-
ការសាកល្បងលើភ្នំកើមែលមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៤៦
ការសាកល្បងលើភ្នំកើមែល
កុលសម្ព័ន្ធ១០នៃរាជាណាចក្រអ៊ីស្រាអែលមានស្ដេចអាក្រក់ជាច្រើន តែស្ដេចដែលអាក្រក់ជាងគេគឺអាហាប់។ អាហាប់បានរៀបការនឹងស្ត្រីកំណាចម្នាក់ឈ្មោះយេសិបិល ជាអ្នកគោរពបូជាព្រះបាល។ អាហាប់និងយេសិបិលបានធ្វើឲ្យស្រុកពេញដោយការគោរពបូជាព្រះបាល ហើយបានសម្លាប់អ្នកប្រកាសទំនាយជាច្រើនរបស់ព្រះយេហូវ៉ា។ តើព្រះយេហូវ៉ានឹងធ្វើយ៉ាងណា? លោកបានចាត់អ្នកប្រកាសទំនាយអេលីយ៉ាឲ្យនាំសារទៅប្រាប់អាហាប់។
អេលីយ៉ាប្រាប់ស្ដេចអាហាប់ថា ដោយសារគាត់ប្រព្រឹត្តអំពើអាក្រក់ នោះស្រុកអ៊ីស្រាអែលនឹងគ្មានភ្លៀងទេ។ ពិតមែន អស់ជាងបីឆ្នាំដំណាំមិនដុះលូតលាស់ នាំឲ្យបណ្ដាជនជួបការអត់ឃ្លាន។ ក្រោយមក ព្រះយេហូវ៉ាបានចាត់អេលីយ៉ាឲ្យត្រឡប់ទៅជួបអាហាប់វិញ។ ស្ដេចអាហាប់និយាយថា៖ ‹ឱអ្នកបង្កបញ្ហាអើយ! អ្នកបានធ្វើឲ្យយើងរងទុក្ខវេទនា›។ អេលីយ៉ាឆ្លើយថា៖ ‹ខ្ញុំមិនបានធ្វើទេ តែអ្នកវិញទេដែលបានធ្វើ ដោយសារអ្នកគោរពបូជាព្រះបាល។ ឥឡូវ យើងនឹងសាកល្បងគ្នា។ សូមអ្នកកោះហៅបណ្ដាជន និងអ្នកប្រកាសទំនាយរបស់ព្រះបាលឲ្យមកជួបជុំគ្នានៅលើភ្នំកើមែល›។
បណ្ដាជនបានមកជួបជុំគ្នានៅលើភ្នំនោះ។ អេលីយ៉ានិយាយថា៖ ‹ចូរអ្នករាល់គ្នាសម្រេចចិត្ត។ បើព្រះយេហូវ៉ាជាព្រះពិត ចូរកាន់តាមលោក។ តែបើព្រះបាលជាព្រះពិត ចូរកាន់តាមព្រះបាលទៅ។ សូមយើងសម្រេចគ្នាថាធ្វើដូច្នេះ។ ចូរឲ្យអ្នកប្រកាសទំនាយរបស់ព្រះបាលទាំង៤៥០នាក់រៀបចំគ្រឿងបូជា ហើយហៅឈ្មោះព្រះរបស់ពួកគេ។ ចំណែកខ្ញុំវិញ ខ្ញុំនឹងរៀបចំគ្រឿងបូជា ហើយហៅឈ្មោះព្រះយេហូវ៉ា។ បើព្រះណាដែលឆ្លើយមកដោយធ្វើឲ្យមានភ្លើងឆេះ គឺព្រះនោះហើយជាព្រះពិត›។ បណ្ដាជនក៏យល់ស្រប។
អ្នកប្រកាសទំនាយព្រះបាលក៏នាំគ្នារៀបចំជូនគ្រឿងបូជា ហើយស្រែកហៅព្រះរបស់ពួកគេពេញមួយថ្ងៃថា៖ «ឱព្រះបាលអើយ! សូមឆ្លើយមកយើងផង»។ ប៉ុន្តែ គ្មានសំឡេងឆ្លើយតបពីព្រះបាលឡើយ។ ដូច្នេះ អេលីយ៉ាក៏ចំអកឲ្យពួកគេថា៖ ‹សូមពួកអ្នកស្រែកឲ្យខ្លាំងឡើង ប្រហែលជាគាត់កំពុងដេកលក់ទេដឹង សូមឲ្យអ្នកណាម្នាក់ទៅដាស់គាត់ទៅ›។ អ្នកប្រកាសទំនាយរបស់ព្រះបាល បន្តហៅរកព្រះបាលរហូតដល់ល្ងាច ប៉ុន្តែគ្មានសំឡេងឆ្លើយសោះ។
រីឯអេលីយ៉ាវិញ គាត់ដាក់គ្រឿងបូជាលើទីបូជា រួចចាក់ទឹកពីលើ។ បន្ទាប់មក គាត់អធិដ្ឋានថា៖ ‹ឱព្រះយេហូវ៉ាអើយ សូមឲ្យបណ្ដាជនដឹងថាលោកគឺជាព្រះពិត›។ ខណៈនោះ ព្រះយេហូវ៉ាបានធ្វើឲ្យភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះគ្រឿងបូជា។ បណ្ដាជនស្រែកឡើងថា៖ «ព្រះយេហូវ៉ាគឺជាព្រះពិត!»។ អេលីយ៉ានិយាយថា៖ ‹កុំឲ្យអ្នកប្រកាសទំនាយរបស់ព្រះបាលរួចខ្លួនឡើយ!›។ នៅថ្ងៃនោះ អ្នកប្រកាសទំនាយរបស់ព្រះបាលទាំង៤៥០នាក់បានត្រូវសម្លាប់។
ពេលអេលីយ៉ាឃើញពពកតូចមួយឡើងពីសមុទ្រ គាត់ក៏ប្រាប់អាហាប់ថា៖ ‹ភ្លៀងកំពុងមកហើយ! សូមអ្នកប្រញាប់ឡើងរទេះត្រឡប់ទៅវិមានវិញទៅ›។ ភ្លាមនោះមេឃចាប់ផ្ដើមងងឹត ហើយខ្យល់វាយបក់បោក ធ្វើឲ្យធ្លាក់ភ្លៀងយ៉ាងខ្លាំង។ ទីបំផុត ភាពរាំងស្ងួតបានត្រូវបញ្ចប់។ ស្ដេចអាហាប់ខំបររទេះយ៉ាងលឿន តែព្រះយេហូវ៉ាបានធ្វើឲ្យអេលីយ៉ារត់លឿនជាងរទេះអាហាប់! ប៉ុន្តែ តើបញ្ហារបស់អេលីយ៉ាចប់ត្រឹមនេះឬ? សូមយើងមើលបន្តទៀត។
«សូមឲ្យមនុស្សទាំងឡាយដឹងថា លោកដែលមាននាមយេហូវ៉ា ជាព្រះតែមួយប៉ុណ្ណោះដែលខ្ពង់ខ្ពស់បំផុតលើផែនដីទាំងមូល»។—ចម្រៀងសរសើរព្រះ ៨៣:១៨
-
-
ព្រះយេហូវ៉ាពង្រឹងកម្លាំងអេលីយ៉ាមេរៀនដែលអ្នកអាចរៀនពីគម្ពីរ
-
-
មេរៀនទី៤៧
ព្រះយេហូវ៉ាពង្រឹងកម្លាំងអេលីយ៉ា
ម្ចាស់ក្សត្រីយេសិបិលខឹងខ្លាំងណាស់ ពេលឮអំពីអ្វីដែលបានកើតឡើងចំពោះអ្នកប្រកាសទំនាយរបស់ព្រះបាល។ នាងបានចាត់អ្នកនាំសារឲ្យទៅប្រាប់អេលីយ៉ាថា៖ ‹ថ្ងៃស្អែក អ្នកនឹងត្រូវស្លាប់ដូចអ្នកប្រកាសទំនាយរបស់ព្រះបាលដែរ›។ អេលីយ៉ាភ័យខ្លាចដល់ម្ល៉េះ បានជាគាត់រត់ទៅលាក់ខ្លួនក្នុងតំបន់ស្ងាត់ជ្រងំ។ គាត់បានអធិដ្ឋានថា៖ ‹ព្រះយេហូវ៉ាអើយ ខ្ញុំទ្រាំលែងបានហើយ សូមយកជីវិតខ្ញុំទៅ›។ ពេលនោះអេលីយ៉ាអស់កម្លាំងខ្លាំង រហូតដល់គាត់ដេកលក់ក្រោមដើមឈើ។
ទេវតាមួយរូបដាស់គាត់ ហើយនិយាយថ្នមៗថា៖ ‹ចូរក្រោកឡើង បរិភោគសិនទៅ›។ អេលីយ៉ាបើកភ្នែកឡើងឃើញនំប៉័ងមួយដុំដុតនៅលើថ្មក្ដៅ និងទឹកមួយក្អម។ គាត់បរិភោគ ហើយផឹកទឹក រួចដេកទៅវិញ។ បន្ទាប់មក ទេវតាបានដាស់គាត់ម្ដងទៀត ហើយនិយាយថា៖ ‹ចូរបរិភោគដើម្បីមានកម្លាំង ព្រោះអ្នកត្រូវធ្វើដំណើរផ្លូវឆ្ងាយ›។ ដូច្នេះ អេលីយ៉ាក៏បរិភោគថែមទៀត។ រួចមក គាត់បានធ្វើដំណើរអស់៤០ថ្ងៃ៤០យប់ រហូតទៅដល់ភ្នំហូរែប។ នៅទីនោះ អេលីយ៉ាបានចូលទៅដេកក្នុងរអាងភ្នំមួយ។ ប៉ុន្តែ ព្រះយេហូវ៉ាសួរគាត់ថា៖ «អេលីយ៉ា តើអ្នកមកនៅទីនេះធ្វើអ្វី?»។ គាត់ឆ្លើយថា៖ ‹បណ្ដាជនអ៊ីស្រាអែលមិនបានធ្វើតាមសម្ដីដែលពួកគេបានសន្យាចំពោះលោកទេ។ ពួកគេបានបំផ្លាញទីបូជារបស់លោក ហើយសម្លាប់អ្នកប្រកាសទំនាយរបស់លោក។ ឥឡូវ ពួកគេព្យាយាមតាមសម្លាប់ខ្ញុំទៀត›។
ព្រះយេហូវ៉ាបានប្រាប់អេលីយ៉ាថា៖ «ចូរចេញទៅឈរលើភ្នំ»។ មុនដំបូង ខ្យល់បក់បោកយ៉ាងខ្លាំងទៅលើមាត់រអាងភ្នំ។ បន្ទាប់មក មានរញ្ជួយដី រួចមានភ្លើងឆេះ។ ចុងក្រោយ អេលីយ៉ាបានឮសំឡេងស្រាលស្រទន់។ ពេលឮសំឡេងនោះភ្លាម គាត់ទាញអាវមកបាំងមុខ ហើយចេញទៅឈរនៅមាត់រអាង។ រួចព្រះយេហូវ៉ាបានសួរគាត់ថា៖ ‹ហេតុអ្វីបានជាអ្នករត់គេច?›។ អេលីយ៉ាឆ្លើយថា៖ ‹នៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ›។ ប៉ុន្តែ ព្រះយេហូវ៉ាប្រាប់គាត់ថា៖ ‹មិនមែននៅសល់តែអ្នកទេ នៅមានមនុស្ស៧.០០០នាក់ទៀតក្នុងស្រុកអ៊ីស្រាអែល ដែលបន្តគោរពប្រណិប័តន៍ខ្ញុំ។ ចូរត្រឡប់ទៅវិញ ហើយតែងតាំងអេលីសេឲ្យធ្វើជាអ្នកប្រកាសទំនាយបន្ទាប់ពីអ្នក›។ អេលីយ៉ាបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាភ្លាមៗ។ បើអ្នកធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា តើអ្នកជឿថាលោកនឹងជួយអ្នកដែរឬទេ? លោកប្រាកដជានឹងជួយមែន។ សូមយើងពិនិត្យមើលព្រឹត្តិការណ៍មួយ ដែលបានកើតឡើងក្នុងអំឡុងគ្រោះរាំងស្ងួត។
«កុំខ្វល់ចិត្តអំពីអ្វីឡើយ តែចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយអធិដ្ឋាន អង្វរសុំ និងថ្លែងអំណរគុណ»។—ភីលីព ៤:៦
-