-
ចិត្តក្លាហាននិងភក្ដីភាពរបស់យ៉ូណាថានមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៤២
ចិត្តក្លាហាននិងភក្ដីភាពរបស់យ៉ូណាថាន
កូនប្រុសច្បងរបស់ស្ដេចសុល ឈ្មោះយ៉ូណាថាន គឺជាអ្នកចម្បាំងដ៏ក្លាហាន។ ដាវីឌបាននិយាយថា យ៉ូណាថានលឿនជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វតោ។ នៅថ្ងៃមួយ យ៉ូណាថានបានឃើញទាហានភីលីស្ទីន២០នាក់នៅលើភ្នំ។ ដូច្នេះ គាត់និយាយទៅអ្នកកាន់គ្រឿងចម្បាំងរបស់គាត់ថា៖ ‹យើងនឹងទៅវាយពួកគេ បើព្រះយេហូវ៉ាឲ្យសញ្ញាដល់យើង គឺបើពួកភីលីស្ទីនប្រាប់យើងឲ្យឡើងទៅ នោះយើងដឹងថាយើងត្រូវទៅវាយពួកគេ›។ រួចមក ក៏ឮសំឡេងពួកទាហានភីលីស្ទីនស្រែកហៅពួកគាត់ថា៖ ‹ចូរឡើងមកប្រយុទ្ធគ្នា!›។ ដូច្នេះ អ្នកទាំងពីរក៏ឡើងទៅលើភ្នំ ហើយវាយឈ្នះពួកទាហានទាំងនោះ។
ក្នុងនាមជាកូនច្បងរបស់សុល យ៉ូណាថានត្រូវស្នងរាជ្យពីឪពុក។ ប៉ុន្តែ យ៉ូណាថានដឹងថាព្រះយេហូវ៉ាបានជ្រើសរើសដាវីឌ ឲ្យធ្វើជាស្ដេចបន្ទាប់ក្នុងស្រុកអ៊ីស្រាអែល។ ជាជាងច្រណែនដាវីឌ យ៉ូណាថានបានក្លាយជាមិត្តជិតស្និទ្ធរបស់ដាវីឌ។ ពួកគាត់បានសន្យាការពារគ្នាទៅវិញទៅមក។ យ៉ូណាថានបានឲ្យអាវចម្បាំង ដាវ ធ្នូ និងខ្សែក្រវាត់របស់ខ្លួនទៅដាវីឌ ទុកជាតំណាងមិត្តភាពរបស់ពួកគាត់។
អំឡុងពេលដាវីឌរត់គេចខ្លួនពីសុល យ៉ូណាថានបានទៅជួបដាវីឌ ហើយលើកទឹកចិត្តគាត់ថា៖ ‹ចូររឹងមាំ ហើយក្លាហានឡើង! ព្រះយេហូវ៉ាបានជ្រើសរើសអ្នកឲ្យធ្វើជាស្ដេច សូម្បីតែឪពុកខ្ញុំក៏បានដឹងដែរ›។ តើអ្នកចង់បានមិត្តល្អដូចយ៉ូណាថានទេ?
ជាច្រើនដង យ៉ូណាថានបានប្រថុយជីវិតដើម្បីជួយមិត្តរបស់គាត់។ គាត់ដឹងថាឪពុកគាត់ចង់សម្លាប់ដាវីឌ ដូច្នេះគាត់និយាយទៅឪពុកថា៖ ‹បើលោកឪពុកសម្លាប់ដាវីឌ លោកឪពុកនឹងធ្វើខុសធ្ងន់ណាស់ ពីព្រោះដាវីឌគ្មានកំហុសទេ›។ នេះធ្វើឲ្យសុលខឹងយ៉ូណាថានជាខ្លាំង។ ប៉ុន្មានឆ្នាំក្រោយមក សុលនិងយ៉ូណាថានបានស្លាប់ក្នុងសង្គ្រាម។
បន្ទាប់ពីយ៉ូណាថានស្លាប់ ដាវីឌបានស្វែងរកមេភីបូសែតដែលជាកូនប្រុសរបស់យ៉ូណាថាន។ ពេលរកឃើញមេភីបូសែត ដាវីឌប្រាប់គាត់ប្រាប់ថា៖ ‹ឪពុករបស់អ្នកជាមិត្តល្អរបស់ខ្ញុំ ខ្ញុំនឹងមើលថែអ្នកអស់មួយជីវិត។ អ្នកនឹងរស់នៅក្នុងវិមានរបស់ខ្ញុំ ហើយបរិភោគនៅតុរបស់ខ្ញុំ›។ ដាវីឌមិនដែលភ្លេចយ៉ូណាថានជាសម្លាញ់របស់គាត់ឡើយ។
«អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា។ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ច្រើនជាងអ្នកដែលលះបង់ជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួនឡើយ»។—យ៉ូហាន ១៥:១២, ១៣
-
-
ស្ដេចដាវីឌបានប្រព្រឹត្តអំពើខុសឆ្គងមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៤៣
ស្ដេចដាវីឌបានប្រព្រឹត្តអំពើខុសឆ្គង
ពេលសុលស្លាប់ ដាវីឌឡើងធ្វើជាស្ដេចក្នុងអាយុ៣០ឆ្នាំ។ ជាច្រើនឆ្នាំក្រោយមក នៅយប់មួយ កាលដែលដាវីឌនៅលើដំបូលវិមាន គាត់ឃើញនារីដ៏ស្រស់ស្អាតម្នាក់។ បន្ទាប់មក ដាវីឌដឹងថានាងឈ្មោះបាតសេបា មានប្ដីជាទាហានឈ្មោះអ៊ូរី។ ដាវីឌបានបង្គាប់ឲ្យគេនាំបាតសេបាមកវិមានរបស់គាត់ ហើយក៏រួមដំណេកជាមួយនឹងនាង។ ក្រោយមក បាតសេបាមានផ្ទៃពោះ។ ដូច្នេះ ដាវីឌព្យាយាមលាក់បាំងការពិត។ គាត់បានបញ្ជាមេទ័ពឲ្យដាក់អ៊ូរីក្នុងសមរភូមិជួរមុខ រួចឲ្យទាហានផ្សេងទៀតដកថយ។ ដូច្នេះ អ៊ូរីបានស្លាប់ក្នុងចម្បាំង។ បន្ទាប់មក ដាវីឌបានយកបាតសេបាមកធ្វើជាប្រពន្ធ។
ប៉ុន្តែ ព្រះយេហូវ៉ាបានឃើញអំពើអាក្រក់ទាំងអស់នោះ។ តើលោកនឹងធ្វើអ្វី? ព្រះយេហូវ៉ាបានចាត់អ្នកប្រកាសទំនាយណាថាន់ឲ្យទៅជួបដាវីឌ។ ណាថាន់ប្រាប់ដាវីឌថា៖ ‹មានបុរសអ្នកមានម្នាក់មានសត្វចៀមជាច្រើន រីឯបុរសអ្នកក្រម្នាក់ គាត់មានតែកូនចៀមតូចមួយប៉ុណ្ណោះ ហើយគាត់ស្រឡាញ់វាខ្លាំងណាស់។ ប៉ុន្តែ បុរសអ្នកមានបានយកកូនចៀមតែមួយរបស់បុរសអ្នកក្រ›។ ពេលស្ដាប់រួច ដាវីឌខឹងយ៉ាងខ្លាំងដោយនិយាយថា៖ ‹បុរសអ្នកមាននោះសមតែស្លាប់!›។ ណាថាន់ប្រាប់ដាវីឌថា៖ ‹អ្នកគឺជាបុរសអ្នកមាននោះ!›។ នេះធ្វើឲ្យដាវីឌសោកស្ដាយពន់ពេក គាត់សារភាពប្រាប់ណាថាន់ថា៖ ‹ខ្ញុំបានធ្វើខុសចំពោះព្រះយេហូវ៉ា›។ កំហុសដ៏ធ្ងន់របស់ដាវីឌបាននាំឲ្យគាត់ និងក្រុមគ្រួសាររបស់គាត់ជួបបញ្ហាជាច្រើន។ ព្រះយេហូវ៉ាបានដាក់ទោសដាវីឌ តែមិនសម្លាប់គាត់ទេ ដោយសារគាត់មានចិត្តស្មោះត្រង់និងរាបទាប។
ដាវីឌចង់សង់វិហារជូនព្រះយេហូវ៉ា ប៉ុន្តែព្រះយេហូវ៉ាបានជ្រើសរើសសាឡូម៉ូនដែលជាកូនប្រុសគាត់ឲ្យធ្វើកិច្ចការនេះ។ ទោះជាយ៉ាងនោះក្ដី ដាវីឌបានត្រៀមគ្រប់យ៉ាងសម្រាប់សាឡូម៉ូន ហើយគិតថា៖ ‹វិហាររបស់ព្រះយេហូវ៉ាត្រូវតែរុងរឿងអស្ចារ្យ។ សាឡូម៉ូននៅក្មេង ដូច្នេះខ្ញុំនឹងរៀបចំអ្វីៗសម្រាប់គាត់›។ ដាវីឌបានធ្វើវិភាគទានយ៉ាងច្រើនសម្រាប់កិច្ចការនេះ។ គាត់បានជ្រើសរើសសិប្បករជំនាញជាច្រើននាក់ ហើយបានប្រមូលមាសនិងប្រាក់ ក៏បានទិញឈើស៊ីដារពីក្រុងទីរ៉ុសនិងក្រុងស៊ីដូនដែរ។ ពេលដាវីឌជិតស្លាប់ គាត់បានឲ្យគម្រោងសាងសង់វិហារទៅសាឡូម៉ូន ហើយប្រាប់ថា៖ ‹ព្រះយេហូវ៉ាបានឲ្យពុកកត់ទុកអ្វីៗទាំងនេះសម្រាប់កូន។ កុំខ្លាចឡើយ ព្រះយេហូវ៉ានឹងជួយកូន។ ចូរកូនរឹងមាំ ហើយធ្វើកិច្ចការនេះ›។
«អ្នកដែលខំលាក់បាំងអំពើរំលងរបស់ខ្លួន នឹងមិនបានជោគជ័យទេ តែអ្នកណាដែលសារភាពកំហុស ហើយឈប់ធ្វើខុសទៀត អ្នកនោះនឹងទទួលបានសេចក្ដីមេត្តាករុណា»។—សុភាសិត ២៨:១៣
-