាបានជះឥទ្ធិពលល្អទៅលើអូសៀសដែលជាស្ដេចវ័យក្មេង ឲ្យគាត់ធ្វើអ្វីត្រឹមត្រូវ។ គម្ពីរមួយបានបញ្ជាក់ឲ្យដឹងថាសាការីគឺពិតជា«បុរសម្នាក់ដែលបានរៀនសូត្រហើយមានចំណេះយ៉ាងច្រើនអំពីព្រះ មានបទពិសោធន៍ ហើយមានសមត្ថភាពក្នុងការចែករំលែកចំណេះរបស់គាត់»។ (The Expositor’s Bible) បណ្ឌិតខាងគម្ពីរម្នាក់បាននិយាយអំពីសាការីថា៖ «គាត់ជាបុគ្គលដែលស្គាល់ទំនាយយ៉ាងច្បាស់ ហើយ . . . មានភាពវៃឆ្លាត មានភក្ដីភាព ជាបុរសល្អ ហើយតាមមើលទៅគាត់បានជះឥទ្ធិពលល្អទៅលើអូសៀស»។
ថ្ងៃទី២៩ ខែឧសភា–ថ្ងៃទី៤ ខែមិថុនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w១២-E ១៥/២ ទំ.២៤-២៥
ណាថាន់ អ្នកតស៊ូដ៏ស្មោះត្រង់នៃការគោរពប្រណិប័តន៍ពិត
ក្នុងនាមជាអ្នកគោរពប្រណិប័តន៍ព្រះដ៏ស្មោះត្រង់ ណាថាន់បានគាំទ្រយ៉ាងខ្នះខ្នែងនូវគម្រោងរបស់ដាវីឌក្នុងការសាងសង់វិហារជាកន្លែងគោរពប្រណិប័តន៍ព្រះតែមួយនៅលើផែនដី។ ប៉ុន្តែ ក្នុងករណីនេះ ណាថាន់បានឲ្យយោបល់របស់ខ្លួនជាជាងនិយាយតាមពាក្យរបស់ព្រះយេហូវ៉ា។ នៅយប់នោះ ព្រះបានប្រាប់ណាថាន់ឲ្យទៅប្រាប់ដាវីឌថាគាត់មិនមែនជាអ្នកសង់វិហាររបស់ព្រះយេហូវ៉ាទេ។ អ្នកដែលនឹងត្រូវសង់វិហារនោះគឺជាកូនប្រុសម្នាក់របស់ដាវីឌ។ ប៉ុន្តែណាថាន់បានប្រកាសប្រាប់ដាវីឌថាព្រះនឹងធ្វើកិច្ចព្រមព្រៀងជាមួយនឹងដាវីឌថាបល្ល័ង្ករបស់គាត់នឹង«រឹងមាំជារៀងរហូត»។—២សាំ. ៧:៤-១៦
គោលបំណងរបស់ព្រះគឺមិនស្របគ្នាជាមួយនឹងការវិនិច្ឆ័យរបស់ណាថាន់ស្ដីអំពីការសាងសង់វិហារឡើយ។ ទោះជាយ៉ាងនោះក្ដី ដោយមិនរអ៊ូរទាំ អ្នកប្រកាសទំនាយដែលមានចិត្តរាបទាបម្នាក់នេះបានចុះចូលនឹងគោលបំណងរបស់ព្រះយេហូវ៉ា។ នេះពិតជាគំរូដ៏ល្អណាស់សម្រាប់យើង បើព្រះកែតម្រង់យើងតាមរបៀបណាមួយ! ការប្រព្រឹត្តបន្តបន្ទាប់របស់ណាថាន់បង្ហាញថាព្រះយេហូវ៉ានៅតែពេញចិត្តគាត់។ ជាក់ស្ដែងនេះបានត្រូវបង្ហាញនៅពេលដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យណាថាន់ជាមួយនឹងកាដជាអ្នកដែលទទួលការបើកបង្ហាញពីព្រះ ណែនាំដាវីឌក្នុងការរៀបចំពួកអ្នកច្រៀងនិងអ្នកលេងឧបករណ៍ភ្លេងចំនួន៤.០០០នាក់ក្នុងវិហាររបស់ព្រះយេហូវ៉ា។—១ប្រ. ២៣:១-៥; ២ប្រ. ២៩:២៥
ថ្ងៃទី៥-១១ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី២ ៣០-៣១
«ការជួបជុំគ្នាគឺល្អសម្រាប់យើង»
it-1-E ទំ.១១០៣ វ.២
ហេសេគា
ចិត្តខ្នះខ្នែងរបស់គាត់ចំពោះការគោរពប្រណិប័តន៍ពិត។ ហេសេគាបានបង្ហាញចិត្តខ្នះខ្នែងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាភ្លាមៗក្រោយពីគាត់បានក្លាយជាស្ដេចនៅអាយុ២៥ឆ្នាំ។ អ្វីដែលគាត់ធ្វើដំបូងបំផុតគឺបើក ហើយជួសជុលវិហាររបស់ព្រះឡើងវិញ។ បន្ទាប់មកគាត់បានហៅពួកសង្ឃនិងពួកលេវីទាំងអស់ ហើយនិយាយទៅពួកគេថា៖ «ខ្ញុំមានចិត្តចង់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងព្រះយេហូវ៉ា»។ នេះគឺជាកិច្ចព្រមព្រៀងដែលបញ្ជាក់ពីភាពស្មោះត្រង់របស់ពួកគេចំពោះព្រះ គឺហាក់ដូចជាកិច្ចព្រមព្រៀងខាងច្បាប់បានត្រូវធ្វើឡើងជាថ្មីម្ដងទៀតនៅក្នុងស្រុកយូដា។ ដោយចិត្តខ្នះខ្នែងយ៉ាងខ្លាំង គាត់បានបន្តរៀបចំឲ្យមានពួកលេវីដើម្បីពួកគេអាចបំពេញកិច្ចបម្រើឡើងវិញ ហើយគាត់បានរៀបចំឲ្យមានក្រុមអ្នកចម្រៀង និងអ្នកលេងភ្លេងដើម្បីសរសើរព្រះយេហូវ៉ាម្ដងទៀត។ នោះត្រូវជាខែណែសាន ជាខែដែលត្រូវធ្វើបុណ្យរំលង ប៉ុន្តែវិហារ ពួកសង្ឃ និងពួកលេវីនៅមិនទាន់ស្អាតបរិសុទ្ធនៅឡើយ។ នៅថ្ងៃទី១៦ខែណែសាន វិហារបានស្អាតបរិសុទ្ធ ហើយឧបករណ៍ប្រើប្រាស់ក្នុងវិហារបានត្រូវរៀបចំឡើងវិញ។ ក្រោយមក គាត់រៀបចំឲ្យមានការជម្រះភាពខុសឆ្គងរបស់បណ្ដាជនអ៊ីស្រាអែលទាំងអស់។ ពួកអភិបាលបានយកគ្រឿងបូជាអំពើខុសឆ្គងសម្រាប់រាជាណាចក្រទាំងមូល សម្រាប់ទីបរិសុទ្ធ និងសម្រាប់ពួកបណ្ដាជន។ ក្រោយមក ពួកបណ្ដាជនក៏បាននាំយកគ្រឿងបូជាដុតរាប់ពាន់មកបូជាផងដែរ។—២ប្រ. ២៩:១-៣៦
it-1-E ទំ.១១០៣ វ.៣
ហេសេគា
ដោយសារបណ្ដាជនមិនទាន់មានភាពស្អាតបរិសុទ្ធ ពួកគេមិនអាចធ្វើពិធីបុណ្យរំលងនៅពេលកំណត់ទេ។ ដូច្នេះ ហេសេគាបានធ្វើតាមច្បាប់ដែលអនុញ្ញាតឲ្យអ្នកដែលមិនស្អាតបរិសុទ្ធធ្វើបុណ្យរំលងមួយខែក្រោយមក។ គាត់មិនត្រឹមតែហៅបណ្ដាជនពីស្រុកយូដាប៉ុណ្ណោះទេ តែគាត់ក៏បានអញ្ជើញបណ្ដាជនពីស្រុកអ៊ីស្រាអែលតាមរយៈអ្នកនាំសារចាប់តាំងពីក្រុងបៀរសេបាដល់ក្រុងដាន់។ អ្នកនាំសារបានជួបការប្រឆាំងជាច្រើន ប៉ុន្តែក៏នៅមានមនុស្សមួយចំនួនដែលមកពីកុលសម្ព័ន្ធអេស៊ើរ ម៉ាណាសេ សេប៊ូឡូន អេប្រាអ៊ីម និងអ៊ីសាខារ ដែលបានបន្ទាបខ្លួនហើយចូលរួមបុណ្យរំលងដែរ។ សូម្បីតែមនុស្សជាច្រើនដែលមិនមែនជាជនជាតិអ៊ីស្រាអែលតែជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាក៏បានចូលរួមផងដែរ។ វាប្រហែលជាការពិបាកចំពោះអស់អ្នកដែលរស់នៅរាជាណាចក្រខាងជើងដែលគាំទ្រការគោរពប្រណិប័តន៍ពិតក្នុងការចូលរួមពិធីបុណ្យនេះ។ ដូចពួកអ្នកនាំសារ ពួកគេប្រហែលជាបានទទួលការប្រឆាំងនិងការសើចចំអក ដោយសាររាជាណាចក្រខាងជើងគោរពប្រណិប័តន៍ព្រះមិនពិត ហើយកងទ័ពអាស៊ីរីបានឈ្លានពានទឹកដីរបស់ពួកគេ។—២ប្រ. ៣០:១-២០; ជប. ៩:១០-១៣
it-1-E ទំ.១១០៣ វ.៤-៥
ហេសេគា
ក្រោយពីបុណ្យរំលង ពិធីបុណ្យនំឥតដំបែដែលត្រូវធ្វើឡើងរយៈពេល៧ថ្ងៃបានត្រូវបន្ថែម៧ថ្ងៃទៀត ដោយមានការចូលរួមយ៉ាងសប្បាយរីករាយពីមនុស្សដែលនៅទីនោះ។ ទោះបីជាកំពុងស្ថិតក្នុងពេលវេលាដ៏គ្រោះថ្នាក់ក្ដី តែពរពីព្រះយេហូវ៉ាបាននាំឲ្យ«បណ្ដាជនទាំងអស់ក្នុងក្រុងយេរូសាឡិមមានចិត្តរីករាយនិងត្រេកអរជាខ្លាំង ព្រោះតាំងពីគ្រាសាឡូម៉ូនកូនដាវីឌជាស្ដេចស្រុកអ៊ីស្រាអែលមក មិនដែលមានពិធីបុណ្យដូចនេះក្នុងក្រុងយេរូសាឡិមឡើយ»។—២ប្រ. ៣០:២១-២៧
ការគោរពប្រណិប័តន៍ពិតបានត្រូវស្ថាបនាឡើងវិញ មិនគ្រាន់តែកើតឡើងដោយសារអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលពួកគេបានធ្វើបញ្ជាក់ថានេះបានកើតឡើងពិតប្រាកដមែន។ មុនពេលដែលបណ្ដាជនត្រឡប់ទៅផ្ទះវិញ ពួកគេបានចេញទៅបំផ្លាញបង្គោលថ្មពិសិដ្ឋ រំលំទីខ្ពស់ពិសិដ្ឋនិងទីបូជាទាំងឡាយ កាប់បំផ្លាញបង្គោលឈើពិសិដ្ឋដែលមានក្នុងទឹកដីយូដា ទឹកដីបេនយ៉ាមីន ទឹកដីអេប្រាអ៊ីមនិងទឹកដីម៉ាណាសេ។ (២ប្រ. ៣១:១) ហេសេគាទុកគំរូដោយបំផ្លាញរូបពស់ស្ពាន់ដែលម៉ូសេបានធ្វើ ដោយសារបណ្ដាជនបាននាំគ្នាគោរពប្រណិប័តន៍ ហើយជូនគ្រឿងបូជាឲ្យផ្សែងហុយឡើងចំពោះរូបនោះ។ (២បស. ១៨:៤) ក្រោយពីបញ្ចប់ពិធីបុណ្យនោះហើយ ហេសេគាបានតាំងចិត្តបន្តស្ថាបនាការគោរពប្រណិប័តន៍ពិតឡើងវិញ ដោយរៀបចំឲ្យមានពួកសង្ឃ និងកិច្ចបម្រើក្នុងវិហាររបស់ព្រះម្ដងទៀត ហើយគាត់បានដាស់តឿនបណ្ដាជនឲ្យធ្វើតាមច្បាប់ស្ដីអំពីការជូនផលដំបូង១ភាគ១០ទៅឲ្យពួកលេវី និងពួកសង្ឃ ហើយបណ្ដាជនបានធ្វើតាមច្បាប់នេះយ៉ាងអស់ពីចិត្ត។—២ប្រ. ៣១:២-១២
ថ្ងៃទី១២-១៨ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី២ ៣២-៣៣
«ចូរពង្រឹងបងប្អូនរបស់យើងក្នុងគ្រាលំបាក»
it-1-E ទំ.២០៤ វ.៥
អាស៊ីរី
សានហេរីប។ សានហេរីបជាកូនប្រុសរបស់ស្ដេចសាកនទី២បានវាយលុករាជាណាចក្រនៃស្រុកយូដាក្នុងអំឡុងឆ្នាំទី១៤នៃការគ្រប់គ្រងរបស់ស្ដេចហេសេគា (ឆ្នាំ៧៣២ មុនគ.ស.)។ (២បស. ១៨:១៣; អេ. ៣៦:១) ហេសេគាបានបះបោរប្រឆាំងនឹងការទាមទាររបស់ពួកអាស៊ីរី ដែលពួកគេបានតម្រូវពីអេហាសដែលជាឪពុករបស់គាត់។ (២បស. ១៨:៧) ដោយសារហេតុនេះ សានហេរីបឡើងទៅច្បាំងនឹងស្រុកយូដា ហើយតាមមើលទៅគាត់ដណ្ដើមយក៤៦ក្រុង (សូមពិនិត្យបន្ថែម អេ. ៣៦:១, ២) ហើយពីជំរុំរបស់គាត់នៅក្រុងឡាគីស សានហេរីបបានទាមទារប្រាក់ពីហេសេគាចំនួន៣០ថាលិនធ្វើពីមាស (ប្រហាក់ប្រហែល ១១.៥៦០.០០០ដុល្លារ) ហើយ៣០០ថាលិនធ្វើពីប្រាក់ (ប្រហាក់ប្រហែល ១.៩៨២.០០០ដុល្លារ)។ (២បស. ១៨:១៤-១៦; ២ប្រ. ៣២:១; សូមពិនិត្យបន្ថែម អេ. ៨:៥-៨) ទោះបីជាហេសេគាបានបង់ប្រាក់ឲ្យទាំងអស់ក្ដី សានហេរីបនៅតែបញ្ជូនតំណាងម្នាក់ឲ្យទៅបង្ខំហេសេគាឲ្យសុខចិត្តចុះចាញ់ដោយគ្មានល័ក្ខខ័ណ្ឌ។ (២បស. ១៨:១៧–១៩:៣៤; ២ប្រ. ៣២:២-២០) ព្រះយេហូវ៉ាបានសម្លាប់កងទ័ពរបស់សានហេរីបអស់ចំនួន១៨៥.០០០នាក់ក្នុងពេលតែមួយយប់ប៉ុណ្ណោះ ហើយនេះជាមូលហេតុដែលគាត់បានត្រឡប់ទៅក្រុងនីនីវេវិញ។ (២បស. ១៩:៣៥, ៣៦) ក្រោយមកកូនប្រុសពីរនាក់របស់គាត់បានសម្លាប់គាត់ ហើយកូនប្រុសម្នាក់ទៀតរបស់គាត់ឈ្មោះអេសាហាដិនបានគ្រប់គ្រងជាស្ដេចបន្ទាប់ពីគាត់។ (២បស. ១៩:៣៧; ២ប្រ. ៣២:២១, ២២; អេ. ៣៧:៣៦-៣៨) ព្រឹត្តិការណ៍ទាំងនេះបានត្រូវកត់ទុកនៅលើសិលាចារឹករបស់សានហេរីបនិងអេសាហាដិន លើកលែងតែការដែលព្រះបានសម្លាប់កងទ័ពរបស់ពួកអាស៊ីរីប៉ុណ្ណោះដែលមិនបានត្រូវកត់ទុកលើសិលាចារឹកទាំងនោះ។
ថ្ងៃទី១៩-២៥ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | ប្រវត្តិហេតុទី២ ៣៤-៣៦
«តើអ្នកកំពុងទទួលប្រយោជន៍យ៉ាងពេញលេញពីបណ្ដាំរបស់ព្រះឬទេ?»
it-1-E ទំ.១១៥៧ វ.៤
ហ៊ូលដា
ពេលដែលយ៉ូសៀសបានឮការអាននៃ«សៀវភៅច្បាប់» ដែលបានត្រូវរកឃើញដោយសម្ដេចសង្ឃហ៊ីលគីយ៉ា ក្នុងអំឡុងកិច្ចការជួសជុលវិហារឡើងវិញ គាត់បានចាត់គេឲ្យសួរព្រះយេហូវ៉ា។ ពួកគេបានទៅជួបហ៊ូលដាដែលជាស្ត្រីប្រកាសទំនាយពីព្រះយេហូវ៉ា ហើយនាងបានបកស្រាយថាអន្តរាយទាំងប៉ុន្មានដែលបានត្រូវកត់ទុកក្នុង«សៀវភៅច្បាប់»នេះ នឹងកើតលើប្រជាជាតិដែលបានបោះបង់ចោលជំនឿ។ ហ៊ូលដាក៏បានបន្ថែមថាដោយសារតែយ៉ូសៀសបានបង្ហាញចិត្តរាបទាបចំពោះព្រះយេហូវ៉ា នោះគាត់នឹងមិនទទួលទុក្ខវេទនាពីអន្តរាយនោះទេ ប៉ុន្តែសពរបស់គាត់នឹងត្រូវបញ្ចុះជាមួយបុព្វបុរសរបស់គាត់ដោយសេចក្ដីសុខសាន្តវិញ។—២បស. ២២:៨-២០; ២ប្រ. ៣៤:១៤-២៨