ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៣-៩ ខែមីនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ៣
ចូរបង្ហាញទំនុកចិត្តលើព្រះយេហូវ៉ា
be-E ទំ.៧៦ វ.៤
ចូរបន្តរីកចម្រើន
ពេលដែលយើងជួបស្ថានភាពផ្សេងៗក្នុងជីវិត យើងអាចវែកញែកថា៖ ‹ខ្ញុំធ្លាប់ជួបស្ថានភាពនេះពីមុនហើយ។ ខ្ញុំដឹងថាគួរធ្វើអ្វី›។ ប៉ុន្តែ តើការគិតដូចនេះបង្ហាញថាយើងមានប្រាជ្ញាឬទេ? សុភាសិត ៣:៧ បានព្រមានយើងថា៖ «កុំគិតថាខ្លួនមានប្រាជ្ញា»។ បទពិសោធន៍អាចជួយយើងឲ្យចេះពិចារណាអំពីកត្ដាផ្សេងៗពេលដោះស្រាយបញ្ហាក្នុងជីវិត។ ប៉ុន្តែបើយើងចង់បន្តរីកចម្រើន យើងត្រូវចាំជានិច្ចថា មូលហេតុដែលយើងអាចយកឈ្នះបញ្ហាផ្សេងៗដោយជោគជ័យបាន គឺដោយសារតែព្រះយេហូវ៉ាផ្ដល់ពរនិងជួយយើង។ ពេលដែលយើងប្រឈមមុខនឹងបញ្ហាផ្សេងៗ យើងបង្ហាញថាយើងកំពុងរីកចម្រើនដោយសុំការណែនាំពីព្រះយេហូវ៉ា ជាជាងពឹងផ្អែកទៅលើសមត្ថភាពនិងបទពិសោធន៍របស់ខ្លួន។ បន្ថែមទៅទៀត ពេលយើងទុកចិត្តថាគ្មានអ្វីអាចកើតឡើងដោយគ្មានការអនុញ្ញាតពីព្រះយេហូវ៉ា ហើយមានទំនុកចិត្តនិងសេចក្ដីស្រឡាញ់ចំពោះបិតារបស់យើងនៅស្ថានសួគ៌ នោះបង្ហាញថាយើងកំពុងរីកចម្រើន។
ថ្ងៃទី១៧-២៣ ខែមីនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ៥
ចូរជៀសចេញឲ្យឆ្ងាយពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ
w០០-E ១៥/៧ ទំ.២៩ វ.១
អ្នកអាចរក្សាភាពស្អាតស្អំក្នុងពិភពលោកដែលអសីលធម៌
ក្នុងសុភាសិតនេះ បានប្រដូចស្ត្រីមិនល្អទៅនឹង«ស្ត្រីប្លែកមុខ» គឺស្ត្រីពេស្យា។ នាងនិយាយលួងលោមដោយប្រើពាក្យសម្ដីផ្អែមដូចទឹកឃ្មុំ ហើយនាងនិយាយរអិលជាងប្រេងអូលីវទៅទៀត។ ភាគច្រើនអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទចាប់ផ្ដើមដោយសារការនិយាយលួងលោម មែនទេ? ជាឧទាហរណ៍ សូមពិចារណាបទពិសោធរបស់ប្អូនស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះអេមី ដែលមានអាយុ២៧ឆ្នាំ ហើយធ្វើការជាលេខាធិការ។ គាត់និយាយថា៖ «បុរសម្នាក់នៅកន្លែងធ្វើការរបស់ខ្ញុំបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះខ្ញុំ ហើយតែងតែសរសើរខ្ញុំ។ ខ្ញុំសប្បាយចិត្តដែលមានគេចាប់អារម្មណ៍ខ្ញុំ។ ប៉ុន្តែ ខ្ញុំអាចឃើញយ៉ាងច្បាស់ថាគាត់ចង់បានតែខ្លួនប្រាណខ្ញុំប៉ុណ្ណោះ។ ខ្ញុំនឹងមិនចាញ់បោកការលួងលោមរបស់គាត់ទេ»។ ធម្មតាពាក្យសរសើរលួងលោមអាចទាក់ទាញចិត្តយើង ប៉ុន្តែយើងត្រូវមើលបំណងចិត្តរបស់បុគ្គលនោះ។ ដូច្នេះ យើងត្រូវប្រើសមត្ថភាពរិះគិត។
w០០-E ១៥/៧ ទំ.២៩ វ.២
អ្នកអាចរក្សាភាពស្អាតស្អំក្នុងពិភពលោកដែលអសីលធម៌
លទ្ធផលអាក្រក់ដែលមកពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគឺដូចជាដើមល្វីងជូរចត់ និងមុតដូចដាវមុខពីរ ហើយនាំឲ្យមានការឈឺចាប់និងស្លាប់។ នេះរួមបញ្ចូលសមត្ថភាពវិនិច្ឆ័យដែលផ្ដន្ទាទោស មានផ្ទៃពោះដែលមិនចង់បាន ឬមានជំងឺកាមរោគជាដើម។ មិនត្រឹមតែប៉ុណ្ណោះ សូមគិតថាគូអាពាហ៍ពិពាហ៍មានអារម្មណ៍ឈឺចាប់យ៉ាងណា ពេលដឹងថាគូរបស់ខ្លួនមិនស្មោះត្រង់។ អំពើផិតក្បត់តែម្ដងអាចធ្វើឲ្យមានការឈឺចាប់ដែលដក់ជាប់ក្នុងចិត្តជារៀងរហូត។ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទពិតជានាំឲ្យមានបញ្ហាជាច្រើន។
w០០-E ១៥/៧ ទំ.២៩ វ.៥
អ្នកអាចរក្សាភាពស្អាតស្អំក្នុងពិភពលោកដែលអសីលធម៌
យើងត្រូវជៀសចេញឲ្យឆ្ងាយពីឥទ្ធិពលអាក្រក់ដែលមកពីមនុស្សដែលប្រព្រឹត្តអសីលធម៌។ ដូច្នេះ យើងមិនគួរអនុញ្ញាតឲ្យពួកគេមានឥទ្ធិពលអាក្រក់មកលើយើងដោយស្ដាប់បទចម្រៀងអសីលធម៌ មើលរឿងដែលបង្ខូចចិត្តគំនិត ឬមើលរូបអាសអាភាសទេ មែនទេ? (សុភាសិត ៦:២៧; កូរិនថូសទី១ ១៥:៣៣; អេភេសូរ ៥:៣-៥) យើងមិនចង់ទាក់ទាញមនុស្សបែបនោះដោយចែចង់ ឬដោយស្លៀកពាក់មិនសមរម្យឡើយ។—ធីម៉ូថេទី១ ៤:៨; ពេត្រុសទី១ ៣:៣, ៤
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០០-E ១៥/៧ ទំ.២៩ វ.៧
អ្នកអាចរក្សាភាពស្អាតស្អំក្នុងពិភពលោកដែលអសីលធម៌
សាឡូម៉ូនបានបញ្ជាក់អំពីទុក្ខលំបាកដែលមកពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ពេលដែលបុគ្គលម្នាក់ប្រព្រឹត្តអំពើផិតក្បត់ នេះក៏នាំឲ្យគាត់បាត់បង់ភាពថ្លៃថ្នូរឬការគោរពចំពោះខ្លួនដែរ។ ការរស់នៅដើម្បីបំពេញចំណង់ផ្លូវភេទរបស់ខ្លួន ឬអ្នកឯទៀតប៉ុណ្ណោះគឺពិតជាគួរឲ្យអាម៉ាស់ណាស់ មែនទេ? មនុស្សដែលរួមដំណេកជាមួយអ្នកដែលមិនមែនជាគូអាពាហ៍ពិពាហ៍របស់ខ្លួនបង្ហាញថាពួកគេមិនគោរពខ្លួនឡើយ។
ថ្ងៃទី២៤-៣០ ខែមីនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ៦
តើយើងអាចរៀនអ្វីខ្លះពីសត្វស្រមោច?
it-1-E ទំ.១១៥ វ.១-២
ស្រមោច
‹សភាវគតិឈ្លាសវៃ›។ ‹ភាពឈ្លាសវៃ›របស់សត្វស្រមោចមិនមែនមកពីវាចេះគិតពិចារណាដោយខ្លួនវាទេ តែមកពីអ្នកបង្កើតរបស់ពួកវា។ គម្ពីរបានប្រាប់ថា៖ «ពួកវាចេះត្រៀមអាហារទុកក្នុងអំឡុងរដូវក្ដៅ និងប្រមូលស្បៀងក្នុងអំឡុងរដូវច្រូតកាត់ដែរ»។ (សុភ. ៦:៨) គេរកឃើញស្រមោចមួយប្រភេទនៅតំបន់ប៉ាឡេស្ទីន ដែលធ្វើការដូចកសិករ (Messor semirufus)។ ក្នុងរដូវផ្ការីកនិងរដូវក្ដៅ ពួកវាចេះប្រមូលទុកស្បៀងអាហារជាច្រើនដើម្បីប្រើសម្រាប់រដូវរងាពេលដែលពិបាករកអាហារ។ ភាគច្រើនសត្វស្រមោចបែបនេះទៅរកអាហារនៅទីលានបញ្ជាន់ស្រូវ ជាកន្លែងដែលសម្បូរគ្រាប់ពូជផ្សេងៗនិងគ្រាប់ស្រូវ។ បើគ្រាប់ស្រូវដែលពួកវាបានប្រមូលទុកត្រូវទឹកភ្លៀង នោះពួកវានឹងយកគ្រាប់ស្រូវទាំងនោះចេញមកហាលថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ គេថាពួកវាក៏ចេះខាំពន្លកចេញ ដើម្បីកុំឲ្យគ្រាប់ពូជដុះដែរ។ យើងស្រួលកត់សម្គាល់សម្បុកស្រមោចដោយសារយើងអាចឃើញផ្លូវចេញចូលរបស់វា និងសំបកស្រូវដែលពួកវាទុកចោលនៅក្រៅសម្បុក។
លក្ខណៈដែលគួរឲ្យយកតម្រាប់តាម។ ដូច្នេះការស្រាវជ្រាវអំពីសត្វស្រមោចជួយយើងឲ្យឃើញមូលហេតុដែលគម្ពីរបំផុសទឹកចិត្តយើងដូចតទៅនេះថា៖ «ឱមនុស្សកម្ជិលអើយ ចូរទៅរៀនពីសត្វស្រមោច ចូរសង្កេតមើលថាពួកវាធ្វើអ្វីខ្លះ នោះអ្នកនឹងមានប្រាជ្ញា»។ (សុភ. ៦:៦) យើងមិនត្រឹមតែគួរកត់សម្គាល់អំពីរបៀបដែលពួកវារៀបចំសម្រាប់អនាគតប៉ុណ្ណោះទេ តែយើងក៏កោតស្ងើចចំពោះការតស៊ូនិងការតាំងចិត្តរបស់ពួកវាដែរ ព្រោះពេលខ្លះពួកវាលី ហើយអូសអ្វីមួយដែលមានទម្ងន់ធ្ងន់ជាងខ្លួនវាពីរដងឬលើសពីនោះ។ ទោះជាយ៉ាងនោះក្ដី ពួកវាព្យាយាមអស់ពីសមត្ថភាពដើម្បីសម្រេចកិច្ចការរបស់ពួកវា ហើយមិនឈប់ព្យាយាមឡើយ ទោះបីជាពួកវាដួល រអិល ឬរមៀលធ្លាក់ពីលើថ្មក្ដី។ សត្វស្រមោចសហការគ្នាបានយ៉ាងល្អ ពួកវាសម្អាតសម្បុករបស់វាឲ្យបានស្អាត ហើយបង្ហាញការយកចិត្តទុកដាក់ចំពោះគ្នា ដោយជួយនាំសត្វស្រមោចឯទៀតដែលរងរបួស ឬអស់កម្លាំងឲ្យមកសម្បុកវិញ។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w០០-E ១៥/៩ ទំ.២៧ វ.៣
ចូរការពារកេរ្តិ៍ឈ្មោះរបស់អ្នក
អំពើខុសឆ្គង៧យ៉ាងដែលបានរៀបរាប់នៅសៀវភៅសុភាសិតរួមបញ្ចូលអំពើខុសឆ្គងផ្សេងៗ។ «ភ្នែកអំណួត»និង«ចិត្តដែលគិតតែផែនការទុច្ចរិត»គឺជាអំពើខុសឆ្គងដែលមាននៅក្នុងគំនិត។ «អណ្ដាតភូតភរ»និង«សាក្សីដែលតែងតែនិយាយកុហក»គឺជាអំពើខុសឆ្គងដែលមកពីពាក្យសម្ដី។ «ដៃសម្លាប់ជនស្លូតត្រង់»និង«ជើងដែលរហ័សទៅធ្វើអាក្រក់»គឺជាការប្រព្រឹត្តអំពើទុច្ចរិត។ បន្ថែមទៅទៀតអ្វីដែលព្រះយេហូវ៉ាស្អប់ជាពិសេសគឺមនុស្សដែលចូលចិត្តធ្វើឲ្យគេទាស់ទែងគ្នា ហើយអុជអាលឲ្យគេលែងមានសន្តិភាពជាមួយគ្នា។ សៀវភៅសុភាសិតបន្ថែមចំនួននៃអំពើខុសឆ្គងពី៦យ៉ាងទៅ៧យ៉ាង ហើយនោះបង្ហាញថាមានអំពើខុសឆ្គងជាច្រើនទៀតដែលមិនបានរួមបញ្ចូលក្នុងបញ្ជីនេះទេ ដោយសារមនុស្សប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ។
ថ្ងៃទី៧-១៣ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ៨
ចូរស្ដាប់ប្រាជ្ញារបស់លោកយេស៊ូ
cf-E ទំ.១៣១ វ.៧
«ខ្ញុំស្រឡាញ់បិតា»
៧ នៅក្នុងខ២២ ប្រាជ្ញាមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាបានបង្កើតខ្ញុំមុនអ្វីៗទាំងអស់។ តាំងពីយូរមកហើយ ខ្ញុំជាស្នាដៃដំបូងបង្អស់ដែលលោកបានសូនឡើង»។ ខនេះមិនចង់បញ្ជាក់ថាព្រះបាន«បង្កើត»ប្រាជ្ញាទេ ដោយសារលោកតែងតែមានប្រាជ្ញា ដូច្នេះប្រាជ្ញាគឺគ្មានទីចាប់ផ្ដើមដូចព្រះយេហូវ៉ាដែរ។ (ចម្រៀងសរសើរព្រះ ៩០:២) ប៉ុន្តែក្នុងខនេះ ប្រាជ្ញាគឺចង់សំដៅទៅលើបុត្ររបស់ព្រះ ព្រោះលោកគឺជា«បុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត»។ លោកបានត្រូវបង្កើតមុនអ្វីៗទាំងអស់ ហើយលោកជាស្នាដៃដំបូងបង្អស់ដែលព្រះយេហូវ៉ាបានសូនឡើង។ (កូឡុស ១:១៥) ដូចដែលបានរៀបរាប់ក្នុងសៀវភៅសុភាសិត បុត្ររបស់ព្រះមានកំណើតមុនផែនដីនិងមុនស្ថានសួគ៌។ លោកជាបណ្ដាំ និងជាអ្នកនាំពាក្យរបស់ព្រះ ដូច្នេះលោកបង្ហាញប្រាជ្ញារបស់ព្រះយេហូវ៉ាយ៉ាងល្អឥតខ្ចោះ។—យ៉ូហាន ១:១
cf-E ទំ.១៣១-១៣២ វ.៨-៩
«ខ្ញុំស្រឡាញ់បិតា»
៨ តើបុត្ររបស់ព្រះបានធ្វើអ្វីខ្លះអស់រយៈពេលរាប់ពាន់លានឆ្នាំមុនមកផែនដី? នៅក្នុងខ៣០ប្រាប់ថាលោកនៅជិតព្រះជា«មេជាងដ៏ជំនាញម្នាក់»។ តើនេះមានន័យអ្វី? កូឡុស ១:១៦ បានពន្យល់ថា«អ្វីៗឯទៀតទាំងអស់នៅស្ថានសួគ៌និងនៅផែនដី បានត្រូវបង្កើតមកតាមរយៈលោក . . . អ្វីៗឯទៀតទាំងអស់បានត្រូវបង្កើតមកតាមរយៈលោក និងសម្រាប់លោក»។ ដូច្នេះតាមរយៈបុត្ររបស់លោកដែលជាមេជាងដ៏ជំនាញម្នាក់ ព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងអស់ ចាប់ពីបុគ្គលវិញ្ញាណនៅស្ថានសួគ៌ សកលលោកដ៏ធំធេង រហូតដល់ផែនដីដែលពោរពេញទៅដោយសត្វនិងរុក្ខជាតិជាច្រើនប្រភេទ ព្រមទាំងការបង្កើតដ៏អស្ចារ្យបំផុតនៅផែនដីគឺមនុស្សជាតិ។ ហេតុនេះ យើងអាចប្រៀបធៀបការសហការរវាងឪពុកនិងកូនទៅនឹងស្ថាបត្យករនិងអ្នកសាងសង់។ អ្នកសាងសង់ដែលមានជំនាញអាចសាងសង់ទៅតាមម៉ូតដែលអ្នកគូរប្លង់បានគូរយ៉ាងប៉ិនប្រសប់។ ពេលយើងកោតស្ងើចចំពោះការបង្កើតណាមួយរបស់ព្រះ នោះយើងកំពុងសរសើរស្ថាបត្យករដ៏ឧត្តុងឧត្ដមបំផុត។ (ចម្រៀងសរសើរព្រះ ១៩:១) មិនត្រឹមតែប៉ុណ្ណោះ យើងប្រហែលជានឹកឃើញអំពីពេលដែល«មេជាង»និងអ្នកបង្កើតសហការគ្នាយ៉ាងសប្បាយរីករាយអស់រយៈពេលជាយូរក្នុងការបង្កើត។
៩ ពេលមនុស្សមិនល្អឥតខ្ចោះធ្វើការជាមួយគ្នាមានពេលខ្លះពួកគេពិបាកចុះសម្រុងគ្នា។ ប៉ុន្តែ ព្រះយេហូវ៉ានិងលោកយេស៊ូមិនដូច្នេះទេ! បុត្រនិងបិតាធ្វើការជាមួយគ្នាអស់រយៈពេលយ៉ាងយូរ ហើយលោកយេស៊ូបានមានប្រសាសន៍ថា«គ្រប់ពេលវេលាដែលខ្ញុំបាននៅជាមួយនឹងលោក ខ្ញុំត្រេកអរខ្លាំងណាស់»។ (សុភាសិត ៨:៣០) លោកយេស៊ូត្រេកអរពេលនៅជាមួយបិតាលោក ហើយព្រះយេហូវ៉ាក៏មានអារម្មណ៍ដូចគ្នាដែរ។ យូរៗទៅលោកយេស៊ូកាន់តែដូចបិតាលោក និងរៀនឲ្យមានគុណសម្បត្តិដូចព្រះ។ នេះជាមូលហេតុដែលចំណងមិត្តភាពរវាងឪពុកនិងកូនកាន់តែរឹងមាំ! ដូច្នេះយើងអាចហៅសេចក្ដីស្រឡាញ់រវាងលោកទាំងពីរថាជាសេចក្ដីស្រឡាញ់ដែលរឹងមាំនិងយូរជាងគេបំផុតក្នុងសកលលោកទាំងមូល។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
g-E ៥/១៤ ទំ.១៦
‹ប្រាជ្ញាបន្តស្រែក› តើអ្នកបានឮទេ?
▪ សព្វវចនាធិប្បាយមួយ (The World Book Encyclopedia) បានឲ្យដឹងថា គម្ពីរគឺជា«សៀវភៅដែលបានចែកចាយច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ គម្ពីរបានត្រូវបកប្រែជាច្រើនភាសា ច្រើនជាងសៀវភៅឯទៀតទាំងអស់»។ ផ្នែកខ្លះនៃគម្ពីរ ឬគម្ពីរទាំងមូលបានត្រូវបកប្រែប្រហែល២.៦០០ភាសា នេះមានន័យថាមនុស្សជាង៩០ភាគរយក្នុងពិភពលោកអាចអានគម្ពីរជាភាសារបស់ពួកគេ។
▪ ប្រាជ្ញាក៏‹បន្តស្រែកប្រកាស›ក្នុងន័យត្រង់ដែរ។ នៅម៉ាថាយ ២៤:១៤ អានថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់[នៃពិភពលោកនេះ]នឹងមកដល់»។
ថ្ងៃទី២១-២៧ ខែមេសា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ១០
តើអ្វីអាចធ្វើឲ្យជីវិតមានសុភមង្គលពិតប្រាកដ?
w០១-E ១៥/៧ ទំ.២៥ វ.១-៣
«មនុស្សសុចរិតរមែងទទួលពរ»
មនុស្សសុចរិតទទួលពរតាមរបៀបផ្សេងទៀត។ «មនុស្សខ្ជិលនឹងធ្លាក់ខ្លួនក្រ តែមនុស្សឧស្សាហ៍នឹងនាំឲ្យខ្លួនទៅជាអ្នកមាន។ កូនដែលយល់ធ្លុះជ្រៅតែងប្រមូលផលទុកនៅរដូវក្ដៅ ចំណែកឯកូនដែលដេកលក់ស៊ប់ក្នុងអំឡុងរដូវច្រូតប្រមូលផល កូននោះធ្វើឲ្យខ្លួនឯងអាម៉ាស់»។—សុភាសិត ១០:៤, ៥
ពាក្យរបស់ស្ដេចពិតជាមានន័យណាស់ ជាពិសេសពេលដែលគាត់និយាយអំពីរដូវច្រូតប្រមូលផល។ រដូវច្រូតប្រមូលផលមិនមែនជាពេលដែលកសិករដេកទេ។ នោះគឺជាពេលដែលគាត់ច្រូតកាត់ដោយឧស្សាហ៍ ហើយធ្វើការនឿយហត់អស់ជាច្រើនម៉ោង។ រដូវច្រូតប្រមូលផលគឺជាពេលបន្ទាន់មែន។
លោកយេស៊ូគិតអំពីការច្រូតប្រមូលផលដែលជាការប្រមូលមនុស្សមិនមែនស្រូវមែនទែនទេ លោកប្រាប់អ្នកកាន់តាមលោកថា៖ «ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ។ ដូច្នេះ ចូរអង្វរសុំម្ចាស់នៃកិច្ចការប្រមូលផលដំណាំ[ព្រះយេហូវ៉ា] ចាត់កម្មករថែមទៀតឲ្យចូលរួមធ្វើកិច្ចការរបស់លោក»។ (ម៉ាថាយ ៩:៣៥-៣៨) នៅឆ្នាំ២០០០ មានមនុស្សច្រើនជាង១៤លាននាក់ដែលបានចូលរួមពិធីរំលឹកមរណភាពលោកយេស៊ូ ហើយចំនួននេះលើសចំនួននៃសាក្សីព្រះយេហូវ៉ាពីរដង។ យើងពិតជាឃើញច្បាស់ណាស់ថា«ស្រូវនោះទុំល្មមច្រូតហើយ» មែនទេ? (យ៉ូហាន ៤:៣៥) អ្នកគោរពប្រណិប័តន៍ពិតអាចសុំលោកម្ចាស់ឲ្យមានកម្មករច្រើនថែមទៀត កាលដែលពួកគេខំប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើតាមសេចក្ដីអធិដ្ឋានរបស់ពួកគេ ដោយជួយមនុស្សឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត។ (ម៉ាថាយ ២៨:១៩, ២០) ព្រះយេហូវ៉ាច្បាស់ជាបានឲ្យពរចំពោះការខំប្រឹងរបស់ពួកគេ! ក្នុងអំឡុងឆ្នាំ២០០០ មានមនុស្សជាង២៨០.០០០ដែលបានទទួលការជ្រមុជទឹក។ ពួកគេព្យាយាមធ្វើជាអ្នកបង្រៀនបណ្ដាំរបស់ព្រះ។ សូមឲ្យយើងទទួលអំណរនិងស្កប់ចិត្តដែលយើងបានរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចការប្រមូលផលនេះ ដោយជួយអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត។
w០១-E ១៥/៩ ទំ.២៤ វ.៣-៤
ចូរដើរតាម‹ផ្លូវទៀងត្រង់›
សាឡូម៉ូនបានបញ្ជាក់អំពីសារៈសំខាន់នៃសេចក្ដីសុចរិត។ គាត់បាននិយាយថា៖ «ទ្រព្យសម្បត្តិរបស់អ្នកមានជាក្រុងដ៏មាំមួនរបស់ខ្លួន រីឯអន្តរាយរបស់មនុស្សក្រីក្រជាភាពតោកយ៉ាករបស់ខ្លួន។ ការប្រព្រឹត្តរបស់មនុស្សសុចរិតនាំឲ្យបានជីវិត តែទង្វើរបស់មនុស្សទុច្ចរិតនាំឲ្យមានអំពើខុសឆ្គង»។—សុភាសិត ១០:១៥, ១៦
ដូចទីក្រុងដែលមានកំពែងអាចជួយការពារអ្នកដែលរស់នៅក្នុងក្រុងនោះឲ្យមានសន្តិសុខមួយកម្រិត នោះទ្រព្យសម្បត្តិអាចជួយការពារយើងដែរ។ ភាពតោកយ៉ាកអាចនាំឲ្យមនុស្សជួបអន្តរាយពេលមានរឿងដែលមិនបានរំពឹងទុកកើតឡើង។ (អ្នកទូន្មាន ៧:១២) ក៏ប៉ុន្តែ ស្ដេចសាឡូម៉ូនក៏ប្រហែលជាចង់បង្ហើបអំពីគ្រោះថ្នាក់ដែលទាក់ទងនឹងទ្រព្យសម្បត្តិនិងភាពក្រីក្រដែរ។ អ្នកមានប្រហែលជាទុកចិត្តទាំងស្រុងទៅលើទ្រព្យសម្បត្តិរបស់គាត់ ដោយគិតថាអ្វីទាំងនោះប្រៀប«ដូចជាកំពែងការពារគាត់»។ (សុភាសិត ១៨:១១) ផ្ទុយទៅវិញ អ្នកក្រប្រហែលមានទស្សនៈថាគាត់លែងមានសេចក្ដីសង្ឃឹមចំពោះអនាគតហើយដោយសារគាត់ក្រីក្រ។ ដូច្នេះ មនុស្សដែលមានទស្សនៈបែបនេះ មិនថាពួកគេជាអ្នកមានឬក្រក្ដី ពួកគេនឹងមិនអាចកសាងកេរ្តិ៍ឈ្មោះល្អចំពោះព្រះទេ។
it-1-E ទំ.៣៤០
ពរ
ព្រះយេហូវ៉ាផ្ដល់ពរដល់មនុស្ស។ «ពរពីព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយមិននាំឲ្យឈឺចាប់ឡើយ»។ (សុភាសិត ១០:២២) ព្រះយេហូវ៉ាឲ្យពរដល់អស់អ្នកដែលលោកពេញចិត្តដោយការពារ ណែនាំ ជួយឲ្យបានជោគជ័យនិងសេចក្ដីចម្រើន ហើយផ្គត់ផ្គង់អ្វីដែលពួកគេត្រូវការ។ ពរទាំងនោះជួយពួកគេឲ្យទទួលប្រយោជន៍ជាច្រើនក្នុងជីវិត។
ថ្ងៃទី២៨ ខែមេសា–ថ្ងៃទី៤ ខែឧសភា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ១១
កុំនិយាយឲ្យសោះ!
w០២-E ១៥/៥ ទំ.២៦ វ.៤
ចិត្តស្មោះឥតងាករេណែនាំមនុស្សសុចរិត
ចិត្តស្មោះឥតងាករេរបស់មនុស្សសុចរិត និងអំពើអាក្រក់របស់មនុស្សទុច្ចរិតក៏អាចមានឥទ្ធិពលមកលើអ្នកឯទៀតដែរ។ ស្ដេចនៃអ៊ីស្រាអែលបាននិយាយថា៖ «មាត់របស់អ្នកក្បត់ជំនឿនាំឲ្យអ្នកជិតខាងអន្តរាយ ប៉ុន្តែ មនុស្សសុចរិតនឹងត្រូវសង្គ្រោះ ដោយសារចំណេះរបស់ខ្លួន»។ (សុភាសិត ១១:៩) ការនិយាយបង្កាច់បង្ខូច និយាយដើមគេ ការនិយាយអាសអាភាស និងការនិយាយឥតប្រយោជន៍ ពិតជាអាចជះឥទ្ធិពលទៅលើអ្នកឯទៀតមែន។ ផ្ទុយទៅវិញ ពាក្យសម្ដីរបស់មនុស្សសុចរិតគឺស្អាតស្អំ គាត់គិតមុននិយាយ ហើយគិតអំពីអារម្មណ៍អ្នកឯទៀត។ ចំណេះសង្គ្រោះមនុស្សសុចរិត ដោយសារចិត្តស្មោះឥតងាករេរបស់គាត់បង្ហាញថាអ្នកដែលចោទប្រកាន់គាត់កំពុងនិយាយកុហក។
w០២-E ១៥/៥ ទំ.២៧ វ.២-៣
ចិត្តស្មោះឥតងាករេណែនាំមនុស្សសុចរិត
អ្នកស្រុកដែលប្រព្រឹត្តដោយទៀងត្រង់នាំឲ្យមានសន្តិភាពនិងជួយពង្រឹងកម្លាំងចិត្តអ្នកឯទៀត។ ការធ្វើដូច្នេះ នាំឲ្យស្រុកនោះមានភាពចម្រុងចម្រើន។ តែពួកអ្នកដែលនិយាយបង្កាច់បង្ខូច ធ្វើឲ្យអ្នកឯទៀតឈឺចិត្ត និយាយបង្ខុសការពិត នាំឲ្យមានបញ្ហា ការបែកបាក់គ្នានិងធ្វើឲ្យលែងមានសេចក្ដីសុខទៀត ជាពិសេសបើពួកគេជាមនុស្សដែលមានឋានៈឬមានមុខមាត់។ ការប្រព្រឹត្តបែបនេះនាំឲ្យស្រុករបស់ពួកគេលែងមានសណ្ដាប់ធ្នាប់ មានអំពើពុករលួយ សីលធម៌ធូររលុង ហើយប្រហែលជានាំឲ្យមានបញ្ហាសេដ្ឋកិច្ចដែរ។
គោលការណ៍នៅក្នុងសុភាសិត ១១:១១ក៏ទាក់ទងនឹងរាស្ត្ររបស់ព្រះយេហូវ៉ាដែរ កាលដែលពួកគេសេពគប់ជាមួយគ្នាក្នុងក្រុមជំនុំដែលប្រៀបដូចជាស្រុកមួយ។ ក្រុមជំនុំដែលមានមនុស្សសុចរិតនិងមានចិត្តស្មោះឥតងាករេ ជាក្រុមជំនុំដែលមានសុភមង្គល មានសកម្មភាពច្រើន និងពេញទៅដោយបងប្អូនដែលចង់ជួយអ្នកឯទៀត ហើយនេះនាំឲ្យព្រះទទួលការសរសើរ។ ព្រះយេហូវ៉ាផ្ដល់ពរដល់ក្រុមជំនុំ ហើយជួយក្រុមជំនុំឲ្យរីកចម្រើន។ ប្រហែលជាមានបងប្អូនមួយចំនួនតូចដែលរអ៊ូរទាំ មិនពេញចិត្ត រកកំហុស និងរិះគន់អំពីការរៀបចំក្នុងក្រុមជំនុំ។ ពួកគេគឺដូចជា«ឫសដែលមានពិសពុល» ហើយធ្វើឲ្យអ្នកឯទៀតមានចិត្តគំនិតដូចពួកគេដែរ។ (ហេប្រឺ ១២:១៥) មនុស្សបែបនោះចង់បានអំណាចនិងមុខមាត់បន្ថែមទៀត។ ពួកគេបង្កើតពាក្យចចាមអារ៉ាមថាមានអំពើអយុត្តិធម៌ ការប្រកាន់ពូជសាសន៍ ឬអ្វីដែលស្រដៀងនឹងនេះនៅក្នុងក្រុមជំនុំ ឬដោយសារពួកអ្នកចាស់ទុំ។ ពាក្យសម្ដីរបស់ពួកគេពិតជានាំឲ្យក្រុមជំនុំបែកបាក់គ្នា។ យើងប្រាកដជាមិនចង់ស្ដាប់អ្វីដែលពួកគេនិយាយទេ តែយើងចង់ព្យាយាមមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា ហើយជួយឲ្យក្រុមជំនុំមានសន្តិភាពនិងសាមគ្គីភាព មែនទេ?
w០២-E ១៥/៥ ទំ.២៧ វ.៥
ចិត្តស្មោះឥតងាករេណែនាំមនុស្សសុចរិត
មនុស្សដែលមិនចេះពិចារណាឬមាន«ចំណង់នៃចិត្ត»នាំឲ្យមានបញ្ហាជាច្រើន! គាត់និយាយអាក្រក់រហូតដល់ពាក្យសម្ដីរបស់គាត់ទៅជាការបង្កាច់បង្ខូច ឬជាការប្រមាថមើលងាយគេ។ អ្នកចាស់ទុំត្រូវចាត់វិធានការភ្លាមៗដើម្បីបញ្ឈប់ឥទ្ធិពលអាក្រក់ដែលមកពីពាក្យសម្ដីរបស់មនុស្សបែបនោះ។ ខុសពីមនុស្សដែលមិនចេះគិតពិចារណា មនុស្សដែលចេះវែកញែកនឹងនៅស្ងៀមមិននិយាយអ្វីឡើយ។ ជាជាងនិយាយរឿងសម្ងាត់របស់អ្នកឯទៀតប្រាប់គេ គាត់រក្សារឿងសម្ងាត់នោះវិញ។ មនុស្សដែលចេះវែកញែកដឹងថាការមិនគ្រប់គ្រងពាក្យសម្ដីអាចនាំឲ្យមានបញ្ហាជាច្រើន ដូច្នេះគាត់ជាមនុស្សដែល«គួរឲ្យទុកចិត្ត»។ គាត់មានភក្ដីភាពចំពោះបងប្អូនរួមជំនឿ ហើយមិនប្រាប់រឿងសម្ងាត់ដែលនាំឲ្យបងប្អូនមានគ្រោះថ្នាក់ទេ។ មនុស្សដែលរក្សាចិត្តស្មោះឥតងាររេបែបនេះគឺជាពរសម្រាប់ក្រុមជំនុំមែន!