បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • វិហារសម្រាប់ព្រះយេហូវ៉ា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • ភ្លើងពីព្រះយេហូវ៉ាកំពុងឆេះគ្រឿងបូជានៅលើទីបូជា

      មេ​រៀន​ទី​៤៤

      វិហារ​សម្រាប់​ព្រះ​យេហូវ៉ា

      ស្ដេចសាឡូម៉ូនអធិដ្ឋាន

      ក្រោយ​ពី​សាឡូម៉ូន​ឡើង​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ព្រះ​យេហូវ៉ា​បាន​សួរ​គាត់​ថា​៖ ‹តើ​អ្នក​ចង់​បាន​អ្វី?›។ សាឡូម៉ូន​ឆ្លើយ​ថា​៖ ‹ខ្ញុំ​នៅ​ក្មេង ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទេ។ សូម​លោក​ផ្ដល់​ឲ្យ​ខ្ញុំ​មាន​ប្រាជ្ញា ដើម្បី​ខ្ញុំ​អាច​ថែ​រក្សា​រាស្ត្រ​របស់​លោក›។ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ដោយ​សារ​អ្នក​បាន​សុំ​ប្រាជ្ញា ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​បំផុត​នៅ​ផែនដី។ ខ្ញុំ​ក៏​នឹង​ឲ្យ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ​ដែរ។ បើ​អ្នក​ស្ដាប់​បង្គាប់​ខ្ញុំ អ្នក​នឹង​មាន​អាយុ​វែង›។

      សាឡូម៉ូន​ចាប់​ផ្ដើម​សង់​វិហារ។ គាត់​បាន​ប្រើ​មាស ប្រាក់ ឈើ និង​ថ្ម​ល្អ​បំផុត។ សិប្បករ​រាប់​ពាន់​នាក់​ទាំង​ប្រុស​ទាំង​ស្រី​បាន​មក​ជួយ​សង់​វិហារ។ អស់​ប្រាំ​ពីរ​ឆ្នាំ វិហារ​បាន​ត្រូវ​សង់​រួច​រាល់ ហើយ​ឥឡូវ​ត្រូវ​ប្រគល់​ជូន​ព្រះ​យេហូវ៉ា។ សាឡូម៉ូន​លុត​ជង្គង់​នៅ​មុខ​ទី​បូជា ដែល​មាន​ពេញ​ដោយ​គ្រឿង​បូជា ហើយ​អធិដ្ឋាន​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ វិហារ​នេះ​មិន​ធំ​ល្មម ហើយ​ក៏​មិន​ស្អាត​ពេក​សម្រាប់​លោក​ដែរ។ ប៉ុន្តែ សូម​លោក​ទទួល​យក​ការ​គោរព​ប្រណិប័តន៍ និង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​ខ្ញុំ​ផង›។ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​វិហារ និង​សេចក្ដី​អធិដ្ឋាន​របស់​សាឡូម៉ូន? បន្ទាប់​ពី​សាឡូម៉ូន​អធិដ្ឋាន​ចប់​ភ្លាម ក៏​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆេះ​គ្រឿង​បូជា​នៅ​លើ​ទី​បូជា។ នេះ​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​ព្រម​ទទួល​យក​វិហារ​នេះ។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ឃើញ​ដូច្នេះ ពួក​គេ​សប្បាយ​ចិត្ត​ជា​ខ្លាំង។

      ភ្លើងពីព្រះយេហូវ៉ាកំពុងឆេះគ្រឿងបូជានៅលើទីបូជា

      ប្រាជ្ញា​របស់​សាឡូម៉ូន​បាន​ល្បី​សុសសាយ​ពេញ​ស្រុក​អ៊ីស្រាអែល រហូត​ដល់​ស្រុក​ឆ្ងាយ។ មនុស្ស​ម្នា​នាំ​គ្នា​ទៅ​ជួប​សាឡូម៉ូន ដើម្បី​ឲ្យ​គាត់​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ។ សូម្បី​តែ​ម្ចាស់​ក្សត្រី​ស្រុក​សេបា​ក៏​មក​ជួប​ដើម្បី​ចង់​ដឹង​ប្រាជ្ញា​របស់​សាឡូម៉ូន ដោយ​សួរ​គាត់​នូវ​សំណួរ​ពិបាក​ៗ។ ពេល​បាន​ស្ដាប់​ចម្លើយ​របស់​សាឡូម៉ូន នាង​ក៏​និយាយ​ថា​៖ ‹ដំបូង​ខ្ញុំ​មិន​ជឿ​អ្វី​ដែល​គេ​ប្រាប់​ខ្ញុំ​ទេ។ ប៉ុន្តែ ឥឡូវ​ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា លោក​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ​និយាយ​ទៅ​ទៀត។ សូម​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​លោក ឲ្យ​ពរ​ដល់​លោក›។ ក្នុង​អំឡុង​ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​មាន​ជីវិត​រុង​រឿង និង​មាន​សេចក្ដី​សុខ។ ប៉ុន្តែ មិន​យូរ​ទៀត​ស្ថានភាព​នោះ​នឹង​ត្រូវ​ផ្លាស់​ប្ដូរ។

      ​«​មើល! អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន គឺ​នៅ​ទី​នេះ​ហើយ​»។—ម៉ាថាយ ១២:៤២

      សំណួរ​៖ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ឲ្យ​សាឡូម៉ូន​មាន​ប្រាជ្ញា​ច្រើន​ជាង​គេ? តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​ថា​លោក​ព្រម​ទទួល​យក​វិហារ?

      បណ្ដា​ស្ដេច​ទី១ ២:១២; ៣:៤​-​២៨; ៤:២៩–៥:១៨; ៦:៣៧, ៣៨; ៧:១៥–៨:៦៦; ១០:១​-​១៣; ប្រវត្តិហេតុ​ទី២ ៧:១; ៩:២២

  • រាជាណាចក្រមួយបានត្រូវបែងចែក
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • អាហាយ៉ាបានយកអាវរបស់ខ្លួនមកហែកជា១២ចម្រៀកនៅចំពោះមុខយេរ៉ូបោម

      មេ​រៀន​ទី​៤៥

      រាជាណាចក្រ​មួយ​បាន​ត្រូវ​បែង​ចែក

      ក្នុង​ពេល​ដែល​សាឡូម៉ូន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា នាំ​ឲ្យ​ស្រុក​អ៊ីស្រាអែល​មាន​សន្តិភាព។ ប៉ុន្តែ សាឡូម៉ូន​បាន​រៀប​ការ​ជា​មួយ​នឹង​ស្ត្រី​បរទេស​ជា​ច្រើន ដែល​គោរព​បូជា​រូប​ព្រះ។ បន្តិច​ម្ដង​ៗ សាឡូម៉ូន​បាន​ផ្លាស់​ប្ដូរ ហើយ​ចាប់​ផ្ដើម​គោរព​បូជា​រូប​ព្រះ​ដូច​ពួក​នាង​ដែរ។ ព្រះ​យេហូវ៉ា​ខឹង​ខ្លាំង​ណាស់។ លោក​ប្រាប់​សាឡូម៉ូន​ថា​៖ ‹ខ្ញុំ​នឹង​ដក​ហូត​ទឹក​ដី​អ៊ីស្រាអែល​ចេញ​ពី​ក្រុម​គ្រួសារ​របស់​អ្នក ហើយ​ចែក​ជា​ពីរ​ចំណែក។ ខ្ញុំ​នឹង​ប្រគល់​ចំណែក​ធំ​ឲ្យ​ទៅ​អ្នក​បម្រើ​ម្នាក់​របស់​អ្នក ហើយ​ខ្ញុំ​នឹង​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​គ្រប់​គ្រង​តែ​មួយ​ចំណែក​តូច​ប៉ុណ្ណោះ›។

      រួច​មក ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ការ​សម្រេច​ចិត្ត​នេះ​តាម​វិធី​មួយ​ទៀត។ ថ្ងៃ​មួយ កាល​ដែល​អ្នក​បម្រើ​ម្នាក់​របស់​សាឡូម៉ូន ឈ្មោះ​យេរ៉ូបោម​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​បាន​ជួប​អាហាយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ អាហាយ៉ា​បាន​យក​អាវ​របស់​ខ្លួន​មក​ហែក​ជា​១២​ចម្រៀក រួច​ប្រាប់​យេរ៉ូបោម​ថា​៖ ‹ព្រះ​យេហូវ៉ា​នឹង​ដក​ហូត​រាជាណាចក្រ​អ៊ីស្រាអែល​ចេញ​ពី​ក្រុម​គ្រួសារ​របស់​សាឡូម៉ូន ហើយ​ចែក​ជា​២​ចំណែក។ ចូរ​យក​១០​ចម្រៀក ព្រោះ​អ្នក​នឹង​ធ្វើ​ជា​ស្ដេច​លើ​កុលសម្ព័ន្ធ​១០›។ ពេល​សាឡូម៉ូន​ឮ​អំពី​រឿង​នេះ គាត់​ប៉ុន​ប៉ង​សម្លាប់​យេរ៉ូបោម! ប៉ុន្តែ យេរ៉ូបោម​បាន​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​អេហ្ស៊ីប។ ក្រោយ​មក​សាឡូម៉ូន​ទទួល​មរណភាព ហើយ​រេហូបោម​ដែល​ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។ យេរ៉ូបោម​គិត​ថា ឥឡូវ​នេះ​មាន​សុវត្ថិភាព​ហើយ ដូច្នេះ​គាត់​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ។

      ជនជាតិអ៊ីស្រាអែលជាច្រើននាក់កំពុងជូនគ្រឿងបូជាដល់រូបកូនគោមាសដែលយេរ៉ូបោមបានសង់ឡើង

      ពួក​បុរស​ចាស់​ទុំ​ស្រុក​អ៊ីស្រាអែល បាន​ប្រាប់​រេហូបោម​ថា​៖ ‹បើ​លោក​ប្រព្រឹត្ត​ល្អ​ចំពោះ​បណ្ដា​ជន នោះ​ពួក​គេ​នឹង​ស្មោះ​ត្រង់​ចំពោះ​លោក›។ ប៉ុន្តែ មិត្ត​ភក្ដិ​រេហូបោម​ប្រាប់​គាត់​ថា​៖ ‹អ្នក​មិន​ត្រូវ​អាណិត​បណ្ដា​ជន​ទេ! អ្នក​ត្រូវ​ឲ្យ​ពួក​គេ​ធ្វើ​ការ​ធ្ងន់​ជាង​មុន!›។ រេហូបោម​បាន​ធ្វើ​តាម​យោបល់​ពី​មិត្ត​ភក្ដិ ហើយ​ប្រព្រឹត្ត​ចំពោះ​បណ្ដា​ជន​យ៉ាង​ឃោរឃៅ។ ដូច្នេះ បណ្ដា​ជន​នាំ​គ្នា​បះ​បោរ​ប្រឆាំង ហើយ​តែង​តាំង​យេរ៉ូបោម​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​កុលសម្ព័ន្ធ​១០ ដែល​ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា​រាជាណាចក្រ​អ៊ីស្រាអែល។ ចំណែក​កុលសម្ព័ន្ធ​២​ទៀត​បន្ត​នៅ​ស្មោះ​ត្រង់​ចំពោះ​រេហូបោម ដែល​ក្រោយ​មក​បាន​ត្រូវ​ហៅ​ថា​រាជាណាចក្រ​យូដា។ ចាប់​ពី​ពេល​នោះ​មក កុលសម្ព័ន្ធ​ទាំង​១២​នៃ​អ៊ីស្រាអែល​បាន​ត្រូវ​បែង​ចែក។

      យេរ៉ូបោម​មិន​ចង់​ឲ្យ​រាស្ត្រ​របស់​គាត់​ទៅ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ក្រុង​យេរូសាឡិម​ឡើយ។ តើ​អ្នក​ដឹង​មូលហេតុ​ទេ? ពីព្រោះ​ក្រុង​យេរូសាឡិម​ស្ថិត​ក្នុង​រាជាណាចក្រ​របស់​រេហូបោម។ យេរ៉ូបោម​ខ្លាច​ថា បណ្ដា​ជន​នឹង​បែរ​ទៅ​គាំទ្រ​រេហូបោម​វិញ។ ហេតុ​នេះ គាត់​បាន​ធ្វើ​រូប​កូន​គោ​មាស​ពីរ ហើយ​ប្រាប់​បណ្ដា​ជន​ថា​៖ ‹ក្រុង​យេរូសាឡិម​នៅ​ឆ្ងាយ​ពេក ដូច្នេះ​អ្នក​រាល់​គ្នា​គួរ​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ទី​នេះ​វិញ›។ បណ្ដា​ជន​ក៏​ចាប់​ផ្ដើម​គោរព​បូជា​រូប​កូន​គោ​មាស​នោះ ហើយ​ពួក​គេ​បាន​ភ្លេច​ព្រះ​យេហូវ៉ា​ម្ដង​ទៀត។

      ‹កុំ​ផ្សំផ្គុំ​ខ្លួន​ជា​មួយ​នឹង​អ្នក​ដែល​មិន​ជឿ​ឡើយ។ ព្រោះ​តើ​សេចក្ដី​សុចរិត​និង​ការ​ប្រឆាំង​ច្បាប់​មាន​អ្វី​ត្រូវ​គ្នា? ឬ​តើ​អ្នក​ជឿ​មាន​ចំណែក​អ្វី​ជា​មួយ​នឹង​អ្នក​មិន​ជឿ?›។—កូរិនថូស​ទី២ ៦:១៤, ១៥

      សំណួរ​៖ ហេតុ​អ្វី​ទឹក​ដី​អ៊ីស្រាអែល​បាន​ត្រូវ​បែង​ចែក? តើ​ស្ដេច​រេហូបោម​និង​ស្ដេច​យេរ៉ូបោម​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?

      បណ្ដា​ស្ដេច​ទី១ ១១:១​-​១៣, ២៦​-​៤៣; ១២:១​-​៣៣

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក