-
មេរៀនមួយអំពីជំនឿពីដើមល្វាតូចលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១០៥
មេរៀនមួយអំពីជំនឿពីដើមល្វាតូច
ម៉ាថាយ ២១:១៩-២៧ ម៉ាកុស ១១:១៩-៣៣ លូកា ២០:១-៨
មេរៀនមួយអំពីជំនឿពីដើមល្វាតូចមួយដែលបានក្រៀមស្វិត
បណ្ដាជនសួរដេញដោលអំពីប្រភពនៃអំណាចរបស់លោកយេស៊ូ
លោកយេស៊ូចាកចេញពីក្រុងយេរូសាឡិមនៅរសៀលថ្ងៃច័ន្ទ ហើយធ្វើដំណើរត្រឡប់ទៅភូមិបេថានីដែលនៅខាងកើតជម្រាលភ្នំដើមអូលីវ។ នៅយប់នោះ លោកទំនងជាស្នាក់នៅផ្ទះរបស់មិត្តភក្ដិលោក គឺឡាសា ម៉ារៀ និងម៉ាថា។
ឥឡូវគឺជាព្រឹកថ្ងៃទី១១ ខែណែសាន។ លោកយេស៊ូនិងពួកអ្នកកាន់តាមចាប់ផ្ដើមធ្វើដំណើរត្រឡប់ទៅក្រុងយេរូសាឡិមម្ដងទៀត។ នេះជាលើកចុងក្រោយដែលលោកយេស៊ូទៅឯវិហារនោះ។ ម្យ៉ាងទៀត នេះគឺជាថ្ងៃចុងក្រោយនៃកិច្ចបម្រើសាធារណៈរបស់លោក មុនលោកធ្វើបុណ្យរំលង ហើយផ្ដើមពិធីរំលឹកមរណភាពរបស់លោក ថែមទាំងជួបប្រទះនឹងការកាត់ទោសនិងការប្រហារជីវិត។
នៅតាមផ្លូវពីភូមិបេថានីកាត់ភ្នំដើមអូលីវទៅក្រុងយេរូសាឡិម ពេត្រុសឃើញដើមល្វាដែលលោកយេស៊ូបានដាក់បណ្ដាសាកាលពីព្រឹកម្សិលមិញ។ រួចគាត់ក៏ស្រែកឡើងថា៖ «រ៉ាប៊ី! មើល! ដើមល្វាដែលលោកដាក់បណ្ដាសាបានក្រៀមស្វិតហើយ»។—ម៉ាកុស ១១:២១
ប៉ុន្តែ ហេតុអ្វីលោកយេស៊ូបានធ្វើឲ្យដើមល្វានោះក្រៀមស្វិត? លោកបង្ហាញអំពីមូលហេតុក្នុងចម្លើយរបស់លោកថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ប្រសិនបើអ្នកមានជំនឿហើយមិនសង្ស័យសោះ នោះអ្នកមិនត្រឹមតែអាចធ្វើអ្វីដែលខ្ញុំបានធ្វើដល់ដើមល្វាតូចនេះប៉ុណ្ណោះទេ តែទោះជាអ្នកនិយាយទៅកាន់ភ្នំនេះថា៖ ‹ចូររើចេញពីកន្លែងនេះទៅធ្លាក់ក្នុងសមុទ្រវិញ› នោះក៏នឹងកើតឡើងដែរ។ ហើយអ្វីៗទាំងអស់ដែលអ្នកអធិដ្ឋានសុំដោយមានជំនឿ នោះអ្នកនឹងទទួល»។ (ម៉ាថាយ ២១:២១, ២២) ដូច្នេះ លោកកំពុងមានប្រសាសន៍ឡើងវិញអំពីចំណុចដែលលោកបានបង្រៀនពីមុន ស្តីអំពីជំនឿដែលអាចរើភ្នំបាន។—ម៉ាថាយ ១៧:២០
ម្ល៉ោះហើយ ដោយសារលោកយេស៊ូបានធ្វើឲ្យដើមល្វានោះទៅជាក្រៀមស្វិត លោកផ្ដល់មេរៀនមួយអំពីសារៈសំខាន់នៃការមានជំនឿលើព្រះ។ លោកមានប្រសាសន៍ថា៖ «អ្វីៗទាំងអស់ដែលអ្នកអធិដ្ឋានសុំ ចូរបង្ហាញជំនឿដោយចាត់ទុកថាអ្នកបានទទួលតាមសំណូមពរនោះរួចហើយ។ ធ្វើដូច្នេះ អ្នកនឹងបានទទួលមែន»។ (ម៉ាកុស ១១:២៤) នេះពិតជាមេរៀនដ៏សំខាន់ណាស់សម្រាប់អ្នកកាន់តាមទាំងអស់របស់លោកយេស៊ូ! ជាពិសេសសម្រាប់ពួកសាវ័ក ដោយសារបន្ដិចទៀតពួកគាត់នឹងជួបប្រទះការល្បងលដ៏ពិបាក។ យ៉ាងណាក្ដី មានចំណុចមួយទៀតអំពីភាពក្រៀមស្វិតនៃដើមល្វានោះដែលទាក់ទងទៅនឹងជំនឿ។
ដូចដើមល្វានោះដែរ ប្រជាជាតិអ៊ីស្រាអែលហាក់ដូចជាមានជំនឿលើព្រះ។ រាស្ត្រនៃប្រជាជាតិនេះមានកិច្ចព្រមព្រៀងជាមួយនឹងព្រះ ហើយមើលទៅពួកគេប្រហែលជាអ្នកធ្វើតាមច្បាប់របស់ព្រះ។ ក៏ប៉ុន្តែ ជាទូទៅប្រជាជាតិនោះបង្ហាញថាពួកគេគ្មានជំនឿ ហើយក៏គ្មានផលផ្លែល្អដែរ។ ពួកគេថែមទាំងបដិសេធបុត្ររបស់ព្រះទៀតផង! ហេតុនេះ ការដែលលោកយេស៊ូបានធ្វើឲ្យដើមល្វាដែលគ្មានផលផ្លែទៅជាក្រៀមស្វិត នោះលោកកំពុងបើកបង្ហាញឲ្យឃើញអំពីអនាគតរបស់ប្រជាជាតិនេះដែលគ្មានជំនឿហើយគ្មានផលផ្លែ។
មិនយូរប៉ុន្មានក្រោយមក លោកយេស៊ូនិងពួកអ្នកកាន់តាមចូលក្រុងយេរូសាឡិម។ រួចតាមទម្លាប់ លោកយេស៊ូចូលទៅឯវិហារ ហើយចាប់ផ្ដើមបង្រៀនបណ្ដាជន។ ពួកសង្ឃនាយកនិងពួកបុរសចាស់ទុំរបស់បណ្ដាជនទំនងជានៅចាំអំពីអ្វីដែលលោកយេស៊ូបានធ្វើចំពោះពួកអ្នកដូរប្រាក់នៅថ្ងៃមុន ដូច្នេះពួកគេសួរដេញដោលលោកថា៖ «តើលោកធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី? ឬតើអ្នកណាបានប្រគល់សិទ្ធិអំណាចឲ្យលោកធ្វើអ្វីៗទាំងនេះ?»។—ម៉ាកុស ១១:២៨
លោកយេស៊ូឆ្លើយតបថា៖ «ខ្ញុំសួរអ្នករាល់គ្នាសំណួរមួយ។ អ្នកឆ្លើយសំណួរនោះសិន រួចខ្ញុំនឹងប្រាប់ថាខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វី។ តើយ៉ូហានបានទទួលសិទ្ធិអំណាចជ្រមុជទឹកឲ្យគេ ពីស្ថានសួគ៌ ឬពីមនុស្ស? ចូរឆ្លើយប្រាប់មក»។ ឥឡូវនេះ ពួកអ្នកប្រឆាំងលោកគឺជាអ្នកដែលកំពុងបានត្រូវសួរដេញដោលវិញ។ ដូច្នេះ ពួកសង្ឃនិងពួកបុរសចាស់ទុំជជែកវែកញែកគ្នាថា៖ «ប្រសិនបើយើងឆ្លើយថា៖ ‹ពីស្ថានសួគ៌› គាត់នឹងសួរថា៖ ‹បើដូច្នេះ ហេតុអ្វីអ្នករាល់គ្នាមិនបានជឿយ៉ូហាន?›។ ក៏ប៉ុន្តែ តើយើងគួរនិយាយថា៖ ‹ពីមនុស្ស›ឬ?»។ ពួកគេគិតដូច្នេះ ដោយសារពួកគេខ្លាចបណ្ដាជន «ពីព្រោះមនុស្សទាំងនោះជឿថាយ៉ូហានជាអ្នកប្រកាសទំនាយពិតមែន»។—ម៉ាកុស ១១:២៩-៣២
ពួកអ្នកដែលប្រឆាំងលោកយេស៊ូមិនហ៊ានឆ្លើយទេ។ ដូច្នេះ ពួកគេឆ្លើយតបទៅលោកថា៖ «យើងមិនដឹងទេ»។ រួចលោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាថា ខ្ញុំធ្វើអ្វីៗទាំងនេះដោយអាងសិទ្ធិអំណាចអ្វីដែរ»។—ម៉ាកុស ១១:៣៣
-
-
ឧទាហរណ៍ពីរអំពីចម្ការទំពាំងបាយជូរលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១០៦
ឧទាហរណ៍ពីរអំពីចម្ការទំពាំងបាយជូរ
ម៉ាថាយ ២១:២៨-៤៦ ម៉ាកុស ១២:១-១២ លូកា ២០:៩-១៩
ឧទាហរណ៍អំពីកូនប្រុសពីរនាក់
ឧទាហរណ៍អំពីពួកកសិករក្នុងចម្ការទំពាំងបាយជូរ
ថ្មីៗនេះនៅឯវិហារ លោកយេស៊ូបានធ្វើឲ្យពួកសង្ឃនាយកនិងពួកបុរសចាស់ទុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេគឺជាអ្នកដែលសួរដេញដោលលោកយេស៊ូអំពីប្រភពនៃអំណាចរបស់លោកក្នុងការធ្វើអ្វីៗទាំងនោះ។ ប៉ុន្តែ ការឆ្លើយតបរបស់លោកយេស៊ូធ្វើឲ្យពួកគេបាត់មាត់។ បន្ទាប់មក លោកលើកឧទាហរណ៍មួយដើម្បីបង្ហាញថាពួកគេពិតជាមនុស្សបែបណា។
លោកយេស៊ូមានប្រសាសន៍ថា៖ «បុរសម្នាក់មានកូនពីរនាក់។ គាត់ទៅប្រាប់កូនទីមួយថា៖ ‹កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ›។ កូនទីមួយឆ្លើយថា៖ ‹ខ្ញុំមិនទៅទេ› ប៉ុន្តែគាត់ស្ដាយក្រោយ ហើយបានចេញទៅចម្ការ។ រួចមក បុរសនោះទៅប្រាប់កូនទីពីរដូចគ្នា។ កូនទីពីរឆ្លើយថា៖ ‹ខ្ញុំនឹងទៅ លោកឪពុក!› ប៉ុន្តែគាត់មិនបានទៅទេ។ តើកូនមួយណាបានធ្វើតាមចិត្តរបស់ឪពុក?»។ (ម៉ាថាយ ២១:២៨-៣១, ព.ថ.) យើងឃើញច្បាស់ថា នៅទីបំផុតកូនទី១គឺជាអ្នកដែលបានធ្វើតាមចិត្តរបស់ឪពុក។
ហេតុនេះ លោកយេស៊ូប្រាប់ពួកអ្នកប្រឆាំងលោកថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកអ្នកយកពន្ធនិងពួកស្រីពេស្យាកំពុងចូលរាជាណាចក្ររបស់ព្រះមុនអ្នករាល់គ្នា»។ នៅពេលដំបូង ពួកអ្នកយកពន្ធនិងពួកស្រីពេស្យាមិនបម្រើព្រះទេ។ ប៉ុន្តែ ដូចកូនទី១ដែរ ក្រោយមកពួកគេបានប្រែចិត្ត ហើយឥឡូវកំពុងបម្រើព្រះ។ ផ្ទុយទៅវិញ ពួកអ្នកដឹកនាំសាសនាគឺដូចជាកូនទី២ ពីព្រោះពួកគេអះអាងថាពួកគេបម្រើព្រះ តែពួកគេមិនបានធ្វើដូច្នេះសោះ។ លោកយេស៊ូមានប្រសាសន៍ថា៖ «យ៉ូហាន[ដែលជាអ្នកជ្រមុជទឹក]បានមកឯអ្នករាល់គ្នាដោយបង្រៀនអំពីផ្លូវនៃសេចក្ដីសុចរិត តែអ្នករាល់គ្នាមិនបានជឿគាត់ឡើយ។ ក៏ប៉ុន្តែ ពួកអ្នកយកពន្ធនិងពួកស្រីពេស្យាបានជឿគាត់ ឯអ្នករាល់គ្នាទោះជាឃើញដូច្នេះក៏ដោយ ក៏នៅតែមិនស្ដាយក្រោយហើយជឿគាត់ទេ»។—ម៉ាថាយ ២១:៣១, ៣២
លោកយេស៊ូបន្តរៀបរាប់រឿងនេះដោយលើកឧទាហរណ៍មួយទៀត។ ម្ដងនេះ លោកបង្ហាញថាពួកអ្នកដឹកនាំសាសនាមិនគ្រាន់តែមិនបានបំពេញភារកិច្ចក្នុងកិច្ចបម្រើព្រះប៉ុណ្ណោះទេ ប៉ុន្តែពួកគេពិតជាអាក្រក់ខ្លាំងណាស់។ លោកយេស៊ូមានប្រសាសន៍ថា៖ «បុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរមួយ ហើយព័ទ្ធរបង និងជីកកន្លែងសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា ក៏បានសង់ប៉មមួយ រួចប្រវាស់ចម្ការឲ្យពួកកសិករ។ ក្រោយមក បុរសនោះធ្វើដំណើរទៅក្រៅប្រទេស។ លុះដល់ពេលកំណត់ គាត់ចាត់ខ្ញុំបម្រើម្នាក់ឲ្យទៅឯពួកកសិករ ដើម្បីទទួលផលដែលជាចំណែករបស់គាត់។ ប៉ុន្តែពួកកសិករបានចាប់ខ្ញុំបម្រើនោះ វាយដំ រួចបណ្ដេញឲ្យទៅវិញដោយដៃទទេ។ ក្រោយមក បុរសនោះចាត់ខ្ញុំបម្រើម្នាក់ទៀតឲ្យទៅឯពួកកសិករម្ដងទៀត តែពួកគេវាយក្បាលអ្នកនោះ ហើយប្រមាថមើលងាយគាត់។ រួចបុរសនោះបានចាត់ខ្ញុំបម្រើម្នាក់ទៀត តែពួកកសិករសម្លាប់អ្នកនោះចោល។ បុរសនោះចាត់ខ្ញុំបម្រើជាច្រើននាក់ទៀតឲ្យទៅ តែអ្នកខ្លះត្រូវកសិករវាយដំ ហើយខ្លះទៀតត្រូវពួកគេសម្លាប់»។—ម៉ាកុស ១២:១-៥
តើពួកអ្នកដែលកំពុងស្ដាប់លោកយេស៊ូនឹងយល់ឧទាហរណ៍នេះឬទេ? ពួកគេប្រហែលជានៅចាំប្រសាសន៍របស់ព្រះតាមរយៈអេសាយដែលថា៖ «ចំការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល នឹងពីយូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់ប្រាថ្នាចង់បានសេចក្ដីយុត្ដិធម៌ តែមើល បានតែការកំចាយឈាមវិញ»។ (អេសាយ ៥:៧) ឧទាហរណ៍របស់លោកយេស៊ូក៏ស្រដៀងនេះដែរ។ ម្ចាស់ដីគឺជាព្រះយេហូវ៉ា ហើយចម្ការគឺជាប្រជាជាតិអ៊ីស្រាអែល។ ច្បាប់របស់ព្រះបានការពារពួកគេ ដូចជារបងព័ទ្ធចម្ការ។ ព្រះយេហូវ៉ាបានចាត់ពួកអ្នកប្រកាសទំនាយដើម្បីណែនាំរាស្ត្ររបស់លោក ហើយជួយពួកគេឲ្យបង្កើតផលផ្លែល្អ។
ប៉ុន្តែ«ពួកកសិករ»បានធ្វើបាបហើយសម្លាប់«ពួកខ្ញុំបម្រើ» ដែលបានត្រូវចាត់ទៅឯពួកគេ។ លោកយេស៊ូពន្យល់ថា៖ «នៅមានម្នាក់ទៀត គឺជាកូនប្រុសជាទីស្រឡាញ់របស់គាត់[ម្ចាស់ចម្ការ]។ ក្រោយបង្អស់ គាត់ចាត់កូនប្រុសឲ្យទៅដោយពោលថា៖ ‹ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ›។ ប៉ុន្តែកសិករទាំងនោះបាននិយាយគ្នាថា៖ ‹គាត់ជាអ្នកទទួលមត៌ក។ ចូរយើងនាំគ្នាសម្លាប់គាត់ រួចចម្ការនេះនឹងក្លាយជារបស់យើង›។ ដូច្នេះ ពួកគេចាប់កូនប្រុសនោះ សម្លាប់ចោល»។—ម៉ាកុស ១២:៦-៨
ឥឡូវ លោកយេស៊ូសួរថា៖ «តើម្ចាស់ចម្ការនោះនឹងធ្វើយ៉ាងណា?»។ (ម៉ាកុស ១២:៩) ពួកអ្នកដឹកនាំសាសនាឆ្លើយថា៖ «ដោយសារពួកគេជាមនុស្សអាក្រក់ នោះលោកនឹងបំផ្លាញពួកគេចោលឥតត្រាប្រណី ក៏នឹងប្រវាស់ចម្ការនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងឲ្យផលដល់លោកតាមរដូវ»។—ម៉ាថាយ ២១:៤១
ហេតុនេះ ដោយមិនដឹងខ្លួនពួកគេបានប្រកាសអំពីការវិនិច្ឆ័យមកលើខ្លួនពួកគេ ពីព្រោះពួកគេស្ថិតក្នុងចំណោម«ពួកកសិករ» ដែលធ្វើការក្នុង«ចម្ការ»របស់ព្រះយេហូវ៉ា ពោលគឺប្រជាជាតិអ៊ីស្រាអែល។ តើព្រះយេហូវ៉ាមានសិទ្ធិតម្រូវឲ្យពួកកសិករទាំងនោះឲ្យផលផ្លែអ្វី? ផលផ្លែនោះរួមបញ្ចូលជំនឿលើបុត្ររបស់លោកដែលជាមេស្ស៊ី។ លោកយេស៊ូមើលចំពួកអ្នកដឹកនាំសាសនា រួចមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានបទគម្ពីរទេឬ ដែលថា៖ ‹ថ្មដែលអ្នកសាងសង់មិនព្រមយក បានទៅជាថ្មជ្រុងដែលនៅលើថ្មជ្រុងទាំងអស់›ទេឬ? តើមិនធ្លាប់អានទេឬថា៖ ‹ព្រះយេហូវ៉ាបានធ្វើឲ្យការនេះកើតឡើង ហើយនោះជាការអស្ចារ្យចំពោះយើង›?»។ (ម៉ាកុស ១២:១០, ១១) បន្ទាប់មក លោកយេស៊ូបញ្ជាក់អំពីចំណុចសំខាន់នៃប្រសាសន៍របស់លោកថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាជាណាចក្ររបស់ព្រះនឹងត្រូវដកហូតពីអ្នករាល់គ្នា ហើយប្រគល់ឲ្យប្រជាជាតិមួយដែលបង្កើតផលនៃរាជាណាចក្រនោះ»។—ម៉ាថាយ ២១:៤៣
ពួកអ្នកជំនាញខាងច្បាប់និងពួកសង្ឃនាយកដឹងថាលោកយេស៊ូ«លើកឧទាហរណ៍នេះសំដៅលើពួកគេ»។ (លូកា ២០:១៩) ដូច្នេះ ខ្លាំងជាងមុនទៅទៀត ពួកគេចង់សម្លាប់លោកយេស៊ូដែលជា«អ្នកទទួលមត៌ក»ស្របច្បាប់។ ប៉ុន្តែពួកគេខ្លាចបណ្ដាជន ដោយសារមនុស្សទាំងនោះចាត់ទុកលោកយេស៊ូជាអ្នកប្រកាសទំនាយ ដូច្នេះពួកគេមិនបានព្យាយាមសម្លាប់លោកនៅពេលនោះឡើយ។
-
-
ស្តេចហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១០៧
ស្តេចហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារ
ឧទាហរណ៍អំពីពិធីពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍
កាលដែលកិច្ចបម្រើរបស់លោកយេស៊ូជិតមកដល់ទីបញ្ចប់ លោកបន្តលើកឧទាហរណ៍ផ្សេងៗដើម្បីបកអាក្រាតពួកអ្នកជំនាញខាងច្បាប់និងពួកសង្ឃនាយក។ ដូច្នេះ ពួកគេចង់សម្លាប់លោក។ (លូកា ២០:១៩) យ៉ាងណាក្ដី លោកយេស៊ូនៅតែបកអាក្រាតពួកគេ។
លោកលើកឧទាហរណ៍មួយទៀតថា៖ «រាជាណាចក្រស្ថានសួគ៌គឺប្រៀបដូចជាបុរសម្នាក់ជាស្តេច ដែលបានរៀបចំភោជនាហារអបអរអាពាហ៍ពិពាហ៍បុត្ររបស់លោក ហើយបានចាត់ពួកខ្ញុំបម្រើឲ្យទៅហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារ ប៉ុន្តែពួកគេមិនព្រមមកទេ»។ (ម៉ាថាយ ២២:២, ៣) នៅដើមដំបូងនៃឧទាហរណ៍នេះ លោកយេស៊ូមានប្រសាសន៍អំពី«រាជាណាចក្រស្ថានសួគ៌»។ ហេតុនេះ «ស្តេច»ច្បាស់ជាសំដៅទៅលើព្រះយេហូវ៉ា។ ចុះយ៉ាងណាវិញចំពោះកូនស្តេចនិងអ្នកដែលបានត្រូវអញ្ជើញឲ្យមកពិសាភោជនាហារ? ម្ដងនេះទៀត គឺមិនមែនជាការពិបាកទេឲ្យយើងសម្គាល់ថា កូនស្តេចគឺជាកូនរបស់ព្រះយេហូវ៉ា ដូច្នេះលោកយេស៊ូដែលជាអ្នកកំពុងលើកឧទាហរណ៍នេះគឺជាកូនរបស់ស្តេចដែលជាព្រះយេហូវ៉ា។ យើងក៏អាចយល់ដែរថា អ្នកដែលបានត្រូវអញ្ជើញគឺជាអ្នកដែលនឹងនៅជាមួយនឹងកូនស្តេចក្នុងរាជាណាចក្រស្ថានសួគ៌។
តើអ្នកណាបានត្រូវអញ្ជើញមុនគេ? តើលោកយេស៊ូនិងពួកសាវ័កកំពុងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រដល់អ្នកណា? គឺដល់ជនជាតិយូដា។ (ម៉ាថាយ ១០:៦, ៧; ១៥:២៤) ប្រជាជាតិនេះបានចុះកិច្ចព្រមព្រៀងខាងច្បាប់នៅឆ្នាំ១៥១៣ មុនគ.ស. ដូច្នេះពួកគេមានឯកសិទ្ធិមុនគេក្នុងការធ្វើជា‹សង្ឃក្នុងរាជាណាចក្រព្រះ›។ (និក្ខមនំ ១៩:៥-៨) ក៏ប៉ុន្តែ តើនៅពេលណាពួកគេបានត្រូវអញ្ជើញឲ្យទៅពិសា«ភោជនាហារអបអរអាពាហ៍ពិពាហ៍»? ពួកគេបានត្រូវអញ្ជើញនៅឆ្នាំ២៩ គ.ស. ពោលគឺនៅពេលដែលលោកយេស៊ូចាប់ផ្ដើមផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រស្ថានសួគ៌។
ដូច្នេះ តើជនជាតិអ៊ីស្រាអែលភាគច្រើនតបឆ្លើយយ៉ាងណាចំពោះសេចក្ដីអញ្ជើញនេះ? ដូចលោកយេស៊ូមានប្រសាសន៍ថា៖ «ពួកគេមិនព្រមមកទេ»។ ពួកអ្នកដឹកនាំសាសនានិងបណ្ដាជនភាគច្រើនមិនទទួលស្គាល់លោកយេស៊ូថាជាមេស្ស៊ី ឬជាស្តេចដែលព្រះបានតែងតាំងនោះឡើយ។
ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូបញ្ជាក់ថាជនជាតិយូដានឹងមានឱកាសម្ដងទៀតដើម្បីទទួលសេចក្ដីអញ្ជើញ។ លោកមានប្រសាសន៍ថា៖ «លោក[ស្តេច]ចាត់ពួកខ្ញុំបម្រើផ្សេងឲ្យទៅម្ដងទៀត ដោយប្រាប់ថា៖ ‹ចូរប្រាប់អ្នកដែលខ្ញុំបានអញ្ជើញថា៖ «មើល! ខ្ញុំបានរៀបចំអាហារថ្ងៃត្រង់របស់ខ្ញុំរួចហើយ ក៏បានសម្លាប់គោឈ្មោលនិងសត្វបំប៉នយ៉ាងធាត់ ហើយអ្វីៗទាំងអស់បានត្រូវរៀបចំជាស្រេច។ អញ្ជើញមកពិសាភោជនាហារចុះ»›។ ប៉ុន្តែអ្នកទាំងនោះមិនអើពើសោះ ក៏បានចេញទៅ ម្នាក់បានទៅស្រែចម្ការរបស់ខ្លួន ម្នាក់ទៀតបានទៅធ្វើជំនួញ អ្នកឯទៀតបានចាប់ពួកខ្ញុំបម្រើរបស់លោកធ្វើបាប រួចសម្លាប់ចោល»។ (ម៉ាថាយ ២២:៤-៦) នេះជាអ្វីដែលនឹងកើតឡើងនៅពេលដែលក្រុមជំនុំគ្រិស្តសាសនិកបានត្រូវស្ថាបនាឡើង។ នៅពេលនោះ ជនជាតិយូដានៅតែមានឱកាសចូលក្នុងរាជាណាចក្រព្រះ ប៉ុន្តែពួកគេភាគច្រើនបដិសេធសេចក្ដីអញ្ជើញនោះ ថែមទាំងធ្វើបាប‹ខ្ញុំបម្រើរបស់ស្តេច›ទៀតផង។—សកម្មភាព ៤:១៣-១៨; ៧:៥៤, ៥៨
តើប្រជាជាតិនេះនឹងទទួលលទ្ធផលអ្វី? លោកយេស៊ូប្រាប់ថា៖ «ប៉ុន្តែស្តេចបានខឹងជាខ្លាំង ក៏បានចាត់កងទ័ពរបស់លោកឲ្យទៅបំផ្លាញឃាតករទាំងនោះ ហើយដុតក្រុងរបស់ពួកគេចោល»។ (ម៉ាថាយ ២២:៧) នេះបានកើតឡើងចំពោះជនជាតិយូដានៅឆ្នាំ៧០ គ.ស. ពេលដែលកងទ័ពរ៉ូមបំផ្លាញ«ក្រុងរបស់ពួកគេ» ពោលគឺក្រុងយេរូសាឡិម។
ជនជាតិយូដាបានបដិសេធសេចក្ដីអញ្ជើញរបស់ស្តេច។ តើនេះមានន័យថាជនជាតិឯទៀតនឹងមិនទទួលសេចក្ដីអញ្ជើញឬ? យោងទៅតាមឧទាហរណ៍របស់លោកយេស៊ូ គឺមិនដូច្នោះទេ។ លោកមានប្រសាសន៍បន្តថា៖ «ក្រោយមក លោក[ស្តេច]ប្រាប់ពួកខ្ញុំបម្រើថា៖ ‹ភោជនាហារបានត្រូវរៀបចំជាស្រេចពិតមែន ប៉ុន្តែអ្នកដែលបានត្រូវអញ្ជើញ គឺមិនសមនឹងមកឡើយ។ ដូច្នេះ ចូរទៅផ្លូវទាំងប៉ុន្មានដែលចេញក្រៅក្រុង ហើយអ្នកណាក៏ដោយដែលអ្នករកឃើញ ចូរអញ្ជើញអ្នកនោះមកពិសាភោជនាហារចុះ›។ ម្ល៉ោះហើយ ពួកខ្ញុំបម្រើទាំងនោះចេញទៅផ្លូវទាំងប៉ុន្មាន ហើយប្រមូលមនុស្សទាំងអស់ដែលពួកគេរកឃើញ ទាំងទុច្ចរិតទាំងល្អមក ហើយសាលពិធីមង្គលការបានពេញទៅដោយមនុស្សកំពុងអង្គុយនៅតុ»។—ម៉ាថាយ ២២:៨-១០
គួរឲ្យចាប់អារម្មណ៍ថា នេះបានកើតឡើងក្រោយមក នៅពេលដែលសាវ័កពេត្រុសចាប់ផ្ដើមជួយសាសន៍ដទៃឲ្យក្លាយទៅជាគ្រិស្តសាសនិកពិត។ សាសន៍ដទៃរួមមានអស់អ្នកដែលមិនមែនជាជនជាតិយូដាពីកំណើត ឬក៏អ្នកដែលចូលសាសនាយូដា។ ជាឧទាហរណ៍ នៅឆ្នាំ៣៦ គ.ស. ទាហានជនជាតិរ៉ូមម្នាក់ឈ្មោះកូនេលាស និងក្រុមគ្រួសាររបស់គាត់បានទទួលសកម្មពលរបស់ព្រះ។ ដូច្នេះ ពួកគាត់មានឯកសិទ្ធិទទួលរាជាណាចក្រស្ថានសួគ៌ដែលលោកយេស៊ូបានមានប្រសាសន៍។—សកម្មភាព ១០:១, ៣៤-៤៨
បន្ទាប់មក លោកយេស៊ូបញ្ជាក់ថាមិនមែនអស់អ្នកដែលបានមកពិសាភោជនាហារនឹងទទួលការពេញចិត្តពី«ស្តេច»នោះឡើយ។ លោកមានប្រសាសន៍ថា៖ «ពេលដែលស្តេចចូលមកពិនិត្យមើលភ្ញៀវ នោះលោកក្រឡេកទៅឃើញបុរសម្នាក់មិនពាក់សម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការទេ។ ដូច្នេះ លោកសួរបុរសនោះថា៖ ‹សម្លាញ់! ហេតុអ្វីអ្នកនៅទីនេះតែមិនពាក់សម្លៀកបំពាក់សម្រាប់ចូលរួមពិធីមង្គលការដូច្នេះ?›។ បុរសនោះនិយាយមិនរួច។ បន្ទាប់មក ស្តេចមានប្រសាសន៍ទៅពួកខ្ញុំបម្រើថា៖ ‹ចូរចងដៃចងជើងបុរសនេះ ហើយបោះទៅខាងក្រៅ ដែលងងឹត។ នៅទីនោះគាត់នឹងយំហើយសង្កៀតធ្មេញ›។ ព្រោះមនុស្សជាច្រើនបានត្រូវអញ្ជើញ តែមនុស្សតិចទេបានត្រូវជ្រើសរើស»។—ម៉ាថាយ ២២:១១-១៤
ពួកអ្នកដឹកនាំសាសនាដែលកំពុងស្ដាប់លោកយេស៊ូប្រហែលជាមិនយល់អត្ថន័យនៃប្រសាសន៍របស់លោកទេ ឬក៏ពួកគេមិនដឹងថាប្រសាសន៍របស់លោកកំពុងសំដៅទៅលើអ្វីឡើយ។ ទោះជាយ៉ាងណាក្ដី ពួកគេមិនពេញចិត្តនឹងលោកយេស៊ូសោះ ហើយពួកគេតាំងចិត្តកាន់តែខ្លាំងដើម្បីសម្លាប់លោក ដោយសារលោកបានធ្វើឲ្យពួកគេអាម៉ាស់មុខ។
-
-
លោកយេស៊ូមិនចាញ់ការបញ្ឆោតលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១០៨
លោកយេស៊ូមិនចាញ់ការបញ្ឆោត
ម៉ាថាយ ២២:១៥-៤០ ម៉ាកុស ១២:១៣-៣៤ លូកា ២០:២០-៤០
អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ
តើអ្នកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនឹងរៀបការឬ?
បញ្ញត្ដិដ៏សំខាន់បំផុត
ពួកអ្នកដែលប្រឆាំងលោកយេស៊ូបានខឹងយ៉ាងខ្លាំង។ ហេតុអ្វី? ដោយសារលោកយេស៊ូទើបតែបានលើកឧទាហរណ៍ផ្សេងៗដើម្បីលាតត្រដាងភាពទុច្ចរិតរបស់ពួកគេ។ ឥឡូវនេះ ពួកផារិស៊ីរួមគំនិតគ្នាដើម្បីបញ្ឆោតលោក។ ពួកគេព្យាយាមធ្វើឲ្យលោកនិយាយអ្វីដែលពួកគេអាចយកជាហេតុដើម្បីចាប់លោកប្រគល់ទៅឲ្យអភិបាលរ៉ូម។ ហេតុនេះ ពួកគេបានឲ្យប្រាក់ទៅពួកអ្នកកាន់តាមខ្លះរបស់ពួកគេ ដើម្បីឲ្យទៅបញ្ឆោតលោកយេស៊ូ។—លូកា ៦:៧
រួចមក អ្នកទាំងនោះនិយាយទៅកាន់លោកថា៖ «លោកគ្រូ យើងដឹងថាលោកតែងមានប្រសាសន៍និងបង្រៀនត្រឹមត្រូវ ក៏មិនរើសមុខអ្នកណាឡើយ តែលោកបង្រៀនសេចក្ដីពិតអំពីផ្លូវរបស់ព្រះ។ តើមានច្បាប់ឲ្យយើងបង់ពន្ធជូនសេសារឬទេ?»។ (លូកា ២០:២១, ២២) លោកយេស៊ូមិនបានចាញ់បោកពាក្យបញ្ជោររបស់ពួកគេទេ ពីព្រោះលោកជ្រាបថាពួកគេជាមនុស្សលាក់ពុតនិងមានឧបាយកល។ ប្រសិនបើលោកមានប្រសាសន៍ថា ‹ទេ មិនត្រូវបង់ពន្ធទេ› នោះលោកនឹងត្រូវគេចោទប្រកាន់ថាជាអ្នកបះបោរប្រឆាំងរដ្ឋាភិបាលរ៉ូម។ ផ្ទុយទៅវិញ បើលោកមានប្រសាសន៍ថា ‹មែនហើយ ត្រូវតែបង់ពន្ធ› នោះបណ្ដាជនដែលស្អប់ការគ្រប់គ្រងរបស់រដ្ឋាភិបាលរ៉ូម អាចយល់ច្រឡំហើយចាប់ផ្ដើមប្រឆាំងលោក។ ដូច្នេះ តើលោកឆ្លើយតបយ៉ាងដូចម្ដេច?
លោកយេស៊ូឆ្លើយតបទៅពួកគេថា៖ «នែ! មនុស្សលាក់ពុត! ហេតុអ្វីអ្នករាល់គ្នាខំល្បងមើលខ្ញុំដូច្នេះ? ចូរយកកាក់សម្រាប់បង់ពន្ធដារមកបង្ហាញខ្ញុំ»។ ពួកគេយកប្រាក់ឌីណារីមួយមកជូនលោក។ រួចលោកសួរពួកគេថា៖ «តើនេះជារូបនិងឈ្មោះរបស់អ្នកណា?»។ ពួកគេឆ្លើយថា៖ «ជារូបនិងឈ្មោះរបស់សេសារ»។ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ដោយប៉ិនប្រសប់ទៅពួកគេថា៖ «បើដូច្នេះ អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ តែអ្វីដែលជារបស់ព្រះ ចូរសងព្រះវិញ»។—ម៉ាថាយ ២២:១៨-២១
ពួកគេកោតស្ងើចក្នុងចិត្តចំពោះប្រសាសន៍របស់លោកយេស៊ូ។ ការឆ្លើយតបយ៉ាងប៉ិនប្រសប់របស់លោកបានធ្វើឲ្យពួកគេស្ងាត់មាត់ រួចពួកគេក៏ចាកចេញទៅ។ ប៉ុន្តែ ថ្ងៃនោះមិនទាន់ចប់ទេ ហើយសត្រូវរបស់លោកក៏មិនបានឈប់ព្យាយាមបញ្ឆោតលោកដែរ ពីព្រោះបន្ទាប់ពីការប៉ុនប៉ងរបស់ពួកផារិស៊ីបានបរាជ័យ ពួកអ្នកដឹកនាំសាសនាមួយក្រុមទៀតបានមកជួបលោកយេស៊ូ។
ពួកសាឌូស៊ីដែលជាអ្នកមិនជឿថាមានការប្រោសឲ្យរស់ឡើងវិញ បានសួរសំណួរមួយដែលទាក់ទងនឹងការប្រោសឲ្យរស់ឡើងវិញ និងការរៀបការជាមួយនឹងបុរសដែលជាសាច់ថ្លៃ។ ពួកគេសួរលោកយេស៊ូថា៖ «លោកគ្រូ ម៉ូសេបានប្រាប់ថា៖ ‹បើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូន បងឬប្អូនប្រុសរបស់បុរសនោះ ត្រូវរៀបការជាមួយនឹងប្រពន្ធបុរសនោះ ដើម្បីបង្កើតកូនបន្តពូជឲ្យគាត់›។ ក្នុងចំណោមយើងធ្លាប់មានបងប្អូនប្រុសប្រាំពីរនាក់។ បងច្បងបានរៀបការ រួចមកបានស្លាប់ទៅ តែគ្មានកូនទេ ហើយប្អូនបន្ទាប់បានរៀបការជាមួយនឹងប្រពន្ធគាត់។ ក្រោយពីបានយកនាងធ្វើជាប្រពន្ធ នោះប្អូនបន្ទាប់ក៏បានស្លាប់ តែគ្មានកូនដែរ។ ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនពៅក៏ដូច្នេះដែរ។ នៅទីបំផុត ស្ត្រីនោះក៏បានស្លាប់ទៅដែរ។ ដូច្នេះ ពេលដែលរស់ឡើងវិញ តើអ្នកណាក្នុងចំណោមបងប្អូនប្រាំពីរនាក់នោះត្រូវជាប្ដីរបស់នាង? ព្រោះពួកគេទាំងអស់ បានយកនាងធ្វើជាប្រពន្ធ»។—ម៉ាថាយ ២២:២៤-២៨
លោកយេស៊ូបានដឹងថាពួកសាឌូស៊ីជឿអ្វីដែលម៉ូសេបានសរសេរ ហេតុនេះលោកមានប្រសាសន៍ទៅពួកគេថា៖ «គឺហេតុនេះហើយបានជាអ្នករាល់គ្នាយល់ខុស ពីព្រោះអ្នកមិនស្គាល់បទគម្ពីរហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់ព្រះដែរ។ ពេលដែលមនុស្សរស់ឡើងវិញ បុរសនិងស្ត្រីមិនយកគ្នាជាប្ដីប្រពន្ធឡើយ តែពួកគេគឺដូចបណ្ដាទេវតានៅស្ថានសួគ៌វិញ។ ប៉ុន្តែស្តីអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ តើអ្នកមិនធ្លាប់អានក្នុងកំណត់ហេតុដែលម៉ូសេបានសរសេរអំពីគុម្ពបន្លាទេឬ? ពេលដែលព្រះមានប្រសាសន៍ទៅគាត់ថា៖ ‹ខ្ញុំជាព្រះរបស់អាប្រាហាំ និងជាព្រះរបស់អ៊ីសាក ហើយជាព្រះរបស់យ៉ាកុប›។ លោកមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ តែជាព្រះរបស់មនុស្សរស់វិញ។ អ្នករាល់គ្នាយល់ខុសទាំងស្រុង»។ (ម៉ាកុស ១២:២៤-២៧; និក្ខមនំ ៣:១-៦) ពួកបណ្ដាជននឹកអស្ចារ្យក្នុងចិត្តក្រៃលែងចំពោះចម្លើយរបស់លោកយេស៊ូ។
លោកយេស៊ូបានធ្វើឲ្យពួកផារិស៊ីនិងពួកសាឌូស៊ីស្ងាត់មាត់។ ដូច្នេះ ឥឡូវពួកអ្នកដឹកនាំសាសនាទាំងនេះបានព្រួតដៃគ្នាដើម្បីល្បងលលោកបន្ថែមទៀត។ អ្នកជំនាញខាងច្បាប់ម្នាក់សួរលោកថា៖ «លោកគ្រូ ក្នុងច្បាប់ តើបញ្ញត្ដិមួយណាសំខាន់ជាងគេ?»។—ម៉ាថាយ ២២:៣៦
លោកយេស៊ូឆ្លើយថា៖ «បញ្ញត្ដិទីមួយគឺ ‹ឱអ៊ីស្រាអែលអើយ! ចូរស្ដាប់! ព្រះយេហូវ៉ាជាព្រះរបស់យើង។ មានព្រះយេហូវ៉ាតែមួយទេ ហើយអ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយ› បញ្ញត្ដិទីពីរគឺ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›។ គ្មានបញ្ញត្ដិណាសំខាន់ជាងបញ្ញត្ដិទាំងនេះឡើយ»។—ម៉ាកុស ១២:២៩-៣១
កាលដែលអ្នកជំនាញខាងច្បាប់បានឮការតបឆ្លើយរបស់លោកយេស៊ូ នោះគាត់ក៏ជម្រាបលោកថា៖ «លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ និងសមស្របតាមសេចក្ដីពិតថា៖ ‹មានព្រះតែមួយទេ ហើយគ្មានព្រះណាទៀតឡើយ›។ ម្យ៉ាងទៀត បើមនុស្សម្នាក់ស្រឡាញ់ព្រះឲ្យអស់ពីដួងចិត្ត និងអស់ពីសមត្ថភាពយល់ដឹង ថែមទាំងអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង នោះមានតម្លៃជាងសត្វដែលគេដុតជាគ្រឿងបូជានិងគ្រឿងបូជាឯទៀតទាំងអស់»។ ឮដូច្នេះ លោកយេស៊ូជ្រាបថាគាត់បានឆ្លើយដោយប្រាជ្ញា ហេតុនេះលោកបានមានប្រសាសន៍ទៅគាត់ថា៖ «អ្នកនៅមិនឆ្ងាយពីរាជាណាចក្ររបស់ព្រះទេ»។—ម៉ាកុស ១២:៣២-៣៤
លោកយេស៊ូបានបង្រៀននៅឯវិហារអស់បីថ្ងៃហើយ (ថ្ងៃទី៩ ទី១០ និងទី១១ ខែណែសាន)។ មនុស្សខ្លះដែលរួមមានអ្នកជំនាញខាងច្បាប់ម្នាក់នេះ បានរីករាយស្ដាប់សេចក្ដីបង្រៀនរបស់លោក។ ប៉ុន្តែ ពួកអ្នកដឹកនាំសាសនាគឺមិនរីករាយសោះ ហើយឥឡូវនេះពួកគេមិន«ហ៊ានសួរលោកតទៅទៀតឡើយ»។
-
-
លោកយេស៊ូផ្ដន្ទាទោសពួកអ្នកប្រឆាំងលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១០៩
លោកយេស៊ូផ្ដន្ទាទោសពួកអ្នកប្រឆាំង
ម៉ាថាយ ២២:៤១–២៣:២៤ ម៉ាកុស ១២:៣៥-៤០ លូកា ២០:៤១-៤៧
តើគ្រិស្តជាបុត្ររបស់អ្នកណា?
លោកយេស៊ូបកអាក្រាតមនុស្សមានពុតដែលប្រឆាំងលោក
ពួកអ្នកដឹកនាំសាសនាដែលប្រឆាំងលោកយេស៊ូបានបរាជ័យក្នុងការបង្ខូចកេរ្ដិ៍ឈ្មោះលោក ហើយពួកគេក៏មិនអាចបញ្ឆោតលោកដើម្បីចាប់លោកប្រគល់ទៅឲ្យពួកអាជ្ញាធររ៉ូមដែរ។ (លូកា ២០:២០) នៅថ្ងៃទី១១ ខែណែសាន កាលដែលលោកយេស៊ូនៅឯវិហារនៅឡើយ លោកបានសួរពួកអ្នកប្រឆាំងលោកវិញ ហើយលោកក៏បង្ហាញអត្តសញ្ញាណពិតរបស់លោកដែរ។ លោកសួរពួកគេថា៖ «តើអ្នករាល់គ្នាគិតដូចម្ដេចអំពីគ្រិស្ត? តើលោកជាបុត្ររបស់អ្នកណា?»។ (ម៉ាថាយ ២២:៤២) បណ្ដាជនជាទូទៅដឹងថាគ្រិស្តឬមេស្ស៊ីនឹងមកតាមវង្សត្រកូលរបស់ដាវីឌ។ ហេតុនេះ ពួកអ្នកប្រឆាំងលោកបានឆ្លើយដូច្នេះមែន។—ម៉ាថាយ ៩:២៧; ១២:២៣; យ៉ូហាន ៧:៤២
រួចមក លោកយេស៊ូសួរពួកគេថា៖ «ចុះហេតុអ្វីបានជាសកម្មពលរបស់ព្រះបានបណ្ដាលឲ្យដាវីឌហៅលោកថា‹ម្ចាស់› ពេលគាត់និយាយថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម្ចាស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ រហូតដល់ខ្ញុំដាក់សត្រូវរបស់អ្នកនៅក្រោមបាតជើងអ្នក»›? ដូច្នេះ ប្រសិនបើដាវីឌហៅលោកថា‹ម្ចាស់› នោះតើលោកអាចជាបុត្ររបស់ដាវីឌដូចម្ដេចបាន?»។—ម៉ាថាយ ២២:៤៣-៤៥
ពួកផារិស៊ីនៅស្ងៀមពីព្រោះពួកគេសង្ឃឹមថាកូនចៅរបស់ដាវីឌ ទំនងជាអាចរំដោះពួកគេពីការជិះជាន់របស់រដ្ឋាភិបាលរ៉ូម។ ប៉ុន្តែ លោកយេស៊ូបានដកស្រង់ពាក្យសម្ដីរបស់ដាវីឌដែលបានត្រូវចែងទុកក្នុង ទំនុកតម្កើង ១១០:១, ២ ហើយលោកបញ្ជាក់ថាមេស្ស៊ីមិនដូចអ្នកគ្រប់គ្រងឯទៀតដែលជាមនុស្សនោះទេ។ ហេតុអ្វី? ពីព្រោះមេស្ស៊ីគឺជាម្ចាស់របស់ដាវីឌ ហើយក្រោយពីអង្គុយនៅខាងស្ដាំដៃរបស់ព្រះ នោះមេស្ស៊ីនឹងចាប់ផ្ដើមប្រើសិទ្ធិគ្រប់គ្រងរបស់លោក។ ចម្លើយរបស់លោកយេស៊ូបានធ្វើឲ្យពួកអ្នកប្រឆាំងលោកនៅស្ងៀម។
នៅពេលនោះ ពួកអ្នកកាន់តាមលោកយេស៊ូនិងបណ្ដាជនជាច្រើនទៀតក៏កំពុងស្ដាប់លោកដែរ។ ឥឡូវ លោកយេស៊ូព្រមានពួកគេអំពីពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ី ដោយមានប្រសាសន៍ថា ពួកបុរសទាំងនោះ«បានតាំងខ្លួនអង្គុយនៅកន្លែងរបស់ម៉ូសេ»ដើម្បីបង្រៀនច្បាប់របស់ព្រះ។ រួចលោកយេស៊ូបង្គាប់ពួកអ្នកស្ដាប់លោកថា៖ «អ្វីៗទាំងអស់ដែលពួកគេប្រាប់អ្នករាល់គ្នា ចូរធ្វើតាមហើយកាន់តាមចុះ ប៉ុន្តែកុំយកតម្រាប់តាមការប្រព្រឹត្តរបស់ពួកគេឡើយ ពីព្រោះពួកគេមិនធ្វើតាមអ្វីដែលពួកគេប្រាប់នោះទេ»។—ម៉ាថាយ ២៣:២, ៣
បន្ទាប់មក លោកយេស៊ូលើកចំណុចខ្លះដើម្បីបញ្ជាក់អំពីពុតត្បុតរបស់ពួកអ្នកដឹកនាំសាសនាទាំងនោះ ដោយមានប្រសាសន៍ថា៖ «ប្រអប់តូចៗសម្រាប់ដាក់បទគម្ពីរ ដែលពួកគេពាក់ជាគ្រឿងការពារនោះ ពួកគេយកមកពង្រីកឲ្យធំ»។ ជនជាតិយូដាខ្លះពាក់ប្រអប់តូចៗសម្រាប់ដាក់បទគម្ពីរពីច្បាប់ម៉ូសេនៅលើថ្ងាស ឬលើដៃ។ ប៉ុន្តែ ពួកផារិស៊ីពង្រីកប្រអប់តូចៗសម្រាប់ដាក់បទគម្ពីរនោះ ដើម្បីឲ្យមនុស្សឃើញថាពួកគេធ្វើតាមច្បាប់ម៉ូសេយ៉ាងខ្នះខ្នែង។ បន្ថែមទៀត ពួកគេ«ធ្វើឲ្យរំយោលនៅជាយអាវរបស់ពួកគេវែង»។ នៅសម័យបុរាណ ជនជាតិអ៊ីស្រាអែលបានត្រូវបង្គាប់ឲ្យធ្វើរំយោលនៅជាយអាវរបស់ពួកគេ ប៉ុន្តែពួកផារិស៊ីបានធ្វើឲ្យរំយោលនៅជាយអាវរបស់ពួកគេវែងជាង។ (ជនគណនា ១៥:៣៨-៤០) ហេតុអ្វីពួកគេធ្វើដូច្នេះ? ពីព្រោះពួកគេធ្វើអ្វីៗទាំងអស់«គឺដើម្បីឲ្យមនុស្សមើលឃើញ»។—ម៉ាថាយ ២៣:៥
សូម្បីតែពួកអ្នកកាន់តាមលោកយេស៊ូក៏អាចទទួលឥទ្ធិពលពីការប្រព្រឹត្តរបស់ពួកអ្នកដឹកនាំសាសនា ហើយមានបំណងប្រាថ្នាចង់បានមុខមាត់ដែរ។ ដូច្នេះ លោកយេស៊ូឲ្យឱវាទទៅពួកគាត់ថា៖ «កុំឲ្យអ្នកណាហៅថារ៉ាប៊ីឡើយ ពីព្រោះអ្នកមានគ្រូតែមួយទេ ហើយអ្នករាល់គ្នាជាបងប្អូននឹងគ្នា។ ម្យ៉ាងទៀត កុំហៅអ្នកណានៅផែនដីថាបិតាឡើយ ពីព្រោះបិតារបស់អ្នកមានតែមួយទេ ហើយលោកស្ថិតនៅស្ថានសួគ៌។ អ្នកក៏មិនត្រូវឲ្យអ្នកណាហៅថា‹អ្នកដឹកនាំ›ដែរ ពីព្រោះអ្នកដឹកនាំរបស់អ្នករាល់គ្នាមានតែមួយទេ គឺជាគ្រិស្ត»។ ដូច្នេះ តើពួកអ្នកកាន់តាមលោកយេស៊ូគួរមានទស្សនៈយ៉ាងណាចំពោះខ្លួន ហើយតើពួកគាត់គួរប្រព្រឹត្តយ៉ាងដូចម្ដេច? លោកយេស៊ូប្រាប់ពួកគាត់ថា៖ «អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ។ អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង»។—ម៉ាថាយ ២៣:៨-១២
បន្ទាប់មក លោកយេស៊ូប្រាប់អំពីសេចក្ដីវេទនាមួយចំនួនដែលនឹងមានមកលើពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីដែលជាមនុស្សមានពុត។ លោកមានប្រសាសន៍ថា៖ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកបិទទ្វាររាជាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ អ្នករាល់គ្នាមិនចូល ហើយអ្នកដែលកំពុងចូល ក៏អ្នកមិនឲ្យចូលដែរ»។—ម៉ាថាយ ២៣:១៣
រួចមក លោកយេស៊ូផ្ដន្ទាទោសពួកផារិស៊ីដោយសារពួកគេមិនយកចិត្តទុកដាក់ចំពោះអ្វីដែលសំខាន់ជាងស្របតាមទស្សនៈរបស់ព្រះ។ ពួកគេធ្វើដូច្នេះនៅពេលដែលពួកគេបន្ថែមបន្ថយច្បាប់របស់ព្រះដោយគ្មានមូលដ្ឋានសោះ។ ជាឧទាហរណ៍ ពួកគេនិយាយថា៖ «បើអ្នកណាស្បថដោយយកវិហារជាសាក្សី ហើយមិនធ្វើតាមសម្បថ នោះមិនមែនជាការខុសទេ។ តែអ្នកណាដែលស្បថដោយយកមាសរបស់វិហារជាសាក្សី អ្នកនោះត្រូវធ្វើតាមសម្បថ»។ ហេតុនេះ ពួកគេបង្ហាញថាពួកគេមិនយល់អ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះទេ ពីព្រោះពួកគេឲ្យតម្លៃទៅលើមាសរបស់វិហារជាងឲ្យតម្លៃទៅលើវិហារដែលជាកន្លែងគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយក៏ជាកន្លែងដែលពួកគេអាចចូលទៅជិតលោកដែរ។ ម្យ៉ាងទៀត ពួកគេ«មិនអើពើចំពោះគោលការណ៍ដែលសំខាន់ជាងក្នុងច្បាប់ គឺយុត្ដិធម៌ សេចក្ដីមេត្ដាករុណា និងសេចក្ដីស្មោះត្រង់»។—ម៉ាថាយ ២៣:១៦, ២៣; លូកា ១១:៤២
ស្តីអំពីពួកផារិស៊ីទាំងនោះ លោកយេស៊ូមានប្រសាសន៍ថា៖ «មនុស្សងងឹតភ្នែកអើយ! អ្នករាល់គ្នាត្រងសត្វសុចចេញ តែលេបសត្វអូដ្ឋវិញ!»។ (ម៉ាថាយ ២៣:២៤) ពួកគេត្រងសត្វសុចចេញពីស្រារបស់ពួកគេ ពីព្រោះសត្វសុចគឺជាសត្វមិនស្អាតបរិសុទ្ធតាមច្បាប់ម៉ូសេ។ ប៉ុន្តែ ការដែលពួកគេមិនអើពើចំពោះគោលការណ៍ដែលសំខាន់ជាងក្នុងច្បាប់ នោះប្រៀបដូចជាពួកគេកំពុងលេបសត្វអូដ្ឋដែលជាសត្វធំជាងសត្វសុចឆ្ងាយណាស់ ហើយក៏ជាសត្វដែលមិនស្អាតបរិសុទ្ធដែរ។—លេវីវិន័យ ១១:៤, ២១-២៤
-
-
លោកយេស៊ូនៅឯវិហារជាលើកចុងក្រោយលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១១០
លោកយេស៊ូនៅឯវិហារជាលើកចុងក្រោយ
ម៉ាថាយ ២៣:២៥–២៤:២ ម៉ាកុស ១២:៤១–១៣:២ លូកា ២១:១-៦
លោកយេស៊ូបន្តផ្ដន្ទាទោសពួកអ្នកដឹកនាំសាសនា
វិហារនឹងត្រូវបំផ្លាញចោល
ស្ត្រីមេម៉ាយក្រីក្រម្នាក់ដាក់កាក់ពីរ
អំឡុងពេលដែលលោកយេស៊ូនៅវិហារជាលើកចុងក្រោយ លោកបន្តបកអាក្រាតភាពពុតត្បុតរបស់ពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ី។ លោកហៅពួកគេចំៗថាមនុស្សមានពុត។ លោកមានប្រសាសន៍ជាន័យធៀបថា៖ «អ្នករាល់គ្នាលាងពែងនិងលាងចានតែខាងក្រៅប៉ុណ្ណោះ ឯខាងក្នុងវិញពេញទៅដោយរបស់ដែលបានប្លន់ និងភាពហួសហេតុ ផារិស៊ីងងឹតភ្នែកអើយ! ចូរសម្អាតខាងក្នុងពែងនិងចានជាមុនសិន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ»។ (ម៉ាថាយ ២៣:២៥, ២៦) ពួកផារិស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាការក្រៅ និងភាពស្អាតបរិសុទ្ធរបស់ខ្លួនតាមតម្រូវការច្បាប់ ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់ធ្វើឲ្យចិត្តរបស់ពួកគេស្អាតបរិសុទ្ធទេ។
បន្ថែមទៀត ភាពពុតត្បុតរបស់ពួកគេបានត្រូវសឲ្យឃើញ ពីព្រោះពួកគេសុខចិត្តធ្វើកន្លែងបញ្ចុះសពសម្រាប់ពួកអ្នកប្រកាសទំនាយ ព្រមទាំងតុបតែងទីកន្លែងនោះ។ ប៉ុន្តែ ដូចអ្វីដែលលោកយេស៊ូមានប្រសាសន៍ ពួកគេគឺជា«កូនរបស់អ្នកដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ»។ (ម៉ាថាយ ២៣:៣១) ពួកគេបង្ហាញថានេះជាការពិតពេលដែលពួកគេព្យាយាមសម្លាប់លោកយេស៊ូ។—យ៉ូហាន ៥:១៨; ៧:១, ២៥
បន្ទាប់មក លោកយេស៊ូបញ្ជាក់អំពីអ្វីដែលនឹងកើតឡើងចំពោះពួកអ្នកដឹកនាំសាសនាទាំងនេះ បើពួកគេមិនព្រមប្រែចិត្តទេ។ លោកមានប្រសាសន៍ថា៖ «ពូជពស់មានពិសអើយ! តើអ្នករាល់គ្នាអាចគេចផុតពីការផ្ដន្ទាទោសឲ្យទៅជ្រលងភ្នំហ៊ីណុំយ៉ាងដូចម្ដេចបាន?»។ (ម៉ាថាយ ២៣:៣៣) ជ្រលងភ្នំហ៊ីណុំគឺជាកន្លែងដុតសំរាម ហើយនេះសំដៅទៅលើការបំផ្លាញចោលជារៀងរហូត។ ដូច្នេះ នេះបញ្ជាក់ថាពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីដ៏ទុច្ចរិតនឹងទទួលការបំផ្លាញចោលជារៀងរហូត។
ក្រោយមក ពួកអ្នកកាន់តាមលោកយេស៊ូនឹងតំណាងលោកក្នុងនាមជា«ពួកអ្នកប្រកាសទំនាយ ពួកអ្នកប្រាជ្ញ និងពួកគ្រូបង្រៀន»។ ប៉ុន្តែ តើមនុស្សឯទៀតនឹងប្រព្រឹត្តយ៉ាងណាចំពោះពួកគាត់? លោកយេស៊ូមានប្រសាសន៍ទៅកាន់ពួកអ្នកដឹកនាំសាសនាថា៖ «អ្នកនឹងសម្លាប់ពួកគេខ្លះ[អ្នកកាន់តាមខ្ញុំ] ហើយព្យួរលើបង្គោលឈើ ក៏នឹងវាយពួកគេខ្លះទៀតដោយរំពាត់ខ្សែតីនៅក្នុងសាលាប្រជុំ ហើយបៀតបៀនពួកគេពីក្រុងមួយទៅក្រុងមួយ ដើម្បីឲ្យអ្នករាល់គ្នាទទួលទោសចំពោះការកម្ចាយឈាមរបស់មនុស្សសុចរិតទាំងអស់នៅផែនដី តាំងពីឈាមរបស់អេបិលដែលជាមនុស្សសុចរិតនោះ រហូតដល់ឈាមរបស់សាការី . . . ដែលអ្នករាល់គ្នាបានសម្លាប់»។ រួចលោកព្រមានពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ការទាំងអស់នេះនឹងកើតឡើងចំពោះមនុស្សជំនាន់នេះ»។ (ម៉ាថាយ ២៣:៣៤-៣៦) ប្រសាសន៍របស់លោកយេស៊ូពិតជាបានកើតឡើងមែននៅឆ្នាំ៧០ គ.ស. ពេលដែលកងទ័ពរ៉ូមបានបំផ្លាញចោលក្រុងយេរូសាឡិម ហើយបានសម្លាប់ជនជាតិយូដារាប់ពាន់នាក់។
លោកយេស៊ូខ្វល់ចិត្តពេលគិតអំពីស្ថានភាពដ៏អាក្រក់នោះ ហេតុនេះ លោកមានប្រសាសន៍ទាំងទុក្ខព្រួយថា៖ «ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមអើយ! គឺនាងហើយដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ ហើយបានគប់ដុំថ្មសម្លាប់អ្នកដែលបានត្រូវចាត់មកឯនាង! ច្រើនដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់នាងមក ដូចមេមាន់ក្រុងកូនក្រោមស្លាបវា។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមសោះ។ មើល! វិហារនេះនឹងត្រូវបោះបង់ចោល ហើយទុកឲ្យអ្នករាល់គ្នាវិញ»។—ម៉ាថាយ ២៣:៣៧, ៣៨
បន្ទាប់មក លោកយេស៊ូមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះទៅ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រហូតដល់អ្នកថា៖ ‹អ្នកដែលមកក្នុងនាមព្រះយេហូវ៉ា មានពរហើយ!›»។ (ម៉ាថាយ ២៣:៣៩) លោកបានដកស្រង់បទទំនាយពីសៀវភៅ ទំនុកតម្កើង ១១៨:២៦ ដែលថា៖ «សូមឲ្យព្រះអង្គ ដែលយាងមកដោយនូវព្រះនាមព្រះយេហូវ៉ា បានប្រកបដោយព្រះពរ យើងខ្ញុំបានសូមឲ្យទ្រង់បានព្រះពរ អំពីដំណាក់នៃព្រះយេហូវ៉ា»។ ប៉ុន្តែ ពេលដែលវិហារនឹងត្រូវបំផ្លាញចោល នោះគ្មាននរណាម្នាក់ទៅឯវិហារនោះជាតំណាងនាមរបស់ព្រះទៀតទេ។
រួចមក លោកយេស៊ូទៅកន្លែងដែលមានប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់។ នៅទីនោះលោកយេស៊ូបានឃើញជនជាតិយូដាជាច្រើនកំពុងដាក់កាក់ក្នុងប្រដាប់ទាំងនោះ ហើយលោកឃើញពួកអ្នកមាន«ដាក់កាក់ជាច្រើន»ជាអំណោយ។ បន្ទាប់មក លោកយេស៊ូបានឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ដែលមកដាក់«កាក់ពីរដែលមានតម្លៃតិចណាស់»។ (ម៉ាកុស ១២:៤១, ៤២) ទោះជាយ៉ាងនោះក្ដី លោកយេស៊ូជ្រាបថា ព្រះច្បាស់ជាពេញចិត្តចំពោះអំណោយរបស់ស្ត្រីនោះ។
លោកយេស៊ូហៅពួកអ្នកកាន់តាមមកឯលោក រួចមានប្រសាសន៍ទៅពួកគាត់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ស្ត្រីមេម៉ាយក្រីក្រមួយរូបនេះ បានដាក់ច្រើនជាងពួកគេទាំងអស់ដែលមកដាក់ក្នុងប្រដាប់ដាក់កាក់»។ ហេតុអ្វីលោកមានប្រសាសន៍ដូច្នេះ? លោកពន្យល់ថា៖ «ពួកគេបានដាក់ប្រាក់សំណល់របស់ខ្លួន ប៉ុន្តែចំណែកនាងវិញ ពិតមែនតែនាងខ្វះខាត តែនាងដាក់ប្រាក់ទាំងអស់ គឺអ្វីៗទាំងអស់ដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។ (ម៉ាកុស ១២:៤៣, ៤៤) នាងពិតជាមានចិត្តគំនិតនិងការប្រព្រឹត្តខុសពីពួកអ្នកដឹកនាំសាសនាមែន!
ក្រោយមក នៅថ្ងៃទី១១ ខែណែសានដដែលនោះ លោកយេស៊ូចាកចេញពីវិហារ ហើយលោកមិនត្រឡប់មកម្ដងទៀតឡើយ។ នៅពេលនោះ អ្នកកាន់តាមម្នាក់របស់លោកបាននិយាយថា៖ «លោកគ្រូ! មើលថ្មទាំងនេះ និងសំណង់ទាំងនេះ!»។ (ម៉ាកុស ១៣:១) ថ្មមួយចំនួននៃជញ្ជាំងវិហារពិតជាធំណាស់ ហើយតាមមើលទៅសំណង់វិហារនោះគឺរឹងមាំនិងអាចនៅជាប់ជាយូរអង្វែងបាន។ ប៉ុន្តែ ពួកអ្នកកាន់តាមប្រហែលជាងឿងឆ្ងល់ពេលដែលលោកយេស៊ូមានប្រសាសន៍ថា៖ «តើអ្នកឃើញសំណង់ដ៏អស្ចារ្យទាំងនេះឬទេ? ថ្មទាំងអស់នៅទីនេះនឹងត្រូវទម្លាក់ដល់ដី ហើយនឹងគ្មានថ្មណានៅត្រួតលើថ្មណាទៀតឡើយ»។—ម៉ាកុស ១៣:២
បន្ទាប់ពីមានប្រសាសន៍អ្វីទាំងនោះរួចហើយ លោកយេស៊ូនិងពួកសាវ័កធ្វើដំណើរឆ្លងជ្រលងគីដ្រុន ហើយឡើងទៅលើភ្នំដើមអូលីវ។ នៅពេលមួយលោកនៅដោយឡែកជាមួយនឹងសាវ័កបួននាក់របស់លោកគឺ ពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហាននៅលើភ្នំដើមអូលីវ។ ពីលើភ្នំនោះពួកគាត់អាចមើលឃើញវិហារដ៏អស្ចារ្យនៅក្រុងយេរូសាឡិម។
-
-
ពួកសាវ័កសួរអំពីសញ្ញាសម្គាល់លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១១១
ពួកសាវ័កសួរអំពីសញ្ញាសម្គាល់
ម៉ាថាយ ២៤:៣-៥១ ម៉ាកុស ១៣:៣-៣៧ លូកា ២១:៧-៣៨
អ្នកកាន់តាមបួននាក់សួរអំពីសញ្ញាសម្គាល់
ទំនាយកើតឡើងនៅសតវត្សរ៍ទី១និងនៅពេលក្រោយមក
យើងត្រូវតែប្រុងស្មារតីជានិច្ច
រសៀលថ្ងៃអង្គារ ទី១១ ខែណែសាន ជិតកន្លងផុតទៅហើយ។ លោកយេស៊ូក៏ជិតបញ្ចប់សកម្មភាពដ៏មមាញឹករបស់លោកនៅផែនដីដែរ។ ពេលថ្ងៃលោកបង្រៀននៅឯវិហារ តែពេលយប់លោកចេញទៅស្នាក់នៅខាងក្រៅក្រុងយេរូសាឡិម។ បណ្ដាជនទាំងឡាយចាប់អារម្មណ៍យ៉ាងខ្លាំងនឹងសេចក្ដីបង្រៀនរបស់លោក ពីព្រោះពួកគេ«តែងតែមកក្នុងវិហារតាំងពីព្រលឹមដើម្បីស្ដាប់លោក»។ (លូកា ២១:៣៧, ៣៨) ឥឡូវនេះ លោកយេស៊ូអង្គុយនៅលើភ្នំដើមអូលីវជាមួយនឹងសាវ័កបួននាក់ ពោលគឺពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហាន។
សាវ័កទាំងបួននាក់នេះបានមកជួបលោកយេស៊ូដោយឡែកពីគេ។ ពួកគាត់ព្រួយបារម្ភអំពីវិហារក្រុងយេរូសាឡិម ពីព្រោះលោកយេស៊ូទើបតែបានប្រាប់ពួកគាត់ថា គ្មានថ្មណាដែលនៅត្រួតលើថ្មណាទៀតឡើយ។ ក៏ប៉ុន្តែ ពួកគាត់ក៏មានរឿងផ្សេងទៀតដែលពួកគាត់ឆ្ងល់ដែរ។ ពេលមុន លោកយេស៊ូដាស់តឿនពួកគាត់ថា៖ «ត្រូវត្រៀមខ្លួនជានិច្ច . . . ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។ (លូកា ១២:៤០) លោកក៏បានមានប្រសាសន៍ដែរអំពី«ថ្ងៃដែលកូនមនុស្សនឹងត្រូវសម្ដែងឲ្យឃើញ»។ (លូកា ១៧:៣០) ដូច្នេះ ពួកសាវ័កប្រហែលជាឆ្ងល់យ៉ាងខ្លាំងថា តើប្រសាសន៍ទាំងនេះរបស់លោកយេស៊ូជាប់ទាក់ទងយ៉ាងណានឹងអ្វីដែលលោកទើបតែបានប្រាប់ស្តីអំពីវិហារ? ពួកគាត់សួរលោកថា៖ «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា? ហើយតើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។—ម៉ាថាយ ២៤:៣
ពេលពួកសាវ័កសួរលោកយេស៊ូដូច្នេះ ប្រហែលជាដោយសារពួកគាត់កំពុងគិតអំពីទីបញ្ចប់នៃវិហារនៅក្រុងយេរូសាឡិមដែលពួកគាត់មើលឃើញនោះ។ ម្យ៉ាងទៀត ពួកគាត់សួរអំពីវត្តមានរបស់កូនមនុស្ស ពីព្រោះពួកគាត់ប្រហែលជានៅចាំអំពីឧទាហរណ៍របស់លោកយេស៊ូអំពី«បុរសម្នាក់ដែលកើតក្នុងរាជវង្ស» ដែល«បានធ្វើដំណើរទៅប្រទេសឆ្ងាយ ដើម្បីទទួលអំណាចគ្រប់គ្រងជាស្តេច រួចត្រឡប់មកវិញ»។ (លូកា ១៩:១១, ១២) បន្ថែមទៀត ពួកសាវ័កឆ្ងល់ថា តើនឹងមានព្រឹត្ដិការណ៍អ្វីខ្លះនៅ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»?
លោកយេស៊ូឆ្លើយតបយ៉ាងល្អិតល្អន់ ដោយផ្ដល់នូវសញ្ញាសម្គាល់ដែលបញ្ជាក់អំពីពេលដែលរបៀបរបបជនជាតិយូដា រួមទាំងវិហារនៅក្រុងយេរូសាឡិម នឹងត្រូវបំផ្លាញចោល។ បន្ថែមទៅទៀត ប្រសាសន៍របស់លោកយេស៊ូក៏ទាក់ទងនឹងគ្រិស្តសាសនិកជំនាន់ក្រោយដែរ ពីព្រោះសញ្ញាសម្គាល់នេះនឹងជួយពួកគេឲ្យដឹងថាពួកគេកំពុងរស់នៅក្នុងគ្រា«វត្តមាន»របស់លោក ហើយថាទីបញ្ចប់នៃរបៀបរបបពិភពលោកទាំងមូលជិតមកដល់ហើយ។
កាលដែលប៉ុន្មានឆ្នាំបានកន្លងទៅ ពួកសាវ័កសង្កេតឃើញថាទំនាយរបស់លោកយេស៊ូកំពុងកើតឡើងមែន។ ព្រឹត្ដិការណ៍ជាច្រើនដែលលោកបានប្រកាសទុកជាមុនចាប់ផ្ដើមកើតឡើងក្នុងជំនាន់របស់ពួកគាត់។ ដូច្នេះ ៣៧ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ៧០ គ.ស. គ្រិស្តសាសនិកអាចប្រុងស្មារតី ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបំផ្លាញចោលនូវរបៀបរបបជនជាតិយូដានិងវិហារនៅក្រុងយេរូសាឡិម។ ក៏ប៉ុន្តែ ការប្រកាសទុកជាមុនរបស់លោកយេស៊ូមិនបានកើតឡើងទាំងស្រុងមុនឆ្នាំ៧០ គ.ស. ឬក៏ក្នុងអំឡុងឆ្នាំនោះទេ។ ដូច្នេះ តើអ្វីនឹងបញ្ជាក់អំពីវត្តមានរបស់លោកក្នុងការគ្រប់គ្រងជាស្តេចនៃរាជាណាចក្រ? លោកយេស៊ូប្រាប់ពួកសាវ័កអំពីចម្លើយចំពោះសំណួរនេះ។
លោកយេស៊ូប្រកាសទុកជាមុនថាពួកគេនឹង«ឮសូរសង្គ្រាមនិងឮគេនិយាយអំពីសង្គ្រាម» ហើយថា«ប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ»។ (ម៉ាថាយ ២៤:៦, ៧) បន្ថែមទៀត លោកមានប្រសាសន៍ថា៖ «ក៏នឹងមានរញ្ជួយដីជាខ្លាំងនៅកន្លែងផ្សេងៗ ថែមទាំងរោគរាតត្បាតនិងការអត់ឃ្លានពីកន្លែងមួយទៅកន្លែងមួយ»។ (លូកា ២១:១១) រួចមក លោកយេស៊ូព្រមានពួកអ្នកកាន់តាមលោកថា៖ ‹មនុស្សនឹងចាប់អ្នករាល់គ្នាថែមទាំងបៀតបៀនអ្នក›។ (លូកា ២១:១២) អ្នកប្រកាសទំនាយមិនពិតជាច្រើននាក់ នឹងលេចមកបំភាន់មនុស្សជាច្រើន។ ម្យ៉ាងទៀត ការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើង ហើយសេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ។ លោកយេស៊ូមានប្រសាសន៍ថែមទៀតថា៖ ‹ដំណឹងល្អអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់›។—ម៉ាថាយ ២៤:១៤
ព្រឹត្ដិការណ៍មួយចំនួនក្នុងការប្រកាសទុកជាមុនរបស់លោកយេស៊ូ បានកើតឡើងមុននិងក្នុងអំឡុងពេលដែលក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោលដោយកងទ័ពរ៉ូម។ ប៉ុន្តែ តើទំនាយរបស់លោកយេស៊ូប្រហែលជានឹងកើតឡើងទូទាំងពិភពលោកនៅពេលក្រោយមកឬ? តើអ្នកឃើញភ័ស្តុតាងដែលបង្ហាញថាទំនាយដ៏សំខាន់របស់លោកយេស៊ូកំពុងកើតឡើងនៅសម័យនេះទេ?
ព្រឹត្ដិការណ៍មួយដែលលោកយេស៊ូរួមបញ្ចូលក្នុងសញ្ញាសម្គាល់នៃវត្តមានរបស់លោក គឺការលេចមកនូវ«អ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលបំផ្លិចបំផ្លាញ»។ (ម៉ាថាយ ២៤:១៥) នៅឆ្នាំ៦៦ គ.ស. អ្វីដ៏គួរឲ្យស្អប់ខ្ពើមនេះបានលេចមកជា«កងទ័ពបោះជំរំ»របស់ជនជាតិរ៉ូម ដែលមានទង់សញ្ញាដែលពួកគេគោរពបូជា។ កងទ័ពរ៉ូមបានព័ទ្ធជុំវិញក្រុងយេរូសាឡិម ហើយបំផ្លាញផ្នែកខ្លះនៃកំពែងរបស់ក្រុងនោះ។ (លូកា ២១:២០) ដូច្នេះ «អ្វីដ៏គួរឲ្យស្អប់ខ្ពើម»កំពុងឈរនៅកន្លែងដែលវាមិនគួរឈរ ពោលគឺកន្លែងដែលជនជាតិយូដាគិតថាជា«កន្លែងបរិសុទ្ធ»។
លោកយេស៊ូប្រកាសទុកជាមុនថែមទៀតថា៖ «នឹងមានទុក្ខវេទនាជាខ្លាំង ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយក៏នឹងមិនមានដូច្នោះទៀតឡើយ»។ នៅឆ្នាំ៧០ គ.ស. កងទ័ពរ៉ូមបានបំផ្លាញក្រុងយេរូសាឡិមចោល។ ការបំផ្លាញចោលនូវ‹ក្រុងបរិសុទ្ធ›របស់ជនជាតិយូដា រួមទាំងវិហារនៅក្រុងយេរូសាឡិម និងការកាប់សម្លាប់ជនជាតិយូដារាប់ពាន់នាក់ គឺជាគ្រាទុក្ខវេទនាជាខ្លាំងរបស់ប្រជាជាតិយូដា។ (ម៉ាថាយ ៤:៥; ២៤:២១) ហេតុអ្វី? ពីព្រោះក្រុងយេរូសាឡិមនិងប្រជាជាតិយូដាមិនធ្លាប់ទទួលការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដូចនេះទេ។ ជាលទ្ធផល របៀបរបបនៃការគោរពប្រណិប័តន៍ព្រះដែលជនជាតិយូដាមានអស់ជាច្រើនសតវត្សរ៍មកហើយ បានមកដល់ទីបញ្ចប់។ ក្រោយមក ពេលទំនាយរបស់លោកយេស៊ូកើតឡើងក្នុងកម្រិតធំជាង នោះប្រាកដជាព្រឹត្ដិការណ៍ដ៏គួរឲ្យភ័យខ្លាចមែន!
ចូរមានទំនុកចិត្តនៅគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក
លោកយេស៊ូបន្តប្រាប់ពួកសាវ័កអំពីសញ្ញាសម្គាល់នៃវត្តមានរបស់លោកក្នុងការគ្រប់គ្រងជាស្តេចនៃរាជាណាចក្រ និងអំពីទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ ឥឡូវ លោកព្រមានពួកគាត់កុំឲ្យទៅតាម«អ្នកក្លែងខ្លួនជាគ្រិស្ត និងអ្នកប្រកាសទំនាយមិនពិត» ពីព្រោះពួកគេមានបំណងចង់«បំភាន់ទាំងអ្នករើសតាំង ប្រសិនបើអាចបំភាន់បាន»។ (ម៉ាថាយ ២៤:២៤) ក៏ប៉ុន្តែ ពួកអ្នករើសតាំងទាំងនេះនឹងមិនត្រូវបំភាន់ឡើយ។ មនុស្សអាចមើលឃើញអ្នកក្លែងខ្លួនជាគ្រិស្ត តែពេលលោកយេស៊ូគ្រិស្តមានវត្តមាន នោះគ្មានអ្នកណាអាចមើលលោកឃើញឡើយ។
ស្តីអំពីគ្រាទុក្ខវេទនាដ៏ខ្លាំងដែលនឹងកើតឡើងនៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ លោកយេស៊ូមានប្រសាសន៍ថា៖ «ថ្ងៃនឹងទៅជាងងឹត ខែក៏នឹងលែងភ្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ពីលើមេឃ ហើយកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន»។ (ម៉ាថាយ ២៤:២៩) ពេលពួកសាវ័កឮការរៀបរាប់ដ៏គួរឲ្យរន្ធត់នោះ ពួកគាត់មិនដឹងថានឹងមានអ្វីកើតឡើងទេ។ ប៉ុន្តែ ព្រឹត្ដិការណ៍នោះនឹងពិតជាគួរឲ្យខ្លាចមែន!
តើព្រឹត្ដិការណ៍ដ៏គួរឲ្យរន្ធត់ទាំងនោះនឹងមានឥទ្ធិពលយ៉ាងណាមកលើមនុស្សជាតិ? លោកយេស៊ូមានប្រសាសន៍ថា៖ «មនុស្ស[នឹង]ស្ទើរតែសន្លប់បាត់ស្មារតីដោយសារភ័យខ្លាចនិងដោយសាររង់ចាំអ្វីដែលជិតកើតឡើងនៅគ្រប់ទីអាស្រ័យនៅផែនដី ព្រោះកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន»។ (លូកា ២១:២៦) ពិតណាស់ លោកយេស៊ូកំពុងពណ៌នាអំពីគ្រាវេទនាដ៏ខ្លាំងបំផុតក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស។
ទោះជាយ៉ាងណាក្ដី លោកយេស៊ូបញ្ជាក់ប្រាប់ពួកសាវ័កថា មិនមែនមនុស្សទាំងអស់នឹងយំសោកនៅពេលដែល‹កូនមនុស្សមកដោយមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ›នោះឡើយ។ (ម៉ាថាយ ២៤:៣០) លោកក៏បានបញ្ជាក់ដែរថាព្រះនឹងធ្វើអន្តរាគមន៍«ដោយសារពួកអ្នករើសតាំង»។ (ម៉ាថាយ ២៤:២២) ដូច្នេះ តើពួកអ្នកកាន់តាមដ៏ស្មោះត្រង់គួរមានប្រតិកម្មយ៉ាងណាចំពោះព្រឹត្ដិការណ៍ដ៏គួរឲ្យរន្ធត់ដែលលោកយេស៊ូកំពុងរៀបរាប់? លោកយេស៊ូលើកទឹកចិត្តពួកអ្នកកាន់តាមលោកថា៖ «ពេលដែលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរឈរឲ្យត្រង់ខ្លួនហើយងើបមុខឡើង ព្រោះសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាគឺជិតដល់ហើយ»។—លូកា ២១:២៨
ប៉ុន្តែ តើពួកអ្នកកាន់តាមដែលកំពុងរស់នៅក្នុងគ្រាដែលលោកយេស៊ូបានប្រកាសទុកជាមុន អាចដឹងថាទីបញ្ចប់គឺជិតមកដល់យ៉ាងដូចម្ដេច? លោកយេស៊ូលើកឧទាហរណ៍អំពីដើមល្វាតូចមួយ ដោយមានប្រសាសន៍ថា៖ «កាលដែលមែកខ្ចីរបស់វាទៅជាទន់ ហើយដុះស្លឹក អ្នកដឹងភ្លាមថា រដូវក្ដៅជិតដល់ហើយ។ ចំពោះអ្នករាល់គ្នាក៏ដូចគ្នាដែរ។ កាលដែលអ្នកឃើញការទាំងអស់នេះ ចូរដឹងថាកូនមនុស្សនៅជិតមាត់ទ្វារហើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ជំនាន់នេះនឹងមិនកន្លងបាត់ទៅសោះឡើយ ទាល់តែការទាំងអស់នេះកើតឡើង»។—ម៉ាថាយ ២៤:៣២-៣៤
ម្ល៉ោះហើយ ពេលពួកអ្នកកាន់តាមឃើញព្រឹត្ដិការណ៍ផ្សេងៗនៃសញ្ញាសម្គាល់កំពុងកើតឡើង នោះពួកគាត់គួរដឹងថាទីបញ្ចប់គឺជិតមកដល់ហើយ។ លោកយេស៊ូដាស់តឿនពួកអ្នកកាន់តាមដែលនឹងរស់នៅគ្រាដ៏សំខាន់នេះ ដោយមានប្រសាសន៍ដូចតទៅនេះថា៖
«គ្មានអ្នកណាដឹងថ្ងៃនិងម៉ោងនោះឡើយ។ សូម្បីតែបណ្ដាទេវតានៅស្ថានសួគ៌ និងបុត្ររបស់ព្រះក៏មិនជ្រាបដែរ។ មានតែបិតាដែលស្ថិតនៅស្ថានសួគ៌ប៉ុណ្ណោះដែលជ្រាប ពីព្រោះវត្តមានរបស់កូនមនុស្ស នឹងដូចសម័យណូអេ។ ព្រោះមនុស្សនៅសម័យនោះ មុនទឹកជំនន់មកដល់ ពួកគេកំពុងពិសាអាហារពិសាស្រា រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំនោះ ហើយពួកគេមិនបានយកចិត្តទុកដាក់សោះ រហូតដល់ទឹកជន់ឡើង កញ្ឆក់យកគេទាំងអស់គ្នាទៅ។ ពេលកូនមនុស្សមានវត្តមាន ក៏នឹងដូចគ្នាដែរ»។ (ម៉ាថាយ ២៤:៣៦-៣៩) លោកយេស៊ូកំពុងរំលឹកពួកអ្នកស្ដាប់លោកថាទឹកជំនន់នៅសម័យណូអេបានកើតឡើងទូទាំងផែនដី ដូច្នេះវត្តមានរបស់កូនមនុស្សក៏នឹងមានឥទ្ធិពលមកលើផែនដីទាំងមូលដែរ។
ពួកសាវ័កដែលកំពុងស្ដាប់លោកយេស៊ូនៅលើភ្នំដើមអូលីវច្បាស់ជាទទួលស្គាល់ថា ពួកគាត់ត្រូវប្រុងស្មារតីជានិច្ច។ លោកយេស៊ូមានប្រសាសន៍ថា៖ «កុំភ្លេចខ្លួនឲ្យសោះ ក្រែងការផឹកនិងការបរិភោគហួសប្រមាណ និងកង្វល់អំពីជីវិតពង្វក់ចិត្តអ្នករាល់គ្នា ស្រាប់តែថ្ងៃនោះមកដល់ភ្លាមមួយរំពេច ដូចជាលប់ ព្រោះថ្ងៃនោះនឹងមកគ្របលើអស់ទាំងមនុស្សនៅលើផែនដី។ ដូច្នេះ ចូរចាំយាមព្រមទាំងអធិដ្ឋានជានិច្ចអង្វរសុំឲ្យរួចផុតពីការទាំងអស់នេះដែលត្រូវកើតឡើង ហើយឲ្យឈរនៅមុខកូនមនុស្សផង»។—លូកា ២១:៣៤-៣៦
ម្ដងនេះទៀត លោកយេស៊ូកំពុងបង្ហាញថាអ្វីដែលលោកកំពុងប្រកាសទុកជាមុន គឺនឹងកើតឡើងដល់កម្រិតធំជាង។ លោកយេស៊ូមិនមែនកំពុងប្រកាសទុកជាមុននូវព្រឹត្ដិការណ៍ដែលនឹងកើតឡើងប៉ុន្មានទសវត្សរ៍ក្រោយមក ដែលគ្រាន់តែប៉ះពាល់ក្រុងយេរូសាឡិម ឬប្រជាជាតិយូដាប៉ុណ្ណោះឡើយ ប៉ុន្តែលោកកំពុងបញ្ជាក់អំពីព្រឹត្ដិការណ៍ដែល«នឹងមកគ្របលើអស់ទាំងមនុស្សនៅលើផែនដី»។
ដូច្នេះ លោកព្រមានពួកអ្នកកាន់តាមថាពួកគាត់ត្រូវប្រុងស្មារតីជានិច្ច ចាំយាម ហើយត្រៀមខ្លួនជាស្រេច។ ដើម្បីបញ្ជាក់អំពីការព្រមាននេះ លោកយេស៊ូលើកឧទាហរណ៍មួយទៀតដែលថា៖ «ចូរដឹងថា បើម្ចាស់ផ្ទះបានដឹងថាចោរនឹងមកនៅយាមណា នោះម្ចាស់ផ្ទះមុខជាចាំយាមមិនឲ្យចោរចូលផ្ទះគាត់ឡើយ។ ហេតុនេះហើយ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ចដូច្នេះដែរ ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។—ម៉ាថាយ ២៤:៤៣, ៤៤
ក្រោយមក លោកយេស៊ូផ្ដល់មូលហេតុដែលនាំឲ្យពួកអ្នកកាន់តាមមានសង្ឃឹម។ លោកជួយពួកគាត់ឲ្យមានទំនុកចិត្តថាពេលទំនាយរបស់លោកកើតឡើង នោះនឹងមាន«ខ្ញុំបម្រើ»ដែលចាំយាម ហើយកំពុងបំពេញកិច្ចបម្រើយ៉ាងសកម្ម។ រួចលោកយេស៊ូលើកយកស្ថានភាពមួយដែលពួកសាវ័កអាចស្រមៃឃើញបាន ដោយមានប្រសាសន៍ថា៖ «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើឯទៀតរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគតាមត្រូវពេល? ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់មកដល់ ហើយឃើញថាគាត់កំពុងធ្វើដូច្នោះមែន។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងតែងតាំងគាត់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក»។ ក៏ប៉ុន្តែ ប្រសិនបើ«ខ្ញុំបម្រើ»នោះចាប់ផ្ដើមមានចិត្តគំនិតអាក្រក់ ហើយធ្វើបាបខ្ញុំបម្រើគ្នីគ្នា នោះម្ចាស់នឹង«ដាក់ទោសគាត់ធ្ងន់បំផុត»។—ម៉ាថាយ ២៤:៤៥-៥១; សូមពិនិត្យបន្ថែម លូកា ១២:៤៥, ៤៦
ក៏ប៉ុន្តែ លោកយេស៊ូមិនមែនកំពុងមានប្រសាសន៍ថាអ្នកកាន់តាមមួយក្រុមរបស់លោកនឹងចាប់ផ្ដើមមានចិត្តគំនិតអាក្រក់នោះឡើយ។ ដូច្នេះ តើអ្វីជាមេរៀនដែលលោកយេស៊ូចង់ឲ្យអ្នកកាន់តាមលោកចងចាំ? លោកចង់ឲ្យពួកគាត់ប្រុងស្មារតីជានិច្ច ហើយបំពេញកិច្ចបម្រើយ៉ាងសកម្ម។ លោកនឹងបញ្ជាក់អំពីរឿងនេះយ៉ាងច្បាស់នៅក្នុងឧទាហរណ៍មួយទៀត។
-
-
មេរៀនអំពីការចាំយាមក្នុងឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១១២
មេរៀនអំពីការចាំយាមក្នុងឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ
លោកយេស៊ូលើកឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ១០នាក់
លោកយេស៊ូទើបតែបានឆ្លើយសំណួររបស់ពួកសាវ័កអំពីសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក។ ស្តីអំពីរឿងនេះ ឥឡូវលោកបានផ្ដល់ការដាស់តឿនដែលប្រកបដោយប្រាជ្ញា ដោយលើកឧទាហរណ៍មួយទៀត។ មនុស្សដែលរស់នៅក្នុងគ្រាវត្តមានរបស់លោកនឹងឃើញថាឧទាហរណ៍របស់លោកកើតឡើងមែន។
លោករៀបរាប់អំពីឧទាហរណ៍នេះថា៖ «រាជាណាចក្រស្ថានសួគ៌នឹងប្រៀបដូចជាស្ត្រីក្រមុំបរិសុទ្ធដប់នាក់ ដែលបានយកចង្កៀងចេញទៅជួបកូនកំលោះ។ ក្នុងចំណោមពួកនាង មានប្រាំនាក់មិនចេះពិចារណា និងប្រាំនាក់ចេះពិចារណា»។—ម៉ាថាយ ២៥:១, ២
ពេលលោកយេស៊ូមានប្រសាសន៍ដូច្នេះ លោកមិនមែនមានន័យថាពាក់កណ្ដាលនៃពួកអ្នកកាន់តាមលោកដែលជាអ្នកទទួលរាជាណាចក្រស្ថានសួគ៌ជាមត៌ក គឺមិនចេះពិចារណា ហើយពាក់កណ្ដាលទៀតចេះពិចារណានោះទេ។ ផ្ទុយទៅវិញ លោកកំពុងបញ្ជាក់ថា អ្នកកាន់តាមម្នាក់ៗអាចសម្រេចចិត្តថាពួកគាត់ចង់ចាំយាម ឬអនុញ្ញាតឲ្យអ្វីឯទៀតមកបំបែរអារម្មណ៍របស់ពួកគាត់ពីរាជាណាចក្រព្រះ។ លោកយេស៊ូប្រាកដក្នុងចិត្តថា អ្នកបម្រើម្នាក់ៗរបស់លោកអាចរក្សាភាពស្មោះត្រង់ ហើយទទួលពរពីបិតារបស់លោក។
ក្នុងឧទាហរណ៍នេះ ស្ត្រីក្រមុំបរិសុទ្ធទាំង១០នាក់នឹងចេញទៅខាងក្រៅដើម្បីទទួលកូនកំលោះ ហើយចូលរួមពិធីដង្ហែអាពាហ៍ពិពាហ៍។ នៅពេលដែលកូនកំលោះមកដល់ ស្ត្រីក្រមុំបរិសុទ្ធនឹងអុជចង្កៀងដើម្បីបំភ្លឺផ្លូវដែលជាការផ្ដល់កិត្ដិយសជូនកូនកំលោះ កាលដែលលោកនាំកូនក្រមុំរបស់លោកទៅផ្ទះដែលបានត្រូវរៀបចំជាស្រេចសម្រាប់នាង។ ប៉ុន្តែ តើនោះពិតជាអ្វីដែលបានកើតឡើងទេ?
លោកយេស៊ូពន្យល់ថា៖ «ស្ត្រីដែលមិនចេះពិចារណាបានយកចង្កៀង ប៉ុន្តែពុំបានយកប្រេងទៅជាមួយទេ រីឯស្ត្រីដែលចេះពិចារណាវិញ ពួកនាងបានយកចង្កៀង ក៏បានយកប្រេងដាក់ក្នុងដបទៅតាមដែរ។ ពេលដែលកូនកំលោះកំពុងបង្អង់យូរ ស្ត្រីទាំងនោះបានងោកងុយ ក៏ដេកលក់អស់ទៅ»។ (ម៉ាថាយ ២៥:៣-៥) កូនកំលោះមិនបានមកដល់យ៉ាងឆាប់ដូចការរំពឹងទុកនោះទេ តែហាក់ដូចជាមានការបង្អង់យូរ ហើយក្នុងអំឡុងពេលនោះស្ត្រីក្រមុំបរិសុទ្ធទាំងអស់បានដេកលក់។ ពួកសាវ័កប្រហែលជានៅចាំអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ពីមុនអំពីបុរសម្នាក់ដែលកើតក្នុងរាជវង្សដែលបានធ្វើដំណើរទៅឆ្ងាយ ហើយ«លុះបានទទួលអំណាចគ្រប់គ្រងជាស្តេចហើយ បុរសនោះបានវិលត្រឡប់មកវិញ»។—លូកា ១៩:១១-១៥
ក្នុងឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ១០នាក់ លោកយេស៊ូពន្យល់អំពីអ្វីដែលនឹងកើតឡើងនៅពេលដែលកូនកំលោះមកដល់ លោកមានប្រសាសន៍ថា៖ «លុះដល់ពាក់កណ្ដាលអធ្រាត្រ មានគេស្រែកឡើងថា៖ ‹កូនកំលោះមកដល់ហើយ! ចូរចេញទៅជួបលោក›»។ (ម៉ាថាយ ២៥:៦) ពេលនោះ តើស្ត្រីក្រមុំបរិសុទ្ធទាំងនោះបានត្រៀមខ្លួនហើយចាំយាមឬទេ?
លោកយេស៊ូមានប្រសាសន៍បន្តថា៖ «រួចមក ស្ត្រីក្រមុំបរិសុទ្ធទាំងនោះបានក្រោកឡើងរៀបចំចង្កៀងរៀងៗខ្លួន។ ស្ត្រីដែលមិនចេះពិចារណានិយាយទៅកាន់ស្ត្រីដែលចេះពិចារណាថា៖ ‹សូមឲ្យប្រេងខ្លះមកយើងផង ពីព្រោះចង្កៀងរបស់យើងជិតរលត់ហើយ›។ ស្ត្រីដែលចេះពិចារណាបានតបឆ្លើយដោយពោលពាក្យថា៖ ‹ប្រហែលជាមិនមានប្រេងគ្រប់គ្រាន់សម្រាប់យើងនិងអ្នករាល់គ្នាទេ។ សូមទៅឯអ្នកលក់ប្រេង រួចទិញសម្រាប់ខ្លួនអ្នកទៅ›»។—ម៉ាថាយ ២៥:៧-៩
ហេតុនេះ ស្ត្រីក្រមុំបរិសុទ្ធប្រាំនាក់ដែលមិនចេះពិចារណាមិនបានចាំយាម ហើយក៏មិនបានត្រៀមខ្លួនដើម្បីទទួលកូនកំលោះដែរ។ ពួកគេមិនមានប្រេងគ្រប់គ្រាន់សម្រាប់ចង្កៀងរបស់ពួកគេទេ ដូច្នេះពួកគេត្រូវចេញទៅរកប្រេងបន្ថែមទៀត។ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ថា៖ «ពេលដែលស្ត្រីទាំងនោះចេញទៅទិញប្រេង នោះកូនកំលោះបានមកដល់ ហើយស្ត្រីក្រមុំបរិសុទ្ធដែលបានត្រៀមខ្លួនជាស្រេច បានចូលទៅក្នុងផ្ទះដើម្បីពិសាភោជនាហារអបអរអាពាហ៍ពិពាហ៍ជាមួយនឹងលោក។ លុះបានចូលហើយ គេក៏បិទទ្វារទៅ។ ក្រោយពីនោះ ស្ត្រីក្រមុំបរិសុទ្ធប្រាំនាក់ទៀតបានមកដល់ ហើយពោលថា៖ ‹លោក! លោក! សូមឲ្យយើងចូលផង!›។ នោះលោកតបឆ្លើយថា៖ ‹ខ្ញុំប្រាប់នាងរាល់គ្នាការពិតថា ខ្ញុំមិនស្គាល់នាងទេ›»។ (ម៉ាថាយ ២៥:១០-១២) ការមិនចាំយាមនិងមិនត្រៀមខ្លួនពិតជានាំឲ្យមានលទ្ធផលដ៏គួរឲ្យសោកស្ដាយមែន!
ពួកសាវ័កអាចយល់ថាកូនកំលោះដែលលោកយេស៊ូកំពុងមានប្រសាសន៍ គឺជាខ្លួនលោកផ្ទាល់។ ហេតុអ្វី? ដោយសារថ្មីៗនេះ លោកបានប្រដូចខ្លួនលោកទៅនឹងកូនកំលោះ។ (លូកា ៥:៣៤, ៣៥) ដូច្នេះ តើស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណាជាអ្នកណា? ពេលដែលលោកយេស៊ូមានប្រសាសន៍អំពី«ហ្វូងតូច» ដែលនឹងទទួលរាជាណាចក្រ លោកប្រើពាក្យថា៖ «ចូរចុកក្បិន ហើយឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ»។ (លូកា ១២:៣២, ៣៥) ដូច្នេះ ក្នុងឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធនេះ ពួកសាវ័កអាចយល់ថាស្ត្រីក្រមុំបរិសុទ្ធដែលចេះពិចារណាគឺសំដៅទៅលើពួកគាត់និងអ្នកកាន់តាមដ៏ស្មោះត្រង់ឯទៀត។ ហេតុនេះ តើលោកយេស៊ូកំពុងបង្រៀនមេរៀនអ្វីតាមរយៈឧទាហរណ៍នេះ?
លោកយេស៊ូបញ្ជាក់យ៉ាងច្បាស់អំពីមេរៀននៃឧទាហរណ៍នេះ ពេលលោកមានប្រសាសន៍បញ្ចប់ថា៖ «ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថ្ងៃឬម៉ោងនោះឡើយ»។—ម៉ាថាយ ២៥:១៣
លោកយេស៊ូផ្ដល់ការដាស់តឿនដល់អ្នកកាន់តាមដ៏ស្មោះត្រង់របស់លោកថា ស្តីអំពីវត្តមានរបស់លោក ពួកគាត់ត្រូវ«ចាំយាម»។ លោកនឹងមក ហើយពួកគាត់ត្រូវចាំយាមនិងត្រៀមខ្លួនដូចស្ត្រីក្រមុំបរិសុទ្ធប្រាំនាក់ដែលចេះពិចារណា ដើម្បីកុំឲ្យពួកគាត់ភ្លេចនូវសេចក្ដីសង្ឃឹមដ៏មានតម្លៃ ហើយខកខានទទួលរង្វាន់ដែលពួកគាត់អាចទទួលបាន។
-
-
មេរៀនអំពីចិត្តខ្នះខ្នែងក្នុងឧទាហរណ៍អំពីថាលិនលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១១៣
មេរៀនអំពីចិត្តខ្នះខ្នែងក្នុងឧទាហរណ៍អំពីថាលិន
លោកយេស៊ូលើកឧទាហរណ៍អំពីថាលិន
កាលដែលលោកយេស៊ូនៅលើភ្នំដើមអូលីវជាមួយនឹងសាវ័កបួននាក់នៅឡើយ លោកប្រាប់ពួកគាត់អំពីឧទាហរណ៍មួយទៀត។ ប៉ុន្មានថ្ងៃមុន ពេលលោកនៅក្រុងយេរីខូ លោកបានលើកឧទាហរណ៍អំពីមិណាដើម្បីបញ្ជាក់ថារាជាណាចក្រព្រះនឹងចាប់ផ្ដើមគ្រប់គ្រងនៅអនាគត។ ឥឡូវ ឧទាហរណ៍ដែលលោកកំពុងរៀបរាប់ មានលក្ខណៈខ្លះស្រដៀងគ្នានឹងឧទាហរណ៍អំពីមិណា។ លោកយេស៊ូលើកឧទាហរណ៍អំពីថាលិន ដើម្បីឆ្លើយសំណួររបស់សាវ័កស្តីអំពីវត្តមានរបស់លោក និងអំពីគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ ក្នុងឧទាហរណ៍នេះ លោកបញ្ជាក់ថាពួកអ្នកកាន់តាមត្រូវមានចិត្តខ្នះខ្នែងក្នុងការបំពេញភារកិច្ចដែលលោកប្រគល់ឲ្យ។
លោកយេស៊ូផ្ដើមឧទាហរណ៍ដោយមានប្រសាសន៍ថា៖ «រាជាណាចក្រប្រៀបដូចជាពេលបុរសម្នាក់បម្រុងនឹងធ្វើដំណើរទៅក្រៅប្រទេស ក៏ហៅពួកខ្ញុំបម្រើរបស់លោក ហើយផ្ដាំពួកគេឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិរបស់លោក»។ (ម៉ាថាយ ២៥:១៤) ដោយសារលោកយេស៊ូធ្លាប់ប្រៀបប្រដូចខ្លួនលោកទៅនឹងបុរសម្នាក់ដែលបានធ្វើដំណើរទៅប្រទេសឆ្ងាយ«ដើម្បីទទួលអំណាចគ្រប់គ្រងជាស្តេច» នោះពួកសាវ័កងាយយល់ថាលោកយេស៊ូគឺជា«បុរស»ក្នុងឧទាហរណ៍នេះ។—លូកា ១៩:១២
ប៉ុន្តែ មុនពេលដែលបុរសក្នុងឧទាហរណ៍នេះធ្វើដំណើរទៅក្រៅប្រទេស គាត់ឲ្យខ្ញុំបម្រើមើលការខុសត្រូវលើទ្រព្យសម្បត្ដិដ៏មានតម្លៃរបស់គាត់។ ក្នុងអំឡុងបីឆ្នាំកន្លះនៃកិច្ចបម្រើរបស់លោកយេស៊ូ លោកផ្ដោតអារម្មណ៍ទៅលើការផ្សព្វផ្សាយដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ ហើយលោកក៏បង្ហាត់បង្រៀនពួកអ្នកកាន់តាមលោកឲ្យធ្វើកិច្ចការនេះដែរ។ ឥឡូវ លោកហៀបនឹងចាកចេញពីពួកអ្នកកាន់តាម តែលោកមានទំនុកចិត្តថាពួកគេនឹងបន្តធ្វើកិច្ចការដែលលោកបានបង្រៀនពួកគេឲ្យធ្វើ។—ម៉ាថាយ ១០:៧; លូកា ១០:១, ៨, ៩; សូមពិនិត្យបន្ថែម យ៉ូហាន ៤:៣៨; ១៤:១២
ក្នុងឧទាហរណ៍អំពីថាលិន តើបុរសនោះចាត់ខ្ញុំបម្រើឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិរបស់គាត់យ៉ាងដូចម្ដេច? លោកយេស៊ូប្រាប់ថា៖ «លោកឲ្យខ្ញុំបម្រើទីមួយ ប្រាំថាលិន ខ្ញុំបម្រើទីពីរ ពីរថាលិន ហើយខ្ញុំបម្រើទីបី មួយថាលិន តាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន។ រួចលោកធ្វើដំណើរទៅក្រៅប្រទេស»។ (ម៉ាថាយ ២៥:១៥) តើខ្ញុំបម្រើទាំងនេះនឹងធ្វើយ៉ាងណាចំពោះទ្រព្យសម្បត្ដិដែលម្ចាស់ប្រគល់ឲ្យ? តើពួកគេនឹងប្រើទ្រព្យសម្បត្ដិដោយចិត្តខ្នះខ្នែង ដើម្បីបង្កើនទ្រព្យរបស់ម្ចាស់ឬទេ?
លោកយេស៊ូប្រាប់ពួកសាវ័កថា៖ «ខ្ញុំបម្រើដែលបានទទួលប្រាំថាលិន បានយកថាលិននោះទៅធ្វើដើមទុនរកស៊ីភ្លាម ហើយបានចំណេញប្រាំថាលិនទៀត។ ខ្ញុំបម្រើដែលបានទទួលពីរថាលិនក៏បានធ្វើដូចគ្នា ហើយបានចំណេញពីរថាលិនទៀត។ ក៏ប៉ុន្តែ ខ្ញុំបម្រើដែលបានទទួលតែមួយថាលិន បានចេញទៅជីកដីលាក់ប្រាក់របស់ម្ចាស់គាត់ទុក»។ (ម៉ាថាយ ២៥:១៦-១៨) តើនឹងមានអ្វីកើតឡើងពេលម្ចាស់ត្រឡប់មកវិញ?
លោកយេស៊ូមានប្រសាសន៍បន្តថា៖ «លុះយូរក្រោយមក ម្ចាស់របស់ខ្ញុំបម្រើទាំងនោះបានមកដល់ ហើយគិតបញ្ជីជាមួយនឹងពួកគេ»។ (ម៉ាថាយ ២៥:១៩) ខ្ញុំបម្រើទី១និងទី២បានព្យាយាមយ៉ាងខ្លាំងស្រប«តាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន»។ ពួកគេទាំងពីរនាក់មានចិត្តខ្នះខ្នែង ហើយឧស្សាហ៍ក្នុងការងារ ថែមទាំងបង្កើនទ្រព្យសម្បត្ដិដែលម្ចាស់បានប្រគល់ឲ្យមើលការខុសត្រូវទៀតផង។ ខ្ញុំបម្រើដែលទទួលបានប្រាំថាលិនបានចំណេញមួយជាពីរ។ ចំណែកឯខ្ញុំបម្រើដែលទទួលបានពីរថាលិនបានចំណេញពីរថាលិនទៀត (នៅសម័យនោះ កម្មករម្នាក់ត្រូវតែធ្វើការយ៉ាងនឿយហត់អស់ប្រហែលជា១៩ឆ្នាំទើបមានប្រាក់ដែលស្មើនឹងមួយថាលិន)។ ហេតុនេះ ម្ចាស់សរសើរខ្ញុំបម្រើទាំងពីរនាក់នោះថា៖ «ខ្ញុំបម្រើដ៏ល្អហើយស្មោះត្រង់អើយ! អ្នកធ្វើការបានល្អណាស់! អ្នកបានស្មោះត្រង់ក្នុងការមើលខុសត្រូវលើរបស់បន្ដិចបន្តួច។ ខ្ញុំនឹងតែងតាំងអ្នកឲ្យមើលការខុសត្រូវលើរបស់ជាច្រើនវិញ។ ចូរមកអរសប្បាយជាមួយនឹងម្ចាស់របស់អ្នកចុះ»។—ម៉ាថាយ ២៥:២១
ផ្ទុយទៅវិញ ខ្ញុំបម្រើដែលទទួលបានមួយថាលិនមិនបានធ្វើដូចខ្ញុំបម្រើពីរនាក់នោះទេ។ ហេតុអ្វី? ពីព្រោះគាត់ជម្រាបម្ចាស់ថា៖ «លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់។ លោកច្រូតនៅកន្លែងដែលលោកមិនបានសាបព្រោះ ក៏ប្រមូលផលដំណាំដោយមិនបានធ្វើការអ្វីសោះ។ ដូច្នេះ ខ្ញុំបានភ័យខ្លាច ក៏បានចេញទៅលាក់ថាលិនរបស់លោកក្នុងដី។ នេះជាថាលិនរបស់លោក សូមលោកយកទៅវិញចុះ»។ (ម៉ាថាយ ២៥:២៤, ២៥) បើខ្ញុំបម្រើនោះយកប្រាក់ទៅផ្ញើអ្នកចងការឬដាក់ធនាគារ នោះយ៉ាងហោចណាស់ម្ចាស់គាត់អាចទទួលបានការប្រាក់ខ្លះ។ ប៉ុន្តែ គាត់មិនបានធ្វើដូច្នេះទេ។ តាមពិត ខ្ញុំបម្រើនោះបានប្រព្រឹត្តផ្ទុយពីគោលបំណងរបស់ម្ចាស់គាត់ទាំងស្រុង។
ដូច្នេះ ពិតជាសមត្រឹមត្រូវមែនដែលម្ចាស់គាត់ហៅគាត់ថាជា«ខ្ញុំបម្រើទុច្ចរិតនិងខ្ជិលច្រអូស»។ ម្ល៉ោះហើយ អ្វីដែលខ្ញុំបម្រើនោះមាន បានត្រូវដកហូត ហើយប្រគល់ឲ្យខ្ញុំបម្រើដែលខ្នះខ្នែងក្នុងកិច្ចការរបស់ខ្លួន។ ហេតុអ្វី? ពីព្រោះម្ចាស់ប្រាប់ពីគោលការណ៍របស់គាត់ថា៖ «អ្នកណាដែលមាន នឹងទទួលថែមទៀត ហើយអ្នកនោះនឹងមានជាបរិបូរ។ ប៉ុន្តែអ្នកណាដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះមានក៏នឹងត្រូវដកហូតផង»។—ម៉ាថាយ ២៥:២៦, ២៩
ពួកអ្នកកាន់តាមលោកយេស៊ូមានអ្វីៗជាច្រើនដែលពួកគាត់ត្រូវគិតពិចារណា រួមទាំងអ្វីៗដែលពួកគាត់បានឮក្នុងឧទាហរណ៍នេះ។ ពួកគាត់អាចយល់ថាអ្វីដែលលោកយេស៊ូផ្ដល់ឲ្យពួកគាត់មើលការខុសត្រូវ គឺមានតម្លៃខ្លាំងណាស់ ពោលគឺភារកិច្ចដ៏សំខាន់ក្នុងការបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ បន្ថែមទៅទៀត លោកយេស៊ូតម្រូវឲ្យពួកគាត់ធ្វើកិច្ចការនេះដោយចិត្តខ្នះខ្នែង។ ក្នុងឧទាហរណ៍នេះ អ្នកកាន់តាមម្នាក់ៗគួរព្យាយាមបំពេញភារកិច្ចរបស់ខ្លួនស្រប«តាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន»។ ដូច្នេះ លោកយេស៊ូមិនគិតថាពួកគាត់ទាំងអស់គ្នាត្រូវតែបំពេញកិច្ចផ្សព្វផ្សាយ ដល់កម្រិតស្មើៗគ្នានោះឡើយ។ ប៉ុន្តែ នេះមិនមានន័យថាលោកយេស៊ូនឹងពេញចិត្ត បើអ្នកកាន់តាមម្នាក់«ខ្ជិលច្រអូស» ហើយមិនព្យាយាមអស់ពីសមត្ថភាពដើម្បីបង្កើនទ្រព្យរបស់ម្ចាស់នោះឡើយ។
ពួកសាវ័កនឹងពេញចិត្តយ៉ាងណាទៅ ជាពិសេសនៅពេលពួកគាត់ឮថា «អ្នកណាដែលមាន នឹងទទួលថែមទៀត»!
-
-
គ្រិស្តទទួលអំណាចហើយវិនិច្ឆ័យចៀមនិងពពែលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១១៤
គ្រិស្តទទួលអំណាចហើយវិនិច្ឆ័យចៀមនិងពពែ
លោកយេស៊ូលើកឧទាហរណ៍អំពីចៀមនិងពពែ
នៅលើភ្នំដើមអូលីវ លោកយេស៊ូទើបតែបានលើកឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ១០នាក់និងឧទាហរណ៍អំពីថាលិន។ ដូច្នេះ តើលោកបញ្ចប់ការឆ្លើយតបយ៉ាងណាចំពោះសំណួររបស់ពួកសាវ័កស្តីអំពីវត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ? លោកធ្វើដូច្នេះ ដោយលើកឧទាហរណ៍មួយចុងក្រោយគឺអំពីចៀមនិងពពែ។
លោកយេស៊ូចាប់ផ្ដើមរៀបរាប់ថា៖ «ពេលដែលកូនមនុស្សមកប្រកបដោយសិរីរុងរឿង ហើយមានទេវតាទាំងឡាយមកជាមួយដែរ នោះលោកនឹងអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក»។ (ម៉ាថាយ ២៥:៣១) លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់ថា លោកជាបុគ្គលដ៏សំខាន់ក្នុងឧទាហរណ៍នេះ។ ជារឿយៗ លោកហៅខ្លួនលោកថាជា«កូនមនុស្ស»។—ម៉ាថាយ ៨:២០; ៩:៦; ២០:១៨, ២៨
តើឧទាហរណ៍នេះនឹងកើតឡើងនៅពេលណា? គឺនៅពេលដែលលោកយេស៊ូ«មកប្រកបដោយសិរីរុងរឿង»ជាមួយនឹងបណ្ដាទេវតា ហើយលោកនឹងអង្គុយលើ«បល្ល័ង្កដ៏រុងរឿងរបស់លោក»។ ម្យ៉ាងទៀត លោកធ្លាប់មានប្រសាសន៍រួចហើយថា៖ «កូនមនុស្សមកលើពពកនៅលើមេឃដោយមានឫទ្ធានុភាពនិងសិរីរុងរឿងអស្ចារ្យ»ជាមួយនឹងបណ្ដាទេវតារបស់លោក។ តើកូនមនុស្សនឹងមកនៅពេលណា? គឺ«បន្ទាប់ពីទុក្ខវេទនានៅគ្រានោះភ្លាម»។ (ម៉ាថាយ ២៤:២៩-៣១; ម៉ាកុស ១៣:២៦, ២៧; លូកា ២១:២៧) ដូច្នេះ ឧទាហរណ៍នេះនឹងកើតឡើងនៅពេលដែលលោកយេស៊ូមកប្រកបដោយសិរីរុងរឿងនាពេលអនាគត។ នៅពេលនោះ តើលោកនឹងធ្វើអ្វី?
លោកយេស៊ូពន្យល់ថា៖ «ពេលដែលកូនមនុស្សមក . . . ប្រជាជាតិទាំងឡាយនឹងត្រូវប្រមូលមកនៅមុខលោក រួចលោកនឹងញែកមនុស្សចេញពីគ្នា ដូចគង្វាលម្នាក់ញែកចៀមចេញពីពពែ។ លោកនឹងដាក់ចៀមនៅខាងស្ដាំដៃ តែពពែនៅខាងឆ្វេងដៃ»។—ម៉ាថាយ ២៥:៣១-៣៣
ការញែកចៀមទៅខាងស្ដាំដៃបញ្ជាក់ថាចៀមទាំងនោះទទួលការពេញចិត្តពីលោក។ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ថា៖ «រួចមក ស្តេចនឹងមានប្រសាសន៍ទៅកាន់អ្នកនៅខាងស្ដាំលោកថា៖ ‹អ្នកដែលទទួលពរពីបិតាខ្ញុំអើយ! ចូរមកទទួលរាជាណាចក្រដែលបានត្រូវរៀបចំឲ្យអ្នករាល់គ្នាតាំងពីកំណើតពិភពលោកជាមត៌កចុះ›»។ (ម៉ាថាយ ២៥:៣៤) ហេតុអ្វីចៀមទទួលការពេញចិត្តពីស្តេច?
ស្តេចពន្យល់ថា៖ «កាលខ្ញុំឃ្លាន អ្នករាល់គ្នាបានឲ្យខ្ញុំបរិភោគ កាលខ្ញុំស្រេក អ្នករាល់គ្នាបានឲ្យខ្ញុំផឹក កាលអ្នករាល់គ្នាមិនធ្លាប់ស្គាល់ខ្ញុំ អ្នករាល់គ្នាបានទទួលខ្ញុំយ៉ាងរាក់ទាក់ កាលខ្ញុំគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាបានឲ្យសម្លៀកបំពាក់ដល់ខ្ញុំ កាលខ្ញុំឈឺ អ្នករាល់គ្នាបានថែទាំខ្ញុំ ហើយកាលខ្ញុំជាប់គុក អ្នករាល់គ្នាបានមកឯខ្ញុំ»។ នៅពេលដែលចៀមទាំងនេះ ឬ«មនុស្សសុចរិត»សួរថាតាមរបៀបណាពួកគេបានធ្វើកិច្ចការល្អទាំងនេះ ស្តេចមានប្រសាសន៍ទៅពួកគេថា៖ «ដោយសារអ្នករាល់គ្នាបានធ្វើការទាំងនោះដល់អ្នកតូចបំផុតក្នុងពួកបងប្អូនរបស់ខ្ញុំ នោះក៏ដូចជាបានធ្វើដល់ខ្ញុំដែរ»។ (ម៉ាថាយ ២៥:៣៥, ៣៦, ៤០, ៤៦) ពួកគេមិនបានធ្វើការល្អទាំងនេះនៅស្ថានសួគ៌ទេ ពីព្រោះនៅទីនោះគ្មានអ្នកដែលឈឺ ឬស្រេកឃ្លានឡើយ។ ដូច្នេះ ពួកគេប្រាកដជាបានធ្វើការល្អទាំងនេះចំពោះបងប្អូនរបស់គ្រិស្តនៅផែនដី។
ចុះយ៉ាងណាវិញពពែដែលបានត្រូវញែកទៅខាងឆ្វេងដៃ? លោកយេស៊ូមានប្រសាសន៍ថា៖ «បន្ទាប់មក លោក[ស្តេច]នឹងមានប្រសាសន៍ទៅអ្នកនៅខាងឆ្វេងលោកថា៖ ‹ពួកអ្នកត្រូវបណ្ដាសាអើយ! ចូរចេញពីខ្ញុំទៅ ហើយទៅក្នុងភ្លើងដែលឆេះជារៀងរហូត ដែលបានត្រូវបម្រុងទុកសម្រាប់មេកំណាចនិងបណ្ដាទេវតារបស់វា។ ព្រោះខ្ញុំបានឃ្លាន តែអ្នករាល់គ្នាមិនបានឲ្យខ្ញុំបរិភោគទេ ខ្ញុំបានស្រេក តែអ្នករាល់គ្នាក៏មិនបានឲ្យខ្ញុំផឹកដែរ។ កាលអ្នករាល់គ្នាមិនធ្លាប់ស្គាល់ខ្ញុំ អ្នកមិនបានទទួលខ្ញុំយ៉ាងរាក់ទាក់ឡើយ។ កាលខ្ញុំគ្មានសម្លៀកបំពាក់ អ្នករាល់គ្នាមិនបានឲ្យសម្លៀកបំពាក់ដល់ខ្ញុំទេ ខ្ញុំបានឈឺហើយជាប់គុក តែអ្នករាល់គ្នាមិនបានថែទាំខ្ញុំឡើយ›»។ (ម៉ាថាយ ២៥:៤១-៤៣) ការវិនិច្ឆ័យនេះពិតជាសមត្រឹមត្រូវមែន ពីព្រោះមនុស្សដែលប្រៀបដូចជាពពែមិនបានប្រព្រឹត្តល្អចំពោះបងប្អូនរបស់គ្រិស្តនៅផែនដី ដូចអ្វីដែលពួកគេត្រូវធ្វើឡើយ។
ពួកសាវ័កយល់ថាការសម្រេចសេចក្ដីក្នុងការវិនិច្ឆ័យនេះនឹងមិនផ្លាស់ប្ដូរឡើយ តែនឹងនៅស្ថិតស្ថេរជារៀងរហូតវិញ។ ហេតុអ្វីពួកគាត់ដឹងដូច្នេះ? ពីព្រោះលោកយេស៊ូប្រាប់ពួកគាត់ថា៖ «ហើយលោក[ស្តេច]នឹងឆ្លើយដោយពោលពាក្យថា៖ ‹ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ដោយសារអ្នករាល់គ្នាមិនបានធ្វើការទាំងនោះដល់អ្នកតូចណាម្នាក់ក្នុងចំណោមអ្នកទាំងនេះ នោះក៏ដូចជាមិនបានធ្វើដល់ខ្ញុំដែរ›។ ហើយអ្នកទាំងនោះនឹងទទួលសេចក្ដីស្លាប់ជារៀងរហូត តែមនុស្សសុចរិតនឹងបានជីវិតដែលគ្មានទីបញ្ចប់»។—ម៉ាថាយ ២៥:៤៥, ៤៦
ការឆ្លើយតបរបស់លោកយេស៊ូធ្វើឲ្យពួកអ្នកកាន់តាមលោកមានអ្វីជាច្រើនដែលត្រូវគិត ហើយក៏ជួយពួកគាត់ឲ្យពិចារណាអំពីចិត្តគំនិតនិងការប្រព្រឹត្តរបស់ពួកគាត់ដែរ។
-