-
ទីបញ្ចុះសពនៅទទេ លោកយេស៊ូរស់ឡើងវិញហើយ!លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១៣៤
ទីបញ្ចុះសពនៅទទេ លោកយេស៊ូរស់ឡើងវិញហើយ!
ម៉ាថាយ ២៨:៣-១៥ ម៉ាកុស ១៦:៥-៨ លូកា ២៤:៤-១២ យ៉ូហាន ២០:២-១៨
លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ
មានហេតុការណ៍កើតឡើងនៅទីបញ្ចុះសពលោកយេស៊ូ
លោកលេចមកជួបស្ត្រីផ្សេងៗ
ពេលពួកស្ត្រីបានឃើញទីបញ្ចុះសពនៅទទេ នោះពួកនាងពិតជាភ័យនិងភ្ញាក់ផ្អើលខ្លាំងណាស់! ឃើញដូចនេះ ម៉ារៀម៉ាក់ដាឡេនបានរត់ទៅរក«ស៊ីម៉ូនពេត្រុសនិងអ្នកកាន់តាមដែលលោកយេស៊ូស្រឡាញ់» នោះគឺសាវ័កយ៉ូហាន។ (យ៉ូហាន ២០:២) ទោះជាយ៉ាងនោះក្ដី ស្ត្រីឯទៀតនៅទីបញ្ចុះសពនៅឡើយ ហើយបានឃើញទេវតាមួយរូប។ បន្ថែមទៀត នៅខាងក្នុងផ្នូរមានទេវតាមួយរូបទៀតដែល«ពាក់អាវវែង ពណ៌ស»។—ម៉ាកុស ១៦:៥
ទេវតាមួយរូបបានប្រាប់ពួកនាងថា៖ «កុំខ្លាចឡើយ ខ្ញុំដឹងថានាងកំពុងរកលោកយេស៊ូដែលគេបានព្យួរ។ លោកមិននៅទីនេះទេ ព្រោះលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ ដូចលោកបានមានប្រសាសន៍។ សូមមកមើលកន្លែងដែលគេបានដាក់សពរបស់លោក រួចចូរប្រញាប់ទៅប្រាប់ពួកអ្នកកាន់តាមលោកថា៖ ‹លោកបានត្រូវប្រោសឲ្យរស់ឡើងវិញហើយ។ លោកនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា›»។ (ម៉ាថាយ ២៨:៥-៧) ដូច្នេះ ពួកនាងក៏រត់ទៅប្រាប់ពួកសាវ័ក«ដោយមានអារម្មណ៍ភ័យញាប់ញ័រថែមទាំងរំជួលចិត្តយ៉ាងខ្លាំង»។—ម៉ាកុស ១៦:៨
ពេលម៉ារៀបានជួបពេត្រុសនិងយ៉ូហាន នាងនិយាយទាំងត្រហេបត្រហបថា៖ «ពួកគេបានយកលោកម្ចាស់ចេញពីទីបញ្ចុះសពបាត់ហើយ យើងមិនដឹងថាពួកគេបានដាក់លោកនៅកន្លែងណាទេ»។ (យ៉ូហាន ២០:២) ឮដូច្នេះ ពេត្រុសនិងយ៉ូហានក៏រត់ទៅ។ យ៉ូហានរត់លឿនជាង ហើយទៅដល់ទីបញ្ចុះសពមុនពេត្រុស។ យ៉ូហានមិនចូលទៅខាងក្នុងផ្នូរទេ គ្រាន់តែអើតមើលពីខាងក្រៅប៉ុណ្ណោះ ហើយគាត់ឃើញតែក្រណាត់រុំសព។
ពេលពេត្រុសទៅដល់ទីបញ្ចុះសព គាត់ចូលទៅខាងក្នុងភ្លាម។ គាត់ឃើញក្រណាត់សាច់ល្អនិងក្រណាត់ដែលរុំក្បាលលោកយេស៊ូ។ ឥឡូវយ៉ូហានចូលទៅខាងក្នុងដែរ ហើយគាត់ក៏ជឿអ្វីដែលម៉ារៀបានប្រាប់។ ទោះបីជាមុននោះលោកយេស៊ូធ្លាប់ប្រាប់ពួកគាត់អំពីរឿងនោះក៏ដោយ តែពួកគាត់មិនយល់ថាលោកបានត្រូវប្រោសឲ្យរស់ឡើងវិញឡើយ។ (ម៉ាថាយ ១៦:២១) ពួកគាត់ត្រឡប់ទៅផ្ទះវិញទាំងងឿងឆ្ងល់។ ម៉ារៀក៏ត្រឡប់មកទីបញ្ចុះសពដែរ តែនាងបន្តនៅទីនោះ។
នៅដំណាលគ្នានោះ ស្ត្រីផ្សេងទៀតកំពុងធ្វើដំណើរទៅប្រាប់ពួកអ្នកកាន់តាមអំពីរឿងដែលលោកយេស៊ូបានរស់ឡើងវិញ។ កាលដែលពួកនាងកំពុងរត់ទៅ នោះលោកយេស៊ូបានលេចមកជួបពួកនាង ហើយពោលថា៖ «សួស្តី!»។ ពួកនាងបានចូលទៅជិតឱបជើងលោករួច«លំឱនកាយគោរព»។ រួចមក លោកយេស៊ូមានប្រសាសន៍ទៅពួកនាងថា៖ «កុំខ្លាចឡើយ! ចូរទៅ ហើយនាំដំណឹងប្រាប់បងប្អូនរបស់ខ្ញុំផង ដើម្បីឲ្យពួកគាត់ទៅស្រុកកាលីឡេ ហើយពួកគាត់នឹងឃើញខ្ញុំនៅទីនោះ»។—ម៉ាថាយ ២៨:៩, ១០
មុននោះ ពេលមានរញ្ជួយដី ហើយមានទេវតាបានលេចមក នោះពួកទាហានដែលយាមនៅទីបញ្ចុះសព«បានញ័ររន្ធត់ដោយសារខ្លាចទេវតានោះ ក៏បានមើលទៅដូចជាមនុស្សស្លាប់»។ ក្រោយពីពួកទាហានបានដឹងខ្លួនវិញ ពួកគេក៏ចូលទៅក្នុងក្រុង ហើយ«ប្រាប់ពួកសង្ឃនាយកអំពីអ្វីៗទាំងអស់ដែលបានកើតឡើង»។ រួចមក ពួកសង្ឃក៏ពិគ្រោះជាមួយនឹងពួកបុរសចាស់ទុំរបស់ជនជាតិយូដា។ បន្ទាប់មក ពួកគេសម្រេចចិត្តសូកពួកទាហានទាំងនោះកុំឲ្យប្រាប់អ្នកណាអំពីរឿងនេះ ព្រមទាំងប្រាប់ពួកគេឲ្យនិយាយថា៖ «ពួកអ្នកកាន់តាមគាត់បានមកទាំងយប់ ហើយលួចសពគាត់ពេលដែលយើងកំពុងដេកលក់»។—ម៉ាថាយ ២៨:៤, ១១, ១៣
ពួកទាហានរ៉ូមអាចទទួលការប្រហារជីវិត បើអ្នកឯទៀតដឹងថាពួកគេដេកលក់ក្នុងពេលបំពេញភារកិច្ច។ ដូច្នេះ ពួកសង្ឃសន្យានឹងពួកគេថា៖ «បើរឿងនេះ[ពាក្យកុហកអំពីការដេកលក់]លេចឮដល់អភិបាល យើងនឹងបញ្ចុះបញ្ចូលគាត់ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយបារម្ភ»។ (ម៉ាថាយ ២៨:១៤) ម្ល៉ោះហើយ ពួកទាហានព្រមទទួលសំណូក ហើយធ្វើតាមអ្វីដែលពួកសង្ឃប្រាប់។ ហេតុនេះ រឿងមិនពិតអំពីការមានគេមកលួចសពលោកយេស៊ូបានត្រូវផ្សាយឲ្យឮសុសសាយក្នុងចំណោមជនជាតិយូដា។
ម៉ារៀម៉ាក់ដាឡេននៅតែសោយសោកនៅឯទីបញ្ចុះសពនៅឡើយ។ ពេលនោះនាងឱនទៅមើលក្នុងទីបញ្ចុះសព ហើយឃើញទេវតាពីររូបស្លៀកពាក់សកំពុងអង្គុយនៅកន្លែងដែលពីមុនគេដាក់សពលោកយេស៊ូ ម្នាក់នៅក្បាលនិងម្នាក់នៅជើង។ ទេវតាទាំងពីរនោះសួរនាងថា៖ «ហេតុអ្វីក៏នាងយំ?»។ ម៉ារៀឆ្លើយថា៖ «ពួកគេបានយកលោកម្ចាស់របស់ខ្ញុំចេញ ហើយខ្ញុំមិនដឹងថាពួកគេដាក់លោកនៅកន្លែងណាទេ»។ លុះនិយាយអ្វីៗទាំងនេះចប់ហើយ នាងបែរទៅឃើញមានម្នាក់ទៀត។ លោកនោះសួរនាងដូចដែលពួកទេវតាទាំងនោះសួរដែរ ថែមទាំងសួរថា៖ «តើនាងកំពុងរកអ្នកណា?»។ ពេលឮដូច្នោះ នាងនឹកស្មានថាលោកជាអ្នកថែសួនច្បារ នាងនិយាយទៅកាន់លោកថា៖ «ប្រសិនបើអ្នកបានយកសពរបស់លោកចេញ សូមប្រាប់ខ្ញុំថាអ្នកបានដាក់នៅកន្លែងណា ខ្ញុំនឹងទៅយក»។—យ៉ូហាន ២០:១៣-១៥
តាមពិតម៉ារៀកំពុងនិយាយជាមួយនឹងលោកយេស៊ូដែលបានរស់ឡើងវិញ ប៉ុន្តែនៅខណៈនោះនាងមិនបានដឹងថាជាលោកទេ។ ទោះជាយ៉ាងណាក្ដី ពេលលោកហៅនាងថា៖ «ម៉ារៀ!» ទើបនាងដឹងថាជាលោកយេស៊ូ។ នាងដឹងដូច្នេះដោយសារនាងស្គាល់របៀបដែលលោកនិយាយមកកាន់នាង។ ពេលម៉ារៀឮដូច្នេះ នាងហៅលោកទាំងរំភើបចិត្តជាខ្លាំងថា៖ «រ៉ាបូនី!» (ដែលមានន័យថា«លោកគ្រូ!»)។ ប៉ុន្តែ ដោយសារនាងភ័យខ្លាចថាលោកនឹងឡើងទៅស្ថានសួគ៌ នោះនាងក៏តោងលោក។ ហេតុនេះ លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ឈប់តោងខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯបិតានៅស្ថានសួគ៌ទេ។ តែចូរនាងទៅឯបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគាត់ថា៖ ‹ខ្ញុំនឹងឡើងទៅឯបិតារបស់ខ្ញុំនិងបិតារបស់អ្នករាល់គ្នា ហើយទៅឯព្រះរបស់ខ្ញុំនិងព្រះរបស់អ្នករាល់គ្នា›»។—យ៉ូហាន ២០:១៦, ១៧
រួចមក ម៉ារៀរត់ទៅកន្លែងដែលពួកសាវ័កនិងអ្នកកាន់តាមឯទៀតកំពុងប្រជុំគ្នា។ នាងប្រាប់ពួកគាត់បន្ថែមពីលើអ្វីដែលពួកគាត់បានឮពីស្ត្រីផ្សេងទៀត។ ម៉ារៀប្រាប់ពួកគាត់ថា៖ «ខ្ញុំបានឃើញលោកម្ចាស់!»។ (យ៉ូហាន ២០:១៨) ក៏ប៉ុន្តែ ពួកគាត់បានគិតថាសម្ដីរបស់ស្ត្រីទាំងនោះ«គឺមិនសមហេតុសមផលឡើយ»។—លូកា ២៤:១១
-
-
ក្រោយពីរស់ឡើងវិញលោកយេស៊ូលេចមកជួបមនុស្សជាច្រើនលោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
-
-
ជំពូកទី១៣៥
ក្រោយពីរស់ឡើងវិញលោកយេស៊ូលេចមកជួបមនុស្សជាច្រើន
លូកា ២៤:១៣-៤៩ យ៉ូហាន ២០:១៩-២៩
លោកយេស៊ូលេចមកឲ្យអ្នកកាន់តាមឃើញនៅតាមផ្លូវទៅភូមិអេម៉ាស
លោកពន្យល់បទគម្ពីរទៅពួកអ្នកកាន់តាមម្ដងហើយម្ដងទៀត
ថូម៉ាស់ឈប់សង្ស័យ
ឥឡូវនេះជាថ្ងៃអាទិត្យ ទី១៦ ខែណែសាន ហើយពួកអ្នកកាន់តាមលោកយេស៊ូនៅតែក្រៀមក្រំចិត្ត។ ពួកគាត់មិនយល់អំពីមូលហេតុដែលទីបញ្ចុះសពលោកយេស៊ូនៅទទេ។ (ម៉ាថាយ ២៨:៩, ១០; លូកា ២៤:១១) ក្រោយមកនៅថ្ងៃដដែលនោះ ក្លេវប៉ាសនិងអ្នកកាន់តាមម្នាក់ទៀតចាកចេញពីក្រុងយេរូសាឡិម ហើយឆ្ពោះទៅភូមិអេម៉ាសដែលមានចម្ងាយប្រហែលជា១១គីឡូម៉ែត្រ។
កាលដែលពួកគាត់កំពុងធ្វើដំណើរ ពួកគាត់ជជែកគ្នាអំពីអ្វីដែលបានកើតឡើង។ បន្ទាប់មក មានបុរសម្នាក់ដែលពួកគាត់មិនស្គាល់បានរួមដំណើរជាមួយនឹងពួកគាត់។ បុរសនោះសួរពួកគាត់ថា៖ «តើអ្នករាល់គ្នាកំពុងដើរបណ្ដើរជជែកគ្នាបណ្ដើរអំពីរឿងអ្វី?»។ រួចក្លេវប៉ាសក៏ឆ្លើយតបថា៖ «តើអ្នកជាជនជាតិដទៃដែលស្នាក់នៅដាច់ពីគេនៅក្រុងយេរូសាឡិម បានជាមិនដឹងអំពីការទាំងប៉ុន្មានដែលបានកើតឡើងក្នុងនាងពេលថ្មីៗនេះឬ?»។ បុរសនោះសួរពួកគាត់ទៀតថា៖ «ការអ្វីទៅ?»។—លូកា ២៤:១៧-១៩
ពួកគាត់និយាយថា៖ «អំពីលោកយេស៊ូពីក្រុងណាសារ៉ែត។ . . . យើងបានសង្ឃឹមថា បុរសនេះជាអ្នកដែលត្រូវសង្គ្រោះអ៊ីស្រាអែល»។—លូកា ២៤:១៩-២១
ក្លេវប៉ាសនិងសម្លាញ់របស់គាត់ប្រាប់បុរសនោះអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះ។ ពួកគាត់និយាយថា ស្ត្រីខ្លះពីចំណោមពួកគាត់បានទៅទីបញ្ចុះសពលោកយេស៊ូ ហើយឃើញថាទីបញ្ចុះសពនៅទទេ ថែមទាំងឃើញអ្វីដ៏អស្ចារ្យ គឺទេវតាប្រាប់ថាលោកយេស៊ូកំពុងរស់នៅ។ ពួកគាត់រៀបរាប់ថាអ្នកកាន់តាមឯទៀតក៏ទៅទីបញ្ចុះសពនោះដែរ ហើយ«ក៏ឃើញដូចស្ត្រីទាំងនោះបានប្រាប់»។—លូកា ២៤:២៤
ពួកអ្នកកាន់តាមទាំងពីរនាក់នោះច្បាស់ជាងឿងឆ្ងល់យ៉ាងខ្លាំងអំពីអ្វីដែលបានកើតឡើង។ បុរសដែលពួកគាត់មិនស្គាល់បានឆ្លើយតាមរបៀបមួយដែលបង្ហាញថាគាត់មានអំណាច ដើម្បីកែតម្រង់ទស្សនៈមិនត្រឹមត្រូវដែលកំពុងមានឥទ្ធិពលមកលើចិត្តរបស់ពួកគាត់។ បុរសនោះនិយាយថា៖ «ឱមនុស្សដែលមិនព្រមពិចារណា ហើយយឺតនឹងជឿពាក្យទាំងអស់របស់អ្នកប្រកាសទំនាយអើយ! គ្រិស្តត្រូវរងទុក្ខដូច្នេះ ដើម្បីបានសិរីរុងរឿងដែលលោកត្រូវទទួល មែនទេ?»។ (លូកា ២៤:២៥, ២៦) គាត់បន្តបកស្រាយប្រាប់ពួកគាត់នូវបទគម្ពីរជាច្រើនដែលទាក់ទងនឹងគ្រិស្ត។
នៅទីបំផុត ពួកគាត់ទាំងបីនាក់បានទៅដល់ភូមិអេម៉ាស។ អ្នកកាន់តាមពីរនាក់នោះចង់ស្ដាប់ថែមទៀត ដូច្នេះពួកគាត់និយាយទៅបុរសដែលពួកគាត់មិនស្គាល់ថា៖ «ចូរស្នាក់នៅជាមួយនឹងយើងទៅ ពីព្រោះជិតល្ងាចហើយ ថែមទាំងថ្ងៃក៏ទាបណាស់ផង»។ រួចលោកក៏ព្រមស្នាក់នៅជាមួយនឹងពួកគាត់។ បន្ទាប់មក កាលដែលពួកគាត់ពិសាអាហារជាមួយគ្នា បុរសនោះអធិដ្ឋាន យកនំប៉័ងមួយដុំ ហើយកាច់នំប៉័ងនោះ រួចឲ្យដល់ពួកគាត់។ ពេលនោះ ពួកគាត់ក៏ស្គាល់លោក ប៉ុន្តែស្រាប់តែលោកបាត់ភ្លាមពីចំណោមពួកគាត់។ (លូកា ២៤:២៩-៣១) ឥឡូវ ពួកគាត់ដឹងជាក់ច្បាស់ថាលោកយេស៊ូបានរស់ឡើងវិញហើយ!
អ្នកកាន់តាមពីរនាក់នោះរំភើបចិត្តយ៉ាងខ្លាំង រួចនិយាយគ្នាថា៖ «យើងបានរំភើបចិត្តជាខ្លាំង កាលដែលលោកកំពុងមានប្រសាសន៍មកយើងតាមផ្លូវ ហើយកំពុងពន្យល់បទគម្ពីរយ៉ាងអស់សេចក្ដីឲ្យយើងយល់ មែនទេ?»។ (លូកា ២៤:៣២) ពួកគាត់ប្រញាប់ប្រញាល់ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយពេលទៅដល់ ពួកគាត់ឃើញថាពួកសាវ័កនិងអ្នកកាន់តាមឯទៀតនៅជុំគ្នា។ ក៏ប៉ុន្តែ មុនក្លេវប៉ាសនិងសម្លាញ់គាត់អាចប្រាប់អំពីអ្វីដែលទើបតែបានកើតឡើង ពួកគាត់ឮអ្នកកាន់តាមឯទៀតនិយាយថា៖ «លោកម្ចាស់បានត្រូវប្រោសឲ្យរស់ឡើងវិញពិតមែន! ហើយលោកបានលេចមកជួបស៊ីម៉ូន!»។ (លូកា ២៤:៣៤) បន្ទាប់មក ពួកគាត់ទាំងពីរនាក់ប្រាប់អំពីរបៀបដែលលោកយេស៊ូបានលេចមកឲ្យពួកគាត់ឃើញ។ ពិតណាស់ ពួកគាត់ក៏ជាសាក្សីដែលបានឃើញលោកយេស៊ូដោយផ្ទាល់ភ្នែកដែរ។
ឥឡូវ ពួកអ្នកកាន់តាមទាំងអស់ដែលនៅទីនោះរន្ធត់យ៉ាងខ្លាំង ពីព្រោះលោកយេស៊ូលេចមកក្នុងបន្ទប់នោះ! នេះពិតជាមិនគួរឲ្យជឿមែន ពីព្រោះពួកគាត់ចាក់សោទ្វារដោយសារខ្លាចជនជាតិយូដា។ យ៉ាងណាក្ដី លោកយេស៊ូបានលេចមកក្នុងចំណោមពួកគាត់។ លោកមានប្រសាសន៍ដោយទន់ភ្លន់ទៅពួកគាត់ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ»។ ប៉ុន្តែ ពួកអ្នកកាន់តាមភ័យខ្លាចយ៉ាងខ្លាំង។ ដូចដែលពួកគាត់បានគិតនៅលើកមុន ពួកគាត់«នឹកស្មានថាពួកគាត់កំពុងមើលឃើញវិញ្ញាណមួយ»។—លូកា ២៤:៣៦, ៣៧; ម៉ាថាយ ១៤:២៥-២៧
ដើម្បីបញ្ជាក់ថាលោកមិនមែនជាវិញ្ញាណមួយ ឬក៏ជាការស្រមើស្រមៃរបស់ពួកអ្នកកាន់តាមទេ តែលោកមានរូបកាយជាសាច់ឈាមមែន នោះលោកយេស៊ូបង្ហាញដៃជើងរបស់លោកទៅពួកគាត់ ហើយមានប្រសាសន៍ថា៖ «ហេតុអ្វីអ្នករាល់គ្នាកំពុងវិលវល់ក្នុងគំនិតដូច្នេះ? ហើយហេតុអ្វីក៏បែរជាសង្ស័យក្នុងចិត្ត? ចូរមើលដៃនិងជើងរបស់ខ្ញុំ គឺខ្ញុំទេ។ ចូរពាល់ខ្ញុំ ហើយមើលចុះ ពីព្រោះវិញ្ញាណមិនមានសាច់និងឆ្អឹងដូចអ្នកឃើញថាខ្ញុំមាននោះទេ»។ (លូកា ២៤:៣៦-៣៩) រួចមក ពួកគាត់ត្រេកអរក្រៃលែង ហើយនឹកអស្ចារ្យក្នុងចិត្ត ប៉ុន្តែនៅតែមិនចង់ជឿ។
ដើម្បីជួយពួកអ្នកកាន់តាមឲ្យកាន់តែជឿថាលោកជាបុគ្គលពិត លោកសួរពួកគាត់ថា៖ «តើនៅទីនេះមានអ្វីបរិភោគទេ?»។ រួចពួកគាត់ហុចត្រីអាំងមួយដុំជូនលោក ហើយលោកយកមកពិសានៅមុខពួកគាត់។ បន្ទាប់មក លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «ចូរនឹកឃើញសម្ដីដែលខ្ញុំបានប្រាប់អ្នករាល់គ្នាកាលដែលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នានៅឡើយ[មុនខ្ញុំស្លាប់] គឺអ្វីៗទាំងអស់ដែលបានត្រូវសរសេរអំពីខ្ញុំក្នុងច្បាប់ម៉ូសេ ក្នុងសេចក្ដីបង្រៀនរបស់ពួកអ្នកប្រកាសទំនាយ និងក្នុងបទទំនុកតម្កើង ត្រូវតែសម្រេច»។—លូកា ២៤:៤១-៤៤
មុននេះ លោកយេស៊ូបានជួយក្លេវប៉ាសនិងសម្លាញ់របស់គាត់ឲ្យយល់បទគម្ពីរជាច្រើន។ ឥឡូវនេះ លោកក៏ពន្យល់បទគម្ពីរដល់ពួកអ្នកកាន់តាមដែលជុំគ្នានៅទីនោះដែរ ដោយមានប្រសាសន៍ថា៖ «បទគម្ពីរបានចែងដូច្នេះថា គ្រិស្តនឹងរងទុក្ខ រួចនៅថ្ងៃទីបីលោកនឹងរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ហើយក្នុងគ្រប់ប្រជាជាតិនឹងមានការផ្សព្វផ្សាយថា ពួកគេត្រូវប្រែចិត្តដើម្បីទទួលការអភ័យទោសចំពោះការខុសឆ្គង ដោយសារនាមរបស់លោក។ ដោយចាប់ផ្ដើមនៅក្រុងយេរូសាឡិម អ្នករាល់គ្នាត្រូវធ្វើជាសាក្សី ពីការទាំងនេះ»។—លូកា ២៤:៤៦-៤៨
ដោយហេតុណាមួយសាវ័កថូម៉ាស់មិនបាននៅទីនោះទេ។ នៅថ្ងៃបន្តបន្ទាប់ អ្នកកាន់តាមឯទៀតប្រាប់គាត់ដោយអំណរថា៖ «យើងបានឃើញលោកម្ចាស់!»។ ប៉ុន្តែថូម៉ាស់និយាយទៅកាន់ពួកគាត់ថា៖ «ខ្ញុំមិនជឿដាច់ខាត លុះត្រាតែខ្ញុំឃើញស្នាមដែកគោលលើដៃរបស់លោក ហើយដាក់ម្រាមដៃក្នុងស្នាមដែកគោលនោះ ថែមទាំងលូកដៃទៅក្នុងចំហៀងខ្លួនលោក»។—យ៉ូហាន ២០:២៥
រួច៨ថ្ងៃក្រោយមក ពួកអ្នកកាន់តាមលោកមកជុំគ្នានៅក្នុងផ្ទះម្ដងទៀតដោយចាក់សោទ្វារ តែលើកនេះថូម៉ាស់ក៏នៅជាមួយនឹងពួកគាត់ដែរ។ នៅពេលនោះ លោកយេស៊ូលេចមកជារូបកាយសាច់ឈាមក្នុងចំណោមពួកគាត់ ហើយមានប្រសាសន៍ថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ»។ បន្ទាប់មក លោកយេស៊ូបែរទៅថូម៉ាស់ ហើយមានប្រសាសន៍ទៅគាត់ថា៖ «ចូរដាក់ម្រាមដៃរបស់អ្នកនៅទីនេះ មើលដៃរបស់ខ្ញុំ ហើយលូកដៃទៅក្នុងចំហៀងខ្លួនខ្ញុំ ហើយឈប់សង្ស័យ តែចូរជឿចុះ»។ ថូម៉ាស់ស្រែកឡើងថា៖ «លោកម្ចាស់របស់ខ្ញុំនិងព្រះរបស់ខ្ញុំអើយ!»។ (យ៉ូហាន ២០:២៦-២៨) ពិតណាស់ ឥឡូវគាត់ជឿជាក់យ៉ាងខ្លាំងថាលោកយេស៊ូបានរស់ឡើងវិញជាបុគ្គលវិញ្ញាណដែលតំណាងព្រះយេហូវ៉ា។
លោកយេស៊ូមានប្រសាសន៍ថា៖ «តើអ្នកជឿដោយសារបានឃើញខ្ញុំឬ? អស់អ្នកណាដែលជឿទោះជាមិនឃើញក៏ដោយ អ្នកនោះមានសុភមង្គលហើយ»។—យ៉ូហាន ២០:២៩
-