ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
© 2025 Watch Tower Bible and Tract Society of Pennsylvania
ថ្ងៃទី១២-១៨ ខែឧសភា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ១៣
កុំឲ្យ«ចង្កៀងរបស់មនុស្សទុច្ចរិត»បំភាន់អ្នកឡើយ
it-2-E ទំ.១៩៦ វ.២-៣
ចង្កៀង
ប្រើក្នុងន័យធៀប។ គម្ពីរច្រើនតែប្រៀបប្រដូចចង្កៀងទៅនឹងពន្លឺដែលអាចបំភ្លឺផ្លូវ។ ដូច្នេះ សុភាសិតលើកឡើងអំពីភាពខុសគ្នារវាងមនុស្សសុចរិតនិងមនុស្សទុច្ចរិត ដោយចែងថា៖ «ពន្លឺរបស់មនុស្សសុចរិតគឺភ្លឺត្រចះ តែចង្កៀងរបស់មនុស្សទុច្ចរិតនឹងត្រូវពន្លត់»។ (សុភ. ១៣:៩) ពន្លឺរបស់មនុស្សសុចរិតកាន់តែភ្លឺឡើង រីឯចង្កៀងរបស់មនុស្សទុច្ចរិតវិញ ទោះបីជាមើលទៅភ្លឺចាំងចែងក្ដី តែមិនយូរទៀតពន្លឺនោះនឹងត្រូវពន្លត់ជាមិនខាន ព្រោះព្រះនឹងធ្វើឲ្យពួកគេទទួលផលវិបាកពីទង្វើអាក្រក់របស់ពួកគេ។ បុគ្គលដែលជេរប្រមាថឪពុកម្ដាយរបស់ខ្លួនក៏នឹងមានលទ្ធផលបែបនេះដែរ។—សុភ. ២០:២០
បើ‹ចង្កៀងរបស់បុគ្គលម្នាក់នឹងត្រូវពន្លត់› នោះមានន័យថាគាត់គ្មានសេចក្ដីសង្ឃឹមសម្រាប់ថ្ងៃអនាគតទេ។ សុភាសិតមួយទៀតចែងថា៖ «មនុស្សអាក្រក់គ្មានអនាគតទេ។ ចំណែកឯចង្កៀងរបស់មនុស្សទុច្ចរិតនឹងត្រូវពន្លត់»។—សុភ. ២៤:២០
w០៤-E ១៥/៧ ទំ.៣១ វ.៦
«មនុស្សឈ្លាសវៃប្រព្រឹត្តដោយចំណេះដឹង»
មនុស្សឈ្លាសវៃដែលប្រព្រឹត្តដោយចំណេះដឹងនឹងទទួលពរ។ សាឡូម៉ូនបានបញ្ជាក់ថា៖ «មនុស្សសុចរិតនឹងបានបរិភោគរហូតដល់ឆ្អែត តែមនុស្សទុច្ចរិតនឹងស្រេកឃ្លានវិញ»។ (សុភាសិត ១៣:២៥) ព្រះយេហូវ៉ាដឹងថាអ្វីគឺល្អបំផុតនៅក្នុងគ្រប់ស្ថានភាពទាំងអស់ក្នុងជីវិតរបស់យើង ដូចជាក្នុងក្រុមគ្រួសារ ទំនាក់ទំនងរបស់យើងជាមួយអ្នកឯទៀត កិច្ចបម្រើផ្សាយ ឬពេលយើងទទួលការប្រៀនប្រដៅជាដើម។ យើងនឹងបង្ហាញថាយើងជាមនុស្សឈ្លាសវៃ បើយើងធ្វើតាមឱវាទដែលមានក្នុងគម្ពីរ ហើយនោះនឹងជួយយើងឲ្យមានជីវិតដ៏ល្អបំផុត។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.២៧៦ វ.២
សេចក្ដីស្រឡាញ់
ការបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបមិនត្រឹមត្រូវ។ បុគ្គលម្នាក់អាចមានសេចក្ដីស្រឡាញ់ពិតនិងត្រឹមត្រូវ លុះត្រាតែគាត់ស្វែងរកនិងធ្វើតាមការណែនាំពីឫទ្ធានុភាពរបស់ព្រះនិងចំណេះដែលមកពីបណ្ដាំរបស់លោក។ ជាឧទាហរណ៍ ឪពុកឬម្ដាយប្រហែលជាស្រឡាញ់កូន។ ប៉ុន្តែសេចក្ដីស្រឡាញ់របស់គាត់ចំពោះកូនអាចនឹងរសាយទៅ ឬគាត់អាចបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបមិនត្រឹមត្រូវ ដោយឲ្យកូននូវអ្វីៗទាំងអស់ដែលកូនសុំមិនដែលបដិសេធ។ ម្យ៉ាងទៀត គាត់ប្រហែលជាមិនបានបំពេញភារកិច្ចរបស់គាត់ជាឪពុកឬម្ដាយដោយប្រៀនប្រដៅ ដាក់ទោស និងកែតម្រង់កូនទេ។ (សុភ. ២២:១៥) ការបង្ហាញសេចក្ដីស្រឡាញ់បែបនេះប្រហែលជាមកពីអំណួតនិងការគិតតែប្រយោជន៍ខ្លួន។ គម្ពីរចែងថា បុគ្គលដែលប្រព្រឹត្តបែបនេះមិនមែនបង្ហាញសេចក្ដីស្រឡាញ់ទេ តែជាសេចក្ដីស្អប់វិញ ព្រោះគាត់មិនបានធ្វើអ្វីដែលអាចសង្គ្រោះជីវិតកូនឡើយ។—សុភ. ១៣:២៤; ២៣:១៣, ១៤
ថ្ងៃទី១៩-២៥ ខែឧសភា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.១០៩៤
សមត្ថភាពរិះគិត
មនុស្សខ្លះស្អប់អ្នកដែលចេះប្រើសមត្ថភាពរិះគិត។ នេះប្រហែលជាដូចនឹងអ្វីដែលសុភាសិត ១៤:១៧ចែងថា៖ «មនុស្សដែលចេះគិតវែងឆ្ងាយ នោះនឹងត្រូវគេស្អប់វិញ»។ មនុស្សដែលមិនចេះគិតពិចារណាច្រើនតែមិនចូលចិត្តអ្នកដែលចេះគិតវែងឆ្ងាយ។ ម្យ៉ាងទៀតអស់អ្នកដែលចេះប្រើសមត្ថភាពរិះគិតដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះក៏ត្រូវគេស្អប់ដែរ។ ដូចលោកយេស៊ូមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកទេ ពីព្រោះខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីពិភពលោក ហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា»។ (យ៉ូន. ១៥:១៩) ពាក្យភាសាដើមដែលបានត្រូវបកប្រែថា«គិតវែងឆ្ងាយ»នៅសុភាសិត ១៤:១៧ ក៏អាចមានន័យថាការរៀបគម្រោងអាក្រក់ដែរ។ ដូច្នេះខគម្ពីរនេះក៏មានន័យថាអស់អ្នកដែលគិតវែងឆ្ងាយដើម្បីរៀបចំគម្រោងអាក្រក់ក៏ត្រូវគេស្អប់ដែរ។ ហេតុនេះហើយសេចក្ដីបកប្រែខ្លះក៏បានបកថា៖ «អ្នកដែលមានកលល្បិច តែងតែធ្វើអោយគេស្អប់»។—ខ.ស.
ថ្ងៃទី២-៨ ខែមិថុនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៦២៩
ការប្រៀនប្រដៅ
លទ្ធផលដែលមកពីការស្ដាប់បង្គាប់និងការមិនស្ដាប់បង្គាប់។ មនុស្សទុច្ចរិត មនុស្សល្ងង់ខ្លៅ ឬមនុស្សគ្មានសីលធម៌បង្ហាញថាពួកគេស្អប់ការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាដោយបដិសេធទាំងស្រុងនូវការប្រៀនប្រដៅនោះ។ (ចសព. ៥០:១៦, ១៧; សុភ. ១:៧) លទ្ធផលអាក្រក់ដែលមកពីភាពល្ងង់ខ្លៅរបស់ពួកគេនាំឲ្យពួកគេទទួលការប្រៀនប្រដៅថែមទៀតនិងការដាក់ទោសយ៉ាងធ្ងន់ធ្ងរ។ ដូចសុភាសិតចែងថា៖ «មនុស្សល្ងង់ខ្លៅនឹងត្រូវប្រៀនប្រដៅដោយភាពចម្កួតរបស់ខ្លួន»។ (សុភ. ១៦:២២) ពួកគេប្រហែលជានាំឲ្យខ្លួនក្រ អាប់កិត្តិយស មានជំងឺ និងស្លាប់។ ប្រវត្តិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែលបានបង្ហាញថាភាពល្ងង់របស់ពួកគេនាំឲ្យពួកគេបាត់បង់អ្វីៗជាច្រើន។ ពួកគេមិនអើពើចំពោះការប្រៀនប្រដៅនិងការកែតម្រង់តាមរយៈពួកអ្នកប្រកាសទំនាយទេ។ ម្យ៉ាងទៀតព្រះយេហូវ៉ាប្រៀនប្រដៅពួកគេដោយលែងការពារនិងផ្ដល់ពរដល់ពួកគេ តែពួកគេនៅតែមិនយកចិត្តទុកដាក់នឹងការប្រៀនប្រដៅនោះ។ នៅទីបំផុត ពួកគេបានទទួលការប្រៀនប្រដៅដ៏ធ្ងន់ធ្ងរដែលបានប្រកាសទុកជាមុន គឺពួកគេបានបាត់បង់ទឹកដីរបស់ពួកគេ ហើយត្រូវនិរទេស។—យេ. ២:៣០; ៥:៣; ៧:២៨; ១៧:២៣; ៣២:៣៣; ហូ. ៧:១២-១៦; ១០:១០; សេផ. ៣:២
ថ្ងៃទី៩-១៥ ខែមិថុនា
ចំណេះវិសេសពីបណ្ដាំរបស់ព្រះសុភាសិត ១៧
ចូរធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកមានភាពសុខសាន្ត
g-E ៩/១៤ ទំ.១១ វ.២
របៀបឈប់គុំកួន
ពិនិត្យពិចារណាអំពីខ្លួនឲ្យបានដិតដល់។ គម្ពីរទទួលស្គាល់ថាមនុស្សខ្លះ«ឆាប់ខឹង» ហើយ«ងាយផ្ទុះកំហឹង»។ (សុភាសិត ២៩:២២) តើនេះរៀបរាប់អំពីអ្នកឬទេ? សូមសួរខ្លួនអ្នកថា‹តើខ្ញុំងាយចងគំនុំឬទេ? តើខ្ញុំឆាប់ទើសចិត្តឬទេ? តើខ្ញុំធ្វើឲ្យរឿងតូចតាចទៅជារឿងធំឬទេ?›។ គម្ពីរចែងថា៖ «អ្នកណាដែលចេះតែរំលើកអំពីរឿងនោះ អ្នកនោះធ្វើឲ្យមិត្តសម្លាញ់បែកបាក់គ្នា»។ (សុភាសិត ១៧:៩; អ្នកទូន្មាន ៧:៩) នេះក៏អាចកើតឡើងរវាងប្ដីប្រពន្ធដែរ។ ដូច្នេះ បើអ្នកតែងតែគុំកួន សូមសួរខ្លួនអ្នកថា‹តើតាមរបៀបណាខ្ញុំអាចបង្ហាញចិត្តអត់ធ្មត់ច្រើនជាងជាមួយគូអាពាហ៍ពិពាហ៍របស់ខ្ញុំ?›។—គោលការណ៍គម្ពីរ៖ ពេត្រុសទី១ ៤:៨
w០៨-E ១/៥ ទំ.១០ វ.៦-ទំ.១១ វ.១
ដោះស្រាយបញ្ហា
១. លៃទុកពេលដើម្បីពិគ្រោះគ្នាអំពីបញ្ហា។ «មានពេលកំណត់សម្រាប់អ្វីៗទាំងអស់ . . . មានពេលនៅស្ងៀម មានពេលនិយាយ»។ (អ្នកទូន្មាន ៣:១, ៧) បញ្ហាខ្លះអាចនាំឲ្យគូអាពាហ៍ពិពាហ៍មានប្រតិកម្មយ៉ាងខ្លាំង។ បើរឿងនេះកើតឡើង សូមទប់ចិត្ត ហើយផ្អាកការសន្ទនាឬ«នៅស្ងៀម»សិន មុននឹងកំហឹងផ្ទុះឡើង។ ដើម្បីកុំឲ្យបង្ខូចទំនាក់ទំនងរវាងអ្នកនឹងគូ អ្នកអាចធ្វើតាមយោបល់ពីគម្ពីរដែលថា៖ «ការបង្កទំនាស់ប្រៀបដូចជាការបើកទំនប់ទឹក មុននឹងជម្លោះផ្ទុះឡើង ចូរដកខ្លួនចេញ»។—សុភាសិត ១៧:១៤
ទោះជាយ៉ាងនោះក្ដី គូអាពាហ៍ពិពាហ៍គួរតែរក«ពេលនិយាយ»គ្នាអំពីបញ្ហារបស់ពួកគាត់។ បញ្ហាគឺប្រៀបទៅនឹងស្មៅចង្រៃ ដែលដុះឡើងឥតឈប់បើយើងមិនដកវាចោល។ ដូច្នេះ កុំទុកបញ្ហារបស់អ្នកចោលហើយសង្ឃឹមថាវានឹងបាត់ទៅឡើយ។ បើអ្នកផ្អាកការសន្ទនាជាមួយនឹងគូរបស់អ្នកអំពីរឿងណាមួយ សូមបង្ហាញការគោរពចំពោះគាត់ ដោយជ្រើសរើសពេលវេលាល្អនៅថ្ងៃខាងមុខដើម្បីនិយាយគ្នាអំពីរឿងនោះ។ បើអ្នកធ្វើដូច្នេះ នេះនឹងជួយអ្នកឲ្យធ្វើតាមការណែនាំពីគម្ពីរដែលថា៖ «កុំទុកកំហឹងរហូតដល់ថ្ងៃលិចឡើយ»។ (អេភេសូរ ៤:២៦) ក្រោយមក អ្នកត្រូវធ្វើតាមពាក្យសន្យារបស់អ្នក។
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-1-E ទំ.៧៩០ វ.២
ភ្នែក
ភ្នែកអាចបង្ហាញយ៉ាងច្បាស់អំពីអារម្មណ៍របស់មនុស្ស។ ភ្នែកអាចបង្ហាញពីចិត្តអាណិតអាសូរឬមិនបង្ហាញចិត្តអាណិតអាសូរ។ (បច. ១៩:១៣) មនុស្សអាច«មិចភ្នែក»ក្នុងបំណងធ្វើអាក្រក់ ឬរៀបឧបាយកល។ (ចសព. ៣៥:១៩; សុភ. ៦:១៣; ១៦:៣០) គម្ពីររៀបរាប់អំពីបុគ្គលដែលធ្វើមិនដឹងមិនឮ ឬមិនចង់ជួយអ្នកឯទៀតថាពួកគេ«បានបិទភ្នែក»។ (ម៉ាថ. ១៣:១៥; សុភ. ២៨:២៧) គម្ពីរចែងថាភ្នែករបស់មនុស្សល្ងីល្ងើ«ចេះតែស្រមើស្រមៃពីនេះពីនោះឥតឈប់» ពួកគេមិនផ្ចង់អារម្មណ៍ទៅលើអ្វីដែលសំខាន់ទេ តែចេះតែគិតអំពីអ្វីផ្សេងៗដែលឥតប្រយោជន៍។ (សុភ. ១៧:២៤) បើបុគ្គលម្នាក់មានសុខភាពល្អ មានកម្លាំងមាំមួន ឬមានសុភមង្គល នោះសឲ្យឃើញតាមរយៈភ្នែករបស់ពួកគេ។ (១សាំ. ១៤:២៧-២៩; បច. ៣៤:៧; យ៉ូប ១៧:៧; ចសព. ៦:៧; ៨៨:៩) ស្ដេចយេហូសាផាតបាននិយាយទៅកាន់ព្រះយេហូវ៉ាថា៖ ‹យើងសម្លឹងទៅរកលោក›។—២ប្រ. ២០:១២, ខ.ស.
ថ្ងៃទី១៦-២២ ខែមិថុនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
it-2-E ទំ.២៧១-២៧២
ចាប់ឆ្នោត
ការចាប់ឆ្នោតគឺជាទំនៀមទម្លាប់នៅសម័យបុរាណដើម្បីបានចម្លើយចំពោះរឿងណាមួយ។ វិធីដែលគេធ្លាប់ប្រើគឺដាក់គ្រាប់គ្រោះ ឈើ ឬថ្មតូចៗចូលទៅក្នុង«ថ្នក់អាវ» ឬក្នុងថូមួយហើយក្រឡុកវា។ គ្រាប់ណាដែលចេញមកឬដែលគេចាប់បានគឺជាលទ្ធផល។ ឆ្នោតគឺដូចជាពាក្យសម្បថ ដោយសារធម្មតាគេអធិដ្ឋានមុនសិន ដើម្បីសុំឲ្យព្រះយេហូវ៉ាតបឆ្លើយអំពីរឿងនោះ។
វិធីប្រើ។ សុភាសិត ១៦:៣៣ចែងថា៖ «មនុស្សចាប់ឆ្នោតនៅក្នុងថ្នក់អាវ តែព្រះយេហូវ៉ាជាអ្នកសម្រេចចិត្តចំពោះអ្វីៗទាំងអស់»។ នៅអ៊ីស្រាអែល គេចាប់ឆ្នោតដើម្បីដោះស្រាយបញ្ហា ដូចគម្ពីរបានរៀបរាប់ថា៖ «ការចាប់ឆ្នោតជាមធ្យោបាយបញ្ចប់ជម្លោះ ហើយជួយដោះស្រាយទំនាស់រវាងពួកអ្នកមានអំណាច»។ (សុភ. ១៨:១៨) ការចាប់ឆ្នោតមិនមែនជាល្បែងស៊ីសងទេ។ គេមិនដាក់លុយឬរកអ្នកឈ្នះចាញ់ឡើយ ហើយក៏មិនមែនដើម្បីរកលុយសម្រាប់វិហារ ពួកសង្ឃ ឬដើម្បីចែកទានដល់ជនក្រីក្រឡើយ។ ផ្ទុយទៅវិញ ទាហានជនជាតិរ៉ូមចង់បានប្រយោជន៍ ពេលពួកគេចាប់ឆ្នោតដើម្បីបានសម្លៀកបំពាក់របស់លោកយេស៊ូ ដូចបានទាយទុកនៅចម្រៀងសរសើរព្រះ ២២:១៨។—ម៉ាថ. ២៧:៣៥
ថ្ងៃទី២៣-២៩ ខែមិថុនា
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
w៨៧-E ១៥/៥ ទំ.២៩
ចូរកោតខ្លាចព្រះយេហូវ៉ា ហើយអ្នកនឹងមានសុភមង្គល
១៩:១៧—ហេតុអ្វីការជួយមនុស្សទន់ទាបគឺប្រៀបដូចជាការឲ្យព្រះយេហូវ៉ាខ្ចី?
មនុស្សទន់ទាបជារបស់ព្រះយេហូវ៉ា ហើយអ្វីដែលយើងធ្វើចំពោះពួកគេ នោះលោកចាត់ទុកថាដូចធ្វើចំពោះលោកដែរ។ (សុភាសិត ១៤:៣១) បើយើងស្រឡាញ់និងមានចិត្តសប្បុរសដល់មនុស្សទន់ទាប ឬឲ្យអំណោយដល់មនុស្សក្រីក្រ ដោយមិនរំពឹងថានឹងបានអ្វីមកវិញ នោះព្រះយេហូវ៉ាចាត់ទុកថាដូចជាការឲ្យលោកខ្ចី ហើយលោកនឹងសងយើងវិញដោយឲ្យពរដល់យើង។—លូកា ១៤:១២-១៤