-
យ៉ាកុបបានទទួលមត៌កមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី១២
យ៉ាកុបបានទទួលមត៌ក
អ៊ីសាកមានអាយុ៤០ឆ្នាំ ពេលគាត់រៀបការជាមួយនឹងរេបិកា។ គាត់ស្រឡាញ់នាងខ្លាំងណាស់។ មួយរយៈក្រោយមក ពួកគាត់មានកូនប្រុសភ្លោះពីរនាក់។
កូនច្បងឈ្មោះអេសាវ ឯកូនប្អូនឈ្មោះយ៉ាកុប។ អេសាវចូលចិត្តនៅខាងក្រៅ ហើយពូកែបរបាញ់សត្វ។ ប៉ុន្តែ យ៉ាកុបចូលចិត្តនៅក្នុងត្រសាល។
នៅសម័យនោះ ពេលឪពុកស្លាប់ទៅ កូនប្រុសច្បងនឹងទទួលបានដី និងមាសប្រាក់ច្រើនជាងកូនឯទៀត។ នេះហៅថាមត៌ក។ សម្រាប់គ្រួសាររបស់អ៊ីសាក មត៌ករួមបញ្ចូលផ្នែកមួយនៃសេចក្ដីសន្យា ដែលព្រះយេហូវ៉ាបានធ្វើជាមួយនឹងអាប្រាហាំ។ អេសាវមិនសូវខ្វល់នឹងសេចក្ដីសន្យាទាំងនោះទេ។ ប៉ុន្តែ យ៉ាកុបដឹងថា សេចក្ដីសន្យាទាំងនោះសំខាន់ណាស់។
ថ្ងៃមួយ បន្ទាប់ពីបរបាញ់សត្វពេញមួយថ្ងៃ អេសាវត្រឡប់មកផ្ទះវិញ ដោយនឿយហត់ជាខ្លាំង។ គាត់ធំក្លិនឈ្ងុយម្ហូបដែលយ៉ាកុបកំពុងធ្វើ។ រួចគាត់និយាយថា៖ ‹បងហេវណាស់! សូមឲ្យបបរសណ្ដែកក្រហមបងបរិភោគផង!›។ យ៉ាកុបឆ្លើយថា៖ ‹ខ្ញុំនឹងឲ្យបង។ ប៉ុន្តែ សូមបងសន្យានឹងខ្ញុំសិនថា បងនឹងឲ្យមត៌ករបស់បងដល់ខ្ញុំ›។ អេសាវឆ្លើយថា៖ ‹បងមិនខ្វល់អំពីមត៌ករបស់បងទេ! ប្អូនយកចុះ បងគ្រាន់តែចង់បរិភោគប៉ុណ្ណោះ›។ ពេលអេសាវធ្វើដូច្នេះ តើបង្ហាញថាគាត់មានប្រាជ្ញាឬទេ? អត់ទេ។ អេសាវបោះចោលអ្វីដែលមានតម្លៃបំផុត ជាថ្នូរនឹងបបរមួយចាន។
កាលដែលអ៊ីសាកកាន់តែចាស់ទៅ នោះដល់ពេលដែលគាត់ត្រូវឲ្យពរដល់កូនប្រុសច្បងរបស់គាត់។ ប៉ុន្តែ រេបិកាបានជួយយ៉ាកុបដែលជាកូនប្អូន ឲ្យទទួលពរជំនួសវិញ។ ពេលអេសាវដឹងអំពីរឿងនេះ គាត់ខឹងខ្លាំងណាស់ ហើយរៀបគម្រោងសម្លាប់យ៉ាកុបដែលជាប្អូនប្រុស។ អ៊ីសាកនិងរេបិកាចង់ការពារយ៉ាកុប ដូច្នេះពួកគាត់បានប្រាប់យ៉ាកុបថា៖ ‹ចូរទៅស្នាក់នៅផ្ទះរបស់ឡាបាន់ដែលជាបងប្រុសម្ដាយកូន រហូតដល់អេសាវស្ងប់កំហឹង›។ យ៉ាកុបស្ដាប់តាមយោបល់របស់ឪពុកម្ដាយ រួចក៏រត់ភៀសខ្លួនទៅ។
«បើអ្នកណាម្នាក់បានអ្វីៗទាំងអស់ក្នុងពិភពលោក តែបាត់បង់ជីវិតខ្លួនវិញ តើនោះមានប្រយោជន៍អ្វី? តើមនុស្សសុខចិត្តយកអ្វីមកប្ដូរនឹងជីវិតខ្លួន?»។—ម៉ាកុស ៨:៣៦, ៣៧
-
-
យ៉ាកុបនិងអេសាវត្រូវគ្នាវិញមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី១៣
យ៉ាកុបនិងអេសាវត្រូវគ្នាវិញ
ព្រះយេហូវ៉ាបានសន្យានឹងយ៉ាកុបថា លោកនឹងការពារគាត់ ដូចលោកបានការពារអាប្រាហាំនិងអ៊ីសាកដែរ។ យ៉ាកុបបានទៅរស់នៅក្នុងក្រុងហារ៉ាន ហើយរៀបការ។ រួចមក គាត់មានក្រុមគ្រួសារដ៏ធំ និងមានទ្រព្យសម្បត្តិច្រើនណាស់។
នៅថ្ងៃមួយ ព្រះយេហូវ៉ាបានប្រាប់យ៉ាកុបថា៖ ‹ចូរធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់អ្នកវិញ›។ ដូច្នេះ យ៉ាកុបនិងក្រុមគ្រួសាររបស់គាត់ ចាប់ផ្ដើមធ្វើដំណើរដ៏វែងឆ្ងាយ។ នៅតាមផ្លូវ មានមនុស្សមកប្រាប់យ៉ាកុបថា៖ ‹អេសាវបងប្រុសលោកកំពុងធ្វើដំណើរមកជួបលោក ដោយមានទាំងបុរស៤០០នាក់មកជាមួយផង!›។ ពេលឮដូច្នេះ យ៉ាកុបភ័យខ្លាចជាខ្លាំង គាត់ខ្លាចថាអេសាវនឹងធ្វើបាបគាត់ និងក្រុមគ្រួសាររបស់គាត់។ ដូច្នេះ គាត់បានអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ ‹សូមលោកជួយខ្ញុំឲ្យរួចពីដៃរបស់បងប្រុសខ្ញុំផង›។ នៅថ្ងៃបន្ទាប់ យ៉ាកុបបានផ្ញើអំណោយជាច្រើនដល់អេសាវមានដូចជា ហ្វូងចៀម ហ្វូងពពែ ហ្វូងគោ ហ្វូងអូដ្ឋ និងហ្វូងលា។
នៅយប់នោះ កាលដែលយ៉ាកុបនៅម្នាក់ឯង គាត់បានឃើញទេវតាមួយរូប! ទេវតានោះចាប់ផ្ដើមបោកចំបាប់ជាមួយនឹងគាត់។ ពួកគាត់បោកចំបាប់រហូតដល់ភ្លឺ។ ទោះជាយ៉ាកុបត្រូវរបួសក៏ដោយ គាត់មិនព្រមឈប់ឡើយ។ ហេតុនេះ ទេវតាបាននិយាយថា៖ «លែងខ្ញុំទៅ»។ ប៉ុន្តែ យ៉ាកុបឆ្លើយថា៖ «ខ្ញុំមិនលែងអ្នកទេ ទាល់តែអ្នកឲ្យពរខ្ញុំសិន»។
នៅទីបំផុត ទេវតាបានឲ្យពរដល់យ៉ាកុប។ ឥឡូវ យ៉ាកុបដឹងថា ព្រះយេហូវ៉ាមិនព្រមឲ្យអេសាវធ្វើបាបគាត់ឡើយ។
នៅព្រឹកនោះ យ៉ាកុបបានឃើញអេសាវ និងបុរស៤០០នាក់ពីចម្ងាយ។ ម្ល៉ោះហើយ យ៉ាកុបបានដើរនាំមុខក្រុមគ្រួសាររបស់គាត់ ហើយក្រាបគោរពអេសាវអស់៧ដង។ ពេលឃើញដូច្នេះ អេសាវបានរត់មកឱបយ៉ាកុប។ បងប្អូនទាំងពីរនាក់បានយំជាមួយគ្នា ហើយត្រូវគ្នាវិញ។ តើអ្នកគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះវិធីដែលយ៉ាកុបដោះស្រាយបញ្ហា?
ក្រោយមក អេសាវក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ហើយយ៉ាកុបបន្តដំណើរតទៅទៀត។ យ៉ាកុបមានកូនប្រុស១២នាក់ ឈ្មោះរូបេន ស៊ីម្មាន លេវី យូដា ដាន់ ណែបថាលី កាដ អេស៊ើរ អ៊ីសាខារ សេប៊ូឡូន យ៉ូសែប និងបេនយ៉ាមីន។ ក្នុងចំណោមកូនប្រុសទាំងអស់របស់យ៉ាកុប ព្រះយេហូវ៉ានឹងប្រើយ៉ូសែប ដើម្បីសង្គ្រោះរាស្ត្ររបស់លោក។ តើលោកនឹងប្រើគាត់តាមវិធីណា? សូមឲ្យយើងរកចម្លើយ។
«ចូរបន្តស្រឡាញ់សត្រូវរបស់អ្នក ហើយអធិដ្ឋានឲ្យអ្នកដែលបៀតបៀនអ្នក។ យ៉ាងនេះ អ្នកអាចបង្ហាញថាអ្នកជាកូននៃបិតារបស់អ្នកដែលនៅស្ថានសួគ៌»។—ម៉ាថាយ ៥:៤៤, ៤៥
-