បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • នៅបុណ្យរំលងចុងក្រោយ លោកបង្រៀនអំពីចិត្តរាបទាប
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូលាងជើងរបស់ពួកសាវ័កដើម្បីបង្រៀនពួកគាត់អំពីចិត្តរាបទាប

      ជំពូក​ទី​១១៦

      នៅ​បុណ្យ​រំលង​ចុង​ក្រោយ លោក​បង្រៀន​អំពី​ចិត្ត​រាប​ទាប

      ម៉ាថាយ ២៦:២០ ម៉ាកុស ១៤:១៧ លូកា ២២:១៤​-​១៨ យ៉ូហាន ១៣:១​-​១៧

      • លោក​យេស៊ូ​ពិសា​អាហារ​បុណ្យ​រំលង​ចុង​ក្រោយ​ជា​មួយ​នឹង​ពួក​សាវ័ក​របស់​លោក

      • លោក​បង្រៀន​មេ​រៀន​មួយ​ដោយ​លាង​ជើង​របស់​ពួក​សាវ័ក

      តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ ពេត្រុស​និង​យ៉ូហាន​បាន​មក​ដល់​ក្រុង​យេរូសាឡិម​ដើម្បី​រៀប​ចំ​បុណ្យ​រំលង។ ក្រោយ​មក លោក​យេស៊ូ​និង​ពួក​សាវ័ក​១០​នាក់​ទៀត​ក៏​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​មក​ក្រុង​យេរូសាឡិម​ដែរ។ ឥឡូវ​នេះ ព្រះ​អាទិត្យ​ចាប់​ផ្ដើម​លិច ហើយ​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​ធ្វើ​ដំណើរ​ចុះ​ពី​ភ្នំ​ដើម​អូលីវ។ នេះ​គឺ​ជា​ពេល​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​អាច​មើល​ឃើញ​ទេសភាព​ពី​លើ​ភ្នំ​ដើម​អូលីវ​នៅ​ពេល​ថ្ងៃ រហូត​ដល់​ពេល​ដែល​លោក​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

      មិន​យូរ​ក្រោយ​មក លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​ក៏​មក​ដល់​ក្រុង​យេរូសាឡិម ហើយ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ដែល​ពួក​គាត់​នឹង​ពិសា​អាហារ​បុណ្យ​រំលង។ ពួក​គាត់​ឡើង​ទៅ​បន្ទប់​ធំ​មួយ​នៅ​ជាន់​ខាង​លើ ហើយ​នៅ​ទី​នោះ​ពួក​គាត់​ឃើញ​ថា​អ្វី​ៗ​បាន​ត្រូវ​រៀប​ចំ​ជា​ស្រេច​ដើម្បី​ពួក​គាត់​អាច​ពិសា​អាហារ​ដោយ​ឡែក​ពី​គេ។ លោក​យេស៊ូ​ទន្ទឹង​រង់​ចាំ​ពិធី​នេះ ពី​ព្រោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ចង់​បរិភោគ​អាហារ​បុណ្យ​រំលង​នេះ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ណាស់ មុន​នឹង​ខ្ញុំ​រង​ទុក្ខ​»។—លូកា ២២:១៥

      អស់​ជា​ច្រើន​ឆ្នាំ​មុន ទំនៀម​ទម្លាប់​មួយ​បាន​ចាប់​ផ្ដើម គឺ​ការ​ហុច​ពែង​ស្រា​មួយ​ចំនួន​បន្ត​គ្នា​ក្នុង​ចំណោម​អ្នក​ដែល​ចូល​រួម​បុណ្យ​រំលង។ ឥឡូវ​នេះ ក្រោយ​ពី​លោក​យេស៊ូ​ទទួល​ពែង​ស្រា​មួយ លោក​ក៏​អរគុណ​ព្រះ​ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​ពែង​នេះ​ហុច​ពី​ម្នាក់​ទៅ​ម្នាក់​ហើយ​ពិសា​ចុះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ឡើយ រហូត​ដល់​រាជាណាចក្រ​របស់​ព្រះ​មក​ដល់​»។ (​លូកា ២២:១៧, ១៨​) ប្រសាសន៍​របស់​លោក​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ស្លាប់​របស់​លោក​ពិត​ជា​ជិត​មក​ដល់​ហើយ។

      ក្នុង​អំឡុង​ពេល​ពិសា​អាហារ​បុណ្យ​រំលង មាន​អ្វី​មួយ​បាន​កើត​ឡើង​ដែល​ពួក​សាវ័ក​គិត​ថា​ចម្លែក។ តើ​មាន​អ្វី​កើត​ឡើង? គឺ​នៅ​ពេល​នោះ​លោក​យេស៊ូ​បាន​ដោះ​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​ចេញ រួច​យក​កន្សែង​មក​ក្រវាត់​ចង្កេះ បន្ទាប់​មក លោក​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ​ធំ​មួយ​ដែល​នៅ​ជិត​នោះ។ ជា​ធម្មតា អ្នក​ទទួល​ភ្ញៀវ​រៀប​ចំ​ឲ្យ​គេ​លាង​ជើង​របស់​ភ្ញៀវ គាត់​ប្រហែល​ជា​ប្រើ​អ្នក​បម្រើ​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ។ (​លូកា ៧:៤៤​) ប៉ុន្តែ ក្នុង​ពិធី​នេះ​គ្មាន​អ្នក​ទទួល​ភ្ញៀវ​ឡើយ ដូច្នេះ​លោក​យេស៊ូ​បាន​ធ្វើ​កិច្ច​ការ​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់។ សាវ័ក​ណា​ម្នាក់​អាច​ធ្វើ​កិច្ច​ការ​នេះ​បាន តែ​គ្មាន​អ្នក​ណា​ម្នាក់​សុខ​ចិត្ត​ធ្វើ​ទេ។ ពួក​គាត់​ប្រហែល​ជា​នៅ​តែ​គិត​ថា​ខ្លួន​ធំ​ជាង​គេ​ទេ​ដឹង។ ទោះ​ជា​មាន​មូលហេតុ​ណា​ក៏​ដោយ ពួក​គាត់​ពិត​ជា​ខ្មាស ពេល​ដែល​លោក​យេស៊ូ​លាង​ជើង​របស់​ពួក​គាត់។

      ពេល​ដែល​លោក​យេស៊ូ​ទៅ​ជិត​ពេត្រុស​ដើម្បី​លាង​ជើង​របស់​គាត់ ពេត្រុស​ប្រកែក​ថា​៖ ​«​លោក​មិន​ត្រូវ​លាង​ជើង​ខ្ញុំ​ទេ​»។ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​បើ​ខ្ញុំ​មិន​លាង​ជើង​របស់​អ្នក​ទេ អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ឡើយ​»។ ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​កុំ​លាង​តែ​ជើង​ខ្ញុំ​ប៉ុណ្ណោះ តែ​សូម​លាង​ទាំង​ដៃ​ទាំង​ក្បាល​របស់​ខ្ញុំ​ផង​»។ ប៉ុន្តែ ពេត្រុស​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ងូត​ទឹក​ហើយ រូប​កាយ​ទាំង​មូល​របស់​អ្នក​នោះ​គឺ​ស្អាត ដូច្នេះ គាត់​មិន​ត្រូវ​ការ​លាង​អ្វី​ក្រៅ​ពី​ជើង​របស់​គាត់​ប៉ុណ្ណោះ។ ពួក​អ្នក​គឺ​ស្អាត​ហើយ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​ទេ​»។—យ៉ូហាន ១៣:៨​-​១០

      លោក​យេស៊ូ​បាន​លាង​ជើង​របស់​សាវ័ក​ទាំង​១២​នាក់ រួម​មាន​ជើង​របស់​យូដាស​អ៊ីស្ការីយ៉ុត​ផង​ដែរ។ បន្ទាប់​ពី​លោក​យេស៊ូ​ពាក់​សម្លៀក​បំពាក់​ក្រៅ​របស់​លោក នោះ​លោក​ក៏​អង្គុយ​នៅ​តុ​ម្ដង​ទៀត ហើយ​សួរ​ពួក​សាវ័ក​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​យល់​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ‹លោក​គ្រូ›និង‹លោក​ម្ចាស់› ហើយ​ជា​ការ​ត្រឹម​ត្រូវ​ដែល​អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ដូច្នេះ ព្រោះ​ខ្ញុំ​ជា​គ្រូ​និង​ជា​ម្ចាស់​មែន។ ដូច្នេះ ប្រសិន​បើ​ខ្ញុំ​បាន​លាង​ជើង​របស់​អ្នក​រាល់​គ្នា ទោះ​បី​ខ្ញុំ​ជា​ម្ចាស់​និង​ជា​គ្រូ​ក៏​ដោយ នោះ​អ្នក​រាល់​គ្នា​ក៏​ត្រូវ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ព្រោះ​ខ្ញុំ​បាន​ធ្វើ​គំរូ​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​បម្រើ​គឺ​មិន​ធំ​ជាង​ម្ចាស់​ខ្លួន​ទេ ហើយ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ ក៏​មិន​ធំ​ជាង​អ្នក​ដែល​ចាត់​អ្នក​នោះ​ឲ្យ​ទៅ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​ការ​ទាំង​នេះ​ហើយ អ្នក​នឹង​មាន​សុភមង្គល​បើ​ធ្វើ​ការ​ទាំង​នោះ​»។—យ៉ូហាន ១៣:១២​-​១៧

      ស្តី​អំពី​ចិត្ត​រាប​ទាប នេះ​ពិត​ជា​មេ​រៀន​ដ៏​ល្អ​មែន! ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​គួរ​ស្វែង​រក​ឋានៈ​ធំ ឬ​គិត​ថា​ខ្លួន​ជា​បុគ្គល​សំខាន់ ហើយ​ចង់​ឲ្យ​អ្នក​ឯ​ទៀត​បម្រើ​ខ្លួន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​គួរ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ មិន​មែន​ដោយ​បង្កើត​ទម្លាប់​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ស្ម័គ្រ​ចិត្ត​បម្រើ​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​រាប​ទាប​និង​មិន​លម្អៀង។

      • ក្នុង​អំឡុង​ពេល​ពិសា​អាហារ​បុណ្យ​រំលង តើ​លោក​យេស៊ូ​ប្រាប់​ពួក​សាវ័ក​អំពី​អ្វី​ដែល​បញ្ជាក់​ថា​ការ​ស្លាប់​របស់​លោក​គឺ​ជិត​មក​ដល់?

      • ហេតុ​អ្វី​ការ​ដែល​លោក​យេស៊ូ​លាង​ជើង​របស់​ពួក​សាវ័ក​គឺ​ជា​រឿង​ចម្លែក?

      • ការ​ដែល​លោក​យេស៊ូ​លាង​ជើង​របស់​ពួក​សាវ័ក តើ​លោក​កំពុង​បង្រៀន​មេ​រៀន​អ្វី?

  • ពិធីអាហារល្ងាចរបស់លោកម្ចាស់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូចាប់ផ្ដើមពិធីអាហារល្ងាចរបស់លោកម្ចាស់ជាមួយនឹងសាវ័កស្មោះត្រង់១១នាក់

      ជំពូក​ទី​១១៧

      ពិធី​អាហារ​ល្ងាច​របស់​លោក​ម្ចាស់

      ម៉ាថាយ ២៦:២១​-​២៩ ម៉ាកុស ១៤:១៨​-​២៥ លូកា ២២:១៩​-​២៣ យ៉ូហាន ១៣:១៨​-​៣០

      • យូដាស​បាន​ត្រូវ​សម្គាល់​ថា​ជា​អ្នក​ក្បត់

      • លោក​យេស៊ូ​ចាប់​ផ្ដើម​អាហារ​ពិធី​រំលឹក

      បន្ដិច​មុន​នេះ លោក​យេស៊ូ​បាន​បង្រៀន​ពួក​សាវ័ក​នូវ​មេ​រៀន​អំពី​ចិត្ត​រាប​ទាប ដោយ​លាង​ជើង​ពួក​គាត់។ ឥឡូវ​នេះ តាម​មើល​ទៅ ក្រោយ​ពី​អាហារ​បុណ្យ​រំលង លោក​យេស៊ូ​ដក​ស្រង់​ពាក្យ​សម្ដី​របស់​ដាវីឌ​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា​៖ ​«​មិត្រ​សំឡាញ់​ស្និទ្ធ​ស្នា​ល​របស់​ទូល​បង្គំ ជា​អ្នក​ដែល​ទូល​បង្គំ​បាន​ទុក​ចិត្ត ហើយ​ក៏​បាន​បរិភោគ​បាយ​របស់​ទូល​បង្គំ​ផង នោះ​បាន​លើក​កែង​ជើង​ចង់​ជាន់​ឈ្លី​ទូល​បង្គំ​ដែរ​»។ បន្ទាប់​មក លោក​ពន្យល់​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ​»។—ទំនុក​តម្កើង ៤១:៩; យ៉ូហាន ១៣:១៨, ២១

      ពេល​ឮ​ដូច​នោះ ពួក​សាវ័ក​មើល​មុខ​គ្នា ហើយ​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ មិន​មែន​ខ្ញុំ​ទេ មែន​ទេ?​»។ សូម្បី​តែ​យូដាស​អ៊ីស្ការីយ៉ុត ក៏​សួរ​ដូច​នេះ​ដែរ។ នៅ​ពេល​នោះ យ៉ូហាន​អង្គុយ​ជិត​លោក​យេស៊ូ។ ហេតុ​នេះ ពេត្រុស​សុំ​យ៉ូហាន​ឲ្យ​សួរ​លោក​ថា​ជា​អ្នក​ណា។ ដូច្នេះ យ៉ូហាន​ផ្អែក​ខ្លួន​ជិត​លោក​យេស៊ូ ហើយ​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្នក​ណា​ទៅ?​»។—ម៉ាថាយ ២៦:២២; យ៉ូហាន ១៣:២៥

      លោក​យេស៊ូ​ឆ្លើយ​តប​ថា​៖ ​«​គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ឲ្យ​នំ​ប៉័ង​ដែល​ខ្ញុំ​ជ្រលក់​»។ ដូច្នេះ លោក​ក៏​ជ្រលក់​នំ​ប៉័ង​មួយ​ដុំ រួច​ឲ្យ​ទៅ​យូដាស ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​កូន​មនុស្ស​នឹង​ចាក​ចេញ​ទៅ ដូច​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​លោក។ ប៉ុន្តែ​បុរស​ដែល​គេ​ប្រើ​ដើម្បី​បញ្ជូន​លោក ត្រូវ​វេទនា​ណាស់! ចំពោះ​អ្នក​នោះ បើ​គាត់​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង​»។ (​យ៉ូហាន ១៣:២៦; ម៉ាថាយ ២៦:២៤​) បន្ទាប់​មក សាថាន​ក៏​ចូល​យូដាស។ បុរស​នេះ​មាន​ភាព​មិន​ស្មោះ​ត្រង់​រួច​ហើយ តែ​ឥឡូវ​នេះ​គាត់​បណ្ដោយ​ឲ្យ​ខ្លួន​ធ្វើ​តាម​គោល​បំណង​របស់​មេ​កំណាច​ទាំង​ស្រុង។ ដូច្នេះ គាត់​ក្លាយ​ទៅ​ជា​«​អ្នក​នោះ​ដែល​នឹង​ត្រូវ​បំផ្លាញ​»។—យ៉ូហាន ៦:៦៤, ៧០; ១២:៤; ១៧:១២

      លោក​យេស៊ូ​ប្រាប់​យូដាស​ថា​៖ ​«​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់​ទៅ​»។ ដោយ​សារ​យូដាស​ជា​អ្នក​កាន់​ប្រអប់​ទុក​ប្រាក់ នោះ​សាវ័ក​ឯ​ទៀត​នឹក​ស្មានថា​លោក​ប្រាប់​គាត់​ថា​៖ ​«​‹ចូរ​ទៅ​ទិញ​អ្វី​ដែល​យើង​ត្រូវ​ការ​សម្រាប់​បុណ្យ​នេះ› ឬ​ប្រាប់​គាត់​ឲ្យ​ទៅ​ចែក​ប្រាក់​ខ្លះ​ឲ្យ​អ្នក​ក្រ​»។ (​យ៉ូហាន ១៣:២៧​-​៣០​) ផ្ទុយ​ទៅ​វិញ យូដាស​ចេញ​ទៅ​ដើម្បី​រក​ឱកាស​ក្បត់​លោក​យេស៊ូ។

      នៅ​ក្នុង​ពិធី​ពិសា​អាហារ​បុណ្យ​រំលង​នា​ល្ងាច​នោះ លោក​យេស៊ូចាប់​ផ្ដើម​ពិធី​ថ្មី​មួយ​ទៀត។ លោក​យក​នំ​ប៉័ង​មួយ​ដុំ អរគុណ​ព្រះ រួច​កាច់ ហើយ​ឲ្យ​ពួក​សាវ័ក​បរិភោគ ដោយ​ពោល​ថា​៖ ​«​នេះ​ជា​តំណាង​រូប​កាយ​របស់​ខ្ញុំ​ដែល​នឹង​ត្រូវ​ប្រគល់​ឲ្យ ដើម្បី​អ្នក​រាល់​គ្នា។ ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ​»។ (​លូកា ២២:១៩​) នំ​ប៉័ង​មួយ​ដុំ​នោះ​បាន​ត្រូវ​ហុច​ពី​សាវ័ក​ម្នាក់​ទៅ​សាវ័ក​ម្នាក់ ដើម្បី​ពួក​គាត់​អាច​កាច់​យក​មក​ពិសា។

      ឥឡូវ លោក​យេស៊ូ​យក​ពែង​ស្រា​មួយ អរគុណ​ព្រះ រួច​ហុច​ឲ្យ​ពួក​សាវ័ក។ ពួក​គាត់​ម្នាក់​ៗ​ក៏​ពិសា​ស្រា​ពី​ពែង​នោះ ហើយ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពែង​នេះ​ជា​តំណាង​កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​មាន​មូលដ្ឋាន​លើ​ឈាម​របស់​ខ្ញុំ ដែល​នឹង​ត្រូវ​បង្ហូរ​ចេញ​ដើម្បី​អ្នក​រាល់​គ្នា​»។—លូកា ២២:២០

      ដូច្នេះ លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ពិធី​រំលឹក​មរណភាព​របស់​លោក ដែល​ពួក​អ្នក​កាន់​តាម​លោក​ត្រូវ​ធ្វើ​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន។ ពិធី​នេះ​នឹង​រំលឹក​អំពី​អ្វី​ដែល​លោក​យេស៊ូ​និង​បិតា​របស់​លោក​បាន​ធ្វើ ដើម្បី​ឲ្យ​មនុស្ស​ដែល​មាន​ជំនឿ​អាច​គេច​ផុត​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ បុណ្យ​រំលង​បញ្ជាក់​អំពី​ការ​រំដោះ​ជន​ជាតិ​យូដា​ឲ្យ​មាន​សេរី​ភាព ប៉ុន្តែ​ពិធី​រំលឹក​មរណភាព​របស់​លោក​យេស៊ូ​បញ្ជាក់​អំពី​ការ​រំដោះ​មនុស្សជាតិ​ទាំង​ឡាយ​ដែល​មាន​ជំនឿ​ឲ្យ​មាន​សេរី​ភាព​ពិត។

      លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​ឈាម​របស់​លោក​«​នឹង​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ខ្លួន​»។ អ្នក​ដែល​នឹង​ទទួល​ការ​អភ័យ​ទោស​បែប​នេះ រួម​មាន​ពួក​សាវ័ក​ស្មោះ​ត្រង់​របស់​លោក និង​ពួក​អ្នក​កាន់​តាម​ស្មោះ​ត្រង់​ឯ​ទៀត។ ពួក​គេ​គឺ​ជា​អ្នក​ដែល​នឹង​នៅ​ជា​មួយ​នឹង​លោក​ក្នុង​រាជាណាចក្រ​របស់​បិតា​លោក។—ម៉ាថាយ ២៦:២៨, ២៩

      • តើ​លោក​យេស៊ូ​បាន​ដក​ស្រង់​ទំនាយ​អ្វី​ពី​គម្ពីរ ហើយ​តើ​ទំនាយ​នោះ​មាន​អត្ថន័យ​អ្វី?

      • តើ​លោក​យេស៊ូ​ប្រាប់​យូដាស​ឲ្យ​ធ្វើ​អ្វី ប៉ុន្តែ​តើ​ពួក​សាវ័ក​ឯ​ទៀត​យល់​យ៉ាង​ណា​អំពី​ប្រសាសន៍​របស់​លោក?

      • តើ​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ពិធី​ថ្មី​អ្វី ហើយ​តើ​ពិធី​នោះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​អ្វី?

  • ការប្រកែកគ្នាអំពីអ្នកណាធំជាងគេ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ពួកសាវ័ករបស់លោកយេស៊ូប្រកែកគ្នាអំពីអ្នកណាធំជាងគេក្នុងចំណោមពួកគាត់

      ជំពូក​ទី​១១៨

      ការ​ប្រកែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ

      ម៉ាថាយ ២៦:៣១​-​៣៥ ម៉ាកុស ១៤:២៧​-​៣១ លូកា ២២:២៤​-​៣៨ យ៉ូហាន ១៣:៣១​-​៣៨

      • លោក​យេស៊ូ​ឲ្យ​ឱវាទ​អំពី​ការ​ចង់​បាន​ឋានៈ

      • ការ​បដិសេធ​របស់​ពេត្រុស​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន

      • សេចក្ដី​ស្រឡាញ់​ជា​សញ្ញា​សម្គាល់​នៃ​អ្នក​កាន់​តាម​លោក​យេស៊ូ

      អំឡុង​ពេល​ល្ងាច​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​ពួក​សាវ័ក លោក​បាន​បង្រៀន​ពួក​គាត់​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ​អំពី​ចិត្ត​រាប​ទាប ដោយ​លាង​ជើង​របស់​ពួក​គាត់។ ប៉ុន្តែ ហេតុ​អ្វី​នេះ​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​បង្រៀន​ពួក​គាត់​អំពី​មេ​រៀន​នេះ? ពី​ព្រោះ​ពួក​គាត់​បាន​បង្ហាញ​ភាព​ទន់​ខ្សោយ​មួយ។ ពួក​សាវ័ក​មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះ តែ​ពួក​គាត់​នៅ​តែ​គិត​ថា​ខ្លួន​ជា​អ្នក​ធំ​ជាង​គេ។ (​ម៉ាកុស ៩:៣៣, ៣៤; ១០:៣៥​-​៣៧​) នៅ​ល្ងាច​នេះ​ពួក​គាត់​បង្ហាញ​ភាព​ទន់​ខ្សោយ​នោះ​ម្ដង​ទៀត។

      ពួក​សាវ័ក​បាន​«​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​អំពី​រឿង​ថា​អ្នក​ណា​ដែល​ពួក​គាត់​គិត​ថា​ជា​អ្នក​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួក​គាត់​»។ (​លូកា ២២:២៤​) ពេល​ដែល​លោក​យេស៊ូ​ឃើញ​ពួក​សាវ័ក​ប្រកែក​គ្នា​អំពី​រឿង​បែប​នេះ​ម្ដង​ទៀត លោក​ច្បាស់​ជា​ពិបាក​ចិត្ត​ណាស់! ដូច្នេះ តើ​លោក​ធ្វើ​អ្វី?

      ជា​ជាង​ស្តី​បន្ទោស​ពួក​សាវ័ក​ដោយ​សារ​ពួក​គាត់​មាន​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​ដូច​នោះ លោក​យេស៊ូ​ពន្យល់​ពួក​គាត់​ដោយ​ចិត្ត​អត់​ធ្មត់​ថា​៖ ​«​បណ្ដា​ស្តេច​នៃ​ប្រជា​ជាតិ​នា​នា​ត្រួត​ត្រា​លើ​ពួក​គេ ហើយ​ពួក​គេ​ហៅ​អ្នក​ដែល​កាន់​អំណាច​លើ​ពួក​គេ​ថា​ជា​អ្នក​មាន​គុណ។ ឯ​អ្នក​រាល់​គ្នា​វិញ អ្នក​មិន​ត្រូវ​ដូច្នេះ​ឡើយ . . . ព្រោះ​តើ​អ្នក​ណា​ធំ​ជាង? អ្នក​ដែល​កំពុង​អង្គុយ​នៅ​តុ? ឬ​អ្នក​ដែល​កំពុង​បម្រើ?​»។ បន្ទាប់​មក លោក​យេស៊ូ​ក៏​រំលឹក​ពួក​គាត់​អំពី​អ្វី​ដែល​លោក​តែង​តែ​ធ្វើ​ដែល​ជា​គំរូ​សម្រាប់​ពួក​គាត់។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ប៉ុន្តែ​ខ្ញុំ​ជា​អ្នក​បម្រើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​»។—លូកា ២២:២៥​-​២៧

      ទោះ​បី​ពួក​សាវ័ក​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ តែ​ពួក​គាត់​បាន​នៅ​ជាប់​ជា​មួយ​នឹង​លោក​យេស៊ូ​ក្នុង​ការ​លំបាក​ជា​ច្រើន។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដូច​បិតា​របស់​ខ្ញុំ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ខ្ញុំ ពោល​គឺ​សម្រាប់​រាជាណាចក្រ​មួយ​»។ (​លូកា ២២:២៩​) បុរស​ទាំង​នេះ​គឺ​ជា​អ្នក​កាន់​តាម​ដ៏​ស្មោះ​ភក្ដី​របស់​លោក​យេស៊ូ។ ដូច្នេះ លោក​ធ្វើ​ឲ្យ​ពួក​គាត់​ជឿ​ជាក់​ថា តាម​រយៈ​កិច្ច​ព្រម​ព្រៀង​រវាង​លោក​និង​ពួក​គាត់ នោះ​ពួក​គាត់​នឹង​ទទួល​រាជាណាចក្រ ហើយ​រួម​ចំណែក​គ្រប់​គ្រង​ជា​ស្តេច​ជា​មួយ​នឹង​លោក។

      ទោះ​បី​ជា​ពួក​សាវ័ក​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ​ក៏​ដោយ ពួក​គាត់​នៅ​តែ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ដូច្នេះ លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ថា​៖ ​«​សាថាន​បាន​ទាម​ទារ​រែង​អ្នក​រាល់​គ្នា​ដូច​អង្ករ​»​ ដែល​ខ្ចាត់​ខ្ចាយ​ទៅ។ (​លូកា ២២:៣១​) លោក​ក៏​ព្រមាន​ពួក​គាត់​ដែរ​ថា​៖ ​«​នៅ​យប់​នេះ អ្នក​ទាំង​អស់​គ្នា​នឹង​ជំពប់​ដួល ដោយ​សារ​អ្វី​ដែល​កើត​ឡើង​ដល់​ខ្ញុំ ពី​ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ‹ខ្ញុំ​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ›​»។—ម៉ាថាយ ២៦:៣១; សាការី ១៣:៧

      ពេល​ពេត្រុស​ឮ​ដូច្នេះ គាត់​បាន​បដិសេធ​យ៉ាង​ម៉ឺង​ម៉ាត់​ថា​៖ ​«​ទោះ​បី​ពួក​គេ​ទាំង​អស់​គ្នា​ជំពប់​ដួល​ដោយ​សារ​អ្វី​ដែល​កើត​ឡើង​ដល់​លោក​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ជំពប់​ដួល​ឡើយ!​»។ (​ម៉ាថាយ ២៦:៣៣​) លោក​យេស៊ូ​ប្រាប់​ពេត្រុស​ថា នៅ​យប់​នេះ​មុន​មាន់​រងាវ​ពីរ​ដង ពេត្រុស​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​លោក។ ប៉ុន្តែ លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​អង្វរ​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ចុះ​ខ្សោយ។ ឯ​អ្នក​វិញ ពេល​ដែល​អ្នក​ប្រែ​ចិត្ត​ហើយ ចូរ​ពង្រឹង​ជំនឿ​នៃ​បង​ប្អូន​របស់​អ្នក​»។ (​លូកា ២២:៣២​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពេត្រុស​តប​ឆ្លើយ​ដោយ​ចិត្ត​មោះ​មុត​ថា​៖ ​«​សូម្បី​តែ​ខ្ញុំ​ត្រូវ​ស្លាប់​ជា​មួយ​នឹង​លោក​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​លែង​ទទួល​ស្គាល់​លោក​ដែរ​»។ (​ម៉ាថាយ ២៦:៣៥​) ពួក​សាវ័ក​ឯ​ទៀត​ក៏​និយាយ​ដូច​គ្នា​ដែរ។

      លោក​យេស៊ូ​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្ដិច​ទៀត​ទេ។ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ឥឡូវ​នេះ​ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា​ដូច​ខ្ញុំ​បាន​ប្រាប់​ជន​ជាតិ​យូដា​ដែរ​ថា​៖ ‹កន្លែង​ដែល​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មិន​អាច​មក​បាន​ទេ›​»។ បន្ទាប់​មក​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។—យ៉ូហាន ១៣:៣៣​-​៣៥

      កាល​ដែល​ពេត្រុស​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា លោក​នឹង​នៅ​ជា​មួយ​នឹង​ពួក​គាត់​តែ​បន្ដិច​ទៀត​ទេ ពេត្រុស​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​នឹង​ទៅ​ឯ​ណា?​»។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​កន្លែង​ដែល​ខ្ញុំ​នឹង​ទៅ អ្នក​មិន​អាច​មក​តាម​ឥឡូវ​នេះ​បាន​ទេ ប៉ុន្តែ​អ្នក​នឹង​មក​នៅ​ពេល​ក្រោយ​»។ ដោយ​ចិត្ត​ងឿង​ឆ្ងល់ ពេត្រុស​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ទៅ​តាម​លោក​ឥឡូវ​នេះ? ខ្ញុំ​សុខ​ចិត្ត​លះ​បង់​ជីវិត​ដើម្បី​លោក​»។—យ៉ូហាន ១៣:៣៦, ៣៧

      ឥឡូវ​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ពេល​ដែល​លោក​បាន​ចាត់​ពួក​សាវ័ក​ឲ្យ​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​កាលីឡេ ដោយគ្មាន​ថង់​ប្រាក់ ឬ​ថង់​យាម​សម្រាប់​ដាក់​អាហារ។ (​ម៉ាថាយ ១០:៥, ៩, ១០​) លោក​សួរ​ពួក​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​បាន​ខ្វះ​ខាត​អ្វី​ទេ មែន​ទេ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​បាទ!​»។ ប៉ុន្តែ តើ​ពួក​គាត់​គួរ​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​ខាង​មុខ? លោក​យេស៊ូ​បង្គាប់​ពួក​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ថង់​ប្រាក់​ត្រូវ​យក​ទៅ​ជា​មួយ ក៏​ត្រូវ​យក​ថង់​យាម​សម្រាប់​ដាក់​អាហារ​ដែរ ឯ​អ្នក​ណា​ដែល​គ្មាន​ដាវ អ្នក​នោះ​ត្រូវ​លក់​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្លួន រួច​ទិញ​ដាវ​មួយ​វិញ។ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​ខ្ញុំ​ត្រូវ​តែ​សម្រេច​នៅ​លើ​ខ្ញុំ ពោល​គឺ​៖ ‹លោក​បាន​ត្រូវ​រាប់​ក្នុង​ចំណោម​មនុស្ស​ប្រឆាំង​ច្បាប់›។ ពី​ព្រោះ​អ្វី​ដែល​បាន​ត្រូវ​សរសេរ​អំពី​ខ្ញុំ​នឹង​ត្រូវ​សម្រេច​»។—លូកា ២២:៣៥​-​៣៧

      លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​ពេល​ដែល​លោក​នឹង​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ក្បែរ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​មនុស្ស​ដែល​ប្រឆាំង​ច្បាប់។ បន្ទាប់​ពី​ការ​ទាំង​នោះ ពួក​អ្នក​កាន់​តាម​លោក​នឹង​ជួប​ប្រទះ​នូវ​ការ​បៀត​បៀន​យ៉ាង​ខ្លាំង។ ប៉ុន្តែ ពួក​គាត់​គិត​ថា​ពួក​គាត់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដូច្នេះ​ពួក​គាត់​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់ មើល! យើង​មាន​ដាវ​ពីរ​ហើយ​»។ លោក​ឆ្លើយ​ថា​៖ ​«​នោះ​ល្មម​ហើយ​»។ (​លូកា ២២:៣៨​) ដោយ​សារ​ពួក​គាត់​មាន​ដាវ​ទាំង​ពីរ​នោះ លោក​យេស៊ូ​នឹង​មាន​ឱកាស​ដើម្បី​បង្រៀន​ពួក​គាត់​នូវ​មេ​រៀន​ដ៏​សំខាន់​មួយ​ទៀត។

      • ហេតុ​អ្វី​ពួក​សាវ័ក​ឈ្លោះ​ប្រកែក​គ្នា ហើយ​តើ​លោក​យេស៊ូ​បាន​ធ្វើ​យ៉ាង​ណា?

      • តើ​ពួក​សាវ័ក​នឹង​ទទួល​ប្រយោជន៍​អ្វី​ពី​កិច្ច​ព្រម​ព្រៀង​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ជា​មួយ​នឹង​ពួក​គាត់?

      • ពេល​ដែល​ពេត្រុស​បង្ហាញ​ទំនុក​ចិត្ត​លើ​ខ្លួន តើ​លោក​យេស៊ូ​ឆ្លើយ​តប​យ៉ាង​ណា?

  • លោកយេស៊ូជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូនៅក្នុងបន្ទប់ធំជាន់លើជាមួយនឹងពួកសាវ័កស្មោះត្រង់១១នាក់

      ជំពូក​ទី​១១៩

      លោក​យេស៊ូ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ជា​ជីវិត

      យ៉ូហាន ១៤:១​-​៣១

      • លោក​យេស៊ូ​នឹង​ទៅ​ដើម្បី​រៀប​ចំ​កន្លែង​មួយ

      • លោក​សន្យា​ឲ្យ​អ្នក​ជួយ​មួយ​ដល់​ពួក​អ្នក​កាន់​តាម​លោក

      • បិតា​គឺ​ធំ​ជាង​លោក​យេស៊ូ

      ក្រោយ​ពី​ពិសា​អាហារ​ពិធី​រំលឹក លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​ពួក​សាវ័ក​ក្នុង​បន្ទប់​ធំ​នៅ​ជាន់​លើ​នោះ​នៅ​ឡើយ។ រួច​មក​លោក​លើក​ទឹក​ចិត្ត​ពួក​គាត់​ថា​៖ ​«​កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ។ ចូរ​បង្ហាញ​ជំនឿ​លើ​ព្រះ ហើយ​បង្ហាញ​ជំនឿ​លើ​ខ្ញុំ​ដែរ​»។—យ៉ូហាន ១៣:៣៦; ១៤:១

      បន្ទាប់​មក លោក​យេស៊ូ​ផ្ដល់​នូវ​មូលហេតុ​ដែល​ជួយ​ពួក​សាវ័ក​ស្មោះ​ត្រង់​មិន​ឲ្យ​ថប់​បារម្ភ​ចំពោះ​ការ​ចាក​ចេញ​ទៅ​របស់​លោក។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ក្នុង​លំនៅ​របស់​បិតា​នៃ​ខ្ញុំ​មាន​ទី​អាស្រ័យ​ជា​ច្រើន។ . . . ប្រសិន​បើ​ខ្ញុំ​ទៅ​រៀប​ចំ​កន្លែង​មួយ​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​មក​ម្ដង​ទៀត រួច​នឹង​ទទួល​អ្នក​រាល់​គ្នា​មក​ឯ​លំនៅ​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​ដែរ​»។ ក៏​ប៉ុន្តែ ពួក​សាវ័ក​មិន​យល់​ថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​ការ​ទៅ​ស្ថាន​សួគ៌​ឡើយ។ ដូច្នេះ ថូម៉ាស់​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ យើង​មិន​ដឹង​ថា​លោក​នឹង​ទៅ​ឯ​ណា​ទេ តើ​យើង​អាច​ស្គាល់​ផ្លូវ​ដូច​ម្ដេច​បាន?​»។—យ៉ូហាន ១៤:២​-​៥

      លោក​យេស៊ូ​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។ (​យ៉ូហាន ១៤:៦​) ដូច្នេះ បុគ្គល​ម្នាក់​អាច​ចូល​ក្នុង​លំនៅ​របស់​បិតា​លោក​នៅ​ស្ថាន​សួគ៌​បាន លុះ​ត្រា​តែ​បុគ្គល​នោះ​ទទួល​ស្គាល់​លោក​យេស៊ូ​និង​សេចក្ដី​បង្រៀន​របស់​លោក ថែម​ទាំង​ធ្វើ​តាម​គំរូ​របស់​លោក​ក្នុង​ជីវិត។

      ភីលីព​កំពុង​ស្ដាប់​លោក​យេស៊ូ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ រួច​សូម​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​បង្ហាញ​ឲ្យ​យើង​ឃើញ​បិតា​នៅ​ស្ថាន​សួគ៌ នោះ​គ្រប់​គ្រាន់​ហើយ​សម្រាប់​យើង​»។ តាម​មើល​ទៅ ភីលីព​ចង់​ឃើញ​ការ​បើក​បង្ហាញ​ក្នុង​គំនិត​អំពី​ព្រះ​ដូច​ដែល​ម៉ូសេ អេលីយ៉ា និង​អេសាយ​បាន​ឃើញ។ ក៏​ប៉ុន្តែ ពួក​សាវ័ក​មាន​អ្វី​មួយ​ដែល​ប្រសើរ​ជាង​ការ​បើក​ឲ្យ​ឃើញ​ក្នុង​គំនិត​ទៅ​ទៀត។ លោក​យេស៊ូ​បញ្ជាក់​អំពី​ចំណុច​នេះ​ក្នុង​ចម្លើយ​របស់​លោក​ដែល​ថា​៖ ​«​ភីលីព ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​យូរ​ហើយ តើ​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ​ឬ? អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។ លោក​យេស៊ូ​បង្ហាញ​គុណ​សម្បត្ដិ​របស់​បិតា​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ ដូច្នេះ​ការ​ដែល​ពួក​សាវ័ក​រស់​នៅ​ជា​មួយ​នឹង​លោក ហើយ​សង្កេត​មើល​ការ​ប្រព្រឹត្ត​របស់​លោក នោះ​ហាក់​ដូច​ជា​ពួក​គាត់​បាន​ឃើញ​បិតា​ហើយ។ ប៉ុន្តែ លោក​យេស៊ូ​បញ្ជាក់​ថា​បិតា​គឺ​ធំ​ជាង​បុត្រ​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ៗ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា ខ្ញុំ​មិន​និយាយ​ចេញ​ពី​ខ្លួន​ខ្ញុំ​ឡើយ​»។ (​យ៉ូហាន ១៤:៨​-​១០​) ហេតុ​នេះ ពួក​សាវ័ក​អាច​ឃើញ​ថា​លោក​យេស៊ូ​កំពុង​សរសើរ​តម្កើង​បិតា​របស់​លោក ដោយ​បញ្ជាក់​ថា​សេចក្ដី​បង្រៀន​ទាំង​អស់​ជា​របស់​បិតា​លោក។

      ពួក​សាវ័ក​របស់​លោក​យេស៊ូ​បាន​ឃើញ​លោក​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ហើយ​បាន​ឮ​លោក​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ឥឡូវ​នេះ លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ដ៏​ធំ​ជាង​នោះ​ទៅ​ទៀត​»។ (​យ៉ូហាន ១៤:១២​) លោក​យេស៊ូ​មិន​មែន​កំពុង​មាន​ប្រសាសន៍​ថា​ពួក​គាត់​នឹង​ធ្វើ​អព្ភូតហេតុ​អស្ចារ្យ​ជាង​លោក​នោះ​ទេ។ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​លោក​នឹង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ច្រើន​ជាង នៅ​កន្លែង​ឆ្ងាយ​ៗ​ជាង និង​អស់​រយៈ​ពេល​យូរ​ជាង។

      ទោះ​បី​ជា​លោក​យេស៊ូ​នឹង​ចាក​ចេញ​ពី​ពួក​សាវ័ក​ក៏​ដោយ តែ​លោក​នឹង​មិន​បោះ​បង់​ចោល​ពួក​គាត់​ឡើយ ពី​ព្រោះ​លោក​សន្យា​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​»។ បន្ថែម​ទៅ​ទៀត លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​សុំ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ រួច​លោក​នឹង​ឲ្យ​អ្នក​ជួយ​មួយ​ទៀត​ដល់​អ្នក​រាល់​គ្នា ដែល​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រៀង​រហូត ពោល​គឺ​សកម្មពល​ដែល​សម្ដែង​ពី​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៤:១៤, ១៦, ១៧​) លោក​សន្យា​ចំពោះ​ពួក​អ្នក​កាន់​តាម​លោក​ថា​ពួក​គាត់​នឹង​ទទួល​អ្នក​ជួយ​មួយ ពោល​គឺ​សកម្មពល​បរិសុទ្ធ។ ពួក​អ្នក​កាន់​តាម​បាន​ទទួល​សកម្មពល​បរិសុទ្ធ​នៅ​បុណ្យ​ថ្ងៃ​ទី​៥០។

      លោក​យេស៊ូ​មាន​ប្រសាសន៍​ថែម​ទៀត​ថា​៖ ​«​បន្ដិច​ទៀត​ពិភព​លោក​នេះ​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ប៉ុន្តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​រស់ ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​រស់​ដែរ​»។ (​យ៉ូហាន ១៤:១៩​) ដូច្នេះ លោក​យេស៊ូ​នឹង​មិន​គ្រាន់​តែ​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​កាន់​តាម​ឃើញ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ទេ តែ​ក្រោយ​មក​លោក​នឹង​ប្រោស​ពួក​គាត់​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌​ជា​មួយ​នឹង​លោក។

      ឥឡូវ​លោក​យេស៊ូ​បញ្ជាក់​សេចក្ដី​ពិត​ដ៏​ងាយ​យល់​មួយ​ថា​៖ ​«​អ្នក​ណា​ដែល​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ស្រឡាញ់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​បិតា​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ក៏​នឹង​បង្ហាញ​ខ្លួន​ជា​ចំហ​ឲ្យ​អ្នក​នោះ​ឃើញ​»។ ពេល​ឮ​ដូច្នេះ សាវ័ក​យូដាស​ដែល​គេ​ហៅ​ថា ថាដេ បាន​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​អ្វី​បាន​កើត​ឡើង​បាន​ជា​លោក​នឹង​បង្ហាញ​ខ្លួន​ជា​ចំហ​ឲ្យ​យើង​ឃើញ តែ​មិន​បង្ហាញ​ខ្លួន​ឲ្យ​ពិភព​លោក​ឃើញ?​»។ លោក​យេស៊ូ​តប​ទៅ​គាត់​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ ហើយ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ . . . អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ​ឡើយ​»។ (​យ៉ូហាន ១៤:២១​-​២៤​) ផ្ទុយ​ពី​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ មនុស្ស​ជា​ទូ​ទៅ​មិន​ទទួល​ស្គាល់​លោក​ថា​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត​នោះ​ទេ។

      លោក​យេស៊ូ​នឹង​ចាក​ចេញ​ទៅ ដូច្នេះ​តើ​តាម​របៀប​ណា​ពួក​អ្នក​កាន់​តាម​អាច​នឹក​ចាំ​នូវ​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្រៀន​ពួក​គាត់? លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​អ្នក​ជួយ​ដែល​ជា​សកម្មពល​បរិសុទ្ធ​របស់​ព្រះ ដែល​បិតា​នៅ​ស្ថាន​សួគ៌​នឹង​ចាត់​ឲ្យ​មក​ក្នុង​ឈ្មោះ​ខ្ញុំ នឹង​បង្រៀន​អ្នក​រាល់​គ្នា​នូវ​អ្វី​ៗ​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ៗ​ដែល​ខ្ញុំ​បាន​ប្រាប់​»។ ពួក​សាវ័ក​បាន​ឃើញ​ថា​សកម្មពល​បរិសុទ្ធ​គឺ​ខ្លាំង​ក្លា ដូច្នេះ​ប្រសាសន៍​របស់​លោក​យេស៊ូ​ពិត​ជា​សម្រាល​ទុក្ខ​ពួក​គាត់​មែន។ លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ខ្ញុំ​បន្សល់​សេចក្ដី​សុខ​សាន្ត​ទុក​ឲ្យ​អ្នក​រាល់​គ្នា។ . . . កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ ហើយ​កុំ​មាន​ចិត្ត​រួញ​រា​ដែរ​»។ (​យ៉ូហាន ១៤:២៦, ២៧​) ហេតុ​នេះ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​មាន​មូលហេតុ​ជា​ច្រើន​ដែល​ជួយ​ពួក​គាត់​មិន​ឲ្យ​ថប់​បារម្ភ ពី​ព្រោះ​ពួក​គាត់​នឹង​ទទួល​ការ​ណែនាំ ថែម​ទាំង​ការ​ការពារ​ពី​បិតា​របស់​លោក។

      មិន​យូរ​ក្រោយ​មក ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ឃើញ​ថា​ព្រះ​ការពារ​អ្នក​បម្រើ​របស់​លោក។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​ជិត​មក​ដល់​ហើយ។ អ្នក​នោះ​មិន​មាន​អំណាច​លើ​ខ្ញុំ​ទេ​»។ (​យ៉ូហាន ១៤:៣០​) មេ​កំណាច​បាន​មាន​ឥទ្ធិពល​មក​លើ​យូដាស។ ប៉ុន្តែ លោក​យេស៊ូ​គ្មាន​ភាព​ទន់​ខ្សោយ​ដែល​មក​ពី​ភាព​ខុស​ឆ្គង​ដែល​សាថាន​អាច​ប្រើ ដើម្បី​ធ្វើ​ឲ្យ​លោក​ក្បត់​ព្រះ​ឡើយ។ ម្យ៉ាង​ទៀត មេ​កំណាច​ក៏​មិន​អាច​រា​រាំង​ការ​ដែល​ព្រះ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​លោក​យេស៊ូ​បញ្ជាក់​ថា​៖ ​«​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ធ្វើ​»។ ដូច្នេះ លោក​ជឿ​ជាក់​ថា​បិតា​នឹង​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ។—យ៉ូហាន ១៤:៣១

      • តើ​លោក​យេស៊ូ​នឹង​ទៅ​ទី​ណា ហើយ​ស្តី​អំពី​ផ្លូវ​ទៅ​ទី​នោះ តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​យ៉ាង​ណា​ដើម្បី​ជួយ​ថូម៉ាស់​ឲ្យ​មាន​ទំនុក​ចិត្ត?

      • តាម​មើល​ទៅ តើ​ភីលីព​ចង់​ឲ្យ​លោក​យេស៊ូ​បង្ហាញ​អ្វី?

      • តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ធ្វើ​កិច្ច​ការ​ធំ​ជាង​លោក​យ៉ាង​ដូច​ម្ដេច?

      • ហេតុ​អ្វី​ការ​ដែល​បិតា​ធំ​ជាង​លោក​យេស៊ូ​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត?

  • របៀបបង្កើតផលផ្លែនិងធ្វើជាសម្លាញ់របស់លោកយេស៊ូ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូមានប្រសាសន៍ជាមួយនឹងពួកសាវ័កពេលដែលចាកចេញពីបន្ទប់ជាន់ខាងលើ

      ជំពូក​ទី​១២០

      របៀប​បង្កើត​ផល​ផ្លែ​និង​ធ្វើ​ជា​សម្លាញ់​របស់​លោក​យេស៊ូ

      យ៉ូហាន ១៥:១​-​២៧

      • វល្លិ​ទំពាំង​បាយ​ជូរ​ដ៏​ពិត​និង​មែក

      • របៀប​រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​យេស៊ូ​ស្រឡាញ់

      លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ស្មោះ​ត្រង់​យ៉ាង​អស់​ពី​ចិត្ត។ ឥឡូវ​នេះ​យប់​ជ្រៅ​ណាស់​ហើយ គឺ​ប្រហែល​ជា​រំលង​អធ្រាត្រ។ លោក​យេស៊ូ​នឹង​រៀប​រាប់​អំពី​ឧទាហរណ៍​មួយ​ដែល​ជំរុញ​ចិត្ត​អ្នក​កាន់​តាម។

      លោក​ចាប់​ផ្ដើម​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​វល្លិ​ទំពាំង​បាយ​ជូរ​ដ៏​ពិត ហើយ​បិតា​របស់​ខ្ញុំ​ជា​អ្នក​ដាំ​»។ (​យ៉ូហាន ១៥:១​) ឧទាហរណ៍​របស់​លោក​ស្រដៀង​នឹង​អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​ប៉ុន្មាន​សតវត្សរ៍​មុន​អំពី​ប្រជា​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​បាន​ត្រូវ​ហៅ​ថា​ដើម​ឬ​វល្លិ​ទំពាំង​បាយ​ជូរ​របស់​ព្រះ​យេហូវ៉ា។ (​យេរេមា ២:២១; ហូសេ ១០:១, ២​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​បដិសេធ​ប្រជា​ជាតិ​នេះ។ (​ម៉ាថាយ ២៣:៣៧, ៣៨​) ដូច្នេះ ឥឡូវ​លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​ការ​យល់​ដឹង​ថ្មី​ស្តី​អំពី​រឿង​នេះ។ ការ​យល់​ដឹង​ថ្មី​នោះ​គឺ នៅ​ឆ្នាំ​២៩ គ.ស. បិតា​បាន​រើស​តាំង​លោក​យេស៊ូ​ដោយ​សកម្មពល​បរិសុទ្ធ ដូច្នេះ​លោក​យេស៊ូ​ជា​វល្លិ​ទំពាំង​បាយ​ជូរ​ដែល​បិតា​របស់​លោក​បាន​ដាំ​ហើយ​ថែ​រក្សា​តាំង​ពី​ពេល​នោះ​មក។ ប៉ុន្តែ លោក​យេស៊ូ​បាន​បញ្ជាក់​ថែម​ទៀត​ថា វល្លិ​ទំពាំង​បាយ​ជូរ​ក៏​ជាប់​ទាក់​ទង​នឹង​អ្នក​ឯ​ទៀត​ដែរ។

      លោក​មាន​ប្រសាសន៍​ថា​៖ ​«​មែក​ណា​របស់​ខ្ញុំ​ដែល​មិន​មាន​ផល​ផ្លែ មែក​នោះ​នឹង​ត្រូវ​លោក[​បិតា​របស់​ខ្ញុំ​]យក​ចេញ ឯ​មែក​ណា​ដែល​មាន​ផល​ផ្លែ មែក​នោះ​នឹង​ត្រូវ​លោក​សម្អាត ដើម្បី​អាច​មាន​ផល​ផ្លែ​ថែម​ទៀត។ . . . បើ​មែក​ទំពាំង​បាយ​ជូរ​មិន​នៅ​ជាប់​នឹង​ដើម​ទេ នោះ​វា​មិន​អាច​មាន​ផល​ផ្លែ​បាន​ឡើយ។ អ្នក​រាល់​គ្នា​ក៏​នឹង​ដូច្នេះ​ដែរ បើ​មិន​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច។ ខ្ញុំ​ជា​វល្លិ​ទំពាំង​បាយ​ជូរ ហើយ​អ្នក​រាល់​គ្នា​ជា​មែក​»។—យ៉ូហាន ១៥:២​-​៥

      លោក​យេស៊ូ​បាន​សន្យា​ចំពោះ​ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​ថា ក្រោយ​ពី​លោក​ចាក​ចេញ​ទៅ លោក​នឹង​ចាត់​អ្នក​ជួយ ពោល​គឺ​សកម្មពល​បរិសុទ្ធ​ឲ្យ​មក​ឯ​ពួក​គាត់។ ៥១​ថ្ងៃ​ក្រោយ​មក​នៅ​ពេល​ដែល​ពួក​សាវ័ក​និង​អ្នក​កាន់​តាម​ឯ​ទៀត​បាន​ទទួល​សកម្មពល ពួក​គាត់​បាន​ក្លាយ​ទៅ​ជា​មែក​នៃ​វល្លិ​ទំពាំង​បាយ​ជូរ។ បន្ថែម​ទៅ​ទៀត ​«​មែក​»​ទាំង​អស់​ត្រូវ​នៅ​ជាប់​នឹង​លោក​យេស៊ូ។ ហេតុ​អ្វី?

      លោក​ពន្យល់​ថា​៖ ​«​បើ​អ្នក​ណា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​អ្នក​នោះ អ្នក​នោះ​មាន​ផល​ផ្លែ​ជា​ច្រើន ពី​ព្រោះ​បើ​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​អ្វី​សោះ​ឡើយ​»។ អ្នក​កាន់​តាម​ស្មោះ​ត្រង់​របស់​លោក​យេស៊ូ​ដែល​ជា​«​មែក​»​ទាំង​នេះ អាច​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ធ្វើ​តាម​គុណ​សម្បត្ដិ​របស់​លោក​យេស៊ូ ហើយ​ប្រាប់​អ្នក​ឯ​ទៀត​យ៉ាង​ខ្នះ​ខ្នែង​អំពី​រាជាណាចក្រ​ព្រះ ថែម​ទាំង​ជួយ​មនុស្ស​ជា​ច្រើន​ថែម​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ផ្ទុយ​ទៅ​វិញ ចុះ​យ៉ាង​ណា​ប្រសិន​បើ​អ្នក​ណា​ម្នាក់​មិន​នៅ​ជាប់​នឹង​លោក​យេស៊ូ​ហើយ​មិន​បង្កើត​ផល​ផ្លែ​វិញ​នោះ? លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​មិន​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច អ្នក​នោះ​ជា​មែក​ដែល​នឹង​ត្រូវ​បោះ​ចោល​»។ ប៉ុន្តែ លោក​ក៏​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​រួប​រួម​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​ពាក្យ​របស់​ខ្ញុំ​ក៏​នៅ​ជាប់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ជា​និច្ច​ដែរ នោះ​បើ​អ្នក​រាល់​គ្នា​សុំ​អ្វី​ក៏​ដោយ ការ​នោះ​នឹង​កើត​ឡើង​ចំពោះ​អ្នក​រាល់​គ្នា​»។—យ៉ូហាន ១៥:៥​-​៧

      ឥឡូវ​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ម្ដង​ទៀត​អំពី​អ្វី​ដែល​លោក​ធ្លាប់​បាន​លើក​ឡើង​ពីរ​ដង​ហើយ ពោល​គឺ​ការ​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​លោក។ (​យ៉ូហាន ១៤:១៥, ២១​) លោក​រៀប​រាប់​អំពី​របៀប​ដ៏​សំខាន់​មួយ​ដែល​ពួក​អ្នក​កាន់​តាម​អាច​បង្ហាញ​ថា​ពួក​គាត់​កំពុង​ប្រព្រឹត្ត​តាម​បញ្ញត្ដិ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​បង្គាប់​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នឹង​រក្សា​ខ្លួន​ជា​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​បង្គាប់​របស់​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ក៏​រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​ស្រឡាញ់​ដែរ​»។ ប៉ុន្តែ គ្រាន់​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​ប៉ុណ្ណោះ គឺ​មិន​គ្រប់​គ្រាន់​ទេ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​បង្គាប់​របស់​ខ្ញុំ ពោល​គឺ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​អ្នក​ដែល​លះ​បង់​ជីវិត​ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​ឡើយ។ អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ​»។—យ៉ូហាន ១៥:១០​-​១៤

      នៅ​ប៉ុន្មាន​ម៉ោង​ទៀត លោក​យេស៊ូ​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដោយ​ផ្ដល់​ជីវិត​របស់​លោក​ដល់​មនុស្ស​ទាំង​អស់​ដែល​បង្ហាញ​ជំនឿ​លើ​លោក។ គំរូ​របស់​លោក​គួរ​ជំរុញ​ចិត្ត​ពួក​អ្នក​កាន់​តាម​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ហេតុ​អ្វី? ពី​ព្រោះ​ថ្មី​ៗ​នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។ (​យ៉ូហាន ១៣:៣៥​) ដូច្នេះ សេចក្ដី​ស្រឡាញ់​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា​ពួក​គាត់​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ។

      ពួក​សាវ័ក​គួរ​កត់​សម្គាល់​ថា លោក​យេស៊ូ​ហៅ​ពួក​គាត់​ថា​«​មិត្ត​សម្លាញ់​»។ លោក​ប្រាប់​អំពី​មូលហេតុ​ដែល​លោក​ហៅ​ពួក​គាត់​ថា​មិត្ត​សម្លាញ់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​មិត្ត​សម្លាញ់ ពី​ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឮ​ពី​បិតា​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​»។ គឺ​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​ពួក​គាត់​អាច​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​យេស៊ូ ព្រម​ទាំង​ស្គាល់​អ្វី​ដែល​បិតា​បាន​ប្រាប់​លោក។ ប៉ុន្តែ ដើម្បី​អាច​មាន​ចំណង​មិត្តភាព​នេះ ពួក​គាត់ត្រូវ​តែ​«​មាន​ផល​ផ្លែ​ត​ទៅ​ទៀត​»។ បើ​ពួក​គាត់​ធ្វើ​ដូច្នេះ​មែន លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​ដែល​នៅ​ស្ថាន​សួគ៌[​នឹង​]ផ្ដល់​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សុំ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​»។—យ៉ូហាន ១៥:១៥, ១៦

      បើ​ពួក​អ្នក​កាន់​តាម​ដែល​ជា​«​មែក​»​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក សេចក្ដី​ស្រឡាញ់​នោះ​នឹង​ជួយ​ពួក​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក។ លោក​យេស៊ូ​បាន​ព្រមាន​ពួក​គាត់​ថា​ពិភព​លោក​នឹង​ស្អប់​ពួក​គាត់ ប៉ុន្តែ​លោក​លើក​ទឹក​ចិត្ត​ពួក​គាត់​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​ពិភព​លោក​នេះ​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ថា​គេ​បាន​ស្អប់​ខ្ញុំ មុន​គេ​ស្អប់​អ្នក​រាល់​គ្នា។ ប្រសិន​បើ​អ្នក​រាល់​គ្នា​រួម​ចំណែក​ក្នុង​ពិភព​លោក នោះ​ពិភព​លោក​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ តែ​ឥឡូវ អ្នក​រាល់​គ្នា​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ឡើយ . . . ហេតុ​នេះ​ហើយ​បាន​ជា​ពិភព​លោក​ស្អប់​អ្នក​រាល់​គ្នា​»។—យ៉ូហាន ១៥:១៨, ១៩

      លោក​យេស៊ូ​ពន្យល់​ថែម​ទៀត​អំពី​មូលហេតុ​ដែល​ពិភព​លោក​នឹង​ស្អប់​ពួក​អ្នក​កាន់​តាម ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ទាស់​នឹង​អ្នក​រាល់​គ្នា ដោយ​សារ​ឈ្មោះ​ខ្ញុំ ពី​ព្រោះ​ពួក​គេ​មិន​ស្គាល់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា កិច្ច​ការ​ដ៏​អស្ចារ្យ​ជា​ច្រើន​របស់​លោក​ហាក់​ដូច​ជា​កំពុង​ផ្ដន្ទា​ទោស​អស់​អ្នក​ដែល​ស្អប់​លោក។ ហេតុ​អ្វី? ពី​ព្រោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​ក្នុង​ចំណោម​ពួក​គេ ខ្ញុំ​មិន​បាន​ធ្វើ​ការ​ដែល​គ្មាន​អ្នក​ណា​ផ្សេង​បាន​ធ្វើ នោះ​ពួក​គេ​គ្មាន​ភាព​ខុស​ឆ្គង​ទេ។ ប៉ុន្តែ​ឥឡូវ ពួក​គេ​បាន​ឃើញ ក៏​បាន​ស្អប់​ខ្ញុំ​ព្រម​ទាំង​បិតា​របស់​ខ្ញុំ​»។ តាម​ពិត ដោយ​សារ​ពួក​គេ​បាន​ស្អប់​លោក ពួក​គេ​កំពុង​ធ្វើ​ឲ្យ​ទំនាយ​បាន​សម្រេច។—យ៉ូហាន ១៥:២១, ២៤, ២៥; ទំនុក​តម្កើង ៣៥:១៩; ៦៩:៤

      លោក​យេស៊ូ​សន្យា​ម្ដង​ទៀត​ថា លោក​នឹង​ចាត់​អ្នក​ជួយ ពោល​គឺ​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា។ ពួក​អ្នក​កាន់​តាម​លោក​ទាំង​អស់​អាច​ទទួល​សកម្មពល​នេះ ហើយ​សកម្មពល​នេះ​នឹង​ជួយ​ពួក​គាត់​ឲ្យ​បង្កើត​ផល ពោល​គឺ​«​ធ្វើ​ជា​សាក្សី​បញ្ជាក់​»។—យ៉ូហាន ១៥:២៧

      • ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ តើ​អ្នក​ណា​ជា​អ្នក​ដាំ ហើយ​តើ​អ្នក​ណា​ជា​វល្លិ​ទំពាំង​បាយ​ជូរ និង​អ្នក​ណា​ជា​មែក?

      • តើ​ព្រះ​ចង់​បាន​ផល​ផ្លែ​អ្វី​ពី​មែក?

      • តើ​តាម​របៀប​ណា​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​អាច​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក ហើយ​តើ​អ្វី​នឹង​ជួយ​ពួក​គាត់​ឲ្យ​ប្រឈម​មុខ​ចំពោះ​ការ​ស្អប់ខ្ពើម​របស់​ពិភព​លោក​នេះ?

  • «ចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ពួកសាវ័កមានទុក្ខព្រួយ កាលដែលលោកយេស៊ូប្រាប់អំពីការព្រមានមួយ

      ជំពូក​ទី​១២១

      ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ខ្ញុំ​បាន​ឈ្នះ​ពិភព​លោក​ហើយ​»​

      យ៉ូហាន ១៦:១​-​៣៣

      • បន្ដិច​ទៀត​ពួក​សាវ័ក​នឹង​លែង​ឃើញ​លោក​យេស៊ូ​ទៀត

      • ទុក្ខ​ព្រួយ​របស់​ពួក​សាវ័ក​នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ

      លោក​យេស៊ូ​និង​ពួក​សាវ័ក​ហៀបនឹង​ចាក​ចេញ​ពី​បន្ទប់​ធំ​ខាង​លើ ជា​កន្លែង​ដែល​ពួក​គាត់​ពិសា​អាហារ​បុណ្យ​រំលង។ លោក​យេស៊ូ​បាន​ព្រមាន​ហើយ​ផ្ដល់​ការ​ដាស់​តឿន​យ៉ាង​ច្រើន​ដល់​ពួក​សាវ័ក ដោយ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​នូវ​អ្វី​ៗ​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជំពប់​ដួល​»។ ហេតុ​អ្វី​គឺ​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​ព្រមាន​ពួក​គាត់​ដូច្នេះ? លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​គេ​នឹង​បណ្ដេញ​ចោល​អ្នក​រាល់​គ្នា​ពី​សាលា​ប្រជុំ ក៏​នឹង​មាន​គ្រា​មក​ដល់ ដែល​អស់​អ្នក​ដែល​សម្លាប់​អ្នក​រាល់​គ្នា​នឹង​នឹក​ស្មានថា​ពួក​គេ​ធ្វើ​ដូច្នោះ​ជា​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​»។—យ៉ូហាន ១៦:១, ២

      ប្រសាសន៍​របស់​លោក​យេស៊ូ​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​សាវ័ក​ពិបាក​ចិត្ត។ នៅ​លើក​មុន ទោះ​ជា​លោក​ធ្លាប់​ប្រាប់​ពួក​គាត់​ថា​ពិភព​លោក​នឹង​ស្អប់​ពួក​គាត់​ក្ដី តែ​លោក​មិន​បាន​ប្រាប់​ពួក​គាត់​ត្រង់​ៗ​ថា​ពួក​គាត់​នឹង​ត្រូវ​គេ​សម្លាប់​នោះ​ឡើយ។ ហេតុ​អ្វី? លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​មិន​បាន​ប្រាប់​អ្នក​រាល់​គ្នា​អំពី​ការ​ទាំង​នេះ​នៅ​ដើម​ដំបូង​ទេ ពី​ព្រោះ​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​»។ (​យ៉ូហាន ១៦:៤​) ប៉ុន្តែ ឥឡូវ​លោក​កំពុង​ព្រមាន​ពួក​អ្នក​កាន់​តាម មុន​លោក​ចាក​ចេញ​ពី​ពួក​គាត់។ ការ​ព្រមាន​នេះ​ប្រហែល​ជា​ជួយ​ពួក​គាត់​កុំ​ឲ្យ​ជំពប់​ដួល​នៅ​ពេល​ក្រោយ​មក។

      លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ខ្ញុំ​នឹង​ទៅ​ឯ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​សួរ​ខ្ញុំ​ទេ​ថា​៖ ‹តើ​លោក​នឹង​ទៅ​ឯ​ណា?›​»។ បន្ដិច​មុន​នេះ ពួក​អ្នក​កាន់​តាម​ចង់​ដឹង​ថា​លោក​នឹង​ទៅ​ឯ​ណា។ (​យ៉ូហាន ១៣:៣៦; ១៤:៥; ១៦:៥​) ប៉ុន្តែ​ឥឡូវ​នេះ ពួក​គាត់​ភ័យ​ខ្លាច ហើយ​មាន​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង​ដោយ​សារ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​ការ​បៀត​បៀន។ ដូច្នេះ ពួក​គាត់​មិន​បាន​សួរ​លោក​ថែម​ទៀត​អំពី​សិរី​រុង​រឿង​ដែល​លោក​នឹង​ទទួល ឬ​ក៏​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​នោះ​ទេ។ ពេល​ឃើញ​ដូច្នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​មាន​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​ទុក្ខ​ព្រួយ ដោយ​សារ​ខ្ញុំ​បាន​ប្រាប់​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា​»។—យ៉ូហាន ១៦:៦

      រួច​មក លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​ខ្ញុំ​នឹង​ចេញ​ទៅ​ដើម្បី​ប្រយោជន៍​អ្នក​រាល់​គ្នា ព្រោះ​ប្រសិន​បើ​ខ្ញុំ​មិន​ចេញ​ទៅ​ទេ នោះ​អ្នក​ជួយ​នឹង​មិន​មក​ឯ​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​គាត់​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​»។ (​យ៉ូហាន ១៦:៧​) លុះ​ត្រា​តែ​លោក​យេស៊ូ​ទទួល​មរណភាព ហើយ​ឡើង​ទៅ​ស្ថាន​សួគ៌​ទើប​លោក​អាច​ចាត់​អ្នក​ជួយ​ដែល​ជា​សកម្មពល​បរិសុទ្ធ​ដល់​ពួក​អ្នក​កាន់​តាម​លោក​គ្រប់​ទី​កន្លែង​នៅ​ផែន​ដី។

      សកម្មពល​បរិសុទ្ធ​«​នឹង​ផ្ដល់​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ដល់​ពិភព​លោក ស្តី​អំពី​ភាព​ខុស​ឆ្គង ស្តី​អំពី​សេចក្ដី​សុចរិត និង​ស្តី​អំពី​ការ​វិនិច្ឆ័យ​»។ (​យ៉ូហាន ១៦:៨​) ពិត​ណាស់ សកម្មពល​បរិសុទ្ធ​នឹង​បើក​បង្ហាញ​ឲ្យ​ឃើញ​ថា​មនុស្ស​ជា​ទូ​ទៅ​ក្នុង​ពិភព​លោក​នេះ​មិន​បាន​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​ព្រះ​ទេ។ ការ​ដែល​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌​នឹង​ផ្ដល់​ភ័ស្តុតាង​យ៉ាង​ច្បាស់​អំពី​សេចក្ដី​សុចរិត​របស់​លោក ហើយ​នឹង​បញ្ជាក់​អំពី​មូលហេតុ​ដែល​សាថាន​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​សម​នឹង​ទទួល​ការ​វិនិច្ឆ័យ​យ៉ាង​ខ្លាំង។—យ៉ូហាន ១៦:១១

      លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ខ្ញុំ​នៅ​មាន​រឿង​ជា​ច្រើន​ដែល​ចង់​ប្រាប់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​មិន​អាច​យល់​បាន​ឡើយ​»។ នៅ​ពេល​ដែល​លោក​យេស៊ូ​ចាក់​សកម្មពល​បរិសុទ្ធ​លើ​ពួក​អ្នក​កាន់​តាម នោះ​សកម្មពល​នឹង​ដឹក​នាំ​ពួក​គាត់​ឲ្យ​យល់​«​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ​»។ ម្យ៉ាង​ទៀត ពួក​អ្នក​កាន់​តាម​នឹង​អាច​រស់​នៅ​ស្រប​តាម​សេចក្ដី​ពិត​នោះ។—យ៉ូហាន ១៦:១២, ១៣

      បន្ថែម​ទៅ​ទៀត ពួក​សាវ័ក​ភ្ញាក់​ផ្អើល​ពេល​ឮ​ប្រសាសន៍​របស់​លោក​យេស៊ូ​ថា​៖ ​«​បន្ដិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ រួច​បន្ដិច​ទៀត​អ្នក​រាល់​គ្នា​ក៏​នឹង​ឃើញ​ខ្ញុំ​»។ ពួក​គាត់​សួរ​គ្នា​អំពី​អត្ថន័យ​នៃ​ប្រសាសន៍​របស់​លោក តែ​លោក​យេស៊ូ​ជ្រាប​ថា​ពួក​គាត់​ចង់​សួរ​អំពី​រឿង​នេះ ដូច្នេះ​លោក​ពន្យល់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ ប៉ុន្តែ​ពិភព​លោក​នេះ​នឹង​ត្រេក​អរ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ ប៉ុន្តែ​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ​»។ (​យ៉ូហាន ១៦:១៦, ២០​) ពេល​លោក​យេស៊ូ​នឹង​ត្រូវ​គេ​សម្លាប់​នៅ​រសៀល​ថ្ងៃ​បន្ទាប់ ពួក​អ្នក​ដឹក​នាំ​សាសនា​មាន​អំណរ តែ​ពួក​អ្នក​កាន់​តាម​លោក​មាន​ទុក្ខ​ព្រួយ​វិញ។ ប៉ុន្តែ​ក្រោយ​មក ទុក្ខ​ព្រួយ​របស់​ពួក​គាត់​នឹង​ប្រែ​ទៅ​ជា​អំណរ ពេល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ! បន្ថែម​ទៅ​ទៀត ពួក​គាត់​បន្ត​មាន​អំណរ ពេល​លោក​ចាក់​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​មក​លើ​ពួក​គាត់។

      លោក​យេស៊ូ​ប្រៀប​ធៀប​ស្ថានភាព​របស់​ពួក​សាវ័ក​ទៅ​នឹង​សេចក្ដី​វេទនា​របស់​ស្ត្រី​ដែល​កំពុង​សម្រាល​កូន ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​ស្ត្រី​កំពុង​សម្រាល​កូន នាង​មាន​ទុក្ខ ពី​ព្រោះ​វេលា​របស់​នាង​បាន​មក​ដល់​ហើយ។ ប៉ុន្តែ​ពេល​ដែល​បាន​សម្រាល​កូន​ខ្ចី​នោះ​រួច​ហើយ នាង​មិន​នឹក​ឃើញ​ពី​សេចក្ដី​វេទនា​នោះ​ត​ទៅ​ទៀត​ទេ ពី​ព្រោះ​នាង​មាន​អំណរ​ដោយ​សារ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​ពិភពលោក​»។ លោក​យេស៊ូ​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​ក៏​មាន​ទុក្ខ​ព្រួយ​ដែរ ប៉ុន្តែ​ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្ដង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ ហើយ​គ្មាន​អ្នក​ណា​នឹង​យក​អំណរ​នេះ​ចេញ​ពី​អ្នក​រាល់​គ្នា​ទេ​»។—យ៉ូហាន ១៦:២១, ២២

      មក​ទល់​ពេល​នេះ ពួក​សាវ័ក​មិន​បាន​សុំ​អ្វី​មួយ​សោះ​ដោយ​នូវ​ឈ្មោះ​របស់​លោក​យេស៊ូ។ ឥឡូវ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សុំ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​»។ ហេតុ​អ្វី​ពួក​គាត់​ត្រូវ​សុំ​ដោយ​នូវ​ឈ្មោះ​របស់​លោក​យេស៊ូ? តើ​នេះ​ដោយ​សារ​បិតា​មិន​ចង់​ឆ្លើយ​តប​សំណូម​ពរ​របស់​ពួក​គាត់​ផ្ទាល់​ឬ? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ . . . [​ដែល​]ជា​តំណាង​របស់​បិតា​នៅ​ស្ថាន​សួគ៌​»។—យ៉ូហាន ១៦:២៦, ២៧

      ប្រសាសន៍​របស់​លោក​យេស៊ូ​ប្រាកដ​ជា​លើក​ទឹក​ចិត្ត​ពួក​សាវ័ក ហើយ​ប្រហែល​ជា​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គាត់​ឲ្យ​និយាយ​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជឿ​ថា​លោក​បាន​មក​ពី​ព្រះ​»។ មិន​យូរ​ក្រោយ​មក ការ​ជឿ​ជាក់​ដ៏​មោះ​មុត​របស់​ពួក​គាត់​នឹង​ត្រូវ​ល្បង​ល។ តាម​ពិត លោក​យេស៊ូ​រៀប​រាប់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ក្រោយ​មក​ថា​៖ ​«​មើល! នឹង​មាន​គ្រា​មក​ដល់ តាម​ពិត​គ្រា​នោះ​បាន​មក​ដល់​ហើយ ពេល​ដែល​អ្នក​រាល់​គ្នា​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​ផ្ទះ​រៀង​ខ្លួន ហើយ​នឹង​ទុក​ខ្ញុំ​ឲ្យ​នៅ​ម្នាក់​ឯង​»។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​ពង្រឹង​ទំនុក​ចិត្ត​របស់​ពួក​គាត់​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្វី​ៗ​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត​ដោយ​សារ​ខ្ញុំ។ ក្នុង​ពិភព​លោក អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា ប៉ុន្តែ​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ខ្ញុំ​បាន​ឈ្នះ​ពិភព​លោក​ហើយ​»។ (​យ៉ូហាន ១៦:៣០​-​៣៣​) ពិត​ណាស់ លោក​យេស៊ូ​នឹង​មិន​បោះ​បង់​ចោល​ពួក​គាត់​ឡើយ។ លោក​មាន​ទំនុក​ចិត្ត​ថា​ពួក​អ្នក​កាន់​តាម​លោក​ក៏​អាច​ឈ្នះ​ពិភព​លោក​នេះ​ដែរ។ ពួក​គាត់​ធ្វើ​ដូច្នេះ​ដោយ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ធ្វើ​តាម​គោល​បំណង​របស់​ព្រះ ទោះ​បី​ជា​សាថាន​និង​ពិភព​លោក​របស់​វា​ព្យាយាម​បំបាក់​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​ពួក​គាត់​ក៏​ដោយ។

      • តើ​លោក​យេស៊ូ​បាន​ប្រាប់​ការ​ព្រមាន​អ្វី​ដែល​នាំ​ឲ្យ​ពួក​សាវ័ក​មាន​ទុក្ខ​ព្រួយ?

      • តើ​អ្វី​បាន​នាំ​ឲ្យ​ពួក​សាវ័ក​លែង​សួរ​លោក​យេស៊ូ​ទៀត?

      • ទុក្ខ​ព្រួយ​របស់​ពួក​សាវ័ក​នឹង​ប្រែ​ទៅ​ជា​អំណរ​វិញ តើ​លោក​យេស៊ូ​ប្រៀប​ធៀប​ស្ថានភាព​នេះ​ទៅ​នឹង​អ្វី?

  • សេចក្ដីអធិដ្ឋានបញ្ចប់របស់លោកយេស៊ូនៅបន្ទប់ខាងលើ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូងើបភ្នែកមើលទៅស្ថានសួគ៌ ហើយអធិដ្ឋាននៅមុខពួកសាវ័ករបស់លោក

      ជំពូក​ទី​១២២

      សេចក្ដី​អធិដ្ឋាន​បញ្ចប់​របស់​លោក​យេស៊ូ​នៅ​បន្ទប់​ខាង​លើ

      យ៉ូហាន ១៧:១​-​២៦

      • លទ្ធផល​នៃ​ការ​ស្គាល់​ព្រះ​និង​បុត្រ​របស់​លោក

      • ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​ពួក​អ្នក​កាន់​តាម​រួម​គ្នា​តែ​មួយ

      លោក​យេស៊ូ​បាន​ជួយ​ពួក​សាវ័ក​ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ចាក​ចេញ​របស់​លោក​ក្នុង​ពេល​ឆាប់​ៗ​នេះ ពី​ព្រោះ​លោក​ស្រឡាញ់​ពួក​គាត់​យ៉ាង​ខ្លាំង។ ឥឡូវ​នេះ លោក​ងើប​ភ្នែក​មើល​ទៅ​ស្ថាន​សួគ៌ ហើយ​អធិដ្ឋាន​ទៅ​បិតា​លោក​ថា​៖ ​«​សូម​តម្កើង​បុត្រ​លោក ដើម្បី​ឲ្យ​បុត្រ​លោក​អាច​តម្កើង​លោក​ដែរ ដោយ​សារ​លោក​បាន​ប្រគល់​ឲ្យ​បុត្រ​លោក​មាន​អំណាច​លើ​មនុស្ស​ទាំង​អស់ ដើម្បី​បុត្រ​លោក​អាច​ឲ្យ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដល់​អស់​អ្នក​ដែល​លោក​បាន​ផ្ដល់​ឲ្យ​បុត្រ​លោក​»។—យ៉ូហាន ១៧:១, ២

      លោក​យេស៊ូ​ជ្រាប​យ៉ាង​ច្បាស់​ថា ការ​លើក​តម្កើង​ព្រះ​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត។ ម្យ៉ាង​ទៀត សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​គឺ​ពិត​ជា​គួរ​ឲ្យ​សម្រាល​ទុក្ខ​មែន! ដោយ​សារ​លោក​យេស៊ូ​បាន​ទទួល​«​អំណាច​លើ​មនុស្ស​ទាំង​អស់​»​ ហេតុ​នេះ លោក​អាច​ផ្ដល់​ឱកាស​ឲ្យ​មនុស្សជាតិ​ទាំង​អស់​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ​របស់​លោក។ ក៏​ប៉ុន្តែ មាន​តែ​មនុស្ស​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​ប្រយោជន៍។ ហេតុ​អ្វី​ដូច្នេះ? ពី​ព្រោះ​លោក​យេស៊ូ​នឹង​ផ្ដល់​ប្រយោជន៍​ពី​ថ្លៃ​លោះ​របស់​លោក​សម្រាប់​តែ​អស់​អ្នក​ដែល​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​ដែល​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ ព្រម​ទាំង​យេស៊ូ​គ្រិស្ត ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។—យ៉ូហាន ១៧:៣

      បុគ្គល​ម្នាក់​ត្រូវ​ស្គាល់​បិតា​និង​បុត្រ​របស់​លោក​យ៉ាង​ច្បាស់ ហើយ​ត្រូវ​មាន​ចំណង​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក​ទាំង​ពីរ។ គាត់​ត្រូវ​មាន​ទស្សនៈ​ដូច​បិតា​និង​បុត្រ​របស់​លោក​ផង​ដែរ។ បន្ថែម​ទៅ​ទៀត គាត់​ត្រូវ​ព្យាយាម​យក​តម្រាប់​គុណ​សម្បត្ដិ​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន​របស់​លោក​ទាំង​ពីរ​ស្តី​អំពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត។ បុគ្គល​នោះ​ក៏​ត្រូវ​ទទួល​ស្គាល់​ដែរ​ថា ការ​សរសើរ​តម្កើង​ព្រះ​គឺ​សំខាន់​ជាង​ការ​ដែល​មនុស្ស​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។

      ស្តី​អំពី​ការ​សរសើរ​តម្កើង​ព្រះ លោក​យេស៊ូ​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​បាន​តម្កើង​លោក​នៅ​ផែន​ដី ដោយ​បាន​បង្ហើយ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​ធ្វើ។ ដូច្នេះ បិតា​អើយ ឥឡូវ​នេះ​សូម​តម្កើង​ខ្ញុំ ពោល​គឺ​ឲ្យ​ខ្ញុំ​នៅ​ក្បែរ​លោក​ដោយ​មាន​សិរី​រុង​រឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ក្បែរ​លោក កាល​មិន​ទាន់​មាន​ពិភព​លោក​នៅ​ឡើយ​»។ (​យ៉ូហាន ១៧:៤, ៥​) លោក​យេស៊ូ​សុំ​បិតា​ផ្ដល់​ឲ្យ​លោក​នូវ​សិរី​រុង​រឿង​នៅ​ឯ​ស្ថាន​សួគ៌​ដែល​លោក​ធ្លាប់​មាន ដោយ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ។

      ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​មិន​បាន​ភ្លេច​អំពី​អ្វី​ដែល​លោក​បាន​សម្រេច​ក្នុង​កិច្ច​បម្រើ​របស់​លោក​ឡើយ។ លោក​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​បាន​សម្ដែង​នាម​របស់​លោក​ឲ្យ​ពួក​បុរស​ដែល​លោក​បាន​យក​ចេញ​ពី​ពិភព​លោក​រួច​ប្រគល់​ឲ្យ​ខ្ញុំ។ ពួក​គាត់​ជា​របស់​លោក ហើយ​លោក​បាន​ប្រគល់​ពួក​គាត់​ឲ្យ​ខ្ញុំ។ ពួក​គាត់​បាន​ប្រព្រឹត្ត​តាម​បណ្ដាំ​របស់​លោក​»។ (​យ៉ូហាន ១៧:៦​) លោក​យេស៊ូ​មិន​គ្រាន់​តែ​ប្រកាស​អំពី​នាម​ព្រះ​យេហូវ៉ា​ក្នុង​កិច្ច​បម្រើ​របស់​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​បាន​ជួយ​ពួក​សាវ័ក​របស់​លោក​ឲ្យ​ស្គាល់​អំពី​អ្វី​ដែល​នាម​ព្រះ​តំណាង​ផង​ដែរ ពោល​គឺ​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​ព្រះ​និង​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​មនុស្សជាតិ។

      ពួក​សាវ័ក​បាន​ស្គាល់​ព្រះ​យេហូវ៉ា តួនាទី​របស់​លោក​យេស៊ូ និង​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន។ លោក​យេស៊ូ​អធិដ្ឋាន​ដោយ​ចិត្ត​រាប​ទាប​ថា​៖ ​«​គ្រប់​ទាំង​ប្រសាសន៍​ដែល​លោក​បាន​ឲ្យ​ខ្ញុំ នោះ​ខ្ញុំ​បាន​ឲ្យ​ពួក​គាត់ ហើយ​ពួក​គាត់​បាន​ទទួល​ប្រសាសន៍​ទាំង​នោះ ក៏​ដឹង​ប្រាកដ​ថា​ខ្ញុំ​បាន​មក​ជា​តំណាង​របស់​លោក ហើយ​ពួក​គាត់​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។—យ៉ូហាន ១៧:៨

      បន្ទាប់​មក លោក​យេស៊ូ​ទទួល​ស្គាល់​អំពី​ភាព​ខុស​គ្នា​រវាង​ពួក​អ្នក​កាន់​តាម​លោក​និង​មនុស្ស​ក្នុង​ពិភព​លោក​នេះ ដោយ​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​មិន​ធ្វើ​សំណូម​ពរ​អំពី​ពិភព​លោក​ទេ ប៉ុន្តែ​អំពី​អស់​អ្នក​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ពី​ព្រោះ​ពួក​គាត់​ជា​របស់​លោក . . . បិតា​បរិសុទ្ធ​អើយ សូម​ការពារ​ពួក​គាត់ ដើម្បី​នាម​របស់​លោក​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គាត់​រួម​គ្នា​តែ​មួយ​ដូច​យើង​រួម​គ្នា​តែ​មួយ​ដែរ។ . . . ខ្ញុំ​ក៏​បាន​រក្សា​ទុក​ពួក​គាត់ ហើយ​គ្មាន​ពួក​គាត់​ណា​ម្នាក់​បាន​បាត់​បង់​ឡើយ លើក​លែង​តែ​អ្នក​នោះ​ដែល​នឹង​ត្រូវ​បំផ្លាញ​»។ អ្នក​ដែល​នឹង​ត្រូវ​បំផ្លាញ​គឺ​យូដាស​អ៊ីស្ការីយ៉ុត​ដែល​បាន​ចេញ​ទៅ​ដើម្បី​រក​ឱកាស​ក្បត់​លោក​យេស៊ូ។—យ៉ូហាន ១៧:៩​-​១២

      លោក​យេស៊ូ​បន្ត​អធិដ្ឋាន​ថា​៖ ​«​ពិភព​លោក​បាន​ស្អប់​ពួក​គាត់ . . . ខ្ញុំ​មិន​សុំ​លោក​យក​ពួក​គាត់​ចេញ​ពី​ពិភព​លោក​ទេ ប៉ុន្តែ​ខ្ញុំ​សុំ​លោក​ការពារ​ពួក​គាត់ ឲ្យ​រួច​ពី​មេ​កំណាច។ ពួក​គាត់​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ទេ ដូច​ខ្ញុំ​ក៏​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​ដែរ​»។ (​យ៉ូហាន ១៧:១៤​-​១៦​) ពួក​សាវ័ក​និង​អ្នក​កាន់​តាម​ឯ​ទៀត​នៅ​ក្នុង​ពិភព​លោក ពោល​គឺ​សង្គម​មនុស្ស​ដែល​បាន​ត្រូវ​គ្រប់​គ្រង​ដោយ​សាថាន ប៉ុន្តែ​ពួក​គាត់​ត្រូវ​តែ​ញែក​ខ្លួន​ចេញ​ពី​ពិភព​លោក​នេះ​និង​ភាព​អាក្រក់​របស់​វា។ តើ​ពួក​គាត់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

      ពួក​គាត់​ត្រូវ​រក្សា​ខ្លួន​ឲ្យ​ស្អាត​បរិសុទ្ធ​ដើម្បី​បម្រើ​ព្រះ ដោយ​ធ្វើ​តាម​សេចក្ដី​ពិត​ដែល​មាន​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ និង​សេចក្ដី​ពិត​ដែលលោក​យេស៊ូ​បាន​បង្រៀន​ពួក​គាត់​ដោយ​ផ្ទាល់។ រួច​មក លោក​យេស៊ូ​អធិដ្ឋាន​ថា​៖ ​«​សូម​ញែក​ពួក​គាត់​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត។ ឯ​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៧:១៧​) នៅ​ពេល​ក្រោយ​មក ពួក​សាវ័ក​មួយ​ចំនួន​នឹង​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​សៀវភៅ​ខ្លះ​ដែល​នឹង​ទៅ​ជា​ផ្នែក​មួយ​នៃ​«​សេចក្ដី​ពិត​»​ ហើយ​សេចក្ដី​ពិត​នោះ​អាច​ជួយ​មនុស្ស​ឲ្យ​មាន​ភាព​ស្អាត​បរិសុទ្ធ។

      នៅ​ពេល​ក្រោយ​មក មនុស្ស​ឯ​ទៀត​ក៏​នឹង​ទទួល​យក​«​សេចក្ដី​ពិត​»​ផង​ដែរ។ ដូច្នេះ លោក​យេស៊ូ​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​មិន​ធ្វើ​សំណូម​ពរ​អំពី​ពួក​គាត់[​ពួក​សាវ័ក​ទាំង​១១​នាក់​]ប៉ុណ្ណោះ តែ​ក៏​ធ្វើ​សំណូម​អំពី​អស់​អ្នក​ណា​ដែល​ជឿ​លើ​ខ្ញុំ ដោយ​សារ​ពាក្យ​របស់​ពួក​គាត់​ផង​ដែរ​»។ តើ​លោក​យេស៊ូ​ធ្វើ​សំណូម​ពរ​អ្វី​សម្រាប់​ពួក​គាត់​ទាំង​អស់​គ្នា? លោក​អធិដ្ឋាន​ថា​៖ ​«​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​រួម​គ្នា​តែ​មួយ ដូច​លោក​ដែល​ជា​បិតា រួប​រួម​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​លោក ដើម្បី​ពួក​គេ​ក៏​អាច​រួប​រួម​ជា​មួយ​នឹង​យើង​ដែរ​»។ (​យ៉ូហាន ១៧:២០, ២១​) លោក​យេស៊ូ​និង​បិតា​របស់​លោក​មិន​មែន​រួម​គ្នា​ជា​បុគ្គល​តែ​មួយ​ក្នុង​ន័យ​ត្រង់​ទេ។ លោក​ទាំង​ពីរ​រួម​គ្នា​តែ​មួយ​ក្នុង​ន័យ​ថា លោក​មាន​ទស្សនៈ​ស្រប​គ្នា​ក្នុង​ការ​ទាំង​អស់។ លោក​យេស៊ូ​អធិដ្ឋាន​សុំ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​រួម​គ្នា​តែ​មួយ​ដូច​នេះ​ដែរ។

      បន្ដិច​មុន​នេះ លោក​យេស៊ូ​បាន​ប្រាប់​ពេត្រុស​និង​សាវ័ក​ឯ​ទៀត​ថា លោក​នឹង​ទៅ​ដើម្បី​រៀប​ចំ​កន្លែង​មួយ​សម្រាប់​ពួក​គាត់ ពោល​គឺ​កន្លែង​ដែល​នៅ​ឯ​ស្ថាន​សួគ៌។ (​យ៉ូហាន ១៤:២, ៣​) ឥឡូវ​នេះ លោក​យេស៊ូ​អធិដ្ឋាន​អំពី​រឿង​នេះ​ថា​៖ ​«​បិតា​អើយ ខ្ញុំ​ធ្វើ​សំណូម​អំពី​ពួក​អ្នក​ដែល​លោក​បាន​ប្រគល់​ឲ្យ​ខ្ញុំ។ ខ្ញុំ​ប្រាថ្នា​ឲ្យ​ពួក​គាត់​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ ដើម្បី​ឃើញ​សិរី​រុង​រឿង​របស់​ខ្ញុំ​ដែល​លោក​បាន​ឲ្យ​ខ្ញុំ ពី​ព្រោះ​លោក​បាន​ស្រឡាញ់​ខ្ញុំ​មុន​កំណើត​ពិភព​លោក​»។ (​យ៉ូហាន ១៧:២៤​) ដោយ​មាន​ប្រសាសន៍​ដូច្នេះ លោក​យេស៊ូ​បញ្ជាក់​ថា អស់​រយៈ​ពេល​ជា​យូរ គឺ​តាំង​ពី​មុន​ពេល​ដែល​អាដាម​និង​អេវ៉ា​មាន​កូន​ទៅ​ទៀត ព្រះ​បាន​ស្រឡាញ់​បុត្រ​តែ​មួយ​របស់​លោក។ ក្រោយ​មក​បុត្រ​នោះ​បាន​ក្លាយ​ទៅ​ជា​យេស៊ូ​គ្រិស្ត។

      លោក​យេស៊ូ​បញ្ចប់​សេចក្ដី​អធិដ្ឋាន​របស់​លោក​ដោយ​លើក​បញ្ជាក់​ម្ដង​ទៀត​អំពី​នាម​និង​សេចក្ដី​ស្រឡាញ់​របស់​បិតា​លោក​ចំពោះ​ពួក​សាវ័ក​និង​អស់​អ្នក​ដែល​នឹង​ទទួល​យក​«​សេចក្ដី​ពិត​»។ លោក​អធិដ្ឋាន​ថា​៖ ​«​ខ្ញុំ​បាន​សម្ដែង​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​សម្ដែង​ឲ្យ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​ខ្ញុំ ហើយ​ដើម្បី​ឲ្យ​ខ្ញុំ​រួប​រួម​ជា​មួយ​នឹង​ពួក​គាត់​»។—យ៉ូហាន ១៧:២៦

      • តើ​ការ​ស្គាល់​ព្រះ​និង​បុត្រ​របស់​លោក​មាន​ន័យ​ដូច​ម្ដេច?

      • តើ​តាម​របៀប​ណា​លោក​យេស៊ូ​សម្ដែង​នាម​របស់​ព្រះ​ឲ្យ​មនុស្ស​ស្គាល់?

      • តើ​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​ពួក​អ្នក​គោរព​ប្រណិប័តន៍​ពិត​រួម​គ្នា​តែ​មួយ​យ៉ាង​ដូច​ម្ដេច?

  • លោកអធិដ្ឋានពេលដែលកើតទុក្ខយ៉ាងខ្លាំង
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូអធិដ្ឋាននៅក្នុងសួនហ្គេតសេម៉ានី កាលដែលពេត្រុស យ៉ាកុប និងយ៉ូហានដេកលក់

      ជំពូក​ទី​១២៣

      លោក​អធិដ្ឋាន​ពេល​ដែល​កើត​ទុក្ខ​យ៉ាង​ខ្លាំង

      ម៉ាថាយ ២៦:៣០, ៣៦​-​៤៦ ម៉ាកុស ១៤:២៦, ៣២​-​៤២ លូកា ២២:៣៩​-​៤៦ យ៉ូហាន ១៨:១

      • លោក​យេស៊ូ​នៅ​ក្នុង​សួន​ហ្គេតសេម៉ានី

      • ញើស​របស់​លោក​បាន​ប្រែ​ដូច​ជា​តំណក់​ឈាម

      លោក​យេស៊ូ​បញ្ចប់​សេចក្ដី​អធិដ្ឋាន​ជា​មួយ​នឹង​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​របស់​លោក។ បន្ទាប់​មក ​«​ក្រោយ​ពី​បាន​ច្រៀង​សរសើរ​ព្រះ​ហើយ លោក​និង​ពួក​គាត់​បាន​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ​»។ (​ម៉ាកុស ១៤:២៦​) ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​កើត​ឆ្ពោះ​ទៅ​សួន​មួយ​ដែល​គេ​ហៅ​ថា​ហ្គេតសេម៉ានី។ នេះ​គឺ​ជា​កន្លែង​ដែល​លោក​យេស៊ូ​ទៅ​ជា​ញឹក​ញយ។

      ពេល​ពួក​គាត់​ទៅ​ដល់​សួន​ដ៏​ស្អាត​នេះ​ដែល​មាន​ដើម​អូលីវ​ជា​ច្រើន នោះ​លោក​យេស៊ូ​ឲ្យ​ពួក​សាវ័ក​៨​នាក់​ចាំ​នៅ​ខាង​ក្រៅ​សួន។ ពួក​គាត់​ប្រហែល​ជា​ចាំ​នៅ​ច្រក​ចូល​មុខ​សួន ពី​ព្រោះ​លោក​ប្រាប់​ពួក​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ពេល​ខ្ញុំ​ទៅ​អធិដ្ឋាន​នៅ​ទី​នោះ​»។ រួច​លោក​នាំ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ចូល​ទៅ​ក្នុង​សួន។ បន្ទាប់​មក លោក​ក៏​តាំង​កើត​ទុក្ខ​យ៉ាង​ខ្លាំង ហើយ​ប្រាប់​ពួក​គាត់​បី​នាក់​ថា​៖ ​«​ខ្ញុំ​កំពុង​កើត​ទុក្ខ​ស្ទើរនឹង​ស្លាប់។ សូម​នៅ​ទី​នេះ ហើយ​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​»។—ម៉ាថាយ ២៦:៣៦​-​៣៨

      លោក​យេស៊ូ​ដើរ​ចេញ​ឆ្ងាយ​ពី​ពួក​គាត់​បន្ដិច ហើយ​លោក​«​ក្រាប​ខ្លួន​ដល់​ដី រួច​ចាប់​ផ្ដើម​អធិដ្ឋាន​»។ ក្នុង​វេលា​ដ៏​សំខាន់​នេះ តើ​លោក​នឹង​អធិដ្ឋាន​ទៅ​ព្រះ​អំពី​អ្វី? លោក​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ! លោក​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន។ សូម​ដក​ពែង​នេះ​ចេញ​ពី​ខ្ញុំ។ ប៉ុន្តែ​សូម​ឲ្យ​បំណង​របស់​លោក​បាន​សម្រេច មិន​មែន​បំណង​របស់​ខ្ញុំ​ទេ​»។ (​ម៉ាកុស ១៤:៣៥, ៣៦​) តើ​លោក​ចង់​មាន​ន័យ​អ្វី? តើ​លោក​កំពុង​រា​ថយ​ពី​ការ​បំពេញ​តួនាទី​ជា​អ្នក​បង់​ថ្លៃ​លោះ​ឬ​ទេ? មិន​មែន​ទេ!

      ពី​មុន ពេល​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ លោក​បាន​ឃើញ​ថា​មនុស្ស​ដែល​ត្រូវ​ជន​ជាតិ​រ៉ូម​ប្រហារ​ជីវិត​គឺ​ទទួល​សេចក្ដី​វេទនា​ខ្លាំង​ណាស់។ ឥឡូវ​នេះ​លោក​ជា​មនុស្ស​ដែល​មាន​អារម្មណ៍ ហើយ​អាច​មាន​ការ​ឈឺ​ចាប់ ដូច្នេះ​លោក​មិន​ចង់​ជួប​ប្រទះ​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​លោក​ឡើយ។ ក៏​ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នោះ​ទៅ​ទៀត​គឺ​លោក​កើត​ទុក្ខ​យ៉ាង​ខ្លាំង ដោយ​សារ​លោក​ដឹង​ថា​ការ​ស្លាប់​របស់​លោក​ដូច​ជា​ឧក្រិដ្ឋជន​ម្នាក់​ដែល​អាច​នាំ​ឲ្យ​នាម​របស់​បិតា​លោក​ទទួល​ការ​អាប់​ឱន។ នៅ​ប៉ុន្មាន​ម៉ោង​ទៀត លោក​នឹង​ត្រូវ​គេ​ព្យួរ​នៅ​បង្គោល​ហាក់​ដូច​ជា​លោក​ជា​អ្នក​ដែល​បាន​ប្រមាថ​ព្រះ។

      ក្រោយ​ពី​លោក​យេស៊ូ​បាន​អធិដ្ឋាន​យ៉ាង​យូរ លោក​ត្រឡប់​ទៅ​ឯ​សាវ័ក​បី​នាក់​នោះ​វិញ ហើយ​ឃើញ​ពួក​គាត់​កំពុង​ដេក​លក់។ លោក​មាន​ប្រសាសន៍​ទៅ​ពេត្រុស​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​អាច​ចាំ​យាម​ជា​មួយ​នឹង​ខ្ញុំ​សូម្បី​តែ​មួយ​ម៉ោង​ទេ​ឬ? ចូរ​ចាំ​យាម​ហើយ​អធិដ្ឋាន​ជា​និច្ច ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​ឡើយ​»។ លោក​យេស៊ូ​ជ្រាប​ថា​ពួក​សាវ័ក​ក៏​មាន​ក្ដី​ទុក្ខ​ព្រួយ​ដែរ។ ម្យ៉ាង​ទៀត នោះ​ជា​ពេល​យប់​ជ្រៅ​ហើយ។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ចិត្ត​បាន​ប្រុង​ប្រៀប​ជា​ស្រេច​ពិត​មែន ប៉ុន្តែ​សាច់​ឈាម​គឺ​ខ្សោយ​ណាស់​»។—ម៉ាថាយ ២៦:៤០, ៤១

      បន្ទាប់​មក លោក​យេស៊ូ​ចេញ​ទៅ​អធិដ្ឋាន​ជា​លើក​ទី២ ហើយ​សុំ​ព្រះ​ឲ្យ​ដក​«​ពែង​នេះ​»​ចេញ​ពី​លោក។ នៅ​ពេល​ដែល​លោក​ត្រឡប់​មក​វិញ នោះ​លោក​ឃើញ​ពួក​សាវ័ក​បី​នាក់​កំពុង​ដេក​លក់​ម្ដង​ទៀត។ នៅ​ពេល​នោះ​ពួក​គាត់​គួរ​តែ​អធិដ្ឋាន​ដើម្បី​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង។ ហេតុ​នេះ កាល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់ នោះ​ពួក​គាត់​«​មិន​ដឹង​ឆ្លើយ​យ៉ាង​ណា​ទេ​»។ (​ម៉ាកុស ១៤:៤០​) រួច​មក លោក​យេស៊ូ​ចេញ​ទៅ​លុត​ជង្គង់​អធិដ្ឋាន​ជា​លើក​ទី៣។

      លោក​យេស៊ូ​ថប់​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​នាំ​ឲ្យ​នាម​របស់​បិតា​លោក​ទទួល​ការ​អាប់​ឱន​ដោយ​សារ​លោក​នឹង​ស្លាប់​ដូច​ជា​អ្នក​ទោស​ម្នាក់។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​កំពុង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​បុត្រ​លោក ដូច្នេះ​នៅ​ពេល​មួយ​ព្រះ​ចាត់​ទេវតា​មួយ​រូប​ឲ្យ​មក​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​របស់​បុត្រ​លោក។ ទោះ​ជា​យ៉ាងនោះ​ក្ដី លោក​យេស៊ូ​មិន​បាន​ឈប់​អង្វរ​សុំ​បិតា​របស់​លោក​ទេ តែ​លោក​បន្ត​«​អធិដ្ឋាន​ដោយ​ចិត្ត​ខ្នះ​ខ្នែង​ជាង​មុន​ទៅ​ទៀត​»។ នៅ​ពេល​នេះ​លោក​យេស៊ូ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ លោក​ជ្រាប​ថា​បើ​លោក​មិន​បង្ហាញ​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់​ទេ នោះ​លោក​និង​មនុស្សជាតិ​ដែល​បង្ហាញ​ជំនឿ អាច​បាត់​បង់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ លោក​ត្រូវ​រ៉ាប់​រង​បន្ទុក​ដ៏​ធ្ងន់​យ៉ាង​ណា​ទៅ! ដូច្នេះ​«​ញើស​របស់​លោក​បាន​ប្រែ​ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី​»។—លូកា ២២:៤៤

      ប៉ុន្តែ ពេល​ដែល​លោក​យេស៊ូ​ត្រឡប់​មក​ឯ​ពួក​សាវ័ក​ជា​លើក​ទី៣ លោក​ឃើញ​ពួក​គាត់​កំពុង​ដេក​លក់​ម្ដង​ទៀត។ រួច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​ដេក​យក​កម្លាំង​នៅ​ពេល​ដ៏​សំខាន់​នេះ? មើល! ពេល​ដែល​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​គឺ​ជិត​ដល់​ហើយ។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ។ មើល! អ្នក​ដែល​ក្បត់​ខ្ញុំ​បាន​មក​ជិត​ដល់​ហើយ​»។—ម៉ាថាយ ២៦:៤៥, ៤៦

      ញើស​លោក​បាន​ប្រែ​ដូច​ជា​តំណក់​ឈាម

      លូកា​ដែល​ជា​គ្រូ​ពេទ្យ​មិន​បាន​ពន្យល់​អំពី​របៀប​ដែល​ញើស​របស់​លោក​យេស៊ូ​«​បាន​ប្រែ​ដូច​ជា​តំណក់​ឈាម​»​នោះ​ឡើយ។ (​លូកា ២២:៤៤​) លូកា​ប្រហែល​ជា​កំពុង​និយាយ​ក្នុង​ន័យ​ធៀប​ថា ញើស​របស់​លោក​ហាក់​ដូច​ជា​ឈាម​ដែល​ស្រក់​ពី​របួស។ ក៏​ប៉ុន្តែ គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ​វីល្លាម អេឌវ៉ាដ​ប្រាប់​អំពី​យោបល់​របស់​គាត់​ក្នុង​ទស្សនាវដ្ដី​មួយ​ថា​៖ ​«​មនុស្ស​ម្នាក់​អាច​ស្រក់​ញើស​ចេញ​ជា​ឈាម​បាន។ ទោះ​ជា​ហេតុ​ការណ៍​នេះ​កម្រ​កើត​ឡើង​ក៏​ដោយ បើ​បុគ្គល​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​មួយ នោះ​គាត់​អាច​កើត​ទុក្ខ​យ៉ាង​ខ្លាំង ដែល​បណ្ដាល​ឲ្យ​សរសៃ​ឈាម​តូច​ៗ​របស់​គាត់​ធ្លាយ ហើយ​ឈាម​បាន​លាយ​ជា​មួយ​នឹង​ញើស។ ជា​លទ្ធផល ញើស​របស់​គាត់​ប្រែ​ដូច​ជា​តំណក់​ឈាម​»​ (​The Journal of the American Medical Association​)។

      • ក្រោយ​ពី​ចាក​ចេញ​ពី​បន្ទប់​នៅ​ខាង​លើ តើ​លោក​យេស៊ូ​នាំ​ពួក​សាវ័ក​ទៅ​ឯ​ណា?

      • តើ​ពួក​សាវ័ក​បី​នាក់​ធ្វើ​អ្វី​កាល​ដែល​លោក​យេស៊ូ​កំពុង​អធិដ្ឋាន?

      • ការ​ដែល​ញើស​របស់​លោក​យេស៊ូ​ប្រែ​ដូច​ជា​តំណក់​ឈាម តើ​នេះ​បញ្ជាក់​ថា​លោក​កំពុង​មាន​អារម្មណ៍​យ៉ាង​ណា?

  • គ្រិស្តត្រូវគេក្បត់ហើយចាប់ខ្លួន
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូស្តីបន្ទោសពេត្រុសដោយសារគាត់យកដាវកាប់ដាច់ស្លឹកត្រចៀករបស់ម៉ាលឃូស ពួកទាហានប្រុងប្រៀបចាប់លោកយេស៊ូ

      ជំពូក​ទី​១២៤

      គ្រិស្ត​ត្រូវ​គេ​ក្បត់​ហើយ​ចាប់​ខ្លួន

      ម៉ាថាយ ២៦:៤៧​-​៥៦ ម៉ាកុស ១៤:៤៣​-​៥២ លូកា ២២:៤៧​-​៥៣ យ៉ូហាន ១៨:២​-​១២

      • យូដាស​ក្បត់​លោក​យេស៊ូ​នៅ​ក្នុង​សួន

      • ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក​របស់​បុរស​ម្នាក់

      • លោក​យេស៊ូ​បាន​ត្រូវ​ចាប់​ខ្លួន

      ឥឡូវ​នេះ​គឺ​ជា​ពេល​រំលង​អធ្រាត្រ​ហើយ។ ពួក​សង្ឃ​បាន​យល់​ព្រម​ឲ្យ​ប្រាក់​ទៅ​យូដាស​ចំនួន​៣០​កាក់​ធ្វើ​ពី​ប្រាក់ ដើម្បី​ឲ្យ​គាត់​ក្បត់​លោក​យេស៊ូ។ ដូច្នេះ យូដាស​នាំ​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​ដែល​រួម​មាន​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​ទៅ​រក​លោក​យេស៊ូ។ ក្នុង​ចំណោម​ពួក​គេ​ក៏​មាន​កង​ទាហាន​រ៉ូម​ដែល​ប្រដាប់​ដោយ​អាវុធ​និង​មេ​បញ្ជាការ​ផង​ដែរ។

      នៅ​ពេល​ដែល​លោក​យេស៊ូ​ប្រាប់​យូដាស​ឲ្យ​ចាក​ចេញ​ពី​ពិធី​ពិសា​អាហារ​បុណ្យ​រំលង នោះ​គាត់​ច្បាស់​ជា​ទៅ​ជួប​ពួក​សង្ឃនាយក​ភ្លាម។ (​យ៉ូហាន ១៣:២៧​) នៅ​ពេល​នោះ ពួក​គេ​ក៏​ប្រមូល​ពួក​អាជ្ញាធរ​របស់​ខ្លួន រួម​ទាំង​ទាហាន​មួយ​ក្រុម​ផង​ដែរ។ នៅ​ដើម​ដំបូង យូដាស​ប្រហែល​ជា​បាន​នាំ​ពួក​គេ​ទៅ​ឯ​បន្ទប់​ដែល​លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​ធ្វើ​បុណ្យ​រំលង។ ប៉ុន្តែ​ឥឡូវ​នេះ មនុស្ស​មួយ​ក្រុម​នេះ​ដែល​មាន​កំហឹង​បាន​ឆ្លង​ជ្រលង​គីដ្រុន ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​សួន​ហ្គេតសេម៉ានី។ ពួក​គេ​មិន​ត្រឹម​តែ​មាន​អាវុធ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​កាន់​ចង្កៀង​និង​ចន្លុះ​ដែរ ក្នុង​គោល​បំណង​ស្វែង​រក​លោក​យេស៊ូ​ឲ្យ​ទាល់​តែ​ឃើញ។

      កាល​ដែល​យូដាស​នាំ​ពួក​គេ​ឡើង​លើ​ភ្នំ​ដើម​អូលីវ គាត់​ប្រាកដ​ក្នុង​ចិត្ត​ថា​គាត់​ស្គាល់​កន្លែង​ដែល​គាត់​អាច​រក​លោក​យេស៊ូ​ឃើញ។ ហេតុ​អ្វី? ពី​ព្រោះ​ក្នុង​អំឡុង​សប្ដាហ៍​មុន កាល​ដែល​លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ពី​ភូមិ​បេថានី​ទៅ​ក្រុង​យេរូសាឡិម ពួក​គាត់​តែង​តែ​បាន​ឈប់​សម្រាក​នៅ​សួន​ហ្គេតសេម៉ានី។ ឥឡូវ​នេះ​គឺ​ជា​ពេល​យប់ ហើយ​ស្រមោល​ដើម​អូលីវ​ដែល​នៅ​ក្នុង​សួន​នោះ​ប្រហែល​ជា​បាន​បាំង​លោក​យេស៊ូ​ផង​ដែរ។ ដូច្នេះ តើ​ពួក​ទាហាន​ដែល​ប្រហែល​ជា​មិន​ធ្លាប់​ឃើញ​លោក​យេស៊ូ​ពី​មុន​សោះ អាច​សម្គាល់​លោក​តាម​របៀប​ណា? យូដាស​ប្រាប់​សញ្ញា​មួយ​ដល់​ពួក​គេ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​សម្គាល់​លោក​យេស៊ូ។ គាត់​និយាយ​ថា​៖ ​«​អ្នក​ណា​ដែល​ខ្ញុំ​ថើប គឺ​អ្នក​នោះ​ហើយ។ ត្រូវ​ចាប់​គាត់​ហើយ​នាំ​ទៅ​ដោយ​ប្រុង​ប្រយ័ត្ន​»។—ម៉ាកុស ១៤:៤៤

      ពេល​ដែល​យូដាស​នាំ​ក្រុម​មនុស្ស​ចូល​ក្នុង​សួន គាត់​ឃើញ​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​ពួក​សាវ័ក ដូច្នេះ​គាត់​បាន​ដើរ​តម្រង់​ទៅ​រក​លោក។ យូដាស​និយាយ​ថា​៖ ​«​ជម្រាប​សួរ​រ៉ាប៊ី!​»។ បន្ទាប់​មក គាត់​ថើប​លោក​ដោយ​ថ្នម។ ពេល​នោះ លោក​យេស៊ូ​សួរ​គាត់​ថា​៖ ​«​តើ​អ្នក​មក​ទី​នេះ​ក្នុង​បំណង​អ្វី?​»។ (​ម៉ាថាយ ២៦:៤៩, ៥០​) ក្រោយ​ពី​សួរ​យូដាស​រួច លោក​យេស៊ូ​ក៏​សួរ​សំណួរ​មួយ​ទៀត​ថា​៖ ​«​យូដាស តើ​អ្នក​ក្បត់​កូន​មនុស្ស​ដោយ​ថើប​លោក​ឬ?​»។ (​លូកា ២២:៤៨​) ប៉ុន្តែ លោក​មិន​បាន​ចាំ​ឲ្យ​យូដាស​ឆ្លើយ​តប​នឹង​លោក​ឡើយ!

      ឥឡូវ​នេះ លោក​យេស៊ូ​ចូល​ទៅ​ជិត​ពន្លឺ​ចង្កៀង​និង​ចន្លុះ ហើយ​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​កំពុង​រក​អ្នក​ណា?​»។ ក្រុម​មនុស្ស​ដែល​មាន​កំហឹង​នោះ​បាន​ឆ្លើយ​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​»។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ដោយ​ក្លាហាន​ថា​៖ ​«​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ​»។ (​យ៉ូហាន ១៨:៤, ៥​) ពួក​មនុស្ស​ទាំង​នោះ​មិន​ដឹង​ថា​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​ទេ ហើយ​ពួក​គេ​ក៏​ដួល​ដល់​ដី។

      ជា​ជាង​ឆ្លៀត​យក​ឱកាស​នោះ​ដើម្បី​រត់​គេច​ខ្លួន លោក​យេស៊ូ​សួរ​ពួក​គេ​ម្ដង​ទៀត​ថា តើ​ពួក​គេ​កំពុង​រក​អ្នក​ណា? នៅ​ពេល​ដែល​គេ​ឆ្លើយ​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​»​ នោះ​លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​បន្ត​ទៀត​ថា​៖ ​«​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា ខ្ញុំ​នេះ​ហើយ​ជា​អ្នក​នោះ។ ដូច្នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​កំពុង​រក​ខ្ញុំ ចូរ​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ​»។ ទោះ​បី​ជា​ស្ថិត​ក្នុង​ពេល​ដ៏​សំខាន់​នេះ​ក្ដី លោក​យេស៊ូ​នៅ​តែ​ចាំ​អំពី​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា លោក​នឹង​មិន​បាត់​បង់​អ្នក​ណា​ម្នាក់​សោះ។ (​យ៉ូហាន ៦:៣៩; ១៧:១២​) លោក​យេស៊ូ​បាន​ការពារ​ពួក​សាវ័ក​ស្មោះ​ត្រង់​របស់​លោក ហេតុ​នេះ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាត់​បង់​នោះ​ឡើយ ​«​លើក​លែង​តែ​អ្នក​នោះ​ដែល​នឹង​ត្រូវ​បំផ្លាញ​»​ពោល​គឺ​យូដាស។ (​យ៉ូហាន ១៨:៧​-​៩​) ដូច្នេះ ឥឡូវ​នេះ​លោក​សុំ​ពួក​គេ​ឲ្យ​ពួក​អ្នក​កាន់​តាម​ស្មោះ​ត្រង់​របស់​លោក​ចេញ​ទៅ។

      ពេល​ដែល​ពួក​ទាហាន​ចូល​មក​ជិត​លោក​យេស៊ូ ពួក​សាវ័ក​យល់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង។ ពួក​គាត់​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​យើង​គួរ​កាប់​នឹង​ដាវ​ឬ?​»។ (​លូកា ២២:៤៩​) មុន​ពេល​ដែល​លោក​យេស៊ូ​ឆ្លើយ​តប​នឹង​ពួក​គាត់ ពេត្រុស​បាន​ហូត​ដាវ​មួយ​ក្នុង​ចំណោម​ដាវ​ពីរ​ដែល​ពួក​គាត់​មាន មក​កាប់​ដាច់​ស្លឹក​ត្រចៀក​ខាង​ស្ដាំ​របស់​ម៉ាលឃូស​ដែល​ជា​ខ្ញុំ​បម្រើ​របស់​សម្ដេច​សង្ឃ។

      ឃើញ​ដូច​នោះ លោក​យេស៊ូ​ក៏​ពាល់​ត្រចៀក​របស់​ម៉ាលឃូស ហើយ​ធ្វើ​ឲ្យ​របួស​នោះ​ជា​សះ​ស្បើយ​វិញ។ បន្ទាប់​មក លោក​បង្រៀន​មេ​រៀន​ដ៏​សំខាន់​មួយ​ដោយ​ប្រាប់​ពេត្រុស​ថា​៖ ​«​ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ ព្រោះ​អស់​អ្នក​ដែល​ប្រើ​ដាវ​ក៏​នឹង​ស្លាប់​ដោយ​ដាវ​ដែរ​»។ លោក​យេស៊ូ​សុខ​ចិត្ត​ឲ្យ​គេ​ចាប់​លោក ពី​ព្រោះ​លោក​ពន្យល់​ថា​៖ ​«​តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​សម្រេច​នូវ​បទ​គម្ពីរ​ថា ត្រូវ​កើត​ឡើង​ដូច្នេះ?​»។ (​ម៉ាថាយ ២៦:៥២, ៥៤​) លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​តើ​ខ្ញុំ​មិន​គួរ​ផឹក​ពី​ពែង​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឲ្យ​ខ្ញុំ​ទេ​ឬ?​»។ (​យ៉ូហាន ១៨:១១​) លោក​យេស៊ូ​យល់​ស្រប​ចំពោះ​គោល​បំណង​របស់​ព្រះ​សម្រាប់​លោក ទោះ​បី​ជា​លោក​ត្រូវ​ស្លាប់​ក៏​ដោយ។

      លោក​យេស៊ូ​សួរ​ក្រុម​មនុស្ស​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បាន​ចេញ​មក​ចាប់​ខ្ញុំ ដោយ​កាន់​ដាវ​កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ប្លន់​ដូច្នេះ? ខ្ញុំ​ធ្លាប់​អង្គុយ​បង្រៀន​នៅ​ក្នុង​វិហារ​រៀង​រាល់​ថ្ងៃ តែ​អ្នក​រាល់​គ្នា​មិន​បាន​មក​ចាប់​ខ្ញុំ​ទេ។ ប៉ុន្តែ​ការ​ទាំង​នេះ​បាន​កើត​ឡើង ដើម្បី​សម្រេច​នូវ​បទ​គម្ពីរ​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​»។—ម៉ាថាយ ២៦:៥៥, ៥៦

      ពល​ទាហាន មេ​បញ្ជាការ ព្រម​ទាំង​ពួក​អាជ្ញាធរ​របស់​ជន​ជាតិ​យូដា​បាន​ចាប់​ចង​លោក​យេស៊ូ។ ពេល​ឃើញ​ដូច្នេះ ពួក​សាវ័ក​បាន​រត់​ចោល​លោក​ទាំង​អស់​គ្នា​ទៅ។ ប៉ុន្តែ​មាន​«​យុវជន​ម្នាក់​»​ ដែល​ប្រហែល​ជា​ម៉ាកុស​ដែល​ជា​អ្នក​កាន់​តាម​លោក បាន​បន្ត​នៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស ហើយ​ទៅ​តាម​លោក​យេស៊ូ។ (​ម៉ាកុស ១៤:៥១​) យុវជន​ម្នាក់​នេះ​បាន​ត្រូវ​ក្រុម​មនុស្ស​ស្គាល់​ថា​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ដូច្នេះ​ពួក​គេ​ក៏​ខំ​ចាប់​គាត់​ដែរ ហេតុ​នេះ​គាត់​បាន​ចោល​សំពត់​សាច់​ល្អ​របស់​គាត់ ហើយ​គេច​ចេញ​ទៅ។

      • ហេតុ​អ្វី​យូដាស​ស្វែង​រក​លោក​យេស៊ូ​ក្នុង​សួន​ហ្គេតសេម៉ានី?

      • តើ​ពេត្រុស​បាន​ធ្វើ​អ្វី​ដើម្បី​ការពារ​លោក​យេស៊ូ ប៉ុន្តែ​តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​រឿង​នេះ?

      • តើ​លោក​យេស៊ូ​បង្ហាញ​ថា​លោក​យល់​ស្រប​ចំពោះ​គោល​បំណង​របស់​ព្រះ​សម្រាប់​លោក​យ៉ាង​ដូច​ម្ដេច?

      • ពេល​ដែល​ពួក​សាវ័ក​រត់​ចោល​លោក​យេស៊ូ តើ​អ្នក​ណា​បន្ត​ដើរ​តាម​ក្រោយ​លោក ហើយ​តើ​មាន​អ្វី​កើត​ឡើង​បន្ទាប់​មក?

  • លោកយេស៊ូបានត្រូវនាំទៅអេណាស រួចទៅកៃផាស
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • កៃផាសហែកសម្លៀកបំពាក់ក្រៅរបស់គាត់ អ្នកខ្លះទះកំផ្លៀងលោកយេស៊ូ ចំអកឲ្យលោក ហើយវាយលោក

      ជំពូក​ទី​១២៥

      លោក​យេស៊ូ​បាន​ត្រូវ​នាំ​ទៅ​អេណាស រួច​ទៅ​កៃផាស

      ម៉ាថាយ ២៦:៥៧​-​៦៨ ម៉ាកុស ១៤:៥៣​-​៦៥ លូកា ២២:៥៤, ៦៣​-​៦៥ យ៉ូហាន ១៨:១៣, ១៤, ១៩​-​២៤

      • លោក​យេស៊ូ​បាន​ត្រូវ​នាំ​ទៅ​អេណាស​ដែល​ធ្លាប់​ជា​សម្ដេច​សង្ឃ

      • ការ​វិនិច្ឆ័យ​ខុស​ច្បាប់​ដោយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

      ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​គេ​ចាប់​ចង​ដូច​ជា​ឧក្រិដ្ឋជន​ម្នាក់ លោក​បាន​ត្រូវ​នាំ​ទៅ​អេណាស​ដែល​ធ្លាប់​ជា​សម្ដេច​សង្ឃ។ នៅ​ពេល​មួយ កាល​ដែល​អេណាស​បាន​បម្រើ​ជា​សម្ដេច​សង្ឃ កុមារ​យេស៊ូ​បាន​ធ្វើ​ឲ្យ​គ្រូ​នៅ​ឯ​វិហារ​កោត​ស្ងើច​ក្នុង​ចិត្ត។ (​លូកា ២:៤២, ៤៧​) ក្រោយ​មក កូន​ប្រុស​ខ្លះ​របស់​អេណាស​បាន​បម្រើ​ជា​សម្ដេច​សង្ឃ ហើយ​ឥឡូវ​នេះ​កូន​ប្រសា​របស់​គាត់​ឈ្មោះ​កៃផាស​កំពុង​កាន់​តំណែង​នេះ។

      កាល​ដែល​អេណាស​សួរ​ចម្លើយ​លោក​យេស៊ូ នោះ​កៃផាស​មាន​ពេល​ដើម្បី​ហៅ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មក​ជុំ​គ្នា។ តុលាការ​នេះ​មាន​សមាជិក​ចំនួន​៧១​នាក់​ដែល​រួម​បញ្ចូល​សម្ដេច​សង្ឃ​និង​ពួក​បុរស​ដែល​ធ្លាប់​កាន់​តំណែង​នោះ។

      រួច​មក អេណាស​សួរ​លោក​យេស៊ូ​«​អំពី​ពួក​អ្នក​កាន់​តាម​និង​សេចក្ដី​បង្រៀន​របស់​លោក​»។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពិភព​លោក​ជា​ចំហ។ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ​និង​ក្នុង​វិហារ ជា​កន្លែង​ដែល​ជន​ជាតិ​យូដា​ទាំង​ឡាយ​ជួប​ជុំ​គ្នា ហើយ​ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។ ហេតុ​អ្វី​អ្នក​សួរ​ខ្ញុំ? ចូរ​សួរ​អ្នក​ដែល​បាន​ឮ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ពួក​គេ​»។—យ៉ូហាន ១៨:១៩​-​២១

      លុះ​មាន​ប្រសាសន៍​ចប់​ហើយ អាជ្ញាធរ​ម្នាក់​ដែល​ឈរ​នៅ​ក្បែរ​នោះ បាន​ទះ​កំផ្លៀង​លោក​យេស៊ូ រួច​ក៏​និយាយ​ថា​៖ ​«​តើ​អ្នក​ឯង​ហ៊ាន​តប​ទៅ​សង្ឃនាយក​ដូច្នេះ​ឬ?​»។ ប៉ុន្តែ លោក​យេស៊ូ​ដឹង​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ នោះ​លោក​តប​ទៅ​គាត់​ថា​៖ ​«​ប្រសិន​បើ​ខ្ញុំ​បាន​និយាយ​ខុស ចូរ​បញ្ជាក់​ថា​ខ្ញុំ​បាន​និយាយ​ខុស​កន្លែង​ណា ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​និយាយ​ត្រូវ ហេតុ​អ្វី​អ្នក​វាយ​ខ្ញុំ?​»។ (​យ៉ូហាន ១៨:២២, ២៣​) បន្ទាប់​មក អេណាស​បាន​ឲ្យ​គេ​នាំ​លោក​យេស៊ូ​ទៅ​កៃផាស​ដែល​ជា​កូន​ប្រសា​របស់​គាត់។

      មក​ដល់​ពេល​នេះ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​រួម​បញ្ចូល​សម្ដេច​សង្ឃ បុរស​ចាស់​ទុំ​របស់​បណ្ដា​ជន និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ បាន​មក​ជុំ​គ្នា​នៅ​ផ្ទះ​របស់​កៃផាស។ ការ​វិនិច្ឆ័យ​ក្ដី​បែប​នេះ​គឺ​ខុស​ច្បាប់​ពី​ព្រោះ​នោះ​ជា​យប់​នៃ​បុណ្យ​រំលង។ យ៉ាង​ណា​ក្ដី នេះ​មិន​បាន​បញ្ឈប់​ពួក​គេ​ពី​ការ​ធ្វើ​តាម​បំណង​អាក្រក់​របស់​ពួក​គេ​នោះ​ឡើយ។

      មុន​ការ​វិនិច្ឆ័យ​ក្ដី ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នេះ​បាន​សម្រេច​ទោស​លោក​យេស៊ូ​រួច​ទៅ​ហើយ។ ហេតុ​អ្វី​យើង​ដឹង? ពី​ព្រោះ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នេះ​បាន​សម្រេច​ថា​លោក​យេស៊ូ​គួរ​តែ​ស្លាប់។ (​យ៉ូហាន ១១:៤៧​-​៥៣​) ម្យ៉ាង​ទៀត គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ប្រឹក្សា​គ្នា​ដើម្បី​ចាប់​ហើយ​សម្លាប់​លោក​យេស៊ូ។ (​ម៉ាថាយ ២៦:៣, ៤​) ពិត​ណាស់ សូម្បី​តែ​មុន​ការ​វិនិច្ឆ័យ​ក្ដី​ចាប់​ផ្ដើម លោក​យេស៊ូ​ប្រៀប​ដូច​ជា​បាន​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​រួច​ទៅ​ហើយ!

      ពួក​សង្ឃនាយក​និង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មិន​គ្រាន់​តែ​មក​ប្រជុំ​គ្នា​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​កំពុង​ស្វែង​រក​សាក្សី​ដែល​នឹង​ចោទ​ប្រកាន់​លោក​យេស៊ូ​ដោយ​មិន​ពិត ដើម្បី​មាន​ហេតុ​សម្លាប់​លោក។ ពួក​គេ​រក​បាន​សាក្សី​ជា​ច្រើន ប៉ុន្តែ​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ​មិន​ស្រប​គ្នា​ទេ ពី​ព្រោះ​អ្នក​ខ្លះ​និយាយ​បែប​នេះ ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​បែប​នោះ។ នៅ​ទី​បំផុត មាន​សាក្សី​ក្លែង​ក្លាយ​ពីរ​នាក់​ចូល​មក ហើយ​និយាយ​ថា​៖ ​«​យើង​ធ្លាប់​ឮ​គាត់​និយាយ​ថា​៖ ‹វិហារ​នេះ​ដែល​បាន​ត្រូវ​សង់​ដោយ​ដៃ​មនុស្ស ខ្ញុំ​នឹង​រុះ​ចោល ហើយ​បី​ថ្ងៃ​ក្រោយ​មក​ខ្ញុំ​នឹង​សង់​មួយ​ទៀត​ដែល​មិន​សង់​ដោយ​ដៃ​មនុស្ស​ទេ›​»។ (​ម៉ាកុស ១៤:៥៨​) ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ចោទ​ប្រកាន់​របស់​បុរស​ពីរ​នាក់​នេះ​ក៏​មិន​ដូច​គ្នា​ទាំង​ស្រុង​ដែរ។

      រួច​មក កៃផាស​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ឬ? តើ​អ្នក​គិត​ដូច​ម្ដេច​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​ចោទ​ប្រកាន់​អ្នក?​»។ (​ម៉ាកុស ១៤:៦០​) លោក​យេស៊ូ​មិន​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​សាក្សី​ក្លែង​ក្លាយ​ដែល​និយាយ​មិន​ស្រប​គ្នា​នោះ​ឡើយ។ ដូច្នេះ កៃផាស​ដែល​ជា​សម្ដេច​សង្ឃ​ក៏​ប្រើ​វិធី​មួយ​ទៀត។

      កៃផាស​ដឹង​ថា​ជន​ជាតិ​យូដា​ឆាប់​ប្រកាន់​បើ​អ្នក​ណា​ម្នាក់​អះអាង​ថា​ខ្លួន​ជា​បុត្រ​របស់​ព្រះ។ មុន​នេះ ពេល​លោក​យេស៊ូ​បាន​ហៅ​ព្រះ​ថា​ជា​បិតា​លោក នោះ​ជន​ជាតិ​យូដា​ចង់​សម្លាប់​លោក​ពី​ព្រោះ​ពួក​គេ​អះអាង​ថា​លោក​បាន​«​តាំង​ខ្លួន​ស្មើ​នឹង​ព្រះ​»។ (​យ៉ូហាន ៥:១៧, ១៨; ១០:៣១​-​៣៩​) កៃផាស​ដឹង​អំពី​ប្រតិកម្ម​របស់​ជន​ជាតិ​យូដា ដូច្នេះ​ឥឡូវ​នេះ​គាត់​និយាយ​ដោយ​មាន​កលល្បិច​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ​«​ដោយ​យក​ព្រះ​ដែល​មាន​ជីវិត​ជា​សាក្សី ចូរ​ស្បថ​ថា​អ្នក​នឹង​និយាយ​ការ​ពិត ហើយ​ប្រាប់​យើង​ថា តើ​អ្នក​ជា​គ្រិស្ត ជា​បុត្រ​របស់​ព្រះ​ឬ​មិន​មែន!​»។ (​ម៉ាថាយ ២៦:៦៣​) ពេល​មុន លោក​យេស៊ូ​ធ្លាប់​ទទួល​ស្គាល់​ថា​លោក​ជា​បុត្រ​របស់​ព្រះ។ (​យ៉ូហាន ៣:១៨; ៥:២៥; ១១:៤​) ប៉ុន្តែ បើ​លោក​មិន​ធ្វើ​ដូច្នេះ​នៅ​ឥឡូវ​នេះ​ទេ នោះ​ហាក់​ដូច​ជា​លោក​កំពុង​បដិសេធ​ថា​លោក​មិន​មែន​ជា​បុត្រ​របស់​ព្រះ​និង​ជា​គ្រិស្ត។ ហេតុ​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​អ្នក​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​នៃ​ឫទ្ធានុភាព ព្រម​ទាំង​មក​ជា​មួយ​នឹង​ពពក​នៅ​លើ​មេឃ​»។—ម៉ាកុស ១៤:៦២

      ពេល​ឮ​ប្រសាសន៍​របស់​លោក​យេស៊ូ នោះ​កៃផាស​ហែក​សម្លៀក​បំពាក់​ក្រៅ​របស់​គាត់​ហាក់​ដូច​ជា​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​គាត់​ស្រែក​ថា​៖ ​«​អ្នក​នេះ​បាន​និយាយ​ប្រមាថ​ព្រះ​ហើយ! តើ​យើង​ត្រូវ​ការ​សាក្សី​ធ្វើ​អ្វី​ទៀត? មើល! អ្នក​បាន​ឮ​អ្នក​នេះ​និយាយ​ប្រមាថ​ព្រះ​ហើយ។ តើ​អ្នក​រាល់​គ្នា​គិត​ដូច​ម្ដេច?​»។ ដូច្នេះ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​វិនិច្ឆ័យ​ក្ដី​ដោយ​អយុត្ដិធម៌​ថា​៖ ​«​អ្នក​នេះ​គួរ​តែ​ស្លាប់​»។—ម៉ាថាយ ២៦:៦៥, ៦៦

      បន្ទាប់​មក ពួក​គេ​ក៏​តាំង​ចំអក​ឲ្យ​លោក​យេស៊ូ ហើយ​វាយ​លោក។ អ្នក​ខ្លះ​ទៀត​ទះ​កំផ្លៀង​លោក ហើយ​ស្ដោះ​ទឹក​មាត់​ដាក់​លោក។ ក្រោយ​ពី​បាន​គ្រប​មុខ​លោក ហើយ​វាយ​លោក ពួក​គេ​ក៏​សួរ​ដោយ​ចំអក​ថា​៖ ​«​ចូរ​ប្រកាស​ទំនាយ​មក! តើ​អ្នក​ណា​បាន​វាយ​ឯង?​»។ (​លូកា ២២:៦៤​) នៅ​យប់​នោះ បុត្រ​របស់​ព្រះ​កំពុង​ត្រូវ​គេ​វាយ​ធ្វើ​បាប​នៅ​កន្លែង​មួយ​ដែល​មាន​ការ​វិនិច្ឆ័យ​ក្ដី​ខុស​ច្បាប់!

      • មុន​ដំបូង តើ​លោក​យេស៊ូ​បាន​ត្រូវ​នាំ​ទៅ​ឯ​ណា ហើយ​តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​លោក​នៅ​ទី​នោះ?

      • បន្ទាប់​មក តើ​លោក​យេស៊ូ​បាន​ត្រូវ​នាំ​ទៅ​ទី​ណា ហើយ​តើ​តាម​របៀប​ណា​កៃផាស​អាច​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​វិនិច្ឆ័យ​ថា​លោក​យេស៊ូ​សម​នឹង​ស្លាប់?

      • តើ​លោក​យេស៊ូ​ទទួល​ការ​វាយ​ធ្វើ​បាប​អ្វី​ខ្លះ​ក្នុង​អំឡុង​ការ​វិនិច្ឆ័យ​ក្ដី?

  • ពេត្រុសបដិសេធលោកយេស៊ូ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ពីរានហានលោកយេស៊ូសម្លឹងមើលពេត្រុសដែលទើបតែបានបដិសេធលោក មានមាន់មួយក្បាលនៅក្បែរនោះ

      ជំពូក​ទី​១២៦

      ពេត្រុស​បដិសេធ​លោក​យេស៊ូ

      ម៉ាថាយ ២៦:៦៩​-​៧៥ ម៉ាកុស ១៤:៦៦​-​៧២ លូកា ២២:៥៤​-​៦២ យ៉ូហាន ១៨:១៥​-​១៨, ២៥​-​២៧

      • ពេត្រុស​បដិសេធ​លោក​យេស៊ូ

      ពេល​ដែល​លោក​យេស៊ូ​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​សួន​ហ្គេតសេម៉ានី ពួក​សាវ័ក​បាន​ភ័យ​ខ្លាច ដូច្នេះ​ពួក​គាត់​បាន​បោះ​បង់​ចោល​លោក ហើយ​រត់​ចោល​លោក​អស់​ទៅ។ ប៉ុន្តែ មាន​សាវ័ក​ពីរ​នាក់​ដែល​បាន​ឈប់​រត់ ពួក​គាត់​គឺ​ពេត្រុស​និង​«​អ្នក​កាន់​តាម​ម្នាក់​ទៀត​»​ ដែល​ទំនង​ជា​សាវ័ក​យ៉ូហាន។ (​យ៉ូហាន ១៨:១៥; ១៩:៣៥; ២១:២៤​) ពួក​គាត់​ប្រហែល​ជា​ទៅ​តាម​លោក​យេស៊ូ ពេល​ដែល​លោក​ត្រូវ​គេ​នាំ​ទៅ​ឯ​អេណាស។ នៅ​ពេល​ដែល​អេណាស​បញ្ជូន​លោក​ទៅ​ផ្ទះ​របស់​សម្ដេច​សង្ឃ​កៃផាស ពេត្រុស​និង​យ៉ូហាន​បាន​ដើរ​តាម​លោក​ពី​ចម្ងាយ។ ពួក​គាត់​ទំនង​ជា​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ពី​ព្រោះ​ពួក​គាត់​ខ្លាច​ថា​ពួក​គាត់​ត្រូវ​ស្លាប់ ហើយ​ក៏​បារម្ភ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ម្ចាស់​របស់​ពួក​គាត់​ផង​ដែរ។

      សម្ដេច​សង្ឃ​ស្គាល់​យ៉ូហាន ហេតុ​នេះ​យ៉ូហាន​អាច​ចូល​ទៅ​ក្នុង​ទី​ធ្លា​ផ្ទះ​របស់​កៃផាស​បាន។ ប៉ុន្តែ ពេល​នោះ​ពេត្រុស​ឈរ​ចាំ​នៅ​ខាង​ក្រៅ​នៅ​ឯ​មាត់​ទ្វារ​រហូត​ដល់​ពេល​ដែល​យ៉ូហាន​ត្រឡប់​មក​វិញ ហើយ​គាត់​និយាយ​ទៅ​កាន់​ស្ត្រី​បម្រើ​ម្នាក់​ដែល​ជា​អ្នក​យាម​ទ្វារ​សុំ​ឲ្យ​ពេត្រុស​ចូល​មក​ខាង​ក្នុង​ដែរ។ បន្ទាប់​មក ពេត្រុស​ក៏​អាច​ចូល​បាន។

      យប់​នេះ​មាន​អាកាសធាតុ​ត្រជាក់ ដូច្នេះ​មនុស្ស​ដែល​នៅ​ឯ​ទី​ធ្លា​ផ្ទះ​កំពុង​ឈរ​អាំង​ភ្លើង។ ពេត្រុស​អង្គុយ​អាំង​ភ្លើង​នៅ​ក្បែរ​ពួក​គេ​ដែរ កាល​ដែល​គាត់​រង់​ចាំ​«​ដើម្បី​ឲ្យ​ដឹង​ថា​»​ការ​វិនិច្ឆ័យ​ក្ដី​ចំពោះ​លោក​យេស៊ូ​«​នឹង​ទៅ​ជា​យ៉ាង​ណា​»។ (​ម៉ាថាយ ២៦:៥៨​) ឥឡូវ​នេះ​ពេត្រុស​កំពុង​អង្គុយ​នៅ​ជិត​ពន្លឺ​ភ្លើង ដូច្នេះ​អ្នក​យាម​ទ្វារ​ដែល​បាន​អនុញ្ញាត​ឲ្យ​ពេត្រុស​ចូល អាច​មើល​ឃើញ​គាត់​ច្បាស់​ជាង។ រួច​នាង​និយាយ​ថា​៖ ​«​តើ​អ្នក​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​បុរស​នេះ​ដែរ​ឬ?​»។ (​យ៉ូហាន ១៨:១៧​) ប៉ុន្តែ មិន​មែន​តែ​នាង​ប៉ុណ្ណោះ​ទេ​ដែល​ចំណាំ​ពេត្រុស ហើយ​ចោទ​ថា​គាត់​ជា​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ។—ម៉ាថាយ ២៦:៦៩, ៧១​-​៧៣; ម៉ាកុស ១៤:៧០

      ការ​ចោទ​ប្រកាន់​នោះ​ធ្វើ​ឲ្យ​ពេត្រុស​បារម្ភ​យ៉ាង​ខ្លាំង ដូច្នេះ​គាត់​គេច​ចេញ​ទៅ​ល្វែង​ខាង​ក្រៅ ហើយ​ព្យាយាម​មិន​ឲ្យ​អ្នក​ឯ​ទៀត​សម្គាល់​ថា​គាត់​ធ្លាប់​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ​នោះ​ទេ។ គាត់​រហូត​ដល់​បដិសេធ​ថា​៖ ​«​ខ្ញុំ​មិន​ស្គាល់​គាត់​ទេ ហើយ​ក៏​មិន​យល់​អ្វី​ដែល​អ្នក​កំពុង​និយាយ​ដែរ​»។ (​ម៉ាកុស ១៤:៦៧, ៦៨​) ពេត្រុស​ថែម​ទាំង​ចាប់​ផ្ដើម​«​ដាក់​បណ្ដាសា​ខ្លួន​ឯង​ហើយ​ស្បថ​»​ទៀត​ផង ពី​ព្រោះ​គាត់​ចង់​បង្ហាញ​ថា ពាក្យ​សម្ដី​របស់​គាត់​គឺ​ជា​ពាក្យ​ពិត ប៉ុន្តែ​បើ​មិន​មែន​ជា​ពាក្យ​ពិត​ទេ​គាត់​សុខ​ចិត្ត​ទទួល​ទោស។—ម៉ាថាយ ២៦:៧៤

      ដំណាល​គ្នា​នោះ លោក​យេស៊ូ​កំពុង​ត្រូវ​គេ​វិនិច្ឆ័យ តាម​មើល​ទៅ​លោក​ត្រូវ​គេ​វិនិច្ឆ័យ​នៅ​កន្លែង​មួយ​ដែល​នៅ​ខាង​លើ​ទី​ធ្លា​ផ្ទះ​របស់​កៃផាស។ ពេត្រុស​និង​អ្នក​ឯ​ទៀត​ដែល​រង់​ចាំ​នៅ​ខាង​ក្រោម​ប្រហែល​ជា​ឃើញ​សាក្សី​ជា​ច្រើន​នាក់​ចេញ​ចូល​ដើម្បី​ចោទ​ប្រកាន់​លោក​យេស៊ូ។

      ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ពេត្រុស​មិន​ជឿ​ការ​បដិសេធ​របស់​គាត់​ទេ ពី​ព្រោះ​របៀប​ដែល​គាត់​និយាយ​បង្ហាញ​ថា​គាត់​ជា​អ្នក​ស្រុក​កាលីឡេ។ បន្ថែម​ទៅ​ទៀត ម្នាក់​ក្នុង​ចំណោម​មនុស្ស​ទាំង​នោះ​គឺ​ជា​សាច់​ញាតិ​របស់​ម៉ាលឃូស​ដែល​ពេត្រុស​បាន​កាប់​ដាច់​ស្លឹក​ត្រចៀក។ ដូច្នេះ គេ​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ពេត្រុស​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​សួន​ច្បារ​ជា​មួយ​នឹង​គាត់​ដែរ មែន​ទេ?​»។ ពេល​ដែល​ពេត្រុស​បដិសេធ​លោក​យេស៊ូ​ជា​លើក​ទី៣ មាន់​ក៏​ចាប់​ផ្ដើម​រងាវ​ដូច​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន។—យ៉ូហាន ១៣:៣៨; ១៨:២៦, ២៧

      នៅ​ពេល​នោះ តាម​មើល​ទៅ​លោក​យេស៊ូ​នៅ​រាន​ហាល ហើយ​លោក​កំពុង​សម្លឹង​មើល​មក​ទី​ធ្លា​ផ្ទះ។ លោក​ម្ចាស់​បែរ​ខ្លួន​សម្លឹង​ទៅ​មើល​ពេត្រុស ពេល​នោះ​គាត់​នឹក​ចាំ​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​នៅ​ឯ​បន្ទប់​ជាន់​ខាង​លើ។ ដូច្នេះ​គាត់​ពិត​ជា​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ សូម​ស្រមៃ​គិត​ថា​ពេត្រុស​ឈឺ​ចិត្ត​ខ្លាំង​យ៉ាង​ណា​ទៅ​នៅ​ពេល​ដែល​គាត់​ដឹង​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ! ពេត្រុស​ចេញ​ទៅ​ខាង​ក្រៅ​ហើយ​យំ​ដោយ​នឹក​ស្ដាយ​ជា​ខ្លាំង។—លូកា ២២:៦១, ៦២

      តើ​រឿង​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? តើ​ពេត្រុស​ដែល​ជា​អ្នក​មាន​ជំនឿ​រឹង​មាំ​និង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ អាច​បដិសេធ​ម្ចាស់​របស់​គាត់​យ៉ាង​ដូច​ម្ដេច​បាន? សេចក្ដី​ពិត​អំពី​លោក​យេស៊ូ​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ឲ្យ​ទៅ​ជា​មិន​ពិត ហើយ​លោក​យេស៊ូ​ក៏​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ឧក្រិដ្ឋជន​ដ៏​អាក្រក់​ម្នាក់​ដែរ។ នៅ​ពេល​នោះ​ពេត្រុស​អាច​ការពារ​លោក​យេស៊ូ​ដែល​ជា​បុរស​ម្នាក់​ដែល​គ្មាន​កំហុស ផ្ទុយ​ទៅ​វិញ​គាត់​បាន​បដិសេធ​លោក​យេស៊ូ​ដែល​«​ប្រសាសន៍​របស់​លោក​នាំ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។—យ៉ូហាន ៦:៦៨

      បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​របស់​ពេត្រុស​បង្ហាញ​ថា ទោះ​បី​ជា​មនុស្ស​ម្នាក់​មាន​ជំនឿ​និង​មាន​ចិត្ត​ស្មោះ​ភក្ដី​ចំពោះ​ព្រះ​ក៏​ដោយ គាត់​អាច​បាត់​បង់​ជំហរ​មាំ​មួន​ក្នុង​ជំនឿ​បាន។ ហេតុ​អ្វី? ពី​ព្រោះ​គាត់​មិន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ចំពោះ​ទុក្ខ​លំបាក​និង​ការ​ល្បង​ល​ដែល​នឹង​កើត​មាន​ដោយ​មិន​ដឹង​ទុក​ជា​មុន​ទេ។ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពេត្រុស​គឺ​ជា​ការ​ព្រមាន​សម្រាប់​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ!

      • តើ​ពេត្រុស​និង​យ៉ូហាន​អាច​ចូល​ក្នុង​ទី​ធ្លា​ផ្ទះ​របស់​កៃផាស​យ៉ាង​ដូច​ម្ដេច?

      • ពេល​ដែល​ពេត្រុស​និង​យ៉ូហាន​នៅ​ឯ​ទី​ធ្លា​ផ្ទះ តើ​មាន​អ្វី​កើត​ឡើង​នៅ​ខាង​ក្នុង​ផ្ទះ?

      • ហេតុ​អ្វី​ពេត្រុស​ដាក់​បណ្ដាសា​ខ្លួន​ឯង​ហើយ​ស្បថ?

      • តើ​មាន​មេ​រៀន​ដ៏​សំខាន់​អ្វី​ពី​បទ​ពិសោធន៍​របស់​ពេត្រុស?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក