បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • លោកសម្អាតវិហារម្ដងទៀត
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូផ្កាប់តុរបស់អ្នកដូរប្រាក់

      ជំពូក​ទី​១០៣

      លោក​សម្អាត​វិហារ​ម្ដង​ទៀត

      ម៉ាថាយ ២១:១២, ១៣, ១៨, ១៩ ម៉ាកុស ១១:១២​-​១៨ លូកា ១៩:៤៥​-​៤៨ យ៉ូហាន ១២:២០​-​២៧

      • លោក​យេស៊ូ​ដាក់​បណ្ដាសា​ដើម​ល្វា​តូច ហើយ​សម្អាត​វិហារ

      • លោក​យេស៊ូ​ត្រូវ​ស្លាប់​ដើម្បី​ឲ្យ​មនុស្ស​ឯ​ទៀត​ទទួល​ជីវិត

      ក្រោយ​ពី​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​បាន​ចេញ​ពី​ក្រុង​យេរីខូ ពួក​គាត់​ស្នាក់​នៅ​ភូមិ​បេថានី​អស់​បី​យប់។ ឥឡូវ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​ណែសាន ពួក​គាត់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។ នៅ​ពេល​ធ្វើ​ដំណើរ លោក​យេស៊ូ​ក៏​ចាប់​ផ្ដើម​ឃ្លាន ដូច្នេះ​ពេល​លោក​ឃើញ​ដើម​ល្វា​តូច​មួយ លោក​ដើរ​ទៅ​ដើម​នោះ។ តើ​ដើម​ល្វា​តូច​នោះ​មាន​ផ្លែ​ឬ​ទេ?

      ឥឡូវ​នេះ​គឺ​ចុង​ខែ​មីនា​ហើយ តែ​រដូវ​ផ្លែ​ល្វា​គឺ​នៅ​ខែ​មិថុនា។ យ៉ាង​ណា​ក្ដី ដើម​ល្វា​តូច​នោះ​ចេញ​ស្លឹក​មុន​រដូវ។ ហេតុ​នេះ លោក​យេស៊ូ​គិត​ថា​ដើម​ល្វា​តូច​នោះ​ប្រហែល​ជា​មាន​ផ្លែ​មុន​រដូវ។ ប៉ុន្តែ ពេល​ទៅ​ដល់ លោក​ឃើញ​ថា​វា​គ្មាន​ផ្លែ​សោះ។ ដើម​នោះ​ចេញ​ស្លឹក​ដែល​ធ្វើ​ឲ្យ​គេ​ច្រឡំ​ថា​វា​មាន​ផ្លែ។ ដូច្នេះ លោក​យេស៊ូ​ស្រដី​ទៅ​កាន់​ដើម​នោះ​ថា​៖ ​«​ចាប់​តាំង​ពី​ឥឡូវ​នេះ​រហូត​ទៅ កុំ​ឲ្យ​មាន​អ្នក​ណា​បរិភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ​»។ (​ម៉ាកុស ១១:១៤​) រំពេច​នោះ​ដើម​ល្វា​តូច​បាន​ក្រៀម​ស្វិត​ទៅ។ អ្នក​កាន់​តាម​លោក​នឹង​រៀន​មេ​រៀន​អំពី​ដើម​ល្វា​នោះ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។

      មិន​យូរ​ប៉ុន្មាន​ក្រោយ​មក លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ទៅ​ដល់​ក្រុង​យេរូសាឡិម។ រួច​លោក​ចូល​ទៅ​ក្នុង​វិហារ​ដែល​លោក​បាន​សង្កេត​មើល​នៅ​ពេល​រសៀល​ម្សិលមិញ។ ថ្ងៃ​នេះ លោក​មិន​គ្រាន់​តែ​សង្កេត​មើល​វិហារ​ប៉ុណ្ណោះ​ទេ តែ​លោក​បាន​ធ្វើ​អ្វី​មួយ​ដូច​ដែល​លោក​បាន​ធ្វើ​នៅ​បី​ឆ្នាំ​មុន​ក្នុង​បុណ្យ​រំលង​ឆ្នាំ​៣០ គ.ស.។ (​យ៉ូហាន ២:១៤​-​១៦​) លើក​នេះ លោក​យេស៊ូ​បណ្ដេញ​«​ទាំង​អ្នក​លក់​ទាំង​អ្នក​ទិញ​»​ ហើយ​លោក​ក៏​ផ្កាប់​«​តុ​របស់​អ្នក​ដូរ​ប្រាក់ និង​ជើងម៉ា​វែង​របស់​អ្នក​លក់​សត្វ​ព្រាប​»។ (​ម៉ាកុស ១១:១៥​) ម្យ៉ាង​ទៀត លោក​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ជញ្ជូន​របស់​របរ​កាត់​តាម​ទី​ធ្លា​វិហារ​ដែរ។

      ហេតុ​អ្វី​លោក​យេស៊ូ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​អ្នក​ដូរ​ប្រាក់​និង​អ្នក​លក់​សត្វ​ក្នុង​វិហារ? លោក​មាន​ប្រសាសន៍​ថា​៖ ​«​បទ​គម្ពីរ​ចែង​ថា​៖ ‹កន្លែង​គោរព​បូជា​របស់​ខ្ញុំ​នឹង​ត្រូវ​ហៅ​ថា​កន្លែង​សម្រាប់​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​មក​អធិដ្ឋាន› មែន​ទេ? ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​សម្បុក​ចោរ​វិញ​»។ (​ម៉ាកុស ១១:១៧​) មូលហេតុ​ដែល​លោក​ហៅ​អ្នក​លក់​ដូរ​ទាំង​នោះ​ថា​ជា​ចោរ គឺ​ដោយ​សារ​ពួក​គេ​យក​តម្លៃ​ហួស​ប្រមាណ​ពី​អស់​អ្នក​ដែល​ត្រូវ​ការ​ទិញ​សត្វ​ដើម្បី​ប្រគល់​ជា​គ្រឿង​បូជា។ លោក​យេស៊ូ​ចាត់​ទុក​ការ​ប្រព្រឹត្ត​របស់​ពួក​គេ គឺ​ប្រៀប​ដូច​ជា​ការ​ប្លន់​ឬ​ការ​គំរាម​យក​ទ្រព្យ។

      ពួក​សង្ឃនាយក ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​អ្នក​ខ្លះ​ដែល​មាន​មុខ​មាត់​ច្បាស់​ជា​បាន​ឮ​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ ដូច្នេះ​ពួក​គេ​ចាប់​ផ្ដើម​រក​មធ្យោបាយ​ម្ដង​ទៀត ដើម្បី​សម្លាប់​លោក។ ក៏​ប៉ុន្តែ ពួក​គេ​មាន​បញ្ហា​មួយ គឺ​ពួក​គេ​មិន​ដឹង​ថា​ពួក​គេ​អាច​សម្លាប់​លោក​យេស៊ូ​តាម​របៀប​ណា​នោះ​ទេ ពី​ព្រោះ​បណ្ដា​ជន​កំពុង​ចោម​រោម​ស្ដាប់​លោក។

      ទាំង​ជន​ជាតិ​យូដា​ទាំង​អ្នក​ដែល​ចូល​សាសនា​យូដា បាន​មក​ចូល​រួម​បុណ្យ​រំលង ហើយ​ក៏​មាន​ជន​ជាតិ​ក្រិច​មួយ​ចំនួន​ដែរ។ ជន​ជាតិ​ក្រិច​ទាំង​នោះ​បាន​ទៅ​ជួប​ភីលីព​ដើម្បី​សុំ​ជួប​លោក​យេស៊ូ។ ពួក​គេ​ទៅ​ជួប​ភីលីព​ប្រហែល​ជា​ដោយ​សារ​គាត់​មាន​ឈ្មោះ​ជា​ភាសា​ក្រិច។ ភីលីព​ប្រហែល​ជា​មិន​សូវ​ដឹង​ច្បាស់​ថា​ការ​ជួប​បែប​នេះ​គឺ​សម ឬ​ក៏​មិន​សម​នោះ​ទេ ដូច្នេះ​គាត់​ពិគ្រោះ​គ្នា​ជា​មួយ​នឹង​អនទ្រេ។ រួច​ពួក​គាត់​យក​រឿង​នោះ​ទៅ​ជម្រាប​លោក​យេស៊ូ។ តាម​មើល​ទៅ លោក​នៅ​ឯ​វិហារ​នៅ​ឡើយ។

      លោក​យេស៊ូ​ដឹង​ថា​ពីរ​បី​ថ្ងៃ​ទៀត​លោក​នឹង​ស្លាប់ ដូច្នេះ​នេះ​មិន​មែន​ជា​ពេល​សម្រាប់​បំពេញ​បំណង​ចិត្ត​របស់​មនុស្ស ឬ​ក៏​ជា​ពេល​ដើម្បី​ស្វែង​រក​ឈ្មោះ​ល្បី​នោះ​ឡើយ។ លោក​ឆ្លើយ​តប​នឹង​សាវ័ក​ទាំង​ពីរ​នាក់​នោះ​ដោយ​លើក​ឧទាហរណ៍​មួយ​ថា​៖ ​«​គឺ​ដល់​ពេល​ឲ្យ​កូន​មនុស្ស​ទទួល​សិរី​រុង​រឿង​ហើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​គ្រាប់​ស្រូវ​សាលី​មួយ​មិន​ធ្លាក់​ដល់​ដី​ហើយ​ងាប់​ទៅ នោះ​វា​នៅ​តែ​ជា​គ្រាប់​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​គ្រាប់​នោះ​ងាប់​វិញ វា​បង្កើត​ផល​ជា​ច្រើន​»។—យ៉ូហាន ១២:២៣, ២៤

      តាម​មើល​ទៅ គ្រាប់​ស្រូវ​សាលី​មួយ​ប្រហែល​ជា​មិន​សូវ​មាន​តម្លៃ​ទេ។ ប៉ុន្តែ បើ​គ្រាប់​ស្រូវ​នោះ​បាន​ត្រូវ​កប់​ក្នុង​ដី ហើយ​«​ងាប់​»​ នោះ​វា​អាច​ចេញ​ពន្លក ហើយ​មួយ​រយៈ​ពេល​ក្រោយ​មក វា​បែក​ចេញ​ជា​កួរ​ស្រូវ​ដែល​មាន​គ្រាប់​ស្រូវ​សាលី​ជា​ច្រើន។ ស្រដៀង​គ្នា​ដែរ លោក​យេស៊ូ​គឺ​ជា​បុរស​ល្អ​ឥត​ខ្ចោះ​ម្នាក់។ ប៉ុន្តែ បើ​លោក​យេស៊ូ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​រហូត​ដល់​ស្លាប់ នោះ​លោក​នឹង​ទៅ​ជា​ខ្សែ​រយៈ​ដែល​ព្រះ​ប្រើ ដើម្បី​ផ្ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​មនុស្ស​ជា​ច្រើន ដែល​មាន​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​ដូច​លោក​យេស៊ូ​ដែរ។ ម្ល៉ោះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន អ្នក​នោះ​បំផ្លាញ​ជីវិត​ខ្លួន​វិញ ប៉ុន្តែ​អ្នក​ដែល​ស្អប់​ជីវិត​ខ្លួន​ក្នុង​ពិភព​លោក​នេះ នឹង​រក្សា​ជីវិត​ដើម្បី​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—យ៉ូហាន ១២:២៥

      ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច្នេះ លោក​ក៏​គិត​អំពី​អ្នក​ឯ​ទៀត​ដែរ ពី​ព្រោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ហើយ​កន្លែង​ណា​ដែល​ខ្ញុំ​នៅ អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ ប្រសិន​បើ​អ្នក​ណា​បម្រើ​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​កិត្ដិយស​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​»។ (​យ៉ូហាន ១២:២៦​) នេះ​ពិត​ជា​រង្វាន់​ដ៏​អស្ចារ្យ​ណាស់! អស់​អ្នក​ដែល​ទទួល​កិត្ដិយស​ពី​បិតា នឹង​ទៅ​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត​ក្នុង​រាជាណាចក្រ។

      បន្ទាប់​មក លោក​យេស៊ូ​ចាប់​ផ្ដើម​គិត​អំពី​ការ​ឈឺ​ចាប់​និង​សេចក្ដី​ស្លាប់​ដ៏​វេទនា​ដែល​លោក​នឹង​ជួប​ប្រទះ នោះ​លោក​ក៏​មាន​ប្រសាសន៍​ថា​៖ ​«​ឥឡូវ​នេះ ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ហើយ​តើ​ខ្ញុំ​អាច​និយាយ​យ៉ាង​ណា? បិតា​អើយ សូម​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​គ្រា​នេះ​»។ ប៉ុន្តែ លោក​យេស៊ូ​មិន​ចង់​គេច​វេះ​ពី​ការ​ធ្វើ​តាម​គោល​បំណង​របស់​ព្រះ​នោះ​ឡើយ។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ប៉ុន្តែ​ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មក គឺ​ដើម្បី​ឆ្លង​កាត់​គ្រា​នេះ​»។ (​យ៉ូហាន ១២:២៧​) លោក​យេស៊ូ​យល់​ស្រប​នឹង​គោល​បំណង​ទាំង​អស់​របស់​ព្រះ រួម​ទាំង​ការ​ស្លាប់​របស់​លោក​ជា​គ្រឿង​បូជា​ទៀត​ផង។

      • ទោះ​ជា​មិន​ទាន់​ដល់​រដូវ​ផ្លែ​ល្វា​ក្ដី ហេតុ​អ្វី​លោក​យេស៊ូ​រំពឹង​ថា​នឹង​មាន​ផ្លែ​ល្វា?

      • ហេតុ​អ្វី​គឺ​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​ហៅ​ពួក​អ្នក​លក់​ដូរ​នៅ​ឯ​វិហារ​ថា​ជា​«​ចោរ​»​?

      • តើ​លោក​យេស៊ូ​បាន​ត្រូវ​ប្រៀប​ប្រដូច​ទៅ​នឹង​គ្រាប់​ស្រូវ​សាលី​មួយ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ឈឺ​ចាប់​និង​សេចក្ដី​ស្លាប់​ដែល​លោក​នឹង​ជួប​ប្រទះ?

  • តើជនជាតិយូដានឹងបង្ហាញជំនឿលើព្រះឬទេ?
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូមានប្រសាសន៍ថា៖«បិតាអើយ សូមលើកតម្កើងនាមរបស់លោក» ហើយជនជាតិយូដាដែលឈរនៅជិតទីនោះបានឮសំឡេងរបស់ព្រះ

      ជំពូក​ទី​១០៤

      តើ​ជន​ជាតិ​យូដា​នឹង​បង្ហាញ​ជំនឿ​លើ​ព្រះ​ឬ​ទេ?

      យ៉ូហាន ១២:២៨​-​៥០

      • មនុស្ស​ជា​ច្រើន​ឮ​សំឡេង​របស់​ព្រះ

      • មូលដ្ឋាន​នៃ​ការ​វិនិច្ឆ័យ​សេចក្ដី

      នៅ​ឯ​វិហារ​នា​ថ្ងៃ​ច័ន្ទ ទី​១០ ខែ​ណែសាន លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​ការ​ស្លាប់​របស់​លោក​ដែល​ជិត​មក​ដល់។ លោក​យេស៊ូ​ខ្វល់​ខ្វាយ​ថា​ការ​ស្លាប់​របស់​លោក​នឹង​ប៉ះ​ពាល់​ដល់​កេរ្ដិ៍​ឈ្មោះ​របស់​ព្រះ ដូច្នេះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​អើយ សូម​លើក​តម្កើង​នាម​របស់​លោក​»។ ពេល​នោះ មាន​សំឡេង​មួយ​ដ៏​ខ្លាំង​ពី​លើ​មេឃ​ថា​៖ ​«​ខ្ញុំ​បាន​លើក​តម្កើង ក៏​នឹង​លើក​តម្កើង​ម្ដង​ទៀត​»។—យ៉ូហាន ១២:២៧, ២៨

      បណ្ដា​ជន​ដែល​ឈរ​នៅ​ទី​នោះ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។ អ្នក​ខ្លះ​គិត​ថា​ពួក​គេ​បាន​ឮ​សំឡេង​ផ្គរ​លាន់ រីឯ​អ្នក​ខ្លះ​ទៀត​និយាយ​ថា​៖ ​«​ទេវតា​មួយ​បាន​និយាយ​ទៅ​កាន់​គាត់​»។ (​យ៉ូហាន ១២:២៩​) ប៉ុន្តែ នោះ​គឺ​ជា​សំឡេង​របស់​ព្រះ​យេហូវ៉ា​ដែល​ពួក​គេ​ទើប​តែ​បាន​ឮ! ម្យ៉ាង​ទៀត នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​មនុស្ស​បាន​ឮ​សំឡេង​របស់​ព្រះ តាំង​ពី​លោក​យេស៊ូ​ចាប់​ផ្ដើម​បំពេញ​កិច្ច​បម្រើ​នៅ​ផែន​ដី។

      នៅ​បី​ឆ្នាំ​កន្លះ​មុន ពេល​ដែល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ឮ​សំឡេង​របស់​ព្រះ​មាន​ប្រសាសន៍​អំពី​លោក​យេស៊ូ​ថា​៖ ​«​នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់​»។ ក្រោយ​មក បន្ទាប់​ពី​បុណ្យ​រំលង​ឆ្នាំ​៣២ គ.ស. លោក​យេស៊ូ​បាន​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​របស់​លោក​នៅ​ចំពោះ​មុខ​យ៉ាកុប យ៉ូហាន និង​ពេត្រុស។ បុរស​ទាំង​បី​នាក់​នេះ​បាន​ឮ​សំឡេង​របស់​ព្រះ​ប្រកាស​ថា​៖ ​«​នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​ពេញ​ចិត្ត។ ចូរ​ស្ដាប់​តាម​លោក​»។ (​ម៉ាថាយ ៣:១៧; ១៧:៥​) ប៉ុន្តែ​នៅ​លើក​ទី៣​នេះ ព្រះ​យេហូវ៉ា​កំពុង​មាន​ប្រសាសន៍​តាម​របៀប​ដែល​មនុស្ស​ជា​ច្រើន​អាច​ស្ដាប់​ឮ​បាន!

      លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​សំឡេង​នេះ​បាន​បន្លឺ​ឡើង​សម្រាប់​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​ខ្ញុំ​ទេ​»។ (​យ៉ូហាន ១២:៣០​) នេះ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា លោក​យេស៊ូ​ពិត​ជា​បុត្រ​របស់​ព្រះ ពោល​គឺ​មេស្ស៊ី​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន។

      បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ក្នុង​ជីវិត។ ដូច្នេះ លោក​បាន​ទុក​គំរូ​ល្អ​សម្រាប់​មនុស្សជាតិ​ស្តី​អំពី​របៀប​រស់​នៅ ហើយ​នេះ​ក៏​បញ្ជាក់​ដែរ​ថា​មេ​កំណាច​សាថាន​ដែល​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​សម​នឹង​ទទួល​ការ​បំផ្លាញ​ចោល​មែន។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឥឡូវ​ពិភព​លោក​នេះ​កំពុង​ទទួល​ការ​វិនិច្ឆ័យ ហើយ​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​នឹង​ត្រូវ​បណ្ដេញ​ចោល​»។ ការ​ស្លាប់​របស់​លោក​យេស៊ូ​ដែល​ជិត​មក​ដល់​មិន​មែន​ជា​ការ​បរាជ័យ​ទេ តែ​ជា​ជ័យ​ជម្នះ​វិញ។ តើ​តាម​របៀប​ណា? លោក​ពន្យល់​ថា​៖ ​«​ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ត្រូវ​គេ​លើក​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​នាំ​មនុស្ស​គ្រប់​ប្រភេទ​មក​ឯ​ខ្ញុំ​»។ (​យ៉ូហាន ១២:៣១, ៣២​) ពេល​ដែល​លោក​យេស៊ូ​ស្លាប់​លើ​បង្គោល​ឈើ លោក​នឹង​ទាញ​នាំ​មនុស្ស​ជា​ច្រើន​ទៅ​ឯ​លោក ពោល​គឺ​បើក​ផ្លូវ​ទៅ​កាន់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

      ពេល​បណ្ដា​ជន​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ការ​«​លើក​ឡើង​»​ នោះ​ពួក​គេ​និយាយ​ទៅ​លោក​ថា​៖ ​«​យើង​បាន​ឮ​អ្វី​ដែល​ចែង​ក្នុង​ច្បាប់​ថា គ្រិស្ត​នឹង​ស្ថិត​នៅ​ជា​រៀង​រហូត។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​និយាយ​ថា​កូន​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង? តើ​កូន​មនុស្ស​នេះ​ជា​អ្នក​ណា?​»។ (​យ៉ូហាន ១២:៣៤​) ទោះ​ជា​មាន​ភ័ស្តុតាង​ជា​ច្រើន រួម​ទាំង​សំឡេង​របស់​ព្រះ​ក៏​ដោយ បណ្ដា​ជន​ភាគ​ច្រើន​មិន​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​ជា​កូន​មនុស្ស​ដ៏​ពិត ពោល​គឺ​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា​នោះ​ទេ។

      ដូច​ដែល​លោក​យេស៊ូ​ធ្លាប់​ធ្វើ​ពី​មុន លើក​នេះ​លោក​មាន​ប្រសាសន៍​ថា​លោក​ជា​«​ពន្លឺ​»។ (​យ៉ូហាន ៨:១២; ៩:៥​) លោក​ដាស់​តឿន​បណ្ដា​ជន​ថា​៖ ​«​ពន្លឺ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្ដិច​ទៀត​ទេ។ ចូរ​អ្នក​រាល់​គ្នា​ដើរ​កាល​ដែល​នៅ​មាន​ពន្លឺ ដើម្បី​កុំ​ឲ្យ​ភាព​ងងឹត​ឈ្នះ​អ្នក​រាល់​គ្នា​ឡើយ។ . . . កាល​ដែល​អ្នក​រាល់​គ្នា​នៅ​មាន​ពន្លឺ ចូរ​បង្ហាញ​ជំនឿ​លើ​ពន្លឺ ដើម្បី​អាច​ទៅ​ជា​កូន​នៃ​ពន្លឺ​»។ (​យ៉ូហាន ១២:៣៥, ៣៦​) លុះ​លោក​យេស៊ូ​មាន​ប្រសាសន៍​អ្វី​ៗ​ទាំង​នេះ​ចប់​ហើយ លោក​ក៏​ចេញ​ទៅ ពី​ព្រោះ​ថ្ងៃ​ទី​១០ ខែ​ណែសាន មិន​មែន​ជា​ថ្ងៃ​ដែល​លោក​ត្រូវ​ស្លាប់​ទេ។ ប៉ុន្តែ គឺ​ជា​ថ្ងៃ​ទី​១៤ ខែ​ណែសាន​វិញ ដែល​លោក​នឹង​ត្រូវ​«​លើក​ឡើង​»​ ពោល​គឺ​លោក​នឹង​ត្រូវ​ព្យួរ​លើ​បង្គោល​ឈើ។—កាឡាទី ៣:១៣

      កិច្ច​បម្រើ​របស់​លោក​យេស៊ូ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ដែល​ជន​ជាតិ​យូដា​មិន​ព្រម​ជឿ​លើ​លោក នោះ​គឺ​ស្រប​តាម​ទំនាយ​ក្នុង​គម្ពីរ​មែន។ ដូច​ទំនាយ​ដែល​អេសាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា ភ្នែក​របស់​បណ្ដា​ជន​នឹង​ទៅ​ជា​ងងឹត ហើយ​ចិត្ត​របស់​គេ​នឹង​ទៅ​ជា​រឹង ហេតុ​នេះ​ពួក​គេ​មិន​បាន​វិល​មក​វិញ​ដើម្បី​ឲ្យ​បាន​ជា​សះ​ស្បើយ​នោះ​ឡើយ។ (​អេសាយ ៦:១០; យ៉ូហាន ១២:៤០​) ពិត​មែន​ហើយ ជន​ជាតិ​យូដា​ភាគ​ច្រើន​មាន​ចិត្ត​រឹង ដោយ​បដិសេធ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​លោក​យេស៊ូ​គឺ​ជា​អ្នក​សង្គ្រោះ​ដែល​ព្រះ​បាន​សន្យា ពោល​គឺ​លោក​ជា​ផ្លូវ​ទៅ​ឯ​ជីវិត។

      ផ្ទុយ​ទៅ​វិញ នីកូដេម និង​យ៉ូសែប​ពី​ក្រុង​អារីម៉ាថេ ហើយ​អ្នក​គ្រប់​គ្រង​ជា​ច្រើន​នាក់​ទៀត​«​បាន​ជឿ​»​លើ​លោក​យេស៊ូ។ ក៏​ប៉ុន្តែ តើ​ពួក​គេ​នឹង​ប្រព្រឹត្ត​ដោយ​ជំនឿ ឬ​ក៏​តើ​ការ​ភ័យ​ខ្លាច​ថា​នឹង​ត្រូវគេ​បណ្ដេញ​ចោល​ពី​សាលា​ប្រជុំ ឬ​ការ​«​ស្រឡាញ់​ការ​សរសើរ​របស់​មនុស្ស​»​ នឹង​នាំ​ឲ្យ​ពួក​គេ​លាក់​បាំង​ជំនឿ​របស់​ខ្លួន​វិញ?—យ៉ូហាន ១២:៤២, ៤៣

      លោក​យេស៊ូ​បាន​ពន្យល់​ថា​ការ​មាន​ជំនឿ​លើ​លោក​ក៏​រួម​បញ្ចូល​អ្វី​ផ្សេង​ទៀត​ដែរ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ជឿ​លើ​ខ្ញុំ អ្នក​នោះ​មិន​មែន​ជឿ​លើ​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជឿ​លើ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ​»។ សេចក្ដី​ពិត​ដែល​ព្រះ​បាន​បង្គាប់​លោក​យេស៊ូ​ឲ្យ​បង្រៀន ហើយ​ដែល​លោក​យេស៊ូ​កំពុង​ប្រកាស​ផ្សាយ គឺ​ជា​អ្វី​ដែល​សំខាន់​ដល់​ម្ល៉េះ បាន​ជា​លោក​អាច​មាន​ប្រសាសន៍​ថា​៖ ​«​មាន​អ្នក​ដែល​នឹង​វិនិច្ឆ័យ​អ្នក​ណា​ដែល​មិន​អើពើ​ចំពោះ​ខ្ញុំ​ហើយ​មិន​ទទួល​ពាក្យ​របស់​ខ្ញុំ។ ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ជា​អ្វី​ដែល​នឹង​វិនិច្ឆ័យ​អ្នក​នោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​»។—យ៉ូហាន ១២:៤៤, ៤៥, ៤៨

      បន្ទាប់​មក លោក​យេស៊ូ​មាន​ប្រសាសន៍​បញ្ចប់​ថា​៖ ​«​ខ្ញុំ​មិន​បាន​និយាយ​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក បាន​ឲ្យ​បញ្ញត្ដិ​មួយ​មក​ខ្ញុំ​ដោយ​ផ្ទាល់ ស្តី​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់ និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ។ ម្យ៉ាង​ទៀត ខ្ញុំ​ដឹង​ថា​បញ្ញត្ដិ​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូហាន ១២:៤៩, ៥០​) លោក​យេស៊ូ​ដឹង​ច្បាស់​ថា មិន​យូរ​ទៀត​លោក​ត្រូវ​ប្រគល់​ជីវិត​លោក​ជា​គ្រឿង​បូជា​សម្រាប់​មនុស្សជាតិ​ដែល​បង្ហាញ​ជំនឿ​លើ​លោក។—រ៉ូម ៥:៨, ៩

      • ទាក់​ទង​នឹង​លោក​យេស៊ូ តើ​នៅ​ពេល​បី​ដង​ណា​ខ្លះ​ដែល​មនុស្ស​បាន​ឮ​សំឡេង​របស់​ព្រះ?

      • តើ​អ្នក​គ្រប់​គ្រង​ណា​ខ្លះ​បាន​ជឿ​លើ​លោក​យេស៊ូ? ប៉ុន្តែ ហេតុ​អ្វី​ពួក​គេ​ប្រហែល​ជា​មិន​ហ៊ាន​ទទួល​ស្គាល់​លោក​ជា​សាធារណៈ?

      • តើ​មនុស្ស​នឹង​ទទួល​ការ​វិនិច្ឆ័យ​«​នៅ​ថ្ងៃ​ចុង​ក្រោយ​»​ដោយ​ផ្អែក​លើ​មូលដ្ឋាន​អ្វី?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក