បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • កូនប្រុសស្ត្រីមេម៉ាយរស់ឡើងវិញ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • អេលីយ៉ាស្រែកហៅស្ត្រីមេម៉ាយម្នាក់ដែលកំពុងប្រមូលអុស

      មេ​រៀន​ទី​៤៨

      កូន​ប្រុស​ស្ត្រី​មេម៉ាយ​រស់​ឡើង​វិញ

      ម្សៅក្នុងខាប់និងប្រេងក្នុងថូ

      ក្នុង​អំឡុង​គ្រោះ​រាំង​ស្ងួត ព្រះ​យេហូវ៉ា​ប្រាប់​អេលីយ៉ា​ថា​៖ ‹ចូរ​ទៅ​ក្រុង​សេរ៉ាផាត។ នៅ​ទី​នោះ ស្ត្រី​មេម៉ាយ​ម្នាក់​នឹង​ឲ្យ​អាហារ​ដល់​អ្នក›។ ពេល​អេលីយ៉ា​ទៅ​ដល់​ខ្លោង​ទ្វារ​ក្រុង គាត់​ឃើញ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​កំពុង​រើស​អុស។ គាត់​បាន​សុំ​ទឹក​នាង​ផឹក។ ពេល​នាង​ទៅ​យក​ទឹក អេលីយ៉ា​ប្រាប់​នាង​ទៀត​ថា​៖ ​«​សូម​ឲ្យ​នំ​ប៉័ង​មួយ​ដុំ​ដល់​ខ្ញុំ​ផង​»។ ប៉ុន្តែ នាង​ឆ្លើយ​ថា​៖ ‹ខ្ញុំ​គ្មាន​នំ​ប៉័ង​ឲ្យ​អ្នក​ទេ។ ខ្ញុំ​នៅ​សល់​តែ​ម្សៅ​និង​ប្រេង​បន្តិច ល្មម​ធ្វើ​អាហារ​សម្រាប់​ខ្ញុំ​និង​កូន​ប្រុស​របស់​ខ្ញុំ​ប៉ុណ្ណោះ›។ អេលីយ៉ា​ប្រាប់​នាង​ថា​៖ ‹ព្រះ​យេហូវ៉ា​សន្យា​ថា បើ​នាង​ធ្វើ​នំ​ប៉័ង​ឲ្យ​ខ្ញុំ​សិន នោះ​ម្សៅ​និង​ប្រេង​របស់​នាង​នឹង​មិន​ចេះ​អស់​ឡើយ រហូត​ដល់​មាន​ភ្លៀង​ឡើង​វិញ›។

      ដូច្នេះ ស្ត្រី​មេម៉ាយ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ធ្វើ​នំ​ប៉័ង​ឲ្យ​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា។ ដូច​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា គឺ​ម្សៅ​ក្នុង​ខាប់​និង​ប្រេង​ក្នុង​ថូ​របស់​នាង មិន​ចេះ​អស់​ឡើយ។ ក្នុង​អំឡុង​ភាព​រាំង​ស្ងួត​នោះ នាង​និង​កូន​ប្រុស​របស់​នាង​មាន​អាហារ​បរិភោគ​ជា​និច្ច។

      បន្ទាប់​មក រឿង​ដ៏​សោកសៅ​មួយ​បាន​កើត​ឡើង។ កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ រហូត​ដល់​ស្លាប់។ នាង​បាន​អង្វរ​អេលីយ៉ា​ឲ្យ​ជួយ។ អេលីយ៉ា​បី​កូន​នោះ​ឡើង​ទៅ​បន្ទប់​ខាង​លើ​ក្នុង​ផ្ទះ​របស់​នាង។ គាត់​ផ្ដេក​កូន​នោះ​ទៅ​លើ​គ្រែ ហើយ​អធិដ្ឋាន​ថា​៖ ‹ព្រះ​យេហូវ៉ា​អើយ សូម​ជួយ​កូន​នេះ​ឲ្យ​រស់​ឡើង​វិញ​ផង›។ រួច​មក កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ចាប់​ផ្ដើម​ដក​ដង្ហើម ហើយ​មាន​ជីវិត​ឡើង​វិញ! នេះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ពីព្រោះ​រហូត​មក​ដល់​ពេល​នោះ មិន​ទាន់​មាន​មនុស្ស​ណា​ម្នាក់​រស់​ឡើង​វិញ​ឡើយ។ ណា​មួយ​ទៀត ស្ត្រី​មេម៉ាយ​នេះ​និង​កូន​ប្រុស​របស់​នាង ក៏​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ដែរ។

      អេលីយ៉ា​ប្រាប់​ស្ត្រី​មេម៉ាយ​ថា​៖ ​«​មើល! កូន​ប្រុស​របស់​អ្នក​រស់​ឡើង​វិញ​ហើយ​»។ នាង​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ហើយ​និយាយ​ទៅ​អេលីយ៉ា​ថា​៖ ‹ឥឡូវ ខ្ញុំ​ដឹង​ថា​អ្នក​គឺ​ជា​មនុស្ស​របស់​ព្រះ​មែន! ពីព្រោះ​អ្នក​និយាយ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​ប៉ុណ្ណោះ›។

      អេលីយ៉ាប្រគល់កូនប្រុសដែលបានត្រូវប្រោសរស់ឡើងវិញដល់ស្ត្រីមេម៉ាយដែលជាម្ដាយ

      ​«​ចូរ​កត់​សម្គាល់​ថា សត្វ​ក្អែក​មិន​សាប​ព្រោះ​ឬ​ច្រូត​កាត់​ទេ ហើយ​ក៏​គ្មាន​ជង្រុក​ឬ​ឃ្លាំង​ដែរ តែ​ព្រះ​ផ្ដល់​ចំណី​ឲ្យ​វា។ ទម្រាំ​តែ​អ្នក​រាល់​គ្នា តើ​មិន​មាន​តម្លៃ​ជាង​សត្វ​ស្លាប​ទេ​ឬ?​»។—លូកា ១២:២៤

      សំណួរ​៖ តើ​ស្ត្រី​មេម៉ាយ​នៅ​ក្រុង​សេរ៉ាផាត​បាន​ធ្វើ​អ្វី​ដែល​បង្ហាញ​ថា​នាង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា? តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា អេលីយ៉ា​គឺ​ពិត​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ?

      បណ្ដា​ស្ដេច​ទី១ ១៧:៨​-​២៤; លូកា ៤:២៥, ២៦

  • ដាក់ទោសមហាក្សត្រីកំណាច
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
    • អ្នកបម្រើយេសិបិលចាប់នាងបោះទម្លាក់តាមបង្អួច

      មេ​រៀន​ទី​៤៩

      ដាក់​ទោស​មហា​ក្សត្រី​កំណាច

      នៅ​ក្រុង​យេសរៀល ស្ដេច​អាហាប់​មើល​ពី​បង្អួច​ក្នុង​វិមាន ឃើញ​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​បុរស​ម្នាក់​ឈ្មោះ​ណាបោត។ អាហាប់​ចង់​បាន​ចម្ការ​ទំពាំង​បាយ​ជូរ​នោះ ដូច្នេះ​គាត់​ព្យាយាម​សុំ​ទិញ​ពី​ណាបោត។ ប៉ុន្តែ ណាបោត​មិន​ព្រម​លក់​ទេ ដោយ​សារ​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហាម​លក់​ដី​កេរ​មត៌ក។ តើ​អាហាប់​គោរព​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់​ណាបោត​ឬ​ទេ? អត់​ទេ! អាហាប់​ខឹង​ខ្លាំង​ណាស់។ គាត់​ខក​ចិត្ត​ដល់​ម្ល៉េះ​បាន​ជា​គាត់​មិន​ព្រម​ចេញ​ពី​បន្ទប់​គេង និង​មិន​ព្រម​បរិភោគ​អាហារ។

      មហា​ក្សត្រី​ដ៏​កំណាច​ឈ្មោះ​យេសិបិល ដែល​ជា​ប្រពន្ធ​អាហាប់ បាន​និយាយ​ទៅ​គាត់​ថា​៖ ‹លោក​ម្ចាស់​ជា​ស្ដេច​របស់​ស្រុក​អ៊ីស្រាអែល។ លោក​ចង់​បាន​អ្វី លោក​ត្រូវ​តែ​បាន។ ខ្ញុំ​នឹង​យក​ចម្ការ​នោះ​មក​ជូន​លោក›។ រួច​មក នាង​សរសេរ​សំបុត្រ​ទៅ​ពួក​បុរស​ចាស់​ទុំ​នៅ​ក្រុង​នោះ ដោយ​ប្រាប់​ពួក​គេ​ឲ្យ​ចោទ​ប្រកាន់​ណាបោត​ថា​ជា​អ្នក​ប្រមាថ​ព្រះ និង​ឲ្យ​ពួក​គេ​គប់​ថ្ម​សម្លាប់​គាត់។ ពួក​បុរស​ចាស់​ទុំ​បាន​ធ្វើ​តាម​បញ្ជា​របស់​យេសិបិល។ បន្ទាប់​មក យេសិបិល​បាន​ប្រាប់​អាហាប់​ថា​៖ ‹ណាបោត​បាន​ស្លាប់​ហើយ។ ឥឡូវ ចម្ការ​ទំពាំង​បាយ​ជូរ​ជា​របស់​លោក​ម្ចាស់›។

      ណាបោត​មិន​មែន​ជា​មនុស្ស​គ្មាន​កំហុស​តែ​ម្នាក់​ដែល​យេសិបិល​សម្លាប់​នោះ​ទេ។ នាង​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា។ នាង​គោរព​បូជា​រូប​ព្រះ និង​ធ្វើ​អំពើ​អាក្រក់​ផ្សេង​ៗ​ជា​ច្រើន។ ព្រះ​យេហូវ៉ា​មើល​ឃើញ​អំពើ​អាក្រក់​ទាំង​អស់​របស់​យេសិបិល។ តើ​លោក​នឹង​ដាក់​ទោស​នាង​តាម​របៀប​ណា?

      ក្រោយ​ពី​អាហាប់​ស្លាប់ កូន​ប្រុស​របស់​គាត់​ឈ្មោះ​យេហូរ៉ាម​ឡើង​ធ្វើ​ជា​ស្ដេច។ ព្រះ​យេហូវ៉ា​បាន​ចាត់​បុរស​ម្នាក់​ឈ្មោះ​យេហ៊ូ ឲ្យ​ទៅ​ដាក់​ទោស​យេសិបិល​និង​ក្រុម​គ្រួសារ​របស់​នាង។

      យេហ៊ូ​ជិះ​រទេះ​របស់​ខ្លួន​ទៅ​ក្រុង​យេសរៀល ជា​កន្លែង​ដែល​យេសិបិល​រស់​នៅ។ រីឯ​យេហូរ៉ាម​វិញ គាត់​ក៏​ជិះ​រទេះ​ចេញ​មក​ជួប​យេហ៊ូ​ដែរ ហើយ​សួរ​យេហ៊ូ​ថា​៖ ​«​តើ​អ្នក​មក​ក្នុង​បំណង​ល្អ​ឬ?​»។ យេហ៊ូ​ឆ្លើយ​ថា​៖ ‹តើ​ខ្ញុំ​មក​ក្នុង​បំណង​ល្អ​ដូច​ម្ដេច​បាន បើ​យេសិបិល​ម្ដាយ​របស់​អ្នក​នៅ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ឥត​ឈប់?›។ ឮ​ដូច្នេះ យេហូរ៉ាម​ព្យាយាម​ឲ្យ​គេ​បរ​រទេះ​ត្រឡប់​ទៅ​វិញ តែ​យេហ៊ូ​បាន​យឹត​ធ្នូ​បាញ់​សម្លាប់​គាត់។

      យេហ៊ូស្រែកប្រាប់អ្នកបម្រើឲ្យបោះយេសិបិលចុះមកខាងក្រោម

      រួច​មក យេហ៊ូ​បន្ត​ដំណើរ​ទៅ​ឯ​វិមាន​របស់​យេសិបិល។ ពេល​នាង​ឮ​ថា​យេហ៊ូ​កំពុង​មក នាង​ក៏​ផាត់​មុខ ធ្វើ​សក់ ហើយ​រង់​ចាំ​គាត់​នៅ​ឯ​មាត់​បង្អួច​បន្ទប់​ខាង​លើ។ ពេល​យេហ៊ូ​មក​ដល់ នាង​ស្រែក​សួរ​គាត់​យ៉ាង​គំរោះ​គំរើយ។ យេហ៊ូ​ប្រាប់​ទៅ​អ្នក​បម្រើ​ដែល​ឈរ​នៅ​ក្បែរ​យេសិបិល​ថា​៖ ​«​ចូរ​បោះ​នាង​ចុះ​មក!​»។ ភ្លាម​ៗ​នោះ ពួក​គេ​បោះ​យេសិបិល​តាម​បង្អួច ហើយ​នាង​ក៏​ធ្លាក់​ដល់​ដី​ស្លាប់​ទៅ។

      បន្ទាប់​មក​ទៀត យេហ៊ូ​បាន​សម្លាប់​កូន​ប្រុស​៧០​នាក់​របស់​អាហាប់ ហើយ​បំផ្លាញ​ចោល​ការ​គោរព​បូជា​ព្រះ​បាល។ នេះ​បង្រៀន​យើង​ថា ព្រះ​យេហូវ៉ា​ជ្រាប​អ្វី​ៗ​ទាំង​អស់ ហើយ​ថា​នៅ​ពេល​ត្រឹម​ត្រូវ​លោក​នឹង​ដាក់​ទោស​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

      ​«​អ្នក​ដែល​បាន​ទ្រព្យ​ដោយ​ការ​លោភ​លន់ នៅ​ទី​បំផុត គាត់​នឹង​មិន​បាន​ពរ​ពី​ព្រះ​ទេ​»។—សុភាសិត ២០:២១

      សំណួរ​៖ តើ​យេសិបិល​យក​បាន​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ណាបោត​តាម​វិធី​ណា? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ដាក់​ទោស​យេសិបិល?

      បណ្ដា​ស្ដេច​ទី១ ២១:១​-​២៩; បណ្ដា​ស្ដេច​ទី២ ៩:១–១០:៣០

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក