បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ពួកគេមិនរក្សាពាក្យសន្យា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • ជនជាតិអ៊ីស្រាអែលរាំច្រៀងជុំវិញរូបកូនគោមាស

      មេ​រៀន​ទី​២៤

      ពួក​គេ​មិន​រក្សា​ពាក្យ​សន្យា

      ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​ម៉ូសេ​ថា​៖ ‹ចូរ​ឡើង​មក​ជួប​ខ្ញុំនៅ​លើ​ភ្នំ។ ខ្ញុំ​នឹង​ចារឹក​ច្បាប់​នៅ​លើ​ផ្ទាំង​ថ្ម ហើយ​ឲ្យ​ដល់​អ្នក›។ ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ស៊ីណាយ ហើយ​នៅ​លើ​ភ្នំ​នោះ​អស់​៤០​ថ្ងៃ​៤០​យប់។ កាល​ដែល​ម៉ូសេ​នៅ​លើ​ភ្នំ ព្រះ​យេហូវ៉ា​បាន​ចារឹក​បញ្ញត្តិ​១០​ប្រការ​នៅ​លើ​បន្ទះ​ថ្ម​ពីរ​ផ្ទាំង រួច​ឲ្យ​ទៅ​គាត់។

      ម៉ូសេបោកបន្ទះថ្ម

      ពេល​ឃើញ​ម៉ូសេ​ក្រ​ចុះ​មក ជន​ជាតិ​អ៊ីស្រាអែល​គិត​ថា ម៉ូសេ​បាន​បោះ​បង់​ចោល​ពួក​គេ។ ដូច្នេះ ពួក​គេ​ប្រាប់​អេរ៉ុន​ថា​៖ ‹យើង​ចង់​បាន​អ្នក​ដឹក​នាំ​ម្នាក់។ ចូរ​ធ្វើ​ព្រះ​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា!›។ អេរ៉ុន​ប្រាប់​ថា​៖ ‹ចូរ​ឲ្យ​មាស​របស់​អ្នក​រាល់​គ្នា​មក​ខ្ញុំ›។ រួច​គាត់​បាន​យក​មាស​ទាំង​នោះ​ទៅ​រំលាយ​ធ្វើ​ជា​រូប​កូន​គោ​មួយ។ បណ្ដា​ជន​ស្រែក​ឡើង​ថា​៖ ‹កូន​គោ​មាស​នេះ ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេហ្ស៊ីប!›។ ពួក​គេ​ចាប់​ផ្ដើម​គោរព​បូជា​រូប​កូន​គោ​មាស​នោះ និង​ធ្វើ​ពិធី​បុណ្យ​មួយ​ផង។ តើ​អ្វី​ដែល​ពួក​គេ​ធ្វើ​ត្រូវ​ទេ? គឺ​មិន​ត្រូវ​ទេ! ពីព្រោះ​ពី​មុន​ពួក​គេ​បាន​សន្យា​ថា គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ ប៉ុន្តែ​ឥឡូវ ពួក​គេ​មិន​រក្សា​ពាក្យ​សន្យា​ឡើយ។

      ព្រះ​យេហូវ៉ា​ឃើញ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ។ ម្ល៉ោះ​ហើយ លោក​ប្រាប់​ម៉ូសេ​ថា​៖ ‹ចូរ​ចុះ​ពី​ភ្នំ​ទៅ​ជួប​បណ្ដា​ជន។ ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ​ទេ តែ​បែរ​ជា​គោរព​បូជា​រូប​ព្រះ​មិន​ពិត​ទៅ​វិញ›។ ម៉ូសេ​បាន​ចុះ​ពី​ភ្នំ​ទាំង​កាន់​បន្ទះ​ថ្ម​ពីរ​ផ្ទាំង។

      ពេល​គាត់​មក​ដល់​ជិត​ជំរំ គាត់​ឮ​បណ្ដា​ជន​ច្រៀង។ រួច​មក គាត់​ឃើញ​ពួក​គេ​រាំ និង​ក្រាប​គោរព​រូប​កូន​គោ​មាស។ ម៉ូសេ​ខឹង​ខ្លាំង​ណាស់ គាត់​បោក​បន្ទះ​ថ្ម​ទាំង​ពីរ​ផ្ទាំង​នោះ​ទៅ​ដី បែក​ជា​បំណែក​ៗ។ គាត់​បាន​បំផ្លាញ​រូប​កូន​គោ​នោះ​ចោល​ភ្លាម​ៗ។ បន្ទាប់​មក គាត់​សួរ​អេរ៉ុន​ថា​៖ ‹តើ​បណ្ដា​ជន​បាន​និយាយ​អ្វី​ប្រាប់​អ្នក បាន​ជា​អ្នក​ធ្វើ​អំពើ​អាក្រក់​បែប​នេះ?›។ អេរ៉ុន​ឆ្លើយ​ថា​៖ ‹កុំ​ខឹង។ អ្នក​ស្គាល់​បណ្ដា​ជន​ទាំង​នេះ​ហើយ។ ពួក​គេ​ចង់​បាន​ព្រះ​មួយ ដូច្នេះ​ខ្ញុំ​បាន​បោះ​មាស​របស់​ពួក​គេ​ចូល​ទៅ​ក្នុង​ភ្លើង ហើយ​ក៏​ចេញ​ជា​រូប​កូន​គោ​នេះ​មក!›។ អេរ៉ុន​មិន​គួរ​ធ្វើ​បែប​នេះ​ទេ។ រួច​មក ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​វិញ ហើយ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​បណ្ដា​ជន។

      ព្រះ​យេហូវ៉ា​អភ័យ​ទោស​ដល់​អស់​អ្នក​ដែល​ព្រម​ស្ដាប់​បង្គាប់​លោក។ យើង​អាច​ឃើញ​ថា គឺ​សំខាន់​ខ្លាំង​ណាស់​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ត្រូវ​ធ្វើ​តាម​ការ​នាំ​មុខ​របស់​ម៉ូសេ!

      ​«​ពេល​ដែល​អ្នក​ស្បថ​ចំពោះ​ព្រះ ចូរ​ប្រញាប់​ធ្វើ​តាម ព្រោះ​លោក​មិន​ពេញ​ចិត្ត​មនុស្ស​ល្ងី​ល្ងើ​ទេ។ ដូច្នេះ ចូរ​ធ្វើ​តាម​សម្បថ​របស់​អ្នក​កុំ​ខាន​»។—អ្នក​ទូន្មាន ៥:៤

      សំណួរ​៖ អំឡុង​ពេល​ម៉ូសេ​មិន​នៅ តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​អ្វី? ពេល​ម៉ូសេ​ត្រឡប់​មក​វិញ តើ​គាត់​បាន​ធ្វើ​អ្វី?

      ដំណើរ​ចាក​ចេញ ២៤:១២​-​១៨; ៣២:១​-​៣០

  • ត្រសាលសម្រាប់គោរពប្រណិប័តន៍ព្រះ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • ត្រសាលនិងទីធ្លាជុំវិញត្រសាល

      មេ​រៀន​ទី​២៥

      ត្រសាល​សម្រាប់​គោរព​ប្រណិប័តន៍​ព្រះ

      ពេល​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណាយ ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ឲ្យ​សង់​រោង​ពិសេស​មួយ​ហៅ​ថា ត្រសាល​ជំនុំ។ ត្រសាល​នោះ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ប្រើ​ជា​កន្លែង​គោរព​ប្រណិប័តន៍​លោក។ រាល់​ដង​ដែល​ពួក​គេ​រើ​ជំរំ ពួក​គេ​តែង​យក​ត្រសាល​នោះ​ទៅ​ជា​មួយ។

      ព្រះ​យេហូវ៉ា​ប្រាប់​ម៉ូសេ​ថា​៖ ‹ចូរ​ប្រាប់​បណ្ដា​ជន​ឲ្យ​ធ្វើ​វិភាគទាន​តាម​លទ្ធភាព ដើម្បី​ជួយ​សង់​ត្រសាល›។ ម្ល៉ោះ​ហើយ ជន​ជាតិ​អ៊ីស្រាអែល​បាន​ឲ្យ​ប្រាក់ មាស ស្ពាន់ ត្បូង​មាន​តម្លៃ និង​គ្រឿង​អលង្ការ​ផ្សេង​ៗ។ ពួក​គេ​ថែម​ទាំង​ឲ្យ​អំបោះ ក្រណាត់​លេនីន ស្បែក​សត្វ និង​របស់​ជា​ច្រើន​ទៀត។ ពួក​គេ​មាន​ចិត្ត​ទូលាយ​ឲ្យ​ច្រើន​ដល់​ម្ល៉េះ រហូត​ដល់​ម៉ូសេ​ប្រាប់​ថា​៖ ‹យើង​មាន​គ្រប់​គ្រាន់​ហើយ! មិន​ត្រូវ​យក​មក​ថែម​ទៀត​ទេ›។

      ជនជាតិអ៊ីស្រាអែលជូនវិភាគទានដើម្បីជួយក្នុងការសាងសង់ត្រសាល

      បុរស​និង​ស្ត្រី​ដែល​មាន​ជំនាញ​ផ្សេង​ៗ បាន​ចូល​រួម​សាង​សង់​ត្រសាល។ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពួក​គេ​មាន​ប្រាជ្ញា​ធ្វើ​កិច្ច​ការ​នេះ។ អ្នក​ខ្លះ​វេញ​អំបោះ ត្បាញ​ក្រណាត់ ឬ​ដេរ​ប៉ាក់។ ចំណែក​អ្នក​ខ្លះ​ទៀត ដាំ​ត្បូង​លាយ​ជា​មួយ​មាស ឬ​ឆ្លាក់​ឈើ​ជា​ដើម។

      ពួក​គេ​សង់​ត្រសាល​ដូច​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់។ ពួក​គេ​ធ្វើ​វាំងនន​ដ៏​ស្អាត​មួយ ដើម្បី​ខណ្ឌ​ចែក​ត្រសាល​ជា​ពីរ​ផ្នែក។ ផ្នែក​មួយ​ហៅ​ថា បន្ទប់​បរិសុទ្ធ ហើយ​ផ្នែក​មួយ​ទៀត​ហៅ​ថា បន្ទប់​បរិសុទ្ធ​បំផុត។ ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត មាន​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង ដែល​ធ្វើ​ពី​ឈើ​អាកាស្យា​និង​មាស។ រី​ឯ​ក្នុង​បន្ទប់​បរិសុទ្ធ មាន​ជើង​ចង្កៀង​មាស មាន​តុ និង​ទី​បូជា​សម្រាប់​ដុត​គ្រឿង​ក្រអូប។ ចំណែក​ក្នុង​ទី​ធ្លា​ត្រសាល​វិញ មាន​អាង​ស្ពាន់ និង​ទី​បូជា​ធំ​មួយ។ ហឹប​នៃ​កិច្ច​ព្រម​ព្រៀង គឺ​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ថា ពួក​គេ​បាន​ធ្វើ​សេចក្ដី​សន្យា​ពិសេស​មួយ​ថា ពួក​គេ​ស្ដាប់​បង្គាប់​ព្រះ​យេ​ហូវ៉ា។

      ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ឲ្យ​ធ្វើ​ជា​សង្ឃ​នៅ​ឯ​ត្រសាល។ ពួក​គេ​មាន​ភារកិច្ច​មើល​ថែ​រក្សា​ត្រសាល និង​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ មាន​តែ​អេរ៉ុន​ដែល​ជា​សម្ដេច​សង្ឃ​ប៉ុណ្ណោះ អាច​ចូល​ទៅ​ក្នុង​បន្ទប់​បរិសុទ្ធ​បំផុត។ មួយ​ឆ្នាំ​ម្ដង គាត់​ចូល​ទៅ​ក្នុង​បន្ទប់​នោះ ដើម្បី​ជូន​គ្រឿង​បូជា​សម្រាប់​ភាព​ខុស​ឆ្គង​របស់​គាត់ ក្រុម​គ្រួសារ​គាត់ និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។

      មួយ​ឆ្នាំ​បន្ទាប់​ពី​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ជន​ជាតិ​អ៊ីស្រាអែល​បាន​សង់​ត្រសាល​រួច​រាល់។ ឥឡូវ ពួក​គេ​មាន​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

      ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ត្រសាល​ពេញ​ដោយ​សិរី​រុង​រឿង​របស់​លោក ទាំង​ធ្វើ​ឲ្យ​ពពក​លេច​ពី​លើ​ត្រសាល​នោះ​ផង។ ដរាប​ណា​ពពក​នៅ​លើ​ត្រសាល ដរាប​នោះ​ជន​ជាតិ​អ៊ីស្រាអែល​មិន​រើ​ជំរំ​ទេ។ ប៉ុន្តែ ពេល​ពពក​ឡើង​ផុត​ពី​ត្រសាល នោះ​ជា​សញ្ញា​ថា​ពួក​គេ​ត្រូវ​រើ​ជំរំ។ រួច​មក ពួក​គេ​ធ្វើ​ដំណើរ​តាម​ពពក ដោយ​នាំ​យក​ត្រសាល​ទៅ​ជា​មួយ​ដែរ។

      ​«​រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​ចេញ​ពី​បល្ល័ង្ក​មក​ថា​៖ ‹មើល! ត្រសាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្សជាតិ ហើយ​លោក​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ពួក​គេ ឯ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ដ្រ​របស់​លោក។ ព្រះ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់›​»។—ការ​បើក​បង្ហាញ ២១:៣

      សំណួរ​៖ តើ​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ​ឲ្យ​សង់​អ្វី? តើ​ព្រះ​យេហូវ៉ា​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​មាន​ភារកិច្ច​អ្វី​ខ្លះ?

      ដំណើរ​ចាក​ចេញ ២៥:១​-​៩; ៣១:១​-​១១; ៤០:៣៣​-​៣៨; ហេប្រឺ ៩:១​-​៧

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក