-
កំហឹងនាំឲ្យមានការសម្លាប់មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៤
កំហឹងនាំឲ្យមានការសម្លាប់
ក្រោយពីអាដាមនិងអេវ៉ាចាកចេញពីសួនអេដែន ពួកគេមានកូនជាច្រើន។ កូនប្រុសទី១ឈ្មោះកាអ៊ីន ជាកសិករ ហើយកូនប្រុសទី២ឈ្មោះអេបិល ជាអ្នកឃ្វាលសត្វ។
នៅថ្ងៃមួយ កាអ៊ីននិងអេបិលបានជូនគ្រឿងបូជាទៅព្រះយេហូវ៉ា។ តើអ្នកដឹងទេថាគ្រឿងបូជាគឺជាអ្វី? គឺជាអំណោយពិសេសដែលបានត្រូវជូនដល់ព្រះ។ ព្រះយេហូវ៉ាពេញចិត្តអំណោយរបស់អេបិល តែលោកមិនពេញចិត្តអំណោយរបស់កាអ៊ីនទេ។ នេះបានធ្វើឲ្យកាអ៊ីនខឹងយ៉ាងខ្លាំង។ ព្រះយេហូវ៉ាបានព្រមានកាអ៊ីនថា កំហឹងរបស់គាត់អាចនាំឲ្យគាត់ប្រព្រឹត្តអំពើអាក្រក់។ ប៉ុន្តែ កាអ៊ីនមិនស្ដាប់ព្រះទេ។
ក្រោយមក កាអ៊ីនបានបបួលអេបិលថា៖ «តោះយើងទៅឯវាល»។ ពេលដែលពួកគេនៅឯវាលតែពីរនាក់ នោះកាអ៊ីនបានវាយសម្លាប់អេបិលជាប្អូន។ តើព្រះយេហូវ៉ានឹងធ្វើអ្វី? ព្រះយេហូវ៉ាបានដាក់ទោសកាអ៊ីន ដោយបញ្ជូនគាត់ឲ្យចេញឆ្ងាយពីក្រុមគ្រួសាររបស់គាត់។ កាអ៊ីនគ្មានថ្ងៃត្រឡប់មកវិញបានឡើយ។
តើយើងទាញមេរៀនអ្វីពីរឿងនេះ? យើងប្រហែលជាមានអារម្មណ៍ខឹង បើអ្វីៗមិនកើតឡើងដូចការគិតរបស់យើង។ បើយើងខឹងកាន់តែខ្លាំង ឬបើមានគេប្រាប់យើងថាយើងកំពុងខឹង នោះយើងគួរឆាប់រំសាយកំហឹង មុនពេលកំហឹងគ្រប់គ្រងលើយើង។
អេបិលស្រឡាញ់ព្រះយេហូវ៉ា ហើយបានធ្វើអ្វីដែលត្រឹមត្រូវ។ ដូច្នេះ ព្រះយេហូវ៉ានឹងចងចាំអេបិលជានិច្ច។ ព្រះនឹងប្រោសអេបិលឲ្យរស់ឡើងវិញ ពេលដែលលោកធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។
«ទៅរកជានឹងបងប្អូនរបស់អ្នកសិន។ បន្ទាប់មក ចូរត្រឡប់មកបូជាអ្វីទាំងនោះចុះ»។—ម៉ាថាយ ៥:២៤
-
-
ទូកណូអេមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៥
ទូកណូអេ
ក្រោយមក នៅផែនដីមានមនុស្សកាន់តែច្រើន។ ប៉ុន្តែ ពួកគេភាគច្រើនប្រព្រឹត្តអំពើអាក្រក់។ សូម្បីតែទេវតាខ្លះក៏បែរជាធ្វើអំពើអាក្រក់ដែរ។ ពួកគេបានចាកចេញពីលំនៅស្ថានសួគ៌មកផែនដី ហើយកាឡាខ្លួនជាមនុស្ស។ ហេតុអ្វីពួកគេធ្វើដូច្នេះ? គឺដើម្បីរៀបការជាមួយនឹងស្ត្រី។
ទេវតាទាំងនោះមានកូនជាមួយនឹងស្ត្រី។ កូនរបស់ពួកគេធំឡើងជាមនុស្សមានកម្លាំងខ្លាំងណាស់ តែកោងកាច និងចូលចិត្តដើរធ្វើបាបអ្នកឯទៀត។ ព្រះយេហូវ៉ាមិនព្រមឲ្យរឿងទាំងនេះ បន្តមានតទៅទៀតឡើយ។ ដូច្នេះ លោកសម្រេចចិត្តធ្វើឲ្យមានទឹកជំនន់ ដើម្បីបំផ្លាញមនុស្សអាក្រក់ទាំងនោះ។
ប៉ុន្តែ មានបុរសម្នាក់មិនដូចមនុស្សឯទៀតនៅសម័យរបស់គាត់ឡើយ។ គាត់ស្រឡាញ់ព្រះយេហូវ៉ា។ គាត់ឈ្មោះណូអេ។ គាត់មានកូនប្រុសបីនាក់ ឈ្មោះសិម ហាំ និងយ៉ាផេត។ ពួកគេម្នាក់ៗមានប្រពន្ធហើយ។ ព្រះយេហូវ៉ាបានប្រាប់ណូអេឲ្យសង់ទូកធំមួយ ដើម្បីសង្គ្រោះគាត់និងក្រុមគ្រួសារគាត់ពីទឹកជំនន់។ ទូករបស់ណូអេគឺជាទូកឈើ មានរាងដូចប្រអប់ធំមួយដែលអាចអណ្ដែតលើទឹកបាន។ ព្រះយេហូវ៉ាក៏បានបង្គាប់ណូអេឲ្យនាំសត្វផ្សេងៗជាច្រើនចូលទៅក្នុងទូកនោះដែរ ដើម្បីកុំឲ្យពួកវាស្លាប់។
ណូអេបានចាប់ផ្ដើមសង់ទូកធំភ្លាមៗ។ គាត់និងក្រុមគ្រួសារគាត់ចំណាយពេលអស់ប្រហែល៥០ឆ្នាំក្នុងការសង់ទូកនោះ។ ពួកគាត់សង់ទូកតាមអ្វីទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់។ ដំណាលគ្នានោះ ណូអេក៏បានព្រមានបណ្ដាជនអំពីទឹកជំនន់ដែរ។ ប៉ុន្តែ គ្មានអ្នកណាម្នាក់ស្ដាប់គាត់ទេ។
នៅទីបំផុត ដល់ពេលដែលពួកគាត់ចូលទៅក្នុងទូកធំ។ សូមឲ្យយើងមើលអ្វីដែលកើតឡើងបន្ទាប់។
«វត្តមានរបស់កូនមនុស្ស នឹងដូចសម័យណូអេ»។—ម៉ាថាយ ២៤:៣៧
-