បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ខ្ញុំបម្រើម្នាក់បានស្តាប់បង្គាប់ព្រះ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • យ៉ូសែបរត់គេចពីប្រពន្ធប៉ូទីផា

      មេ​រៀន​ទី​១៤

      ខ្ញុំ​បម្រើ​ម្នាក់​បាន​ស្ដាប់​បង្គាប់​ព្រះ

      យ៉ូសែប​ជា​កូន​ប្រុស​ទី​១១​របស់​យ៉ាកុប។ បង​ប្រុស​ៗ​របស់​យ៉ូសែប​ដឹង​ថា ឪពុក​ស្រឡាញ់​យ៉ូសែប​ជាង​គេ។ តើ​អ្នក​គិត​ថា​ពួក​គេ​មាន​អារម្មណ៍​យ៉ាង​ណា? ពួក​គេ​ច្រណែន​យ៉ូសែប ហើយ​ស្អប់​គាត់។ ជួន​កាល យ៉ូសែប​សុបិន​ឃើញ​ប្លែក​ៗ ហើយ​ក៏​ប្រាប់​ដល់​បង​ៗ​របស់​គាត់។ ពេល​ស្ដាប់​ហើយ ពួក​គេ​គិត​ថា​សុបិន​ទាំង​នោះ​មាន​ន័យ​ថា នៅ​ថ្ងៃ​ណា​មួយ​ពួក​គេ​នឹង​ត្រូវ​ក្រាប​គោរព​យ៉ូសែប។ ដូច្នេះ ពួក​គេ​ស្អប់​គាត់​កាន់​តែ​ខ្លាំង!

      បងប្រុសៗរបស់យ៉ូសែបបោះយ៉ូសែបទៅក្នុងអណ្តូង

      មាន​ថ្ងៃ​មួយ បង​ៗ​របស់​យ៉ូសែប​កំពុង​ឃ្វាល​ចៀម​នៅ​ជិត​ក្រុង​ស៊ីគឹម។ យ៉ាកុប​បាន​ឲ្យ​យ៉ូសែប​ទៅ​សួរ​សុខ​ទុក្ខ​បង​ៗ។ កាល​ដែល​ពួក​គេ​ឃើញ​យ៉ូសែប​ពី​ចម្ងាយ ពួក​គេ​ក៏​និយាយ​គ្នា​ថា​៖ ‹នុ៎ះ​ន៏! មេ​យល់សប្ដិ​មក​ហើយ ចូរ​យើង​សម្លាប់​គាត់​ចោល!›។ ពួក​គេ​បាន​ចាប់​គាត់ ហើយ​បោះ​ទៅ​ក្នុង​អណ្ដូង​ជ្រៅ​មួយ។ ប៉ុន្តែ យូដា​និយាយ​ថា​៖ ‹កុំ​សម្លាប់​គាត់​អី! ចូរ​យើង​លក់​គាត់​ឲ្យ​ធ្វើ​ជា​ទាសករ​វិញ›។ ដូច្នេះ ពួក​គេ​ក៏​លក់​យ៉ូសែប​ទៅ​ឲ្យ​ឈ្មួញ​ជន​ជាតិ​ម៉ាឌាន ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេហ្ស៊ីប ក្នុង​តម្លៃ​ប្រាក់​២០​ដុំ។

      បន្ទាប់​មក បង​ៗ​ទាំង​នោះ​បាន​យក​អាវ​របស់​យ៉ូសែប​ទៅ​ជ្រលក់​ក្នុង​ឈាម​ពពែ រួច​ផ្ញើ​អាវ​នោះ​ទៅ​ឲ្យ​ឪពុក ហើយ​សួរ​ថា​៖ ‹តើ​នេះ​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន​ឬ​មិន​មែន?›។ ពេល​ឃើញ​អាវ​ប្រឡាក់​ឈាម យ៉ាកុប​គិត​ថា សត្វ​សាហាវ​បាន​សម្លាប់​យ៉ូសែប​ហើយ។ យ៉ាកុប​យំ​ស្ដាយ​យ៉ូសែប​ជា​ខ្លាំង ហើយ​គ្មាន​អ្នក​ណា​អាច​ជួយ​សម្រាល​ទុក្ខ​គាត់​បាន​ទេ។

      យ៉ូសែបជាប់គុក

      នៅ​ស្រុក​អេហ្ស៊ីប គេ​បាន​លក់​យ៉ូសែប​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ឈ្មោះ ប៉ូទីផា។ ប៉ុន្តែ ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​យ៉ូសែប។ ប៉ូទីផា​បាន​ឃើញ​យ៉ូសែប​ជា​មនុស្ស​ដែល​ពូកែ​ធ្វើ​ការ និង​អាច​ទុក​ចិត្ត​បាន។ មិន​យូរ​ប៉ុន្មាន ប៉ូទីផា​បាន​តែង​តាំង​យ៉ូសែប​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​គាត់។

      ប្រពន្ធ​ប៉ូទីផា​សង្កេត​ឃើញ​ថា យ៉ូសែប​មាន​រូប​រាង​សង្ហា និង​មាន​រាង​កាយ​មាំ​មួន។ ម្ល៉ោះ​ហើយ រៀង​រាល់​ថ្ងៃ នាង​បាន​សុំ​យ៉ូសែប​ឲ្យ​មក​ដេក​ជា​មួយ​នឹង​នាង។ តើ​យ៉ូសែប​នឹង​ធ្វើ​យ៉ាង​ណា? គាត់​បាន​បដិសេធ ដោយ​និយាយ​ថា​៖ ‹ទេ! នេះ​ជា​ការ​មិន​ត្រឹម​ត្រូវ​ឡើយ។ ចៅហ្វាយ​ខ្ញុំ​បាន​ទុក​ចិត្ត​ខ្ញុំ ហើយ​លោក​ស្រី​ជា​ប្រពន្ធ​របស់​គាត់។ បើ​ខ្ញុំ​ដេក​ជា​មួយ​លោក​ស្រី នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​ព្រះ​ហើយ!›។

      នៅ​ថ្ងៃ​មួយ​ទៀត ប្រពន្ធ​ប៉ូទីផា​បាន​ព្យាយាម​បង្ខំ​យ៉ូសែប​ឲ្យ​ដេក​ជា​មួយ​នឹង​នាង។ នាង​ចាប់​ទាញ​អាវ​របស់​គាត់ តែ​គាត់​បាន​រត់​ចេញ​ទៅ។ ពេល​ប៉ូទីផា​ត្រឡប់​មក​ផ្ទះ​វិញ នាង​និយាយ​កុហក​ថា យ៉ូសែប​បាន​ចាប់​រំលោភ​នាង។ នេះ​ធ្វើ​ឲ្យ​ប៉ូទីផា​ខឹង​ខ្លាំង​ណាស់ រហូត​ដល់​ចាប់​យ៉ូសែប​ដាក់​គុក។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​យ៉ូសែប​ទេ។

      ​«​ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន​ក្រោម​ដៃ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ ដើម្បី​ឲ្យ​លោក​តម្កើង​អ្នក​រាល់​គ្នា​នៅ​ពេល​កំណត់​»។—ពេត្រុស​ទី១ ៥:៦

      សំណួរ​៖ តើ​បង​ប្រុស​ៗ​របស់​យ៉ូសែប​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គាត់? ហេតុ​អ្វី​បាន​ជា​យ៉ូសែប​ជាប់​គុក?

      ដើម​កំណើត ៣៧:១​-​៣៦; ៣៩:១​-​២៣; សកម្មភាព ៧:៩

  • ព្រះយេហូវ៉ាមិនភ្លេចយ៉ូសែប
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • យ៉ូសែបកាត់ស្រាយសុបិនឲ្យផារ៉ូ

      មេ​រៀន​ទី​១៥

      ព្រះ​យេហូវ៉ា​មិន​ភ្លេច​យ៉ូសែប

      ពេល​យ៉ូសែប​នៅ​ក្នុង​គុក ផារ៉ូ​ដែល​ជា​ស្ដេច​ស្រុក​អេហ្ស៊ីប​មាន​សុបិន​មួយ ដែល​គ្មាន​អ្នក​ណា​អាច​បក​ស្រាយ​បាន។ អ្នក​បម្រើ​ម្នាក់​ប្រាប់​ផារ៉ូ​ថា យ៉ូសែប​អាច​បក​ស្រាយ​សុបិន​របស់​គាត់​បាន។ ដូច្នេះ ផារ៉ូ​បាន​បង្គាប់​គេ​ឲ្យ​នាំ​យ៉ូសែប​មក​ភ្លាម​ៗ។

      ផារ៉ូ​សួរ​យ៉ូសែប​ថា​៖ ‹តើ​អ្នក​អាច​កាត់​ស្រាយ​សុបិន​របស់​ខ្ញុំ​បាន​ទេ?›។ យ៉ូសែប​ប្រាប់​ផារ៉ូ​ថា​៖ ‹ក្នុង​រយៈ​ពេល​៧​ឆ្នាំ ស្រុក​អេហ្ស៊ីប​នឹង​មាន​ភោគ​ផល​ជា​បរិបូរ។ ប៉ុន្តែ បន្ទាប់​ពី​នោះ​នឹង​មាន​ការ​អត់​ឃ្លាន​អស់​រយៈ​ពេល​៧​ឆ្នាំ​វិញ។ ដូច្នេះ សូម​លោក​ជ្រើស​រើស​បុរស​ណា​ម្នាក់​ដែល​មាន​ប្រាជ្ញា​ឲ្យ​ប្រមូល​ភោគ​ផល​ទុក ដើម្បី​កុំ​ឲ្យ​បណ្ដា​ជន​របស់​លោក​ជួប​ការ​អត់​ឃ្លាន›។ ផារ៉ូ​និយាយ​ថា​៖ ‹ខ្ញុំ​ជ្រើស​រើស​អ្នក! ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​អំណាច​ទី​២​ក្នុង​ស្រុក​អេហ្ស៊ីប!›។ ហេតុ​អ្វី​យ៉ូសែប​អាច​បក​ស្រាយ​សុបិន​របស់​ផារ៉ូ​បាន? គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់។

      យ៉ូសែបបញ្ជាពួកបុរសឲ្យប្រមូលស្បៀងអាហារទុក

      អស់​៧​ឆ្នាំ យ៉ូសែប​បាន​ប្រមូល​ស្បៀង​អាហារ​ទុក​ច្រើន​ក្រៃ​លែង។ បន្ទាប់​មក ក៏​កើត​មាន​ការ​អត់​ឃ្លាន​នៅ​ពេញ​ផែនដី ដូច​សម្ដី​របស់​យ៉ូសែប​មែន។ មនុស្ស​ពី​គ្រប់​កន្លែង​បាន​មក​រក​ទិញ​អាហារ​ពី​យ៉ូសែប។ យ៉ាកុប​ដែល​ជា​ឪពុក​បាន​ឮ​ថា នៅ​ស្រុក​អេហ្ស៊ីប​មាន​អាហារ។ ដូច្នេះ គាត់​ក៏​ចាត់​កូន​ប្រុស​១០​នាក់​ឲ្យ​ទៅ​ទិញ​អាហារ​នៅ​ស្រុក​នោះ។

      កូន​ៗ​របស់​យ៉ាកុប​បាន​ទៅ​ឯ​យ៉ូសែប។ យ៉ូសែប​ស្គាល់​ភ្លាម​ថា ពួក​គេ​ជា​បង​ៗ​របស់​គាត់។ ប៉ុន្តែ ពួក​គេ​មិន​ស្គាល់​ថា​គាត់​ជា​យ៉ូសែប​ទេ។ ពួក​គេ​មក​ឱន​គោរព​គាត់ ដូច​ដែល​គាត់​បាន​សុបិន​កាល​ពី​ក្មេង។ ឥឡូវ​យ៉ូសែប​ចង់​ដឹង​ថា តើ​បង​ៗ​គាត់​នៅ​តែ​មាន​ចិត្ត​អាក្រក់​ដូច​ពី​មុន​ឬ​ទេ? ម្ល៉ោះ​ហើយ គាត់​និយាយ​ទៅ​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​អ្នក​ស៊ើប​ការណ៍!។ អ្នក​រាល់​គ្នា​មក​រក​មើល​ចំណុច​ខ្សោយ​របស់​ស្រុក​យើង!​»។ ពួក​គេ​ឆ្លើយ​ថា​៖ ‹មិន​មែន​ទេ! យើង​មក​ពី​ស្រុក​កាណាន។ យើង​មាន​បង​ប្អូន​១២​នាក់ ប្អូន​ប្រុស​ម្នាក់​បាន​ស្លាប់​ហើយ ឯ​ប្អូន​ពៅ​នៅ​ជា​មួយ​លោក​ឪពុក›។ យ៉ូសែប​តប​ថា​៖ ‹ចូរ​នាំ​ប្អូន​ពៅ​របស់​អ្នក​រាល់​គ្នា​មក​ជួប​ខ្ញុំ ទើប​ខ្ញុំ​ជឿ›។ ដូច្នេះ ពួក​គេ​ក៏​ត្រឡប់​ទៅ​ផ្ទះ​ជួប​ឪពុក​វិញ។

      ពេល​អស់​អាហារ យ៉ាកុប​ក៏​ចាត់​កូន​ប្រុស​ៗ​ឲ្យ​ទៅ​ឲ្យ​ស្រុក​អេហ្ស៊ីប​ម្ដង​ទៀត។ លើក​នេះ ពួក​គេ​បាន​នាំ​បេនយ៉ាមីន​ជា​ប្អូន​ប្រុស​ពៅ​ទៅ​ជា​មួយ​ដែរ។ យ៉ូសែប​បាន​សាក​ចិត្ត​បង​ៗ​របស់​គាត់ ដោយ​លាក់​ពែង​ប្រាក់​នៅ​ក្នុង​បាវ​ស្រូវ​របស់​បេនយ៉ាមីន ហើយ​ចោទ​ប្អូន​ពួក​គេ​ថា បាន​លួច​ពែង។ ពេល​អ្នក​បម្រើ​យ៉ូសែប​រក​ឃើញ​ពែង​នៅ​ក្នុង​បាវ​ស្រូវ​របស់​បេនយ៉ាមីន នោះ​បង​ៗ​គាត់​ភ័យ​តក់​ស្លុត​ណាស់។ ពួក​គេ​បាន​អង្វរ​សុំ​យ៉ូសែប​ឲ្យ​ដាក់​ទោស​ពួក​គេ ជំនួស​បេនយ៉ាមីន​វិញ។

      ឥឡូវ​យ៉ូសែប​ដឹង​ថា បង​ៗ​គាត់​បាន​កែ​ប្រែ​ចិត្ត​ហើយ។ យ៉ូសែប​មិន​អាច​ទប់​អារម្មណ៍​បាន​ទៀត គាត់​ក៏​ទ្រហោ​យំ​យ៉ា​ង​ខ្លាំង ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​ជា​យ៉ូសែប ជា​ប្អូន​របស់​បង។ តើ​លោក​ឪពុក​ខ្ញុំ​នៅ​រស់​ទេ?›។ នេះ​ធ្វើ​ឲ្យ​បង​ៗ​គាត់​ភ្ញាក់​ផ្អើល​និង​ភ័យ​ជា​ខ្លាំង។ ប៉ុន្តែ យ៉ូសែប​ប្រាប់​ពួក​គេ​ថា​៖ ‹សូម​កុំ​បន្ទោស​ខ្លួន​ចំពោះ​អ្វី​ដែល​ពួក​បង​បាន​ធ្វើ​មក​លើ​ខ្ញុំ​ឡើយ។ ព្រះ​បានចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ​ដើម្បី​សង្គ្រោះ​ជីវិត​ពួក​បង។ ឥឡូវ​សូម​នាំ​លោក​ឪពុក​របស់​ខ្ញុំ​មក​ទី​នេះ​ផង›។

      ពួក​គេ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​ឪពុក​អំពី​ដំណឹង​ល្អ​នេះ រួច​នាំ​គាត់​មក​ស្រុក​អេហ្ស៊ីប។ ក្រោយ​ពី​បែក​គ្នា​អស់​ជា​ច្រើន​ឆ្នាំ នៅ​ទី​បំផុត​យ៉ូសែប​និង​ឪពុក​របស់​គាត់ បាន​ជួប​គ្នា​វិញ។

      យ៉ូសែបនិងយ៉ាកុបដែលជាឪពុកបានជួបគ្នា ហើយសួរសុខទុក្ខគ្នាដោយក្តីនឹករលឹក

      ​«​បើ​អ្នក​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ទេ នោះ​បិតា​របស់​អ្នក​ក៏​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ​»។—ម៉ាថាយ ៦:១៥

      សំណួរ​៖ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូសែប​តាម​របៀប​ណា? តើ​យ៉ូសែប​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​គាត់​អភ័យ​ទោស​ឲ្យ​បង​ៗ​របស់​គាត់?

      ដើម​កំណើត ៤០:១–៤៥:២៨; ៤៦:១​-​៧, ២៦​-​៣៤; ចម្រៀង​សរសើរ​ព្រះ ១០៥:១៧​-​១៩; សកម្មភាព ៧:៩​-​១៥

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក