-
អ្នកដឹកនាំថ្មីនិងស្ត្រីក្លាហានពីរនាក់មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៣២
អ្នកដឹកនាំថ្មីនិងស្ត្រីក្លាហានពីរនាក់
ក្រោយពីយ៉ូស្វេដឹកនាំរាស្ត្ររបស់ព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំមក គាត់បានស្លាប់នៅអាយុ១១០ឆ្នាំ។ អំឡុងពេលដែលយ៉ូស្វេនៅរស់ ជនជាតិអ៊ីស្រាអែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ប៉ុន្តែ បន្ទាប់ពីយ៉ូស្វេស្លាប់ ពួកគេបែរទៅគោរពបូជារូបព្រះផ្សេងៗដូចជនជាតិកាណាន។ ហេតុនេះ ព្រះយេហូវ៉ាបានបណ្ដោយឲ្យយ៉ាប៊ីនជាស្ដេចស្រុកកាណាន សង្កត់សង្កិនធ្វើបាបពួកគេ។ បណ្ដាជនអ៊ីស្រាអែលបានអង្វរសុំព្រះយេហូវ៉ាឲ្យជួយពួកគេ។ ដូច្នេះ លោកបានតែងតាំងបារ៉ាក់ឲ្យធ្វើជាអ្នកដឹកនាំថ្មី ដើម្បីជួយបណ្ដាជនឲ្យត្រឡប់មកឯព្រះយេហូវ៉ាវិញ។
អ្នកប្រកាសទំនាយស្រីម្នាក់ឈ្មោះដេបូរ៉ា បានចាត់គេឲ្យទៅហៅបារ៉ាក់មកជួបនាង។ នាងបានប្រាប់បារ៉ាក់នូវប្រសាសន៍របស់ព្រះយេហូវ៉ាថា៖ ‹ចូរនាំមនុស្ស១០.០០០នាក់ ទៅច្បាំងនឹងកងទ័ពរបស់យ៉ាប៊ីននៅឯស្ទឹងគីសុន។ នៅទីនោះ អ្នកនឹងវាយឈ្នះស៊ីសេរ៉ាដែលជាមេទ័ពរបស់យ៉ាប៊ីន›។ បារ៉ាក់ប្រាប់ដេបូរ៉ាថា៖ «ខ្ញុំនឹងទៅ បើនាងទៅជាមួយនឹងខ្ញុំ»។ នាងនិយាយថា៖ ‹ខ្ញុំនឹងទៅជាមួយអ្នក តែមិនមែនអ្នកដែលនឹងសម្លាប់ស៊ីសេរ៉ាទេ។ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា គឺស្ត្រីម្នាក់នឹងសម្លាប់គាត់វិញ›។
ដេបូរ៉ាបានចេញទៅជាមួយបារ៉ាក់និងទាហានរបស់គាត់ឡើងភ្នំថេបោ ដើម្បីត្រៀមប្រយុទ្ធ។ កាលស៊ីសេរ៉ាឮដំណឹងនេះ គាត់ប្រញាប់ប្រមូលរទេះចម្បាំងនិងកងទ័ពទៅជ្រលងភ្នំខាងក្រោម។ ដេបូរ៉ាប្រាប់បារ៉ាក់ថា៖ ‹ថ្ងៃនេះ ព្រះយេហូវ៉ានឹងឲ្យអ្នកទទួលជ័យជម្នះ›។ បារ៉ាក់និងទាហាន១០.០០០នាក់សម្រុកចុះពីភ្នំ ទៅច្បាំងនឹងកងទ័ពដ៏ខ្លាំងក្លារបស់ស៊ីសេរ៉ា។
បន្ទាប់មក ព្រះយេហូវ៉ាបានធ្វើឲ្យទឹកស្ទឹងគីសុនជន់ឡើង។ រទេះចម្បាំងរបស់ស៊ីសេរ៉ាជាប់គាំងក្នុងភក់ ដូច្នេះគាត់ទុករទេះចោល ហើយរត់ចេញទៅ។ បារ៉ាក់និងទាហានរបស់គាត់បានវាយឈ្នះកងទ័ពរបស់ស៊ីសេរ៉ា ប៉ុន្តែស៊ីសេរ៉ាបានរត់គេចខ្លួន! គាត់រត់ទៅលាក់ខ្លួនក្នុងត្រសាលរបស់ស្ត្រីម្នាក់ឈ្មោះយ៉ាអែល។ នាងបានឲ្យគាត់ផឹកទឹកដោះគោ រួចយកភួយដណ្ដប់ឲ្យគាត់។ មេទ័ពនេះអស់កម្លាំងជាខ្លាំង រហូតដល់ដេកលក់។ ពេលនោះយ៉ាអែលបានដើរលបៗទៅជិតគាត់ រួចយកស្នឹងដំក្បាលស៊ីសេរ៉ាធ្លុះដល់ដី ហើយគាត់ក៏ស្លាប់ទៅ។
បារ៉ាក់បានដេញតាមស៊ីសេរ៉ា រហូតដល់ត្រសាលរបស់យ៉ាអែល។ យ៉ាអែលចេញមកជួបគាត់ ហើយនិយាយថា៖ «សូមចូលក្នុង ខ្ញុំនឹងបង្ហាញបុរសដែលអ្នកកំពុងរក»។ បារ៉ាក់ក៏ចូលទៅក្នុង ហើយឃើញស៊ីសេរ៉ាដេកស្លាប់។ រួចមក បារ៉ាក់និងដេបូរ៉ាបានច្រៀងសរសើរព្រះយេហូវ៉ា ដែលបានជួយជនជាតិអ៊ីស្រាអែលឲ្យវាយឈ្នះពួកសត្រូវ។ ចាប់ពីពេលនោះមក ជនជាតិអ៊ីស្រាអែលមានសន្តិភាពអស់៤០ឆ្នាំ។
«ពួកស្ត្រីដែលកំពុងប្រកាសដំណឹងល្អ ពួកនាងប្រៀបដូចជាកងទ័ពដ៏ធំមួយ»។—ចម្រៀងសរសើរព្រះ ៦៨:១១
-
-
រូថនិងណាអូមីមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៣៣
រូថនិងណាអូមី
ក្នុងអំឡុងពេលមានភាពអត់ឃ្លានក្នុងស្រុកអ៊ីស្រាអែល ស្ត្រីជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះណាអូមី ព្រមទាំងប្ដីនិងកូនប្រុសពីរនាក់ បានរើទៅរស់នៅស្រុកម៉ូអាប់។ ក្រោយមក ប្ដីរបស់ណាអូមីបានស្លាប់។ រួចមក កូនប្រុសទាំងពីរក៏រៀបការជាមួយនឹងស្ត្រីជនជាតិម៉ូអាប់ ម្នាក់ឈ្មោះរូថ ម្នាក់ទៀតឈ្មោះអូផា។ ប៉ុន្តែ គួរឲ្យស្ដាយណាស់ កូនប្រុសទាំងពីររបស់ណាអូមីក៏ស្លាប់ទៅដែរ។
ពេលណាអូមីឮថាលែងមានភាពអត់ឃ្លានក្នុងស្រុកអ៊ីស្រាអែល នាងក៏សម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ។ រូថនិងអូផាបានទៅជាមួយនាងដែរ។ ប៉ុន្តែនៅតាមផ្លូវ ណាអូមីបានប្រាប់ពួកគេថា៖ ‹កូនជាប្រពន្ធល្អ និងជាកូនប្រសាល្អ។ ម្ដាយចង់ឲ្យកូនទាំងពីររៀបការម្ដងទៀត។ ចូរកូនត្រឡប់ទៅស្រុកម៉ូអាប់វិញចុះ!›។ ស្ត្រីទាំងពីរនាក់ឆ្លើយថា៖ ‹យើងស្រឡាញ់អ្នកម្ដាយ! យើងមិនព្រមចាកចេញពីអ្នកម្ដាយទេ›។ ប៉ុន្តែ ណាអូមីនៅតែទទូចឲ្យពួកគេត្រឡប់ទៅវិញ។ នៅទីបំផុត អូផាក៏ត្រឡប់ទៅវិញ តែរូថមិនព្រមទៅវិញទេ។ ណាអូមីប្រាប់រូថថា៖ ‹អូផាបានត្រឡប់ទៅឯជនរួមជាតិ និងព្រះរបស់នាងវិញហើយ។ ចូរកូនត្រឡប់ទៅផ្ទះរបស់កូនវិញដែរទៅ›។ ប៉ុន្តែ រូថឆ្លើយថា៖ ‹កូនមិនចាកចេញពីអ្នកម្ដាយទេ។ ជនរួមជាតិរបស់អ្នកម្ដាយ ជាជនរួមជាតិរបស់កូន ហើយព្រះរបស់អ្នកម្ដាយ ក៏ជាព្រះរបស់កូនដែរ›។ ពេលឮរូថនិយាយដូច្នេះ តើអ្នកគិតថាណាអូមីមានអារម្មណ៍យ៉ាងណា?
នៅដើមរដូវច្រូតកាត់ រូថនិងណាអូមីបានមកដល់ស្រុកអ៊ីស្រាអែល។ ថ្ងៃមួយ រូថបានទៅប្រមូលស្រូវនៅក្នុងស្រែរបស់បុរសម្នាក់ឈ្មោះបូអូស ជាកូនប្រុសរ៉ាហាប។ បូអូសឮថារូថជាជនជាតិម៉ូអាប់ និងឮថានាងមានចិត្តស្មោះចំពោះណាអូមី។ ដូច្នេះ គាត់ប្រាប់ពួកកម្មករឲ្យទុកស្រូវច្រើនជាងនៅក្នុងស្រែ សម្រាប់រូថប្រមូលយកទៅផ្ទះ។
នៅល្ងាចនោះ ណាអូមីសួររូថថា៖ ‹តើកូនទៅប្រមូលស្រូវក្នុងស្រែរបស់អ្នកណា?›។ រូថឆ្លើយថា៖ ‹ក្នុងស្រែរបស់បុរសម្នាក់ឈ្មោះបូអូស›។ ណាអូមីក៏ប្រាប់នាងថា៖ ‹បូអូសគឺជាសាច់ញាតិខាងប្ដីរបស់ម្ដាយ។ ចូរកូនបន្តប្រមូលស្រូវនៅក្នុងស្រែរបស់គាត់ជាមួយនារីៗឯទៀតចុះ នោះកូននឹងមានសុវត្ថិភាព›។
រូថបន្តធ្វើការនៅក្នុងស្រែរបស់បូអូស រហូតដល់ផុតរដូវច្រូតកាត់។ បូអូសបានសង្កេតឃើញថា រូថជានារីល្អ និងឧស្សាហ៍ព្យាយាម។ នៅសម័យនោះ បើបុរសណាស្លាប់ ហើយគ្មានកូនប្រុសទេ នោះសាច់ញាតិរបស់បុរសនោះ ត្រូវរៀបការជាមួយនឹងប្រពន្ធរបស់គាត់។ ដូច្នេះ បូអូសបានរៀបការជាមួយនឹងរូថ។ ពួកគាត់មានកូនប្រុសមួយ ហើយដាក់ឈ្មោះថាអូបិឌ ដែលក្រោយមកបានក្លាយជាជីតារបស់ស្ដេចដាវីឌ។ មិត្តភក្តិរបស់ណាអូមីសប្បាយចិត្តខ្លាំងណាស់ ពួកគេប្រាប់ណាអូមីថា៖ ‹ដំបូងព្រះយេហូវ៉ាឲ្យរូថដល់អ្នក នាងល្អខ្លាំងណាស់សម្រាប់អ្នក។ ឥឡូវនេះ អ្នកមានចៅប្រុសម្នាក់។ សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង›។
«មានមិត្តភក្ដិដែលស្រឡាញ់យើងខ្លាំងជាងបងប្អូនយើងទៅទៀត»។—សុភាសិត ១៨:២៤
-