បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • ប្រពន្ធរបស់ឡុតក្លាយជាបង្គោលអំបិល ខណៈពេលដែលឡុតនិងកូនស្រីទាំងពីរបន្តរត់ចេញពីក្រុងសូដុម

      មេ​រៀន​ទី​១០

      ចូរ​នឹក​ចាំ​អំពី​ប្រពន្ធ​របស់​ឡុត

      ឡុត​រស់​នៅ​ជា​មួយ​នឹង​អាប្រាហាំ ជា​ពូ​របស់​គាត់​នៅ​ស្រុក​កាណាន។ ប៉ុន្តែ​យូរ​ៗ​ទៅ អាប្រាហាំ​និង​ឡុត​មាន​ហ្វូង​សត្វ​កាន់​តែ​ច្រើន រហូត​ដល់​គ្មាន​កន្លែង​ធំ​ល្មម​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​ឡើយ។ ថ្ងៃ​មួយ អាប្រាហាំ​និយាយ​ទៅ​ឡុត​ថា​៖ ‹យើង​មិន​អាច​រស់​ជា​មួយ​គ្នា​ក្នុង​កន្លែង​តែ​មួយ​ទៀត​បាន​ទេ។ ដូច្នេះ សូម​ជ្រើស​រើស​កន្លែង​ដែល​អ្នក​ចង់​ទៅ រួច​ខ្ញុំ​នឹង​ទៅ​កន្លែង​ផ្សេង›។ នេះ​បង្ហាញ​ថា អាប្រាហាំ​ជា​មនុស្ស​ចិត្ត​ល្អ ដែល​គិត​ប្រយោជន៍​អ្នក​ឯ​ទៀត​ច្រើន​ជាង​ខ្លួន មែន​ទេ?

      ឡុត​បាន​ឃើញ​ទឹក​ដី​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ជិត​ក្រុង​សូដុម។ នៅ​ទី​នោះ មាន​ទឹក​បរិបូរ និង​មាន​វាល​ស្មៅ​ខៀវ​ខ្ចី។ ម្ល៉ោះ​ហើយ គាត់​បាន​ជ្រើស​រើស​យក​ទឹក​ដី​នោះ ហើយ​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​រស់​នៅ​ជា​មួយ​គ្នា។

      ពួក​អ្នក​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា ជា​មនុស្ស​អាក្រក់​ខ្លាំង​ណាស់។ ហេតុ​នេះ ព្រះ​យេហូវ៉ា​សម្រេច​ចិត្ត​បំផ្លាញ​ក្រុង​ទាំង​នោះ​ចោល។ ប៉ុន្តែ លោក​ចង់​សង្គ្រោះ​ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់។ ដូច្នេះ លោក​បាន​ចាត់​ទេវតា​ពីរ​នាក់​ឲ្យ​ទៅ​ព្រមាន​ឡុត​ថា​៖ ‹លឿន​ឡើង! ចូរ​ចេញ​ពី​ក្រុង​នេះ​ជា​ប្រញាប់! ព្រោះ​ព្រះ​យេហូវ៉ា​ជិត​បំផ្លាញ​ក្រុង​នេះ​ហើយ›។

      ប៉ុន្តែ ឡុត​នៅ​បង្អែ​បង្អង់ មិន​ចាក​ចេញ​ភ្លាម​ៗ​ទេ។ ឃើញ​ដូច្នេះ ទេវតា​បាន​ចាប់​ដៃ​ឡុត​និង​ប្រពន្ធ​គាត់ ព្រម​ទាំង​កូន​ស្រី​ទាំង​ពីរ​នាក់ ហើយ​នាំ​ពួក​គាត់​ចេញ​ទៅ​ក្រៅ​ក្រុង​ភ្លាម​ៗ ទាំង​ប្រាប់​ពួក​គាត់​ថា​៖ ‹ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! ហើយ​កុំ​ងាក​ក្រោយ​ឲ្យ​សោះ។ បើ​អ្នក​ងាក​ក្រោយ អ្នក​នឹង​ស្លាប់!›។

      ភ្លើងនិងស្ពាន់ធ័រធ្លាក់មកលើក្រុងសូដុមនិងក្រុងកូម៉ូរ៉ា

      ពេល​ពួក​គាត់​មក​ដល់​ក្រុង​សូអា ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មាន​ភ្លើង​និង​ស្ពាន់ធ័រ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា។ ក្រុង​ទាំង​ពីរ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល​ទាំង​ស្រុង។ ប៉ុន្តែ ប្រពន្ធ​របស់​ឡុត​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ នាង​បាន​ងាក​ទៅ​ក្រោយ ដូច្នេះ​នាង​ក៏​ក្លាយ​ជា​បង្គោល​អំបិល! ផ្ទុយ​ទៅ​វិញ ឡុត​និង​កូន​ស្រី​របស់​គាត់​មាន​សុវត្ថិភាព ដោយ​សារ​ពួក​គាត់​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ពេល​ដែល​ប្រពន្ធ​ឡុត​មិន​ស្ដាប់​បង្គាប់​ព្រះ នោះ​ពិត​ជា​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ពិបាក​ចិត្ត​ជា​ខ្លាំង។ នេះ​បង្រៀន​យើង​ថា ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា គឺ​ជា​រឿង​សំខាន់​ណាស់។

      ​«​ចូរ​នឹក​ចាំ​អំពី​ប្រពន្ធ​របស់​ឡុត​»។—លូកា ១៧:៣២

      សំណួរ​៖ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បំផ្លាញ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា? ហេតុ​អ្វី​ប្រពន្ធ​របស់​ឡុត​ក្លាយ​ជា​បង្គោល​អំបិល?

      ដើម​កំណើត ១៣:១​-​១៣; ១៩:១​-​២៦; លូកា ១៧:២៨, ២៩, ៣២; ពេត្រុស​ទី២ ២:៦​-​៩

  • ព្រះសាកល្បងអាប្រាហាំ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • អាប្រាហាំនិងអ៊ីសាកធ្វើដំណើរទៅភ្នំម៉ូរីយ៉ា

      មេ​រៀន​ទី​១១

      ព្រះ​សាក​ល្បង​អាប្រាហាំ

      អាប្រាហាំ​បាន​បង្រៀន​អ៊ីសាក​ជា​កូន​ប្រុស​គាត់ ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា និង​ឲ្យ​ទុក​ចិត្ត​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក។ ប៉ុន្តែ ពេល​អ៊ីសាក​អាយុ​ប្រហែល​២៥​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​សុំ​អាប្រាហាំ​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ពិបាក​ខ្លាំង​ណាស់។ តើ​លោក​សុំ​គាត់​ឲ្យ​ធ្វើ​អ្វី?

      ព្រះ​បាន​ប្រាប់​អាប្រាហាំ​ថា​៖ ‹សូម​នាំ​កូន​ប្រុស​តែ​មួយ​របស់​អ្នក ធ្វើ​ដំណើរ​ទៅ​តំបន់​ភ្នំ​ម៉ូរីយ៉ា ហើយ​ជូន​គាត់​ជា​គ្រឿង​បូជា›។ អាប្រាហាំ​មិន​ដឹង​មូលហេតុ ដែល​ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ឲ្យ​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​គាត់​នៅ​តែ​ស្ដាប់​បង្គាប់​លោក។

      នៅ​ព្រឹក​បន្ទាប់ អាប្រាហាំ​បាន​នាំ​អ៊ីសាក និង​អ្នក​បម្រើ​ពីរ​នាក់​ចេញ​ដំណើរ​ទៅ​តំបន់​ភ្នំ​ម៉ូរីយ៉ា។ បី​ថ្ងៃ​ក្រោយ​មក ពួក​គាត់​ឃើញ​ភ្នំ​នោះ​ពី​ចម្ងាយ។ អាប្រាហាំ​ប្រាប់​ពួក​អ្នក​បម្រើ​ឲ្យ​រង់​ចាំ​នៅ​ទី​នេះ​សិន រួច​គាត់​និង​អ៊ីសាក​ក៏​ចេញ​ទៅ​ភ្នំ​នោះ ដើម្បី​ជូន​គ្រឿង​បូជា។ អាប្រាហាំ​ឲ្យ​អ៊ីសាក​លី​អុស ឯ​គាត់​កាន់​កាំបិត​មួយ។ អ៊ីសាក​បាន​សួរ​ឪពុក​ថា​៖ ‹តើ​សត្វ​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ដុត នៅ​ឯ​ណា?›។ អាប្រាហាំ​ឆ្លើយ​ថា​៖ ‹កូន​អើយ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​សត្វ​សម្រាប់​ជា​គ្រឿង​បូជា​ដុត›។

      ពេល​ពួក​គាត់​ទៅ​ដល់​ទី​នោះ ពួក​គាត់​បាន​សង់​ទី​បូជា​មួយ។ រួច​មក អាប្រាហាំ​ចង​ដៃ​ចង​ជើង​អ៊ីសាក ហើយ​ផ្ដេក​គាត់​នៅ​លើ​ទី​បូជា។

      អ៊ីសាកបានត្រូវចងផ្ដេកលើទីបូជា ហើយអាប្រាហាំកាន់កាំបិតមួយ

      អាប្រាហាំ​បាន​ដក​កាំបិត។ ភ្លាម​នោះ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​ហៅ​គាត់​ពី​លើ​មេឃ​ថា​៖ ‹អាប្រាហាំ! កុំ​សម្លាប់​កូន​នោះ​ឡើយ! ឥឡូវ​ខ្ញុំ​ដឹង​ថា អ្នក​មាន​ជំនឿ​លើ​ព្រះ ព្រោះ​អ្នក​សុខ​ចិត្ត​ប្រគល់​កូន​តែ​មួយ​របស់​អ្នក​ជា​គ្រឿង​បូជា›។ បន្ទាប់​មក អាប្រាហាំ​បាន​ឃើញ​ចៀម​ឈ្មោល​មួយ​ជាប់​ស្នែង​នឹង​គុម្ពោត​ព្រៃ។ ដូច្នេះ គាត់​ប្រញាប់​ស្រាយ​អ៊ីសាក ហើយ​ជូន​ចៀម​នោះ​ជា​គ្រឿង​បូជា​ជំនួស​វិញ។

      ចាប់​ពី​ពេល​នោះ​មក ព្រះ​យេហូវ៉ា​បាន​ហៅ​អាប្រាហាំ​ថា មិត្ត​សម្លាញ់​របស់​លោក។ តើ​អ្នក​ដឹង​ហេតុ​អ្វី​ទេ? ពីព្រោះ​អាប្រាហាំ​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​គាត់​មិន​យល់​មូលហេតុ ដែល​ព្រះ​យេហូវ៉ា​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ក៏​ដោយ។

      អាប្រាហាំចងអ៊ីសាក

      ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​អាប្រាហាំ​ម្ដង​ទៀត​ថា​៖ ‹ខ្ញុំ​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​កូន​ចៅ​ឬ​ពូជ​របស់​អ្នក មាន​ចំនួន​ច្រើន​ឥត​គណនា›។ នេះ​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ដល់​មនុស្ស​ល្អ​ទាំង​អស់ តាម​រយៈ​កូន​ចៅ​របស់​អាប្រាហាំ។

      ​«​ព្រះ​ស្រឡាញ់​ពិភព​លោក​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​លោក​ឲ្យ​បុត្រ​តែ​មួយ​របស់​លោក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​នោះ អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​មិន​ត្រូវ​បំផ្លាញ​ឡើយ​»។—យ៉ូហាន ៣:១៦

      សំណួរ​៖ តើ​អាប្រាហាំ​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​គាត់​ទុក​ចិត្ត​ព្រះ​យេហូវ៉ា? តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​អាប្រាហាំ​អំពី​អ្វី?

      ដើម​កំណើត ២២:១​-​១៨; ហេប្រឺ ១១:១៧​-​១៩; យ៉ាកុប ២:២១​-​២៣

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក