បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ពីឡាតប្រកាសថា៖ «មើល! គឺបុរសនេះហើយ!»
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ពីឡាតបាននាំលោកយេស៊ូដែលមានពាក់មកុដបន្លានិងសម្លៀកបំពាក់ពណ៌ស្វាយចេញមកក្រៅ

      ជំពូក​ទី​១២៩

      ពីឡាត​ប្រកាស​ថា​៖ ​«​មើល! គឺ​បុរស​នេះ​ហើយ!​»​

      ម៉ាថាយ ២៧:១៥​-​១៧, ២០​-​៣០ ម៉ាកុស ១៥:៦​-​១៩ លូកា ២៣:១៨​-​២៥ យ៉ូហាន ១៨:៣៩–១៩:៥

      • ពីឡាត​ព្យាយាម​ដោះ​លែង​លោក​យេស៊ូ

      • ជន​ជាតិ​យូដា​សុំ​ឲ្យ​ដោះ​លែង​បារ៉ាបាស

      • លោក​យេស៊ូ​ត្រូវ​គេ​ចំអក​មើល​ងាយ​ហើយ​វាយ​ធ្វើ​បាប

      ពីឡាត​ប្រាប់​បណ្ដា​ជន​ដែល​ចង់​ឲ្យ​គេ​សម្លាប់​លោក​យេស៊ូ​ថា​៖ ​«​ខ្ញុំ . . . មិន​បាន​ឃើញ​ថា​បុរស​នេះ​មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​គាត់​ដូច្នេះ​ទេ។ សូម្បី​តែ​ហេរ៉ូឌ​ក៏​មិន​បាន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​ដែរ​»។ (​លូកា ២៣:១៤, ១៥​) ឥឡូវ ពីឡាត​ព្យាយាម​ប្រើ​វិធី​ផ្សេង​ទៀត ដើម្បី​ដោះ​លែង​លោក​យេស៊ូ។ គាត់​និយាយ​ទៅ​កាន់​បណ្ដា​ជន​ថា​៖ ​«​អ្នក​រាល់​គ្នា​មាន​ទម្លាប់​ឲ្យ​ខ្ញុំ​ដោះ​លែង​បុរស​ម្នាក់​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ឱកាស​បុណ្យ​រំលង។ ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្តេច​នៃ​ជន​ជាតិ​យូដា​ឲ្យ​អ្នក​រាល់​គ្នា​ឬ?​»។—យ៉ូហាន ១៨:៣៩

      ពីឡាត​ដឹង​ថា​មាន​អ្នក​ទោស​ម្នាក់​ឈ្មោះ​បារ៉ាបាស ដែល​គេ​ស្គាល់​ថា​ជា​ចោរ​ប្លន់ ជា​អ្នក​បំបះ​បំបោរ និង​ជា​ឃាតករ។ ដូច្នេះ ពីឡាត​សួរ​បណ្ដា​ជន​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា? បារ៉ាបាស? ឬ​ក៏​យេស៊ូ​ដែល​ហៅ​ថា​គ្រិស្ត?​»។ ប៉ុន្តែ ដោយ​មាន​ការ​ញុះញង់​ពី​ពួក​សង្ឃនាយក នោះ​បណ្ដា​ជន​សុំ​ឲ្យ​ដោះ​លែង​បារ៉ាបាស មិន​មែន​លោក​យេស៊ូ​ទេ។ ហេតុ​នេះ ពីឡាត​សួរ​ពួក​គេ​ម្ដង​ទៀត​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា​ក្នុង​ចំណោម​ពីរ​នាក់​នេះ?​»។ ពួក​គេ​ស្រែក​ឡើង​ថា​៖ ​«​បារ៉ាបាស​»​!—ម៉ាថាយ ២៧:១៧, ២១

      ពេល​ឮ​ដូច្នោះ ពីឡាត​ស្រងាក​ចិត្ត ហើយ​សួរ​ពួក​គេ​ថា​៖ ​«​ចុះ​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ណា​ចំពោះ​យេស៊ូ ដែល​ហៅ​ថា​គ្រិស្ត?​»។ ពួក​គេ​ទាំង​អស់​គ្នា​ស្រែក​ថា​៖ ​«​ព្យួរ​អ្នក​នោះ​ទៅ!​»។ (​ម៉ាថាយ ២៧:២២​) ពិត​ជា​គួរ​ឲ្យ​អាម៉ាស់​មុខ​ខ្លាំង​ណាស់​ដែល​ពួក​គេ​ទាម​ទារ​ឲ្យ​ប្រហារ​ជីវិត​បុរស​ដែល​គ្មាន​កំហុស។ ពីឡាត​សួរ​ថា​៖ ​«​ហេតុ​អ្វី? តើ​បុរស​នេះ​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​ទៅ? ខ្ញុំ​មិន​ឃើញ​ថា​គាត់​បាន​ធ្វើ​អ្វី​ដែល​គួរ​នឹង​ប្រហារ​ជីវិត​សោះ។ ដូច្នេះ ខ្ញុំ​នឹង​ដាក់​ទណ្ឌកម្ម​គាត់ រួច​ដោះ​លែង​គាត់​ទៅ​»។—លូកា ២៣:២២

      ទោះ​បី​ជា​ពីឡាត​ខំ​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត​ក្ដី ក៏​បណ្ដា​ជន​នេះ​ដែល​មាន​កំហឹង​ស្រែក​ស្រុះ​គ្នា​ថា​៖ ​«​ព្យួរ​អ្នក​នោះ​ទៅ!​»។ (​ម៉ាថាយ ២៧:២៣​) ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​អុចអាល​បណ្ដា​ជន​ឲ្យ​បង្ក​ភាព​ចលាចល ដែល​នាំ​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​ទៀត​ផង! នេះ​មិន​មែន​ជា​ការ​បង្ហូរ​ឈាម​ឧក្រិដ្ឋជន ឬ​ឃាតករ​ទេ តែ​ជា​ការ​បង្ហូរ​ឈាម​បុរស​ដែល​គ្មាន​កំហុស។ នេះ​ជា​បុរស​ដែល​ប្រាំ​ថ្ងៃ​មុន បណ្ដា​ជន​បាន​ទទួល​ស្វាគមន៍​កាល​ដែល​លោក​ចូល​ក្រុង​យេរូសាឡិម​ក្នុង​នាម​ជា​ស្តេច។ ទោះ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​ទី​នោះ​ក៏​ដោយ តែ​ពួក​គេ​មាន​តែ​នៅ​ស្ងៀម ហើយ​មិន​ឲ្យ​គេ​សម្គាល់​បាន។

      កាល​ដែល​ពីឡាត​ឃើញ​ថា​ការ​ខំ​ប្រឹង​របស់​ខ្លួន​គ្មាន​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ហ្វូង​មនុស្ស​បែរ​ជា​កើត​ចលាចល នោះ​គាត់​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​ពួក​គេ ដោយ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​របស់​បុរស​នេះ​ឡើយ។ រឿង​នេះ​ស្រេច​នៅ​លើ​អ្នក​រាល់​គ្នា​ទេ​»។ ប៉ុន្តែ នោះ​មិន​បាន​ធ្វើ​ឲ្យ​បណ្ដា​ជន​ផ្លាស់​ប្ដូរ​ចិត្ត​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ទាំង​អស់​ឆ្លើយ​ថា​៖ ​«​យើង​និង​កូន​ចៅ​របស់​យើង​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រហារ​ជីវិត​អ្នក​នោះ​»។—ម៉ាថាយ ២៧:២៤, ២៥

      អភិបាល​នេះ​ចង់​ផ្គាប់​ចិត្ត​បណ្ដា​ជន ជា​ជាង​ធ្វើ​តាម​អ្វី​ដែល​គាត់​ដឹង​ថា​ជា​រឿង​ត្រឹម​ត្រូវ។ ដូច្នេះ ពីឡាត​ក៏​ដោះ​លែង​បារ៉ាបាស​តាម​សំណូម​ពរ​របស់​ពួក​គេ។ រួច​មក គាត់​ឲ្យ​គេ​ដោះ​សម្លៀក​បំពាក់​របស់​លោក​យេស៊ូ ហើយ​វាយ​លោក​នឹង​ខ្សែ​តី។

      ក្រោយ​ពី​ពួក​ទាហាន​វាយ​ធ្វើ​បាប​លោក​យេស៊ូ​រួច​ហើយ នោះ​ពួក​គេ​នាំ​លោក​ទៅ​វិមាន​របស់​អភិបាល​វិញ។ ពួក​ទាហាន​ទាំង​នេះ​ប្រមូល​គ្នា​មក​ឯ​លោក ហើយ​ប្រមាថ​មើល​ងាយ​លោក​ថែម​ទៀត។ ពួក​គេ​បាន​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មួយ​បំពាក់​លើ​ក្បាលលោក ថែម​ទាំង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ដៃ​ស្ដាំ​លោក ហើយ​យក​សំពត់​ដណ្ដប់​ពណ៌​ក្រហម​ឆ្អៅ​មក​បំពាក់​ឲ្យ​លោក។ សំពត់​បែប​នេះ​គឺ​សម្រាប់​តែ​ខ្សែ​រាជវង្ស​ប៉ុណ្ណោះ។ រួច​មក ពួក​គេ​និយាយ​ចំអក​ឲ្យ​លោក​យេស៊ូ​ថា​៖ ​«​ស្តេច​នៃ​ជន​ជាតិ​យូដា​អើយ! សូម​ឲ្យ​លោក​បាន​សុខ​សប្បាយ!​»។ (​ម៉ាថាយ ២៧:២៨, ២៩​) ជាង​នោះ​ទៅ​ទៀត ពួក​គេ​ស្ដោះ​ទឹក​មាត់​ដាក់​លោក ហើយ​បន្ត​ទះ​កំផ្លៀង​លោក។ បន្ទាប់​មក ពួក​គេ​យក​ដើម​ត្រែង​ចេញ​ពី​ដៃ​លោក ហើយ​វាយ​ក្បាល​លោក​នឹង​ដើម​ត្រែង​នោះ។ នេះ​បាន​ធ្វើ​ឲ្យ​មកុដ​បន្លា​ចាក់​ចូល​ស្បែក​ក្បាល​លោក​យ៉ាង​ជ្រៅ។ ការ​បំពាក់​«​មកុដ​»​បន្លា​នេះ ជា​ការ​ប្រមាថ​លោក​យ៉ាង​ខ្លាំង។

      ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ លោក​យេស៊ូ​នៅ​តែ​រក្សា​ភាព​ថ្លៃ​ថ្នូរ ហើយ​រឹង​មាំ។ នេះ​បាន​ធ្វើ​ឲ្យ​ពីឡាត​កោត​ស្ងើច​ខ្លាំង​ណាស់ ហើយ​ជំរុញ​ចិត្ត​គាត់​ឲ្យ​ព្យាយាម​ដោះ​លែង​លោក​យេស៊ូ​ម្ដង​ទៀត ដើម្បី​គេច​វេះ​ពី​ការ​វិនិច្ឆ័យ​ក្ដី​នេះ។ គាត់​និយាយ​ទៅ​កាន់​ជន​ជាតិ​យូដា​ថា​៖ ​«​មើល! ខ្ញុំ​នាំ​គាត់​ចេញ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​កំហុស​អ្វី​ទេ​»។ ពីឡាត​ប្រហែល​ជា​គិត​ថា ការ​នាំ​លោក​យេស៊ូ​ចេញ​មក​ក្រៅ​ទាំង​មាន​ស្នាម​ជាំ​និង​របួស​ចេញ​ឈាម នឹង​ធ្វើ​ឲ្យ​បណ្ដា​ជន​ផ្លាស់​ប្ដូរ​ចិត្ត​ទេ​ដឹង។ ដូច្នេះ ពេល​លោក​យេស៊ូ​មក​ឈរ​នៅ​ខាង​មុខ​ហ្វូង​មនុស្ស​ដែល​គ្មាន​ក្ដី​មេត្ដា​នេះ ពីឡាត​ក៏​ប្រកាស​ថា​៖ ​«​មើល! គឺ​បុរស​នេះ​ហើយ!​»។—យ៉ូហាន ១៩:៤, ៥

      លោក​យេស៊ូ​នៅ​តែ​មាន​ចិត្ត​ស្ងប់ ហើយ​មាន​ភាព​ថ្លៃ​ថ្នូរ ទោះ​ជា​លោក​ត្រូវ​គេ​វាយ​ដំ​យ៉ាង​ខ្លាំង ហើយ​មាន​របួស​ពេញ​ខ្លួន​ក៏​ដោយ។ សូម្បី​តែ​ពីឡាត​ក៏​ទទួល​ស្គាល់​ដូច្នេះ​ដែរ ពី​ព្រោះ​ពាក្យ​សម្ដី​របស់​គាត់​ហាក់​ដូច​ជា​បញ្ជាក់​ឲ្យ​ដឹង​ថា​គាត់​គោរព​លោក​យេស៊ូ និង​អាណិត​អាសូរ​លោក។

      ការ​វាយ​នឹង​រំពាត់​ខ្សែ​តី

      រំពាត់ខ្សែតីសម្រាប់ធ្វើទារុណកម្ម

      យោង​តាម​វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ​វីល្លាម អេឌវ៉ាដ​បាន​ប្រាប់​ថា​៖

      ​«​តាម​ធម្មតា​គេ​ប្រើ​ខ្សែ​តី​ខ្លី ធ្វើ​ពី​ខ្សែ​ស្បែក​សត្វ​វេញ​ជា​មួយ​នឹង​គ្រាប់​ដែក​មូល​តូច​ៗ ឬ​កម្ទេច​ឆ្អឹង​ចៀម​មុត​ៗ​តម្រៀប​ត​ៗ​គ្នា។ . . . កាល​ពួក​ទាហាន​រ៉ូម​វាយ​ខ្នង​ជន​រង​គ្រោះ​ពេញ​ទំហឹង​ម្ដង​ហើយ​ម្ដង​ទៀត នោះ​គ្រាប់​ដែក​មូល​តូច​ៗ​ក៏​ធ្វើ​ឲ្យ​ក្រំ​ក្នុង​សាច់ ហើយ​ខ្សែ​ស្បែក​សត្វ​និង​ឆ្អឹង​ចៀម​មុត​ចូល​ទៅ​ក្នុង​ស្បែក​និង​ជាលិកា​ក្រោម​ស្បែក។ រួច​មក ពេល​គេ​វាយ​ត​ទៅ​ទៀត សាច់​ក៏​រយះ​ដល់​សាច់​ដុំ​ជាប់​ឆ្អឹង ទៅ​ជា​ចម្រៀក​ៗ​ចេញ​ឈាម​ហូរ​រហាច​»​ (​The Journal of the American Medical Association​)។

      • តើ​តាម​របៀប​ណា​ពីឡាត​ព្យាយាម​ដោះ​លែង​លោក​យេស៊ូ ដោយ​មិន​ចង់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វិនិច្ឆ័យ​ក្ដី​លោក?

      • តើ​មាន​អ្វី​កើត​ឡើង​ពេល​ជន​រង​គ្រោះ​បាន​ត្រូវ​វាយ​នឹង​រំពាត់​ខ្សែ​តី?

      • ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​វាយ​នឹង​រំពាត់​ខ្សែ​តី​ហើយ តើ​លោក​ត្រូវ​គេ​ធ្វើ​បាប​ថែម​ទៀត​យ៉ាង​ដូច​ម្ដេច?

  • លោកយេស៊ូបានត្រូវនាំយកទៅប្រហារជីវិត
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូពិបាកលីបង្គោលទារុណកម្មដ៏ធ្ងន់នោះ រួចទាហានម្នាក់បញ្ជាស៊ីម៉ូនដែលមកពីគីរេនឲ្យលីបង្គោលនោះជំនួសលោកយេស៊ូ

      ជំពូក​ទី​១៣០

      លោក​យេស៊ូ​បាន​ត្រូវ​នាំ​យក​ទៅ​ប្រហារ​ជីវិត

      ម៉ាថាយ ២៧:៣១, ៣២ ម៉ាកុស ១៥:២០, ២១ លូកា ២៣:២៤​-​៣១ យ៉ូហាន ១៩:៦​-​១៧

      • ពីឡាត​ព្យាយាម​ដោះ​លែង​លោក​យេស៊ូ

      • លោក​យេស៊ូ​បាន​ត្រូវ​កាត់​ទោស ហើយ​នាំ​ទៅ​ប្រហារ​ជីវិត

      លោក​យេស៊ូ​ត្រូវ​គេ​វាយ​ធ្វើ​បាប​យ៉ាង​ខ្លាំង ហើយ​ចំអក​មើល​ងាយ។ ពីឡាត​ព្យាយាម​ដោះ​លែង​លោក​ម្ដង​ហើយ​ម្ដង​ទៀត តែ​អ្វី​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ពួក​សង្ឃនាយក​និង​ពួក​អ្នក​សម​គំនិត​ប្ដូរ​ចិត្ត​ឡើយ។ ពួក​គេ​មិន​ចង់​ឲ្យ​អ្វី​មករា​រាំង​ការ​ប្រហារ​ជីវិត​លោក​យេស៊ូ​ទេ។ ដូច្នេះ ពួក​គេ​បន្ត​ស្រែក​ថា​៖ ​«​ព្យួរ​គាត់​ទៅ! ព្យួរ​គាត់​ទៅ!​»។ ពីឡាត​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ចូរ​យក​គាត់​ទៅ​ព្យួរ​ដោយ​ខ្លួន​អ្នក​ចុះ ព្រោះ​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​កំហុស​អ្វី​ទេ​»។—យ៉ូហាន ១៩:៦

      ជន​ជាតិ​យូដា​មិន​អាច​ធ្វើ​ឲ្យ​ពីឡាត​ប្រហារ​ជីវិត​លោក​យេស៊ូ ដោយ​ការ​ចោទ​ប្រកាន់​ថា​លោក​បះ​បោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​រ៉ូម​ឡើយ។ ចុះ​យ៉ាង​ណា​ការ​ចោទ​ប្រកាន់​ខាង​សាសនា? ម្ដង​នេះ​ទៀត ពួក​គេ​បាន​ចោទ​ប្រកាន់​ថា​លោក​យេស៊ូ​ប្រមាថ​ព្រះ ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ក្នុង​ការ​វិនិច្ឆ័យ​ក្ដី​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់។ ពួក​គេ​និយាយ​ថា​៖ ​«​យើង​មាន​ច្បាប់ ហើយ​យោង​ទៅ​តាម​ច្បាប់​នោះ​គាត់​គួរ​តែ​ស្លាប់ ពី​ព្រោះ​គាត់​អះអាង​ថា​គាត់​ជា​បុត្រ​ព្រះ​»។ (​យ៉ូហាន ១៩:៧​) នេះ​ជា​ការ​ចោទ​ប្រកាន់​ថ្មី​ដែល​ពីឡាត​បាន​ឮ។

      ពីឡាត​ចូល​ទៅ​ក្នុង​វិមាន​គាត់​វិញ ហើយ​ព្យាយាម​រក​វិធី​ដោះ​លែង​លោក​យេស៊ូ​ជា​បុរស​ដែល​បង្ហាញ​ចិត្ត​ស្ងប់​និង​ភាព​ថ្លៃ​ថ្នូរ ទោះ​បី​ជា​លោក​បាន​ទទួល​ការ​ធ្វើ​បាប​យ៉ាង​ខ្លាំង​ក៏​ដោយ។ ម្យ៉ាង​ទៀត ប្រពន្ធ​ពីឡាត​ហាម​គាត់​មិន​ឲ្យ​ពាក់​ព័ន្ធ​នឹង​បុរស​សុចរិត​នេះ​ឲ្យ​សោះ។ (​ម៉ាថាយ ២៧:១៩​) ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ការ​ចោទ​ប្រកាន់​ថ្មី​របស់​ជន​ជាតិ​យូដា​ដែល​ថា​អ្នក​ទោស​នេះ​គឺ​ជា​«​បុត្រ​ព្រះ​»​? ពីឡាត​ដឹង​ថា​លោក​យេស៊ូ​មក​ពី​ស្រុក​កាលីឡេ។ (​លូកា ២៣:៥​-​៧​) យ៉ាង​ណា​ក្ដី គាត់​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មក​ពី​ណា?​»។ (​យ៉ូហាន ១៩:៩​) ដូច្នេះ ពីឡាត​ប្រហែល​ជា​ឆ្ងល់​ថា​លោក​យេស៊ូ​ធ្លាប់​មាន​ជីវិត​ពី​មុន ក្នុង​ន័យ​ថា​លោក​ជា​កូន​របស់​ព្រះ​ក៏​មិន​ដឹង។

      ពីឡាត​បាន​ឮ​ពី​លោក​យេស៊ូ​ដោយ​ផ្ទាល់​ថា​លោក​គឺ​ជា​ស្តេច ប៉ុន្តែ​រាជាណាចក្រ​របស់​លោក​មិន​មែន​មក​ពី​ពិភព​លោក​នេះ​ទេ។ លោក​យេស៊ូ​ដឹង​ថា​លោក​មិន​ចាំ​បាច់​បក​ស្រាយ​ម្ដង​ទៀត​នូវ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​នៅ​លើក​មុន​ទេ ដូច្នេះ​លោក​នៅ​ស្ងៀម។ ការ​ដែល​លោក​យេស៊ូ​នៅ​ស្ងៀម នោះ​បាន​ធ្វើ​ឲ្យ​ពីឡាត​ដែល​ជា​បុរស​មាន​អំណួត​ខឹង​យ៉ាង​ខ្លាំង។ ហេតុ​នេះ ពីឡាត​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ​«​តើ​អ្នក​មិន​និយាយ​ជា​មួយ​នឹង​ខ្ញុំ​ទេ​ឬ? តើ​អ្នក​មិន​ដឹង​ថា ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក ហើយ​ក៏​មាន​អំណាច​ព្យួរ​អ្នក​ទេ​ឬ?​»។—យ៉ូហាន ១៩:១០

      លោក​យេស៊ូ​មាន​ប្រសាសន៍​ដោយ​ត្រង់​ទៅ​ពីឡាត​ថា​៖ ​«​អ្នក​នឹង​គ្មាន​អំណាច​ធ្វើ​អ្វី​ទាស់​នឹង​ខ្ញុំ​សោះ ប្រសិន​បើ​អ្នក​មិន​បាន​ទទួល​ពី​ស្ថាន​លើ។ ហេតុ​នេះ​បុរស​ដែល​បាន​ប្រគល់​ខ្ញុំ​ឲ្យ​អ្នក បាន​ធ្វើ​ខុស​ធ្ងន់​ជាង​»។ (​យ៉ូហាន ១៩:១១​) លោក​យេស៊ូ​ទំនង​ជា​មិន​គ្រាន់​តែ​សំដៅ​ទៅ​លើ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​រួម​បញ្ចូល​កៃផាស អ្នក​សម​គំនិត​ជា​មួយ​នឹង​គាត់ និង​យូដាស​អ៊ីស្ការីយ៉ុត​ដែរ។ ពួក​គេ​មាន​ទោស​ធ្ងន់​ជាង​ពីឡាត​ទៅ​ទៀត។

      ពីឡាត​កោត​ស្ងើច​ចំពោះ​ការ​ប្រព្រឹត្ត​និង​ប្រសាសន៍​របស់​លោក​យេស៊ូ។ ម្យ៉ាង​ទៀត គាត់​រឹត​តែ​ភ័យ​ខ្លាច​ដោយ​សារ​គាត់​គិត​ថា​លោក​យេស៊ូ​ប្រហែល​ជា​បុត្រ​របស់​ព្រះ ដូច្នេះ​គាត់​ព្យាយាម​ដោះ​លែង​លោក​ម្ដង​ទៀត។ ក៏​ប៉ុន្តែ ជន​ជាតិ​យូដា​លើក​យក​មូលហេតុ​មួយ​ទៀត​ដែល​ច្បាស់​ជា​ធ្វើ​ឲ្យ​ពីឡាត​ភ័យ​ខ្លាច​កាន់​តែ​ខ្លាំង។ ពួក​គេ​ព្រមាន​គាត់​ថា​៖ ​«​ប្រសិន​បើ​លោក​ដោះ​លែង​បុរស​នេះ លោក​មិន​មែន​ជា​មិត្ត​របស់​សេសារ​ទេ។ អ្នក​ណា​ដែល​លើក​ខ្លួន​ជា​ស្តេច អ្នក​នោះ​និយាយ​ប្រឆាំង​សេសារ​»។—យ៉ូហាន ១៩:១២

      ក្រោយ​ពី​ឮ​ដូច្នេះ អភិបាល​ពីឡាត​ក៏​យក​លោក​យេស៊ូ​ចេញ​មក​ក្រៅ​ម្ដង​ទៀត រួច​អង្គុយ​នៅ​កន្លែង​វិនិច្ឆ័យ​ក្ដី ហើយ​ប្រាប់​បណ្ដា​ជន​ថា​៖ ​«​មើល! ស្តេច​របស់​អ្នក​រាល់​គ្នា!​»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជន​ជាតិ​យូដា​មិន​ប្រែ​ចិត្ត​ឡើយ។ ពួក​គេ​ស្រែក​ឡើង​ថា​៖ ​«​យក​គាត់​ចេញ! យក​គាត់​ចេញ! ព្យួរ​គាត់​ទៅ!​»។ ពីឡាត​និយាយ​របៀប​អង្វរ​ទៅ​ពួក​គេ​ថា​៖ ​«​តើ​ឲ្យ​ខ្ញុំ​ព្យួរ​ស្តេច​របស់​អ្នក​រាល់​គ្នា​ឬ?​»។ តាំង​ពី​យូរ​មក​ហើយ ជន​ជាតិ​យូដា​បាន​ស្អប់​ការ​ជិះ​ជាន់​របស់​រដ្ឋាភិបាល​រ៉ូម ប៉ុន្តែ​ពួក​សង្ឃនាយក​ឆ្លើយ​ដោយ​ម៉ឺង​ម៉ាត់​ថា​៖ ​«​យើង​គ្មាន​ស្តេច​ក្រៅ​ពី​សេសារ​ទេ​»។—យ៉ូហាន ១៩:១៤, ១៥

      យ៉ាង​ណា​ក្ដី ពីឡាត​មិន​ហ៊ាន​តវ៉ា​នឹង​ជន​ជាតិ​យូដា​ឡើយ ដូច្នេះ​គាត់​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ទាម​ទារ ដោយ​ប្រគល់​លោក​យេស៊ូ​ទៅ​ឲ្យ​គេ​ប្រហារ​ជីវិត។ ក្រោយ​មក ពួក​ទាហាន​ដោះ​សំពត់​ដណ្ដប់​ដែល​មាន​ពណ៌​ក្រហម​ឆ្អៅ​ចេញ​ពី​លោក​យេស៊ូ ហើយ​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​មក​បំពាក់​ឲ្យ​វិញ។ កាល​ដែល​លោក​យេស៊ូ​បាន​ត្រូវ​នាំ​ចេញ​ទៅ លោក​ត្រូវ​លី​បង្គោល​ទារុណកម្ម​របស់​លោក។

      ឥឡូវ​នេះ​ជិត​ដល់​ពេល​ថ្ងៃ​ត្រង់​នា​ថ្ងៃ​សុក្រ ទី​១៤ ខែ​ណែសាន​ហើយ។ លោក​យេស៊ូ​មិន​បាន​សម្រាក​តាំង​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​ទទួល​ការ​វាយ​ធ្វើ​បាប​ម្ដង​ហើយ​ម្ដង​ទៀត។ លោកត្រូវ​លី​បង្គោល​ដ៏​ធ្ងន់​នោះ​ដោយ​ពិបាក រួច​មក​លោក​ក៏​លែង​មាន​កម្លាំង​លី​បង្គោល​ដើរ​ទៅ​មុខ​ទៀត។ ដូច្នេះ ពួក​ទាហាន​បង្ខំ​អ្នក​ដើរ​កាត់​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​មក​ពី​គីរេន​ស្រុក​អាហ្វ្រិក ឲ្យ​លី​បង្គោល​ទារុណកម្ម​របស់​លោក​យក​ទៅ​កន្លែង​ប្រហារ​ជីវិត។ នៅ​ពេល​នោះ មាន​មនុស្ស​សន្ធឹក​ណាស់​ព្រម​ទាំង​ស្ត្រី​ជា​ច្រើន​កំពុង​ដើរ​តាម​លោក ហើយ​ស្ត្រី​ទាំង​នោះ​កំពុង​គក់​ទ្រូង​ដោយ​ក្ដី​ទុក្ខ​ព្រួយ ហើយ​យំ​សោក​អំពី​លោក។

      រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ស្ត្រី​ដែល​កំពុង​យំ​សោក​ទាំង​នោះ​ថា​៖ ​«​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ ឈប់​យំ​សោក​អំពី​ខ្ញុំ។ ផ្ទុយ​ទៅ​វិញ ចូរ​យំ​សោក​អំពី​ដំណើរ​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​របស់​អ្នក​រាល់​គ្នា​វិញ ពី​ព្រោះ​មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​ពេល​នោះ​មនុស្ស​នឹង​និយាយ​ថា​៖ ‹ស្ត្រី​អារ​ទាំង​ឡាយ ស្ត្រី​ណា​ដែល​មិន​បាន​បង្កើត​កូន និង​ស្ត្រី​ណា​ដែល​មិន​បាន​បំបៅ​កូន គឺ​ស្ត្រី​ទាំង​នោះ​ហើយ​ដែល​មាន​សុភមង្គល!›។ រួច​គេ​នឹង​ចាប់​ផ្ដើម​និយាយ​ទៅ​ភ្នំ​ធំ​ៗ​ថា​៖ ‹រលំ​លើ​យើង​មក!› ក៏​នឹង​និយាយ​ទៅ​ភ្នំ​តូច​ៗ​ថា​៖ ‹គ្រប​លើ​យើង​មក!›។ ពី​ព្រោះ​ប្រសិន​បើ​គេ​ធ្វើ​ការ​ទាំង​នេះ​ពេល​ដែល​ដើម​ឈើ​នៅ​ស្រស់ តើ​អ្វី​នឹង​កើត​ឡើង​កាល​ដែល​ដើម​ឈើ​នោះ​ក្រៀម​ស្វិត​ទៅ​វិញ?​»។—លូកា ២៣:២៨​-​៣១

      លោក​យេស៊ូ​កំពុង​សំដៅ​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល។ ប្រជា​ជាតិ​នេះ​គឺ​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​កំពុង​ក្រៀម​ស្វិត​ទៅ តែ​នៅ​សល់​ភាព​ស្រស់​តែ​បន្ដិច​ទេ ក្នុង​ន័យ​ថា​នៅ​មាន​លោក​យេស៊ូ​និង​ជន​ជាតិ​យូដា​ឯ​ទៀត​ដែល​ជឿ​លើ​លោក។ ប៉ុន្តែ ពេល​លែង​មាន​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​ទៀត ប្រជា​ជាតិ​នោះ​នឹង​លែង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ហើយ​នេះ​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ក្រៀម​ស្វិត​ទៅ។ ជា​លទ្ធផល នៅ​ពេល​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​រ៉ូម​ធ្វើ​ជា​អ្នក​វិនិច្ឆ័យ​ក្ដី​ប្រជា​ជាតិ​អ៊ីស្រាអែល នោះ​នឹង​មាន​ការ​យំ​សោក​យ៉ាង​ខ្លាំង!

      • តើ​ពួក​អ្នក​ដឹក​នាំ​សាសនា​ធ្វើ​ការ​ចោទ​ប្រកាន់​អ្វី​ទៅ​លើ​លោក​យេស៊ូ?

      • ហេតុ​អ្វី​ពីឡាត​មាន​ការ​ភ័យ​ខ្លាច?

      • តើ​តាម​របៀប​ណា​ពួក​សង្ឃនាយក​បង្ខំ​ពីឡាត​ឲ្យ​គេ​ប្រហារ​ជីវិត​លោក​យេស៊ូ?

      • ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​ដើម​ឈើ​ដែល​នៅ​«​ស្រស់​»​ ហើយ​បន្ទាប់​មក​«​ក្រៀម​ស្វិត​ទៅ​»​ តើ​លោក​ចង់​សំដៅ​ទៅ​លើ​អ្វី?

  • ស្តេចដែលគ្មានកំហុសទទួលការឈឺចាប់នៅលើបង្គោល
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • លោកយេស៊ូសន្យានឹងឧក្រិដ្ឋជនដែលបានព្យួរក្បែរលោកថា៖«អ្នកនឹងនៅជាមួយនឹងខ្ញុំក្នុងសួនឧទ្យាន»

      ជំពូក​ទី​១៣១

      ស្តេច​ដែល​គ្មាន​កំហុស​ទទួល​ការ​ឈឺ​ចាប់​នៅ​លើ​បង្គោល

      ម៉ាថាយ ២៧:៣៣​-​៤៤ ម៉ាកុស ១៥:២២​-​៣២ លូកា ២៣:៣២​-​៤៣ យ៉ូហាន ១៩:១៧​-​២៤

      • លោក​យេស៊ូ​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ទារុណកម្ម

      • លោក​យេស៊ូ​ត្រូវ​គេ​សើច​ចំអក​ដោយ​សារ​ស្លាក​នៅ​លើ​ក្បាល​លោក

      • លោក​យេស៊ូ​ប្រាប់​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន

      លោក​យេស៊ូ​បាន​ត្រូវ​នាំ​ទៅ​កន្លែង​មួយ​ដែល​មិន​សូវ​ឆ្ងាយ​ពី​ក្រុង​យេរូសាឡិម។ កន្លែង​នោះ​ហៅ​ថា​កុលកូថា ឬ​លលាដ៍​ក្បាល។ លោក​និង​ចោរ​ប្លន់​ពីរ​នាក់​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ទី​នោះ។ បណ្ដា​ជន​អាច‹មើល​ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ›បាន។—ម៉ាកុស ១៥:៤០

      ពួក​ទាហាន​បាន​ដោះ​សម្លៀក​បំពាក់​របស់​អ្នក​ទោស​ទាំង​បី​នាក់​នោះ។ រួច​មក ពួក​គេ​បាន​យក​ស្រា​លាយ​ជា​មួយ​នឹង​ថ្នាំ​ម្យ៉ាង​ដែល​មាន​ជាតិ​ល្វីង​មក​ជូន​ពួក​គាត់​ពិសា។ តាម​មើល​ទៅ ពួក​ស្ត្រី​នៅ​ក្រុង​យេរូសាឡិម​បាន​លាយ​ស្រា​នេះ ហើយ​ពួក​ទាហាន​រ៉ូម​ក៏​បាន​អនុញ្ញាត​ឲ្យ​យក​ស្រា​នោះ​ឲ្យ​អ្នក​ទោស​ដែល​ត្រូវ​ប្រហារ​ជីវិត​ផឹក​ដែរ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់។ ក្រោយ​ពី​លោក​យេស៊ូ​ភ្លក់​ហើយ លោក​បដិសេធ​មិន​ព្រម​ផឹក​ស្រា​នោះ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​លោក​មិន​ចង់​ឲ្យ​អ្វី​ណា​មួយ​មក​ធ្វើ​ឲ្យ​ស្មារតី​លោក​ចុះ​ខ្សោយ​ក្នុង​អំឡុង​ការ​សាកល្បង​ដ៏​ខ្លាំង​បំផុត​នេះ ពោល​គឺ​លោក​ចង់​នៅ​មាន​ស្មារតី​និង​នៅ​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។

      ឥឡូវ ពួក​ទាហាន​សន្ធឹង​ដៃ​ទាំង​ពីរ​របស់​លោក​យេស៊ូ​លើ​បង្គោល។ (​ម៉ាកុស ១៥:២៥​) រួច​មក ពួក​គេ​យក​ដែក​គោល​មក​ដំ​ដៃ​និង​ជើង​របស់​លោក​ភ្ជាប់​នឹង​បង្គោល​នោះ។ ពេល​ដែល​ដែក​គោល​ធ្លុះ​ចូល​ក្នុង​សាច់​និង​សរសៃ ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ជា​ពិសេស ពេល​ពួក​ទាហាន​លើក​បង្គោល​នោះ​ឡើង រឹត​តែ​ធ្វើ​ឲ្យ​លោក​ចុក​ចាប់​ថែម​ទៀត ដោយ​សារ​ទម្ងន់​ខ្លួន​របស់​លោក​ធ្វើ​ឲ្យ​ដៃ​និង​ជើង​របស់​លោក​កាន់​តែ​រយះ។ ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ស្រែក​បន្ទោស​ពួក​ទាហាន​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ សូម​អភ័យ​ទោស​ឲ្យ​ពួក​គេ ព្រោះ​ពួក​គេ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ឡើយ​»។—លូកា ២៣:៣៤

      តាម​ទម្លាប់ ពួក​ទាហាន​រ៉ូម​ធ្វើ​ស្លាក​ដើម្បី​បញ្ជាក់​អំពី​បទ​ល្មើស​របស់​អ្នក​ដែល​បាន​ត្រូវ​វិនិច្ឆ័យ​ទោស​ថា​ជា​ឧក្រិដ្ឋជន។ លើក​នេះ ពីឡាត​សរសេរ​ប្រកាស​មួយ​ដែល​ថា​៖ ​«​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត ជា​ស្តេច​នៃ​ជន​ជាតិ​យូដា​»។ ស្លាក​នេះ​បាន​ត្រូវ​សរសេរ​ជា​អក្សរ​ហេប្រឺ ឡាតាំង និង​ក្រិច ដូច្នេះ​មនុស្ស​ភាគ​ច្រើន​អាច​អាន​បាន។ ពីឡាត​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ជន​ជាតិ​យូដា​ដែល​ទាម​ទារ​ឲ្យ​ប្រហារ​ជីវិត​លោក​យេស៊ូ។ ប៉ុន្តែ នេះ​បាន​ធ្វើ​ឲ្យ​ពួក​សង្ឃនាយក​ខក​ចិត្ត ហើយ​តវ៉ា​ថា​៖ ​«​សូម​កុំ​សរសេរ​ថា ‹ស្តេច​នៃ​ជន​ជាតិ​យូដា។ ប៉ុន្តែ​សរសេរ​ថា គាត់​បាន​និយាយ​ថា​៖ ‹ខ្ញុំ​ជា​ស្តេច​នៃ​ជន​ជាតិ​យូដា›​»។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លើក​នេះ​ពីឡាត​មិន​ចង់​ធ្វើ​តាម​ការ​ទាម​ទារ​របស់​ពួក​គេ​ទេ ហេតុ​នេះ​គាត់​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​សរសេរ​យ៉ាង​ណា ត្រូវ​ទុក​យ៉ាង​នោះ​»។—យ៉ូហាន ១៩:១៩​-​២២

      ឮ​ដូច្នេះ ពួក​សង្ឃនាយក​ខឹង​ខ្លាំង​ណាស់ ហេតុ​នេះ​ពួក​គេ​ក៏​និយាយ​ម្ដង​ទៀត​អំពី​ការ​ចោទ​ប្រកាន់​មិន​ពិត​ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នា​ពេល​មុន​នោះ។ ដូច្នេះ​ហើយ​បាន​ជា​ពួក​អ្នក​ដើរ​កាត់​ទី​នោះ​គ្រវី​ក្បាល​ទាំង​និយាយ​ប្រមាថ​មើល​ងាយ​លោក​យេស៊ូ​ថា​៖ ​«​ហាស! អ្នក​ដែល​រុះ​វិហារ​ហើយ​សង់​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ដោយ​ចុះ​ពី​បង្គោល​ទារុណកម្ម​មក!​»។ ពួក​សង្ឃនាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ក៏​បាន​និយាយ​គ្នា​ចំអក​ឲ្យ​លោក​ដែរ​ថា​៖ ​«​សូម​គ្រិស្ត ជា​ស្តេច​នៃ​អ៊ីស្រាអែល​ចុះ​ពី​បង្គោល​ទារុណកម្ម​មក ដើម្បី​ឲ្យ​យើង​ឃើញ​ហើយ​ជឿ​ផង!​»។ (​ម៉ាកុស ១៥:២៩​-​៣២​) សូម្បី​តែ​ពួក​ចោរ​ប្លន់​ដែល​បាន​ត្រូវ​ព្យួរ​នៅ​ខាង​ស្ដាំ​និង​ខាង​ឆ្វេង​លោក​ក៏​បាន​តិះ​ដៀល​លោក​ដែរ។ ក៏​ប៉ុន្តែ លោក​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​គ្មាន​កំហុស។

      ពួក​ទាហាន​រ៉ូម​បួន​នាក់​ក៏​បាន​ចំអក​ឲ្យ​លោក​យេស៊ូ​ដែរ។ ពួក​គេ​ប្រហែល​ជា​បាន​ផឹក​ស្រា​ជូរ ដូច្នេះ​ឥឡូវ​ពួក​គេ​ធ្វើ​ដូច​ជា​យក​ស្រា​នោះ​ទៅ​ឲ្យ​លោក​យេស៊ូ​ដែល​មិន​អាច​ទទួល​ពិសា​បាន។ ពេល​ទាហាន​រ៉ូម​ទាំង​នោះ​ឃើញ​ស្លាក​ដែល​នៅ​ពី​លើ​ក្បាល​លោក នោះ​ពួក​គេ​ចំអក​ឲ្យ​លោក​យេស៊ូ​ថា​៖ ​«​បើ​ឯង​ជា​ស្តេច​ជន​ជាតិ​យូដា ចូរសង្គ្រោះ​ខ្លួន​ឯង​ចុះ​»។ (​លូកា ២៣:៣៦, ៣៧​) សូម​គិត​ទៅ​មើល! បុរស​នេះ​ដែល​បាន​បង្ហាញ​ថា​ខ្លួន​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត តែ​ឥឡូវ​បែរ​ជា​ត្រូវ​គេ​ចំអក​ហើយ​មើល​ងាយ​មើល​ថោក​ទៅ​វិញ! ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​តាំង​ចិត្ត​រង​ការ​ឈឺ​ចាប់​ទាំង​អស់ ដោយ​មិន​ផ្ដន្ទា​ទោស​ជន​ជាតិ​យូដា​ដែល​កំពុង​មើល​លោក និង​ទាហាន​រ៉ូម​ដែល​កំពុង​ចំអក​ឲ្យ​លោក ព្រម​ទាំង​ឧក្រិដ្ឋជន​ពីរ​នាក់​ដែល​ព្យួរ​នៅ​សង​ខាង​លោក​ឡើយ។

      ពួកទាហានចាប់ឆ្នោតយកសម្លៀកបំពាក់ក្នុងរបស់លោកយេស៊ូ

      ទាហាន​ទាំង​បួន​នាក់​នោះ​បាន​យក​សម្លៀក​បំពាក់​ក្រៅ​របស់​លោក​យេស៊ូ​មក​ហែក​ជា​បួន​ចម្រៀក។ រួច​ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ដឹង​ថា​អ្នក​ណា​នឹង​បាន​ចម្រៀក​មួយ​ណា។ ក៏​ប៉ុន្តែ សម្លៀក​បំពាក់​ក្នុង​របស់​លោក​ធ្វើ​ឡើង​ពី​ក្រណាត់​ដែល​មាន​គុណ​ភាព​ល្អ​«​គ្មាន​ថ្នេរ​ឡើយ ព្រោះ​បាន​ត្រូវ​ត្បាញ​ពី​លើ​ចុះ​មក​»។ ម្ល៉ោះ​ហើយ ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​កុំ​ហែក​សម្លៀក​បំពាក់​នោះ ប៉ុន្តែ​យើង​នាំ​គ្នា​ចាប់​ឆ្នោត​ដើម្បី​ដឹង​ថា​អ្នក​ណា​នឹង​បាន​វា​»។ ដូច្នេះ ដោយ​មិន​ដឹង​ខ្លួន ពួក​គេ​បាន​ធ្វើ​ឲ្យ​ទំនាយ​ក្នុង​គម្ពីរ​បាន​កើត​ឡើង។ ទំនាយ​នោះ​ចែង​ថា​៖ ​«​ពួក​គេ​បាន​យក​សម្លៀក​បំពាក់​ក្រៅ​របស់​ខ្ញុំ​ហើយ​ចែក​គ្នា ក៏​បាន​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​របស់​ខ្ញុំ​»។—យ៉ូហាន ១៩:២៣, ២៤; ទំនុក​តម្កើង ២២:១៨

      ក្រោយ​មក ឧក្រិដ្ឋជន​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​នោះ បាន​ជឿ​ជាក់​ថា​លោក​យេស៊ូ​ពិត​ជា​ស្តេច​មែន។ ហេតុ​នេះ គាត់​បាន​ស្តី​បន្ទោស​ឧក្រិដ្ឋជន​ម្នាក់​ទៀត​ថា​៖ ​«​តើ​អ្នក​មិន​កោត​ខ្លាច​ព្រះ​សោះ​ឬ? ឥឡូវ​នេះ​អ្នក​បាន​ទទួល​ទោស​ដូច​គ្នា​ដែរ ហើយ​ទោស​យើង​នេះ​គឺ​ត្រឹម​ត្រូវ​ណាស់ ព្រោះ​យើង​កំពុង​ទទួល​បាន​សព្វ​គ្រប់​នូវ​អ្វី​ដែល​សម​នឹង​ការ​ដែល​យើង​បាន​ប្រព្រឹត្ត។ ប៉ុន្តែ​បុរស​នេះ​គ្មាន​កំហុស​អ្វី​ឡើយ​»។ រួច​គាត់​អង្វរ​លោក​យេស៊ូ​ថា​៖ ​«​សូម​នឹក​ឃើញ​ខ្ញុំ កាល​ណា​លោក​ទៅ​ជា​ស្តេច​»។—លូកា ២៣:៤០​-​៤២

      លោក​យេស៊ូ​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​នៅ​ថ្ងៃ​នេះ​ថា អ្នក​នឹង​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក្នុង​សួន​ឧទ្យាន​»​ តែ​លោក​មិន​បាន​បញ្ជាក់​ថា​គាត់​នឹង​នៅ​ជា​មួយ​នឹង​លោក​ក្នុង​រាជាណាចក្រ​ទេ។ (​លូកា ២៣:៤៣​) សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​ចំពោះ​ឧក្រិដ្ឋជន​ម្នាក់​នេះ គឺ​ខុស​គ្នា​ពី​សេចក្ដី​សន្យា​ដែល​លោក​បាន​ប្រាប់​ពួក​សាវ័ក ពោល​គឺ​ពួក​គាត់​នឹង​អង្គុយ​លើ​បល្ល័ង្ក​ជា​មួយ​នឹង​លោក​ក្នុង​រាជាណាចក្រ។ (​ម៉ាថាយ ១៩:២៨; លូកា ២២:២៩, ៣០​) យ៉ាង​ណា​មិញ ឧក្រិដ្ឋជន​ជន​ជាតិ​យូដា​នេះ​ប្រហែល​ជា​ធ្លាប់​ឮ​អំពី​ផែន​ដី​ជា​សួន​ឧទ្យាន​ដែល​ជា​គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​លំនៅ​សម្រាប់​អាដាម​និង​អេវ៉ា ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ។ ឥឡូវ​ទោះ​បី​ជា​ចោរ​ប្លន់​នេះ​នឹង​ស្លាប់​ទៅ​ក៏​ដោយ តែ​គាត់​មាន​សេចក្ដី​សង្ឃឹម​ដែល​លោក​យេស៊ូ​បាន​ផ្ដល់​ឲ្យ​គាត់។

      • ហេតុ​អ្វី​លោក​យេស៊ូ​បដិសេធ​មិន​ព្រម​ពិសា​ស្រា​ដែល​គេ​បាន​ជូន​លោក?

      • តើ​គេ​បាន​សរសេរ​ស្លាក​អ្វី​ដាក់​លើ​ក្បាល​លោក​យេស៊ូ ហើយ​តើ​ជន​ជាតិ​យូដា​មាន​ប្រតិកម្ម​យ៉ាង​ណា​នឹង​ស្លាក​នោះ?

      • ស្តី​អំពី​ការ​ចែក​សម្លៀក​បំពាក់​របស់​លោក​យេស៊ូ តើ​ទំនាយ​ក្នុង​គម្ពីរ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច?

      • តើ​លោក​យេស៊ូ​បាន​ប្រាប់​សេចក្ដី​សង្ឃឹម​អ្វី​ដល់​ឧក្រិដ្ឋជន​ម្នាក់?

  • «បុរសនេះប្រាកដជាបុត្រព្រះមែន»
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
    • ក្រោយពីលោកយេស៊ូបានស្លាប់នៅលើបង្គោលក្បែរអ្នកទោសពីរនាក់ នោះនាយទាហានម្នាក់និយាយថា៖«បុរសនេះប្រាកដជាបុត្រព្រះមែន»

      ជំពូក​ទី​១៣២

      «​បុរស​នេះ​ប្រាកដ​ជា​បុត្រ​ព្រះ​មែន​»

      ម៉ាថាយ ២៧:៤៥​-​៥៦ ម៉ាកុស ១៥:៣៣​-​៤១ លូកា ២៣:៤៤​-​៤៩ យ៉ូហាន ១៩:២៥​-​៣០

      • លោក​យេស៊ូ​ស្លាប់​លើ​បង្គោល

      • មាន​ហេតុ​ការណ៍​ចម្លែក​ៗ​ពេល​លោក​យេស៊ូ​បាន​ស្លាប់

      ឥឡូវ​នេះ​គឺ​«​ម៉ោង​ទី​ប្រាំ​មួយ​»​ ឬ​ម៉ោង​១២​ថ្ងៃ​ត្រង់ ហើយ​«​ស្រុក​ទាំង​មូល​បាន​ទៅ​ជា​ងងឹត​រហូត​ដល់​ម៉ោង​ទី​ប្រាំ​បួន​»​ ឬ​ម៉ោង​៣​រសៀល។ (​ម៉ាកុស ១៥:៣៣​) ភាព​ងងឹត​ដ៏​គួរ​ឲ្យ​ចម្លែក​នេះ​មិន​បាន​បណ្ដាល​មក​ពី​សូរ្យគ្រាស​ទេ។ សូរ្យគ្រាស​តែង​តែ​មាន​នៅ​ពេល​ចូល​ខែ ដែល​ហៅ​ថា​ដើម​ខ្នើត មិន​មែន​នៅ​ពេល​ខែ​ពេញ​បូណ៌មី ដែល​ត្រូវ​នឹង​បុណ្យ​រំលង​នោះ​ទេ។ ម្យ៉ាង​ទៀត ភាព​ងងឹត​នេះ​មាន​រយៈ​ពេល​យូរ​ជាង​សូរ្យគ្រាស​ដែល​ធម្មតា​មាន​រយៈ​ពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ។ ដូច្នេះ ព្រះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងងឹត​នេះ!

      សូម​ស្រមៃ​គិត​ថា​តើ​ហេតុ​ការណ៍​នេះ​មាន​ឥទ្ធិពល​ខ្លាំង​យ៉ាង​ណា​ទៅ​លើ​ពួក​អ្នក​ដែល​កំពុង​ចំអក​មើល​ងាយ​លោក​យេស៊ូ។ ក្នុង​អំឡុង​ពេល​មាន​ភាព​ងងឹត​នេះ មាន​ស្ត្រី​បួន​នាក់​បាន​ចូល​ទៅ​ជិត​បង្គោល​ទារុណកម្ម។ ពួក​គាត់​រួម​មាន​ម្ដាយ​របស់​លោក​យេស៊ូ សាឡូមេ ម៉ារៀ​ម៉ាក់ដាឡេន និង​ម៉ារៀ​ដែល​ជា​ម្ដាយ​របស់​សាវ័ក​យ៉ាកុប​តូច។

      នៅ​ពេល​នោះ សាវ័ក​យ៉ូហាន​ឈរ​នៅ​ជិត​ម្ដាយ​របស់​លោក​យេស៊ូ។ នាង​កំពុង​យំ​សោកសង្រេង​«​ក្បែរ​បង្គោល​ទារុណកម្ម​»។ ម៉ារៀ​ឃើញ​ថា​កូន​ប្រុស​ដែល​នាង​បាន​បង្កើត​ហើយ​ចិញ្ចឹម​បី​បាច់ បាន​ត្រូវ​គេ​ព្យួរ​នៅ​លើ​បង្គោល​យ៉ាង​ឈឺ​ចាប់។ ពេល​នាង​ឃើញ​ដូច្នេះ នេះ​ប្រៀប​ដូច​ជា​មាន​«​ដាវ​វែង​មួយ​»​ចាក់​ទម្លុះ​ចិត្ត​របស់​នាង។ (​យ៉ូហាន ១៩:២៥; លូកា ២:៣៥​) ចំណែក​ឯ​លោក​យេស៊ូ​វិញ ទោះ​ជា​លោក​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ក៏​ដោយ លោក​នៅ​តែ​គិត​អំពី​សុខ​ទុក្ខ​ម្ដាយ​របស់​លោក។ កាល​ដែល​លោក​កំពុង​ខំ​ប្រឹង​មាន​ប្រសាសន៍​ទៅ​ម្ដាយ​ថា​៖ ​«​មើល! កូន​របស់​អ្នក!​»​ នោះ​លោក​ងាក​មើល​ទៅ​យ៉ូហាន។ បន្ទាប់​មក ពេល​ដែល​លោក​កំពុង​ព្យាយាម​មាន​ប្រសាសន៍​ទៅ​យ៉ូហាន​ថា​៖ ​«​មើល! ម្ដាយ​របស់​អ្នក!​»​ នោះ​លោក​ងាក​មើល​ទៅ​ម៉ារៀ​វិញ។—យ៉ូហាន ១៩:២៦, ២៧

      លោក​យេស៊ូ​កំពុង​ប្រគល់​ភារកិច្ច​មើល​ថែ​ម្ដាយ​របស់​លោក​ឲ្យ​ទៅ​សាវ័ក​ដែល​លោក​ស្រឡាញ់​យ៉ាង​ខ្លាំង។ ពេល​នោះ នាង​ទំនង​ជា​បាន​ក្លាយ​ទៅ​ជា​ស្ត្រី​មេ​ម៉ាយ​ម្នាក់។ លោក​យេស៊ូ​ដឹង​ថា​ប្អូន​ប្រុស​ៗ​របស់​លោក​មិន​ទាន់​មាន​ជំនឿ​លើ​លោក​ទេ។ ដូច្នេះ លោក​កំពុង​រៀប​ចំ​ឲ្យ​ម្ដាយ​របស់​លោក​ទទួល​ការ​មើល​ថែ​ខាង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត ព្រម​ទាំង​ខាង​ជំនឿ​ផង​ដែរ។ នេះ​ពិត​ជា​គំរូ​ដ៏​ល្អ​មែន!

      ប្រហែល​ជា​នៅ​ពេល​ដែល​ភាព​ងងឹត​ជិត​កន្លង​ផុត​ទៅ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ស្រេក​ទឹក​»។ ដោយ​ធ្វើ​ដូច្នេះ លោក​កំពុង​សម្រេច​ទំនាយ​ក្នុង​គម្ពីរ។ (​យ៉ូហាន ១៩:២៨; ទំនុក​តម្កើង ២២:១៥​) លោក​យេស៊ូ​មាន​អារម្មណ៍​ថា​បិតា​របស់​លោក ហាក់​បី​ដូច​ជា​បាន​ឈប់​ការពារ​លោក​ដើម្បី​ឲ្យ​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​របស់​លោក​ទទួល​ការ​ល្បង​ល​ដល់​កម្រិត​ខ្ពស់​បំផុត។ ដូច្នេះ គ្រិស្ត​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​អេលី! អេលី! ឡាម៉ា សាបាក់​ថានី?​»​ ដែល​បក​ប្រែ​ថា​៖ ​«​ព្រះ​ខ្ញុំ​អើយ! ព្រះ​ខ្ញុំ​អើយ! ហេតុ​អ្វី​បាន​ជា​លះ​ចោល​ខ្ញុំ?​»។ ពេល​ឮ​ដូច្នេះ ពួក​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ក៏​យល់​ច្រឡំ​ហើយ​និយាយ​ថា​៖ ​«​មើល! គាត់​កំពុង​ហៅ​អេលីយ៉ា!​»។ ប៉ុន្តែ មាន​ម្នាក់​រត់​ទៅ​យក​វត្ថុ​ម្យ៉ាង​ដែល​អាច​ជក់​ទឹក ទៅ​ជ្រលក់​ក្នុង​ស្រា​ជូរ រួច​ដាក់​លើ​ចុង​ដើម​ត្រែង​មួយ ហើយ​ហុច​ឲ្យ​លោក​យេស៊ូ​ពិសា។ រួច​អ្នក​ខ្លះ​និយាយ​ថា​៖ ​«​កុំ​រវល់​នឹង​គាត់! ចាំ​មើល​ថា​តើ​អេលីយ៉ា​មក​ដាក់​គាត់​ចុះ​ឬ​មិន​មក?​»។—ម៉ាកុស ១៥:៣៤​-​៣៦

      បន្ទាប់​មក លោក​យេស៊ូ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ការ​ទាំង​អស់​បាន​សម្រេច​ហើយ!​»។ (​យ៉ូហាន ១៩:៣០​) ពិត​ណាស់ លោក​បាន​សម្រេច​កិច្ច​ការ​ទាំង​អស់​ដែល​បិតា​បាន​ប្រគល់​ឲ្យ​ធ្វើ​នៅ​ផែន​ដី។ នៅ​ទី​បំផុត លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បិតា! ខ្ញុំ​សូម​ប្រគល់​ជីវិត​ខ្ញុំ​ជូន​លោក!​»។ (​លូកា ២៣:៤៦​) ដោយ​មាន​ប្រសាសន៍​ដូច្នេះ លោក​យេស៊ូ​មាន​ន័យ​ថា​លោក​ប្រគល់​កម្លាំង​ជីវិត​ឲ្យ​ព្រះ​យេហូវ៉ា ដោយ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​នឹង​ផ្ដល់​កម្លាំង​ជីវិត​នោះ​មក​លោក​វិញ​ក្រោយ​មក។ រួច​មក លោក​យេស៊ូ​គ្រិស្ត​ឱន​ក្បាល​ផុត​ដង្ហើម​ទៅ ដោយ​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​ជា​និច្ច។

      ភ្លាម​នោះ មាន​ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង ហើយ​ថ្ម​បាន​ប្រេះ​ដាច់​ពី​គ្នា រហូត​ដល់​ទី​បញ្ចុះ​សព​ដែល​នៅ​ខាង​ក្រៅ​ក្រុង​យេរូសាឡិម​បាន​របើក​ឡើង រួច​សព​ជា​ច្រើន​ក៏​បាន​ខ្ទាត​ឡើង​ចេញ​មក​ក្រៅ។ អ្នកដែល​ដើរ​កាត់​ទី​នោះ​បាន​ឃើញ​សព​ទាំង​នោះ រួច​ក៏​ដើរ​ចូល​ក្នុង​«​ក្រុង​បរិសុទ្ធ​»​ ហើយ​ប្រាប់​បណ្ដា​ជន​អំពី​អ្វី​ដែល​ពួក​គេ​បាន​ឃើញ។—ម៉ាថាយ ១២:១១; ២៧:៥១​-​៥៣

      ពេល​ដែល​លោក​យេស៊ូ​ស្លាប់ វាំងនន​ដែល​ជា​របាំង​រវាង​កន្លែង​បរិសុទ្ធ​បំផុត​និង​កន្លែង​បរិសុទ្ធ​នៅ​វិហារ​បាន​រហែក​ជា​ពីរ ចាប់​ពី​លើ​ចុះ​ដល់​ក្រោម។ ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បញ្ជាក់​អំពី​សេចក្ដី​ក្រោធ​របស់​ព្រះ​ចំពោះ​ពួក​អ្នក​ដែល​សម្លាប់​បុត្រ​របស់​លោក ហើយ​ក៏​បញ្ជាក់​ដែរ​ថា​ផ្លូវ​ចូល​ទៅ​ស្ថាន​សួគ៌​ដែល​តំណាង​ដោយ​កន្លែង​បរិសុទ្ធ​បំផុត បាន​ត្រូវ​បើក​ហើយ។—ហេប្រឺ ៩:២, ៣; ១០:១៩, ២០

      ពួក​បណ្ដា​ជន​ច្បាស់​ជា​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ នាយ​ទាហាន​ដែល​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​ប្រហារ​ជីវិត បាន​ប្រកាស​ថា​៖ ​«​បុរស​នេះ​ប្រាកដ​ជា​បុត្រ​ព្រះ​មែន​»។ (​ម៉ាកុស ១៥:៣៩​) គាត់​ប្រហែល​ជា​បាន​នៅ​កន្លែង​ដែល​ពីឡាត​វិនិច្ឆ័យ​ក្ដី​លោក​យេស៊ូ និង​ពេល​ដែល​ពួក​គេ​ជជែក​អំពី​រឿង​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ​មែន​ឬ​ក៏​មិន​មែន។ ឥឡូវ​នេះ​គាត់​ជឿ​ជាក់​ថា​លោក​យេស៊ូ​ជា​មនុស្ស​សុចរិត ហើយ​ពិត​ជា​បុត្រ​របស់​ព្រះ​មែន។

      ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​ចម្លែក​ទាំង​នេះ​ច្បាស់​ជា​មាន​ឥទ្ធិពល​ទៅ​លើ​ពួក​បណ្ដា​ជន​ដែល​នៅ​ទី​នោះ។ ដូច្នេះ ពួក​គេ​ក៏​ចាប់​ផ្ដើម​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​«​គក់​ទ្រូង​»​ ដែល​បញ្ជាក់​អំពី​ការ​កើត​ទុក្ខ​និង​ការ​អាម៉ាស់​មុខ​របស់​ពួក​គេ។ (​លូកា ២៣:៤៨​) ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​ឈរ​មើល​ពី​ចម្ងាយ មាន​ស្ត្រី​ជា​ច្រើន​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ហើយ​នៅ​ពេល​ខ្លះ​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក។ ហេតុ​ការណ៍​ដ៏​អស្ចារ្យ​ទាំង​នេះ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ពួក​គេ​ដែរ។

      ​«​ព្យួរ​»​

      សត្រូវ​របស់​លោក​យេស៊ូ​ស្រែក​ឡើង​ថា​៖ ​«​ព្យួរ​គាត់​ទៅ!​»។ (​យ៉ូហាន ១៩:១៥​) តាម​ភាសា​ក្រិច​សម័យ​បុរាណ​ពាក្យ​«​ស្ដាវរ៉ុស​»​ ដែល​ប្រើ​សម្រាប់​រៀប​រាប់​ព្រឹត្ដិការណ៍​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​គឺ​គ្រាន់​តែ​សំដៅ​ទៅ​លើ​«​បង្គោល​»​ប៉ុណ្ណោះ។ តាម​សៀវភៅ​ប្រវត្ដិសាស្ត្រ​មួយ​សរសេរ​ថា​៖ ​«​ពាក្យ​ស្ដាវរ៉ុស​មាន​ន័យ​ថា‹បង្គោល​ត្រង់›ដែល​មាំ ដូច​ជា​បង្គោល​ដែល​កសិករ​ដាំ​ក្នុង​ដី​ដើម្បី​ធ្វើ​របង​»​ (​History of the Cross​)។

      • ហេតុ​អ្វី​សូរ្យគ្រាស​មិន​អាច​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​ភាព​ងងឹត​អស់​រយៈ​ពេល​បី​ម៉ោង?

      • ស្តី​អំពី​ការ​មើល​ថែ​ឪ​ពុក​ម្ដាយ​ដែល​មាន​វ័យ​ចាស់ តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​អ្វី?

      • តើ​ការ​រញ្ជួយ​ដី​បាន​បណ្ដាល​ឲ្យ​មាន​អ្វី​កើត​ឡើង ហើយ​តើ​ការ​ដែល​វាំងនន​រហែក​ជា​ពីរ​បញ្ជាក់​អំពី​អ្វី?

      • តើ​សេចក្ដី​ស្លាប់​របស់​លោក​យេស៊ូ​និង​ព្រឹត្ដិការណ៍​ដែល​កើត​ឡើង​នៅ​ពេល​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​នៅ​ទី​នោះ?

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក