ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2023 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី៦-១២ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ១៣-១៤
«បើមនុស្សស្លាប់ហើយ តើគាត់អាចរស់ឡើងវិញបានទេ?»
w១១-E ១/៣ ទំ.២២ វ.៥
‹លោកនឹងនឹកអាល័យខ្លាំងណាស់›
ពាក្យរបស់យ៉ូបបង្រៀនយើងមេរៀនដ៏កក់ក្ដៅមួយអំពីព្រះយេហូវ៉ា ពោលគឺលោកមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះមនុស្សដូចយ៉ូប ដែលទុកចិត្តលោកហើយឲ្យលោកសូនពួកគេទៅជាអ្វីដែលមានតម្លៃតាមទស្សនៈរបស់លោក។ (អេសាយ ៦៤:៨) ព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់លោក។ ដូច្នេះពេលដែលពួកគេស្លាប់ លោក«នឹកអាល័យ»ពួកគេខ្លាំងណាស់។ យោងទៅតាមបណ្ឌិតខាងគម្ពីរម្នាក់ ពាក្យនោះជាពាក្យ«ដែលបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅនិងអារម្មណ៍ដ៏ខ្លាំងមួយដែលបុគ្គលម្នាក់មានពេលចង់ជួបមនុស្សជាទីស្រឡាញ់»។ ពិតមែន ព្រះយេហូវ៉ាមិនត្រឹមតែចងចាំអ្នកគោរពប្រណិប័តន៍លោកប៉ុណ្ណោះទេ តែលោកក៏នឹកអាល័យ ហើយរង់ចាំពេលដែលលោកអាចប្រោសពួកគេឲ្យរស់ឡើងវិញដែរ។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.១៩១
ផេះ
ផេះក៏អាចសំដៅទៅលើអ្វីដែលមិនសំខាន់ឬគ្មានតម្លៃ។ ជាឧទាហរណ៍ អាប្រាហាំបាននិយាយទៅកាន់ព្រះយេហូវ៉ាថា៖ «ខ្ញុំគ្រាន់តែជាធូលីដីនិងផេះប៉ុណ្ណោះ»។ (ដក. ១៨:២៧; សូមមើល អេ. ៤៤:២០; យ៉ូប ៣០:១៩) ហើយយ៉ូបបានប្រដូចពាក្យពេចន៍របស់មិត្តក្លែងក្លាយទៅនឹង«សុភាសិតដូចផេះ» ឬជាសុភាសិតឥតប្រយោជន៍។—យ៉ូប ១៣:១២ កំ.ស.
ថ្ងៃទី១៣-១៩ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ១៥-១៧
«គំរូអេលីផាសបង្រៀនយើងពីរបៀបដែលយើងមិនគួរសម្រាលទុក្ខអ្នកឯទៀត»
w០៥-E ១៥/៩ ទំ.២៦ វ.៤-៥
ចូរបដិសេធការគិតគូរមិនត្រឹមត្រូវ!
បីដងដែលអេលីផាសបាននិយាយ គាត់លើកឡើងថាព្រះគឺតឹងរឹង ហើយគ្មានអ្វីដែលអ្នកបម្រើរបស់លោកធ្វើដែលល្អគ្រប់គ្រាន់សម្រាប់លោកទេ។ អេលីផាសបានប្រាប់យ៉ូបថា៖ «មើល! លោកមិនទុកចិត្តអ្នកបម្រើរបស់លោកទេ ហើយលោកក៏ចាប់កំហុសពួកទេវតារបស់លោកដែរ»។ (យ៉ូប ៤:១៨) ក្រោយមក អេលីផាសនិយាយអំពីព្រះថា៖ «មើល! លោកមិនទុកចិត្តទេវតារបស់លោកទេ ឯស្ថានសួគ៌ក៏លោកចាត់ទុកថាមិនបរិសុទ្ធដែរ»។ (យ៉ូប ១៥:១៥) ហើយគាត់សួរថា៖ «បើអ្នកជាមនុស្សសុចរិត តើនោះសំខាន់ចំពោះព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតឬ?»។ (យ៉ូប ២២:៣) ប៊ីលដាឌក៏យល់ស្របនឹងទស្សនៈរបស់អេលីផាសដោយនិយាយថា៖ «សូម្បីតែដួងចន្ទក៏មិនភ្លឺត្រចះ ហើយដួងតារាក៏ស្រអាប់នៅចំពោះភ្នែកលោកទៅហើយ»។—យ៉ូប ២៥:៥
យើងត្រូវបដិសេធរបៀបគិតគូរបែបនេះ ដោយសារនេះអាចនាំឲ្យយើងគិតថាព្រះតម្រូវពីយើងច្រើនពេក។ ទស្សនៈបែបនេះមានឥទ្ធិពលអាក្រក់មកលើចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ ម្យ៉ាងទៀត បើយើងទទួលឥទ្ធិពលពីគំនិតបែបនេះ តើយើងនឹងមានប្រតិកម្មយ៉ាងណាពេលយើងទទួលការប្រៀនប្រដៅ? យើងប្រហែលជា«បែរជាខឹងព្រះយេហូវ៉ាយ៉ាងខ្លាំង» ហើយគុំកួននឹងលោក ជាជាងទទួលយកការប្រៀនប្រដៅនោះដោយចិត្តរាបទាប។ (សុភាសិត ១៩:៣) នេះពិតជាអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះមែន!
ថ្ងៃទី២០-២៦ ខែវិច្ឆិកា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ១៨-១៩
«ចូរកុំបោះបង់ចោលបងប្អូនរួមជំនឿរបស់អ្នកឡើយ»
w៩០-E ១/៩ ទំ.២២ វ.២០
តើអ្នកកំពុងតែខំព្យាយាមដើម្បីទទួលភារកិច្ចផ្សេងៗឬទេ?
២០ ក្រុមពួកអ្នកចាស់ទុំគួរទទួលស្គាល់ថា បើបងប្រុសម្នាក់បាត់បង់ឯកសិទ្ធិបម្រើជាអ្នកចាស់ទុំឬជាជំនួយការខាងកិច្ចបម្រើ ឬទោះជាគាត់សុខចិត្តឈប់ធ្វើភារកិច្ចនោះក្ដី គាត់អាចមានអារម្មណ៍តានតឹងចិត្ត។ បើគាត់មិនបានត្រូវបណ្ដាច់មិត្តភាពទេ តែពួកអ្នកចាស់ទុំឃើញថាគាត់ធ្លាក់ទឹកចិត្ត នោះពួកអ្នកចាស់ទុំគួរជួយពង្រឹងជំនឿរបស់គាត់ឡើងវិញ។ (ថែស្សាឡូនិចទី១ ៥:១៤) ពួកអ្នកចាស់ទុំត្រូវជួយគាត់ឲ្យឃើញថាគាត់មានតម្លៃក្នុងក្រុមជំនុំ។ ទោះជាគាត់បានទទួលការប្រដៅតម្រង់ក្ដី តែបើគាត់មានចិត្តរាបទាបនិងចិត្តដឹងគុណ មិនយូរមិនឆាប់ គាត់អាចទទួលឯកសិទ្ធិផ្សេងៗក្នុងក្រុមជំនុំម្ដងទៀត។
ថ្ងៃទី២៧ ខែវិច្ឆិកា–ថ្ងៃទី៣ ខែធ្នូ
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
g-E ៥/០៩ ទំ.១២-១៣
គោលការណ៍ពីគម្ពីរ
តើព្រះចង់ឲ្យអ្នកក្លាយទៅជាអ្នកមានឬទេ?
«ព្រះបានឲ្យខ្ញុំមានប្រាក់ខែច្រើនណាស់ឥឡូវ!»
«ខ្ញុំចង់មានបាន ដោយសារព្រះនៅស្ថានសួគ៌ចង់ឲ្យខ្ញុំមានបានដែរ»។
«ព្រះផ្ដល់កម្លាំងឲ្យយើងក្លាយទៅជាអ្នកមាន»។
«ខ្ញុំកំពុងចម្រុងចម្រើនដោយសារគម្ពីរ»។
ពាក្យខាងលើនេះបង្ហាញអំពីទស្សនៈរបស់សាសនាមួយចំនួនដែលថា ការមានទ្រព្យសម្បត្តិគឺជាពរដែលមកពីព្រះ។ ពួកគេបង្រៀនថា បើអ្នកធ្វើតាមព្រះ លោកនឹងជួយអ្នកឲ្យបានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្នុងជីវិតនេះ ហើយក៏នឹងផ្ដល់ពរដល់អ្នកនៅអនាគតដែរ។ ទស្សនៈបែបនេះពិតជាពេញនិយមណាស់ ហើយមនុស្សចូលចិត្តអានសៀវភៅដែលលើកស្ទួយចិត្តគំនិតនេះ។ ប៉ុន្តែ តើគម្ពីរចែងដូច្នេះឬទេ?
គម្ពីរហៅអ្នកបង្កើតរបស់យើងថាជា«ព្រះដែលមានសេចក្ដីសប្បាយ» ដូច្នេះលោកច្បាស់ជាចង់ឲ្យយើងសប្បាយ ហើយមានភាពជោគជ័យក្នុងជីវិត។ (ធីម៉ូថេទី១ ១:១១; ចម្រៀងសរសើរព្រះ ១:១-៣) លើសពីនោះទៅទៀត លោកផ្ដល់ពរដល់អស់អ្នកដែលធ្វើឲ្យលោកពេញចិត្ត។ (សុភាសិត ១០:២២) ប៉ុន្តែនៅសព្វថ្ងៃនេះ តើពរដែលមកពីព្រះគឺជាទ្រព្យសម្បត្តិតែប៉ុណ្ណោះទេឬ? យើងអាចដឹងច្បាស់អំពីចម្លើយចំពោះសំណួរនេះដោយគិតអំពីគោលបំណងរបស់ព្រះ។
តើនេះជាពេលដែលយើងត្រូវក្លាយជាអ្នកមានឬ?
នៅអតីតកាល ព្រះយេហូវ៉ាឲ្យពរអ្នកបម្រើរបស់លោកខ្លះដោយផ្ដល់ទ្រព្យសម្បត្តិជាច្រើនដល់ពួកគេ ដូចជាយ៉ូបនិងស្ដេចសាឡូម៉ូនជាដើម។ (បណ្ដាស្ដេចទី១ ១០:២៣; យ៉ូប ៤២:១២) ប៉ុន្តែ បុរសជាច្រើនឯទៀតដែលកោតខ្លាចព្រះមិនសូវមានទ្រព្យសម្បត្តិច្រើននោះទេ ហើយនេះក៏រួមបញ្ចូលយ៉ូហានជាអ្នកជ្រមុជទឹក និងលោកយេស៊ូគ្រិស្តផងដែរ។ (ម៉ាកុស ១:៦; លូកា ៩:៥៨) តើយើងអាចទាញមេរៀនអ្វី? យោងតាមគម្ពីរ ព្រះប្រព្រឹត្តចំពោះអ្នកបម្រើលោកស្របតាមគោលបំណងរបស់លោកចំពោះពួកគេនៅពេលនោះ។ (អ្នកទូន្មាន ៣:១) តើគោលការណ៍នេះទាក់ទងនឹងយើងនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច?
ទំនាយក្នុងគម្ពីរបង្ហាញថាយើងកំពុងរស់នៅក្នុង«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក» ឬជា«គ្រាចុងក្រោយបង្អស់»នៃពិភពលោកនេះ។ គ្រានេះពោរពេញទៅដោយសង្គ្រាម រោគរាតត្បាត ការអត់ឃ្លាន រញ្ជួយដី និងមនុស្សដែលគ្មានសីលធម៌ ហើយតាំងពីឆ្នាំ១៩១៤មក ស្ថានភាពទាំងនេះកំពុងតែយាយីមនុស្សជាតិជាងពេលមុនៗទៅទៀត។ (ម៉ាថាយ ២៤:៣; ធីម៉ូថេទី២ ៣:១-៥; លូកា ២១:១០, ១១; ការបើកបង្ហាញ ៦:៣-៨) និយាយឲ្យខ្លីទៅ ពិភពលោកនេះគឺប្រៀបដូចជាសំពៅដែលហៀបនឹងលិច។ ដោយគិតអំពីអ្វីទាំងនេះ តើសមហេតុសមផលទេដែលព្រះឲ្យអ្នកបម្រើរបស់លោកទាំងអស់ទៅជាអ្នកមាននៅឥឡូវនេះ? ឬតើព្រះមានគោលបំណងណាផ្សេងទៀតសម្រាប់យើង?
លោកយេស៊ូប្រៀបធៀបគ្រាដែលយើងរស់នៅទៅនឹងសម័យណូអេ។ លោកយេស៊ូមានប្រសាសន៍ថា៖ «ព្រោះមនុស្សនៅសម័យនោះ មុនទឹកជំនន់មកដល់ ពួកគេកំពុងពិសាអាហារពិសាស្រា រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំនោះ ហើយពួកគេមិនបានយកចិត្តទុកដាក់សោះ រហូតដល់ទឹកជន់ឡើង កញ្ឆក់យកគេទាំងអស់គ្នាទៅ។ ពេលកូនមនុស្សមានវត្តមាន ក៏នឹងដូចគ្នាដែរ»។ (ម៉ាថាយ ២៤:៣៧-៣៩) លោកយេស៊ូក៏ប្រៀបធៀបសម័យរបស់យើងទៅនឹងសម័យរបស់ឡុតដែរ។ អ្នកជិតខាងរបស់ឡុតនៅក្រុងសូដុមនិងក្រុងកូម៉ូរ៉ាកំពុង«បរិភោគ រវល់ផឹក ទិញលក់ ដាំដុះ និងសាងសង់។ ប៉ុន្តែ នៅថ្ងៃដែលឡុតចេញពីក្រុងសូដុម មានភ្លើងនិងស្ពាន់ធ័រធ្លាក់ពីលើមេឃមកបំផ្លាញពួកគេទាំងអស់គ្នាទៅ»។ ក្រោយមក លោកយេស៊ូបន្ថែមទៀតថា៖ «នៅថ្ងៃដែលកូនមនុស្សនឹងបង្ហាញខ្លួន ក៏នឹងដូចគ្នាដែរ»។—លូកា ១៧:២៨-៣០
ការពិសាអាហារ ពិសាស្រា រៀបការ ទិញលក់គឺមិនខុសទេ។ តែអ្វីដែលអាចនាំឲ្យមានគ្រោះថ្នាក់ គឺបើយើងជាប់រវល់នឹងអ្វីទាំងនោះរហូតទាល់តែយើងលែងកត់សម្គាល់ថាយើងកំពុងរស់នៅក្នុងគ្រាបន្ទាន់។ ដូច្នេះ សូមសួរខ្លួនអ្នកថា ‹តើព្រះពិតជាជួយយើងទេបើលោកផ្ដល់ឲ្យយើងនូវអ្វីដែលនឹងបង្វែរអារម្មណ៍របស់យើង?›*។ អត់ទេ បើធ្វើដូច្នេះលោកច្បាស់ជាមិនជួយយើង និងមិនបង្ហាញថាលោកជាព្រះនៃសេចក្ដីស្រឡាញ់ឡើយ!—ធីម៉ូថេទី១ ៦:១៧; យ៉ូហានទី១ ៤:៨
ពេលដែលយើងត្រូវសង្គ្រោះជីវិត!
នេះជាពេលដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ដូច្នេះរាស្ត្ររបស់ព្រះមានកិច្ចការបន្ទាន់ដែលយើងត្រូវធ្វើ។ លោកយេស៊ូមានប្រសាសន៍ថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។ (ម៉ាថាយ ២៤:១៤) សាក្សីព្រះយេហូវ៉ាធ្វើតាមបង្គាប់នេះយ៉ាងដិតដល់។ ដូច្នេះ ពួកគេលើកទឹកចិត្តអ្នកជិតខាងរបស់ពួកគេឲ្យរៀនអំពីរាជាណាចក្រព្រះ និងអ្វីដែលលោកតម្រូវ ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់។—យ៉ូហាន ១៧:៣
ទោះជាយ៉ាងនេះក្ដី ព្រះមិនតម្រូវឲ្យអ្នកបម្រើស្មោះត្រង់របស់លោកធ្វើដូចជាតាបសឡើយ។ ផ្ទុយទៅវិញ លោកចង់ឲ្យពួកគេស្កប់ចិត្តនឹងអ្វីដែលពួកគេមាន ដើម្បីឲ្យពួកគេអាចផ្ដោតអារម្មណ៍ទៅលើការបម្រើលោក។ (ម៉ាថាយ ៦:៣៣) ពេលពួកគេធ្វើដូច្នេះ លោកនឹងបំពេញសេចក្ដីត្រូវការរបស់ពួកគេ។ ហេប្រឺ ១៣:៥ ចែងថា៖ «ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់ប្រាក់ ហើយចូរស្កប់ចិត្តនឹងអ្វីដែលអ្នករាល់គ្នាមាន។ ព្រោះព្រះបានមានប្រសាសន៍ថា៖ ‹ខ្ញុំប្រាកដជាមិនចាកចេញពីអ្នកឡើយ ហើយខ្ញុំក៏ប្រាកដជាមិនបោះបង់ចោលអ្នកដែរ›»។
លោកនឹងធ្វើតាមប្រសាសន៍របស់លោកតាមរបៀបដ៏អស្ចារ្យពេលលោកសង្គ្រោះ«មនុស្សមួយក្រុមធំ»ដែលជាអ្នកគោរពប្រណិប័តន៍លោកពិត នៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ ហើយជួយពួកគេឲ្យចូលទៅក្នុងពិភពលោកថ្មីដែលពោរពេញទៅដោយសេចក្ដីសុខសាន្ត និងភាពចម្រុងចម្រើន។ (ការបើកបង្ហាញ ៧:៩, ១៤) លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំបានមកដើម្បីឲ្យពួកគេមានជីវិត ទាំងឲ្យពួកគេមានជីវិតយូរអង្វែងទៀតផង»។ (យ៉ូហាន ១០:១០) «ជីវិតយូរអង្វែង»មិនចង់សំដៅទៅលើជីវិតស្ដុកស្ដម្ភនៅពេលឥឡូវនេះទេ តែចង់សំដៅទៅលើជីវិតដែលគ្មានទីបញ្ចប់នៅសួនឧទ្យានក្រោមការគ្រប់គ្រងរបស់ព្រះ។—លូកា ២៣:៤៣
កុំចាញ់បោកការបញ្ឆោតពីអ្នកដែលចង់ឲ្យយើងដេញតាមទ្រព្យសម្បត្តិនៅពេលឥឡូវនេះ ដែលតាមពិតជាអ្វីដែលបង្វែរអារម្មណ៍យើងពីការទទួលជីវិតដែលគ្មានទីបញ្ចប់។ ផ្ទុយទៅវិញ សូមស្ដាប់តាមការព្រមានបន្ទាន់ដែលប្រកបដោយសេចក្ដីស្រឡាញ់របស់លោកយេស៊ូដែលថា៖ «កុំភ្លេចខ្លួនឲ្យសោះ ក្រែងលោការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិតពង្វក់ចិត្តអ្នករាល់គ្នា ស្រាប់តែថ្ងៃនោះមកដល់ភ្លាមមួយរំពេច ដូចជាលប់ ព្រោះថ្ងៃនោះនឹងមកគ្របលើមនុស្សទាំងអស់នៅផែនដី»។—លូកា ២១:៣៤, ៣៥
[កំណត់សម្គាល់]
*ដូចសតវត្សរ៍ទី១ គ្រិស្តសាសនិកស្មោះត្រង់ខ្លះនៅសព្វថ្ងៃនេះជាអ្នកមាន។ ប៉ុន្តែ ព្រះព្រមានពួកគាត់កុំឲ្យទុកចិត្តទ្រព្យសម្បត្តិ ឬអនុញ្ញាតឲ្យវាបង្វែរអារម្មណ៍ពួកគាត់ឡើយ។ (សុភាសិត ១១:២៨; ម៉ាកុស ១០:២៥; ការបើកបង្ហាញ ៣:១៧) មិនថាយើងជាអ្នកមានឬអ្នកក្រក្ដី យើងទាំងអស់គ្នាត្រូវផ្ដោតអារម្មណ៍ទៅលើការធ្វើតាមបំណងប្រាថ្នារបស់ព្រះ។—លូកា ១២:៣១
តើអ្នកធ្លាប់ឆ្ងល់ឬទេ?
• តើឥឡូវជាគ្រាដើម្បីធ្វើអ្វី?—ម៉ាថាយ ២៤:១៤
• តើលោកយេស៊ូប្រៀបធៀបសម័យយើងទៅនឹងសម័យរបស់បុគ្គលណាខ្លះក្នុងគម្ពីរ?—ម៉ាថាយ ២៤:៣៧-៣៩; លូកា ១៧:២៨-៣០
• តើយើងត្រូវជៀសវាងពីអ្វីបើយើងចង់ទទួលជីវិតដែលគ្មានទីបញ្ចប់?—លូកា ២១:៣៤
របៀបរស់នៅជាគ្រិស្តសាសនិក
«ចូរស្កប់ចិត្តនឹងអ្វីដែលអ្នករាល់គ្នាមាន»
g-E ៩/១៥ ទំ.៦
តើអ្នកមានទស្សនៈយ៉ាងណាចំពោះលុយកាក់?
ការពិនិត្យពិចារណាខ្លួននឹងជួយយើងឲ្យឃើញថាតើយើងមានទស្សនៈត្រឹមត្រូវចំពោះលុយឬយ៉ាងណា។ ជាឧទាហរណ៍ សូមសួរខ្លួនអ្នកនៅសំណួរដែលមាននៅខាងក្រោមនេះ៖
តើខ្ញុំចូលចិត្តវិធីរកលុយលឿនៗឬទេ?
តើខ្ញុំពិបាកចែករំលែកអ្វីដែលខ្ញុំមានជាមួយអ្នកឯទៀតឬទេ?
តើខ្ញុំចូលចិត្តរាប់អានមនុស្សដែលតែងតែនិយាយអំពីលុយ និងអ្វីដែលពួកគេមានឬទេ?
តើខ្ញុំកុហកឬប្រព្រឹត្តមិនទៀងត្រង់ដើម្បីរកលុយថែមទៀតឬទេ?
តើលុយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំជាមនុស្សសំខាន់ឬទេ?
តើខ្ញុំតែងតែគិតអំពីលុយឬទេ?
តើទស្សនៈរបស់ខ្ញុំចំពោះលុយមានឥទ្ធិពលអាក្រក់ទៅលើសុខភាពនិងជីវិតគ្រួសាររបស់ខ្ញុំឬទេ?
បើអ្នកឆ្លើយថាមែនចំពោះសំណួរខាងលើ សូមខំព្យាយាមដើម្បីបដិសេធការចង់មានបាន និងការល្បួងឲ្យធ្វើជាអ្នកមាន។ ជៀសវាងការមានមិត្តភាពជិតស្និទ្ធជាមួយមនុស្សដែលឲ្យតម្លៃច្រើនពេកទៅលើលុយ និងការមានទ្រព្យសម្បត្តិច្រើន។ ផ្ទុយទៅវិញ ចូរសេពគប់ជាមួយនឹងមនុស្សដែលឲ្យតម្លៃខ្លាំងជាងទៅលើគោលការណ៍សីលធម៌ពីគម្ពីរជាជាងទ្រព្យសម្បត្តិ។
ចូរកុំអនុញ្ញាតឲ្យការស្រឡាញ់ប្រាក់ចាក់ឫសក្នុងចិត្តរបស់អ្នកឡើយ។ ប៉ុន្តែ ចូរឲ្យតម្លៃចំពោះមិត្តភក្តិ ក្រុមគ្រួសារ និងសុខភាពខាងផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកខ្លាំងជាងលុយ។ បើអ្នកធ្វើដូច្នេះ អ្នកនឹងបង្ហាញថាអ្នកមានទស្សនៈត្រឹមត្រូវចំពោះលុយកាក់។
ថ្ងៃទី៤-១០ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ២២-២៤
«តើមនុស្សអាចមានតម្លៃចំពោះព្រះដូចម្ដេចបាន?»
w០៥-E ១៥/៩ ទំ.២៧ វ.១-៣
ចូរបដិសេធការគិតគូរមិនត្រឹមត្រូវ!
ស្រដៀងនឹងទស្សនៈដែលថាព្រះគឺតឹងរឹង គឺទស្សនៈដែលថាព្រះចាត់ទុកថាមនុស្សគ្មានតម្លៃ។ លើកទី៣ដែលអេលីផាសបាននិយាយ គាត់បានសួរថា៖ «តើមនុស្សអាចមានតម្លៃចំពោះព្រះដូចម្ដេចបាន? តើអ្នកដែលមានការយល់ធ្លុះជ្រៅអាចមានប្រយោជន៍ចំពោះលោកឬ?»។ (យ៉ូប ២២:២) អេលីផាសចង់បញ្ជាក់ថាមនុស្សគ្មានតម្លៃទេចំពោះព្រះ។ ស្រដៀងគ្នាដែរ ប៊ីលដាឌពោលថា៖ «តើមនុស្សជាតិអាចសុចរិតនៅចំពោះមុខព្រះយ៉ាងដូចម្ដេចបាន? តើមនុស្សដែលកើតពីស្ត្រីអាចគ្មានកំហុសបានឬ?»។ (យ៉ូប ២៥:៤) ដូច្នេះ យោងទៅតាមទស្សនៈបែបនោះ តើយ៉ូបដែលជាមនុស្សធម្មតា អាចមានភាពសុចរិតចំពោះព្រះយ៉ាងដូចម្ដេចបាន?
សព្វថ្ងៃនេះ មនុស្សខ្លះមានទស្សនៈមិនល្អចំពោះខ្លួន។ នេះប្រហែលជាដោយសារស្ថានភាពក្នុងក្រុមគ្រួសារ សម្ពាធក្នុងជីវិតប្រចាំថ្ងៃ ឬពួកគេរងគ្រោះដោយសារការរើសអើងឬការស្អប់គ្នាដែលមកពីការប្រកាន់ពូជសាសន៍។ ប៉ុន្តែ សាថាននិងពួកវិញ្ញាណកំណាចក៏ចង់បំបាក់ទឹកចិត្តមនុស្សដែរ។ ពួកវាអាចធ្វើឲ្យបុគ្គលម្នាក់គិតថាគាត់មិនល្អគ្រប់គ្រាន់ចំពោះព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយនេះអាចធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តយ៉ាងងាយ។ នៅពេលគាត់មានអារម្មណ៍បែបនេះ គាត់អាចចាប់ផ្ដើមរសាត់ចេញពីជំនឿ ហើយក៏អាចថយចេញពីព្រះដែលមានជីវិតរស់នៅផងដែរ។—ហេប្រឺ ២:១; ៣:១២
ភាពចាស់ជរានិងបញ្ហាសុខភាពអាចដាក់កម្រិតទៅលើអ្វីដែលយើងអាចធ្វើក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ យើងប្រហែលជាមិនអាចរួមចំណែកច្រើនដូចអ្វីដែលយើងធ្លាប់ធ្វើពេលយើងនៅក្មេង មានសុខភាពល្អ ហើយមានកម្លាំងមាំមួននោះទេ។ ដូច្នេះ គឺសំខាន់ឲ្យយើងកត់សម្គាល់ពេលដែលសាថាននិងពួកវិញ្ញាណកំណាចរបស់វាចង់ធ្វើឲ្យយើងមានអារម្មណ៍ថាយើងមិនមានតម្លៃចំពោះព្រះ! យើងត្រូវបដិសេធទស្សនៈបែបនេះជាដាច់ខាត។
w៩៥-E ១៥/២ ទំ.២៧ វ.៦
មេរៀនក្នុងការដោះស្រាយបញ្ហា
មិត្តក្លែងក្លាយទាំងបីនាក់របស់យ៉ូបបានធ្វើឲ្យយ៉ូបធ្លាក់ទឹកចិត្តថែមទៀតដោយសារពួកគេនិយាយអំពីទស្សនៈរបស់ខ្លួនផ្ទាល់ជាជាងទស្សនៈនិងប្រាជ្ញារបស់ព្រះ។ អេលីផាសថែមទាំងនិយាយថា៖ ‹ព្រះមិនទុកចិត្តអ្នកបម្រើរបស់លោកទេ› ហើយថាភាពសុចរិតរបស់យ៉ូបគឺមិនសំខាន់ចំពោះព្រះយេហូវ៉ាឡើយ។ (យ៉ូប ៤:១៨; ២២:២, ៣) នោះច្បាស់ជាពាក្យមិនពិត ហើយធ្វើឲ្យធ្លាក់ទឹកចិត្តណាស់! មិនគួរឲ្យភ្ញាក់ផ្អើលទេ ដែលព្រះយេហូវ៉ាស្ដីបន្ទោសអេលីផាសនិងមិត្តរបស់គាត់ ដោយសារពួកគេបានប្រមាថលោក។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ពួកអ្នកមិនបាននិយាយការពិតអំពីខ្ញុំ»ទេ។ (យ៉ូប ៤២:៧) ពួកគេមិនត្រឹមតែនិយាយពាក្យទាំងនោះប៉ុណ្ណោះទេ តែពួកគេថែមទាំងនិយាយពាក្យចោទប្រកាន់ដ៏អាក្រក់មួយទៀត។
ថ្ងៃទី១១-១៧ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ២៥-២៧
«ដើម្បីមានចិត្តស្មោះឥតងាករេ មិនតម្រូវឲ្យយើងធ្វើជាមនុស្សល្អឥតខ្ចោះនោះទេ»
it-1-E ទំ.១២១០ វ.៤
ចិត្តស្មោះឥតងាករេ
យ៉ូប។ យ៉ូបជាបុរសដែលបានរស់នៅក្រោយយ៉ូសែបបានស្លាប់និងមុនម៉ូសេទៅជាអ្នកដឹកនាំជនជាតិអ៊ីស្រាអែល ហើយគម្ពីរបានរៀបរាប់ថា៖ «គាត់ជាមនុស្សសុចរិតនិងមានចិត្តស្មោះឥតងាករេ»។ (យ៉ូប ១:១) គឺច្បាស់ណាស់ថាចិត្តស្មោះឥតងាករេរបស់មនុស្សគឺជារឿងដែលបានត្រូវលើកឡើងពេលទេវតាចូលប្រជុំគ្នានៅស្ថានសួគ៌ចំពោះមុខព្រះយេហូវ៉ា។ ពេលនោះសាថានបានធ្វើឲ្យមានការសង្ស័យទៅលើបំណងចិត្តរបស់យ៉ូបក្នុងការគោរពប្រណិប័តន៍ ដោយចោទប្រកាន់ថាយ៉ូបបម្រើព្រះដើម្បីទទួលប្រយោជន៍ មិនមែនដោយសារគាត់ស្រឡាញ់ព្រះនោះទេ។ ព្រះអនុញ្ញាតឲ្យសាថានល្បងលយ៉ូប ដូច្នេះវាបានបំផ្លាញទ្រព្យសម្បត្តិនិងកូនៗរបស់គាត់ តែទោះជាយ៉ាងនោះក្ដី វាមិនបានធ្វើឲ្យយ៉ូបបាត់បង់ចិត្តស្មោះឥតងាករេទេ។ (យ៉ូប ១:៦–២:៣) សាថានអះអាងថាយ៉ូបសុខចិត្តស៊ូទ្រាំនឹងការបាត់បង់ទ្រព្យសម្បត្តិនិងកូនៗរបស់គាត់ ឲ្យតែគាត់រក្សាជីវិតរបស់គាត់បាន។ (យ៉ូប ២:៤, ៥) ក្រោយមក សាថានបានធ្វើឲ្យយ៉ូបកើតដំបៅរលួយពេញខ្លួន ទទួលការស្ដីបន្ទោសពីប្រពន្ធ ហើយទទួលការរិះគន់ពីមិត្តក្លែងក្លាយដែលនិយាយមិនត្រូវអំពីខ្នាតតម្រានិងគោលបំណងរបស់ព្រះ តែយ៉ូបតបថាគាត់ពិតជាមានចិត្តស្មោះឥតងាករេចំពោះព្រះមែន ហើយថា៖ «ខ្ញុំគ្មានថ្ងៃទទួលស្គាល់ថាសម្ដីរបស់ពួកអ្នកគឺត្រឹមត្រូវឡើយ! រហូតដល់ថ្ងៃស្លាប់ ខ្ញុំនឹងមិនព្រមឲ្យអ្វីណាមកធ្វើឲ្យខ្ញុំលែងមាន ចិត្តស្មោះឥតងាករេចំពោះព្រះជាដាច់ខាត! ខ្ញុំនឹងកាន់ខ្ជាប់អំពើសុចរិតរហូតតទៅ។ ដរាបណាខ្ញុំនៅមានជីវិត ដរាបនោះចិត្តរបស់ខ្ញុំនឹងមិនផ្ដន្ទាទោសខ្ញុំឡើយ»។ (យ៉ូប ២៧:៥, ៦) ការបង្ហាញចិត្តស្មោះឥតងាករេរបស់យ៉ូបបញ្ជាក់ថាសាថានដែលជាសត្រូវរបស់ព្រះគឺជាអ្នកកុហក។
ថ្ងៃទី១៨-២៤ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ២៨-២៩
«តើអ្នកមានកេរ្ដិ៍ឈ្មោះដូចយ៉ូបឬទេ?»
it-1-E ទំ.៦៥៥ វ.១០
សម្លៀកបំពាក់
សម្លៀកបំពាក់តំណាងអ្វីផ្សេងៗជាច្រើន។ ដូចឯកសណ្ឋាន ឬសម្លៀកបំពាក់ពិសេសអាចបញ្ជាក់ថាបុគ្គលម្នាក់នៅក្នុងអង្គការណាមួយឬគាំទ្រអ្វីមួយ នៅក្នុងគម្ពីរ សម្លៀកបំពាក់បង្ហាញអំពីអត្តសញ្ញាណរបស់បុគ្គលម្នាក់ ហើយតំណាងអ្វីដែលគាត់ធ្វើនិងគាំទ្រ ដូចក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីសម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការដែរ។ (ម៉ាថ. ២២:១១, ១២) នៅការបើកបង្ហាញ ១៦:១៤, ១៥ លោកយេស៊ូគ្រិស្តបានព្រមានអ្នកកាន់តាមអំពីការដេកលក់ខាងជំនឿ ហើយបាត់បង់អត្តសញ្ញាណជាសាក្សីស្មោះត្រង់របស់ព្រះពិត។ បើដូច្នេះមែន នេះអាចនាំឲ្យមានគ្រោះថ្នាក់កាលដែល«ថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»កាន់តែជិតមកដល់។
w០៩-E ១/២ ទំ.១៥ វ.៣-៤
តើឈ្មោះអាចបញ្ជាក់អំពីអ្វី?
យើងមិនអាចកំណត់ថាយើងនឹងមានឈ្មោះអ្វីនៅពេលដែលយើងកើតមកនោះទេ។ ប៉ុន្តែ យើងអាចសម្រេចថាយើងនឹងមានកេរ្ដិ៍ឈ្មោះបែបណា។ (សុភាសិត ២០:១១) សូមសួរខ្លួនអ្នកថា ‹បើលោកយេស៊ូ ឬពួកសាវ័កអាចដាក់ឈ្មោះឲ្យខ្ញុំ តើពួកគាត់នឹងដាក់ឈ្មោះអ្វី? តើឈ្មោះអ្វីសមនឹងលក្ខណៈ ឬកេរ្ដិ៍ឈ្មោះរបស់ខ្ញុំ?›
យើងគួររំពឹងគិតអំពីសំណួរទាំងនេះ។ ហេតុអ្វី? ស្ដេចសាឡូម៉ូនដែលប្រកបដោយប្រាជ្ញាបានសរសេរថា៖ «មានកេរ្តិ៍ឈ្មោះល្អ ប្រសើរជាងមានទ្រព្យមហាសាល មានគេគោរពរាប់អាន ប្រសើរជាងមានមាសប្រាក់»។ (សុភាសិត ២២:១) មែនហើយ បើយើងមានកេរ្តិ៍ឈ្មោះល្អក្នុងសហគមន៍ យើងមានអ្វីមួយដែលមានតម្លៃណាស់។ តែសំខាន់បំផុត បើយើងសាងកេរ្តិ៍ឈ្មោះល្អនឹងព្រះ យើងនឹងមានទ្រព្យសម្បត្តិដែលស្ថិតស្ថេរជារៀងរហូត។ តើតាមរបៀបណា? ព្រះសន្យាថាលោកនឹងកត់ទុកឈ្មោះមនុស្សដែលកោតខ្លាចលោកក្នុង«សៀវភៅរំលឹកមួយ» ហើយលោកនឹងផ្ដល់សេចក្ដីសង្ឃឹមឲ្យពួកគាត់មានជីវិតដែលគ្មានទីបញ្ចប់។—ម៉ាឡាគី ៣:១៦; ការបើកបង្ហាញ ៣:៥; ២០:១២-១៥
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
g០០-E ៨/៧ ទំ.១១ វ.៣
សូមញញឹម នេះគឺល្អសម្រាប់អ្នក!
តើការញញឹមមានឥទ្ធិពលមកលើយើងឬទេ? តើអ្នកអាចចាំអំពីពេលណាមួយដែលស្នាមញញឹមរបស់បុគ្គលម្នាក់នាំឲ្យអ្នកមានអារម្មណ៍ធូរស្រាល និងលែងតានតឹងចិត្តឬទេ? ឬបើបុគ្គលម្នាក់មិនញញឹមដាក់អ្នក តើអ្នកធ្លាប់មានអារម្មណ៍ភ័យព្រួយ និងធ្លាក់ទឹកចិត្តឬទេ? មែនហើយ ស្នាមញញឹមមានឥទ្ធិពលខ្លាំងណាស់ ទាំងមកលើយើងនិងបុគ្គលដែលយើងញញឹមដាក់។ យ៉ូបនិយាយអំពីសត្រូវរបស់គាត់ថា៖ «ពេលខ្ញុំញញឹមដាក់ពួកគេ ពួកគេស្ទើរតែមិនចង់ជឿ ទឹកមុខស្រស់ស្រាយរបស់ខ្ញុំរមែងធ្វើឲ្យពួកគេរីករាយ»។ (យ៉ូប ២៩:២៤) «ទឹកមុខស្រស់ស្រាយ»របស់យ៉ូបបង្ហាញថាគាត់មានចិត្តរីករាយ និងមានអំណរ។
ថ្ងៃទី២៥-៣១ ខែធ្នូ
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូប ៣០-៣១
«របៀបដែលយ៉ូបបានរក្សាភាពស្អាតស្អំខាងសីលធម៌»
w០៨-E ១/៩ ទំ.១១ វ.៤
ចូរគិតអំពី«លទ្ធផល»
មុនយើងសម្រេចចិត្តថានឹងដើរទៅផ្លូវដែលមានសញ្ញា‹ហាមចូល› សូមសួរខ្លួនអ្នកថា ‹តើផ្លូវនេះនឹងនាំខ្ញុំទៅឯណា?›។ ការទុកពេលដើម្បីគិតអំពី«លទ្ធផល»ដែលមកពីការដើរផ្លូវនោះ អាចបញ្ឈប់យើងពីការធ្វើអ្វីដែលនាំឲ្យមានលទ្ធផលអាក្រក់។ មនុស្សដែលមិនអើពើនឹងសញ្ញានោះជួបបញ្ហាផ្សេងៗជាច្រើនដូចជាជំងឺអេដស៍ ជំងឺកាមរោគ មានផ្ទៃពោះដោយមិនចង់បាន រម្លូតកូន បង្ខូចទំនាក់ទំនងជាមួយអ្នកឯទៀត និងសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោស។ សាវ័កប៉ូលបានរៀបរាប់អំពីលទ្ធផលដែលមកពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទថា ពួកគេនឹង«មិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។—កូរិនថូសទី១ ៦:៩, ១០
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០៥-E ១៥/១១ ទំ.១១ វ.៣
ការស្ដាប់ដោយសេចក្ដីស្រឡាញ់
មិត្តរបស់យ៉ូបបានឮគាត់និយាយច្រើនជាង១០ដង ទោះជាយ៉ាងនោះក្ដី យ៉ូបលាន់មាត់ថា៖ «ខ្ញុំចង់ឲ្យមានអ្នកណាម្នាក់ព្រមស្ដាប់ខ្ញុំ!»។ (យ៉ូប ៣១:៣៥) ហេតុអ្វីគាត់និយាយដូច្នេះ? ដោយសាររបៀបដែលពួកគេស្ដាប់យ៉ូបមិនបានសម្រាលទុក្ខយ៉ូបនោះទេ។ ពួកគេមិនខ្វល់អំពីគាត់ ឬព្យាយាមយល់អារម្មណ៍របស់គាត់ឡើយ។ ពួកគេមិនបានស្ដាប់យ៉ូបដោយមានចិត្តអាណិតមេត្តាទេ។ សាវ័កពេត្រុសបានផ្ដល់ឱវាទថា៖ «ចូរអ្នកទាំងអស់គ្នាមានចិត្តគំនិតតែមួយ ចូរកើតទុក្ខជាមួយគ្នា ស្រឡាញ់រាប់អានគ្នាជាបងប្អូន មានចិត្តអាណិតមេត្តា និងមានចិត្តរាបទាប»។ (ពេត្រុសទី១ ៣:៨) តើតាមរបៀបណាយើងអាចកើតទុក្ខជាមួយបងប្អូនយើង? វិធីមួយគឺដោយបង្ហាញការយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ពួកគាត់ និងព្យាយាមយល់អ្វីដែលពួកគាត់ចង់និយាយ។ រួចបង្ហាញថាអ្នកបារម្ភអំពីគាត់ដោយប្រើពាក្យដូចជា «នេះច្បាស់ជាធ្វើឲ្យបងពិបាកចិត្តមែន» ឬ«បងពិតជាមានអារម្មណ៍ថាគេយល់ខុសអំពីបង មែនទេ?»។ វិធីមួយទៀតគឺដោយនិយាយឡើងវិញអំពីអ្វីដែលគាត់បាននិយាយ ដោយប្រើពាក្យរបស់យើងផ្ទាល់ ដើម្បីបង្ហាញថាយើងយល់អ្វីដែលគាត់បានរៀបរាប់។ ការស្ដាប់ដោយសេចក្ដីស្រឡាញ់មានន័យថាយើងផ្ដោតអារម្មណ៍ទៅលើអារម្មណ៍របស់គាត់ មិនគ្រាន់តែពាក្យដែលគាត់បាននិយាយនោះទេ។