-
អាប្រាហាំនិងសារ៉ាស្តាប់បង្គាប់ព្រះមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៨
អាប្រាហាំនិងសារ៉ាស្ដាប់បង្គាប់ព្រះ
នៅមិនឆ្ងាយពីក្រុងបាបិល មានក្រុងមួយឈ្មោះអឺ។ មនុស្សនៅក្រុងនោះ មិនគោរពប្រណិប័តន៍ព្រះយេហូវ៉ាទេ។ ពួកគេគោរពបូជារូបព្រះផ្សេងៗជាច្រើន។ ប៉ុន្តែ នៅក្រុងអឺមានបុរសម្នាក់ដែលគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។ គាត់ឈ្មោះអាប្រាហាំ។
ព្រះយេហូវ៉ាមានប្រសាសន៍ទៅអាប្រាហាំថា៖ ‹ចូរចេញពីផ្ទះ និងពីញាតិសន្ដានរបស់អ្នក រួចទៅស្រុកដែលខ្ញុំនឹងបង្ហាញដល់អ្នក›។ បន្ទាប់មក ព្រះបានសន្យាថា៖ ‹ខ្ញុំនឹងធ្វើឲ្យអ្នកក្លាយទៅជាជាតិសាសន៍មួយដ៏ធំខ្លាំងក្លា ហើយខ្ញុំនឹងឲ្យគ្រប់ក្រុមគ្រួសារនៅផែនដីទទួលពរតាមរយៈអ្នក›។
អាប្រាហាំមិនដឹងថា ព្រះយេហូវ៉ាចង់ឲ្យគាត់ទៅកន្លែងណាទេ ប៉ុន្តែគាត់ទុកចិត្តលោក។ អាប្រាហាំនិងសារ៉ាជាប្រពន្ធ ថេរ៉ាជាឪពុក និងឡុតជាក្មួយប្រុសបានធ្វើតាមបង្គាប់ ដោយរៀបចំអីវ៉ាន់ រួចចាប់ផ្ដើមធ្វើដំណើរដ៏វែងឆ្ងាយ។
អាប្រាហាំមានអាយុ៧៥ឆ្នាំ ពេលគាត់និងក្រុមគ្រួសារបានមកដល់ទឹកដី ដែលព្រះយេហូវ៉ាចង់ឲ្យពួកគាត់ឃើញ។ ទឹកដីនោះឈ្មោះថា កាណាន។ នៅទីនោះ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅអាប្រាហាំម្ដងទៀត ហើយសន្យាថា៖ ‹ខ្ញុំនឹងឲ្យទឹកដីដែលអ្នកឃើញនេះ ដល់កូនចៅរបស់អ្នក›។ ប៉ុន្តែ អាប្រាហាំនិងសារ៉ាមានវ័យចាស់ហើយ ពួកគាត់គ្មានកូនទេ។ ដូច្នេះ តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណាដើម្បីឲ្យសេចក្ដីសន្យារបស់លោកក្លាយជាការពិត?
‹ដោយសារជំនឿ អាប្រាហាំបានស្ដាប់បង្គាប់ដោយចេញទៅកន្លែងដែលគាត់ត្រូវទទួលជាមត៌ក។ គាត់ចាកចេញទៅ ទោះជាគាត់មិនបានដឹងថាគាត់ទៅកន្លែងណាក៏ដោយ›។—ហេប្រឺ ១១:៨
-
-
ទីបំផុតមានកូនប្រុស!មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៩
ទីបំផុតមានកូនប្រុស!
អាប្រាហាំនិងសារ៉ាបានរៀបការអស់ជាច្រើនឆ្នាំ។ ពួកគាត់បានចាកចេញពីជីវិតស្រណុកសុខស្រួលនៅក្រុងអឺ ហើយមករស់នៅក្នុងត្រសាល។ ប៉ុន្តែ សារ៉ាមិនត្អូញត្អែរទេ ពីព្រោះនាងទុកចិត្តព្រះយេហូវ៉ា។
សារ៉ាចង់បានកូនខ្លាំងណាស់ បានជានាងប្រាប់អាប្រាហាំថា៖ ‹ប្រសិនបើហាកាស្រីបម្រើរបស់ខ្ញុំមានកូន នោះកូននាងក៏ដូចជាកូនរបស់ខ្ញុំដែរ›។ ក្រោយមក ហាកាមានកូនប្រុសមួយ។ កូននោះឈ្មោះថា អ៊ីសម៉ាអែល។
ច្រើនឆ្នាំមកទៀត ពេលអាប្រាហាំអាយុ៩៩ឆ្នាំ ហើយសារ៉ាអាយុ៨៩ឆ្នាំ មានភ្ញៀវបីនាក់មកលេងពួកគាត់។ អាប្រាហាំបានអញ្ជើញភ្ញៀវឲ្យសម្រាកក្រោមដើមឈើមួយ រួចឲ្យអាហារពួកគេបរិភោគ។ តើអ្នកដឹងថាភ្ញៀវទាំងនោះជាអ្នកណាទេ? ពួកគេជាទេវតា! ពួកគេប្រាប់អាប្រាហាំថា៖ ‹នៅឆ្នាំក្រោយវេលានេះ អ្នកនិងប្រពន្ធរបស់អ្នកនឹងមានកូនប្រុសមួយ›។ ពេលនោះសារ៉ាកំពុងឈរស្ដាប់ពីក្នុងត្រសាល។ នាងនឹកអស់សំណើចក្នុងចិត្ត ហើយគិតថា៖ «ខ្ញុំចាស់ប៉ុណ្ណេះហើយ តើពិតជាអាចមានកូនមែនឬ?»។
នៅឆ្នាំបន្ទាប់ សារ៉ាកើតបានកូនប្រុសម្នាក់ ដូចអ្វីដែលទេវតារបស់ព្រះយេហូវ៉ាបានសន្យាមែន។ អាប្រាហាំដាក់ឈ្មោះកូនថា អ៊ីសាក មានន័យថា«សំណើច»។
ពេលអ៊ីសាកមានអាយុប្រហែលប្រាំឆ្នាំ សារ៉ាបានឃើញអ៊ីសម៉ាអែលចេះតែចំអកឲ្យអ៊ីសាក។ សារ៉ាចង់ការពារកូនប្រុសរបស់នាង ដូច្នេះនាងបាននិយាយជាមួយនឹងអាប្រាហាំ ដោយសុំគាត់ឲ្យបញ្ជូនហាកា និងអ៊ីសម៉ាអែលទៅឲ្យឆ្ងាយ។ មុនដំបូង អាប្រាហាំមិនចង់ធ្វើតាមសារ៉ាទេ។ ប៉ុន្តែ ព្រះយេហូវ៉ាប្រាប់អាប្រាហាំថា៖ ‹ចូរស្ដាប់តាមសារ៉ាចុះ។ ខ្ញុំនឹងថែរក្សាអ៊ីសម៉ាអែល។ ប៉ុន្តែ សេចក្ដីសន្យារបស់ខ្ញុំនឹងកើតឡើងតាមរយៈអ៊ីសាក›។
«ដោយសារជំនឿ សារ៉ាបានទទួលសមត្ថភាពមានផ្ទៃពោះបង្កើតកូន . . . ពីព្រោះនាងចាត់ទុកថាលោកដែលបានសន្យាការនោះគឺស្មោះត្រង់»។—ហេប្រឺ ១១:១១
-