ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2023 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី៣-៩ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អែសរ៉ា ៤–៦
«ចូរកុំរារាំងកិច្ចការ»
w៨៦-E ១/២ ទំ.២៩, ប្រអប់ វ.២-៣
ព្រះយេហូវ៉ាបាន«មើលថែពួកបុរសចាស់ទុំ»
ក្រោយពីជនជាតិយូដាបានត្រឡប់មកពីទីក្រុងបាប៊ីឡូនវិញ ពួកគេមិនបានចាប់ផ្ដើមសាងសង់វិហាររបស់ព្រះយេហូវ៉ាភ្លាមៗនោះទេ តែពួកគេបានបង្អែបង្អង់អស់រយៈពេល១៦ឆ្នាំដោយសារភាពព្រងើយកន្តើយរបស់ពួកគេ។ អ្នកប្រកាសទំនាយហាកាយនិងសាការីបានជួយរំលឹកពួកគេអំពីកិច្ចការនេះ ហើយក្រោយមកពួកគេចាប់ផ្ដើមសាងសង់វិហាររបស់ព្រះឡើងវិញ។ ប៉ុន្តែ មិនយូរក្រោយមក ពួកមន្ត្រីជាន់ខ្ពស់ជនជាតិពើស៊ីបានប្រឆាំងកិច្ចការនេះ។ ពួកអ្នកប្រឆាំងបានសួរថា៖ «តើអ្នកណាបានចេញបញ្ជាឲ្យអ្នករាល់គ្នាសាងសង់វិហារនេះ?»។—អែសរ៉ា ៥:១-៣
ការតបឆ្លើយរបស់ជនជាតិយូដាចំពោះសំណួរនេះគឺសំខាន់ណាស់។ បើពួកអ្នកចាស់ទុំជនជាតិយូដាខ្លាចពួកមន្ត្រីជាន់ខ្ពស់ទាំងនោះ នេះអាចបញ្ឈប់ការសាងសង់វិហារឡើងវិញភ្លាមៗ។ បើពួកគាត់ជំទាស់នឹងមន្ត្រីជាន់ខ្ពស់ទាំងនោះ នេះក៏អាចមានការដាក់បម្រាមលើកិច្ចការសាងសង់នោះដែរ។ ដូច្នេះ ពួកអ្នកចាស់ទុំ (ដែលបានត្រូវនាំមុខដោយអភិបាលសេរ៉ូបាបិលនិងសម្ដេចសង្ឃយ៉ូស្វេ) បានតបឆ្លើយតាមរបៀបដែលមានប្រសិទ្ធភាព និងតាមរបៀបដែលមិនធ្វើឲ្យពួកមន្ត្រីជាន់ខ្ពស់ទាំងនោះទើសចិត្ត។ ពួកគាត់បានរំលឹកពួកមន្ត្រីជាន់ខ្ពស់អំពីបញ្ជាដ៏ចាស់មួយរបស់ស្ដេចស៊ីរូស ដែលអនុញ្ញាតឲ្យជនជាតិយូដាសាងសង់វិហាររបស់ពួកគេឡើងវិញ។ ពួកមន្ត្រីជាន់ខ្ពស់ទាំងនោះដឹងថាជនជាតិពើស៊ីមិនដែលផ្លាស់ប្ដូរច្បាប់ដែលមកពីស្ដេចទេ ដូច្នេះដោយឈ្លាសវៃ ពួកគេសម្រេចចិត្តមិនប្រឆាំងនឹងបញ្ជារបស់ស្ដេចនោះទេ។ យ៉ាងនេះ ការសាងសង់អាចបន្តរហូតដល់ស្ដេចដារីយុសបានចេញបញ្ជាជាផ្លូវការ ដែលបញ្ជាក់ថាជនជាតិយូដាមានសិទ្ធិធ្វើកិច្ចការនេះ។—អែសរ៉ា ៥:១១-១៧; ៦:៦-១២
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w៩៣-E ១៥/៦ ទំ.៣២ ៣-៥
តើអ្នកអាចទុកចិត្តគម្ពីរឬទេ?
មានកាក់មួយដែលបានត្រូវធ្វើនៅទីក្រុងតើសុស ដែលសព្វថ្ងៃនេះជាក្រុងមួយដែលស្ថិតនៅរវាងទិសខាងត្បូងនិងទិសខាងលិច ក្នុងប្រទេសតួកគី។ គេបានធ្វើកាក់នោះក្នុងអំឡុងការគ្រប់គ្រងរបស់អភិបាលជនជាតិពើស៊ីម្នាក់ឈ្មោះម៉ាហ្សេអឹស នៅសតវត្សរ៍ទី៤មុនគ.ស.។ កាក់នោះបញ្ជាក់ថាគាត់ជាអភិបាលនៃ«តំបន់ខាងនាយទន្លេ» ពោលគឺទន្លេអឺប្រាត។
ប៉ុន្តែហេតុអ្វីពាក្យទាំងនេះសំខាន់ម្ល៉េះ? ដោយសារមានពាក្យដូចគ្នានៅក្នុងគម្ពីរដែរ។ អែសរ៉ា ៥:៦–៦:១៣ បានរៀបរាប់អំពីការប្រស្រ័យទាក់ទងរវាងដារីយុសជាស្ដេចពើស៊ីនិងអភិបាលម្នាក់ឈ្មោះថាថិនណាយ។ ពួកគេបានទាក់ទងគ្នាអំពីការសាងសង់វិហារឡើងវិញរបស់ជនជាតិយូដានៅក្រុងយេរូសាឡិម។ អែសរ៉ាជំនាញខាងចម្លងច្បាប់របស់ព្រះ ដូច្នេះយើងដឹងថាគាត់នឹងកត់ទុកព័ត៌មានយ៉ាងចំៗនិងត្រឹមត្រូវ។ នៅអែសរ៉ា ៥:៦ និង ៦:១៣ គាត់បានសរសេរអំពីថាថិនណាយថាជា«អភិបាលនៃតំបន់ខាងនាយទន្លេ»។
អែសរ៉ាបានសរសេរពាក្យទាំងនេះប្រហែលនៅឆ្នាំ៤៦០មុនគ.ស. គឺច្រើនជាង១០០ឆ្នាំមុនគេបានធ្វើកាក់នោះ។ មនុស្សខ្លះប្រហែលជាគិតថា ការរៀបរាប់អំពីមន្ត្រីណាមួយនៅសម័យមុនគឺមិនសូវសំខាន់ប៉ុន្មានទេ។ ប៉ុន្តែ បើយើងអាចទុកចិត្តអ្នកសរសេរគម្ពីរក្នុងការសរសេរយ៉ាងត្រឹមត្រូវអំពីព័ត៌មានតូចតាចដូចនេះ នេះពិតជានាំឲ្យយើងមានទំនុកចិត្តកាន់តែច្រើនទៅលើអ្វីៗផ្សេងទៀតដែលពួកគេបានសរសេរមែនទេ?
ថ្ងៃទី១០-១៦ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អែសរ៉ា ៧-៨
«ការប្រព្រឹត្តរបស់អែសរ៉ាលើកកិត្តិយសព្រះយេហូវ៉ា»
si-E ទំ.៧៥ វ.៥
សៀវភៅទី១៣នៅក្នុងគម្ពីរ — ប្រវត្តិហេតុទី១
៥ គ្មានអ្នកណាមានលក្ខណៈសម្បត្តិល្អជាងអែសរ៉ាដើម្បីកត់ទុកនិងចងក្រងប្រវត្តិសាស្ត្រពិត និងត្រឹមត្រូវដូចនេះឡើយ។ គម្ពីរចែងថា៖ «អែសរ៉ាបានត្រៀមចិត្តដើម្បីរៀនច្បាប់របស់ព្រះយេហូវ៉ា ហើយធ្វើតាមច្បាប់នោះ ព្រមទាំងបង្រៀនច្បាប់និងការវិនិច្ឆ័យរបស់ព្រះនៅស្រុកអ៊ីស្រាអែល»។ (អែសរ៉ា ៧:១០) ព្រះយេហូវ៉ាបានផ្ដល់ឫទ្ធានុភាពបរិសុទ្ធរបស់លោកដើម្បីជួយគាត់។ ស្ដេចពើស៊ីបានទទួលស្គាល់ថាអែសរ៉ាមានប្រាជ្ញាពីព្រះ ហើយបានផ្ដល់អំណាចដ៏ខ្លាំងក្លាដល់គាត់នៅក្នុងតំបន់យូដា។ (អែសរ៉ា ៧:១២-២៦) យ៉ាងនេះ ដោយមានការអនុញ្ញាតពីព្រះនិងពីស្ដេច នោះអែសរ៉ាអាចមានឯកសារដ៏ល្អៗជាច្រើន ដែលនេះបានជួយគាត់ក្នុងការសរសេរសៀវភៅរបស់គាត់។
it-1-E ទំ.១១៥៨ វ.៤
ចិត្តរាបទាប
ផ្ដល់ការណែនាំដ៏ត្រឹមត្រូវ។ អ្នកដែលបន្ទាបខ្លួនចំពោះព្រះនឹងទទួលការណែនាំពីលោក។ អែសរ៉ាមានភារកិច្ចដ៏ធ្ងន់ក្នុងការនាំបុរសជាង១.៥០០នាក់ ថែមទាំងពួកសង្ឃ ពួកនេធីនិម ពួកស្ត្រីនិងកូនក្មេង ឲ្យធ្វើដំណើរពីស្រុកបាប៊ីឡូនទៅក្រុងយេរូសាឡិមវិញ។ បន្ថែមទៅទៀត ពួកគេត្រូវជញ្ជូនមាសនិងប្រាក់ចំនួនច្រើនសម្រាប់វិហារនៅក្រុងយេរូសាឡិម។ ដូច្នេះ ពួកគេត្រូវការការការពារតាមផ្លូវ ប៉ុន្តែអែសរ៉ាមិនចង់សុំពលទាហានពីស្ដេចពើស៊ីទេ ដោយសារនេះអាចបង្ហាញថាគាត់ពឹងទៅលើកម្លាំងរបស់មនុស្ស។ គាត់ធ្លាប់និយាយទៅកាន់ស្ដេចថា៖ «ព្រះរបស់យើងនឹងជួយមើលការពារអស់អ្នកដែលស្វែងរកលោក»។ ដូច្នេះ គាត់បានតមអាហារដើម្បីឲ្យបណ្ដាជនបន្ទាបខ្លួនចំពោះព្រះយេហូវ៉ា។ ពួកគេបានអង្វរសុំជំនួយពីលោក ហើយលោកក៏បានស្ដាប់ពាក្យអង្វររបស់ពួកគេ និងការពារពួកគេពីខ្មាំងសត្រូវនិងពីក្រុមចោរប្លន់ ដើម្បីពួកគេអាចធ្វើដំណើរដល់ក្រុងយេរូសាឡិមដោយសុវត្ថិភាព។ (អែស. ៨:១-១៤, ២១-៣២) នៅក្រុងបាប៊ីឡូន អ្នកប្រកាសទំនាយដានីយ៉ែលបានបន្ទាបខ្លួនចំពោះព្រះយេហូវ៉ាក្នុងការស្វែងរកការណែនាំនិងការយល់ដឹង ដូច្នេះលោកបានចាត់ទេវតាមួយរូបដើម្បីពន្យល់គាត់ឲ្យឃើញក្នុងគំនិត។—ដាន. ១០:១២
ថ្ងៃទី២៤-៣០ ខែកក្កដា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | នេហេមា ១-២
be-E ទំ.១៧៧ វ.៤
ការថ្លែងដោយឥតបានត្រៀមទុកជាមុន
ពេលមានគេសុំឲ្យយើងពន្យល់អំពីជំនឿរបស់យើងភ្លាមៗ តើអ្វីអាចជួយយើងពន្យល់យ៉ាងមានប្រសិទ្ធភាព? សូមយកតម្រាប់តាមនេហេមា ដែលបានអធិដ្ឋានក្នុងចិត្តមុនគាត់ឆ្លើយសំណួររបស់ស្ដេចអើថាស៊ើកសេស។ (នេហ. ២:៤) បន្ទាប់មក សូមរៀបចំគម្រោងក្នុងគំនិតភ្លាមៗ។ គម្រោងសាមញ្ញប្រហែលមានដូចតទៅ៖ (១) ជ្រើសរើសចំណុចមួយឬពីរដែលអ្នកគួរពន្យល់ (២) សម្រេចចិត្តជ្រើសរើសបទគម្ពីរមួយណាដែលគាំទ្រចំណុចទាំងនោះ។ (៣) គិតអំពីរបៀបដែលអ្នកអាចចាប់ផ្ដើមពន្យល់ដោយមិនធ្វើឲ្យអ្នកសួរទើសចិត្ត តែចង់ស្ដាប់វិញ។ ក្រោយមក ចាប់ផ្ដើមពន្យល់។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w៨៦-E ១៥/២ ទំ.២៥
ការគោរពប្រណិប័តន៍ពិតបានទទួលជ័យជំនះ
មិនមែនទេ ពីព្រោះនេហេមាបានអធិដ្ឋានអំពីការខូចខាតនៅក្រុងយេរូសាឡិម«ទាំងយប់ទាំងថ្ងៃ» អស់មួយរយៈពេលរួចហើយ។ (១:៤, ៦) ពេលគាត់មានឱកាសប្រាប់ស្ដេចអើថាស៊ើកសេសអំពីបំណងចិត្តរបស់គាត់ក្នុងការសង់កំពែងក្រុងយេរូសាឡិមឡើងវិញ នោះនេហេមាបានអធិដ្ឋានម្ដងទៀត ដូចគាត់បានធ្វើជាច្រើនដងពីមុនរួចមកហើយ។ ជាលទ្ធផល ព្រះយេហូវ៉ាបានឆ្លើយតប ហើយនេះនាំឲ្យស្ដេចចាត់គាត់ឲ្យទៅសង់កំពែងក្រុងយេរូសាឡិមឡើងវិញ។
មេរៀនសម្រាប់យើង៖ នេហេមាបានសុំការណែនាំពីព្រះយេហូវ៉ា។ ដូចគ្នាដែរ ពេលយើងត្រូវធ្វើការសម្រេចចិត្តសំខាន់ៗ យើងត្រូវ«តស៊ូក្នុងការអធិដ្ឋាន» ហើយធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា។—រ៉ូម ១២:១២
ថ្ងៃ៧-១៣ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | នេហេមា ៥-៧
«នេហេមាចង់បម្រើអ្នកឯទៀត ជាជាងឲ្យអ្នកឯទៀតបម្រើគាត់»
w០២-E ១/១១ ទំ.២៧ វ.៣
អ្នកដែលគាំទ្រការគោរពប្រណិប័តន៍ពិតនៅសម័យមុននិងសម័យឥឡូវ
នេហេមាមិនត្រឹមតែបានផ្ដល់ពេលវេលានិងជំនាញរបស់គាត់ក្នុងការរៀបចំនោះប៉ុណ្ណោះទេ តែគាត់ថែមទាំងបានផ្ដល់ទ្រព្យសម្បត្តិរបស់គាត់ដើម្បីគាំទ្រការគោរពប្រណិប័តន៍ពិតដែរ។ គាត់បានប្រើលុយរបស់គាត់ដើម្បីលោះបងប្អូនជនជាតិយូដាពីភាពជាខ្ញុំបម្រើ។ គាត់បានឲ្យលុយគេខ្ចីដោយមិនយកការប្រាក់។ គាត់មិនដែល«ដាក់បន្ទុក»លើជនជាតិយូដា ដោយទារពួកគេនូវប្រាក់សម្រាប់ឋានៈរបស់គាត់ជាអភិបាល ទោះជាគាត់មានសិទ្ធិទទួលក៏ដោយ។ ផ្ទុយទៅវិញ គាត់បានផ្ដល់អាហារដល់«ពួកយូដាចំនួន១៥០នាក់ . . . និងពួកអ្នកដែលមកពីប្រជាជាតិនានា»។ ជារៀងរាល់ថ្ងៃ គាត់រៀបចំ«គោឈ្មោល១ក្បាល ចៀមល្អៗ៦ក្បាល និងសត្វស្លាបឯទៀត»សម្រាប់ភ្ញៀវរបស់គាត់។ បន្ថែមទៅទៀត រៀងរាល់១០ថ្ងៃ គាត់បានជូនពួកគេនូវ«ស្រាជាច្រើនគ្រប់ប្រភេទ» ដោយគាត់ផ្ទាល់ជាអ្នកចំណាយ។—នេហេមា ៥:៨, ១០, ១៤-១៨
w០០-E ១/២ ទំ.៣២
តើព្រះយេហូវ៉ានឹងគិតឬនឹកចាំអ្វីអំពីអ្នក?
ជាទៀងទាត់ គម្ពីរបង្ហាញថាពេលព្រះ«គិត»ឬ«នឹកចាំ»អំពីបុគ្គលណាម្នាក់ នេះមានន័យថាព្រះនឹងធ្វើអ្វីមួយដើម្បីជួយបុគ្គលនោះ។ ជាឧទាហរណ៍ ក្រោយមានទឹកជំនន់នៅលើផែនដីអស់រយៈពេល១៥០ថ្ងៃ «ព្រះគិតដល់ណូអេ . . . ដូច្នេះ លោកបានធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រកបន្តិចម្ដងៗ»។ (ដើមកំណើត ៨:១) រាប់រយឆ្នាំក្រោយមក ពួកភីលីស្ទីនបានធ្វើឲ្យសាំសុនខ្វាក់ភ្នែក និងដាក់ច្រវាក់គាត់ តែគាត់បានអធិដ្ឋានទៅព្រះថា៖ ‹ឱព្រះយេហូវ៉ាអើយ សូមលោកមេត្តានឹកចាំខ្ញុំផង សូមលោកផ្ដល់កម្លាំងឲ្យខ្ញុំតែម្ដងនេះទៀត›។ ព្រះយេហូវ៉ាបាននឹកចាំសាំសុនដោយផ្ដល់កម្លាំងលើសពីធម្មតាដើម្បីគាត់អាចសងសឹកសត្រូវរបស់ព្រះ។ (អ្នកសម្រេចក្ដី ១៦:២៨-៣០) រីឯនេហេមាវិញ ព្រះយេហូវ៉ាបានផ្ដល់ពរដល់ការព្យាយាមរបស់គាត់ ហើយការគោរពប្រណិប័តន៍ពិតបានត្រូវស្ថាបនាឡើងវិញនៅក្រុងយេរូសាឡិម។
ថ្ងៃ១៤-២០ ខែសីហា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១៤៥ វ.២
ភាសាអារ៉ាម
ប៉ុន្មានឆ្នាំក្រោយបន្ទាប់ពីជនជាតិយូដាបានត្រឡប់មកពីស្រុកបាប៊ីឡូនវិញ អែសរ៉ាដែលជាសង្ឃបានអានច្បាប់របស់ព្រះទៅកាន់ជនជាតិយូដាដែលជួបជុំគ្នានៅក្រុងយេរូសាឡិម។ ក្រោយមក ពួកលេវីផ្សេងៗបានពន្យល់អត្ថន័យទៅពួកគេ។ នេហេមា ៨:៨ចែងថា៖ «ពួកគេបានអានឮៗនូវច្បាប់របស់ព្រះឲ្យបណ្ដាជនស្ដាប់ ថែមទាំងបកស្រាយអត្ថន័យឲ្យបណ្ដាជនយល់ច្បាស់ទៀតផង»។ ការបកស្រាយនេះប្រហែលរួមបញ្ចូលការបកប្រែពីភាសាហេប្រឺទៅភាសាអារ៉ាម។ នេះគឺដោយសារពេលជនជាតិយូដានៅក្រុងបាប៊ីឡូន ពួកគេប្រហែលជាបានរៀនភាសាអារ៉ាមនៅទីនោះ។ ពិតណាស់ ការបកស្រាយនេះក៏រួមបញ្ចូលការពន្យល់យ៉ាងច្បាស់លាស់ដើម្បីជួយជនជាតិយូដាឲ្យយល់អត្ថន័យជ្រាលជ្រៅពីអ្វីៗដែលពួកគេបានឮ សូម្បីតែពួកគេយល់ភាសាហេប្រឺក៏ដោយ។
ថ្ងៃ២១-២៧ ខែសីហា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | នេហេមា ១០-១១
«ពួកគេធ្វើការលះបង់ប្រយោជន៍ខ្លួនដើម្បីព្រះយេហូវ៉ា»
w៨៦-E ១៥/២ ទំ.២៦
ការគោរពប្រណិប័តន៍ពិតបានទទួលជ័យជំនះ
ការចោលដីដែលជាមត៌កហើយរើទៅក្រុងយេរូសាឡិម នឹងនាំឲ្យជនជាតិយូដាខ្លះលះបង់ប្រយោជន៍ជាច្រើន ថែមទាំងជួបការពិបាកផ្សេងៗឯទៀតដែរ។ ពួកអ្នកដែលរស់នៅក្រុងនោះប្រហែលជានឹងប្រឈមមុខគ្រោះថ្នាក់ផ្សេងៗដែរ។ ដោយស្ថិតក្នុងស្ថានភាពបែបនោះ អ្នកឯទៀតចាត់ទុកពួកអ្នកដែលស្ម័គ្រចិត្តរើទៅក្រុងនោះថា ជាមនុស្សដែលគួរឲ្យសរសើរ ហើយពិតជាបានអធិដ្ឋានឲ្យព្រះយេហូវ៉ាផ្ដល់ពរដល់ពួកគេ។
ថ្ងៃ២៨ ខែសីហា–ថ្ងៃទី៣ ខែកញ្ញា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | នេហេមា ១២-១៣
«ចូរបង្ហាញភក្ដីភាពចំពោះព្រះយេហូវ៉ាពេលជ្រើសរើសមិត្តភក្ដិ»
it-1-E ទំ.៩៥ វ.៥
ជនជាតិអាំម៉ូន
ក្រោយពីថូបៀបានត្រូវបណ្ដាញចេញពីទីធ្លានៃវិហារ នោះច្បាប់របស់ព្រះដែលបានកត់ទុកនៅការបំភ្លឺច្បាប់ ២៣:៣-៦ ដែលបានហាមមិនឲ្យជនជាតិអាំម៉ូននិងជនជាតិម៉ូអាប់ចូលក្នុងក្រុមជំនុំនៃអ៊ីស្រាអែល បានត្រូវអានហើយអនុវត្តតាម។ (នេហ. ១៣:១-៣) បម្រាមនេះមានជាងមួយពាន់ឆ្នាំមុនដោយសារជនជាតិអាំម៉ូននិងជនជាតិម៉ូអាប់មិនព្រមជួយជនជាតិអ៊ីស្រាអែលពេលពួកគេហៀបនឹងចូលក្នុងស្រុកសន្យា។ ជាទូទៅគេយល់ថាបម្រាមនេះមានន័យថា ជនជាតិទាំងពីរនោះមិនអាចក្លាយដូចជាជនជាតិអ៊ីស្រាអែលបានទេ ឬអាចមានសិទ្ធិនិងឯកសិទ្ធិផ្សេងៗដូចជនជាអ៊ីស្រាអែលបានឡើយ។ ប៉ុន្តែ នេះមិនមានន័យថាបុគ្គលដែលជាជនជាតិអាំម៉ូននិងជនជាតិម៉ូអាប់មិនអាចសេពគប់ឬរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ហើយទទួលប្រយោជន៍ពីពរផ្សេងៗដែលព្រះផ្ដល់ឲ្យរាស្ត្ររបស់លោកនោះទេ។ នេះបានត្រូវឃើញជាក់ស្ដែងដោយបញ្ចូលសេលេកដែលជាជនជាតិអាំម៉ូន ក្នុងចំណោមទាហានខ្លាំងពូកែរបស់ដាវីឌ ព្រមទាំងកំណត់ហេតុស្ដីអំពីរូថដែលជាជនជាតិម៉ូអាប់។—រូថ ១:៤, ១៦-១៨
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.៤៥២ វ.៩
តន្ត្រី
ការច្រៀងនៅឯវិហារមានសារៈសំខាន់ណាស់។ នេះបានឃើញពីបទគម្ពីរជាច្រើនដែលបញ្ជាក់អំពីអ្នកច្រៀង ព្រមទាំងចំណុចដែលថាពួកលេវីឯទៀតត្រូវធ្វើកិច្ចការផ្សេងៗ តែក្រុមអ្នកចម្រៀង«មិនធ្វើកិច្ចការអ្វីផ្សេងទេ» ដោយសារពួកគេអាចផ្ដោតអារម្មណ៍ទាំងស្រុងទៅលើភារកិច្ចរបស់ពួកគេ។ (១ប្រ. ៩:៣៣) ពួកគេនៅតែជាក្រុមពិសេសនៃពួកលេវី ដោយសារពួកគេបានត្រូវរៀបរាប់ដោយឡែកពីអស់អ្នកដែលត្រឡប់មកពីស្រុកបាប៊ីឡូនវិញ។ (អែស. ២:៤០, ៤១) សូម្បីតែស្ដេចអើថាស៊ើកសេសក៏បានចេញបញ្ជាមួយដែលបញ្ជាក់ថា ពួកគេនិងក្រុមពិសេសឯទៀត មិនត្រូវបង់«ពន្ធឬពន្ធផ្លូវ»ឡើយ។ (អែស. ៧:២៤) ក្រោយមក ស្ដេចក៏បានចេញបញ្ជាថា៖ «ពួកអ្នកចម្រៀងត្រូវទទួលអ្វីដែលពួកគេត្រូវការជារៀងរាល់ថ្ងៃ»។ ទោះជាស្ដេចអើថាស៊ើកសេស ទទួលការសរសើរជាអ្នកដែលចេញបញ្ជានេះក៏ដោយ តែបញ្ជានេះទំនងជាមកពីអែសរ៉ាវិញ ដោយសារគាត់បានទទួលគ្រប់ទាំងអំណាចពីស្ដេចអើថាស៊ើកសេស។ (នេហ. ១១:២៣; អែស. ៧:១៨-២៦) យ៉ាងនេះ ទោះជាពួកអ្នកចម្រៀងទាំងអស់គឺជាពួកលេវីក្ដី តែគម្ពីរបានបែងចែកឈ្មោះរបស់ពួកគេជាពីរក្រុម ពោលគឺ«ពួកអ្នកចម្រៀង និងពួកលេវី» ដើម្បីបញ្ជាក់ថាក្រុមអ្នកចម្រៀងជាក្រុមពិសេសមួយ។—នេហ. ៧:១; ១៣:១០