បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ពាក្យសន្យារបស់យែបថា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • យែបថាហែកអាវរបស់ខ្លួន ពេលកូនស្រីចេញមកទទួលគាត់

      មេ​រៀន​ទី​៣៦

      ពាក្យ​សន្យា​របស់​យែបថា

      ជន​ជាតិ​អ៊ីស្រាអែល​បាន​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា​ម្ដង​ទៀត ហើយ​បែរ​ទៅ​គោរព​បូជា​ព្រះ​មិន​ពិត។ នៅ​ពេល​ពួក​អាំម៉ូន​មក​វាយ​ប្រហារ​ពួក​គេ ព្រះ​មិន​ពិត​ទាំង​នោះ​មិន​អាច​ជួយ​ពួក​គេ​បាន​ឡើយ។ ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​រង​ទុក្ខ​វេទនា​អស់​ជា​ច្រើន​ឆ្នាំ។ នៅ​ទី​បំផុត ពួក​គេ​អង្វរ​ព្រះ​យេហូវ៉ា​ថា​៖ ‹យើង​ខ្ញុំ​ធ្វើ​ខុស​ហើយ។ សូម​លោក​ជួយ​យើង​ខ្ញុំ​ពី​កណ្ដាប់​ដៃ​សត្រូវ​ផង›។ បន្ទាប់​មក ពួក​គេ​បាន​បំផ្លាញ​ចោល​រូប​ព្រះ ហើយ​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ឡើង​វិញ។ ព្រះ​យេហូវ៉ា​មិន​ចង់​ឃើញ​ពួក​គេ​រង​ទុក្ខ​វេទនា​ត​ទៅ​ទៀត​ឡើយ។

      រួច​មក បុរស​ចម្បាំង​ដ៏​អង់អាច​ម្នាក់​ឈ្មោះ​យែបថា បាន​ត្រូវ​ជ្រើស​រើស​ឲ្យ​ដឹក​នាំ​បណ្ដា​ជន​អ៊ីស្រាអែល ដើម្បី​ធ្វើ​សង្គ្រាម​នឹង​ពួក​អាំម៉ូន។ គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ‹បើ​លោក​ជួយ​ពួក​យើង​ឲ្យ​ឈ្នះ​សង្គ្រាម​នេះ ខ្ញុំ​សន្យា​ថា​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ មនុស្ស​ដំបូង​ដែល​ចេញ​ពី​ផ្ទះ​មក​ទទួល​ខ្ញុំ ខ្ញុំ​នឹង​ប្រគល់​អ្នក​នោះ​ជូន​លោក›។ ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យែបថា ហើយ​បាន​ជួយ​គាត់​ឲ្យ​ឈ្នះ​សង្គ្រាម។

      កាល​យែបថា​ត្រឡប់​ទៅ​ផ្ទះ​វិញ មនុស្ស​ដំបូង​ដែល​ចេញ​មក​ទទួល​គាត់ គឺ​កូន​ស្រី​តែ​មួយ​របស់​គាត់។ នាង​រាំ​ផង និង​លេង​ស្គរ​ដៃ​ផង។ តើ​យែបថា​គួរ​ធ្វើ​យ៉ាង​ណា? គាត់​នឹក​ឃើញ​អ្វី​ដែល​គាត់​បាន​សន្យា ហើយ​ក៏​ពោល​ថា​៖ ‹ឱ​កូន​ស្រី​សម្លាញ់​អើយ! កូន​ធ្វើ​ឲ្យ​ចិត្ត​របស់​ពុក​ខ្ទេច​ខ្ទាំ​អស់​ហើយ។ ពុក​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​រួច​ហើយ ពុក​មិន​អាច​លេប​សម្ដី​វិញ​បាន​ទេ។ ពុក​ត្រូវ​បញ្ជូន​កូន​ឲ្យ​ទៅ​បម្រើ​នៅ​វិហារ​របស់​លោក​ក្នុង​ក្រុង​ស៊ីឡូរ›។ កូន​ស្រី​គាត់​និយាយ​ថា​៖ ‹ពុក​អើយ បើ​ពុក​បាន​សន្យា​នឹង​ព្រះ​យេហូវ៉ា​ហើយ សូម​ពុក​ធ្វើ​តាម​ពាក្យ​សន្យា​ចុះ។ ប៉ុន្តែ សូម​ទុក​ពេល​ឲ្យ​កូន​ពីរ​ខែ​សិន ដើម្បី​កូន​ស្នាក់​នៅ​លើ​ភ្នំ​ជា​មួយ​មិត្ត​ភក្តិ​ស្រី​ៗ។ បន្ទាប់​មក កូន​នឹង​ទៅ›។ កូន​ស្រី​យែបថា​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​នៅ​វិហារ​អស់​មួយ​ជីវិត។ ជា​រៀង​រាល់​ឆ្នាំ មិត្ត​ភក្តិ​របស់​នាង​តែង​ទៅ​លេង​នាង​នៅ​ឯ​ក្រុង​ស៊ីឡូរ។

      មិត្តភក្តិរបស់កូនស្រីយែបថាតែងទៅលេងនាងនៅឯវិហាររបស់ព្រះ

      ​«​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស​ឬ​កូន​ស្រី​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​ក៏​មិន​សម​នឹង​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ដែរ​»។—ម៉ាថាយ ១០:៣៧

      សំណួរ​៖ តើ​យែបថា​បាន​សន្យា​អ្វី​នឹង​ព្រះ​យេហូវ៉ា? តើ​កូន​ស្រី​យែបថា​បាន​និយាយ​យ៉ាង​ណា​ចំពោះ​ពាក្យ​សន្យា​របស់​ឪពុក​នាង?

      អ្នក​សម្រេច​ក្ដី ១០:៦–១១:១១; ១១:២៩​-​៤០; សាំយូអែល​ទី១ ១២:១០, ១១

  • ព្រះយេហូវ៉ាមានប្រសាសន៍ទៅសាំយូអែល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • សាំយូអែលបើកទ្វារវិហារ

      មេ​រៀន​ទី​៣៧

      ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​សាំយូអែល

      សម្ដេច​សង្ឃ​អេលី​មាន​កូន​ប្រុស​ពីរ​នាក់ ម្នាក់​ឈ្មោះ​ហូណាយ ម្នាក់​ទៀត​ឈ្មោះ​ភីនេហាស។ ពួក​គេ​បម្រើ​ជា​សង្ឃ​នៅ​វិហារ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ ពួក​គេ​មិន​គោរព​ច្បាប់​របស់​លោក​ទេ ហើយ​ពួក​គេ​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់​ចំពោះ​បណ្ដា​ជន។ រាល់​ពេល​ដែល​បណ្ដា​ជន​អ៊ីស្រាអែល​យក​សត្វ​មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា នោះ​ហូណាយ​និង​ភីនេហាស​តែង​តែ​យក​ផ្នែក​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង។ អេលី​បាន​ឮ​អំពី​ទង្វើ​ដែល​កូន​ទាំង​ពីរ​កំពុង​ធ្វើ ប៉ុន្តែ​គាត់​មិន​ស្ដី​ប្រដៅ​កូន​ឡើយ។ តើ​ព្រះ​យេហូវ៉ា​នឹង​ទុក​ឲ្យ​រឿង​នេះ​បន្ត​កើត​ឡើង​រហូត​ឬ?

      ទោះ​ជា​សាំយូអែល​អាយុ​តិច​ជាង​ហូណាយ​និង​ភីនេហាស​ក៏​ដោយ គាត់​មិន​បាន​ធ្វើ​តាម​គំរូ​អាក្រក់​របស់​ពួក​គេ​ទេ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​សាំយូអែល។ ដូច្នេះ នៅ​យប់​មួយ ពេល​សាំយូអែល​កំពុង​គេង គាត់​ឮ​សំឡេង​មួយ​ហៅ​ឈ្មោះ​គាត់។ គាត់​ក៏​ក្រោក​ឡើង​រត់​ទៅ​រក​អេលី ហើយ​សួរ​ថា​៖ ‹លោក​ម្ចាស់​ហៅ​ខ្ញុំ មែន​ទេ?›។ អេលី​ឆ្លើយ​ថា​៖ ‹ខ្ញុំ​មិន​បាន​ហៅ​កូន​ទេ ចូរ​ទៅ​គេង​វិញ​ទៅ›។ សាំយូអែល​ទៅ​គេង​វិញ រួច​ក៏​ឮ​សំឡេង​ហៅ​គាត់​ម្ដង​ទៀត។ ពេល​សាំយូអែល​ឮ​សំឡេង​ហៅ​គាត់​ជា​លើក​ទី​៣ នោះ​អេលី​ដឹង​ថា​គឺ​ព្រះ​យេហូវ៉ា​កំពុង​ហៅ​សាំយូអែល។ ហេតុ​នេះ អេលី​ប្រាប់​សាំយូអែល​ថា បើ​ឮ​សំឡេង​ហៅ​កូន​ម្ដង​ទៀត កូន​ត្រូវ​ឆ្លើយ​ថា​៖ ‹សូម​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក។ ខ្ញុំ​ជា​អ្នក​បម្រើ​លោក​កំពុង​រង់​ចាំ​ស្ដាប់›។

      សាំយូអែលប្រាប់អេលីអំពីប្រសាសន៍របស់ព្រះយេហូវ៉ា

      សាំយូអែល​ត្រឡប់​ទៅ​គេង​វិញ រួច​គាត់​ឮ​សំឡេង​ហៅ​គាត់​ថា​៖ ‹សាំយូអែល! សាំយូអែល!›។ គាត់​បាន​ឆ្លើយ​ថា​៖ ‹សូម​លោក​មាន​ប្រសាសន៍​មក។ ខ្ញុំ​ជា​អ្នក​បម្រើ​លោក​កំពុង​រង់​ចាំ​ស្ដាប់›។ ព្រះ​យេហូវ៉ា​ប្រាប់​សាំយូអែល​ថា​៖ ‹ចូរ​ប្រាប់​អេលី​ថា ខ្ញុំ​នឹង​ដាក់​ទោស​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​ដឹង​ពី​អំពើ​អាក្រក់​ដែល​កូន​ប្រុស​គាត់​កំពុង​ធ្វើ​នៅ​ក្នុង​វិហារ​របស់​ខ្ញុំ តែ​គាត់​មិន​បាន​ប្រៀន​ប្រដៅ​កូន​ទេ›។ លុះ​ព្រឹក​ឡើង សាំយូអែល​ទៅ​បើក​ទ្វារ​វិហារ​តាម​ទម្លាប់។ គាត់​ខ្លាច​មិន​ហ៊ាន​ប្រាប់​សម្ដេច​សង្ឃ​អេលី អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ អេលី​បាន​ហៅ​សាំយូអែល​មក​សួរ​ថា​៖ ‹តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្វី​ដល់​កូន? សូម​ប្រាប់​ខ្ញុំ​ឲ្យ​អស់​មក›។ ដូច្នេះ សាំយូអែល​ប្រាប់​អេលី​រឿង​ទាំង​អស់។

      សាំយូអែល​កាន់​តែ​ចម្រើន​វ័យ​ឡើង ហើយ​ព្រះ​យេហូវ៉ា​បន្ត​នៅ​ជា​មួយ​នឹង​គាត់។ ជន​ជាតិ​អ៊ីស្រាអែល​ទូ​ទាំង​ស្រុក​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​សាំយូអែល​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ និង​ជា​អ្នក​សម្រេច​ក្ដី។

      ​«​ចូរ​នឹក​ចាំ​អំពី​ព្រះ​ដ៏​ឧត្ដម​ដែល​បាន​បង្កើត​អ្នក កាល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ​»។—អ្នក​ទូន្មាន ១២:១

      សំណួរ​៖ តើ​សាំយូអែល​ខុស​គ្នា​យ៉ាង​ណា​ពី​ហូណាយ​និង​ភីនេហាស? តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្វី​ដល់​សាំយូអែល?

      សាំយូអែល​ទី១ ២:១២​-​១៧, ២២​-​២៦; ៣:១​-​២១; ៧:៦

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក