បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ភ្លើងឆេះក្នុងគុម្ពបន្លា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • ម៉ូសេកំពុងនៅកន្លែងដែលមានភ្លើងឆេះក្នុងគុម្ពបន្លា

      មេ​រៀន​ទី​១៨

      ភ្លើង​ឆេះ​ក្នុង​គុម្ព​បន្លា

      ម៉ូសេ​រស់​នៅ​ស្រុក​ម៉ាឌាន​អស់​៤០​ឆ្នាំ។ គាត់​បាន​រៀប​ការ ហើយ​មាន​កូន។ ថ្ងៃ​មួយ ពេល​ម៉ូសេ​កំពុង​ឃ្វាល​ចៀម​នៅ​ក្បែរ​ភ្នំ​ស៊ីណាយ គាត់​បាន​ឃើញ​រឿង​ដ៏​អស្ចារ្យ​មួយ គឺ​ឃើញ​អណ្ដាត​ភ្លើង​ឆេះ​ក្នុង​គុម្ព​បន្លា តែ​គុម្ព​បន្លា​មិន​ឆេះ​ទេ! ហេតុ​នេះ ម៉ូសេ​ក៏​ចូល​ទៅ​ជិត ដើម្បី​ដឹង​ថា​មាន​អ្វី​កើត​ឡើង ស្រាប់​តែ​គាត់​ឮ​សំឡេង​មួយ​ចេញ​ពី​គុម្ព​បន្លា​ថា​៖ ‹ម៉ូសេ! កុំ​ចូល​មក​ជិត​ទៀត។ ចូរ​ដោះ​ស្បែក​ជើង​អ្នក​ចេញ ព្រោះ​កន្លែង​ដែល​អ្នក​កំពុង​ឈរ​នេះ គឺ​ជា​ដី​បរិសុទ្ធ›។ នេះ​ជា​សំឡេង​របស់​ព្រះ​យេហូវ៉ា ដែល​កំពុង​មាន​ប្រសាសន៍​តាម​រយៈ​ទេវតា​មួយ​រូប។

      ពេល​ឮ​សំឡេង​នោះ ម៉ូសេ​ភ័យ​ណាស់ ដូច្នេះ​គាត់​ក៏​បាំង​មុខ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៀត​ថា​៖ ‹ខ្ញុំ​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ខ្ញុំ​នឹង​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​អេហ្ស៊ីប ហើយ​នាំ​ពួក​គេ​ទៅ​ស្រុក​ដ៏​ល្អ។ អ្នក​គឺ​ជា​បុគ្គល​ដែល​ខ្ញុំ​នឹង​ប្រើ ដើម្បី​ដឹក​នាំ​រាស្ដ្រ​របស់​ខ្ញុំ​ចេញ​ពី​ស្រុក​អេហ្ស៊ីប›។ នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ូសេ​ភ្ញាក់​ផ្អើល​ណាស់ មែន​ទេ?

      ម៉ូសេ​សួរ​ថា​៖ ‹តើ​ខ្ញុំ​គួរ​ឆ្លើយ​យ៉ាង​ណា បើ​បណ្ដា​ជន​សួរ​ថា​អ្នក​ណា​ចាត់​ខ្ញុំ​ឲ្យ​មក?›។ ព្រះ​តប​ថា​៖ ‹ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អាប្រាហាំ ព្រះ​នៃ​អ៊ីសាក និង​ព្រះ​នៃ​យ៉ាកុប បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា›។ ម៉ូសេ​ក៏​សួរ​ទៀត​ថា​៖ ‹ចុះ​បើ​បណ្ដា​ជន​មិន​ជឿ​ខ្ញុំ?›។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ម៉ូសេ​ថា លោក​នឹង​ជួយ​គាត់។ លោក​បាន​ប្រាប់​គាត់​ឲ្យ​បោះ​ដំបង​ទៅ​លើ​ដី។ ពេល​គាត់​ធ្វើ​តាម ដំបង​នោះ​បាន​ប្រែ​ទៅ​ជា​សត្វ​ពស់! ពេល​គាត់​លូក​ដៃ​ចាប់​កាន់​កន្ទុយ​ពស់ នោះ​វា​ក៏​ប្រែ​ទៅ​ជា​ដំបង​វិញ។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ពេល​អ្នក​ធ្វើ​ការ​អស្ចារ្យ​ដូច​នេះ ពួក​គេ​នឹង​ជឿ​ថា​ខ្ញុំ​បាន​ចាត់​អ្នក​ឲ្យ​មក›។

      ប៉ុន្តែ ម៉ូសេ​បន្ត​ប្រាប់​ថា​៖ ‹ខ្ញុំ​មិន​ពូកែ​និយាយ​ទេ›។ ព្រះ​យេហូវ៉ា​សន្យា​ថា​៖ ‹ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​និយាយ ហើយ​ខ្ញុំ​នឹង​ចាត់​អេរ៉ុន​បង​ប្រុស​របស់​អ្នក​ឲ្យ​ជួយ​អ្នក›។ ពេល​ម៉ូសេ​ដឹង​ច្បាស់​ថា ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​គាត់ នោះ​គាត់​បាន​នាំ​ប្រពន្ធ​និង​កូន​ៗ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​អេហ្ស៊ីប​វិញ។

      ​«​កុំ​ខ្វល់​ចិត្ត​ថា​អ្នក​ត្រូវ​និយាយ​អ្វី​ឬ​និយាយ​យ៉ាង​ណា​ឡើយ ពីព្រោះ​អ្នក​នឹង​ដឹង​នូវ​អ្វី​ៗ​ដែល​ត្រូវ​និយាយ​នៅ​វេលា​នោះ​ឯង​»។—ម៉ាថាយ ១០:១៩

      សំណួរ​៖ ពេល​ម៉ូសេ​កំពុង​ឃ្វាល​ចៀម តើ​គាត់​បាន​ឃើញ​អ្វី? តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ភារកិច្ច​អ្វី​ដល់​ម៉ូសេ?

      ដំណើរ​ចាក​ចេញ ៣:១–៤:២០; សកម្មភាព ៧:៣០​-​៣៦

  • សេចក្តីវេទនាបីដំបូង
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • ម៉ូសេនិងអេរ៉ុនឈរនៅចំពោះមុខផារ៉ូ

      មេ​រៀន​ទី​១៩

      សេចក្ដី​វេទនា​បី​ដំបូង

      ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ា​ង​លំបាក​ក្នុង​ភាព​ជា​ខ្ញុំ​បម្រើ។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​និង​អេរ៉ុន​ឲ្យ​ទៅ​ជួប​ផារ៉ូ ហើយ​ប្រាប់​ថា​៖ ‹ចូរ​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចេញ​ទៅ​តំបន់​ស្ងាត់​ជ្រងំ ដើម្បី​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​ខ្ញុំ›។ ផារ៉ូ​តប​ទៅ​វិញ​ដោយ​អំណួត​ថា​៖ ‹ខ្ញុំ​មិន​ខ្វល់​នឹង​សម្ដី​របស់​ព្រះ​យេហូវ៉ា​ទេ ហើយ​ខ្ញុំ​មិន​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ›។ រួច​មក ផារ៉ូ​បង្ខំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ការ​ធ្ងន់​ជាង​មុន​ទៅ​ទៀត។ ព្រះ​យេហូវ៉ា​នឹង​បង្រៀន​ផារ៉ូ​នូវ​មេ​រៀន​មួយ។ តើ​អ្នក​ដឹង​ថា​លោក​នឹង​ធ្វើ​អ្វី​ទេ? លោក​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​១០​យ៉ា​ង​នៅ​ស្រុក​អេហ្ស៊ីប។ ព្រះ​យេហូវ៉ា​ប្រាប់​ម៉ូសេ​ថា​៖ ‹ផារ៉ូ​មិន​ព្រម​ស្ដាប់​ខ្ញុំ​ទេ។ នៅ​ព្រឹក​ស្អែក គាត់​នឹង​ចេញ​ទៅ​ទន្លេ​នីល។ ចូរ​ទៅ​ជួប​គាត់ ហើយ​ប្រាប់​ថា​៖ ​«​ដោយ​សារ​អ្នក​មិន​ព្រម​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចេញ​ទៅ នោះ​ទឹក​ទន្លេ​នីល​នឹង​ប្រែ​ទៅ​ជា​ឈាម​»​›។ ម៉ូសេ​ក៏​ទៅ​ជួប​ផារ៉ូ​តាម​បង្គាប់​លោក។ រួច​អេរ៉ុន​បាន​យក​ដំបង​វាយ​ទឹក​ទន្លេ​នីល​នៅ​ចំពោះ​មុខ​ផារ៉ូ ស្រាប់​តែ​ទន្លេ​ក៏​ប្រែ​ទៅ​ជា​ឈាម ហើយ​ត្រី​ចាប់​ផ្ដើម​ងាប់ ធ្វើ​ឲ្យ​ទឹក​ទន្លេ​នោះ​ស្អុយ រហូត​ដល់​មិន​អាច​ផឹក​បាន។ ប៉ុន្តែ ផារ៉ូ​មិន​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ។

      ប្រាំ​ពីរ​ថ្ងៃ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ចាត់​ម៉ូសេ​ឲ្យ​ទៅ​ប្រាប់​ផារ៉ូ​ថា​៖ ‹បើ​អ្នក​មិន​ព្រម​ឲ្យ​រាស្ត្រ​របស់​ខ្ញុំ​ចាក​ចេញ​ទេ នោះ​ស្រុក​អេហ្ស៊ីប​នឹង​ពេញ​ទៅ​ដោយ​កង្កែប›។ ពេល​អេរ៉ុន​លើក​ដំបង​គាត់​ឡើង នោះ​ក៏​មាន​ហ្វូង​កង្កែប​ឡើង​មក​ពាស​ពេញ​ស្រុក​អេហ្ស៊ីប។ មាន​កង្កែប​នៅ​ក្នុង​ផ្ទះ នៅ​លើ​គ្រែ សូម្បី​តែ​ចាន​ក៏​មាន​ដែរ គឺ​មាន​នៅ​គ្រប់​កន្លែង​ក្នុង​ស្រុក​នោះ! ផារ៉ូ​បាន​ប្រាប់​ម៉ូសេ​ឲ្យ​អង្វរ​ព្រះ​យេហូវ៉ា​ដក​សេចក្ដី​វេទនា​នោះ​ចេញ ហើយ​ផារ៉ូ​សន្យា​ថា​នឹង​ដោះ​លែង​ជន​ជាតិ​អ៊ីស្រាអែល។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​បញ្ឈប់​សេចក្ដី​វេទនា​នោះ។ កង្កែប​ចាប់​ផ្ដើម​ងាប់ ហើយ​ជន​ជាតិ​អេហ្ស៊ីប​បាន​ប្រមូល​ហ្វូង​កង្កែប​ដែល​ងាប់​ទៅ​ជា​គំនរ​រាប់​មិន​អស់។ ស្រុក​ទាំង​មូល​ពេញ​ទៅ​ដោយ​ក្លិន​ស្អុយ។ ប៉ុន្តែ ផារ៉ូ​នៅ​តែ​រឹង​ចចេស​មិន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។

      បន្ទាប់​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ​ថា​៖ ‹ចូរ​ឲ្យ​អេរ៉ុន​វាយ​ដំបង​ទៅ​នឹង​ដី នោះ​ធូលី​ដី​នឹង​ក្លាយ​ទៅ​ជា​សត្វ​សុច។ ពួក​វា​នឹង​ធ្វើ​ទុក្ខ​ទាំង​មនុស្ស​ទាំង​សត្វ›។ ភ្លាម​ៗ​នោះ ក៏​កើត​មាន​សត្វ​សុច​គ្រប់​ទី​កន្លែង។ មនុស្ស​របស់​ផារ៉ូ​បាន​ប្រាប់​ផារ៉ូ​ថា​៖ ‹សេចក្ដី​វេទនា​នេះ​គឺ​មក​ពី​ព្រះ›។ ប៉ុន្តែ ផារ៉ូ​នៅ​តែ​មិន​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ។

      សេចក្តីវេទនាបីយ៉ាងក្នុងចំណោមសេចក្តីវេទនាទាំង១០នៅស្រុកអេហ្ស៊ីបមានដូចជា ទន្លេនីលប្រែក្លាយជាឈាម ហ្វូងកង្កែប និងហ្វូងសត្វសុច

      ​«​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ គឺ​ឃើញ​ថាមពល​និង​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​របស់​ខ្ញុំ នោះ​ពួក​គេ​នឹង​ដឹង​ថា​នាម​ខ្ញុំ​គឺ​យេហូវ៉ា​»។—យេរេមា ១៦:២១

      សំណួរ​៖ តើ​សេចក្ដី​វេទនា​បី​ដំបូង​មាន​អ្វី​ខ្លះ? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ទាំង​នេះ?

      ដំណើរ​ចាក​ចេញ ៥:១​-​១៨; ៧:៨–៨:១៩; នេហេមា ៩:៩, ១០

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក